សង្គ្រាមធំៗ​រវាង​អ៊ីស្រាអែល​និង​បណ្តា​ប្រទេស​អារ៉ាប់ ដោយសារ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល


រូបភាព សង្រ្គាម Kippour ឆ្នំា ១៩៧៣ រវាង អ៊ីស្រាអែល និង បណ្តា ប្រទេស អារ៉ាប់

នៅ​ថ្ងៃ​ទី១៥​ឧសភា​ឆ្នាំ១៩៤៨ ពោល​គឺ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​ចាប់​បដិសន្ធិ​ឡើង​នៃ​រដ្ឋ​អ៊ីស្រាអែល​(Israël) ប្រទេស​អេហ្ស៊ីប(Egypte) ស៊ីរី(Syrie) ត្រង់ហ្ស័រដានី(Transjordanie) អៀរ៉ាក់(Irak)និង​លីបង់(Liban) បាន​ប្រកាស​សង្គ្រាម​ប្រឆាំង​អ៊ីស្រាអែល និង​បាន​វាយ​លុក ទៅ​លើ​រដ្ឋ​ថ្មីថ្មោង​មួយ​នេះ។ គោលដៅ​របស់​បណ្តា​ប្រទេស​អារ៉ាប់​ទាំងនេះ គឺ​កំទេច​អ៊ីស្រាអែល និង​លុប​បំបាត់​ប្រទេស​នេះ ចេញ​ពី​ផែនទី​នៃ​ភូមិភាគ​ដើមបូព៌ា។ ក៏​ប៉ុន្តែ ពួក​គេ​បាន​ច្បាំង​ចាញ់​អ៊ីស្រាអែល ហើយ​សង្គ្រាម​បាន​រលត់​បាត់​ទៅ​វិញ នៅ​ខែ​កុម្ភៈ​ ឆ្នាំ​១៩៤៩។
តាំង​ពី​ពេល​នោះ​មក បណ្តា​ប្រទេស​អារ៉ាប់​ទាំងអស់​នៅ​ក្នុង​តំបន់ បាន​ខិតខំ​បង្កើត​និង​ពង្រឹង​ទ័ព ដេក​រង់ចាំ​ថ្ងៃ​សងសឹក​អ៊ីស្រាអែល​វិញ។

បណ្តា​ប្រទេស​អារ៉ាប់ ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​១៩៥៤ មុន​នឹង​ហ៊ាន​ចេញ​មុខ​រករឿង​អ៊ីស្រាអែល​សា​ជា​ថ្មី។ កាល​ណោះ ប្រទេស​អេហ្ស៊ីប ក្រោម​ការ​ដឹកនាំ​របស់​វរសេនីយឯក ណាស្សែរ​(Nasser) បាន​ប្រឹងប្រែង​ចង​សម្ព័ន្ធភាព​យោធា​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប់​ជិត​ខាង។ គោល​ដៅ គឺ​ឡោមព័ទ្ធ​និង​ច្របាច់​ក​អ៊ីស្រាអែល។ ក៏​ប៉ុន្តែ នៅ​ទី​បំផុត គឺ​អ៊ីស្រាអែល ទេ​តើ​ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​មុន។ កាល​ណោះ គឺ​នៅ​ខែ​មិថុនា​ឆ្នាំ​១៩៦៧ កងទ័ព​អ៊ីស្រាអែល​បាន​វាយ​កំទេច​កង​កម្លាំង​របស់​អេហ្ស៊ីប ស៊ីរី និង​ហ្ស័រដានី ដោយ​បាន​ប្រើ​ពេល​តែ​ប្រាំមួយ​ថ្ងៃ​ប៉ុណ្ណោះ ។ សង្គ្រាម​ដ៏​លឿន​រហ័ស​ដូច​ផ្លេកបន្ទោរ​នេះ ត្រូវ​បាន​គេ​ហៅ​ថា សង្គ្រាម​ប្រាំមួយ​ថ្ងៃ។
បរាជ័យ​ជា​លើក​ទីពីរ​នេះ បាន​ធ្វើ​អោយ​បណ្តា​ប្រទេស​អារ៉ាប់​កាន់​តែ​អាម៉ាស់មុខ​ និង​កាន់​តែ​ចង់​សងសឹក​អ៊ីស្រាអែល​ខ្លាំង​ឡើងៗ។

នៅ​ឆ្នាំ​១៩៧០ ជា​ថ្មី​ម្តង​ទៀត ប្រទេស​Egypte ដែល​កាល​ណោះ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​សាដាត់ (Sadate) បាន​ផ្តើម​ពង្រឹង​ទ័ព​របស់​ខ្លួន​ឡើង​វិញ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​សហភាព​សូវៀត។ បី​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ខែ​តុលា​ឆ្នាំ១៩៧៣ ជួន​ចំ​ថ្ងៃ​បុណ្យ​របស់​ជនជាតិ​Juif ឈ្មោះ​បុណ្យ​យ៉ូម​គីបពួរ​(Yom Kippour) កងទ័ព​Egypte និង​កងទ័ព​Syrie បាន​ពួត​ដៃ​គ្នា​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​Israël។ ក៏​ប៉ុន្តែ ដូច​ពេល​មុនៗ​ដែរ
Israël​បាន​ទទួល​ជ័យជំនះ​ក្នុង​សង្គ្រាម​ថ្មី​នេះ សង្គ្រាម​ដែល​គេ​ហៅ​ថា​
សង្គ្រាម​Yom Kippour។

សង្គ្រាម​បី​លើក​បន្តបន្ទាប់​គ្នា​នេះ រវាង​អ៊ីស្រាអែល​និង​បណ្តា​ប្រទេស​អារ៉ាប់ ដែល​បាន​ផ្ទុះ​ឡើង​ដោយសារ​តែ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល បាន​នាំ​មក​នូវ​ផលវិបាក​សែន​ធ្ងន់ធ្ងរ​មួយ​ចំនួន។

ផលវិបាក​ធ្ងន់ធ្ងរ​ទីមួយ គឺ​ការ​ក្រឡាប់ចាក់​នៃ​ភូមិសាស្រ្ត​នយោបាយ​របស់​ភូមិភាគ​ដើម​បូព៌ា។
ក្រោយ​សង្គ្រាម​ឆ្នាំ១៩៤៩ ប្រទេស​អ៊ីស្រាអែល​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន​នៅ​ប៉ាលេស្ទីន ពី​៥៥%​ទៅ​៧៨%។ ក្រោយ​សង្គ្រាម​Yom Kippour នៅ​ឆ្នាំ​១៩៧៣ អ៊ីស្រាអែល បាន​កាន់កាប់​ដែនដី​ប៉ាលេស្ទីន​​ទាំង​ស្រុង។ មិន​តែ​ប៉ុណ្ណោះ ក្រោយ​សង្គ្រាម​ប្រាំមួយ​ថ្ងៃ នៅ​ឆ្នាំ​១៩៦៧​ អ៊ីស្រាអែល បាន​លេប​យក​ដែនដី​ហ្គោឡង់​(Golan)នៃ​ប្រទេស​ស៊ីរី និង​ដែនដី​ស៊ីណៃ​(Sinaï)​នៃ​ប្រទេស​អេហ្ស៊ីប។

ផលវិបាក​ធ្ងន់ធ្ងរ​ទីពីរ​នៃ​សង្គ្រាម​បន្តបន្ទាប់​គ្នា​ទាំង​អស់​នេះ គឺ​ទុក្ខវេទនា​របស់​ប្រជាជន​អារ៉ាប់​ប៉ាលេស្ទីន ជាង​៧០០០០០នាក់​ដែល​បាន​បាត់បង់​អស់​ទឹក​ដី និង​បាន​ក្លាយ​ជា​ជន​ភៀសខ្លួន​ចេញ​ទៅ​រស់​នៅ​ក្នុង​បណ្តា​ប្រទេស​ជិត​ខាង ដូច​ជា​នៅ​ស៊ីរី អេហ្ស៊ីប និង លីបង់។ ចំណែក​ជាង​២០០០០០នាក់​ទៀត បន្ត​រស់​នៅ​ក្នុង​ដែនដី​ប៉ាលេស្ទីន កាន់កាប់​ដោយ​អ៊ីស្រាអែល ដូចជា​នៅ​ហ្កាហ្សា​(Gaza) និង​អេប្រុង​(Hébron)​ជា​ដើម។ បណ្តើរៗ ជន​ភៀសខ្លួន​ប៉ាលេស្ទីន បាន​ពួតដៃ​គ្នា​បង្កើត​ចលនា​តស៊ូ​មួយ ដែល​នៅ​ឆ្នាំ​១៩៦៤ បាន​ក្លាយ​ជា​អង្គការ​រំដោះ​ប៉ាលេស្ទីន ហៅ​កាត់​ថា​OLP។

ផលវិបាក​ធ្ងន់ធ្ងរ​ទីបី​នៃ​សង្គ្រាម​បន្តបន្ទាប់​គ្នា​រវាង​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​អារ៉ាប់ គឺ​ការ​បង្ក​អោយ​មាន​សង្គ្រាម​ស៊ីវិល​កើត​ឡើង​នៅ​ប្រទេស​លីបង់។ នៅ​ដើម​ទសវត្សរ៍​ទី៧០ តំបន់​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​លីបង់ បាន​ក្លាយ​ជា​ជំរំ​ជន​ភៀសខ្លួន​ប៉ាលេស្ទីន​ធំ​ជាង​គេ ដោយសារ​តែ​ប្រទេស​ស៊ីរី និង​ហ្ស័រដានី​បាន​រុញ​ច្រាន​ជន​ភៀសខ្លួន​ប៉ាលេស្ទីន​​ចេញ​ពី​ប្រទេស​ពួក​គេ ហើយ​បាន​សម្រេច​បិទ​ច្រក​ព្រំដែន ជា​ហេតុ​បាន​ជម្រុញ​អោយ​ជន​ភៀសខ្លួន​ទាំង​​នោះ​រុល​ចូល​ទៅ​ក្នុង​ទឹកដី​ លីបង់។ ចូល​ដល់​ទឹកដី​លីបង់​ ហើយ ជន​ភៀសខ្លួន​ប៉ាលេស្ទីន ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម បាន​ទៅ​ចូល​ដៃ​ជាមួយ​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​បាន​ផ្តើម​ទាស់ទែង​ជាមួយ​សហគមន៍​អ្នក​កាន់​គ្រិស្តសាសនា​នៅ​ក្នុង​ ប្រទេស​នោះ។ សង្គ្រាម​ស៊ីវិល​នៅ​លីបង់​​បាន​ផ្ទុះ​ឡើង នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥។

នៅ​ឆ្នាំ១៩៧៦ ប្រទេស​ស៊ីរី ដែល​បារម្ភ​ខ្លាច​សង្គ្រាម​ស៊ីវិល​នៅ​លីបង់ រាល​ដាល​ចូល​មក​ដល់​ប្រទេស​គេ បាន​បញ្ជូន​ទ័ព​ចូល​ទៅ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​លីបង់ ដើម្បី​រៀបចំ​អោយ​មាន​សណ្តាប់ធ្នាប់​ឡើង​វិញ។ ចាប់​ពី​ពេល​នោះ​មក អនាធិបតេយ្យ​បាន​គ្រប​ដណ្តប់​ទៅ​លើ​ប្រទេស​លីបង់​ទាំង​មូល។ កងទ័ព​ស៊ីរី បាន​កាន់កាប់​ដី​មួយ​ភាគ​ធំ នៅ​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​លីបង់។ ជន​ភៀសខ្លួន​ប៉ាលេស្ទីន​​វិញ​បាន​កាន់កាប់​ប៉ែក​ខាងត្បូង​នៃ​ប្រទេស និង​សង្កាត់​មួយ​ចំនួន​នៃ​រដ្ឋធានី​បីរូត​(Beyrouth)។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​ពួក​អ្នក​កាន់​គ្រិស្តសាសនា​បាន​ប្រយុទ្ធ​គ្នា​រៀងរាល់​ថ្ងៃ នៅ​ក្នុង​ទីក្រុង។ នៅ​ឆ្នាំ​១៩៧៨ ដោយ​ខ្លាច​សង្គ្រាម​ស៊ីវិល​នៅ​លីបង់​ ប៉ះពាល់​ដល់​សន្តិសុខ​របស់​ប្រទេស​ខ្លួន កងទ័ព​អ៊ីស្រាអែល​បាន​ចូល​កាន់កាប់​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​លីបង់។ បួន​ឆ្នាំ​ក្រោយ​មក​ទៀត គឺ​នៅ​ឆ្នាំ​១៩៨២ អ៊ីស្រាអែល​បាន​សម្រេច​ធ្វើ​ប្រតិបត្តិការ​យោធា​មួយ​យ៉ាង​ធំ នៅ​លីបង់ ប្រតិបត្តិការ​ដែល​គេ​ហៅ​ថា ប្រតិបត្តិការ​សន្តិភាព​ហ្កាលីឡេ​(Galilée)។

គោលដៅ​របស់​អ៊ីស្រាអែល គឺ​ការពារ​សន្តិសុខ​នៃ​ប្រទេស​គេ ដោយ​រុញច្រាន​ជន​ភៀសខ្លួន​ប៉ាលេស្ទីន ទៅ​អោយ​ឆ្ងាយ​ពី​ព្រំដែន​រវាង​អ៊ីស្រាអែល និង​លីបង់។ ក៏​ប៉ុន្តែ ក្រោយ​មក​ទៀត ក្រោមការ​គាប​សង្កត់​របស់​សហគមន៍​អន្តរជាតិ កងទ័ព​Iអ៊ីស្រាអែល​បាន​ដក​ខ្លួន​ចេញ​ពី​លីបង់​វិញ ដោយ​ទុក​ចោល​ប្រទេស​នេះ​អោយ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​សឹង​ផ្តាច់​មុខ​ របស់​កងទ័ព​ស៊ីរី។

ចាប់​ពី​ដើម​ទសវត្សរ៍​ទី៨០​មក  អធិករណ៍​រវាង​បណ្តា​ប្រទេស​អារ៉ាប់​និង​អ៊ីស្រាអែល ក្លាយ​ទៅ​ជា​ជម្លោះ​ផ្ទាល់​តែ​ម្តង​រវាង​ប៉ាលេស្ទីន និង​អ៊ីស្រាអែល ពីព្រោះ​បណ្តា​ប្រទេស​អារ៉ាប​ក្នុង​តំបន់ បាន​ដក​ខ្លួន​ចេញ​បណ្តើរៗ ដោយ​លែង​ចង់​ជួយ​ឈឺឆ្អាល​ខ្លាំង​ដូច​មុន​ទៀត​ហើយ បញ្ហា​របស់​ប្រជាជន​អារ៉ាប់​នៅ​ប៉ាលេស្ទីន។ ឧទាហរណ៍​ជាក់ស្តែង ប្រទេស​អេហ្ស៊ីប ដែល​ជា​អ្នក​នាំ​អាទិ៍​បង្ក​សង្គ្រាម​ពីរ​លើក​ប្រឆាំង​នឹង​អ៊ីស្រាអែល​បាន​ ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​មួយ​ជាមួយ​Iអ៊ីស្រាអែល នៅ​ឆ្នាំ​១៩៧៩។ ឧទាហរណ៍​ជាក់ស្តែង​ដែរ ប្រទេស​លីបង់ បាន​បណ្តេញ​លោក​Yasser Arafat ប្រធាន​អង្គការ​រំដោះ​ប៉ាលេស្ទីន OLP ចេញ​ពី​ទីក្រុង​Beyrouth នៅ​ឆ្នាំ​១៩៨២។

គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៨៧ អធិករណ៍​បាន​កើត​ចេញ​ពី​ក្នុង​មក​វិញ ចេញ​ពី​ដែនដី​ប៉ាលេស្ទីន​​ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល ​ដូច​ជា​នៅ​Gaza​ជា​ដើម។ នៅ​ទីនោះ ​ប្រជាជន​អារ៉ាប់​បាន​យក​ដុំ​ថ្ម​មក​ធ្វើ​ជា​អាវុធ ដើម្បី​ងើប​បះបោរ​ប្រឆាំង​នឹង​កងទ័ព​អ៊ីស្រាអែល។ គឺ​ជា​ការ​ផ្តើម​ឡើង​នៃ​អ្វី​ដែល​គេ​ហៅ​ថា​Intifada ឬ​សង្គ្រាម​ចោល​ដុំ​ថ្ម៕

ចាប់ពីសប្តាហ៍ក្រោយទៅ ខ្ញុំនឹងផ្តើមសិក្សាលម្អិតទៅលើអភិក្រមសន្តិភាពដ៏សែនពិបាក រវាងIsraël និងPalestine។

ប្រភពដើមពី RFI

ស្តាប់ចុចត្រង់នេះ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: