ហេតុអ្វី​បាន​ជា​អៀរ៉ង់​ឡើងដៃ​និង​ចង់​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ


លោកប្រធានាធិបតីអៀរ៉ង់ Ahmadinejad

ប្រទេស​អៀរ៉ង់​ចាប់​ផ្តើម​ឡើង​ដៃ​និង​មាន​មហិទ្ធិឫទ្ធិ​នៅ​ក្នុង​ភូមិភាគ​ ដើមបូព៌ា ចាប់​ពី​ឆ្នាំ​២០០៣​មក គឺ​ក្រោយ​ពេល​ដែល​អាមេរិក​បាន​រំលំ​របប​តាលីបង់​ក្នុង​ឆ្នាំ​២០០១ នៅ​អាហ្វហ្កានីស្តង់ និង​របប​Saddam Hussein នៅ​អៀរ៉ាក់​ក្នុង​ឆ្នាំ២០០៣។ ការ​ដែល​អាមេរិក​បាន​ផ្តួល​រំលំ​របប​តាលីបង់​​​និង​របប​Saddam Hussein​ដែល​ជា​សត្រូវ​សួពូជ​របស់​អៀរ៉ង់ បាន​ធ្វើ​ឲ្យ​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ ក្លាយ​ជា​ស្វ័យប្រវត្តិ ទៅ​ជា​ប្រទេស​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់។

ការពិត នៅ​ថ្ងៃ​ទី២៩​មករា​ឆ្នាំ​២០០២ នៅ​ពេល​ដែល​ប្រធានាធិបតី​អាមេរិកាំង​Bush​ បាន​ផ្តើម​និយាយ​ពី​បក្សសម្ព័ន្ធ ​នៃ​សុភាវៈ​អាក្រក់ អៀរ៉ង់​ក៏​ជា​ផ្ទាំង​Cible​ របស់​សហរដ្ឋ​អាមេរិក​ដែរ។ កាល​នោះ លោក​Bush បាន​ចាត់​ទុក​ប្រទេស​ចំនួន​បី​ថា​ជា តំណាង​នៃ​សុភាវៈ​អាក្រក់ នោះ​គឺ​អៀរ៉ាក់ អៀរ៉ង់ និង​កូរ៉េ​ខាងជើង។

ក្រោយ​ពី​កងទ័ព​អាមេរិកាំង​បាន​ចូល​កាន់កាប់​អាហ្វហ្កានីស្តង់​និង​អៀរ៉ាក់​ ហើយ ប្រទេស​អៀរ៉ង់​បាន​បន្ទន់​គោលជំហរ នៅ​ចំពោះ​មុខ​សហរដ្ឋអាមេរិក និង​បាន​ទាំង​ស្នើ​អាមេរិក​ឲ្យ​បើក​កិច្ច​ចរចា​ជា​កញ្ចប់​តែ​មួយ​ទៀត​ផង ចរចា​ដើម្បី​កំចាត់​អាវុធ​ប្រល័យ​លោក ដើម្បី​ទប់ទល់​នឹង​ភេរវកម្ម និង​ដើម្បី​សហប្រតិបត្តិការ​សេដ្ឋកិច្ច។ មិន​តែ​ប៉ុណ្ណោះ អៀរ៉ង់​ក៏​ថែម​ទាំង​បាន​យល់​ព្រម​ជួយ​អាមេរិក​និង​បណ្តា​ប្រទេស​អារ៉ាប់ ក្នុង​ការ​ស្វែង​រក​សន្តិភាព សម្រាប់​ភូមិភាគ​ដើមបូព៌ា​ទៀត​ផង។ ក៏​ប៉ុន្តែ អាមេរិក​មិន​ព្រម​ទទួល​សំណើ​នេះ​របស់​អៀរ៉ង់ ពីព្រោះ កាល​ណោះ រដ្ឋការ​លោក​Bush​ក៏​ប្រហែល​ជា​មាន​បំណង​ចង់​រំលំ​របប​អៀរ៉ង់​ដែរ។

តាំង​ពី​ពេល​នោះ​មក និយាយ​ឲ្យ​ចំ គឺ​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​២០០៣​មក  អៀរ៉ង់​បាន​បង្កើត​កម្មវិធី​នុយក្លេអ៊ែរ ​ឡើង ដោយ​អះអាង​ថា ខ្លួន​ចង់​ផលិត​ថាមពល​នុយក្លេអ៊ែរ ដើម្បី​ត្រៀម​ប្រឈម​មុខ​នឹង​កង្វះ​ថាមពល នា​អនាគត​ខាងមុខ គឺ​នៅ​ពេល​ណា​ដែល​ប្រេងកាត​នៅ​ក្នុង​ពិភពលោក​នឹង​ត្រូវ​អស់។

ក៏​ប៉ុន្តែ បស្ចិមលោក ជាពិសេស​សហរដ្ឋអាមេរិក​មិន​ព្រម ពីព្រោះ​បណ្តា​ប្រទេស​ទាំងនេះ​បារម្ភ​ខ្លាច​អៀរ៉ង់​ប្រើបា្រស់​សារជាតិ​ Uranium​ចម្រើន​ធាតុ ដើម្បី​ផលិត​គ្រាប់បែក​បរមាណូ។

សួរ​ថា តើ​អៀរ៉ង់​មាន​មហិច្ឆតា​បង្កើត​អាវុធ​នុយក្លេអ៊ែរ​មែន​ដែរ​ឬ​ទេ?

ចម្លើយ គឺ​ពិតប្រាកដ​មែន។ មាន​មូលហេតុ​បី​យ៉ាង​តិច ដែល​ជម្រុញ​ឲ្យ​អៀរ៉ង់​ចង់​បង្កើត​គ្រាប់បែក​បរមាណូ។ ម្យ៉ាង នៅ​ក្នុង​ទសវត្សរ៍​ទី​៨០ កាល​សម័យ​សង្គ្រាម​រវាង​អៀរ៉ង់​និង​អៀរ៉ាក់ កងទ័ព​របស់​Saddam Hussein បាន​ប្រើ​អាវុធ​គីមី​ប្រល័យ​ជនជាតិ​Kurdes នៅ​ក្នុង​តំបន់​Halabja ជាហេតុ​បាន​ធ្វើ​ឲ្យ​ប្រជាជន​និង​ថ្នាក់​ដឹកនាំ​អៀរ៉ង់​សម័យ​នោះ ភ័យ​ខ្លាច​មែនទែន ភ័យ​ក្រែង​Saddam Hussein ប្រើ​អាវុធ​ប្រល័យ​លោក​ប្រឆាំង​នឹង​ប្រទេស​អៀរ៉ង់។

ម្យ៉ាង​ទៀត វត្តមាន​នៃ​កងទ័ព​អាមេរិកាំង ក្នុង​ពេល​បច្ចុប្បន្ន​នៅ​អាហ្វហ្កានីស្តង់​និង​នៅ​អៀរ៉ាក់ ធ្វើ​ឲ្យ​អៀរ៉ង់​បារម្ភ ហើយ​ថ្នាក់​ដឹកនាំ​អៀរ៉ង់​នៅ​តែ​បន្ត​ភ័យ​ខ្លាច​អាមេរិក​មក​រំលំ​ អំណាច​របស់​ពួក​គេ។ មាន​មូលហេតុ​មួយ​ទៀត ដែល​ជម្រុញ​អៀរ៉ង់​ឲ្យ​បង្កើត​អាវុធ​នុយក្លេអ៊ែ​ដែរ នោះ​គឺ​ប្រទេស​ជិត​ខាង​របស់​ខ្លួន ដូច​ជា​ប៉ាគីស្តង់​ដែល​មិនមែន​ជា​មិត្រ​ពិត​ប្រាកដ និង​អ៊ីស្រាអែល​ដែល​ជា​សត្រូវ​សួពូជ សុទ្ធ​តែ​ជា​មហា​អំណាច​បរមាណូ។

*

រហូត​មក​ដល់​ឆ្នាំ​២០០៩ គឺ​មក​ទល់​ពេល​ដែល​លោក​Barak Obamaឡើង​គ្រប់គ្រង​សហរដ្ឋ​អាមេរិក វិបត្តិ​នុយក្លេអ៊ែរ​អៀរ៉ង់ ប្រៀប​បាន​ដូច​ជា​រឿង​ល្ខោន​សោកនាដកម្ម​មួយ​
ដែល​មាន​តួ​ឯក​ពីរ គឺ​អៀរ៉ង់​និង​សហរដ្ឋអាមេរិក ព្រម​ទាំង​តួរង​ជា​ច្រើន រួម​មាន​ជា​អាទិ៍​សហភាព​អឺរ៉ុប រុស្ស៊ី ចិន និង​អ៊ីស្រាអែល។ ល្ខោន​សោកនាដកម្ម​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​អៀរ៉ង់ នៅ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA និង​នៅ​អង្គការ​សហប្រជាជាតិ។

គឺ​ជា​ល្ខោន​សោកនាដកម្ម ពីព្រោះ​បណ្តា​ប្រទេស​មហាអំណាច​មិន​ចុះ​សម្រុង​គ្នា ក្នុង​ការ​ប្រកាន់​គោលជំហរ​នយោបាយ​តែ​មួយ នៅ​ចំពោះ​មុខ​អៀរ៉ង់ ជា​ហេតុ​ធ្វើ​ឲ្យ​អៀរ៉ង់​ឡើង​ដៃ
និង​ចំណេញ​ពេល​ក្នុង​ការ​លួច​បន្ត​សកម្មភាព​នុយក្លេអ៊ែរ​តទៅ​ទៀត។
មាន​ជា​បឋម សហរដ្ឋអាមេរិក​របស់​លោក​Bush ដែល​ចង់​ប្រើ​ធម៌​ក្តៅ​ប្រដៅ​អៀរ៉ង់ ក៏​ប៉ុន្តែ​មិន​ដាច់​ចិត្ត​ធ្វើ ពីព្រោះ​កងទ័ព​អាមេរិកាំង​ជាប់​ផុង​ជើង រើ​ខ្លួន​ចេញ​មិន​រួច​ពី​សង្គ្រាម​នៅ​
អាហ្វហ្កានិស្តង់​និង​នៅអៀរ៉ាក់។
បន្ទាប់​មក មាន​សហភាពអឺរ៉ុប អ្នក​ពូកែ​អនុវត្ត​ការ​ទូត​ត្រជាក់។ បារាំង អង់គ្លេស និង អាល្លឺម៉ង់ បាន​ចរចា​អស់​រយៈ​ពេល​បី​ឆ្នាំ​ជា​មួយ​អៀរ៉ង់ ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០០៦ តែ​មិន​បាន​ផល​អ្វី​ទេ។
បន្ទាប់​មក​ទៀត មាន​រុស្សី​និង​ចិន ដែល​មិន​ព្រម​ឲ្យ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អៀរ៉ង់។
ម៉្លោះ​ហើយ​បាន​ជា​មក​ទល់​ឆ្នាំ​២០០៩ អង្គការ​សហ​ប្រជាជាតិ មិន​អាច​ធ្វើ​អ្វី​បាន​ទេ ដើម្បី​ប្រឆាំង​នឹង​អៀរ៉ង់។

មក​ទល់​ពេល​ថ្មីៗ​នេះ សហគមន៍​អន្តរជាតិ​បារម្ភ​ខ្លាច​តែ​ម្យ៉ាង​គត់ នោះ​គឺ​ប្រតិកម្ម​របស់​អ៊ីស្រាអែល ពីព្រោះ​អ៊ីស្រាអែល​មិន​ដែល​រារែក​នឹង​ធ្វើ​សង្គ្រាម​ឡើយ នៅ​ពេល​ណា​ដែល​មាន​ការ​គំរាម​កំហែង ទៅ​លើ​សន្តិសុខ​នៃ​ប្រទេស​គេ។ ហើយ​បើ​សិន​ជា​អ៊ីស្រាអែល​ហ៊ាន​វាយ​ប្រហារ​ទៅ​លើ​អៀរ៉ង់​មែន ភ្លើង​សង្គ្រាម​នឹង​អាច​ឆាបឆេះ​រីករាល​ដាល​ពេញ​តំបន់​ភូមិភាគ​ដើមបូព៌ា។

 

ប្រភពដើមពី RFI

ចុចត្រង់នេះដើម្បីស្តាប់

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: