រឿងដើមកំណើតអ្នកតា
ខែធ្នូ 21, 2010 បញ្ចេញមតិ
បើតាមរឿងព្រេងនេះ អ្នកតាមានដើមកំណើតនៅប្រទេសចិន មុនប្រទេសនានាទាំងអស់លើទ្វីប ។
រឿងដើមមានដូចតទៅ ៖
ក្នុងសម័យព្រេងនាយ មានបុរសជាអ្នកទីទ័លក្រពីរនាក់គឺៈ ឪពុក និងកូនប្រុសពេញកំលោះអាស្រ័យនៅក្នុងភូមិនិគមដ៏តូចមួយ តាំងនៅដាច់ស្រយាលពីរាជធានី។ នៅនាវស្សានរដូវ បុរសឪពុកមានជំងឺយ៉ាងទម្ងន់ ក៏ទទួលអនិច្ចកម្មទៅ ទុកកូននៅកំព្រាម្នាក់ឯង។ កូននោះគិតថា ៖ អញមិនគួរយកខ្មោចឪពុកទៅបញ្ចុះជិតម៉ុងអ្នកមានធនធានទេ ត្រូវតែយកទៅបញ្ចុះឱ្យឆ្ងាយពីគេ ព្រោះខ្លួនជាអ្នកទ័លក្រ គិតហើយទើបយកសពឪពុកទៅបញ្ចុះក្បែរជើងភ្នំមួយឆ្ងាយ។ លុះបញ្ចុះរួចហើយ ក៏លាខ្មោចឪពុកវិលមកប្រកបអាជីវកម្មតាមធម្មតាវិញ។ ដោយសេចក្តីអាល័យឪពុកខ្លាំងពេក បុរសកំសត់មិនអាចបំភ្លេចចោលម៉ុងឪពុកបាន តែងយកនំចំណីទៅសែនជូនជាញឹកញាប់។ គាប់ជួនថ្ងៃមួយ មានភ្លៀងបង្អុរចុះជាប់មិនដាច់គ្រាប់សោះ ចៅកំសត់ ក៏ស៊ូទ្រាំអត់បាយអត់ទឹក ដេកនៅជិតម៉ុងឪពុក មិនព្រមត្រឡប់ទៅលំនៅវិញ ។
ក្នុងរាត្រីដ៏ស្ងប់ស្ងាត់នោះ ពេលដែលចៅកំសត់កំពុងនិន្ទ្រាលក់ស្កប់ស្កល់ ព្រលឹងខ្មោចឪពុកបានមកពន្យល់សប្តិនិយាយនឹងកូន ៖ “នែកូន ! កូនឪពុក ! ….ម្តេចក៏កូននៅតែតស៊ូប្តូរនឹងឪពុកដែលចែកឋានទៅហើយ ?
តើសព្វថ្ងៃនេះ កូនមានគោលបំណងយ៉ាងណាខ្លះ? ” ព្រលឹងកូនក៏ឆ្លើយទៅវិញថា “កូនគ្មានប្រាថ្នាអ្វីទេលោកឪពុក” លុះព្រលឹងឪពុកសួរបញ្ជាក់បី-បួនលើក ទើបព្រលឹងកូនឆ្លើយតបទៅវិញថា “ក្នុងជាតិនេះកូនប្រាថ្នា ចង់តែឱ្យបានជាធំជាងគេទាំងអស់ សូម្បីតែស្តេចឱ្យតែឃើញ គឺត្រូវតែសំពះរូបកូន“ ។ ព្រលឹងខ្មោចឪពុក បានប្រាប់ទៅព្រលឹងកូនវិញថា ៖ “ បំណងកូនឯងនេះ នឹងបានសម្រេចពិត។ ថ្ងៃស្អែកនេះ កូនត្រូវក្រោកពីព្រលឹម ដើរចេញពីទីនេះទៅតាមផ្លូវខាងជើងភ្នំ កាលណាឃើញភ្នំបីជាប់គ្នារដឹក កូនត្រូវខំត្រាច់ឱ្យហួសទៅទៀត នុះកូននឹងឃើញផ្លូវលំមួយ នៅដើមផ្លូវនោះមានឈើបីដើមធំៗ ហើយខ្ពស់ៗផុតឈើដទៃផង ។
នៅក្រោមព្រឹក្សានោះ មានថ្មមួយផ្ទាំងខ្ពស់ភ្លឺរលោង ស្ថិតនៅខាងមុខថ្មទាំងពួងដ៏មានវល្លិដុះព័ទ្ធ ដូចក្បាច់រចនា នុះគឺជាសិលាពិសិដ្ឋសម្រាប់អ្នកមានបុណ្យ កាលបើបានទៅដល់ហើយ ចូរកូនឡើងអង្គុយលើថ្មនោះទៅ….ចូរកូនធ្វើតាមបណ្តាំឪពុកនេះកុំ ខាន…..ឪពុកលាកូនហើយ ….” ។
លុះព្រឹកឡើង បុរសកំសត់ភ្ញាក់ពីដំណេក មានអាការញ័រអស់អង្គប្រាណ ជឿស៊ប់ក្នុងការយល់សប្តិនោះ ប៉ុន្តែមិនទាន់យល់ការណ៏អាថ៌កំបាំងនៃសុបិន្តនៅឡើយទេ ក៏សំពះលាម៉ុងខ្មោចឪពុកដើរចេញទៅដោយសង្ឃឹមថា បើបានសម្រេចដូចបំណងមែន នឹងវិលត្រឡប់មកធ្វើកិច្ចវត្តតាមធម្មតាវិញ ។
បុរសកំលោះខំស្រូតកាត់ព្រៃលេចវាល ផុតវាលចូលព្រៃ អស់វេលា៧យប់ ៧ថ្ងៃ ទើបបានឃើញឈើធំខ្ពស់ៗ និងថ្មពិសិដ្ឋ ទំនងដូចពាក្យខ្មោចឪពុកបានផ្តាំមែន ក៏ឡើងទៅអង្គុយលើថ្មនោះតាមបណ្តាំឪពុក។ ខណៈ នោះរាងកាយបុរសកំលោះក៏ប្រែក្លាយមួយរំពេច ទៅជាសិលារឹងកក្រោះគ្មានវិញ្ញាណ ។
ចាប់តាំងពីពេលនោះមក អ្នកតាកំលោះតែងបានទទួលនូវលាភសក្ការៈ និងវន្ទនាការអំពីជនានុជនគ្រប់ជាន់ថ្នាក់មែន។ ការសែនព្រេនបន់ស្រន់ ក៏មានចាប់តាំងពីពេលនោះរហូតមក ឯអ្នកតាសោតក៏ទើបតែនឹងមានរូបមួយប៉ុណ្ណោះ។ តាមយោបល់ថា់ ដើមឡើយអ្នកតាកំលោះនេះមិនមែនមានបំណងធ្វើជាអ្នកតាទេ គឺគ្នាប្រាថ្នាតែបានបហេក្ខភាព និងឥស្សរភាពទេតើ ? ) ។
ថ្ងៃក្រោយមក គហបតីនៅជនបទនោះ បានរៀបចំជាក្បួនយ៉ាងឧឡារិក និងនាំកូនស្រីទៅកាន់ត្រកូលខាងប្តី ដើម្បីរៀបអាពាហ៏ពិពាហ៏ ក៏ធ្វើដំណើរតាមផ្លូវនោះដោយពុំបានដឹងថាមានអ្នកតា។ លុះមកដល់មុខអ្នកតាកំលោះ លោកតាបានឃើញរូបនាងស្រីនោះ មានសេចក្តីប្រតិព័ទ្ធស្នេហា ក៏ឆក់យកមកដាក់លើថ្មមួយដុំជិតខ្លួន នាងក្រមុំក៏ប្រែកាយក្លាយខ្លួនជាថ្មដែរ រកផ្លូវកែមិនបាន ដោយមហិទ្ធិប្ញទ្ធិរបស់អ្នកតាកំលោះ ។
ចំណែកគហបតិឪពុក ក៏បន់ស្រន់អ្នកតាអស់ពេលដ៏យូរ ដើម្បីឱ្យកូនមានរូបរាងជាមនុស្សវិញ តែជាការឥតប្រយោជន៏សោះ។ គហបតីមានសេចក្តីក្តៅក្រហាយ ព្រមជាមួយនឹងទុក្ខសោកជាខ្លាំង រកអ្វីប្រៀបពុំបានឡើយ គាត់ក៏តាំងចិត្តចងពៀរនឹងអ្នកតានោះវិញ។ តមកគហបតីធ្លាក់ខ្លួនមានជំងឺយ៉ាងធ្ងន់ ដោយរោគក្អកធ្លាក់ឈាម ពេទ្យហ្មមិនអាចមើលជាឡើយ។ មុននិងធ្វើមរណកាលទៅ គាត់បានផ្តាំប្រពន្ធថា កាលណាគាត់ស្លាប់ទៅ ត្រូវយកធ្យូង៤ដុំ ដាក់ក្នុងក្តារមឈូសគ្រប់ជ្រុងទាំងបួនឱ្យគាត់កុំខាន ។ ដោយគាត់មាន បំណងនឹងយកទៅដុតទីកន្លែងអ្នកតាឱ្យឆេះគ្រប់ទាំងបួនទិស សងគំនុំចិត្តរបស់គាត់វិញ ។ ប្រពន្ធទទួលធ្វើតាមបណ្តាំប្តីទាំងអស់។
ថ្លែងពីអ្នកតាកំលោះ កាលបើបានដឹងរឿងថា ខ្មោចគហបតីបម្រុងដុតខ្ទមដូច្នោះ ក៏និមិត្មខ្លួនជាមនុស្សចាស់ម្នាក់ ទៅនិយាយពន្យល់ប្រពន្ធគហបតីថា ៖ “លោកស្រី ! លោកស្រីមិនត្រូវចេះតែធ្វើតាមបណ្តាំប្តី នាំឱ្យខុសទំនៀមទម្លាប់យ៉ាងនេះសោះ មិនដែលមាននរណាយកធ្យូងទៅដាក់ក្នុងមឈូសដាក់សពប្តី ដូចលោកស្រីទេ ” ។
ដោយសារពាក្យណែនាំនេះ ស្រីមេម៉ាយក៏ព្រមបន្ថយដកយកធ្យូងបីដុំចេញទុកឱ្យនៅសល់តែ១ ដុំ ព្រោះមុនពេលស្លាប់ប្តីបានផ្តាំយ៉ាងម៉ឺងម៉ាត់ណាស់ ។
រីឯខ្មោចគហបតីវិញ បានយកធ្យូង១ដុំតូចនេះ ទៅដុតខ្ទមអ្នកតា១ជ្រុងឆេះហុយទ្រលោមដូចបំណង ។
គតិក្នុងរឿងព្រេងនេះ ៖ ព្រោះហេតុនោះហើយ ទើបចិនតែងដំណាលប្រាប់កូនចៅរហូតមកដល់សព្វថ្ងៃនេះថាៈ ខ្ទមអ្នកតាចិន តែងស្រុត១ជ្រុងជាដរាប ទោះបីស្ថាបនាដោយអ្វីក៏ដោយ ដូចមានន័យក្នុងរឿងខាងលើនេះស្រាប់ គឺដោយខ្មោចគហបតីនោះដុត ។
ពេលចូលរួបអ្នកតាចិនតែងជិះកៀវ នេះជាតំណាងដុំថ្មដែលគាត់ទ្បើងទៅអង្គុយ ហើយក្លាយរូបរាងទៅជាអ្នកតាថ្ម ឯអ្នកតាខ្មែរយើងក៏មានឥរិយាបថប្រហែលនឹងអ្នកតាចិនដែរ ប្រហែលជាក្លាយមកពីចិនទេដឹង ជំនឿនេះ ?
ទោះបីមានការប្រញាប់យ៉ាងណាក្តី អ្នកតាចិនតែងតែប្រាប់អ្នកដែលមករកមើលជតារាសីថា ៖ “ចាំទៅសួរ អ្នកតាធំសិន” គឺប្រហែលជាចាំទៅសួរខ្មោចឪពុកទេដឹង? ព្រោះឪពុកគាត់បានឱ្យឥស្សរភាពនេះមកគាត់ ។ ឯអ្នកតាធំមិនដឹងជានៅឯណាទេ ។
ចិនកាន់ទំនៀមមួយជាប់រហូតមកដល់សព្វថ្ងៃ គឺមុនរៀបមង្គលការកូនប្រុសស្រី សាម៉ីខ្លួនត្រូវតែទៅប៉ាយអ្នកតាជាមុនសិន ដើម្បីថ្លែងសេចក្តីគោរពចំពោះអ្នកតា តែសេចក្តីក្នុងរឿងនេះ ដែលកូនស្រីគហបតីក្លាយទៅជាថ្ម ដោយសារតែអ្នកតាស្រឡាញ់ទេ មិនមែនខ្វះការគោរពចំពោះអ្នកតាទេ ។
ចិនគ្រប់ឋានៈ តែងកោតខ្លាចគោរពអ្នកតា មានចិននៅត្រង់ណា មានអ្នកតានៅត្រង់នោះ។ ម៉្យាងទៀត អ្នកតានេះហើយដែលជាសរណះមួយយ៉ាងខ្ពង់ខ្ពស់របស់ជាតិចិន ។
សេចក្តីសន្និដ្ឋាន ៖ បើយើងពិនិត្យតាមរឿងព្រេងនេះ អ្នកតាមានដើមកំណើតនៅប្រទេសចិន ហើយហូរហៀរចូលមកប្រទេសខ្មែរយើង ដោយសារមានជនជាតិចិនចូលមករកស៊ីនៅប្រទេសយើងច្រើន ទាំងទឹកដីស្រុកគេ ក៏កើតមុនស្រុកយើងច្រើនសតវត្សមកហើយដែរ។ ខ្មែរយើងច្រើនបញ្ជាន់រូបមេមត់ ខ្មោច បិសាច ព្រក្ស អារក្ស ការបញ្ជូលរូបអ្នកតានេះធ្វើតាមជាតិចិនទេដឹង? ព្រោះអារ្យធម៌ខ្មែរ និងចិន មានការជាប់ទាក់ទងគ្នាយូរយារណាស់មកហើយ ។ ឯព្រហ្មញ្ញសាសនាវិញ ដែលចូលមកប្រទេសយើង មានតែការបន់ស្រន់ បួងសួង ច្រៀងរាំបូជាលាបំណន់តែប៉ុណ្ណោះ ដែលក្នុងសម័យព្រះពុទ្ធសាសនាយើងសព្វថ្ងៃនេះ យើងនៅឃើញមានពុទ្ធសាសនិកខ្លះ និយមថ្វាយស្លាធម៌ដូងអង្ស័កកោរសក់ ថ្វាយចំពោះព្រះពុទ្ធរូបជាដើម។
សេចក្តីបញ្ជាក់ដោយឡែក ៖ ទោះបីអ្នកតាខ្មែរក្តីយួនក្តី ចិនតែងគោរពទាំងអស់ ផ្ទុយទៅវិញខ្មែរយើងទេ ដែលមិនសូវគោរពអ្នកតាដែលជាតិចិនកសាង ខ្មែរទុកជាល្បែងមួយសម្រាប់កំសាន្តទៅវិញ ។