អៀរ៉ាក់ ប្រាំពីរ​ឆ្នាំ​ក្រោយ​មក


នៅ​ថ្ងៃ​ទី២០​មីនា​ឆ្នាំ​២០០៣ សង្គ្រាម​អាមេរិក​​នៅ​អៀរ៉ាក់​បាន​ផ្តើម​ឡើង។ ទីក្រុង​Bagdad បាន​ធ្លាក់​នៅ​ថ្ងៃ​ទី៩​មេសា។ កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​Saddam Hussein ត្រូវ​បាន​កង​ទ័ព​អាមេរិកាំង​បាញ់​សម្លាប់ នៅ​ថ្ងៃ​ទី២២​កក្កដា។ Saddam Husseinត្រូវ​បាន​ចាប់​ខ្លួន នៅ​ខែ​ធ្នូ​ឆ្នាំ​២០០៣ រួច​ហើយ​ត្រូវ​បាន​កាត់​ទោស​ និង​ប្រហារ​ជីវិត នៅ​ខែ​ធ្នូ​ឆ្នាំ​២០០៦។

ការ ទម្លាក់ រូប ចម្លាក់ មេដឹក នាំ អៀរ៉ាក់ Saddam Hussein

ប្រាំពីរ​ឆ្នាំ​ក្រោយ​មក ប្រាំពីរ​ឆ្នាំ​ក្រោយ​ពី​របប Saddam Hussein បាន​រលំ​បាត់​ទៅ គេ​អាច​និយាយ​បាន​ថា សហរដ្ឋ​អាមេរិក​បាន​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​Perse និង​បាន​ពង្រឹង​វត្តមាន​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​ក្នុង​តំបន់ តាម​រយៈ​ការ​លក់​អាវុធ។ ទន្ទឹម​ជា​មួយ​គ្នា​នេះ គេ​ក៏​អាច​និយាយ​បាន​ដែរ​ថា អាមេរិក​បាន​កាត់​បន្ថយ​អស់​មិន​តិច​ទេ ឥទ្ធិពល​របស់​អឺរ៉ុប នៅ​ក្នុង​ភូមិភាគ​ដើម​បូព៌ា។ ម្យ៉ាង​គឺ​មក​អំពី​សង្គ្រាម​អាមេរិកាំង នៅ​អៀរ៉ាក់​បាន​ធ្វើ​ឲ្យ​អឺរ៉ុប​បែក​បាក់​គ្នា មាន​ប្រទេស​អឺរ៉ុប​ខ្លះ ដូច​ជា​អង់គ្លេស អ៊ីតាលី និង​អេស្ប៉ាញ​បាន​គាំទ្រ​សង្គ្រាម និង​មាន​ប្រទេស​អឺរ៉ុប​ខ្លះ​ទៀត ដូច​ជា​បារាំង និង​អាល្លឺម៉ង់ បាន​ប្រឆាំង​នឹង​សង្គ្រាម។ ម្យ៉ាង​ទៀត ការ​ដែល​ប្រទេស​អឺរ៉ុប​ខ្លះ​បាន​ចូល​ដៃ​ជាមួយ​អាមេរិក​ធ្វើ​សង្គ្រាម​នៅ​ អៀរ៉ាក់ បាន​បណ្តាល​ឲ្យ​បណ្តា​ប្រទេស​អារ៉ាប់​ក្នុង​តំបន់ អស់​មាន​ទំនុក​ទុក​ចិត្ត ទៅ​លើ​សហភាព​អឺរ៉ុប។

ក៏​ប៉ុន្តែ ប្រាំពីរ​ឆ្នាំ​ក្រោយ​មក គេ​អាច​និយាយ​បាន​ថា សង្គ្រាម​នៅ​អៀរ៉ាក់ ជា​បរាជ័យ​មួយ​ធំ​សម្រាប់​រដ្ឋការ​អាមេរិកាំង​របស់​លោក​Bush។ ជា​បឋម គឺ​ជា​បរាជ័យ​នយោបាយ ៖​ ពិភព​អារ៉ាប់​មិន​ដែល​ស្អប់ខ្ពើម​អាមេរិក​ខ្លាំង​ដូច​ពេល​នេះ​ទេ។ បន្ទាប់​មក​ទៀត គឺ​ជា​បរាជ័យ​សីលធម៌ ៖ ការ​ដែល​រដ្ឋការ​លោក​Bush បាន​និយាយ​ភូត​កុហក​ថា របប​Saddam Hussein មាន​ទំនាក់​ទំនង​ជាមួយ​អង្គការ​ភេរវកម្ម​Al-Qaida និង​ថា​របប​Saddam Hussein មាន​អាវុធ​ប្រល័យ​លោក បាន​ធ្វើ​ឲ្យ​ពិភពលោក​អស់​មាន​ទំនុក​ទុក​ចិត្ត​ទៅ​លើ​សហរដ្ឋ​អាមេរិក។ នៅ​ចុង​ក្រោយ​បង្អស់ គឺ​ជា​បរាជ័យ​ផ្នែក​សន្តិសុខ ៖ ពិត​មែន​ហើយ របប​ផ្តាច់ការ​នៅ​អៀរ៉ាក់​បាន​រលាយ។ ពិត​មែន​ហើយ មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​តាម​បែប​ផែន​ប្រជាធិបតេយ្យ នៅ​អៀរ៉ាក់ ក៏​ប៉ុន្តែ​អំពើ​ហិង្សា​បាន​កើត​ឡើង​សឹង​ឥត​លស់​ថ្ងៃ នៅ​ក្នុង​ប្រទេស​នេះ​រហូត​ដល់​ឆ្នាំ​២០០៧។

*

អំពើ​ហិង្សា​នៅ​អៀរ៉ាក់ គឺ​ជា​អំពើ​ហិង្សា​តាម​រយៈ​ភេរវកម្ម​អត្តឃាត​ប្រឆាំង​នឹង​ប្រជាជន​ស៊ីវិល ប្រឆាំង​នឹង​កងទ័ព​អាមេរិកាំង ប្រឆាំង​នឹង​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ និង​របស់​កាកបាទ​ក្រហម​អន្តរជាតិ។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត គឺ​ការ​ប្រយុទ្ធ​គ្នា​រវាង​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​Sunnite ដែល​ជា​អ្នក​អាឡោះ​អាល័យ​របប​Saddam Hussein និង​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​Chiite ដែល​ជា​អ្នក​គាំ​ទ្រ​រដ្ឋាភិបាល​អៀរ៉ាក់​បច្ចុប្បន្ន។

គួរ​និយាយ​ថា ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០០៩​នេះ ទាហាន​អាមេរិកាំង​ជាង​៤ពាន់​នាក់ និង​ជន​ជាតិ​អៀរ៉ាក់​ជាង​១ម៉ឺន​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។ មិន​តែ​ប៉ុណ្ណោះ ប្រជាជន​ស៊ីវិល​អៀរ៉ាក់​ជាង​៤​លាន​នាក់​បាន​ភៀស​ខ្លួន​ទៅ​នៅ​ប្រទេស​អារ៉ាប់ ​ផ្សេង ដូចជា​នៅ​Syrie និង នៅ​Jordanie ឬ​ក៏​បាន​ធ្វើ​បន្លាស់​ទី ទៅ​នៅ​កន្លែង​ផ្សេង​ក្នុង​ទឹកដី​អៀរ៉ាក់។

យ៉ាងណា​ក៏​ដោយ តាំងពី​ឆ្នាំ​២០០៧​មក អំពើ​ហិង្សា​នៅ​អៀរ៉ាក់​បាន​និង​កំពុង​បន្ត​បាត់បង់​កម្លាំង​របស់​វា​បន្តិច ​​ទៅ​វិញ​ហើយ។ ម្យ៉ាង គឺ​ដោយសារ​តែ​អាមេរិក​បាន​បញ្ជូន​ទាហាន​បន្ថែម​ទៅ​កាន់​អៀរ៉ាក់ ដើម្បី​ពង្រឹង​សន្តិសុខ នៅ​ជុំវិញ​ទីក្រុង​Bagdad។ ម្យ៉ាង​ទៀត គឺ​ប្រហែល​មក​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​Sunnite និង​ពួក​Chiite កំពុងមក​ដល់​ទី​បញ្ចប់ ​ហើយ​ដោយ​ជោគជ័យ​ត្រូវ​បាន​ទៅ​ពួក​Chiite។

ទន្ទឹម​ជាមួយ​គ្នា​នេះ ពួក​Sunnite​ខ្លះ បាន​យល់​ព្រម​ចូល​ដៃ​ជា​មួយ​អាមេរិកាំង ប្រឆាំង​នឹង​Al-Qaida ជាហេតុ​ធ្វើ​ឲ្យ​អង្គការ​ភេរវកម្ម​មួយ​នេះ​ខ្សោយ និង​ដក​ថយ​បណ្តើរៗ​ចេញ​ពី​ទឹក​ដី​អៀរ៉ាក់។ មិន​តែ​ប៉ុណ្ណោះ Moqtada al-Sadr ដែល​ជា​មេទ័ព​Chiiteជ្រុលនិយម​ម្នាក់​ដ៏​មាន​មហិទ្ធិឫទ្ធិ និង​ដែល​ធ្លាប់​បាន​វាយ​ប្រហារ​ទៅ​លើ​ទ័ព​អាមេរិកាំង នៅ​Sadr City ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ បាន​យល់​ព្រម​អនុវត្ត​កិច្ច​ឈប់​បាញ់​គ្នា​ជាមួយ​កងទ័ព​អាមេរិកាំង​ តាំង​ពី​ថ្ងៃ​ទី១០​ឧសភា​ឆ្នាំ​២០០៨​មក​ម៉្លេះ៕

ប្រភពដើមពី RFI

ចុចត្រង់នេះដើម្បីស្តាប់

សុធា ភិរម្យ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: