អ៊ីស្រាអែល​​និង​ប៉ាលេស្ទីន​ ៖ មូលហេតុ​នៃ​ទំនាស់​ស៊ីសាច់​ហុត​ឈាម​គ្នា​


អធិករណ៍​រវាង​ជនជាតិ ជ្វីហ្វ(Juif) នៅ​អ៊ីស្រាអែល និង​ជនជាតិ​ប៉ាលេស្ទីន ជា​ទំនាស់​ចាស់​ជាង​គេ​បង្អស់​មួយ នៅ​ក្នុង​ពិភពលោក​យើង​សព្វថ្ងៃ។ ឫស​គល់​នៃ​ជម្លោះ​នេះ ចាក់​ជ្រៅ​រហូត​ទៅ​ដល់​បី​ពាន់​ឆ្នាំ​មុន កាល​សម័យ​ដែល​ជនជាតិ អេប្រឺ​(Hébreux) ឬ​ជ្វីហ្វ ក្នុង​រជ្ជកាល​ស្តេច ដាវីត(David) និង​សាឡូម៉ុង​(Salomon) បាន​រស់​នៅ​យ៉ាង​សុខដុម​រមនា​ក្នុង​ដែនដី ប៉ាលេស្ទីន។ ក៏ប៉ុន្តែ​ក្រោយមក ដោយសារ​តែ​ការ​ចូល​ឈ្លានពាន​ពី​សំណាក់​ពួក ពែរ្ស​(Perse) រួច​ហើយ​ពួក រ៉ូម៉ាំង​(Romain) រាជាណាចក្រ​អ៊ីស្រាអែល​បាន​វិនាស​អន្តរាយ។

ពួក​ជនជាតិ​ជ្វីហ្វ​វិញ បាន​បែក​បាក់​ខ្ចាត់ខ្ចាយ និង​បាន​និរទេស​ទៅ​រស់​នៅ​គ្រប់​ច្រកល្ហក​ក្នុង​ពិភពលោក ជាពិសេស​នៅ​អឺរ៉ុប។ ក៏ប៉ុន្តែ ទោះ​ជា​បាន​ព្រាត់​គ្នា និង​បាន

លោក Ben Gourion ប្រកាស បង្កើត រដ្ឋ អ៊ីស្រាអែល នៅ ថ្ងៃ ទី ១៤ តុលា ១៩៤៨

រស់​នៅ​ឆ្ងាយ​ពី​មាតុភូមិ​រាប់សិប​រយ​ឆ្នាំ​ក្តី ក៏​ពួក​ជ្វីហ្វ​រក្សា​បាន​ជាប់លាប់ ល្អ ត កូន​ត​ចៅ អត្តសញ្ញាណ វប្បធម៌ និង​សាសនា​របស់​ពួក​គេ ដោយសារ​តែ​ច្បាប់​សីលធម៌​ដែល​គេ​ហៅថា តាលមូដ​(Talmud)។

នៅ​សតវត្សរ៍​ទី​១៩ ទ្វីប​អឺរ៉ុប​ទាំង​មូល បាន​ផ្តើម​ពើប​ប្រទះ​នឹង​បាតុភាព​ពីរ។ ទីមួយ គឺ​ការ​លេច​ឡើង​យ៉ាង​ផុសផុល​នៃ​ចលនា​ជាតិ​និយម​ជ្រុល និង​ទីពីរ គឺ​ការ​ស្អប់ខ្ពើម​ពួក​ជ្វីហ្វ ខ្លាំង​ឡើងៗ។ បាតុភាព​ប្រកប​ដោយ​គ្រោះថ្នាក់​ទាំង​ពីរ​នេះ បាន​អង្រួន​ស្មារតី​ជនជាតិ​ជ្វីហ្វ​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប ឲ្យ​ភ័យ ឲ្យ​ភ្ញាក់​ខ្លួន និង​ឲ្យ​ផ្តើម​មាន​មហិច្ឆតា​នយោបាយ​និង​ទឹកដី។ និយាយ​បែប​ផ្សេង ពួក​ជ្វីហ្វ​បាន​ផ្តើម​មាន​គំនិត​ចង់​វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ទឹកដី​ ដូនតា​របស់​ពួក​គេ​វិញ ចង់​វិល​ត្រឡប់​ទៅ​កាន់​ប៉ាលេស្ទីន​វិញ។ គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​នៅ​ចុង​សតវត្សរ៍​ទី​១៩ ជនជាតិ​ជ្វីហ្វ​ម្នាក់​ឈ្មោះ Théodore Herzl បាន​បង្កើត​ចលនា​មួយ​ឡើង គឺ​ចលនា​ស៊ីយ៉ូននិស្ត (Sioniste)។

ស៊ីយ៉ូន​(Sion) ជា​ឈ្មោះ​នៃ​ទួល​មួយ​នៅ​ទីក្រុង​Jérusalem ក្នុង​ដែនដី​ប៉ាលេស្ទីន។ ចលនា​ស៊ីយ៉ូនិស្ត​របស់ Théodore Herzl មាន​គោលដៅ​មួយ​ធំ នោះ​គឺ​ប្រមូលផ្តុំ​ជនជាតិ​ជ្វីហ្វ​មក​ពី​គ្រប់​ទី​កន្លែង រួច​ហើយ​កេណ្ឌ​គ្នា​ទៅ​បង្កើត​ប្រទេស​មួយ​នៅ​លើ​ទឹកដី​ប៉ាលេស្ទីន។

នៅ​ឆ្នាំ ១៩១៤ មុន​សង្គ្រាម​លោក​លើក​ទីមួយ​បាន​ផ្ទុះ​ឡើង ដោយសារ​តែ​សកម្មភាព​របស់​ចលនា​ស៊ីយ៉ូននិស្ត ចំនួន​ជនជាតិ​ជ្វីហ្វ​ដែល​បាន​ចូល​ទៅ​តាំង​លំនៅឋាន នៅ​ក្នុង​ដែនដី​ប៉ាលេស្ទីន បាន​កើន​ទៅ​ដល់​៨ ៥០០០នាក់។ ក៏​ប៉ុន្តែ គេ​ត្រូវ​រង់​ចាំ​បី​ឆ្នាំ ចាំ​ដល់​ឆ្នាំ១៩១៧ ទើប​ឃើញ​ប្រទេស​ទីមួយ​បង្អស់​ក្នុង​លោក គឺ​ប្រទេស​អង់គ្លេស​ចេញ​មុខ​គាំទ្រ​ជា​ផ្លូវការ ចលនា​ស៊ីយ៉ូននិស្ត​របស់​Théodore Herzl។

កាលណោះ លោក Balfour រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​អង់គ្លេស ដែល​ជា​ប្រទេស​មួយ​មាន​ឥទ្ធិពល​ខ្លាំង នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា បាន​ថ្លែង​គាំទ្រ​ឲ្យ​មាន​មណ្ឌល​ជនជាតិ​ជ្វីហ្វ​មួយ នៅ​លើ​ទឹកដី​ប៉ាលេស្ទីន។ ការ​ថ្លែង​បែប​នេះ​របស់​លោក Balfour បាន​នាំ​មក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​មែនទែន សម្រាប់​ប្រវត្តិសាស្ត្រ។ ពីព្រោះ​ចាប់ពី​ពេល​នោះ​មក នៅ​ខាង​ប្រជាជន​អារ៉ាប់​ក្នុង​ភូមិភាគ​ដើមបូព៌ា គឺ​ជា​ការ​ផ្តើម​ចង​កំហឹង​ទៅ​លើ​ចក្រភព​អង់គ្លេស និង​ការ​ផ្តើម​តស៊ូ​ខ្ទប់​មិន​ឲ្យ​ពួក​ជ្វីហ្វ ចូល​មក​តាំង​លំនៅឋាន ក្នុង​ទឹកដី​ប៉ាលេស្ទីន។ នៅ​ខាង​ជនជាតិ​ជ្វីហ្វ​វិញ គេ​បាន​ចាត់​ទុក​ថា ការ​ថ្លែង​របស់​លោក Balfour គឺ​ជា​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ មហិច្ឆតា​នយោបាយ​របស់​ចលនា​ស៊ីស្សុននីស្ត។ ពួក​ជ្វីហ្វ បាន​ផ្តើម​មាន​ជំនឿ​ថា ការ​បង្កើត​ប្រទេស​អ៊ីស្រាអែល​មួយ​នៅ​លើ​ដី​ប៉ាលេស្ទីន លែង​ជា​ការ​ស្រមើស្រមៃ​ទៀត​ហើយ គឺ​ជា​សុបិន្ត​ដែល​អាច​នឹង​ក្លាយ​ជា​ការ​ពិត​បាន។

ក្រោយ​ពី​ចប់​សង្គ្រាម​លើក​ទីមួយ​ហើយ សង្គម​ប្រជាជាតិ​(La Société des Nations) ដែល​មាន​តួនាទី​ស្រដៀង​គ្នា​នឹង​អង្គការ​សហ​ប្រជាជាតិ​សព្វ​ថ្ងៃ បាន​ប្រគល់​សិទ្ធិ​ឲ្យ​
ប្រទេស​អង់គ្លេស​និង​ប្រទេស​បារាំង​ចែក​គ្នា​កាន់កាប់​រដ្ឋបាល​នៃ​ភូមិភាគ​ ដើមបូព៌ា។ ឧទាហរណ៍ អង់គ្លេស​ជា​អ្នក​គ្រប់គ្រង​ប៉ាលេស្ទីន ឯ​បារាំង​វិញ​ជា​អ្នក​ត្រួតត្រា​លីបង់​និង​ស៊ីរី។

គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​ពី​ឆ្នាំ​១៩២០ ដល់​ឆ្នាំ​១៩៣៩ ចំនួន​ជនជាតិ​ជ្វីហ្វ​នៅ ប៉ាលេស្ទីន បាន​កើន​ពី ១០០០០០នាក់​ទៅ ៤៧០០០០នាក់។ សូម​ជំរាប​ថា កាល​សម័យ​នោះ​ប្រជាជន​អារ៉ាប់​នៅ​ប៉ាលេស្ទីន មាន​គ្នា​មិន​ដល់ ៦០០០០០នាក់​ល្អ​ផង។ អ៊ីចឹង​ហើយ​បាន​ជា នៅ​ឆ្នាំ​១៩៣៩ នៅ​ពេល​ដែល​សង្គ្រាម​លោក​លើក​ទីពីរ​ហៀប​នឹង​ផ្ទុះ​ឡើង​ តួអង្គ​សំខាន់ៗ​នៃ​អធិករណ៍​រវាង​ជនជាតិជ្វីហ្វ​និង​ជនជាតិ​អារ៉ាប់ បាន​លេច​ឡើង​ច្បាស់​ក្រឡែត​ហើយ​ជា​ស្រេច។

រួម​មាន បណ្តា​ប្រទេស​មហាអំណាច​ដែល​មក​ពី​ក្រៅ ចលនា​ស៊ីយ៉ូននិស្ត ដែល​បាន​បង្កើត​ទីភ្នាក់ងារ​ជ្វីហ្វ​មួយ​រួច​ស្រេច​នៅ​ប៉ាលេស្ទីន ពួក​អារ៉ាប់​នៅ​ប៉ាលេស្ទីន និង​បណ្តា​ប្រទេស​អារ៉ាប់​ជិតខាង​ប៉ាលេស្ទីន។ តួអង្គ​ទាំងអស់​នេះ មាន​គោលដៅ​ខុសៗ​គ្នា។ មហា​អំណាច​មក​ពី​ក្រៅ ចង់​រក្សា​ឥទ្ធិពល​របស់​ខ្លួន នៅ​ក្នុង​ភូមិភាគ​មួយ​ដែល​សម្បូណ៌​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ។ ចលនា​ស៊ីយ៉ូននិស្ត ចង់​បង្កើត​រដ្ឋ​អ៊ីស្រាអែល​មួយ នៅ​ប៉ាលេស្ទីន។ ចំណែក ពួក​អារ៉ាប់​នៅ​ប៉ាលេស្ទីន និង​នៅ​បណ្តា​ប្រទេស​ជិតខាង​ប៉ាលេស្ទីន វិញ​ចង់​ខ្ទប់​កុំ​ឲ្យ​ប្រជាជាតិ​អ៊ីស្រាអែល​កើត​ឡើង​បាន​នៅ​ក្នុង​តំបន់។
ក្រោយ​មក​ទៀត បរិបទ​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ បាន​ធ្វើ​ឲ្យ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​មាន​លក្ខណៈ​កាន់​តែ​ចាំបាច់ និង​កាន់​តែ​ចៀស​មិន​រួច​ចំពោះ​ជនជាតិ​ជ្វីហ្វ។ អំពើ​ប្រល័យ​ពូជសាសន៍​ជ្វីហ្វ អនុវត្ត​ដោយ​របប​ណាហ្ស៊ី(Nazie) អាល្លឺម៉ង់​របស់ Hitler បាន​ជម្រុញ​ពួក​ជ្វីហ្វ​ច្រើន​ឡើងៗ​នៅ​អឺរ៉ុប​និង​នៅ​សហរដ្ឋអាមេរិក ឲ្យ​សម្រេច​ចិត្ត​ចូល​ទៅ​រស់​នៅ​លើ​ទឹកដី​ប៉ាលេស្ទីន។ នៅ​ប៉ាលេស្ទីន ពួក​គេ​ត្រូវ​បាន​ទទួល​ដោយ​ទីភ្នាក់ងារ​ជ្វីហ្វ ដែល​កាល​ណោះ ដឹកនាំ​ដោយ​លោក David Ben Gourion។

អំពើ​ប្រល័យ​ពូជសាសន៍​ជ្វីហ្វ​ក៏​បាន​អង្រួន​ស្មារតី​របស់​បណ្តា​ប្រទេស​ មហាអំណាច​ឲ្យ​ជួយ​ឈឺឆ្អាល​បុព្វហេតុ​របស់​ពួក​ជ្វីហ្វ​កាន់​តែ​ខ្លាំង​ឡើង​ ជួន​ពេល​ជាមួយ​គ្នា​នោះ ពួក​ជ្វីហ្វ និង​ពួក​អារ៉ាប់​នៅ​ប៉ាលេស្ទីន ទាស់ទែង​គ្នា ប្រយុទ្ធ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ដែរ។ អ៊ីចឹង​ហើយ បាន​ជា​ នៅ​ថ្ងៃ​ទី ៨​កុម្ភៈ ឆ្នាំ ១៩៤៧ ប្រទេស​អង់គ្លេស​បាន​ប្រកាស​ទទួល​ស្គាល់​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ ការរក្សា សណ្តាប់ធ្នាប់​នៅ​ក្នុង​ដែនដី​ប៉ាលេស្ទីន ហើយ​បាន​សម្រេចចិត្ត​បញ្ជូន​សំណុំ​រឿង​ទៅ​អង្គការ​សហប្រជាជាតិ​ដោះស្រាយ។

នៅ​ទីបំផុត នៅ​ខែ​វិច្ឆិកា​ឆ្នាំ ១៩៤៧ អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ពុះ​ដែនដី​ប៉ាលេស្ទីន​ជា​ពីរ៖ មួយ​កំណាត់​ឲ្យ​ទៅ​ពួក​ជ្វីហ្វ និង​មួយ​កំណាត់​ទៀត​ឲ្យ​ទៅ​ពួក​អារ៉ាប់។ ប៉ុន្មាន​ខែ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី ១៤​ឧសភា​ឆ្នាំ១៩៤៨ លោក David Ben Gourion ដែល​ជា​ប្រធាន​ទីភ្នាក់ងារ​ជ្វីហ្វ​នៅ​ប៉ាលេស្ទីន និង​ជា​តំណាង​នៃ​ចលនា​ស៊ីយ៉ូនិស្ត បាន​ប្រកាស​ការ​ចាប់​បដិសន្ធិ​ឡើង​នៃ​រដ្ឋ​អ៊ីស្រាអែល។

នៅ​សប្តាហ៍​ក្រោយ ខ្ញុំ​នឹង​ផ្តើម​លើក​ឡើង​អំពី​សង្គ្រាម​រវាង​រដ្ឋ​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​អារ៉ាប់​ជិត​ខាង​ប៉ាលេស្ទីន​ដែល​មិន​ព្រម​ឲ្យ​មាន​រដ្ឋ​ អ៊ីស្រាអែល​មួយ នៅ​ក្នុង​ភូមិភាគ​ដើម​បូព៌ា៕

ប្រភពដើមពី RFI

ស្តាប់ចុចត្រង់នេះ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: