ច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារតាមជម្រើសនៃ អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃ ការរើសអើងប្រឆាំងនឹងនារីភេទ
ខែសីហា 26, 2011 បញ្ចេញមតិ
មាត្រា ១.~
អនុម័តយល់ព្រមលើពិធីសារតាមជម្រើសនៃអនុសញ្ញាស្ដីពីការលុប បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ដែលធ្វើនៅទីក្រុងញ៉ូយ៉ក នាថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ១៩៩៩ ហើយដែលមានអត្ថបទទាំងស្រុងភ្ជាប់មកជាមួយនេះ ។
មាត្រា ២.~
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តរាល់នីតិវិធី ដើម្បីអនុវត្តពិធីសារតាមជម្រើសនៃអនុសញ្ញានេះ ។
គោលបំណងនៃការស្នើសុំផ្ដល់សច្ចាប័នលើពិធីសារតាមជម្រើសនេះ គឺ:
១. ដើម្បីបង្កើនការយល់ដឹងអំពីអនុសញ្ញា ស៊ី-ដ ដល់រដ្ឋ ក្រសួង ស្ថាប័ននានា និងបុគ្គលទាំងឡាយ
២. ដើម្បីបង្កើនការយល់ដឹងជាសាធារណៈពីបទដ្ឋានសិទ្ធិមនុស្ស ដែលទាក់ទងនឹងការរើសអើងប្រឆាំងនារីភេទ
៣. ដើម្បីធ្វើឱ្យប្រសើរឡើង និងពង្រឹងយន្តការអនុវត្តន៍សិទ្ធិមនុស្សរបស់នារី ដែលមានស្រាប់
៤. ដើម្បីជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន នៅក្នុងច្បាប់នានាដែលមានការរើសអើង និងនៅក្នុងការអនុវត្តជាក់ស្ដែង
៥. ដើម្បីធ្វើឱ្យប្រសើរឡើងនូវយន្តការនានាដែលមានស្រាប់ ក្នុងការអនុវត្តសិទ្ធិមនុស្សរបស់កម្ពុជាស្របតាមស្មារតីនៃសេចក្ដី ថ្លែងការណ៍ជាសកល ស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា និងសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ។
ពិធីសារនេះចូលជាធរមាននៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០០០ តាមមាត្រា ១៦ នៃពិធីសារនេះ ដែលអនុម័តដោយសេចក្ដីសម្រេចចិត្តលេខ A / 54 / 4 នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី៦ ខែ តុលា ឆ្នាំ ១៩៩៩ និងបើកចំហសម្រាប់ការចុះហត្ថលេខានៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៩៩ ដែលជាទិវាសិទ្ធិមនុស្សចូលជាធរមាននៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០០០ រហូតមកដល់ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០០៧ កន្លងមក មានប្រទេសចំនួន ៩០ ចូលជារដ្ឋភាគី។
ប្រទេសកម្ពុជាបានចុះហត្ថលេខានៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០០១ ដោយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ពិធីសារតាមជម្រើស ជាកូនសន្ធិសញ្ញាដែលទាមទារឱ្យរដ្ឋសភាគឺផ្ដល់សច្ចាប័ន សម្រាប់ការតវ៉ារបស់ស្ត្រីម្នាក់ ឬស្ត្រីជាក្រុម ចំពោះការរំលោភសិទ្ធិមនុស្សលើពួកគេ ទៅគណៈកម្មាធិការទទួលបន្ទុក ស៊ី-ដ នៃអង្គការសហប្រជាជាតិ។
ពិធីសារតាមជម្រើសនៃអនុសញ្ញា ស៊ី-ដ ផ្ដល់នីតិវិធី ២ យ៉ាង គឺ:
១-នីតិវិធីទំនាក់ទំនង (ពាក្យប្ដឹង) នីតិវិធីនេះ ផ្ដល់សិទ្ធិឱ្យស្ត្រីម្នាក់ ឬស្ត្រីជាក្រុម ប្ដឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មាធិការ ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីនឹងស្ត្រី អំពីការរំលោភសិទ្ធិនានា ចែងក្នុងអនុសញ្ញា។
២-នីតិវិធីស៊ើបអង្កេត នីតិវិធីនេះជួយឱ្យគណៈកម្មាធិការដឹកនាំការស៊ើបអង្កេតនានា ចំពោះការរំលោភបំពានសិទ្ធិមនុស្ស របស់ស្ត្រីដែលធ្ងន់ធ្ងរ និងជាប្រព័ន្ធ។
សេចក្ដីផ្ដើមនៃពិធីសារនេះ សង្កត់ធ្ងន់ទៅលើ:
-ធម្មនុញ្ញអង្គការសហប្រជាជាតិអះអាងឡើងវិញ នូវជំនឿលើសិទ្ធិមនុស្សជាមូលដ្ឋាន នៃសេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស និងសិទ្ធិស្មើគ្នារបស់បុរស និងស្ត្រី ដោយគ្មានការបែងចែក រាប់បញ្ចូលទាំងការបែងចែកលើភេទផងដែរ។
-លិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិផ្សេងទៀត ហាមឃាត់ការរើសអើង ឈរលើមូលដ្ឋាននៃភេទ ដែលក្នុងនោះ រដ្ឋសភាគីធានាថ្កោលទោស ចំពោះការរើសអើងប្រឆាំងនារីភេទ រាល់ទម្រង់ទាំងអស់។
-ដើម្បីចាត់ការ ប្រកបដោយប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរំលោភសិទ្ធិ និង សេរីភាពទាំងឡាយ។
ពិធីសារនេះមាន ២១ មាត្រា ដែលមានខ្លឹមសារ ដូចតទៅ:
មាត្រា ១ : ការទទួលស្គាល់សមត្ថកិច្ចរបស់គណៈកម្មាធិការក្នុងការទទួលបណ្ដឹង និងពិចារណា។
មាត្រា ២ : សមាសភាពនៃដើមបណ្ដឹង (បុគ្គលម្នាក់ៗ ឬក្រុមនៃបុគ្គល)។
មាត្រា ៣ : លក្ខណៈនៃការប្ដឹង។
មាត្រា ៤ : ល័ក្ខខ័ណ្ឌនានារបស់គណៈកម្មាធិការ មុននឹងពិនិត្យបណ្ដឹង។
មាត្រា ៥ : ការទំនាក់ទំនងរវាងគណៈកម្មាធិការ និងរដ្ឋភាគីពាក់ព័ន្ធនឹងបណ្ដឹង។
មាត្រា ៦ : នីតិវិធីប្ដឹង នៅពេលគណៈកម្មាធិការបានទទួលបណ្ដឹង។
មាត្រា ៧ : ដំណើរការនៃការពិចារណាលើបណ្ដឹង និងរយៈពេលឆ្លើយតប របស់គណៈកម្មាធិការ និងរដ្ឋភាគី។
មាត្រា ៨ : នីតិវិធីស៊ើបអង្កេតរបស់គណៈកម្មាធិការ និងការចុះអង្កេតជាក់ស្ដែង នៅកន្លែងកើតហេតុ។
មាត្រា ៩ : ការបញ្ជូនព័ត៌មានទាក់ទងនឹងបណ្ដឹង និងការដាក់ចូលក្នុងរបាយការណ៍ជាតិ ដោយរដ្ឋភាគី។
មាត្រា ១០ : ជម្រើសរបស់រដ្ឋភាគី ក្នុងការទទួលយក ឬមិនទទួលយកមាត្រា ៨ និងមាត្រា ៩។
មាត្រា ១១ : វិធានការនានា ដើម្បីធានាដើមបណ្ដឹង ដោយរដ្ឋភាគី។
មាត្រា ១២ : ការបញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់គណៈកម្មាធិការ ស៊ី-ដ។
មាត្រា ១៣ : ការផ្សព្វផ្សាយអនុសញ្ញា និងពិធីសារ។
មាត្រា ១៤ : ការបង្កើតវិធាននីតិវិធីរបស់គណៈកម្មាធិការ។
មាត្រា ១៥ : ការចុះហត្ថលេខា និងផ្ដល់សច្ចាប័ន។
មាត្រា ១៦ : ការចូលជាធរមានរបស់ពិធីសារ។
មាត្រា ១៧ : ការហាមមិនឱ្យដាក់ល័ក្ខខ័ណ្ឌ ប៉ុន្តែអាចប្រកាសបាន ដូចក្នុងមាត្រា ១០។
មាត្រា ១៨ : ការស្នើសុំធ្វើវិសោធនកម្មលើពិធីសារ តាមជម្រើស និងល័ក្ខខ័ណ្ខ។
មាត្រា ១៩ : ការប្រកាសដកខ្លួនចេញ ពីរដ្ឋសភាគីនៃពិធីសារ និងរយៈពេលចូលជាធរមាន។
មាត្រា ២០ : ការជូនដំណឹងនានា របស់អគ្គលេខាធិការ។
មាត្រា ២១ : ភាសាផ្លូវការ និងទីកន្លែងតម្កល់ឯកសារពិធីសារ។
ចំណុចពិសេសនៃពិធីសារ គឺមាត្រា ១០ ដែលចែងថា”ក្នុងករណីដែលរដ្ឋភាគីពុំអាចទទួលយកល័ក្ខខ័ណ្ឌទាំងអស់ បាន រដ្ឋភាគីអាចប្រកាសពុំទទួលស្គាល់សមត្ថកិច្ចនៃគណៈកម្មាធិការ ដូចមានចែងក្នុង មាត្រា ៨ និងមាត្រា ៩ នៃពិធីសារតាមជម្រើស”។
ដោយ ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងអនុសញ្ញានៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹង សិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។ល។ នៅក្នុងមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ដោយ ព្រះរាជាណាចក្រកម្ពុជា ផ្ដល់សច្ចាប័នលើកតិកាសញ្ញា ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ និងកតិកាសញ្ញាស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងសន្ធិសញ្ញាសិទ្ធិមនុស្សនានា ដោយគ្មានល័ក្ខខ័ណ្ឌ
ដោយ ព្រះរាជាណាចក្រកម្ពុជា ផ្ដល់សច្ចាប័នលើអនុសញ្ញា ស៊ី-ដ នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ១៩៩២ ដោយគ្មានល័ក្ខខ័ណ្ឌ
ដោយឈរលើផលប្រយោជន៍ស្ត្រីកម្ពុជាទាំងមូល និងកិត្យានុភាពនៃប្រទេសកម្ពុជា ក្នុងការអនុវត្តសិទ្ធិមនុស្សរបស់ស្ត្រី ពិសេសលើកស្ទួយតម្លៃស្ត្រីខ្មែរ។
សេចក្ដីដូចបានជម្រាបជូនខាងលើនេះ សូមរដ្ឋសភាមេត្តាពិនិត្យ និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើពិធីសារតាមជម្រើស នៃអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទដោយក្ដីអនុគ្រោះ។
ពិធីសារតាមជម្រើសនៃអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើង
ប្រឆាំងនឹងនារី
អនុម័តដោយសេចក្ដីសម្រេចលេខ A/54/4 នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី៦
ខែតុលា ឆ្នាំ១៩៩៩ និងបើកចំហរសំរាប់ការចុះហត្ថលេខានៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៩៩ ដែលជា ទិវាសិទ្ធិមនុស្ស ចូលជាធរមាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០០
រដ្ឋភាគីទាំងឡាយចំពោះពិធីសារបច្ចុប្បន្ន
ដោយកត់សំគាល់ថា ធម្មនុញ្ញអង្គការសហប្រជាជាតិ អះអាងឡើងវិញនូវជំនឿលើសិទ្ធិមនុស្សជាមូលដ្ឋាន សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស និងសិទ្ធិស្មើគ្នារបស់បុរស និងស្ត្រី។
ដោយកត់សំគាល់ផងថា សេចក្ដីប្រកាសជាសកលស្ដីពីសេចក្ដីសម្រេចលេខ 217 A (III) អំពីសិទ្ធិមនុស្ស ចែងច្បាស់ថា មនុស្សជាតិគ្រប់រូប មានសេរីភាព និងភាពស្មើគ្នាពីកំណើតទាក់ទងនឹងសេចក្ដីថ្លៃថ្នូរ និងសិទ្ធិ និងថា បុគ្គលម្នាក់ៗ មានសិទ្ធិ និងសេរីភាពទាំងអស់ ដែលមានចែងក្នុងសេចក្ដីប្រកាស ដោយគ្មានការបែងចែក រាប់បញ្ចូលទាំងការបែងចែកផ្នែកលើភេទផងនេះ។
ដោយចងចាំថា កតិកាសញ្ញាអន្តរជាតិស្ដីពីសេចក្ដីសម្រេចលេខ 2200 A (XXI) ស្ដីពី សិទ្ធិមនុស្ស ឧបសម្ព័ន្ធ និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិផ្សេងទៀត ហាមឃាត់ការរើសអើងដែលមានមូលដ្ឋានលើសិទ្ធិ។
ដោយចងចាំផងដែរថា អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារី ភេទ «អនុសញ្ញា» ដែលក្នុងនោះរដ្ឋភាគី ត្រូវថ្កោលទោសចំពោះការរើសអើងប្រឆាំងនារីភេទគ្រប់ទម្រង់ និងយល់ព្រម អនុវត្តដោយមធ្យោបាយសមស្របគ្រប់បែបយ៉ាង និងដោយគ្មានការយឺតយ៉ាវ នូវគោលនយោបាយនៃការលុបបំបាត់ការរើសអើងប្រឆាំងនារីភេទ។
ដោយអះអាងឡើងវិញ នូវការប្ដេជ្ញាចិត្តរបស់ពួកគេ ក្នុងការធានាថា ស្ត្រីទទួលបានសិទ្ធ និងសេរីភាពជាមូលដ្ឋានទាំងអស់ ដោយពេញលេញ និងដោយស្មើភាពគ្នា និងក្នុងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីរារាំងនូវការរំលោភសិទ្ធ និងសេរីភាពទាំងនេះ។
បានព្រមព្រៀងគ្នាដូចតទៅ:
មាត្រា ១ :
រដ្ឋភាគីចំពោះពិធីសារបច្ចុប្បន្ន ( ” រដ្ឋភាគី ” ) ទទួលស្គាល់នូវសមត្ថកិច្ចរបស់គណៈកម្មាធិការ លុបបំបាត់នូវការរើសអើងប្រឆាំងនារីភេទ ( ” គណៈកម្មាធិការ ” ) ក្នុងការទទួល និងពិចារណាលើពាក្យបណ្ដឹង ដែលត្រូវបានដាក់ជូនស្របតាមមាត្រា ២។
មាត្រា ២ :
ពាក្យបណ្ដឹង អាចដាក់ជូនដោយឬក្នុងនាមបុគ្គលម្នាក់ៗ ឬក្រុមនៃមនុស្សម្នាក់ៗនៅក្រោយយុត្តាធិការរបស់រដ្ឋជាភាគីដែលបាន អះអាងថា ខ្លួនគឺជាជនរងគ្រោះនៃការរំលោភសិទ្ធិណាមួយដែលមាន ចែងនៅក្នុងអនុសញ្ញាដោយរដ្ឋភាគីនោះ។ ប្រសិនបើពាក្យបណ្ដឹង ត្រូវបានដាក់ជូនក្នុងនាមបុគ្គលម្នាក់ៗ ឬក្រុម នៃបុគ្គលម្នាក់ៗ ការធ្វើបែបនេះត្រូវមានការយល់ព្រមពីពួកគេ លុះត្រាតែអ្នកសរសេរសារលិខិតនោះ អាចពន្យល់ហេតុផលអំពីការធ្វើក្នុងនាមជនទាំងនោះ ដោយគ្មានការយល់ព្រមបែបនោះ។
មាត្រា ៣ :
ពាក្យបណ្ដឹង ត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងមិនត្រូវធ្វើជាលក្ខណៈអនាមិកឡើយ។ គណៈកម្មាធិការ មិនទទួលពាក្យបណ្ដឹងឡើយ ប្រសិនបើពាក្យបណ្ដឹងនោះ ពាក់ព័ន្ធនឹងរដ្ឋភាគីមួយ ដែលមិនមែនជាភាគីចំពោះពិធីសារបច្ចុប្បន្នទេនោះ។
មាត្រា ៤ :
១. គណៈកម្មាធិការ មិនពិចារណាលើពាក្យបណ្ដឹងឡើយ ប្រសិនបើខ្លួនយល់ឃើញថា ដំណោះស្រាយទាំងអស់ដែលមាននៅក្នុងប្រទេស មិនទាន់ត្រូវបានប្រើប្រាស់ឱ្យអស់លទ្ធភាពទេនោះ វៀរលែងតែ ការប្រើប្រាស់ដំណោះទាំងនោះ ត្រូវបានអូសបន្លាយដោយមិនសមហេតុផល ឬទំនងជាមិនអាចធ្វើឱ្យមានការធូស្រាល ប្រកបដោយប្រសិទ្ធភាពបាន។
២. គណៈកម្មាធិការ អាចប្រកាសថា ពាក្យបណ្ដឹង មិនអាចទទួលយកបាន ប្រសិនបើ:
(ក) បញ្ហាដដែលនោះ ត្រូវបានពិនិត្យដោយគណៈកម្មាធិការនេះរួចហើយ ឬកំពុងតែត្រូវបានពិនិត្យក្រោមនីតិវិធីនៃការស៊ើបអង្កេត ឬសេចក្ដីសម្រេចអន្តរជាតិមួយផ្សេងទៀត។
(ខ) ពាក្យបណ្ដឹងនោះ មិនសមស្របជាមួយខបញ្ញត្តិនៃអនុសញ្ញា។
(គ) ពាក្យបណ្ដឹងនោះ មិនមានមូលដ្ឋានត្រឹមត្រូវ ឬមិនមានភស្តុតាងគ្រប់គ្រាន់។
(ឃ) ពាក្យបណ្ដឹងនោះ គឺជាការរំលោភបំពានលើសិទ្ធិក្នុងការដាក់ជូនពាក្យបណ្ដឹង។
(ង) ការពិត ដែលជាប្រធានបទនៃពាក្យបណ្ដឹងនោះ បានកើតឡើងមុន ពិធីសារបច្ចុប្បន្នចូលជាធរមានសំរាប់សាម៉ីរដ្ឋភាគី លុះត្រាតែការពិតទាំងនោះ បន្តរហូតដល់ក្រោយកាលបរិច្ឆេទចូលជាធរមានសំរាប់រដ្ឋភាគីនោះ។
មាត្រា ៥ :
១. នៅពេលណាមួយ ក្រោយពីការទទួលបាននូវពាក្យបណ្ដឹង និងមុនពេលឈានដល់ការសម្រេចដោយផ្អែកលើអង្គហេតុ គណៈកម្មាធិការ អាចផ្ញើ សំរាប់ពិនិត្យពិចារណាជាបន្ទាន់ សូវសំណើមួយទៅសាម៉ីរដ្ឋភាគីថា រដ្ឋភាគីនោះត្រូវចាត់វិធានការបណ្ដោះអាសន្ន ជាការចាំបាច់ ដើម្បីចៀសវាងការខូចខាតដែលមិនអាចកែបានចំពោះជនរងគ្រោះ ឬជនរងគ្រោះទាំងឡាយនៃការរំលោភដែលត្រូវបានចោទប្រកាន់នោះ។
២. នៅពេលដែលគណៈកម្មាធិការ អនុវត្តនូវឆន្ទានុសិទ្ធិរបស់ខ្លួន ដូចមានចែងក្នុងកថាខ័ណ្ឌ១នៃមាត្រានេះ ការធ្វើបែបនេះ មិនមែនមានន័យថាជាការសម្រេចលើភាពអាចទទួលយកបាន ឬដោយផ្អែកលើអង្គហេតុនៃពាក្យបណ្ដឹងនោះទេ។
មាត្រា ៦:
១. លុះត្រាតែគណៈកម្មាធិការ ចាត់ទុកថាពាក្យបណ្ដឹងមួយអាចទទួលយកបាន ដោយគ្មានការយោងទៅលើសាម៉ីរដ្ឋភាគី ហើយប្រសិនបើបុគ្គលម្នាក់ៗ យល់ព្រមចំពោះការបង្ហាញអត្តសញ្ញាណរបស់ពួកគេដល់រដ្ឋភាគីនោះ ទើបគណៈកម្មាធិការ ប្រាប់សាម៉ីរដ្ឋភាគីឱ្យបានដឹងអំពីពាក្យបណ្ដឹងណាមួយដែលបានដាក់ ដល់ខ្លួនដោយរក្សាការសម្ងាត់ក្រោមពិធីសារបច្ចុប្បន្ន។
២. ក្នុងរយៈពេលប្រាំមួយខែ រដ្ឋភាគីជាអ្នកទទួលខុសត្រូវដាក់ជូននូវការពន្យល់ ឬសេចក្ដីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរទៅគណៈកម្មាធិការ ដោយផ្ដល់ការបំភ្លឺអំពីបញ្ហានោះ និងដំណោះស្រាយ ដែលរដ្ឋភាគីនោះ អាចផ្ដល់ឱ្យបាន។
មាត្រា ៧ :
១. គណៈកម្មាធិការ ពិចារណាលើពាក្យបណ្ដឹង ដែលខ្លួនបានទទួល ដូចមានចែងនៅក្នុងពិធីសារបច្ចុប្បន្នពាក់ព័ន្ធនឹងព័ត៌មានទាំងអស់ ដែលបានផ្ដល់ជូនដោយ ឬក្នុងនាមបុគ្គលម្នាក់ៗ ឬក្រុមនៃបុគ្គលម្នាក់ៗ និងដោយសាម៉ីរដ្ឋភាគីក្នុងករណី ដែលព័ត៌មាននេះ ត្រូវបានបញ្ជូនទៅភាគីពាក់ព័ន្ធទាំងនេះ។
២. គណៈកម្មាធិការ អាចរៀបចំការប្រជុំសម្ងាត់បាន នៅពេលដែលខ្លួនកំពុងពិនិត្យលើពាក្យបណ្ដឹងក្រោមពិធីសារបច្ចុប្បន្ន។
៣. ក្រោយពីការពិនិត្យលើពាក្យបណ្ដឹងនេះ គណៈកម្មាធិការ អាចបញ្ជូនយោបល់របស់ខ្លួនអំពីពាក្យបណ្ដឹងនេះព្រមទាំងអនុសាសន៍ ទៅភាគីទាំងឡាយដែលពាក់ព័ន្ធ។
៤. រដ្ឋភាគី ត្រូវផ្ដល់ការពិចារណាសមស្របលើយោបល់ ព្រមទាំងអនុសាសន៍ របស់គណៈកម្មាធិការ និងត្រូវដាក់ជូនគណៈកម្មាធិការ នូវចម្លើយជាលាយលក្ខណ៍អក្សរ រាប់បញ្ចូលទាំងព័ត៌មានអំពីវិធានការណាមួយដែលបានចាត់ឡើងពាក់ព័ន្ធ នឹងយោបល់ និងអនុសាសន៍របស់គណៈកម្មាធិការ ក្នុងរយៈពេលប្រាំមួយខែ។
៥. គណៈកម្មាធិការ អាចស្ទើរសុំឱ្យរដ្ឋភាគីដាក់ជូននូវព័ត៌មានបន្ថែម អំពីវិធានការទាំងឡាយ ដែលរដ្ឋភាគីបានចាត់ឡើង ជាការឆ្លើយតបទៅនឹងយោបល់ ឬអនុសាសន៍របស់ខ្លួន ដែលគណៈកម្មាធិការយល់ឃើញថាជាការសមស្របនៅក្នុងរបាយការណ៍ក្រោយៗ របស់រដ្ឋភាគី ស្របតាមមាត្រា ១៨ នៃអនុសញ្ញា។
មាត្រា ៨ :
១. ប្រសិនបើគណៈកម្មាធិការទទួល ព័ត៌មានដ៏គួរឱ្យជឿបាន ដែលបង្ហាញអំពីការរំលោភធ្ងន់ធ្ងរ ឬជាលក្ខណៈប្រព័ន្ធលើសិទ្ធិ ដែលមានចែងនៅក្នុងអនុសញ្ញា ដោយរដ្ឋភាគីនោះ គណៈកម្មាធិការ នឹងស្នើឱ្យរដ្ឋភាគីនោះជួយសហការក្នុងការពិនិត្យ ព័ត៌មាននោះ និងក្នុងន័យនេះ ដាក់ជូននូវការសង្កេតការណ៍ ទាក់ទិននឹងព័ត៌មាននោះ។
២. ដោយពិចារណាលើការសង្កេតការណ៍ ដែលអាចដាក់ជូនដោយសាម៉ីរដ្ឋភាគី ព្រមទាំងព័ត៌មានដ៏គួរឱ្យជឿបានណាមួយផ្សេងទៀត ដែលខ្លួនមាន គណៈកម្មាធិការ អាចតែងតាំងសមាជិករបស់ខ្លួនម្នាក់ ឬច្រើនជាងនេះ ដើម្បីធ្វើការស៊ើបអង្កេត និងរាយការណ៍ជាបន្ទាន់ទៅគណៈកម្មាធិការ។ ប្រសិនបើត្រូវបានធានា និងដោយមានការយល់ព្រមពីរដ្ឋភាគីនោះ ការស៊ើបអង្កេត អាចរាប់បញ្ចូលទស្សនកិច្ចទៅកាន់ដែកដីនៃរដ្ឋភាគីនោះផង។
៣. ក្រោយពីពិនិត្យលើលទ្ធផលនៃការស៊ើបអង្កេតបែបនោះ គណៈកម្មាធិការ នឹងផ្ញើលទ្ធផល ទាំងនេះឱ្យសាម៉ីរដ្ឋភាគីរួមជាមួយយោបល់ និងអនុសាសន៍ផ្សេងៗផង។
៤. សម៉ីរដ្ឋភាគី ត្រូវដាក់ជូនគណៈកម្មាធិការនូវការសង្កេតការណ៍របស់ខ្លួន ក្នុងរយៈពេលប្រាំមួយខែនៃការទទួលលទ្ធផល យោបល់ និងអនុសាសន៍ ដែលគណៈកម្មាធិការ បានផ្ញើជូន។
៥. ការស៊ើបអង្កេតបែបនោះ ត្រូវធ្វើឡើងដោយរក្សាការសម្ងាត់ និងត្រូវស្វែងរកកិច្ចសហប្រតិបត្តិការពីរដ្ឋភាគីនៅគ្រប់ដំណាក់ កាលនៃដំណើរការនោះ។
មាត្រា ៩ :
១. គណៈកម្មាធិការ អាចស្នើសាម៉ីរដ្ឋភាគីឱ្យបញ្ចូលនូវព័ត៌មានលំអិតអំពីវិធានការ ណាមួយ ដែលត្រូវបានចាត់ឡើងឆ្លើយតបទៅការស៊ើបអង្កេត ដែលត្រូវបានរៀបចំធ្វើឡើងក្រោមមាត្រា ៨ នៃពិធីសារបច្ចុប្បន្ន នៅក្នុងរបាយការណ៍របស់ ខ្លួន ក្រោមមាត្រា ១៨ នៃអនុសញ្ញា។
២. ប្រសិនបើចាំបាច់ គណៈកម្មាធិការ អាចស្នើឱ្យសាម៉ីរដ្ឋភាគីផ្ដល់ព័ត៌មានដល់ខ្លួនអំពីវិធានការ ទាំងឡាយ ដែលត្រូវបានចាត់ឡើង ឆ្លើយតបទៅនឹងការស៊ីអង្កេតបែបនោះ ក្រោយពីបញ្ចប់នៃរយៈពេលប្រាំមួយខែ ដែលបានចែងនៅក្នុងមាត្រា ៨.៤។
មាត្រា ១០ :
១. នៅពេលចុះហត្ថលេខា ឬឱ្យសច្ចាប័ន ឬចូលជាសមាជិកនៃពិធីសារបច្ចុប្បន្ន រដ្ឋភាគីនីមួយៗ អាចប្រកាសថា ខ្លួនមិនទទួលស្គាល់នូវសមត្ថកិច្ចរបស់គណៈកម្មាធិការ ដូចមានចែងនៅក្នុងមាត្រា ៨ និង មាត្រា ៩ បាន។
២. រដ្ឋភាគីណាមួយ ដែលបានធ្វើការប្រកាស ស្របតាមកថាខ័ណ្ឌ ១ នៃមាត្រានេះ អាចដកសេចក្ដីប្រកាសនេះចេញដោយការជូនដំណឹងដល់អគ្គលេខាធិការ នៅពេលណាមួយក៏បាន។
មាត្រា ១១ :
រដ្ឋភាគី ត្រូវចាត់វិធានការសមស្របទាំងឡាយ ដើម្បីធានាថា បុគ្គលម្នាក់ៗ ដែលស្ថិតក្រោមយុត្តាធិការរបស់ខ្លួនមិនទទួលរងការធ្វើបាប ឬការបំភិតបំភ័យ ដែលជាផលវិបាកនៃការប្រាស្រ័យទាក់ទងជាមួយគណៈកម្មាធិការ ដោយអនុលោមតាមពិធីសារបច្ចុប្បន្ន។
មាត្រា ១២ :
គណៈកម្មាធិការ នឹងបញ្ចូលសេចក្ដីសង្ខេបនៃសកម្មភាពរបស់ខ្លួន នៅក្រោមពិធីសារបច្ចុប្បន្ន នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ខ្លួន ស្របតាមមាត្រា ២១ នៃអនុសញ្ញា។
មាត្រា ១៣ :
រដ្ឋភាគីនីមួយៗ យល់ព្រមផ្សព្វផ្សាយអនុសញ្ញា និងពិធីសារបច្ចុប្បន្ន ឱ្យសាធារណៈជនបានដឹងដោយទូលំទូលាយ និងសមស្របសម្រួលនូវលទ្ធភាពទទួលបានព័ត៌មានអំពីយោបល់ និងអនុសាសន៍របស់គណៈកម្មាធិការ ជាពិសេស យោបល់និងអនុសាសន៍អំពីបញ្ហាទាំងឡាយ ដែលពាក់ព័ន្ធនឹងរដ្ឋភាគីនោះ។
មាត្រា ១៤ :
គណៈកម្មាធិការ រៀបចំបង្កើតវិធាននីតិវិធីរបស់ខ្លួនផ្ទាល់ ដែលត្រូវគោរពតាម នៅពេលអនុវត្តមុខងារ ដែលពិធីសារនេះបានផ្ដល់ឱ្យ។
មាត្រា ១៥ :
១. ពិធីសារបច្ចុប្បន្ន បើកចំហសំរាប់ការចុះហត្ថលេខា ដោយរដ្ឋណាមួយ ដែលបានចុះហត្ថលេខា ឱ្យសច្ចាប័ន ឬយល់ព្រម ចំពោះអនុសញ្ញា។
២. ពិធីសារបច្ចុប្បន្ន ត្រូវតែមានសច្ចាប័នពីរដ្ឋភាគី ដែលបានឱ្យសច្ចាប័ន ឬបានយល់ព្រមលើអនុសញ្ញាជាមុនសិន។ លិខិតតុបករណ៍ដែលបានទទួលសច្ចាប័នត្រូវតម្កល់ទុកជាមួយអគ្គ លេខាធិការអង្គការសហប្រជាជាតិ។
៣. ពិធីសារបច្ចុប្បន្ន បើកចំហសំរាប់ការចូលជាសមាជិក ដោយរដ្ឋណាមួយ ដែលបានឱ្យសច្ចាប័ន ឬយល់ព្រមលើអនុសញ្ញា។
៤. ការចូលជាសមាជិក ចូលជាធរមាន ដោយការតម្កល់ទុកឧបករណ៍នៃការចូលជាសមាជិកជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ។
មាត្រា ១៦ :
១. ពិធីសារបច្ចុប្បន្ន នឹងចូលជាធរមានក្នុងរយៈពេលបីខែ បន្ទាប់ពីកាលបរិច្ឆេទនៃការដំកល់ទុកជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ នូវឧបករណ៍នៃការឱ្យសច្ចាប័ន ឬការចូលជាសមាជិកលើកទី១០។
២. សំរាប់រដ្ឋនីមួយៗ ដែលបានឱ្យសច្ចាប័ន ឬយល់ព្រមលើពិធីសារបច្ចុប្បន្ន បន្ទាប់ពីពិធីសារបច្ចុប្បន្ន បានចូលជាធរមានពិធីសារបច្ចុប្បន្ន នឹងចូលជាធរមានក្នុងរយៈពេលបីខែ ក្រោយកាលបរិច្ឆេទនៃការដំកល់ឧបករណ៍នៃការឱ្យសច្ចាប័ន ឬការចូលជាសមាជិករបស់ខ្លួនផ្ទាល់។
មាត្រា ១៧ :
ពិធីសារបច្ចុប្បន្ន មិនអនុញ្ញាតឱ្យមានការបំរុងទុកទេ។
មាត្រា ១៨ :
១. រដ្ឋភាគីនីមួយៗ អាចស្នើសុំការធ្វើវិសោធនកម្មចំពោះពិធីសារបច្ចុប្បន្ន ហើយដាក់សំណើនេះជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន។ អគ្គលេខាធិការ នឹងផ្ញើសំណើសុំវិសោធនកម្មនេះទៅរដ្ឋភាគីទាំងឡាយ ដោយមានសំណូមពរមួយសុំឱ្យពួកគេកត់សំគាល់ខ្លួនឯងថា តើពួកគេគាំទ្រឱ្យមានសន្និសីទមួយរបស់រដ្ឋភាគីទាំងឡាយដើម្បី ពិចារណា និងបោះឆ្នោតលើសំណើនោះដែរឬអត់។ ក្នុងករណីដែល១/៣នៃរដ្ឋភាគីយ៉ាងតិច គាំទ្រឱ្យមានសន្និសីទបែបនោះ អគ្គលេខាធិការ នឹងកោះអញ្ជើញរដ្ឋភាគីសំរាប់សន្និសីទនោះក្រោមការឧបត្ថម្ភរបស់ អង្គការសហប្រជាជាតិ។ វិសោធនកម្មណាមួយ ដែលត្រូវបានអនុម័តដោយមតិភាគច្រើននៃរដ្ឋភាគី ដែលមានវត្តមាន និងបោះឆ្នោតនៅក្នុងសន្និសីទនោះ នឹងត្រូវដាក់ជូនមហាសន្និបាតអង្គការសហប្រជាជាតិសម្រេច។
២. វិសោធនកម្ម នឹងចូលជាធរមាន នៅពេលដែលវិសោធនកម្មទាំងនោះ ត្រូវបានសម្រេចដោយមហាសន្និបាតអង្គការសហប្រជាជាតិ និងទទួលយកដោយមតិភាគច្រើន២/៣នៃរដ្ឋភាគីចំពោះពិធីសារ បច្ចុប្បន្ន ស្របតាមដំណើរការនៃរដ្ឋធម្មនុញ្ញរៀងខ្លួនៗរបស់ពួកគេ។
៣. នៅពេលដែលវិសោធនកម្ម ចូលជាធរមាន វិសោធនកម្មទាំងនោះ នឹងចងភ្ជាប់កាតព្វកិច្ចរបស់រដ្ឋភាគីទាំងឡាយដែលបានទទួលយក វិសោធនកម្មទាំងនោះ រដ្ឋភាគីផ្សេងទៀតនៅតែជាប់កាតព្វកិច្ចចំពោះខបញ្ញត្តិនៃពិធីសារ បច្ចុប្បន្ន និងវិសោធនកម្មមុនណាមួយ ដែលពួកគេបានទទួលយក។
មាត្រា ១៩ :
១. រដ្ឋភាគីនីមួយៗ អាចប្រកាសបដិសេធពិធីសារបច្ចុប្បន្ន នៅពេលណាមួយក៏បាន ដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរ ផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ការប្រកាសបដិសេធ នឹងចូលជាធរមានក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីថ្ងៃ ដែលអគ្គលេខាធិការ បានទទួលសេចក្ដីជូនដំណឹងនោះ។
២. ការប្រកាសបដិសេធ ត្រូវតែធ្វើឡើងដោយមិនមានការលំអៀងទៅរកការបន្តប្រើប្រាស់បទ បញ្ញត្តិនៃពិធីសារបច្ចុប្បន្ន សំរាប់ការប្រាស្រ័យទាក់ទងណាមួយ ដែលត្រូវបានដាក់ជូនក្រោមមាត្រា ២ ឬការស៊ើបអង្កេតណាមួយដែលត្រូវបានផ្ដួចផ្ដើមគំនិត ក្រោមមាត្រា ៨ មុនថ្ងៃចូលជាធរមាននៃការប្រកាសបដិសេធឡើយ។
មាត្រា ២០ :
អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវជូនដំណឹងដល់រដ្ឋទាំងអស់អំពី:
(ក) ហត្ថលេខា សច្ចាប័ន និងការចូលជាសមាជិក ក្រោមពិធីសារបច្ចុប្បន្ន
(ខ) កាលបរិច្ឆេទចូលជាធរមាននៃពិធីសារបច្ចុប្បន្ន និងវិសោធនកម្មណាមួយ ក្រោមមាត្រា ១៨
(គ) ការប្រកាសបដិសេធណាមួយ ក្រោមមាត្រា ១៩
មាត្រា ២១ :
១. ពិធីសារបច្ចុប្បន្ន ដែលឯកសារដើមជាភាសាអារ៉ាប់ ចិន អង់គ្លេស បារាំង រុស្ស៊ី និងអេស្បាញ៉ុល មានតម្លៃស្មើគ្នានោះ ត្រូវដំកល់ទុកនៅក្នុងប័ណ្ណាសាររបស់អង្គការសហប្រជាជាតិ។
២. អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងផ្ញើច្បាប់ដើមនៃពិធីសារបច្ចុប្បន្នដែលមានការបញ្ជាក់ ត្រឹមត្រូវជូនរដ្ឋទាំងអស់ ដែលបានបញ្ជាក់នៅក្នុងមាត្រា ២៥ នៃអនុសញ្ញា។
របាយការណ៍
ស្ដីពី
ការពិនិត្យសិក្សាស្រាវជ្រាវ
លើអត្ថបទសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារ
តាមជម្រើសនៃអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ
– សូមគោរពសម្ដេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់
– សូមគោរពឯកឧត្ដមអនុប្រធានទី១
-សូមគោរពឯកឧត្ដមអនុប្រធានទី២
– សូមគោរពលោកជំទាវ ឯកឧត្ដម នៃអង្គសភាទាំងមូល
– សូមគោរពតំណាងរាជរដ្ឋាភិបាល
ក្នុងនាមគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នាងខ្ញុំសូមអនុញ្ញាតជម្រាបជូនអង្គសភាទាំងមូលនូវលទ្ធផល នៃការពិនិត្យសិក្សាស្រាវជ្រាវលើអត្ថបទសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារតាមជម្រើសនៃអនុសញ្ញាស្ដីពី ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ។
១~ អំពីទម្រង់រដ្ឋបាល :
សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារតាមជម្រើស នៃអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ ត្រូវបានរាជរដ្ឋាភិបាលបញ្ជូនមករដ្ឋសភាតាមលិខិតលេខ ៣០៩ លស.កបច ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០០៩ ដោយមានភ្ជាប់សេចក្ដីថ្លែងហេតុលេខ ១៧ សជណ.កបច ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០០៩ មកជាមួយផង។ បន្ទាប់មក គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចជូនគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារី តាមលិខិតលេខ ៣៦៣ រស ចុះថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០០៩ ដើម្បីធ្វើការពិនិត្យសិក្សាស្រាវជ្រាវនិងចាត់ការធ្វើសេចក្ដី រាយការណ៍ជូនសភាពេញអង្គ។ គណៈកម្មការយល់ឃើញថា សេចក្ដីព្រាងច្បាប់នេះស្របតាមទម្រង់រដ្ឋបាល ដែលមានចែងក្នុងប្រការ ២១ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
២~ អំពីខ្លឹមសារសេចក្ដីព្រាងច្បាប់ :
ឆ្លើយតប ចំពោះភារកិច្ចដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រគល់ជូនគណៈកម្មការបានប្រជុំផ្ទៃក្នុងគណៈកម្មការចំនួន ០២ លើក ដោយមានការចូលរួមពីទីប្រឹក្សាច្បាប់អមគណៈកម្មការ។ តមក នៅថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០០៩ និងថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០០៩ គណៈកម្មការបានប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល តំណាងគណៈកម្មការនានារដ្ឋសភា តំណាងក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ទីប្រឹក្សាច្បាប់អមរដ្ឋសភា និងទីប្រឹក្សាច្បាប់អមគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ។
នៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារតាមជម្រើស នៃអនុសញ្ញាស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ មានគោលបំណងដូចខាងក្រោមនេះ :
– ដើម្បីបង្កើនការយល់ដឹងអំពីអនុសញ្ញាស៊ី-ដ ដល់រដ្ឋ ក្រសួង ស្ថាប័ននានា និងបុគ្គលទាំងឡាយ
– ដើម្បីបង្កើនការយល់ដឹងជាសាធារណពីបទដ្ឋានសិទ្ធិមនុស្សដែលទាក់ទងនឹងការរើសអើងប្រឆាំងនារីភេទ
– ដើម្បីធ្វើឱ្យប្រសើរឡើង និងពង្រឹងយន្តការអនុវត្តន៍សិទ្ធិមនុស្សរបស់នារីដែលមានស្រាប់
– ដើម្បីជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន នៅក្នុងច្បាប់នានាដែលមានការរើសអើង និងនៅក្នុងការអនុវត្តជាក់ស្ដែង
– ដើម្បីធ្វើឱ្យប្រសើរឡើងនូវយន្តការនានា ដែលមានស្រាប់ ក្នុងការអនុវត្តសិទ្ធិមនុស្សរបស់កម្ពុជាស្របតាមស្មារតីនៃសេចក្ដី ថ្លែងការណ៍ជាសកល ស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាសិទ្ធិមនុស្សនានា របស់អង្គការសហប្រជាជាតិ។
៣~ ការសម្រួលពាក្យពេចន៍បន្ថែម :
គណៈកម្មការ និងតំណាងរាជរដ្ឋាភិបាលស្រុះស្រួល បានឯកភាពគ្នាកែសម្រួលបន្ថែមពាក្យពេចន៍មួយចំនួន ដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់នេះ កាន់តែមានភាពច្បាស់លាស់ ក្នុងមាត្រា១ : នៅបន្ទាត់ទីពីរ បន្ថែមសញ្ញា« ” » នៅពីលើអក្សរ « យ » «… ដែលធ្វើនៅទីក្រុង ញ៉ូយ៉ក …។»
ក្រៅពីនោះ គណៈកម្មការ និងតំណាងរាជរដ្ឋាភិបាល បានឯកភាពរក្សាទុកខ្លឹមសារ និងទម្រង់នៃសេចក្ដីព្រាងលើកទី១ របស់រាជរដ្ឋាភិបាល ដូចមាននៅក្នុងអត្ថបទដែលបានថតចម្លងជូនតំណាងរាស្ត្រចំនួន១២៣រូប។
៤~ សេចក្ដីសន្និដ្ឋានរបស់គណៈកម្មការ :
គណៈកម្មការយល់ឃើញថា សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារតាមជម្រើសនៃ អនុសញ្ញាស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទមានលក្ខណៈ សមស្របទាំងសងខាងទម្រង់រដ្ឋបាល និងមានខ្លឹមសារស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយជាតិ ចំពោះការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទដែល អាចដាក់ជូនអង្គសភាពិភាក្សា និងអនុម័ត។
អាស្រ័យហេតុនេះ សូមអង្គសភាទាំងមូលមេត្តាពិភាក្សានិងអនុម័តសេចក្ដីព្រាងច្បាប់នេះ ដោយអនុគ្រោះ។