ភូមិភាគដើមបូព៌ា ៖ តំបន់​ពោរពេញ​ទៅ​ដោយ​សោកនាដកម្ម


ពាក្យ​ថា ភូមិភាគ​ដើមបូព៌ា តែង​ធ្វើ​អោយ​គេ​នឹក​ឃើញ​ទៅ​ដល់​រូបភាព​នៃ​សង្គ្រាម រូបភាព​នៃ​សោកនាដកម្ម​ដែល​បញ្ចាំង​តាម​ទូរទស្សន៍ សឹង​មិន​លស់​ថ្ងៃ។ សង្គ្រាម​និង​សោកនាដកម្ម នៅ​ក្នុង​ភូមិភាគ​នេះ បន្ត​គ្មាន​ថ្ងៃ​ចប់​ជាង​៦០ប្លាយ​ឆ្នាំ​កន្លង​មក​ហើយ គឺ​តាំង​ពី​រដ្ឋ​អ៊ីស្រាអែល​(Israël) ត្រូវ​បាន​បង្កើត​ឡើង នៅ​ឆ្នាំ​១៩៤៨​មក​ម៉្លេះ។

មុន​នឹង​និយាយ​ដល់​សង្គ្រាម​ទាំងអស់​នេះ មុន​នឹង​ចូល​ដល់​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៃ​តំបន់​នេះ គួរ​សាកល្បង​កំណត់​ជា​បឋម ភូមិសាស្រ្ត​នៃ​ពាក្យ​ថា​ភូមិភាគ​ដើមបូព៌ា​សិន។ ជា​ទូទៅ គេ​មិន​រាប់​បញ្ចូល​បណ្តា​ប្រទេស​អារ៉ាប់​(Arabe) នៃ​តំបន់​ម៉ាគ្រេប​(Maghreb) នា​ប៉ែក​ខាង​ជើង​នៃ​ទ្វីប​អាហ្វ្រិក​(Afrique) ដូច​ជា​អាល់ហ្សេរី​(Algérie) ឬ​ក៏​ម៉ារ៉ុក​(Maroc) ទៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា​ទេ។ ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា មាន​ជា​បឋម​ដែនដី​ដែល​ជា​ភាសា​បារាំង គេ​ហៅ​ថា Le croissant fertile រួម​មាន​ប្រទេស​Israël ប៉ាលេស្ទីន​(Palestine) ហ្ស័កដានី​(Jordanie) អៀរ៉ាក់​(Irak) ស៊ីរី​(Syrie) និង​លីបង់​(Liban)។  មាន​បន្ទាប់​មក​ទៀត ដែនដី​ជុំវិញ​ទន្លេនីល​(Nil) ដែល​ជា​ទីតាំង​របស់​ប្រទេស​អេហ្សីប​(Egypte) និង​ស៊ូដង់​(Soudan)។

នៅ​ចុង​ក្រោយ​បង្អស់ ដែនដី​ដែល​ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា គឺ​ឧបទ្វីប​អារ៉ាប់​(la péninsule arabique) ដែល​ជា​ទីតាំង​នៃ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​(Arabie Saoudite) បារ៉ែន​(Bahreïn) អេម៊ីរ៉ា អារ៉ាប់រួម​(Emirats arabes unis) កូវ៉េត​(Koweït) អូម៉ាន​(Oman) កាតារ​(Qatar) និង​យ៉េមែន​(Yémen)។ មាន​ប្រទេស​២​ទៀត ដែល​ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា​ដែរ គឺ​អៀរ៉ង់​(Iran) និង​ទួរគី​(Turquie)។

ទាក់ទង​ទៅ​នឹង​ភូមិភាគ​ដើមបូព៌ា អ្វី​ដែល​គេ​កត់​សម្គាល់​ឃើញ​មុន​គេ គឺ​លក្ខណៈ​ខុស​គ្នា​ខ្លាំង​នៃ​ពូជសាសន៍​របស់​ប្រជាជន។ មាន​ប្រជាជន​Arabe មាន​ប្រជាជន​Turque មាន​ប្រជាជន​Kurde និង​មាន​ប្រជាជន​Arménie ។ល។និង។ល។

គេ​ក៏​កត់​សម្គាល់​ឃើញ​ដែរ លក្ខណៈ​ខុស​គ្នា​ខ្លាំង​នៃ​សាសនា​របស់​ប្រជាជន។ ជា​សាសនា​អ៊ីស្លាម​តែ​មួយ​មែន​ពិត តែ​ជា​និកាយ​ផ្សេង​គ្នា។ ប្រជាជន​ភាគ​ច្រើន​នៅ​ក្នុង​តំបន់ ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​សុនីត​(sunnite)។ តែ​អ៊ីស្លាម​ដែល​ប្រជាជន​ភាគ​ច្រើន​កាន់​នៅ​Irak នៅ​Bahreïn និង​នៅ​អៀរ៉ង់ ជា​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត​(chiite)។ នៅ​ប្រទេស​Oman​វិញ ប្រជាជន​ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម​និកាយ​ខារ៊ីយីត​(kharijite) ។ រី​ឯ​អ៊ីស្លាម​នៅ​ប្រទេស​Arabie Saoudite វិញ​ជា​អ៊ីស្លាម​និកាយ​វ៉ាលហាប៊ីត​(walhabite)។ ចំណែក​អ៊ីស្លាម​នៅ​ប្រទេស​Syrie ជា​អ៊ីស្លាម​និកាយ​អាឡាវីត​(alaouite)និង​អ៊ីស្លាម​និកាយ​ឌ្រីហ្សក​ (druze)ដែល​ក៏​ជា​សាសនា​របស់​ប្រជាជន​មួយ​ចំនួន​នៅ​Liban​ដែរ។ ក្រៅ​ពី​នេះ សាសនា​របស់​ប្រជាជន​Israël ជា​សាសនា​ជ្វីហ្វ​(juif)។ ក៏​មាន​ដែរ​គ្រិស្តសាសនា ដែល​ជា​សាសនា​របស់​ប្រជាជន​Egypte ប្រមាណ​៨% របស់​ប្រជាជន​Syrie ប្រមាណ​១០% និង​របស់​ប្រជាជន​Liban ប្រមាណ​៤៥%។

លក្ខណៈ​ខុស​គ្នា​ខ្លាំង​មួយ​ទៀត​នៃ​ភូមិភាគ​ដើមបូព៌ា គឺ​របប​នយោបាយ​នៃ​ប្រទេស​នីមួយៗ។ រួម​មាន​ជា​អាទិ៍ លទ្ធិ​រាជានិយម​និង​អភិរក្សនិយម​តឹងរ៉ឹង​នៅ​Arabie Saoudite របប​សាធារណរដ្ឋ​បាស​និយម​(baasiste) ប្រកាន់​អំណាច​ផ្តាច់ការ​ដូច​ជា​នៅ​Syrie របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដូច​ជា​នៅ​Jordanie របប​អ៊ីស្លាម​តឹងរ៉ឹង ដូច​ជា​នៅ​Iran និង​លទ្ធិ​ប្រជាធិបតេយ្យ ដូច​ជា​នៅ​Israël​ជា​ដើម។

លក្ខណៈ​ខុស​គ្នា​ខ្លាំង​មួយ​ចុងក្រោយ​នៃ​ភូមិភាគ​ដើម​បូព៌ា គឺ​កំរិត​សេដ្ឋកិច្ច​និង​សង្គមកិច្ច​នៃ​ប្រទេស​នីមួយៗ។ គេ​ឃើញ​មាន​ជា​បឋម បណ្តា​ប្រទេស​ផលិត​ប្រេងកាត​ដែល​ជា​ប្រទេស​អ្នក​មាន​ស្តុកស្តម្ភ ដូច​ជា​Arabie Saoudite និង​Koweït។ បន្ទាប់​មក​ទៀត មាន​បណ្តា​ប្រទេស​ដែល​រស់​ដោយ​ជំនួយ​បស្ចិមលោក ដូច​ជា​Egypte Jordanie និង​Israël។ នៅ​ចុង​ក្រោយ​បង្អស់ មាន​បណ្តា​ប្រទេស​ប្រជាជន​ច្រើន តែ​ខ្វះ​ធនធាន​ធម្មជាតិ ដូច​ជា​Syrie ឬ​ក៏​បណ្តា​ប្រទេស​ប្រកប​ដោយ​សក្តានុពល​សេដ្ឋកិច្ច តែ​មិន​លូតលាស់ ដោយសារ​តែ​បញ្ហា​នយោបាយ​និង​បញ្ហា​ភូមិសាស្ត្រនយោបាយ ដូច​ជា​ប្រទេស​Turquie Iran និង​Irak។

ដូច​បាន​លើក​ឡើង​ខាង​លើ​បន្តិច​រួច​មក​ហើយ ភូមិភាគ​ដើមបូព៌ា​ជា​តំបន់​មួយ​ប្រកប​ទៅ​ដោយ​សង្គ្រាម និង​សោកនាដកម្ម​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ មាន​ជា​បឋម​សង្គ្រាម​ជា​ច្រើន​លើក រវាង​Israël និង​បណ្តា​ប្រទេស​Arabe ដែល​ប្រឆាំង​នឹង​ការ​បង្កើតរដ្ឋ​Israël ក្នុង​ទឹកដី​Palestine នៅ​ឆ្នាំ​១៩៤៨។ គឺ​សុទ្ធសឹង​ជា​សង្គ្រាម​ដែល​មាន​បុព្វហេតុ​ប្រវត្តិសាស្រ្ត សាសនា សន្តិសុខ និង​ទឹក​ដី។

ក៏​មាន​ដែរ​សង្គ្រាម​ដែល​មាន​លក្ខណៈ​ផ្សងព្រេង ដូច​ជា​សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​អតីត​របប​ផ្តាច់ការ​Irak របស់​Saddam Hussein ជា​អាទិ៍​សង្គ្រាម​Iran-Irak ពី​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ​១៩៨៨ សង្គ្រាម​ឈូង​សមុទ្រ​Perse នៅ​ឆ្នាំ​១៩៩១ ក្រោយ​ពី​Irak បាន​ចូល​ឈ្លានពាន​ប្រទេស​Koweït នៅ​ថ្ងៃ​ទី​២​សីហា​ឆ្នាំ​១៩៩០។

មាន​សង្គ្រាម​មួយ​ប្រភេទ​ទៀត គឺ​សង្គ្រាម​ស៊ីវិល ដូច​ជា​សង្គ្រាម​នៅ​Liban ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៩០ សង្គ្រាម​ដែល​ផ្ទុះ​ឡើង ក្រោយ​ពី​Israël និង​Syrie បាន​ចូល​កាន់កាប់​ដែនដី​របស់​ប្រទេស​Liban រួច​មក។

ក្រៅ​ពី​នេះ ក៏​មាន​ដែរ​រដ្ឋប្រហារ​បន្តបន្ទាប់​គ្នា រដ្ឋប្រហារ​ដែល​បាន​នាំ​មក​នូវ​របប​នយោបាយ​ជាតិ​និយម​ផ្តាច់ការ ដូច​រដ្ឋប្រហារ​នៅ​ប្រទេស​Egypte ក្នុង​ឆ្នាំ​១៩៥២ រដ្ឋប្រហារ​នៅ​ប្រទេស​Syrie ក្នុង​ឆ្នាំ​១៩៥៤ រដ្ឋប្រហារ​នៅ​ប្រទេស​Irak ក្នុង​ឆ្នាំ​១៩៥៨ ឬ​ក៏​រដ្ឋប្រហារ​នៅ​ប្រទេស​Iran ក្នុង​ឆ្នាំ​១៩៧៩ តាម​រយៈ​បដិវត្តន៍​អ៊ីស្លាម ដែល​បាន​នាំ​ក្រុម​អ្នក​កាន់​សាសនា​តឹងរ៉ឹង​មក​ដឹកនាំ​ប្រទេស។

ទោះ​បី​ជា​សង្គ្រាម​ត្រជាក់​បាន​ចប់​បាត់​ទៅ​ហើយ​ក្តី​ ក៏​ភូមិភាគ​ដើម​បូព៌ា​ មិន​ប្រែប្រួល​ មិន​បោះ​ជំហាន​ទៅ​រក​ការ​អភិវឌ្ឍន៍ និង​ទៅ​រក​សន្តិភាព​សោះ។ ក្រោយ​សង្គ្រាម​ត្រជាក់ រលក​នៃ​ប្រជាធិបតេយ្យូបនីយកម្ម បាន​គ្រប​ដណ្តប់​ទៅ​លើ​អឺរ៉ុប​ខាង​កើត ទៅ​លើ​អាស៊ី និង​ទៅ​លើ​អាមេរិក​ឡាទីន។ ផ្ទុយ​ពី​គេ​ឯង ភូមិភាគ​ដើមបូព៌ា​បន្ត​ផុង​ខ្លួន​ក្នុង​បញ្ហា​អតីតកាល​ ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ។ ទាំង​នេះ គឺ​មក​ពី​មូលហេតុ​ច្រើន​យ៉ាង។ ម្យ៉ាង គឺ​អសមត្ថភាព​របស់​បណ្តា​ប្រទេស​Arabe​ក្នុង​ការ​បង្រួបបង្រួម​គ្នា​និង​ ត្រូវរ៉ូវ​គ្នា។ តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី២​មក បណ្តា​ប្រទេស​Arabe​គ្នា​ឯង​ឈ្លោះ​ប្រកែក​គ្នា​ឥត​ឈប់។

ជាក់ស្តែង គឺ​ទំនាស់​រវាង​Syrie និង​Jordanie នៅ​ទសវត្សរ៍​ទី​៨០ ទំនាស់​រវាង​Egypte និង​Soudan នៅ​ទសវត្សរ៍​ទី​៩០ ឬ​ក៏​ទំនាស់​រវាង​Egypte និង​បណ្តា​ប្រទេស​Arabe​ដទៃ​ផ្សេង នៅ​ក្នុង​ទសវត្សរ៍​ទី​៧០ ពីព្រោះ​ កាល​នោះ ប្រទេស​Egypte របស់​លោក​Sadate បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​ ជាមួយ​Israël។ មូលហេតុ​ម្យ៉ាង​ទៀត​នៃ​អធិករណ៍​មិន​ចេះ​ចប់ នៅ​ភូមិភាគ​ដើមបូព៌ា គឺ​កង្វះ​ឆន្ទៈ​របស់​ថ្នាក់​ដឹកនាំ​Arabe ក្នុង​ការ​អូសទាញ​ប្រទេស​ជាតិ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។ ឯ​មូលហេតុ​ចុង​ក្រោយ គឺ​មក​ពី​កម្លាំង​ជ្រួលច្រាល់​រក​ខ្ទប់​មិន​បាន​នៃ​ចលនា​បាតុកម្ម និង​ចលនា​បះបោរ​ផ្សេងៗ៕

ផែនទី ភូមិភាគ ដើម បូព៌ា

ប្រភពដើមពី RFI

ចុចត្រង់នេះដើម្បីស្តាប់

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: