ច្បាប់ស្ដីពីការបង្ការ និងការប្រយុទ្ធ ទប់ស្កាត់ការរីករាលដាល មេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS)
ខែសីហា 26, 2011 បញ្ចេញមតិ
-បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
-បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ១៩៩៨ ស្ដីពីការតែងតាំងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
-បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
-បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
ប្រកាសឱ្យប្រើ
ច្បាប់ស្ដីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០០២ នាសម័យប្រជុំពេញអង្គលើកទី៨ នីតិកាល ទី២ ហើយដែលព្រឹទ្ធសភាបានអនុម័តយល់ស្របតាមលើទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០០២ នាសម័យប្រជុំពេញអង្គលើកទី ៧ នីតិកាលទី១ ហើយមានសេចក្ដីទាំងស្រុងដូចតទៅ :
ជំពូកទី១
បទប្បញ្ញត្តិទូទៅ
មាត្រា ១.-
ច្បាប់នេះ មានគោលដៅ កំណត់ការបង្ការ និង ការប្រយុទ្ធទប់ស្កាត់ការរីក រាលដាល មេរោគអេដស៍/ជំងឺអេដស៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
មាត្រា ២.-
ជំងឺអេដស៍ គឺជាជំងឺឆ្លងរីករាលដាលមួយបង្កឡើងដោយមេរោគអេដស៍ និងដែល ទទួល ស្គាល់ថា គ្មានព្រំដែន ផ្នែកដែនដី សង្គម នយោបាយ និង សេដ្ឋកិច្ច ហើយជំងឺនេះ ពុំទាន់មាន ថ្នាំព្យាបាលឱ្យជាសះស្បើយទេ ការរាតត្បាតនៃជំងឺនេះបាននិងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធន់ធរ ទៅលើ សន្តិសុខស្ថិរភាព និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងទាមទារឱ្យរដ្ឋចាត់វិធានការ ឆ្លើយតបជាពហុវិស័យ ដើម្បី :
១- ជំរុញឱ្យមានការយល់ដឹង ជាសាធារណៈដល់ប្រជាពលរដ្ឋគ្រប់រូប ស្ដីពីមូលហេតុ របៀប នៃការចំលង ផលវិបាក មធ្យោបាយបង្ការ និងការប្រយុទ្ធទប់ ស្កាត់ការរីករាលដាលមេរោគអេដស៍/ ជំងឺអេដស៍ តាមរយៈកម្មវិធីអប់រំ និងយុទ្ធនាការផ្សព្វផ្សាយទូលំទូលាយទូទាំងប្រទេស ។
២- ហាមឃាត់ការរើសអើងគ្រប់ប្រភេទ ចំពោះរាល់បុគ្គលណា ដែលត្រូវបានសង្ស័យ ឬត្រូវបានដឹងថាមានមេរោគ អេដស៍/ជំងឺអេដស៍។
៣- ជំរុញឱ្យមានការប្រុងប្រយ័ត្នជាសកល ចំពោះវិធីសាស្ត្រ និងការអនុវត្តទាំងឡាយ ដែលអាច បង្កឱ្យមានគ្រោះថ្នាក់ ក្នុងការឆ្លងមេរោគ អេដស៍/ជំងឺអេដស៍។
៤- ចាត់វិធានការសមស្រប ចំពោះរាល់កត្តាទាំងឡាយ ដែលធ្វើឱ្យកាន់តែធន់ធរដល់ការរីករាលដាលមេរោគ អេដស៍/ជំងឺអេដស៍។
៥- លើកទឹកចិត្តឱ្យមានតួនាទី ជាសក្ដានុពលរបស់បុគ្គល ដែលមានមេរោគអេដស៍/ ជំងឺអេដស៍ក្នុងការលាតត្រដាងពត៌មាន និងបទពិសោធន៍របស់ពួកគេ ដើម្បីចង្អុលបង្ហាញដល់ សាធារណជន។
៦- បញ្ចូលកម្មវិធីបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាល មេរោគអេដស៍/ ជំងឺ អេដស៍ ជាកម្មវិធីអាទិភាព ទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ ។
ជំពូកទី២
ការអប់រំ និង ការផ្សព្វផ្សាយពត៌មាន
មាត្រា ៣.-
រដ្ឋត្រូវជំរុញការអនុវត្តន៍មួយចំនួនដូចខាងក្រោម :
១-រៀបចំ ឱ្យមានការបញ្ជ្រាបបញ្ចូលចំណេះដឹង ស្ដីពីមេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងសាលារៀន ។ ការអប់រំនេះ ត្រូវបញ្ចូលការបង្រៀនស្ដីពី មូលហេតុរបៀបនៃការចម្លងនិងការបង្ការផលវិបាកនៃមេរោគ អេដស៍/ជំងឺអេដស៍ ព្រមទាំងជំងឺកាមរោគដទៃទៀត ជាពិសេសផ្ដោតលើបំណីនជីវិត ស្របនិងសីលធម៌ សង្គម តាមរូបភាពការបញ្ជ្រាបបញ្ចូល នៅក្នុងកម្មវិធីសិក្សាតាមគ្រប់គ្រឹះស្ថានសិក្សា ភូមិសិក្សារួមទាំង ការអប់រំ ក្រៅប្រព័ន្ធ។
២-រៀបចំឱ្យមានសិក្ខាសាលា និងការបណ្ដុះបណ្ដាល បង្ហាត់បង្រៀន ស្ដីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាល មេរោគអេដស៍/ជំងឺអេដស៍ ដល់គ្រូបង្រៀន និងអ្នកបង្ហាត់បង្រៀនផ្សេងទៀត ដែលត្រូវបានចាត់តាំងឱ្យទៅបង្រៀនបន្ត។
៣-រៀបចំឱ្យមានការផ្ដល់យោបល់ ពីសំណាក់សហគមន៍ សមាគម អង្គការនានា ក្នុងការអប់រំ ស្ដីអំពីមេរោគអេដស៍ នឹងជំងឺអេដស៍។
មាត្រា ៤.-
រដ្ឋ រៀបចំឱ្យមានការអប់រំ ស្ដីពីមេរោគអេដស៍ និង ជំងឺអេដស៍ បញ្ចូលជាផ្នែកមួយនៃការ ផ្ដល់សេវាសុខាភិបាល តាមរយៈគ្រូពេទ្យ និងមន្ត្រីសុខាភិបាល។ ចំណេះដឹង និងសមត្ថភាព របស់គ្រូពេទ្យ និងមន្ត្រីសុខាភិបាល ទាំងនេះត្រូវបានទទួលការបំពាក់បំប៉នបន្ថែម រួមមានជំនាញ សម្រាប់ផ្សព្វផ្សាយពត៌មាន និងការអប់រំ ស្ដីពី មេរោគ អេដស៍ និងជំងឺអេដស៍ ។
ការអប់រំផ្សព្វផ្សាយ ស្ដីពីមេរោគអេដស៍ និង ជំងឺអេដស៍ ព្រមទាំងការបំពាក់បំប៉នបន្ថែម ជាភារកិច្ចរបស់អ្នកផ្ដល់សេវា ថែទាំសុខភាព នៅក្នុងផ្នែកឯកជន ដើម្បីរួមចំណែកក្នុងការបង្ការ និង ការប្រយុទ្ធទប់ ស្កាត់ការរីករាលដាលមេរោគអេដស៍ និង ជំងឺអេដស៍។
ការបំពាក់បំប៉នបន្ថែម ត្រូវរួមបញ្ចូលការពិភាក្សាអំពីបញ្ហាក្រមសីលធម៌ ដែលទាក់ទង ទៅនឹង មេរោគអេដស៍ និងជំងឺអេដស៍ជា ពិសេសការរក្សាភាពសមាត់ ការគោរពសិទ្ធិបុគ្គល។
មាត្រា ៥.-
រៀបចំឱ្យមានការផ្សព្វផ្សាយពត៌មាន និងកម្មវិធី សិល្ប៉អប់រំ នៅតាមប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ ដោយឥតបង់ថ្លៃដើម្បីឱ្យបានជ្រួតជ្រាបដល់សាធារណជន ។
ការផ្សព្វផ្សាយនេះ ត្រូវប្រើប្រាស់វិធីសាស្ត្រ និងពេលវេលាសមស្រប ដើម្បីធានានូវប្រសិទ្ធភាព។
មាត្រា ៦.-
រដ្ឋរៀបចំឱ្យមានការអប់រំពិសេស ផ្ដោតទៅលើក្មេងស្រី ស្ត្រីជាមេគ្រួសារ ដោយត្រូវយក ចិត្តទុកដាក់សំខាន់អំពីតួនាទីរបស់ស្ត្រីនៅក្នុងសង្គម និងបញ្ហាយេនឌ័រ ។
មាត្រា ៧.-
រដ្ឋរៀបចំឱ្យមានឯកសារអប់រំ ដល់ភ្ញៀវទេសចរនិង អ្នកឈប់សំចត នៅតាមច្រកចេញ-ចូល អន្តរជាតិឯកសារអប់រំនេះ ត្រូវបោះពុម្ពជាភាសាខ្មែរ និង ភាសាផ្សេងៗទៀត តាមការចាំបាច់ ។
មាត្រា ៨.-
រដ្ឋរៀបចំផ្ដល់ពត៌មាន ឯកសារអប់រំ ឬ ការចូលរួមក្នុងសិក្ខាសាលាជូនដល់គ្រប់កម្មករខ្មែរ មន្ត្រីការទូត មន្ត្រីរាជការ ស្ដីពីមូលហេតុ របៀបនៃការចម្លង ការបង្ការនិងផលវិបាក នៃមេរោគអេដស៍/ ជំងឺអេដស៍ មុននឹងចេញទៅធ្វើការនៅបរទេស។
មាត្រា ៩.-
គ្រប់ស្ថាប័ន គ្រប់សហគ្រាស សិប្បកម្ម ត្រូវសហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ រៀបចំឱ្យមានកម្មវិធីអប់រំមេរោគអេដស៍/ជំងឺអេដស៍ នៅកន្លែងធ្វើការដោយត្រូវបញ្ចូលទាំងប្រធានបទ ចំពោះការរក្សាភាពសំងាត់នៅកន្លែងធ្វើការនិងឥរិយាបទចំពោះអ្នកមាន មេរោគអេដស៍/ អ្នកជំងឺអេដស៍
ជាមួយគ្នានឹងការអបរំស្ដីពី មេរោគអេដស៍/ជំងឺអេដស៍ គ្រប់ស្ថាប័ន គ្រប់សហគ្រាស សិប្បកម្ម ត្រូវរៀបចំអោយមានផែនការទៅតាមអាណត្តិ ការងាររបស់ខ្លួន ក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ។
មាត្រា ១០.-
រដ្ឋត្រូវចលនាពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ គ្រួសារ អង្គការនានា ព្រះសង្ឃ ក្រុមបព្វជិតសាសនានិងក្រុមអ្នកដែលប្រឈមនឹងគ្រោះថ្នាក់បំផុត ដើម្បីរៀបចំផ្ដល់ពត៌មាននិងការអប់រំ នៅគ្រប់លំដាប់ថ្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា។
មាត្រា ១១.-
សម្ភារៈឬវត្ថុធាតុសម្រាប់បង្ការការចម្លងមេរោគអេដស៍ ដែលផ្ដល់ដោយលក់ ឬ អំណោយ ត្រូវភ្ជាប់នូវឯកសារអប់រំ ដែលបោះពុម្ពជាភាសាខ្មែរ និងជាភាសាផ្សេងទៀត តាមការចាំបាច់ ហើយក្នុងនោះ មាននិយាយពីវិធីប្រើប្រាស់ត្រឹមត្រូវនូវសម្ភារៈ ឬ វត្ថុធាតុទាំងនោះ និងប្រសិទ្ធភាពរបស់វា ប្រឆាំង នឹងការឆ្លងមេរោគអេដស៍ ។
មាត្រា ១២.-
ហាមដាច់ខាតរាល់ការឃោសនា ឬ ផ្សព្វផ្សាយពាណិជ្ជកម្ម ដែលអះអាងលើការព្យាបាល ព្រមទាំង វិធីបង្ការមេរោគអេដស៍/ជំងឺអេដស៍ដែលផ្ទុយនឹងវិធានការនានា របស់អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ និងគោលការណ៍បច្ចេកទេស វេជ្ជសាស្ត្រ ។
ជំពូកទី៣
វិធីសាស្ត្រ និង ការអនុវត្តដែលមានសុវត្ថិភាព
មាត្រា ១៣.-
រាល់វិធីសាស្ត្រ និងការអនុវត្តន៍ទាំងឡាយ ត្រូវធ្វើទៅតាមគោលការណ៍ ណែនាំរបស់អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ។
អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវពិគ្រោះពិភាក្សា និងសំរបសំរួលជាមួយក្រសួង សុខាភិបាល អង្គភាពជំនាញ ដែលពាក់ព័ន្ធ ដើម្បីកំណត់ និងផ្សព្វផ្សាយនូវគោលការណ ណៃនាំ ស្ដីពីការ ប្រុងប្រយ័ត្នជាសកល ចំពោះការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ ជាពិសេស ក្នុងកំឡុងពេលវះកាត់ ជាពិសេសក្នុងអំឡុងពេលវះកាត់ កែសម្ជស្ស ធ្វើធ្មេញ អប់សព សាក់ ឬការងារ ដទៃទៀត ដែលមានលក្ខណៈស្រដៀងគ្នា។
មាត្រា ១៤.-
រាល់ការប្រើប្រាស់ ឈាម ជាលិកា ឬ សរីរាង្គ ត្រូវធ្វើតេស្ដ មេរោគអេដស៍បញ្ជាក់ជាមុន។
មាត្រា ១៥.-
មិនអនុញ្ញាតឱ្យមន្ទីរពិសោធន៍ ឬ អង្គភាពណាមួយ យកឈាម ជាលិកា ឬ សរីរាង្គ ទុកសម្រាប់ ប្រើប្រាស់ដោយពុំបានធ្វើតេស្ដមេរោគអេដស៍ បញ្ជាក់ជាមុនឡើយ ។
មាត្រា ១៦.-
សាច់ញាតិ ឬអ្នកទទួលឈាម ជាលិកា ឬសរីរាង្គ មានសិទ្ធិសុំធ្វើតេស្ដសាជាថ្មី មុននឹងធ្វើការ ចាក់បញ្ចូលឈាមបណ្ដុះជាលិកា ឬ ប្ដូរសរីរាង្គ លើកលែងតែក្នុងករណីសង្គ្រោះបន្ទាន់ ។
មាត្រា ១៧.-
ឈាម ជាលិកា និង សរីរាង្គ ដែលមានមេរោគអេដស៍ ត្រូវតែកំទេចចោលតាមគោលការណ៍ អនាម័យត្រឹមត្រូវបំផុត។ ក្នុងករណីចាំបាច់ ឈាម ជាលិកា ឬ សរីរាង្គ ដែលមានមេរោគអេដស៍ អាចទទួលយកបានសម្រាប់តែសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រប៉ុណ្ណោះ។
មាត្រា ១៨.-
ហាមឃាត់ដាច់ខាតចំពោះអ្នកដែលដឹងថាខ្លួនមាន មេរោគអេដស៍/ជំងឺអេដស៍ទៅប្រព្រឹត្តក្នុងចេតនាចំលងទៅអ្នកដទៃ ។
ជំពូកទី៤
ការធ្វើតេស្ដ និង ការផ្ដល់កិច្ចប្រឹក្សា
មាត្រា ១៩.-
ការធ្វើតេស្ដមេរោគអេដស៍/ជំងឺអេដស៍ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្តនិងត្រូវមានការយល់ ព្រម ជាមុនពីសាមីជនផ្ទាល់ ។ ចំពោះសាមីជនជាអនីតិជន តម្រូវឱ្យមានការយល់ ព្រមជាលាយលក្ខណ៍អក្សរពីអាណាព្យាបាលស្របច្បាប់ ។
បើការយល់ព្រមជាលាយលក្ខណ៍អក្សរពីអាណាព្យាបាលស្របច្បាប់ ពុំអាចធ្វើបានការធ្វើ តេស្ដ មេរោគអេដស៍/ជំងឺអេដស៍ អាចប្រព្រឹត្តទៅបានដោយគ្រាន់តែមានការព្រមព្រៀងពីអនីតិជន ប្រសិនបើការធ្វើតេស្ដនេះផ្ដល់អត្ថប្រយោជន៍ផ្ទាល់ចំពោះអនីតិជន នោះ។
ចំពោះជនវិកលចរិក រដ្ឋត្រូវយកចិត្តទុកដាក់ ។
មាត្រា ២០.-
ហាមដាច់ខាតចំពោះការដាក់ល័ក្ខខ័ណ្ឌឱ្យធ្វើតេស្ដ មេរោគអេដស៍/ជំងឺអេដស៍ មុននិងក្រោយការ អនុញ្ញាត ឱ្យចូលបំរើការងារចូលសិក្សានៅក្នុងគ្រឹះស្ថានសិក្សានានា ក៏ដូចជាសម្រាប់ការអនុវត្តសេរីភាព ស្នាក់នៅសិទ្ធិ ធ្វើដំណើរការផ្ដល់សេវាកម្មផ្នែកវេជ្ជសាស្ត្រ ឬ សេវាកម្មផ្សេងទៀត ។
មាត្រា ២១.-
ការធ្វើតេស្ដ មេរោគអេដស៍/ជំងឺអេដស៍ ដោយបង្ខំត្រូវអនុញ្ញាតតែក្នុងករណី មានសេចក្ដីបង្គាប់ របស់តុលាការ។
មាត្រា ២២.-
រាល់ការធ្វើតេស្ដ មេរោគអេដស៍/ជំងឺអេដស៍ ត្រូវធ្វើដោយអនាមិក ។
ក្រសួងសុខាភិបាល ត្រូវរៀបចំផ្ដល់នូវយន្តការសម្រាប់ធ្វើតេស្ដ មេរោគអេដស៍/ជំងឺអេដស៍ ហើយត្រូវធានាភាពអនាមិក និងរក្សាភាពសំងាត់ផ្នែកវេជ្ជសាស្ត្រនៅក្នុងដំណើរការធ្វើតេស្ដ ។
មាត្រា ២៣.-
គ្រប់កន្លែងធ្វើតេស្ដមេរោគអេដស៍ អាចផ្ដល់សេវានេះបាន លុះត្រាតែមានច្បាប់ អនុញ្ញាត ពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលត្រូវសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីកំណត់និងរក្សានូវស្តង់ដារសេវាមួយសមស្រប ។
មាត្រា ២៤.-
គ្រប់កន្លែងធ្វើតេស្ដមេរោគអេដស៍/ជំងឺអេដស៍ ត្រូវផ្ដល់កិច្ចប្រឹក្សាមុននិងក្រោយការធ្វើតេស្ដដល់ជន ដែលមកសុំធ្វើតេស្ដមេរោគអេដស៍/ជំងឺអេដស៍ ។ អ្នកផ្ដល់កិច្ចប្រឹក្សានេះ ត្រូវមានសមត្ថភាព គ្រប់គ្រាន់ សមស្របតាម ស្តង់ដារកំណត់ដោយក្រសួងសុខាភិបាល។
មាត្រា ២៥.-
អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ និង ក្រសួងសុខាភិបាល ត្រូវសហការគ្នា រៀបចំ និង លើកកំពស់សមត្ថភាពសម្រាប់ការធ្វើតេស្ដមេរោគអេដស៍/ជំងឺអេដស៍ ដល់គ្រប់កន្លែងធ្វើតេស្ដ ដែលមាន ច្បាប់អនុញ្ញាត ហើយធានាឱ្យមានការបណ្ដុះបណ្ដាល បុគ្គលិកជំនាញ សម្រាប់ផ្ដល់សេវាបែបនេះ នៅក្នុងទីកន្លែងធ្វើតេស្ដមេរោគអេដស៍/ជំងឺអេដស៍។
ជំពូកទី ៥
សេវាសុខាភិបាល និង សេវាគាំទ្រ
មាត្រា ២៦.-
រដ្ឋ ត្រូវធានាឱ្យអ្នកដែលមានមេរោគអេដស៍ និង អ្នកជំងឺអេដស៍ ទទួលបាននូវសេវាថែទាំ សុខភាពបឋម ដោយឥតបង់ថ្លៃតាមបណ្ដាញសុខាភិបាលទាំងអស់របស់រដ្ឋ និង ត្រូវលើកទឹកចិត្ត ឱ្យមានការចូលរួមពីផ្នែកឯកជន។
មាត្រា ២៧.-
រដ្ឋត្រូវចលនាពង្រឹង ការចូលរួម របស់ប្រជាពលរដ្ឋ គ្រួសារ អង្គការនានា ព្រះសង្ឃ ក្រុមបុព្វជិតសាសនា និងក្រុមអ្នកដែលប្រឈមនឹងគ្រោះថ្នាក់បំផុត សំដៅឧបត្ថម្ភ ថៃទាំ និងព្យាបាល អ្នកមានមេរោគអេដស៍ និង ជំងឺអេដស៍នៅគ្រប់លំដាប់ថ្នាក់ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២៨.-
រដ្ឋ ត្រូវយកចិត្តទុកដាក់ជំរុញឱ្យមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់អ្នកមានមេរោគអេដស៍ និង អ្នកជំងឺអេដស៍ដើម្បីប្រកបរបរចិញ្ចឹមជីវិត និង កម្មវិធីជួយខ្លួនឯង។ អ្នកមានមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ត្រូវមានសិទ្ធិចូលរួមពេញលេញនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង កម្មវិធី ជួយខ្លួនឯង ដើម្បីជាមធ្យោបាយចិញ្ចឹមជីវិត។
មាត្រា ២៩.-
រដ្ឋ ត្រូវយកចិត្តទុកដាក់បន្តជំរុញការបង្ការទប់ស្កាត់ និងការគ្រប់គ្រងជំងឺកាមរោគ ក្នុងគោលដៅជួយទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគអេដស៍/ជំងឺអេដស៍ ។
ជំពូកទី៦
ការតាមដានត្រួតពិនិត្យ
មាត្រា ៣០.-
រដ្ឋ ត្រូវបង្កើតកម្មវិធីតាមដានត្រួតពិនិត្យមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបានទូលំទូលាយមួយ ដើម្បីកំណត់អំពីទំហំ ភាពងាយប្រឈមមុខនឹងគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ ការប្រព្រឹត្តរួមភេទ។
កម្មវិធី នេះ មានគោល បំណងផ្ទៀងផ្ទាត់ វាយតំលៃពីភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងនិរន្តរភាព នៃវិធានការបង្ការ និង ការប្រយុទ្ធទប់ស្កាត់ការរីករាលដាល មេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុងប្រទេស។
មាត្រា ៣១.-
គ្រប់កន្លែងធ្វើតេស្ដមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវកំណត់យកវិធានការ ក្នុងការធានាចំពោះការរក្សាភាពសំងាត់នៃរបាយការណ៍ កំណត់ត្រាវេជ្ជសាស្ត្រ ពត៌មានផ្ទាល់ខ្លួន រួមបញ្ចូលទាំងពត៌មានទាំងអស់ ដែលអាចទទួលបានពីប្រភពពត៌មានផ្សេងៗ ក្នុងការអនុវត្តន៍កម្មវិធីតាមដានត្រួតពិនិត្យ ។ កម្មវិធីតាមដាន ត្រួតពិនិត្យនេះ ត្រូវប្រើប្រាស់នូវប្រព័ន្ធលេខកូដ ដើម្បីធានាឱ្យមានភាពអនាមិក។
មាត្រា ៣២.-
ការតាមរកប្រភពចម្លងមេរោគអេដស៍/ជំងឺអេដស៍ និងសកម្មភាពស្រាវជ្រាវសំងាត់ផ្សេងៗ ទាក់ទង នឹងសុខភាពអាចត្រូវបន្តតាមដានដោយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធប្រសិនបើ សកម្មភាព ទាំងអស់នោះ មិនផ្ទុយទៅនឹងគោលបំណងទូទៅនៃច្បាប់នេះ ។ ពត៌មានដែលទទួលបានត្រូវរក្សា ភាព សងាត់ និងត្រូវទុកដាក់ ឱ្យបានត្រឹមត្រួវ ។
ជំពូកទី ៧
ការរក្សាភាពសំងាត់
មាត្រា ៣៣.-
អ្នកមាន មេរោគអេដស៍ /ជំងឺអេដស៍ ត្រូវទទួលបាននូវការរក្សាភាពសំងាត់។
អ្នកមានអាជីពផ្នែកវេជ្ជសាស្ត្រ កម្មករ និយោជក ទីភ្នាក់ងារជ្រើសរើសបុគ្គលិកនានា ក្រុមហ៊ុនធានា រ៉ាប់រង អ្នកបញ្ចូលទិន្នន័យ អ្នករក្សាសំណុំឯកសារទាក់ទងនឹងមេរោគអេដស៍/ជំងឺអេដស៍ និងអ្នកដែលមាន ភារកិច្ចពាក់ព័ន្ធផ្សេងៗទៀត ត្រូវបានទទួលការណែនាំ ឱ្យមានការយកចិត្តទុកដាក់ ពីការរក្សាភាពនៅក្នុងទំនាក់ទំនងការងារ ជាពិសេសអត្ដសញ្ញាណ និងស្ថានភាពផ្ទាល់ខ្លួន របស់ជនដែលមានមេរោគអេដស៍ ។
មាត្រា ៣៤.-
ការរក្សាភាពសំងាត់ផ្នែកវេជ្ជសាស្ត្រ ត្រូវលើកលែងនៅក្នុងករណី :
ក- តម្រូវឱ្យធ្វើរបាយការណ៍ ដែលស្របទៅនឹងកម្មវិធីតាមដាន ត្រួតពិនិត្យរក មេរោគអេដស៍ /ជំងឺអេដស៍ ដូចដែលបានចែងក្នុងមាត្រា៣០នៃច្បាប់នេះ
ខ- ផ្ដល់ពត៌មានទៅដល់បុគ្គលិកសុខាភិបាល ដែលធ្វើការព្យាបាល ឬថែទាំអ្នកមាន មេរោគអេដស៍ /ជំងឺអេដស៍ ដោយផ្ទាល់ ឬ ដោយប្រយោល និង
គ- ឆ្លើយតបទៅនឹងដីកាចេញដោយតុលាការ ចំពោះបញ្ហាសំខាន់ទាក់ទងទៅនឹងការមាន មេរោគអេដស៍/ជំងឺអេដស៍ របស់បុគ្គលណាម្នាក់។ ភាពសំងាត់នៃកំណត់ត្រាវេជ្ជសាស្ត្រ ត្រូវដាក់ក្នុងស្រោមបិទឱ្យ បានត្រឹមត្រូវដោយអ្នកគ្រប់គ្រងឯកសារ បន្ទាប់ពីត្រូវត្រួតពិនិត្យ យ៉ាងហ្មត់ចត់ ដោយអ្នកមាន ភារៈទទួលខុសត្រូវ ព្រមទាំងប្រគល់ឱ្យដោយផ្ទាល់ដៃ និង បើកជាផ្លូវការ ដោយចៅក្រម នៅចំពោះមុខអង្គជំនុំជំរះក្ដីសំងាត់។
មាត្រា ៣៥.-
លទ្ធផលនៃការធ្វើតេស្ដមេរោគអេដស៍/ជំងឺអេដស៍ អាចផ្ដល់ឱ្យ :
ក- ជនដែលសុំធ្វើតេស្ដមេរោគអេដស៍/ជំងឺអេដស៍ ដោយស្ម័គ្រចិត្ត
ខ- អាណាព្យាបាលស្របច្បាប់របស់អនីតិជន ដែលត្រូវបានធ្វើតេស្ដមេរោគអេដស៍/ជំងឺអេដស៍ក្នុងករណី ជនវិកលចរិត ឬ កូនកំព្រា ត្រូវផ្ដល់ឱ្យអាណាព្យាបាលស្របច្បាប់
គ- ជនដែលត្រូវបានអនុញ្ញាតឱ្យទទួលលទ្ធផលនេះ សម្រាប់កម្មវិធីតាមដានត្រួតពិនិត្យមេរោគអេដស៍/ជំងឺអេដស៍ ដូចដែលមានចែងក្នុងមាត្រា៣០នៃច្បាប់នេះ និង
ឃ- តាមតម្រូវការរបស់តុលាការ ដូចមានចែងក្នុងចំណុច ” គ ” មាត្រា ៣៤នៃច្បាប់នេះ។
ជំពូកទី៨
គោលនយោបាយ និង សកម្ម ភាពនៃការរើសអើង
មាត្រា ៣៦.-
ហាមដាច់ខាត ការរើសអើងដល់ជនណាម្នាក់ តាមបែបណាមួយ គិតពីមុន និងក្រោយ ពេលឱ្យចូល បំរើការងាររួមទាំងការជួល ការដំឡើងឋានន្តរសក្ដិ ការចាត់ឱ្យបំពេញការងារ ការរួមរស់ នៅក្នុងសង្គម ដោយផ្អែកលើការដឹង ឬសង្ស័យថា ជននោះ ឬ ក្រុមគ្រួសាររបស់ជននោះ មានមេរោគ អេដស៍ /ជំងឺអេដស៍។ ត្រូវចាត់ទុកថា ខុសច្បាប់រាល់ការបញ្ឈប់ពីការងារចំពោះជនណាម្នាក់ដោយផ្អែក លើការដឹងថា ឬសង្ស័យថា ជននោះ ឬ ក្រុមគ្រួសារ របស់ជននោះមានមេរោគអេដស៍ /ជំងឺអេដស៍។
មាត្រា ៣៧.-
គ្រប់ស្ថាប័នអប់រំបណ្ដុះបណ្ដាលទាំងអស់ មិនត្រូវបដិសេធបណ្ដេញ ដាក់វិន័យដាក់ ឱ្យនៅដាច់ដោយឡែក ឬ មិនអនុញ្ញាតឱ្យចូលរួមទទួលផលប្រយោជន៍ ឬសេវាផ្សេងៗ ចំពោះសិស្ស និស្សិតណាម្នាក់ ដោយ សារតែការដឹង ឬសង្ស័យថា សិស្ស និស្សិតនោះ ឬក្រុមគ្រួសាររបស់សិស្ស និស្សិតនោះមាន មេរោគអេដស៍ /ជំងឺអេដស៍។
មាត្រា ៣៨.-
អ្នកមានមេរោគអេដស៍/ជំងឺអេដស៍មានសិទ្ធិពេញលេញក្នុងការស្នាក់នៅនិងធ្វើដំណើរ។
គ្មានជនណាម្នាក់ត្រូវបានគេឃុំឃាំងឱ្យនៅដោយឡែក ដាក់ឱ្យនៅឯកោ មិនអនុញ្ញាតឱ្យចូលស្នាក់ នៅ រួមដំណើរ ឬ បណ្ដេញចេញ ដោយសារតែដឹងឬសង្ស័យថា ជននោះ ឬក្រុមគ្រួសាររបស់ជននោះ មាន មេរោគអេដស៍ /ជំងឺអេដស៍។
មាត្រា ៣៩.-
ហាមដាច់ខាតការរើសអើងចំពោះអ្នក មានមេរោគអេដស៍/ជំងឺអេដស៍ ក្នុងការ ទទួលតំណែងសាធារណៈ ។
សិទ្ធិក្នុងការស្វែងរកតំណែងសាធារណៈ ដោយការបោះឆ្នោត ឬការចាត់តាំងដំឡើងឋានៈ មិនត្រូវ បដិសេធ ចំពោះជនណាម្នាក់ ដោយគ្រាន់តែដឹង ឬ សង្ស័យថា ជននោះ ឬក្រុមគ្រួសាររបស់ជននោះ មានមេរោគអេដស៍ /ជំងឺអេដស៍។
មាត្រា ៤០.-
ហាមឃាត់ដាច់ខាតការរើសអើងចំពោះអ្នកមានមេរោគអេដស៍/ជំងឺអេដស៍ ក្នុងការទទួល ឥណទាន និងការខ្ចីបុល ទាំងអស់ រួមទាំងការធានារ៉ាប់រងសុខភាព គ្រោះថ្នាក់និងអាយុជីវិត ក្នុងករណីដែល សាមីជន បំណេញបាននូវលក្ខខណ្ឌ បច្ចេកទេស ដូចពលរដ្ឋធម្មតាដែរ។
មាត្រា ៤១.-
ហាមដាច់ខាតនូវការរើសអើងចំពោះអ្នកមានមេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងមន្ទីរពេទ្យ និង អង្គភាពសុខាភិបាលនានា។
គ្មានជនណាម្នាក់ ត្រូវបានបដិសេធមិនឱ្យទទួល សេវាថែទាំសុខភាព ទាំងរដ្ឋ និងឯកជន ឬ ត្រូវបាន ទារតម្លៃខ្ពស់ដោយសារតែការដឹងថា ជននោះ ឬ ក្រុមគ្រួសាររបស់ជននោះ មានមេរោគអេដស៍ /ជំងឺ អេដស៍ ។
មាត្រា ៤២.-
អ្នកមានមេរោគអេដស៍/ជំងឺអេដស៍ មានសិទ្ធិដូចជាប្រជាពលរដ្ឋធម្មតា ដូចដែលមានចែងនៅ ក្នុងជំពូកទី៣នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ។
ជំពូកទី៩
អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ (អ.ជ.ប.ជ.អ.)
មាត្រា ៤៣.-
ត្រូវបានបង្កើតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីដឹកនាំ និង អនុវត្តការងារបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាល មេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
មាត្រា ៤៤.-
នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ។ ក្នុងករណី ដែលនាយក រដ្ឋមន្ត្រី មិនអាចបំពេញមុខនាទីនេះដោយផ្ទាល់បាន នាយករដ្ឋមន្ត្រីអាច ចាត់តាំង សមាជិក រាជរដ្ឋាភិបាលម្នាក់ ជំនួស ។
មាត្រា ៤៥.-
ការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវកំណត់ ដោយអនុក្រឹត្យ ។
មាត្រា ៤៦.-
រដ្ឋ ត្រូវបញ្ចូលកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ ជាការងារអាទិភាព នៃកម្មវិធីអភិវឌ្ឍជាតិ នឹងត្រូវ ជំរុញ និង សម្រួលក្នុងការផ្ដល់ថវិកាប្រចាំឆ្នាំ ឱ្យបានទាន់ពេលវេលា ដើម្បីឱ្យកម្មវិធីនេះ ទទួលបាននូវប្រសិទ្ធភាព។
ថវិការបស់អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានរៀបចំសំរាប់ក្រសួងពាក់ព័ន្ធ ខេត្ត-ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចាត់ជាថវិកាឧបសម្ព័ន្ធ របស់ក្រសួងសុខាភិបាល និង ត្រូវបានបញ្ចូលទៅក្នុងជំពូកថវិកាអាទិភាព ។
មាត្រា ៤៧.-
ដើម្បីធានាប្រសិទ្ធភាពនៃការឆ្លើយតបជាពហុវិស័យ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវទទួល បន្ទុកក្នុងការកៀងគរប្រភពធនធានទាំងក្នុងប្រទេស សម្របសម្រួល និងតំរង់ការប្រើប្រាស់ ប្រភពធនធានទាំងនេះដល់ស្ថាប័នពាក់ព័ន្ធស្របទៅតាមស្ថានភាព និង តម្រូវការជាក់ស្ដែង នៃកម្មវិធីផែនការយុទ្ធសាស្ត្រជាតិ ។
ជំពូកទី១០
ទោសប្បញ្ញត្តិ
មាត្រា ៤៨.-
ជនណាដែលប្រព្រឹត្តផ្ទុយ នឹងមាត្រា១២ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសពិន័យ ជាប្រាក់ពី ៥០០.០០០៛ ( ប្រាំសែនរៀល) ដល់ ១.០០០.០០០៛ ( មួយលានរៀល) និងត្រូវផ្ដន្ទាទោស ដាក់ពន្ធធនាគារពី ១ (មួយ) ខែ ដល់ ១ ( មួយ) ឆ្នាំ។ ក្នុងករណីពុំរាងចោល ត្រូវផ្ដន្ទាទោសទ្វេមួយជាពីរ ។ ឯមន្ត្រីរាជការ ត្រូវទទួល ទណ្ឌកម្មបន្ថែមផ្នែករដ្ឋបាល ។
មាត្រា ៤៩.-
ជនណាដែលប្រព្រឹត្តផ្ទុយនឹងមាត្រា១៣ មាត្រា១៤ មាត្រា១៥ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសពិន័យ ជាប្រាក់ពី ៥០០.០០០៛ ( ប្រាំសែនរៀល ) ដល់ ១.០០០.០០០៛ ( មួយលានរៀល ) និងត្រូវផ្ដន្ទាទោសដាក់ ពន្ធនាគារពី ៦( ប្រាំមួយ) ខែ ដល់ ១( មួយ) ឆ្នាំ ។ ករណីពុំរាងចោល ត្រូវផ្ដន្ទាទោស ទ្វេជាពីរ ។ ទោសនេះ ពុំទាន់រាប់បញ្ចូលនូវការទទួលខុសត្រូវ លើសំណងផ្នែករដ្ឋប្បវេណី និងការដកហូត អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈ ដែលពាក់ពន្ធ។ ឯមន្ត្រីរាជការត្រូវទទួលទណ្ឌកម្មបន្ថែមផ្នែករដ្ឋបាល ។
មាត្រា ៥០.-
ជនណាដែលប្រព្រឹត្តផ្ទុយនឹងមាត្រា១៨ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ១០( ដប់ )ឆ្នាំ ដល់ ១៥( ដប់ប្រាំ ) ឆ្នាំ ។
មាត្រា ៥១.-
ជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា២៣ មាត្រា៣១ ឬ មាត្រា៣៣ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ពី ៥០.០០០៛ ( ប្រាំម៉ឺន រៀល ) ដល់ ២០០.០០០៛ ( ពីរសែនរៀល ) និងត្រូវ ផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ ( មួយ) ខែ ដល់៦ ( ប្រាំមួយ) ខែ ។ ករណីពុំរាងចាលត្រូវផ្ដន្ទាទោស ទ្វេមួយជាពីរ។ ឯមន្ត្រីរាជការ ត្រូវទទួលទណ្ឌកម្មបន្ថែមផ្នែករដ្ឋបាល ។
មាត្រា ៥២.-
ជនណាដែលប្រព្រឹត្តផ្ទុយ នឹងមាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ មាត្រា៤០ ឬ មាត្រា៤១ នៃច្បាប់នេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០០.០០០៛ ( មួយសែនរៀល) ដល់ ១.០០០.០០០៛ ( មួយលានរៀល និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ( មួយ)ខែ ដល់៦(ប្រាំមួយ)ខែ។ ករណីពុំរាងចាល ត្រូវផ្ដន្ទាទោសទ្វេមួយជាពីរ ។ ឯមន្ត្រីរាជការត្រូវទទួលទណ្ឌកម្មបន្ថែមផ្នែករដ្ឋបាល ។
ជំពូកទី ១១
អវសានប្បញ្ញត្តិ
មាត្រា ៥៣.-
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។