យក​ឈ្នះ​ដោយ​មិន​ចាំបាច់​ប្រយុទ្ធ


យក ឈ្នះ ដោយ មិន ចាំបាច់ ប្រយុទ្ធ

តើ​អ្វី​ទៅ​មហិច្ឆតា​របស់​ប្រទេស​ចិន? គ្មាន​ទេ​ចម្លើយ​ពិត​ប្រាកដ។ ប៉ុន្តែ គេ​ត្រូវ​តែ​ចោទ​សួរ សាកល្បង​យល់ ប្រឹងប្រែង​វិភាគ ខ្នះខ្នែង​មើល​ឲ្យ​ធ្លុះ ពីព្រោះ​ការ​រីក​ចំរើន​លឿន​រហ័ស​ពេក​នៃ​មហាយក្ស​មួយ​នេះ ទាំង​នៅ​លើ​ផ្នែក​សេដ្ឋកិច្ច ទាំង​នៅ​លើ​ផ្នែក​យោធា នឹង​ច្បាស់​ជា​ធ្វើ​ឲ្យ​ប្រែប្រួល​មុខមាត់​នៃ​ទ្វីប​អាស៊ី ក្នុង​រយៈ​កាល​មធ្យម និង​ធ្វើ​ឲ្យ​ប្រែប្រួល​មុខមាត់​នៃ​ពិភពលោក ក្នុង​រយៈ​កាល​វែង។

អាស្រ័យ​ទៅ​លើ​អ្វី​ដែល​គេ​បាន​ដឹង ទៅ​លើ​អ្វី​ដែល​គេ​បាន​វិភាគ​ឃើញ គេ​អាច​និយាយ​ថា ថ្នាក់​ដឹក​នាំ​ចិន​សព្វ​ថ្ងៃ​មាន​មហិច្ឆតា​ចង់​យក​ឈ្នះ យក​ឈ្នះ​ទៅ​លើ​ភាព​ក្រីក្រ យក​ឈ្នះ​ទៅ​លើ​ភាព​យឺតយ៉ាវ​គ្រប់​វិស័យ​របស់​ប្រទេស​ខ្លួន បើ​ប្រៀបធៀប​ទៅ​នឹង​បស្ចិម​លោក។ យក​ឈ្នះ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ចិន​ក្លាយ​ជា​អ្នក​មាន អ្នក​មាន​អំណាច អ្នក​ខ្លាំង និង​ជា​អ្នក​សង្គម​និយម។

ការ​ពិត មហិច្ឆតា​នេះ​មាន​ចំណាស់​ជាង​មួយ​រយ​ឆ្នាំ​មក​ហើយ។ នៅ​ចុង​សតវត្សរ៍​ទី​១៩ ថ្នាក់​ដឹក​នាំ​ចិន​បាន​ប្រើ​ពាក្យ​ស្លោកFuqiang ពាក្យ ​ស្លោក​ដែល​បាន​ន័យ​ថា អ្នកមាន និង​មាន​អំណាច។ ក្រោយ​មក​ទៀត ស៊ុន យ៉ាត់សេន (Sun Yat-Sen) ដែល​ជា​បិតា​នៃ​សាធារណរដ្ឋ​ចិន បាន​ដាក់​បន្ថែម​ពាក្យ​សង្គម​និយម ទៅ​លើ​ពាក្យ​ស្លោក​Fuqiang ដើម្បី​ឃោសនា​បង្រួប​បង្រួម​ប្រជាជាតិ។

យក​ឈ្នះ តែ​មិន​ចាំបាច់​ប្រយុទ្ធ…នេះ​ហើយ​ជា​មហិច្ឆតា​របស់​ថ្នាក់​ដឹក​នាំ​ចិន​សព្វ ​ថៃ្ង។ បាន​ន័យ​ថា​យក​ឈ្នះ ដោយ​ប្រើ​វិធី​សន្តិភាព មិន​ចាំបាច់​ធ្វើ​សង្គ្រាម ពីព្រោះ​គណបក្ស​កុម្មុយនិស្ត​ចិន​ដឹង​ថា សង្រ្គាម​ដែល​មាន​លក្ខណៈ​យោធា​នឹង​ធ្វើ​ឲ្យ​ប្រទេស​ចិន​ចាញ់។ បើ​ចិន​ធ្វើ​សង្គ្រាម មាន​តែ​ធ្វើ​ជា​មួយ​សហរដ្ឋ​អាមេរិក។ ពីព្រោះ​ចង់​ឬ​មិន​ចង់ ពី​ពេល​នេះ​ត​ទៅ ប្រទេស​ចិន​ត្រូវ​ប្រឈម​មុខ​មុន​គេ​នឹង​អាមេរិក។ និយាយ​បែប​ផ្សេង សង្គ្រាម​ទោះ​ជា​កើត​ឡើង​នៅ​អាស៊ី​បូព៌ា នៅ​អាស៊ី​អាគ្នេយ៍ ឬ​នៅ​ប៉ាស៊ីហ្វិក​ក៏​ដោយ នឹង​ធ្វើ​ឲ្យ​ចិន​ខាត។ អ៊ីចឹង​ហើយ បាន​ជា​ក្នុង​ពេល​នេះ ចិន​បិទ​មាត់ សំលៀង​ធ្មេញ ពីព្រោះ​ត្របាក់​មិន​ទាន់​បាន។ នៅ​ក្នុង​ន័យ​នេះ តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​១៩៧៨​មក​ម៉្លេះ បក្សកុម្មុយនិស្ត​ចិន កាលណោះ​ក្រោម​ការ​ដឹក​នាំ​របស់​តេង សៀវប៉េង (Deng Xiaoping) បាន​សម្រេច​ចិត្ត​ឈប់​ប្រឈម​មុខ​ផ្ទាល់ ជា​មួយ​«ចក្រពត្តិ​អាមេរិក» ងាក​មក​រក​មាគ៌ា​សេដ្ឋកិច្ច​មូលធន​និយម ដោយ​បើក​ចំហ​ប្រទេស​ទៅ​ក្រៅ និង​ធ្វើ​កំណែ​ទម្រង់​នៅ​ខាង​ក្នុង។

ម្យ៉ាង​វិញ​ទៀត ប្រទេស​ចិន​បច្ចុប្បន្ន បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​តតិយលោក (Tiers Monde) ។ នៅ​ក្នុង​អតីតកាល និយាយ​ឲ្យ​ចំ ចាប់​ពី​សន្និសីទ​បណ្តា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ នៅបានឌុង(Bandung) ឆ្នាំ​១៩៥៥ ជាពិសេស​ក្រោយ​ពី​លែង​ត្រូវ​គ្នា​ជាមួយ​សហភាព​សូវៀត នៅ​ខ្ទង់​ឆ្នាំ​១៩៦០-១៩៦២ រហូត​ដល់​ការ​បញ្ចប់​បដិវត្តន៍​វប្បធម៌ នៅ​ដើម​ទសវត្សរ៍​ទី​៧០ ប្រទេស​ចិន​បាន​តាំង​ខ្លួន​ជា​អ្នក​ដឹក​នាំ​បណ្តា​ប្រទេស​ក្រីក្រ បាន​ន័យ​ថា កាលណោះ ចិន​បាន​ប្រឆាំង​នឹង​អនុត្តរភាព​របស់​សហរដ្ឋអាមេរិក​ផង និង​របស់​សហភាព​សូវៀត​ផង។​ប្រទេស​ចិន​បច្ចុប្បន្ន​អស់​មាន​ចិត្ត​ចង់​តំណាង​ពិភព​អ្នក​ក្រ​ទៀត​ហើយ ចង់​ធ្វើ​ជា​ប្រទេស​ដឹក​នាំ​ពិភពលោក​វិញ​ម្តង។ ធ្វើ​ជា​ប្រទេស​ដឹក​នាំ​ពិភពលោក​ទៅ​កើត ទាល់​តែ​ចេះ​វាយ​តម្លៃ និង​យល់​ស្ថានភាព​ពិភពលោក​ជា​មុន​សិន។ ចំពោះ​គណបក្ស​កុម្មុយនិស្ត​ចិន ពិភពលោក​សព្វ​ថ្ងៃ ឋិត​នៅ​ក្នុង​ភ្លើង​សង្រ្គាម​និង​ឡោមព័ទ្ធ​ទៅ​ដោយ​សង្គ្រាម។​ មាន​សង្គ្រាម​យោធា​ពិត​ជាក់​ស្តែង ដូច​ជា​នៅ​អៀរ៉ាក់ (Irak) និង​នៅ​អាហ្វហ្កានីស្តង់ (Afghanistan) មាន​សង្គ្រាម​ដែល​ហៀប​នឹង​ផ្ទុះ​ឡើង​ម្តងៗ និង​មាន​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ឬ​បង្ក​ឡើង​ដោយ​ក្រុមភេរវជន។ ក៏​មាន​ដែរ សង្គ្រាម​ដែល​មិន​ប្រើ​កាំភ្លើង គឺ​សង្គ្រាម​សេដ្ឋកិច្ច។​​ រហូត​មក​ដល់​ចុង​ទសវត្សរ៍​ទី​៧០ ថ្នាក់​ដឹក​នាំ​ចិន​បាន​មើល​ស្រាល​សង្គ្រាម​សេដ្ឋកិច្ច។ មូលហេតុ​ទី​មួយ គឺ​មក​ពី​នៅ​ក្នុង​បរិបទ​នៃ​សម័យ​សង្គ្រាម​ត្រជាក់ និង​ក្រោមការ​ដឹក​នាំ​របស់​ម៉ៅ សេទុង(Mao Tsé-Toung) ប្រទេស​ចិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​តែ​សង្គ្រាម​មនោគមវិជ្ជា។ មូលហេតុ​ទី​ពីរ គឺ​មក​ពី​រហូត​មក​ដល់​ចុង​ទសវត្សរ៍​ទី​៧០ អ្វី​ដែល​គេ​ហៅ​ថា បាតុភាព​នៃ​ពិភព​ភាវូបនីយកម្ម(Mondialisation)​មិន​ទាន់​មាន​សន្ទុះ​ ក្លៀវក្លា និង​លក្ខណៈ​សកល​ដូច​សព្វ​ថ្ងៃ។

ចំពោះ​ថ្នាក់​ដឹក​នាំ​ចិន ពាក្យ​ថា​ពិភព​ភាវូបនីយកម្ម មាន​ន័យ​ថា ជា​សង្គ្រាម​សេដ្ឋកិច្ច​ពិភព​លោក​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​មួយ​ក្លាយ​ជា​ ប្រទេស​អ្នក​មាន និង​ពេល​ណា​ក្លាយ​ជា​អ្នក​មាន​ហើយ អាច​គេច​ផុត​ពី​ការ​សង្កត់សង្កិន​ពី​សំណាក់​ប្រទេស​មួយ​ផ្សេង​ទៀត។ នៅ​ក្នុង​សង្គ្រាម​សេដ្ឋកិច្ច​ពិភពលោក​នេះ ថ្នាក់​ដឹក​នាំ​ចិន​ដឹង​ថា​ប្រទេស​ខ្លួន​មាន​គុណសម្បត្តិ​ច្រើន ដូចជា​ចំនួន​សន្ធឹកសន្ធាប់​នៃ​ប្រជាជន ពលករ​ស្វិតស្វាញ​និង​មាន​ថ្វីដៃ កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា អាសនៈ​អចិន្រ្តៃយ៍​នៅ​អង្គការ​សហប្រជាជាតិ សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​តាំង​ពី​ឆ្នាំ​២០០១។ ប្រទេស​ចិន​មិន​ថយ​ឡើយ មិន​ចាំ​ឡើយ ត្រូវ​តែ​យក​ឈ្នះ​សង្រ្គាម​សេដ្ឋកិច្ច ពីព្រោះ មហា​អំណាច​សេដ្ឋកិច្ច​ជា​ឈ្នាន់​ជាន់​ឡើង​ទៅ​ធ្វើ​ជា​មហា​អំណាច​យោធា និង​នៅ​ទី​បំផុត ជា​ប្រទេស​ដឹក​នាំ​ពិភពលោក។ នៅ​ពេល​នោះ​ហើយ ដែល​មុខមាត់​អាស៊ី ដាច់​ដោយ​ឡែក និង​មុខមាត់​ពិភពលោក​ជា​ទូទៅ នឹង​ត្រូវ​ដូរ៕

ប្រភពដើមពី RFI

ចុចត្រង់នេះដើម្បីស្តាប់

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: