រឿង​ជ្រូក​បាន​ជា​ឈ្មោះ​ឆ្នាំ​កុរ


រឿង​នេះ​ដើម​ឡើយ​មាន​សេចក្តី​និទាន​ថា មាន​សេដ្ឋី​កុដុម្ពី​ក៏​ម្នាក់ មាន​សម្បត្តិ​ទ្រព្យ​ស្តុក​ស្តម្ភ ហើយ​មាន​កូន​មួយ តែ​អកុសល​កូន​នោះ​កើត​មក​មាន​ខ្លួន​ប្រាណ​ជា​សត្វ​ជ្រូក។ ឪពុក​ម្តាយ​អត់​ចិត្ត​ពន់​ពេក ព្រោះ​កូន​មាន​ភាព​ជា​សត្វ កូន​នោះ​ឆាប់​ចេះ​ដើរ ចេះ​និយាយ​ភាសា​មនុស្ស ឧស្សាហ៍​ព្យា​យាម មិន​ខ្ជិល ហើយ​មាន​ប្រាជ្ញា​ឈ្លាស​វៃ។ លុះ​ខ្លួន​កាន់​តែ​ធំ ចេះ​ជួយ​រក្សា​ការ​ពារ​ទ្រព្យ​សម្បត្តិ ឪពុក​ម្តាយ ប្រើ​ការ​ផ្សេងៗ​ធ្វើ​បាន​សព្វ​គ្រប់​។ ចំណែក​វត្ថុ​ស្ងាត់​កំបាំង​ដែល​មាន​នៅ​ក្នុង​ខ្លួន​ជ្រូក​នេះ ឪពុក​ម្តាយ​ពុំ​បាន​ដឹង​សោះ។ តាម​ពិត​ជ្រូក​នេះ​មាន​ធ្នួ​ព្រះ​ខ័ន​ជា​របស់​ទិព្វ​នៅ​ក្នុង​ខ្លួន លុះ​ជ្រូក​នេះ​មាន​វ័យ​កាន់​តែ​ចម្រើន​ធំ​ឡើង​ៗ ឪពុក​ម្តាយ​កាន់​តែ​ពេញ​ចិត្ត​អំពី​ចរិយា​ដឹង​ខុស​ត្រូវ​ ទាស់​តែ​រូប​ជា​ជ្រូក​ប៉ុណ្ណោះ។
ស្រាប់​តែ​វេលា​ថ្ងៃ​មួយ ជ្រូក​នោះ​និយាយ​ទៅ​កាន់​មាតា​បិតា​ថា ៖ សូម​ឱ្យ​គិត​គូរ​រក​ប្រពន្ធ​ឱ្យ​ខ្លួន។ ឪពុក​ម្តាយ​ឮ​ហើយ ទ័ល​គំនិត​សម្ងំ​ដក​ដង្ហើម​ធំ​គ្រប់​គ្នា ហើយ​ឆ្លើយ​ថា ៖ កូន​អើយ ! ឱ្យ​ម្តាយ – ឪពុក​ទៅ​និយាយ​ស្តី​កូន​អ្នក​ណា​គេ​ព្រម​ឱ្យ​ គេ​ព្រម​យក បើ​កូន​ឯង​មាន​សភាព​ជា​សត្វ​ដូច្នេះ។ សព្វ​ថ្ងៃ​ឪពុក​ម្តាយ​មាន​តែ​កូន​ឯង​មួយ ជា​ទី​អាណិត​ស្រឡាញ់​ស្មើ​ជីវិត ឯ​សម្បត្តិ​ឥត​ទ័ល​ក្រ​ទេ យើង​មាន​ឥត​ខ្វះ តែ​ត្រង់​រឿង​ដែល​កូន​ឱ្យ​ឪពុក​ម្តាយ​ទៅ​រ​ក​ស្តី​ដណ្តឹង​កូន​គេ​នេះ ឪពុក​ម្តាយ​ទាល់​ហើយ ត្រង់​រឿង​ហ្នឹង​មិន​ហ៊ាន​ទៅ​និយាយ​ស្តី​កូន​គេ​ទេ។ បើ​គេ​និយាយ​ថា​មិន​ឱ្យ​មក​វិញ ឯង​គ្មាន​ផ្លូវ​ដោះ​សារ​ទេ ឪពុក​ម្តាយ​ខ្មាស​គេ​ណាស់ បើ​កូន​យក​ជ្រូក​ដូច​គ្នា​នោះ​មិន​អី​ទេ ។
ជ្រូក​ឆ្លើយ​ថា ៖ ប្រពន្ធ​ស្រី​ជ្រូក​ខ្ញុំ​មិន​យក​ទេ យក​តែ​ប្រពន្ធ​ស្រី​មនុស្ស ! បើ​រក​មិន​បាន​ទេ ខ្ញុំ​សុំ​ដើរ​រក​ប្រពន្ធ​ខ្លួន​ឯង។
ហើយ ! មិន​យូរ​ប៉ុន្មាន ស្រាប់​តែ​ជ្រូក​នោះ​ឥត​ប្រាប់​អ្វី​ទៀត​ទេ ក៏​ដើរ​ទៅ​បា​ត់​ពី​ផ្ទះ។ កុដុម្ពី​ក៏​ប្តី​ព្រន្ធ​ស្វែង​រក​សព្វ​ទី មិន​ឃើញ​សោះ ក៏​កើត​ការ​ក្រៀម​ក្រំ​អាណិត​កូន។ ចំណែក​ជ្រូក​នោះ​វិញ មុន​នឹង​ធ្វើ​ដំណើរ​ចេញ​ទៅ​ក៏​ឈរ​សម្រឹង​ឧទ្ទិស​ក្នុង​ចិត្ត​ថា ៖ បើ​គូ​ភរិយា​ពី​បុព្វេ​មាន​នៅ​ទី​ណា សូម​ទេវតា​ជួយ​នាំ​ចិត្ត​ឱ្យ​ខ្ញុំ​ដើរ​ត្រង់​ទិស​ទី​នោះ។ ហើយ​ក៏​ដើរ​ចេញ​ទៅ​ដំណើរ​ក្នុង​ព្រៃ​ជា​ដរាប​អស់​ជា​ច្រើន​ថ្ងៃ ទើប​បាន​ជួប​យាយ​ម្នាក់​ដើរ​ជីក​ដំឡូង​តែ​ម្នាក់​ឯង​ក្នុង​ព្រៃ​ស្ងាត់ ជ្រូក​ឃើញ​ក៏​ដើរ​ចូល​ទៅ​ជិត​សួរ​ថា ៖
-លោក​យាយ​ដើរ​រក​អ្វី ? បាន​ឬ​ទេ ?
យាយ​ឮ​ពាក្យ​ជ្រូក​ចេះ​ស្រដី កើត​ចិត្ត​រីក​រាយ​អាណិត​ស្រឡាញ់​ហើយ​គាត់​ឆ្លើយ​ថា ៖
-យាយ​រក​ជីក​ដំឡូង តែ​ឥឡូវ​គ្មាន​ទេ !
ជ្រូក​សួរ​ទៀត​ថា ៖
យាយ​នៅ​ដល់​ណា តើ​លោក​តា​គាត់​នៅ​ទេ ហើយ​យាយ​មាន​កូន​ប៉ុន្មាន​នាក់ ?
យាយ​ឆ្លើយ​ប្រាប់​ជ្រូក​ថា ៖
ចៅ​អើយ ផ្ទះ​យាយ​នៅ​ឯណោះ តា​នោះ​គាត់​ស្លាប់​យូរ​មក​ហើយ យាយ​នៅ​មេម៉ាយ​ជាមួយ​កូន​ស្រី​ពីរ​នាក់ គ្មាន​កូន​ប្រុស​ទេ ឥឡូវ​កូន​ស្រី​នេះ​ពេញ​ក្រមុំ​អស់​ហើយ ។
ជ្រូក​ឮ​យាយ​ប្រាប់​ថា មាន​កូន​ក្រមុំ​ពីរ​នាក់​នៅ​ទំនេរ​ដូច្នេះ ជ្រូក​ក៏​តាំង​និយាយ​ដំណើរ​ខ្លួន​ឱ្យ​យាយ​ស្តាប់​សព្វ​គ្រប់ ហើយ​សុំ​ទៅ​នៅ​ជាមួយ​យាយ​ផង។
យាយ​នឹក​ក្នុង​ចិត្ត​ថា ជ្រូក​នេះ​ចេះនិ​យាយ​ដឹង​ខុស​ត្រូវ​សព្វ ចេះ​ភាសា​មនុស្ស​ពីរោះ​ល្អ​ស្តាប់​ណាស់ ហើយ​ថា​ឪពុក​ម្តាយ​វា​ជា​សេដ្ឋី​ផង។ បើ​ជ្រូក​វា​ស្រឡាញ់​កូន​អញ ហើយ​បើ​កូន​អញ​វា​ព្រម អញ​គួរ​តែ​ផ្សំ​ផ្គុំ​វា​ហើយ។ ទើប​គាត់​ប្រាប់​ជ្រូក​ថា ៖ ចៅ​ឯង​ជួយ​រក​ជីក​ដំឡូង​បន្តិច​ទៅ ។
ជ្រូក​ចូល​ព្រៃ​ភ្លាម​ស្វែង​រក​ដំឡូង។ មិន​យូរ​ប៉ុន្មាន​ជ្រូក​ឈ្មូស​ដី​បាន​មើម​ដំឡូង​​គរ​ជា​ច្រើន​គំនរ យាយ​ចេះ​តែ​តាម​រើស​ដាក់​កញ្ជើ​មាន​ទាំង​ដំឡូង​ខ្មុង អខ្យាត អខ្យា ដៃខ្លា ដំឡូង​ទឹក ដំឡូង​ទាន​គ្រប់​មុខ យាយ​ពេញ​ចិត្ត​ចៅ​ជ្រូក​ឥត​ឧបមា ព្រោះ​ឆ្លាត ប៉ិន​ប្រសប់​រក​ដំឡូង​ពេញ​កញ្ជើរ​ទាំង​ពីរ។ ជ្រូក​បង្គាប់​យាយ​ឱ្យ​ដាក់​កញ្ជើរ​ដំឡូង​លើ​ខ្នង ហើយ​ដើរ​ទៅ​តាម​យាយ​លុះ​ត្រា​ដល់​ផ្ទះ។
ឯកូន​ក្រមុំ​ទាំង​ពីរ​នាក់ បាន​ឃើញ​ម្តាយ​មក​ពី​ព្រៃ ក៏​នាំ​គ្នា​ចេញ​ទៅ​ទទួល។ យាយ​ក៏​បង្ហាញ​ឱ្យ​ជ្រូក​ស្គាល់​កូន​ទាំង​ពីរ រួច​លើក​កញ្ជើរ​ដំឡូង​ដាក់​ចុះ​ពី​លើ​ខ្នង​ជ្រូក ឯ​កូន​ទៅ​ជិត​ម្តាយ ក៏​លួច​ខ្សឹប​សួរ​ថា ៖ជ្រូក​ហ្នឹង​មក​ពី​ណា ចេះ​និយាយ​ផង?
ម្តាយ​ក៏​បាន​ប្រាប់​សព្វ​គ្រប់។ លុះ​នៅ​បន្តិច​ទៅ​នោះ កូន​ស្រី​យាយ​នេះ​នឹង​ចៅ​ជ្រូក​ក៏​ដឹង​ចិត្ត​គ្នា​ស្និទ្ធ​ស្នាល ពេល​ទៅ​រក​ដំឡូង​ក៏​ទៅ​ជាមួយ​គ្នា។ យាយ​ម្តាយ​ដឹងថា​កូន​គាត់​នឹង​ចៅ​ជ្រូក​ស្គាល់​គ្នា​ជិត​ស្និទ្ធ​ហើយ ក៏​ផ្តើម​សួរ​ចិត្ត​កូន។ សួរ​ទៅ​នាង​បង​ប្រកែក លុះ​សួរ​ទៅ​នាង​ប្អូន​នាង​ឆ្លើយ​ថា ៖
ស្រេច​តែ​ម៉ែ ម៉ែ​ឱ្យ​ខ្ញុំ​ទៅ​នរណា ខ្ញុំ​ចេះ​តែ​តាម។
យាយ​បាន​ដឹង​ពាក្យ​នេះ​ត្រេក​អរ​ណាស់ ហើយ​ក៏​ឱ្យ​ដំណឹង​ទៅ​ចៅ​ជ្រូក​ដឹង​ពី​រឿង​នេះ ជ្រូក​ត្រេក​អរ​ពន់​ពេក ហើយ​ក៏​រួប​រួម​ផ្សំ​ផ្គុំ​កូន​ពៅ​ឱ្យ​ទៅ​ជា​គូ​រ​ជាមួយ​ចៅ​ជ្រូក​តាម​ប្រពៃ ​ណី​ស្រុក​សព្វ​គ្រប់។ ហើយ​ក៏​ចាត់​ចែង​ឱ្យ​បាន​លំនៅ​ដ្ឋាន​ឱ្យ​កូន​នៅ​ដោយ​ខ្លួន​ជា​ដរាប​ទៅ។ បាន​ប្រមាណ​ជា​កន្លះ​ខែ នៅ​ស្រុក​និគម​នោះ មាន​លេច​ឮ​ថា នឹង​មាន​ពួក​ភ្លេង​របាំ គេ​នឹង​មក​លេង​នៅ​ជិត​នោះ អ្នក​ភូមិ​ជិត​ខាង​ទាំង​ចាស់​ទាំង​ក្មេង​ក៏​ស្រើប​ស្រាល​នាំ​គ្នា​ស្រស់​ ស្រូប​បាយ​ពេល​ព្រលប់​រួច នាំ​គ្នា​ទៅ​មើល​ជា​ច្រើន​ឈូរ​ឆរ។ នាង​ពៅ​ប្រពន្ធ​ចៅ​ជ្រូក​ក៏​ចង់​ទៅ​មើល​នឹង​គេ​ដែរ ក៏​បបួល​ចៅ​ជ្រូក​ជា​ប្តី​ឱ្យ​ទៅ​ផង តែ​ចៅ​ជ្រូក​ថា “ឱ្យ​ប្អូន​ឯង​មើល​ចុះ បង​នៅ​ចាំ​ផ្ទះ”។ នាង​បាន​អនុញ្ញាត​ពី​ស្វាមី​ហើយ​ក៏​ទៅ​ជាមួយ​នឹង​គេ ឯ​ចៅ​ជ្រូក​នេះ​វិញ​ដឹង​ថា នាង​ភរិយា​ចេញ​ទៅ​ឆ្ងាយ​ហើយ ក៏​ទំលាយ​ស្រោម​ចេញ​ទៅ​មើល​ដែរ ហើយ​ស្រូត​រូត​ឱ្យ​លឿន​ទៅ​ដល់​ទីនោះ​មុន​នាង​ពៅ។ ដល់​ហើយ​ក៏​ចូល​ទៅ​លេង​ភ្លេង​ជាមួយ​គេ ចេះ​បទ​បែប​ភ្លេង​យ៉ាង​ជំនាញ​ដូច​ពួក​គេ​នោះ​ដែរ។
លុះ​ដល់​ពេល​ហើយ ដីង​ថា​ពួក​អ្នក​ស្រុក និង​នាង​ពៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ឈប់​ភ្លាម​ហើយ​ប្រញាប់​ភៀស​ខ្លួន​រូត​ដំណើរ​ទៅ​ដល់​ផ្ទះ ចៅ​ជ្រូក​ចាប់​សួរ​ទៅ​ភ​រិយា​ថា “អូន​ទៅ​មើល​របាំ​គេ​នោះ ល្អ​មើល​ទេ គេ​លេង​ដូច​ម្តេច​ខ្លះ?
នាង​ពៅ​ក៏​រ៉ាយ​រ៉ាប់​ប្រាប់​សព្វ​គ្រប់​ហើយ​នាង​ប្រាប់​ថា “មាន​អ្នក​ភ្លេង​ម្នាក់​រូប​រាង​ស្អាត​ល្អ​ណាស់ ច្រៀង​ក៏​ពិរោះ ហើយ​ចេះ​រាំ​ចាក់​ក្បាច់​ក៏​សម អ្នក​មើល​គេ​ចាប់​ចិត្ត​លើ​បុរស​នោះ​គ្រប់ៗ​គ្នា ” ។
ជ្រូក​សួរ​បញ្ជាក់​ថា “អ្នក​នោះ​ស្លៀក​សំពត់​ខៀវ ពាក់​អាវ​ក្រហម​មែន​ឬ​ទេ ?”
ប្រពន្ធ​ឆ្លើយ​ថា “ ហ្នឹង​ហើយ ហេតុ​ម៉េច​បាន​ជា​បង​ដឹង ឬ​ទៅ​មើល​នឹង​គេ​ដែរ​ឬ ? ”
ចៅ​ជ្រូក​នៅ​ស្ងៀម​មិន​ចេញ​ស្តី។ តាម​ពិត​ចៅ​ជ្រូក និង​នាង​ពៅ​ស្រឡាញ់​គ្នា​ស្មោះ​ស្ម័គ្រ ត្រឹម​តែ​សំដី​នឹង​សំដី​ប៉ុណ្ណោះ​ទេ​ ឯ​ខ្លួន​​ប្រាណ​ពុំ​ដែល​បាន​ប៉ះ​គ្នា​ឡើយ។ លុះ​ដល់​ល្ងាច​មួយ​ទៀត អ្នក​ស្រុក​ផ្អើល​អ៊ូអរ​ទៅ​មើល​ភ្លេង​របាំ​នោះ​ទៀត នាង​ភរិយា​ចៅ​ជ្រូក ក៏​សុំ​ប្តី​ទៅ​មើល​ទៀត ចៅ​ជ្រូក​អនុញ្ញាត​ឥត​ថា​អ្វី​ឡើយ រួច​ក្រោយ​មក​ខ្លួន​ឯង​ក៏​លួច​ចេញ​ពី​ស្រោម ហើយ​ទៅ​ចូល​រួម​ក្នុង​វង់​របាំ​នោះ ដូច​កាល​ពី​មុន​ទៀត។ កាល​ណា​ដល់​ពេល​គេ​ឈប់​ភ្លាម ចៅ​ជ្រូក​ម្នី​ម្នា​ចូល​​ស្រោម​ខ្លួន​វិញ ឱ្យ​ទាន់​មុន​ប្រពន្ធ​មក​ដល់​ផ្ទះ លុះ​ប្រពន្ធ​មក​ដល់​ក៏​សួរ​ប្រពន្ធ​ទៀត​ថា ៖
ម៉េច អូន​មើល​ល្ងាច​នេះ ល្អ​មើល​ទៀត​ទេ ?
នាង​ភរិយា​តប​ថា ៖
– ថ្ងៃ​នេះ​ល្អ​ប្លែក​ពី​មុន​ទៅ​ទៀត។
ចៅ​ជ្រូក​សើច​រួច​តប​បែប​ដូច​ព្រងើយ​ទៅ​វិញ​ថា ៖
– អ្នក​ដែល​លេង​ល្អ​ជាង​គេ​នោះ គឺ​បុរស​ស្លៀក​សំពត់​ខៀវ ពាក់​អាវ​ស​មែន​ទេ ?
នាង​នោះ​ឆ្ងល់​ណាស់ ក៏​សួរ​ទៅ​ប្តី ៖
-ចុះ​ម៉េច​ក៏​បង​ដឹង ខ្ញុំ​ឆ្ងល់​ណាស់។
ពេល​ល្ងាច​ថ្ងៃទី​៣ នាង​ពៅ​សុំ​ស្វាមី​ទៅ​មើល​ទៀត ស្វាមី​ក៏​អនុញ្ញាត​ដូច​ពី​យប់​មុន។ ក្រោយ​ដែល​ដឹង​ថា ប្រពន្ធ​ទៅ​ផុត​ហើយ ចៅ​ជ្រូក​ក៏​ប្រញាប់​ចេញ​ពី​ស្រោម​ប្រុង​នឹង​ទៅ​លេង​ភ្លេង​ជាមូយ​គេ​ទៀត។ ចំណែក​នាង​ភរិយា នាង​មិន​ទៅ​រហូត​ទេ ព្រោះ​នៅ​សង្ស័យ​ចំពោះ​ប្តី​នេះ​ណាស់ នាង​ទៅ​បាន​តែ​បន្តិច​ក៏​វិល​មក​លប​ចាំ​ឃ្លាំ​មើល​ប្តី ស្រាប់​តែ​ឃើញ​ប្តី​ចេញ​ពី​ស្រោម ហើយ​មាន​រូប​ឆោម​ល្អ​ប្រិម​ប្រិយ គឺ​រូប​បុរស​លេង​របាំ​ដែល​នាង​សរសើរ​ថា​ល្អ​នោះ។ នាង​ស្ទុះ​ប្រញាប់​ទៅ​ចាប់​ឃាត់​ប្តី​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ស្រោម​វិញ​ឡើយ ហើយ​នាង​អង្វរ​ប្តី​កុំ​ឱ្យ​​ចូល​ទៅ​ក្នុង​ស្រោម​វិញ។ ប្តី​ក៏​ព្រម​តាម ពាក្យ​អង្វរ​របស់​ភរិយា តែ​សុំ​ឱ្យ​នាង​នោះ​រក្សា​ទុក​ស្រោម​នោះ​ឱ្យ​ស្រួល​បួល។ នាង​ពៅ​ក៏​យក​ស្រោម​នោះ​ទុក​ដាក់​នៅ​កន្លែង​សម​រម្យ​តាម​បង្គាប់​ប្តី ហើយ​ក៏​នៅ​សុខ​សាន្ត​ជាមួយ​គ្នា​រៀង​រហួ​ត​មក។
ពេល​មួយ​នៅ​ប្រទេស​នោះ​ឥត​មាន​ស្តេច ពួក​សេនា​សេវកា​មាត្រ ក៏​នាំ​គ្នា​ធ្វើ​ពិធី​ផ្សង​រក​អ្នក​មាន​បុណ្យ ដើម្បី​ឡើង​គ្រង​រាជ្យ។ តែ​ពេល​នោះ​រឿង​អស្ចារ្យ​របស់​ចៅ​ជ្រូក ឮ​រន្ទឺ​សុះ​សាយ​ទៅ​គ្រប់​ទិស​ទី ពពួក​សេវ​កា​មាត្រ​ក៏​បាន​ទៅ​អញ្ជើញ​បុរស​អស្ចារ្យ​នេះ ឱ្យ​ឡើង​គ្រង​រាជ្យ​គ្រប់​គ្រង​ប្រទេស​តទៅ។
លុះ​បាន​ឡើង​គ្រង​រាជ្យ​ហើយ ប្រមាណ​ជា​កន្លះ​ខែ ព្រះ​ចៅ​ឡើង​គ្រង​រាជ្យ​ថ្មី​នេះ នាំ​មហេសី​ទៅ​រក​ផ្ទះ​កុដុម៉្ពីក៍​ជា​ឪពុក​ម្តាយ។ កុដុម្ពីក៍​រំភើប​ស្លុត​ក្នុង​ចិត្ត ហើយ​តាំង​រៀប​ចំ​កន្លែង​ទទួល​ព្រះ​រាជា ស្តេច​សួរ​អំពី​ដំណើរ​ដើម​មាន​កូន​ប្រុស​ស្រី​ប៉ុន្មាន​នាក់។ សេដ្ឋី​ក្រាប​ទូល​ថា “ ខ្ញុំ​ព្រះ​អង្គ​មាន​តែ​កូន​ប្រុស​មួយ​នាក់ ហើយ​ជា​ជ្រូក​ផង តែ​ចេះ​និយាយ​ភាសា​មនុស្ស​ច្បាស់​លាស់​ណាស់។ ពេល​មួយ​កូន​នោះ​ទារ​រក​ដណ្តឹង​ប្រពន្ធ លុះ​ខ្ញុំ​ព្រះ​អង្គ​ប្រាប់​ថា​រក​មិន​បាន កូន​នោះ​ក៏​ស្រាប់​តែ​ដើរ​បាត់​រហូត​មិន​ដឹង​ជា​ទៅ​ណា​មក​ណា​យូរ​មក​ហើយ ”។
ស្តេច​ជ្រាប​ពត៌មាន​នេះ​ហើយ ក៏​ត្រាស់​អំពី​រឿង​ពិត​ឱ្យ​កុដុម្ពីក៍​ដឹង​សព្វ​គ្រប់។ កុដុម្ពីក៍​ត្រេក​អរ​ណាស់ ក៏​នាំ​គ្នា​ឱប​ព្រះ​រាជា​សរសើរ​បុណ្យ​បារមី។ ព្រះ​រាជា​ក៏​ត្រាស់​បញ្ជា​ឱ្យ​កុដុម្ពីក៍​នាំ​ភរិយា​ស្វាមី​ទៅ​រស់​នៅ​ឯ​ រាជ​វាំង​ដែរ។
ឯ​យាយ​ចាស់ ជា​ម្តាយ​នាង​ពៅ​វិញ​ក៏​ព្រះ​អង្គ​អនុញ្ញាត​ឱ្យ​ម​ក​នៅ​ក្នុង​រាជ​វាំង​ដែរ។
ពិត​មែន​តែ​ព្រះអង្គ​មាន​រូប​កាយ​ជា​មនុស្ស​ពេញ​បរិបូណ៍ ប៉ុន្តែ​ទ្រង់​នៅ​តែ​នឹក​សណ្តោស​ដល់​សត្វ​ជ្រូក ព្រោះ​តែ​ពី​ពេល​មុន​មក​ធ្លាប់​រស់​នៅ​ជា​សត្វ​នេះ ក៏​ព្រះអង្គ​ត្រាស់​បញ្ជា​ឱ្យ​ក្រុម​ហោរា យក​នាម​សត្វ​ជ្រូក​ទៅ​ដាក់​ឈ្មោះ​ឆ្នាំ​មួយ​ជា​ឆ្នាំ​ទី​១២ ឱ្យ​សម្គាល់​ថា ឆ្មាំ​កុរ​នោះ​ជា​នាម​សត្វ​ជ្រូក។
នេះ​ជា​រឿង​ព្រេង​ជ្រូក​បាន​ឡើង​ជា​ឈ្មោះ​ឆ្មាំ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: