ជប៉ុន​ឲ្យ​តម្លៃ​ខ្លាំង​ឡើងៗ​ដល់​តួនាទី​របស់​ខ្លួន​នៅ​អាស៊ី


លោក​ណាអូតូ កាន់ នាយករដ្ឋមន្រ្តី​ជប៉ុន ជិត​២០​ឆ្នាំ​កន្លង​មក​ហើយ ដែល​ជប៉ុន​ចង់​ក្លាយ​ជា​មហាអំណាច​ពិត​ប្រាកដ​មួយ ឬ​យ៉ាង​ហោច​ណាស់ ជា​ប្រទេស​ប្រកប​ដោយ​ទឹក​មាត់​ប្រៃ នៅ​លើ​ឆាក​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ។ នៅ​ក្នុង​ន័យ​នេះ ជប៉ុន​បាន​និង​កំពុង​បន្ត​ទាមទារ​អាសនៈ​អចិន្ត្រៃយ៍​មួយ នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដោយ​ផ្អែក​ទៅ​លើ​ទឡ្ហីករណ៍​ចំនួន​ពីរ។ ទីមួយ ជប៉ុន​ថា ខ្លួន​ជា​ប្រទេស​លំដាប់​ទី​ពីរ​ក្នុង​លោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ដែល​ផ្តល់​ប្រាក់​វិភាគទាន​ច្រើន​ជាង​គេ​ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ។ ទីពីរ ជប៉ុន​ពន្យល់​ថា ពិភពលោក​បច្ចុប្បន្ន​មិន​ដូច​ពី​មុន​ទេ មិន​ដូច​សម័យ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​ឯណា។ កាល​ពី​មុន​មាន​មហា​អំណាច​តែ​ប្រាំ​ទេ ឥឡូវ​មាន​មហា​អំណាច​ជិត​ដប់​ឯណោះ ដូច្នេះ​គេ​ត្រូវ​បង្កើន​ជា​បន្ថែម អាសនៈ​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ។

ដោយ​ឡែក ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​នយោបាយ​ជប៉ុន​ខ្លះ លួច​នឹក​ស្រមៃ​ ឬ​និយាយ​យ៉ាង​ចំហ ចង់​ឲ្យ​ប្រទេស​ពួក​គេ​ក្លាយ​ជា​មហា​អំណាច​នុយក្លេអ៊ែរ។ ពួក​គេ​អះអាង​ថា មាន​តែ​អាវុធ​នុយក្លេអ៊ែរ​ទេ ដែល​អាច​ធ្វើ​ឲ្យ​មហា​អំណាច​សេដ្ឋកិច្ច​ជប៉ុន ក្លាយ​ជា​មហា​អំណាច​នយោបាយ​ និង​យោធា​បាន និង​ថា មាន​តែ​អាវុធ​នុយក្លេអ៊ែរ​ទេ​ដែល​អាច​រក្សា​សន្តិសុខ​របស់​ជប៉ុន​បាន។ ពីព្រោះ នៅ​ជុំ​វិញ​ប្រទេស​ជប៉ុន មាន​សុទ្ធ​តែ​មហា​អំណាច​នុយក្លេអ៊ែរ ដូច​ជា​ចិន​ និង​រុស្ស៊ី និង​ប្រទេស​ដែល​កំពុង​លួច​ផលិត​អាវុធ​នុយក្លេអ៊ែរ ដូច​ជា​កូរ៉េ​ខាង​ជើង​ជា​ដើម។

យ៉ាង​ណា​មិញ ក្នុង​រយៈ​កាល​ខ្លី និង​ក្នុង​រយៈ​កាល​មធ្យម ជប៉ុន​នឹង​មិន​អាច​កា្លយ​ជា​មហា​អំណាច​នុយក្លេអ៊ែរ​បាន​ទេ។ ម្យ៉ាង ពីព្រោះ​រដ្ឋធម្មនុញ្ញ​ដែល​កំពុង​ចូល​​ជា​ធរមាន តាំង​ពី​ចប់​សង្គ្រាម​លោក​ទី​២​មក មិន​ទាំង​អនុញ្ញាត​ឲ្យ​ជប៉ុន​បង្កើត​ទ័ព​សម្រាប់​ធ្វើ​សង្គ្រាម​ផង។ ម្យ៉ាង​ទៀត ពីព្រោះ សូម្បី​តែ​សហរដ្ឋ​អាមេរិក​ដែល​ជា​មិត្ត​ដ៏​ស្និទ្ធ និង​ដែល​បារម្ភ​ចំពោះ​ការ​ប្រណាំង​ប្រជែង​សព្វាវុធ​នៅ​អាស៊ី​បូព៌ា ក៏​មិន​ព្រម​ឲ្យ​ជប៉ុន​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដែរ។ រីឯ​ម្យ៉ាង​ចុង​ក្រោយ ពីព្រោះ​មាន​ការ​ជំទាស់​ពី​សំណាក់​សង្គម​ជប៉ុន​ខ្លួន​ឯង។ ចូរ​កុំ​ភ្លេច​ថា ជប៉ុន​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​លោក​ដែល​ធ្លាប់​ទទួល​រង​គ្រាប់​បែក​ បរមាណូ។

ចង់​ឬ​មិន​ចង់ ជប៉ុន​បាន​និង​កំពុង​បន្ត​បង្កើន​សមត្ថភាព​យោធា​របស់​ខ្លួន ហើយ​នេះ​ជា​ទំនោរ​មួយ​ដែល​គ្មាន​អ្នក​ណា​ឬ​ប្រទេស​ណា​ខ្ទប់​បាន​ទេ។ ជាក់ស្តែង កង​កម្លាំង​ស្វ័យការពារ​របស់​ជប៉ុន កំពុង​ប្រែ​ក្លាយ​បណ្តើរៗ​ទៅ​ជា​កងទ័ព​ចម្បាំង​ហើយ។ កងកម្លាំង​ស្វ័យការពារ​របស់​ជប៉ុន ដែល​មាន​គ្នា​ប្រមាណ​ជាង​ពីរ​សែន​បួន​ម៉ឺន​នាក់ បន្ត​មមាញឹក​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ គួរ​និយាយ​ទៀត​ថា ជប៉ុន​មាន​ផ្កាយ​រណប​យោធា មាន​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីលPatriots មាន​នាវា​ចម្បាំង Destroyers Kongo មាន​នាវា​មុជ​ទឹក​ជាង​២០​ប្លាយ​គ្រឿង កំពុង​ផលិត​នាវា​ចម្បាំង​ដែល​អាច​ផ្ទុក​យន្តហោះ​បាន និង​មាន​យន្តហោះ​ប្រដាប់​ទៅ​ដោយ​Radars Awacs យន្តហោះ​ចម្បាំង​ធុន​ធ្ងន់​ចំនួន​១៥​គ្រឿង និង​យន្តហោះ​ប្រដេញ​ទំនើប​ផុត​លេខ ចំនួន​៣០០​គ្រឿង។ ចូរ​កុំ​ភ្លេច​ដែរ​ថា សព្វថ្ងៃ​ថវិកា​ដែល​ជប៉ុន​ចាយ​សម្រាប់​វិស័យ​យោធា​កើន​ទៅ​ដល់​បួន​ម៉ឺន​ពីរ​ ពាន់​លាន​ដុល្លារ។

យ៉ាងណា​មិញ កុំ​ថា​ឡើយ​នៅ​លើ​ឆាក​អន្តរជាតិ សូម្បី​តែ​នៅ​លើ​ឆាក​តំបន់​អាស៊ី ក៏​ជប៉ុន​មាន​ការ​ពិបាក​ខ្លាំង​ដែរ​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ឥទ្ធិពល​ របស់​ខ្លួន។ មូលហេតុ​គឺ​ តាំង​ពី​ចុង​សតវត្សរ៍​ទី​១៩​មក នយោបាយ​ការ​បរទេស​របស់​ជប៉ុន​រេ​ចុះ​រេ​ឡើង ម្តង​បែរ​ចេញ​ពី​អាស៊ី និង​ម្តង​បែរ​ចូល​មក​រក​អាស៊ី​វិញ។

ពី​ចុង​សតវត្សរ៍​ទី​១៩ រហូត​ដល់​ក្រោយ​សង្គ្រាម​លោក​លើក​ទី​១ ជប៉ុន​យក​តម្រាប់​តាម​បស្ចិម​ប្រទេស​ធំៗ ដូច​ជា​បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ដោយ​បាន​ក្លាយ​ជា​ប្រទេស​អាណានិគម​និយម​ដែល​ឈ្លានពាន​យក​ប្រទេស​ជិត​ខាង ដូច​ជា​កូរ៉េ និង​ចិន​ជា​ដើម។ តែ​ក្រោយ​មក ជប៉ុន​ងាក​ចេញ​ពី​បស្ចិមលោក​វិញ ពីព្រោះ ទោះ​ជា​ឋិត​នៅ​ក្នុង​ក្រុម​បណ្តា​ប្រទេស​អ្នក​ឈ្នះ​សង្គ្រាម​លោក​លើក​ទី​១ ដូច​សហរដ្ឋ​អាមេរិក អង់គ្លេស​និង​បារាំង​ក្តី ក៏​ជប៉ុន​ត្រូវ​ពួក​បស្ចិម​ប្រទេស​ធំៗ​មាក់​ងាយ។ អ៊ីចឹង​ហើយ​បាន​ជា នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ជប៉ុន​ចេញ​មុខ​ប្រឆាំង​សហរដ្ឋ​អាមេរិក និង​បណ្តេញ​ពួក​បស្ចិម​ប្រទេស​ចេញ​ពី​ទ្វីប​អាស៊ី ដោយ​ប្រកាស​ថា អាស៊ី​ជា​កម្មសិទ្ធិ​របស់​ជាតិ​សាសន៍​អាស៊ី។

នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ជប៉ុន​ងាក​ចេញ​ពី​អាស៊ី ហើយ​បែរ​ទៅ​រក​បស្ចិមលោក​ជា​ថ្មី​ម្តង​ទៀត។ ម្យ៉ាង​គឺ​មក​អំពី​អំពើ​សាហាវ​យង់ឃ្នង​ដែល​កងទ័ព​ជប៉ុន​បាន​ប្រព្រឹត្ត នៅ​មុន​និង​នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អាស៊ី​ជា​ទូទៅ​មិន​ទុក​ចិត្ត​ជប៉ុន និង​មិន​អនុញ្ញាត​ឲ្យ​ជប៉ុន​ដើរ​តួនាទី​សំខាន់ នៅ​ក្នុង​ទ្វីប​អាស៊ី​បាន។ ម្យ៉ាង​ទៀត​គឺ​មក​អំពី​តាំង​ពី​ឆ្នាំ​១៩៤៥​មក ជប៉ុន​ជា​ប្រទេស​មួយ​ដែល​ឋិត​នៅ​ក្រោម​កិច្ច​ការពារ​របស់​សហរដ្ឋ​អាមេរិក។

គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ទសវត្សរ៍​ទី​៧០ ទើប​ឃើញ​ជប៉ុន​បែរ​មក​ចាប់​អារម្មណ៍​បណ្តើរៗ​ឡើង​វិញ ទៅ​លើ​ទ្វីប​អាស៊ី ពីព្រោះ​កាល​ណោះ ឥណ្ឌូចិន​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពូក​កុម្មុយនិស្ត ជាហេតុ​ធ្វើ​ឲ្យ​ជប៉ុន​បារម្ភ និង​ងាក​មក​បញ្ចុះបញ្ចូល​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ឲ្យ​រួបរួម​ជាមួយ ​ជប៉ុន នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង​ជាយថាហេតុ​ពី​សំណាក់​ចិន និង​ឥណ្ឌូចិន​កុម្មុយនិស្ត។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជប៉ុន​បាន​និង​កំពុង​បន្ត​បែរ​ចេញ​បណ្តើរៗ​ពី​បស្ចិមលោក ពិសេស​ពី​សហរដ្ឋ​អាមេរិក និង​ងាក​មក​ឲ្យ​តម្លៃ​ទៅ​លើ​ទ្វីប​អាស៊ី។ នៅ​ក្នុង​ន័យ​នេះ ជប៉ុន​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន ផ្តល់​ជំនួយ​ដល់​ប្រទេស​អាស៊ី​មួយ​ចំនួន រួម​មាន​កម្ពុជា​ជាដើម។

យ៉ាង​ណា​ក៏​ដោយ នា​ពេល​ដែល​ថ្នាក់​ដឹក​នាំ​ទីក្រុងតូក្យូ ​មាន​មហិច្ឆតា​កាន់​តែ​ធំ ក្នុង​ការ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​តំបន់​និង​នៅ​លើ​ឆាក​អន្តរជាតិ ស្រាប់​តែ​មធ្យោបាយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ខ្សត់ខ្សោយ​ទៅ​ជា​លំដាប់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

សេដ្ឋកិច្ច​ជប៉ុន​នៅ​ទ្រឹង​មួយ​កន្លែង​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ។ ភាព​ទ្រឹង​នៅ​មួយ​កន្លែង​នេះ​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ តាំងពី​វិបត្តិ​សេដ្ឋកិច្ច​សកល​បាន​ផ្តើម​បោក​កញ្ជ្រោក ទៅ​លើ​ពិភពលោក កាល​ពី​ពីរ​ឆ្នាំ​មុន។ ជាក់ស្តែង សេដ្ឋកិច្ច​នៃ​ប្រទេស​អាស៊ីមួយនេះ បាន​ដើរ​ថយ​ក្រោយ​ពេញ​មួយ​ឆ្នាំ​២០០៨ ហើយ​ទើប​តែ​ផ្តើម​ងើប​ក្បាល​ឡើង​វិញ​នៅ​ឆ្នាំ​២០០៩-២០១០​នេះ​តែ​ប៉ុណ្ណោះ។

ជា​ការពិត​ណាស់​ដែល​ថា បើ​ប្រៀប​ទៅ​នឹង​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​ប្រើបា្រស់​ប្រាក់​អឺរ៉ូ សេដ្ឋកិច្ច​ជប៉ុន​នៅ​មាន​ថាមពល​ខ្លាំង​ជាង។ ក៏ប៉ុន្តែ បំណុល​សាធារណៈ​របស់​រដ្ឋ​ជប៉ុន​ធំ​ណាស់ ច្រើន​ណាស់ ច្រើន​លើស​បំណុល​របស់​បណ្តា​ប្រទេស​អឺរ៉ុប​ទៅ​ទៀត គឺ​ស្មើ​នឹង​ផលិតផល​ដុល​ក្នុង​ស្រុក​ចំនួន​ពីរ​ឆ្នាំ ពោល​គឺ​ប្រមាណ​មួយ​ពាន់​ម៉ឺន​លាន​ដុល្លារ។ មិន​តែ​ប៉ុណ្ណោះ ការអនុវត្តន៍​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​បន្ត​បន្ទាប់​គ្នា នា​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋ​ជប៉ុន​ជំពាក់​លុយ​កាន់​តែ​ច្រើន។

មែនទែន​ទៅ ពលរដ្ឋ​ជប៉ុន​និង​រដ្ឋាភិបាល​ជប៉ុន មិន​អាច​មាន​ទំនុក​ទុក​ចិត្ត​លើ​អនាគត​បាន​ទេ។ ម្យ៉ាង ចិន​ទើប​តែ​បាន​វ៉ា​ឈ្នះ​ជប៉ុន ដោយ​ក្លាយ​ទៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ និង​ម្យ៉ាង​ទៀត ប្រជាជន​ជប៉ុន​មាន​ចំនួន​កាន់​តែ​តិច​ទៅៗ និង​មាន​វ័យ​កាន់​តែ​ចាស់​ទៅៗ។

គឺ​នៅ​ក្នុង​ពេល​មួយ​ដែល​ប្រទេស​ធ្វើ​មុខ​ក្រញូវ​អ៊ីចឹង​ហើយ ដែល​លោក​Naoto Kan បាន​ឡើង​មក​កាន់​កាប់​តំណែង​នាយករដ្ឋមន្ត្រី កាល​ពី​បី​ខែ​មុន។ កាល​ណោះ លោក​Kan បាន​ថ្លែង​ប្រាប់​ប្រជាជាតិ​ជាអាទិ៍​ថា ប្រទេស​ជប៉ុន​ត្រូវ​ឈប់​ដេក​យល់​សប្ត ត្រូវ​ហ៊ាន​បញ្ចប់​នយោបាយ​ចាស់​គំរឹល​ហួស​សម័យ និង​ត្រូវ​តែ​អនុវត្ត​យ៉ាង​ក្លាហាន នយោបាយ​ថ្មី​ដែល​មាន​មូលដ្ឋាន​ប្រាកដនិយម។

ភាព​ប្រាកដ​និយម​នឹង​ច្បាស់​ជា​តម្រូវ​ឲ្យ​លោក​Kan បង្កើន​ទម្ងន់​ពន្ធដារ ដើម្បី​ប្រមូល​លុយ​ឲ្យ​បាន​ច្រើន​ជាង​មុន​យក​មក​បញ្ចូល​ក្នុង​ហិប​រដ្ឋ និង​ដើម្បី​កាត់​បន្ថយ​បំណុល​សាធារណៈ។
លើស​ពី​នេះ​ទៅ​ទៀត លោក​នាយករដ្ឋមន្រ្តី ក៏​ប្រហែល​ជា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បន្ត​ធ្វើ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ប្រាក់​យ៉េន​បន្តិច​ម្តងៗ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ផលិតផល​ជប៉ុន​អាច​ប្រកួត​ប្រជែង​នឹង​ផលិតផល​របស់​ អឺរ៉ុប និង​ជាពិសេស​ផលិតផល​របស់​ចិន​ក្នុង​ទីផ្សារ​អាស៊ី៕

ប្រភពដើមពី RFI

ចុចត្រង់នេះដើម្បីស្តាប់

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: