អនុ​ក្រឹត្យ​ស្ដី​ពី​ ការ​កំណត់​បែប​បទ និង​នីតិវិធី​នៃ​​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​ពល​រដ្ឋ​ខ្មែរ និង​ជន​បរទេស

– បាន​ឃើញ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

– បាន​ឃើញ​ព្រះ​រាជក្រឹត្យ​លេខ នស/រកត/០៩០៨/១០៥៥ ចុះ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០០៨ ស្ដីពី​ការ​តែងតាំង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

– បាន​ឃើញ​ព្រះរាជក្រម​លេខ ០២ នស ៩៤ ចុះ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៩៤ ដែល​​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី

– បាន​ឃើញ​ព្រះរាជក្រម​លេខ នស/រកម/១២០៧/០៣០ ចុះ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០០៧ ដែល​ប្រកាស​ឱ្យ​ប្រើ​ក្រមរដ្ឋប្បវេណី

– បាន​ឃើញ​ក្រឹត្យ​លេខ ៥៦​ក្រ ចុះ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​១៩៨៩ ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដីពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ

– បាន​ឃើញ​ព្រះរាជក្រម​លេខ នស/រកម/១០៩៦/៣០ ចុះ​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​១៩៩៦ ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដីពី​សញ្ជាតិ

– បាន​ឃើញ​ព្រះរាជក្រម​លេខ ០៥ នស ៩៤ ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​១៩៩៤ ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍

– បាន​ឃើញ​ព្រះរាជក្រម​លេខ នស/រកម/០២០៨/០០៥ ចុះ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០០៨ ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ

– បាន​ឃើញ​ព្រះរាជក្រម​លេខ នស/រកម/១០០៦/០២៦ ចុះ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០០៦ ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដីពី​ឯកពន្ធភាព

– បាន​ឃើញ​ព្រះរាជក្រម​លេខ នស/រកម/០១៩៦/០៥ ចុះ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​១៩៩៦ ដែល​​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដី​ពី​ការ​បង្កើត​ក្រសួង​មហាផ្ទៃ

– បាន​ឃើញ​ព្រះរាជក្រម​លេខ នស/រកម/០១៩៦/១០ ចុះ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​១៩៩៦ ដែល​​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដីពី​ការ​បង្កើត​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ

– បាន​ឃើញ​អនុក្រឹត្យ​លេខ ១០៣ អនក្រ.បក ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០០០ ស្ដី​ពី​អត្រានុកូលដ្ឋាន

– តាម​ការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល

 

សម្រេច
ជំពូក​ទី ១
បទប្បញ្ញត្តិ​ទូទៅ

មាត្រា ១.-

អនុក្រឹត្យ​នេះ​មាន​គោលដៅ​កំណត់​អំពី​បែបបទ និង​នីតិវិធី​នៃ​ការ​រៀបអាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រវាង​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស។

មាត្រា ២.-

ការ​រៀបអាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ត្រូវ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង​ឆន្ទៈ​ផ្ទាល់​របស់​សាមី​ខ្លួន និង​ត្រូវ​អនុវត្ត​តាម​ល័ក្ខខ័ណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា ៣.-

ត្រូវ​បាន​ហាមឃាត់​ដាច់ខាត​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​ធ្វើ​ឡើង​តាម​រយៈ​ភ្នាក់ងារ​រើស​គូស្រករ ឈ្មួញ​កណ្ដាល ឬ​ក្រុមហ៊ុន​អាជីវកម្ម។

មាត្រា ៤.-

ត្រូវ​បាន​ហាមឃាត់​ដាច់ខាត​ចំពោះ​អាពាហ៍ពិពាហ៍​ក្លែងក្លាយ បោកបញ្ឆោត ក្នុង​គោលបំណង​កេង​ប្រវ័ញ្ច​ពលកម្ម ជួញដូរ​មនុស្ស ឬ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

ជំពូក​ទី ២
បែបបទ និង​នីតិវិធី​នៃ​ការ​រៀបអាពាហ៍ពិពាហ៍
រវាង​ពលរដ្ឋ​ខ្មែរ​​និង​ជនបរទេស

មាត្រា ៥.-

ជនបរទេស​ដែល​មាន​បំណង​រៀបអាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​ខ្មែរ ចាំបាច់​ត្រូវ​មាន​វត្តមាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​បំពេញ​បែបបទ និង​នីតិវិធី​នៃ​ការ​រៀបអាពាហ៍ពិពាហ៍។

មាត្រា ៦.-

ដើម្បី​រៀបអាពាហ៍ពិពាហ៍​បាន​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ សាមីខ្លួន​ជនបរទេស​ត្រូវ​បំពេញ​បែបបទ​ទៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ភ្ជាប់​នូវ​សំណុំ​ឯកសារ​ដូច​ខាងក្រោម:

– ពាក្យ​សុំ​រៀបអាពាហ៍ពិពាហ៍

– ឯកសារ​ថតចម្លង​នៃ លិខិត​ឆ្លងដែន​របស់​សាមីខ្លួន​ជនបរទេស​មាន​ទិដ្ឋាការ​ចូល​ប្រទេស​កម្ពុជា ដែល​នៅ​មាន​សុពលភាព

– លិខិត​បញ្ជាក់​ពី​ភាព​នៅ​លីវ ឬ​ពោះម៉ាយ ឬ​មេម៉ាយ​ ចេញ​ដោយ​សមត្ថកិច្ច​នៃ​ប្រទេស​របស់​សាមីខ្លួន​ជនបរទេស

– លិខិត​បញ្ជាក់​សុខភាព​ចេញ​ដោយ​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

– លិខិត​ថ្កោលទោស​ចេញ​ដោយ​សមត្ថកិច្ច​នៃ​ប្រទេស​សាមី​ខ្លួន​ជនបរទេស

– លិខិត​បញ្ជាក់​អំពី​មុខរបរ​ពិតប្រាកដ​របស់​សាមីខ្លួន​ជនបរទេស​ដែល​ធានា​ដល់​ ជីវភាព​រស់នៅ​ចេញ​ដោយ​សមត្ថកិច្ច​នៃ​ប្រទេស​របស់​សាមីខ្លួន​ជនបរទេស។

ឯកសារ​ថតចម្លង​នៃ​លិខិត​ឆ្លងដែន និង​លិខិត​បញ្ជាក់​ភាព​នៅ​លីវ ឬ​ពោះម៉ាយ ឬ​មេម៉ាយ ត្រូវ​មាន​បញ្ជាក់​នីត្យានុកូលភាព​ពី​ស្ថានទូត ឬ​ស្ថាន​តំណាង​នៃ​ប្រទេស​របស់​សាមីខ្លួន​ជនបរទេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា ៧.-

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ភារកិច្ច​ ពិនិត្យ និង​ផ្ដល់​យោបល់​លើ​សំណុំ​ឯកសារ​របស់​ជនបរទេស​ដែល​សុំ​រៀបការ​អាពាហ៍ពិពាហ៍​ ជាមួយ​ពលរដ្ឋ​ខ្មែរ និង​ត្រូវ​ជូនដំណឹង​ទៅ​សាមីខ្លួន​ជនបរទេស​វិញ ក្នុង​រយៈពេល​យ៉ាង​យូរ​០៥​ថ្ងៃ​ការងារ។ ក្រោយ​ពី​បាន​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​សំណុំ​ឯកសារ​របស់​ជនបរទេស​ហើយ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវ​បញ្ជូន​សំណុំ​ឯកសារ​ទាំង​នោះ​ទៅ​ក្រសួង​មហា​ផ្ទៃ និង​ជូន​ពត៌មាន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ។

មាត្រា ៨.-

បន្ទាប់​ពី​ទទួល​សំណុំ​ឯកសារ​រៀប​អាពាហ៍ពិពាហ៍​របស់​ជនបរទេស​ពី​ក្រសួង​ ការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តជាតិ ក្រសួងមហាផ្ទៃ​មាន​ភារកិច្ច:

– ចុះ​បញ្ជី​សំណុំ​ឯកសារ​របស់​ជនបរទេស​នោះ និង​ត្រូវ​ជូន​ណឹង​ទៅ​សាមី​ខ្លួន​ជនបរទេស​វិញ ក្នុង​រយៈពេល​យ៉ាង​យូរ​ ០៥​ថ្ងៃ​ការងារ។

– ជូន​ដំណឹង​អំពី​ការ​សុំ​រៀប​អាពាហ៍ពិពាហ៍​ទៅ​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ សង្កាត់​នៃ​លំនៅដ្ឋាន​អចិន្ត្រៃយ៍​របស់​សាមី​ខ្លួន​ពលរដ្ឋ​ខ្មែរ។

-ពិនិត្យ​នីត្យានុកូលភាព​លើ​សំណុំ​ឯកសារ​ដែល​ចេញ​ដោយ​មន្ត្រី​ អត្រានុកូលដ្ឋាន​ឃុំ សង្កាត់​នៃ​លំនៅដ្ឋាន​អចិន្ត្រៃយ៍​របស់​សាមី​ខ្លួន​ពលរដ្ឋ​ខ្មែរ។

មាត្រា ៩.-

សាមីខ្លួន​ជនបរទេស ​បន្ទាប់​ពី​បាន​ទទួល​ការ​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​សំណុំ​ឯកសារ និង​បាន​ចុះបញ្ជី​សំណុំ​ឯកសារ​សុំ​រៀបអាពាហ៍ពិពាហ៍​រួច​ហើយ ត្រូវ​ដាក់​ពាក្យ​សុំ​រៀបអាពាហ៍ពិពាហ៍​ទៅ​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ សង្កាត់​នៃ​លំនៅដ្ឋាន​អចិន្ត្រៃយ៍​របស់​សាមីខ្លួន​ពលរដ្ឋ​ខ្មែរ។

ចំពោះ​សាមីខ្លួន​ពលរដ្ឋ​ខ្មែរ​ ដែល​ត្រូវ​រៀបអាពាហ៍ពិពាហ៍​ជាមួយ​ជន​បរទេស​នោះ ក៏​ត្រូវ​ដាក់ពាក្យ​សុំ​រៀប​អាពាហ៍ពិពាហ៍​ទៅ​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ សង្កាត់​នៃ​លំនៅដ្ឋាន​អចិន្ត្រយ៍​ដែល​​ខ្លួន​រស់នៅ​ដោយ​មាន​ភ្ជាប់​នូវ​ សំណុំ​ឯកសារ​ដូច​ខាងក្រោម:

– ពាក្យ​សុំ​រៀបអាពាហ៍ពិពាហ៍

– សេចក្ដី​ចម្លង​សំបុត្រ​កំណើត ឬ​សេចក្ដី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត​របស់​សាមីខ្លួន​ពលរដ្ឋ​ខ្មែរ

– លិខិត​បញ្ជាក់​ភាព​នៅ​លីវ ឬ​ពោះម៉ាយ ឬ​មេម៉ាយ ចេញ​ដោយ​មេឃុំ ឬ​ចៅសង្កាត់ នៃ​លំនៅដ្ឋាន​អចិន្ត្រៃយ៍​របស់​សាមី​ខ្លួន​​ពលរដ្ឋ​ខ្មែរ

– លិខិត​បញ្ជាក់​សុខភាព​ចេញ​ដោយ​មន្ទីរពេទ្យ ដែល​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ពាក្យ​សុំ​រៀប​អាពាហ៍ពិពាហ៍ និង​សំណុំ​ឯកសារ​សាមីខ្លួន​ជា​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ត្រូវ​ដាក់​ស្រប​ពេល​ជាមួយ​គ្នា ទៅ​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ សង្កាត់​នៃ​លំនៅដ្ឋាន​អចិន្ត្រៃយ៍​របស់​សាមីខ្លួន​ពលរដ្ឋ​ខ្មែរ​ដោយ​អនុវត្ត ​តាម​ទម្រង់​បែបបទ និង​នីតិវិធី​នៃ​ការងារ​អត្រានុកូលដ្ឋាន។

មាត្រា ១០.-

មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ សង្កាត់​មាន​ភារកិច្ច ពិនិត្យ និង​សំរេច​លើ​ពាក្យ​ស្នើ​សុំ​រៀប អាពាហ៍ពិពាហ៍​របស់​សាមីខ្លួន​បុរស និង​នារី ក្នុង​រយៈពេល​យ៉ាង​យូរ ០៣​ថ្ងៃ​ការងារ បន្ទាប់​ពី​បាន​ទទួល​ពាក្យ​សុំ​រៀបអាពាហ៍ពិពាហ៍ និង​សំណុំ​ឯកសារ​ភ្ជាប់។

បន្ទាប់ពី​ពិនិត្យ​ពាក្យ​សុំ និង​សំណុំ​ឯកសារ​ភ្ជាប់​របស់​សាមីខ្លួន​បុរស និងនារី បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​រួចហើយ មន្ត្រី​អត្រានុកូលដ្ឋាន​ត្រូវ​រៀបចំ​ប័ណ្ណ​ប្រកាស​អាពាហ៍ពិពាហ៍ ដោយ​មាន​វត្តមាន​ផ្ទាល់​របស់​សាមីខ្លួន​បុរស និង​នារី​ ចំពោះ​មុខ​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ សង្កាត់ នៃ​លំនៅដ្ឋាន​អចិន្ត្រៃយ៍​របស់​សាមីខ្លួន​ពលរដ្ឋ​ខ្មែរ។

ប័ណ្ណ​ប្រកាស​អាពាហ៍ពិពាហ៍​នេះ​ត្រូវ​បិទផ្សាយ​រយៈពេល​១០​ថ្ងៃ នៅ​ស្ថានទូត ឬ​ស្ថាន​តំណាង​នៃ​ប្រទេស​សាមីខ្លួន​ជនបរទេស​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ កម្ពុជា នៅ​លំនៅដ្ឋាន​អចិន្ត្រៃយ៍​ និង​នៅ​សាលាឃុំ​ សង្កាត់ នៃ​សាមីខ្លួន​ពលរដ្ឋ​ខ្មែរ ស្របតាម​ការ​កំណត់​ក្នុង​បែបបទ និង​នីតិវិធី​នៃ​ការងារ​អត្រានុកូលដ្ឋាន។ ផុត​រយៈពេល​១០​ថ្ងៃ ប្រសិន​គ្មាន​ការ​ប្ដឹង​តវ៉ា​ឬ​ប្ដឹង​ជំទាស់​នឹង​អាពាហ៍ពិពាហ៍​នោះ ទើប​សាមីខ្លួន​បុរស និង​នារី​អាច​រៀបអាពាហ៍ពិពាហ៍​បាន។

មាត្រា ១១.-

អាពាហ៍ពិពាហ៍​នឹង​មាន​អនុភាព​ពេញលក្ខណៈ​ច្បាប់​បាន​លុះត្រាតែ​សាមីខ្លួន​ បុរស និង​នារី ចុះ​កិច្ចសន្យា​អាពាហ៍ពិពាហ៍​តាម​រយៈ​ការ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ដោយ​ សាមីខ្លួន​ផ្ទាល់​នៅ​ចំពោះ​មុខ​មន្ត្រី​អត្រានុកូលដ្ឋាន នៃ​ឃុំ​សង្កាត់​ ដែល​សាមីខ្លួន​ទាំង​ពីរ​បាន​ដាក់​ពាក្យ​សុំ​រៀបអាពាហ៍ពិពាហ៍ ដោយ​នាំមក​ជាមួយ​នូវ​សាក្សី​គ្រប់​អាយុ​ការ​ចំនួន ០២​រូប​ផង ស្រប​ទៅ​តាម​ទម្រង់​បែបបទ និង​នីតិវិធី​ការងារ​អត្រានុកូលដ្ឋាន។

មាត្រា ១២.-

ក្រសួងមហាផ្ទៃ​ត្រូវ​ធ្វើ​សេចក្ដី​ណែនាំ​ដល់​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ សង្កាត់ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​អង្គភាព​ក្រោម​ឱវាទ​ដែល​ពាក់ព័ន្ធ​ អំពី​គំរូ​លិខិតស្នាម បែបបទ និង​នីតិវិធី​ជាក់ស្ដែង​បន្ថែម​ទៀត​ទាក់ទង​ការ​សុំ​រៀប​អាពាហ៍ពិពាហ៍​រវាង​ ពលរដ្ឋ​ខ្មែរ និង​ជនបរទេស។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ត្រូវ​ធ្វើ​សេចក្ដី​ណែនាំ​អំពី​គំរូ​ លិខិតស្នាម បែបបទ និង​នីតិវិធី​ជាក់ស្ដែង​បន្ថែម​ទៀត​ទាក់ទង​ការ​សុំ​រៀប​អាពាហ៍ពិពាហ៍​របស់​ ជនបរទេស​ជាមួយ​ពលរដ្ឋ​ខ្មែរ។

ជំពូក​ទី​ ៣
អវសានប្បញ្ញត្តិ


មាត្រា ១៣.-

បទប្បញ្ញត្តិ​ទាំងឡាយ​ណា ដែល​មាន​ខ្លឹមសារ​ផ្ទុយពី​អនុក្រឹត្យ​នេះ​ត្រូវ​ចាត់​ទុក​ជា​និរាករណ៍។

មាត្រា ១៤.-

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រដ្ឋមន្ត្រី រដ្ឋលេខាធិការ​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ទទួល​អនុវត្ត​អនុក្រឹត្យ​នេះ​ចាប់​ពី​ថ្ងៃ​ ចុះហត្ថលេខា​តទៅ។

%d bloggers like this: