ច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
ខែសីហា 26, 2011 បញ្ចេញមតិ
-បានទ្រង់យល់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
-បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
-បានទ្រង់យល់ ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ គណៈរដ្ឋមន្ត្រី
-បានទ្រង់យល់ ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្ដីពីការបង្កើតក្រសួងមហាផ្ទៃ
-បានទ្រង់យល់ សេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ប្រកាសឱ្យប្រើ
ច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ បានអនុម័តកាលពីថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០០៨ នាសម័យប្រជុំរដ្ឋសភា លើកទី ៧ នីតិកាលទី ៣ និងដែលព្រឹទ្ធសភា បានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០០៨ នាសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៤ នីតិកាលទី ២ ហើយក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញតាមរយៈ សេចក្ដីសម្រេចលេខ ០៩៧/០០២/២០០៨ កបធ.ច ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០០៨ ដែលមានសេចក្ដីទាំងស្រុង ដូចតទៅនេះ:
ជំពូកទី១
បទប្បញ្ញត្តិទូទៅ
មាត្រា ១.-
ច្បាប់នេះមានគោលដៅកំណត់ការរៀបចំ ការគ្រប់គ្រងនិងការប្រព្រឹត្តទៅនៃការបោះឆ្នោតអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហើយដែលក្នុងច្បាប់នេះហៅកាត់ថា “ក្រុមប្រឹក្សា”។
មាត្រា ២.-
ក្រុមប្រឹក្សាមានអាណត្តិប្រាំ(០៥)ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។
អាណត្តិរបស់ក្រុមប្រឹក្សា ត្រូវគិតចាប់ពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងផុតកំណត់នៅថ្ងៃបោះឆ្នោតបន្ទាប់។
មាត្រា ៣.-
បទប្បញ្ញត្តិដូចមានចែងនៅក្នុងមាត្រា ១៨ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវយកមកអនុវត្តសម្រាប់កំណត់ចំនួនសមាជិកក្រុមប្រឹក្សានីមួយៗ។
មាត្រា ៤.-
សមាជិកក្រុមប្រឹក្សាត្រូវជ្រើសរើសឡើង ដោយការបោះឆ្នោតអសកល មិនចំពោះដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
មាត្រា ៥.-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវធ្វើតែមួយថ្ងៃ នៅថ្ងៃអាទិត្យណាមួយ។
កាលបរិច្ឆេទជាក់ស្ដែងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាត្រូវ កំណត់ដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ៦.-
ក្នុងករណីដែលសមាជិកទាំងអស់របស់ក្រុមប្រឹក្សាណាមួយលាលែងពីមុខ តំណែង ឬត្រូវបានរំសាយក្នុងកំឡុងពេលនៃអាណត្តិរបស់ក្រុមប្រឹក្សា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវរៀបចំធ្វើការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាថ្មីមកជំនួសសម្រាប់រយៈពេលនៃអាណត្តិ ដែលនៅសល់របស់ក្រុមប្រឹក្សានោះតែប៉ុណ្ណោះ។
មាត្រា ៧.-
ការបោះឆ្នោតឡើងវិញមិនត្រូវអនុញ្ញាតឱ្យធ្វើឡើយ ប្រសិនបើអាណត្តិដែលនៅសល់របស់ក្រុមប្រឹក្សា មានរយៈពេលមិនលើសពីមួយរយប៉ែតសិប(១៨០)ថ្ងៃ។
មាត្រា ៨.-
ក្នុងករណីដែលសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពី សមាជិកក្រុមប្រឹក្សា តាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ២២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ខណ្ឌ ក្នុងអំឡុងពេលនៃអាណត្តិរបស់ក្រុមប្រឹក្សា ត្រូវជ្រើសរើសបេក្ខជនដែលមានឈ្មោះលំដាប់បន្ទាប់ក្នុងបញ្ជីបេក្ខជន របស់សមាជិកក្រុមប្រឹក្សាដែលបាត់បង់សមាជិកភាពនោះមកជំនួស សម្រាប់រយៈពេលនៃអាណត្តិដែលនៅសល់។
ជំពូកទី ២
អំពីការបោះឆ្នោត
ផ្នែកទី ១
ការគ្រប់គ្រងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
មាត្រា ៩.-
ការគ្រប់គ្រងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាដូចបានចែងនៅក្នុង ច្បាប់នេះ ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត “គ.ជ.ប”។
មាត្រា ១០.-
បទប្បញ្ញត្តិដូចមានចែងនៅក្នុងជំពូកទី ៣ លើកលែងតែមាត្រា ១៤ មាត្រា ២០ និងមាត្រា ២១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវយកមកអនុវត្តសម្រាប់ការគ្រប់គ្រងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា។
មាត្រា ១១.-
ក្នុងករណីចាំបាច់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចបង្កើតគណៈកម្មការរៀបចំបោះឆ្នោតសម្រាប់រាជធានី ឬ ខេត្ត ឬ ក្រុង ឬ ស្រុក ឬ ខណ្ឌ។
មាត្រា ១២.-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវរៀបចំតាក់តែងបទបញ្ជានិងនីតិវិធីដែលទាក់ទងទៅនឹងការ គ្រប់គ្រងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ដោយអនុលោមទៅតាមគោលការណ៍នៃច្បាប់នេះ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ផ្នែកទី ២
ប្រព័ន្ធបោះឆ្នោត និងរូបមន្ត
មាត្រា ១៣.-
ក. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវអនុវត្តតាមប្រព័ន្ធបោះឆ្នោតសមាមាត្រដោយត្រូវបែងចែកអាសនៈតាម រូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកលើចំនួនអាសនៈនិងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល តាមជំហានទាំងឡាយដូចខាងក្រោម:
ជំហានទី១ : កំណត់ចំនួនកូតាដែលតម្រូវឱ្យ បញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយទទួលបានអាសនៈមួយដោយយកចំនួន សន្លឹកឆ្នោតបានការសរុបមកចែកនឹងចំនួនអាសនៈសរុបរបស់ ក្រុមប្រឹក្សា តាមរូបមន្តដូចខាងក្រោម :
ក្នុងនោះ :
-កត : តាងឱ្យកូតាជាផលចែកដែលត្រូវគិតដល់ ២ ខ្ទង់ក្រោយក្បៀស។
-សស : តាងឱ្យចំនួនសន្លឹកឆ្នោតបានការសរុបដែល បានបោះឱ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។
-អស : តាងឱ្យចំនួនអាសនៈសរុបនៅក្នុងក្រុមប្រឹក្សា។
ជំហានទី ២: កំណត់ចំនួនអាសនៈជាបឋមដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ បានទទួលនៅក្នុងក្រុមប្រឹក្សា។
រូបមន្តដូចខាងក្រោម ត្រូវអនុវត្តដាច់ដោយឡែកពីគ្នាសម្រាប់បញ្ជីបេក្ខជននៃគណបក្ស នយោបាយនីមួយៗដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា:
ក្នុងនោះ :
-អទ : ជាផលចែកដោយមិនគិតសំណល់ចែកតាងឱ្យ ចំនួនអាសនៈដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗមានសិទ្ធិបាន ទទួលមុនពេលធ្វើប្រមាណវិធីចាំបាច់ណាមួយនៅក្នុងជំហានទី ៣។
-សប : តាងឱ្យចំនួនសន្លឹកឆ្នោតបានការដែលបានបោះឱ្យ បញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយដែលបានចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា។
-កត : តាងឱ្យកូតាដែលបានកំណត់នៅក្នុងជំហានទី ១។
បន្ទាប់ពីគណនាគ្រប់បញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្នុងជំហានទី ២ ហើយប្រសិនគ្មានអាសនៈនៅសល់ដើម្បីបែងចែកបន្តទៀតនោះ ចំនួនអាសនៈសម្រេចត្រូវកំណត់យកតែម្ដង។
ក្នុងករណីមានអាសនៈនៅសល់ត្រូវបន្តបែងចែក បន្ទាប់ពីធ្វើការគណនាសម្រាប់បញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាសនៈដែលនៅសល់ទាំងនេះត្រូវកំណត់ទៅតាមរបៀបដែលបានកំណត់ក្នុង ជំហានទី ៣។
ជំហានទី ៣: អាសនៈដែលនៅសល់ ត្រូវបែងចែកឱ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ ដែលមានសិទ្ធិទទួលបាននៅក្នុងក្រុមប្រឹក្សា ដោយកំណត់យកមធ្យមភាពខ្ពស់បំផុត។
រូបមន្តដូចខាងក្រោម ត្រូវអនុវត្តដាច់ដោយឡែកពីគ្នាសម្រាប់បញ្ជីបេក្ខជននៃគណបក្ស នយោបាយនីមួយៗដែលបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា:
ក្នុងនោះ:
-មធ : តាងឱ្យមធ្យមភាគខ្ពស់បំផុត។
-សប : តាងឱ្យចំនួនសន្លឹកឆ្នោតបានការដែលបានបោះឱ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ។
-អទ : តាងឱ្យចំនួនអាសនៈដែលបានបែងចែកឱ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ។
ក្នុងករណីនៅសល់អាសនៈចំនួនមួយដែលត្រូវបែងចែក បន្ទាប់ពីបានគណនាតាមរូបមន្តក្នុងជំហានទី ៣ សម្រាប់បញ្ជីបេក្ខជននៃគណបក្សនយោបាយដែលមានលក្ខណសម្បត្តិទាំងអស់ អាសនៈនោះត្រូវបែងចែកទៅឱ្យ បញ្ជីបេក្ខជននៃគណបក្សនយោបាយដែលមានមធ្យមភាគខ្ពស់បំផុត។
ក្នុងករណីនៅសល់អាសនៈច្រើនជាងមួយដែលត្រូវបែងចែក ត្រូវអនុវត្តតាមរូបមន្តក្នុងជំហានទី ៣ ហើយអាសនៈចំនួនមួយត្រូវបែងចែកទៅឱ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយ ណាដែលមានមធ្យមភាគខ្ពស់បំផុត។ បន្ទាប់មកត្រូវអនុវត្តតាមរូបមន្តនេះម្ដងទៀត ដោយបង្កើនតម្លៃ អទ ចំនួន ១ ចំពោះបញ្ជីបេក្ខជននៃគណបក្សនយោបាយដែលបានទទួលអាសនៈចំនួនមួយក្នុង ការអនុវត្តរូបមន្តលើកទីមួយ។ ដូច្នេះអាសនៈចំនួនមួយ ត្រូវផ្ដល់ទៅឱ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយដែលមានមធ្យមភាគ ខ្ពស់បំផុតក្នុងការអនុវត្តរូបមន្តលើកទីពីរ។ ក្នុងករណីនៅសល់អាសនៈត្រូវបែងចែកបន្តទៀតនោះ ការគណនាត្រូវធ្វើតាមរបៀបដដែល ដោយបែងចែកម្ដងមួយអាសនៈ ជាបន្តបន្ទាប់រហូតដល់អាសនៈដែលនៅសល់។
ខ. ការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ត្រូវអនុលោមទៅតាមបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងអនុវត្តតាមលំដាប់លេខរៀងដូចមានចែងក្នុងមាត្រា ២១ នៃច្បាប់នេះ។
គ. ប្រសិនបើក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាមានអ្នកជាប់ឆ្នោតទទួលមរណភាព ឬ លាលែង ឬ ប្រាសចាកពីបេក្ខភាពសមាជិកក្រុមប្រឹក្សា បេក្ខជនដែលមានឈ្មោះបន្ទាប់នៅក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នោះ ត្រូវបានប្រកាសថាជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សារបស់សាមីគណបក្ស នយោបាយ។
ឃ. ក្នុងករណីបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ មានបេក្ខជនមិនគ្រប់គ្រាន់ដោយមូលហេតុដូចមានចែងក្នុងចំណុចគ នៃមាត្រានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវស្នើជាលាយលក្ខណ៍អក្សរទៅ សាមីគណបក្សនយោបាយនោះឱ្យបន្ថែមឈ្មោះក្នុងបញ្ជីបេក្ខជនក្នុង រយៈពេលដប់បួន (១៤) ថ្ងៃ ក្រោយពីទទួលបានសំណើ។
បែបបទនៃការទទួលពិនិត្យ និងអនុម័តបេក្ខជនដែលស្នើបន្ថែមនេះ ត្រូវអនុវត្តតាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា ១៥ ដល់មាត្រា ១៨ មាត្រា ២០ មាត្រា ២២ ដល់មាត្រា ២៦ នៃច្បាប់នេះ។
ក្នុងករណីគណបក្សនយោបាយណាមួយ មិនបានអនុវត្តតាមពេលវេលាកំណត់ខាងលើ ឬ មិនបានកែលម្អការខ្វះខាត ដែលធ្វើឱ្យគណបក្សនយោបាយនោះមិនអាចបំពេញអាសនៈដែលនៅទំនេរបាន ត្រូវចាត់ទុកដូចជាគណបក្សនយោបាយនោះបោះបង់ចោលអាសនៈឱ្យនៅទំនេរ។
ង. ក្នុងករណីគណបក្សនយោបាយណាមួយបោះបង់ចោលអាសនៈ ដែលខ្លួនទទួលបាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបែងចែកអាសនៈដែលបោះបង់ចោលនោះ ទៅឱ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយផ្សេងទៀតដែលមានអាសនៈនៅ ក្នុងក្រុមប្រឹក្សា ក្នុងអំឡុងពេលយ៉ាងយូរដប់បួន (១៤) ថ្ងៃ ដោយធ្វើប្រមាណវិធីតាមជំហានទាំងឡាយដូចខាងក្រោម:
ជំហានទី ១ : កំណត់ចំនួនកូតាដែលតម្រូវឱ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយទទួលមួយអាសនៈ តាមរូបមន្តដូចខាងក្រោម :
ក្នុងនោះ :
-ក’ក : តាងឱ្យកូតាជាផលចែកដែលត្រូវគិតដល់២ខ្ទង់ក្រោយក្បៀស។
-ស’ស : តាងឱ្យចំនួនសន្លឹកឆ្នោតបានការសរុបដែល បានបោះឱ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ ដែលបានទទួលអាសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ដកចេញនូវចំនួនសន្លឹកឆ្នោតបានការសរុបបោះឱ្យបញ្ជីបេក្ខជននៃ គណបក្សនយោបាយដែលបានបោះបង់ចោលអាសនៈនៅក្នុងក្រុមប្រឹក្សា។
-អ’ប : តាំងឱ្យចំនួនអាសនៈដែលបានបោះបង់ចោលនៅក្នុងក្រុមប្រឹក្សា។
ជំហានទី ២ : កំណត់ចំនួនអាសនៈជាបឋមដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ បានទទួល តាមរូបមន្តដូចខាងក្រោម :
ក្នុងនោះ :
-អ’ទ : តាងឱ្យ ចំនួនអាសនៈដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយបានទទួលមុនពេលធ្វើប្រមាណវិធីចាំបាច់ណាមួយក្នុងជំហានទី ៣។
-សប : តាងឱ្យចំនួនសន្លឹកឆ្នោតបានការសរុបបោះឱ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ។
-ក’ក : តាងឱ្យ កូតាដែលបានកំណត់ក្នុងជំហានទី ១។
បន្ទាប់ពីបានធ្វើការគណនាក្នុងជំហានទី ២ សម្រាប់បញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ដែលទទួលបានអាសនៈ ក្នុងក្រុមប្រឹក្សា លើកលែងតែបញ្ជីបេក្ខជននៃគណបក្សនយោបាយដែលបោះបង់ចោលអាសនៈក្នុង ក្រុមប្រឹក្សា ក្នុងករណីគ្មានអាសនៈនៅសល់ដើម្បីបែងចែកបន្តទៀត ចំនួនអាសនៈសម្រេចត្រូវកំណត់យកតែម្ដង។
ក្នុងករណីគណនាក្នុងជំហានទី ២ រួចហើយ ប៉ុន្តែមានអាសនៈនៅសល់ដែលត្រូវបន្តបែងចែកតទៀត អាសនៈដែលនៅសល់នោះត្រូវបែងចែកតាមរូបមន្តដែលបានកំណត់ក្នុងជំហាន ទី ៣។
ជំហានទី ៣ : អាសនៈដែលនៅសល់ត្រូវបានបែងចែកដោយកំណត់យកមធ្យមភាគខ្ពស់បំផុតតាមរូបមន្តដូចខាងក្រោម:
ក្នុងនោះ:
-ម’ធ : តាងឱ្យមធ្យមភាគខ្ពស់បំផុត។
-សប : តាងឱ្យចំនួនសន្លឹកឆ្នោតបានការសរុបបោះឱ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយក្នុងក្រុមប្រឹក្សា។
-អ’ទ: តាងឱ្យ ចំនួនអាសនៈដែលបានបែងចែកឱ្យ បញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ។
វិធីសាស្ត្រដូចមានចែងក្នុងវាក្យខ័ណ្ឌទី ៩ និងទី ១០ ចំណុចក នៃមាត្រានេះ ត្រូវអនុវត្តចំពោះការគណនាក្នុងជំហានទី ៣ និងការគណនាជាបន្តបន្ទាប់ទៀត។
ច. ក្នុងករណីគណនាតាមរូបមន្តខាងលើ មានលទ្ធផលស្មើគ្នារវាងបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយចំនួន ដែលមិនអាចកំណត់ឱ្យ បញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយបានទទួលអាសនៈដែលត្រូវបែងចែក គណៈកម្មការរាជធានី ឬ គណៈកម្មាធិការខេត្ត រៀបចំការបោះឆ្នោត ត្រូវអនុវត្តវិធីចាប់ឆ្នោត ដើម្បីកំណត់យកបញ្ជីបេក្ខជននៃគណបក្សនយោបាយឈ្នះឆ្នោត។
វិធីចាប់ឆ្នោតត្រូវដំណើរការតាមនីតិវិធីដែលកំណត់ដោយបទបញ្ជារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ឆ. ក្នុងករណីគណបក្សនយោបាយណាមួយទទួលបានអាសនៈបន្ថែមមួយ ឬច្រើនប៉ុន្តែបញ្ជីបេក្ខជនរបស់ខ្លួនមានបេក្ខជនតិចជាងអាសនៈ នោះ ត្រូវអនុវត្តតាមនីតិវិធីដូចមានចែងក្នុងចំណុច ឃ នៃច្បាប់នេះ។
ជ. ផ្អែកតាមលទ្ធផលនៃការបោះឆ្នោតដូចមានចែងក្នុងចំណុច ក នៃ មាត្រានេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចធ្វើការប្រកាសលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលនីមួយៗជា បន្តបន្ទាប់។
ឈ. មុនពេលប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើសេចក្ដីរាយការណ៍ជូនគ្រប់តំណាងគណបក្សនយោបាយដែលចូលរួម នូវចំនួនសន្លឹកឆ្នោតសរុបដែលបានបោះពុម្ពសម្រាប់បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាតាមប្រភេទនីមួយៗ ចំនួនសន្លឹកឆ្នោតដែលបានប្រើប្រាស់នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាតាមប្រភេទនោះ និងចំនួនសន្លឹកឆ្នោតដែលនៅសល់តាមប្រភេទនោះ។
មាត្រា ១៤.-
មណ្ឌលបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សារួមមាន:
-រាជធានី ខេត្ត ជាមណ្ឌលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត
-ក្រុង ស្រុក ខណ្ឌ ជាមណ្ឌលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។
សមាជិកក្រុមប្រឹក្សា ត្រូវជ្រើសរើសចេញពីបញ្ជីបេក្ខជនរបស់គណបក្សនយោបាយដែលបានជាប់ ឆ្នោតសម្រាប់ប្រភេទក្រុមប្រឹក្សាក្នុងមណ្ឌលនោះ។
ផ្នែកទី ៣
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត
និងបញ្ជីបេក្ខជនឈរឈ្មោះ
មាត្រា ១៥.-
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានបំណងឈរឈ្មោះជាបេក្ខជន បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវបំពេញល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ២១ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
មាត្រា ១៦.-
ជនគ្រប់រូបដែលមានបំណងឈរឈ្មោះបេក្ខជនបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃ គណបក្សនយោបាយណាមួយ។
បញ្ជីបេក្ខជននីមួយៗត្រូវរៀបចំដោយគណបក្សនយោបាយដែលបានចុះបញ្ជី ត្រឹមត្រូវតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពីគណបក្ស នយោបាយ។
បញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗត្រូវមានឈ្មោះបេក្ខជនតាម លំដាប់លេខរៀង និងត្រូវធានាឱ្យមានបេក្ខជនស្ត្រីចូលរួម និងមានឈ្មោះនៅលំដាប់លេខរៀងសមស្របក្នុងបញ្ជីបេក្ខជននោះ។
មាត្រា ១៧.-
គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា:
-សមាជិករដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ រាជរដ្ឋាភិបាល និងចៅក្រម
-អភិបាល អភិបាលរង រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
-សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
-សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោត និងមន្ត្រី បុគ្គលិកបម្រើការងាររៀបចំបោះឆ្នោតគ្រប់លំដាប់ថ្នាក់
-មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ ក្នុងមុខតំណែង
-មន្ត្រីបុគ្គលិករបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់
-ជនដែលត្រូវបានផ្ដន្ទាទោសដកសិទ្ធិបោះឆ្នោត
-ព្រះសង្ឃ ឬ បព្វជិតសាសនា។
មាត្រា ១៨.-
មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ នគរបាលជាតិ កងយោធពលខេមរភូមិន្ទ មន្ត្រីបុគ្គលិករបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ដែលមានបំណងឈរ ឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសយ៉ាងតិចប្រាំពីរ(០៧)ថ្ងៃ មុនថ្ងៃបើកការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ។
ប្រសិនបើសាមីខ្លួនជាប់ឆ្នោត ហើយមានបំណងចង់បម្រើការងារជាសមាជិកក្រុមប្រឹក្សានោះ សាមីខ្លួនត្រូវធ្វើពាក្យសុំតាមឋានានុក្រមទៅក្រសួង ឬ ស្ថាប័នសាមី ដើម្បីទៅបម្រើការងារ ក្រៅក្របខ័ណ្ឌដើមក្នុងរយៈពេលនៃអាណត្តិរបស់ក្រុមប្រឹក្សា។ ក្នុងរយៈពេលនេះ សាមីខ្លួនមានសិទ្ធិឡើងថ្នាក់ ឬ ឋានន្តរសក្ដិ និងរក្សាអតីតភាពការងារសម្រាប់ទទួលសោធននិវត្តន៍។
នៅពេលចប់អាណត្តិជាសមាជិកក្រុមប្រឹក្សា សាមីខ្លួនអាចសុំត្រឡប់មកបម្រើការងារនៅក្រសួង ឬស្ថាប័នដើមវិញ ប៉ុន្តែមុខងារ និងតំណែងអាស្រ័យដោយក្រសួង ឬ ស្ថាប័នជាអ្នកសម្រេច។
មាត្រា ១៩.-
គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ហើយមានបំណងចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ត្រូវចាប់ផ្ដើមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមនីតិវិធីដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យ៉ាងតិចប៉ែតសិប(៨០)ថ្ងៃមុនកាលបរិច្ឆេទនៃការបោះឆ្នោត។
មាត្រា ២០.-
គណបក្សនយោបាយត្រូវចុះបញ្ជីឈរឈ្មោះបោះឆ្នោតដោយឡែកៗពីគ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រភេទណាមួយដែលគណបក្ស នយោបាយនោះមានបំណងចូលរួមប្រកួតប្រជែង ដោយភ្ជាប់ជាមួយឯកសារនានាតាមការកំណត់នៅក្នុងបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មាត្រា ២១.-
បញ្ជីបេក្ខជននៃគណបក្សនយោបាយ ត្រូវមានបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុងដែលមានចំនួនបេក្ខជនយ៉ាងតិចពីរ (០២) ដង នៃចំនួនអាសនៈសម្រាប់ក្រុមប្រឹក្សាដែលគណបក្សនយោបាយនោះមានបំណងចូល រួមប្រកួតប្រជែង ដែលរៀបចំលេខរៀងតាមលំដាប់អាទិភាពពីខ្ពស់មកទាប តាមការកំណត់របស់គណបក្សនយោបាយ។
មាត្រា ២២.-
បេក្ខជនម្នាក់ៗត្រូវមានសេចក្ដីប្រកាសរបស់ខ្លួន ដែលយល់ព្រមឱ្យគណបក្សនយោបាយតែងតាំងខ្លួនជាបេក្ខជនដើម្បីឈរ ឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។
សេចក្ដីប្រកាសខាងលើនេះ ត្រូវភ្ជាប់ជាមួយសំណុំឯកសារពាក្យសុំចុះបញ្ជីគណបក្សនយោបាយ នីមួយៗ តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
បេក្ខជនម្នាក់ត្រូវមានឈ្មោះក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយតែ មួយ និងមានសិទ្ធិឈរឈ្មោះជាបេក្ខជនសម្រាប់ក្រុមប្រឹក្សាតែមួយ ប៉ុណ្ណោះ។
បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីបេក្ខជនរបស់គណបក្សនយោបាយលើសពីមួយ ឬឈរឈ្មោះជាបេក្ខជនសម្រាប់ក្រុមប្រឹក្សាលើសពីមួយ ត្រូវប្រកាសថា បាត់សិទ្ធិឈរឈ្មោះជាបេក្ខជន ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មាត្រា ២៣.-
ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ជាផ្លូវការ គណបក្សនយោបាយត្រូវដាក់ពាក្យសុំតាមបែបបទកំណត់ដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត មកគណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ក្នុងរយៈពេលប្រាំ (០៥)ថ្ងៃ គិតចាប់ពីថ្ងៃចាប់ផ្ដើមចុះបញ្ជីដោយភ្ជាប់មកជាមួយ:
១- សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃមួយច្បាប់
២- ឈ្មោះគណបក្សនយោបាយជាអក្សរពេញជាអក្សរកាត់និងសញ្ញាសម្គាល់គណបក្សនយោបាយ
៣- អាសយដ្ឋាននៃទីស្នាក់ការកណ្ដាលរបស់គណបក្សនយោបាយ និងអាសយដ្ឋានទីស្នាក់ការរបស់គណបក្សនយោបាយនៅតាមរាជធានី ឬ ខេត្ត ឬ ក្រុង ឬ ស្រុក ឬ ខណ្ឌ
៤- បញ្ជីរាយនាមបេក្ខជនឈរឈ្មោះបោះឆ្នោតតាមប្រភេទក្រុមប្រឹក្សានីមួយៗ
៥- សេចក្ដីបញ្ជាក់អំពីការចុះឈ្មោះបោះឆ្នោតដោយអាជ្ញាធរឃុំ សង្កាត់ដែលសាមីខ្លួន បេក្ខជននោះបានចុះឈ្មោះបោះឆ្នោត
៦- សេចក្ដីប្រកាសរបស់គណបក្សនយោបាយនីមួយៗថា ចូលរួមបោះឆ្នោតនិងទទួលយកលទ្ធផលនៃការបោះឆ្នោតដែលប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌និងចូលរួមអនុវត្តតាមច្បាប់ស្ដីពីការបោះឆ្នោត ច្បាប់ស្ដីពីគណបក្សនយោបាយ ក្រមសីលធម៌បទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
៧- សេចក្ដីប្រកាសរបស់បេក្ខជនយល់ព្រមទទួលការតែងតាំងជាបេក្ខជនតាមមណ្ឌលរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។
មាត្រា ២៤.-
គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬគណៈកម្មការខេត្តរៀបចំការបោះឆ្នោតត្រូវពិនិត្យសម្រេចលើពាក្យសុំ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងយូរប្រាំ (០៥)ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំ។
ក្នុងករណីយល់ព្រមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រូវចេញលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជូនសាមីគណបក្សនយោបាយ។
ក្នុងករណីគណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតយល់ឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយនោះពុំបានបំពេញល័ក្ខខ័ណ្ឌណាមួយដែល មានចែងចាប់ពីមាត្រា ១៥ ដល់មាត្រា ២៣ នៃច្បាប់នេះ គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រូវជូនដំណឹងទៅសាមីគណបក្សនយោបាយនោះវិញដើម្បីបំពេញបន្ថែម។
គណបក្សនយោបាយនេះ ត្រូវបំពេញល័ក្ខខ័ណ្ឌដែលខ្វះខាតយ៉ាងយូរប្រាំ (០៥) ថ្ងៃ បន្ទាប់ពីថ្ងៃដែលសាមីគណបក្សនយោបាយបានទទួលលិខិតជូនដំណឹង។
មាត្រា ២៥.-
ក្នុងករណីគណបក្សនយោបាយពុំបានបំពេញល័ក្ខខ័ណ្ឌខ្វះខាតតាមពេលវេលា ដូចមានចែងក្នុងមាត្រា២៤ នៃច្បាប់នេះ គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតត្រូវបដិសេធពាក្យសុំចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនោះ។
ក្នុងករណីនេះ គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតត្រូវ:
-បំពេញបែបបទនៃការបដិសេធបេក្ខភាព ឬ បញ្ជីរាយនាមបេក្ខជន ដោយបញ្ជាក់ពីមូលហេតុ និងកាលបរិច្ឆេទនៃការបដិសេធ
-ផ្ដល់សេចក្ដីចម្លងនៃសេចក្ដីបដិសេធមួយច្បាប់ទៅសាមីខ្លួន និងសាមីគណបក្សនយោបាយ និងរក្សាទុកជាឯកសារមួយច្បាប់
-ប្រគល់បែបបទប្ដឹងតវ៉ាដល់សាមីខ្លួន និងសាមីគណបក្សនយោបាយដើម្បីប្ដឹងតវ៉ា។
បេក្ខភាព ឬ បញ្ជីបេក្ខជនរបស់គណបក្សនយោបាយណា ដែលត្រូវបានបដិសេធដោយគណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតសាមីខ្លួន ឬ សាមីគណបក្សនយោបាយនោះមានសិទ្ធិប្ដឹងតវ៉ាទៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរប្រាំ(០៥)ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលបែបបទបដិសេធ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណៈ ក្នុងរយៈពេលយ៉ាងយូរប្រាំ (០៥)ថ្ងៃ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងតវ៉ា។
ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ព្រមតាមពាក្យបណ្ដឹងតវ៉ា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ:
បំពេញបែបបទយល់ព្រមចុះហត្ថលេខា និងកាលបរិច្ឆេទ
ផ្ដល់បែបបទយល់ព្រមដល់គណបក្សនយោបាយសាមី ឬ តំណាងមួយច្បាប់គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និងរក្សាទុកឯកសារមួយច្បាប់។
គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតត្រូវផ្ដល់ការយល់ព្រមលើពាក្យ សុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនោះហើយចេញលិខិតបញ្ជាក់ ការសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជូនគណបក្សនយោបាយ សាមី។
ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធលើពាក្យបណ្ដឹងតវ៉ាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ:
-បំពេញបែបបទបដិសេធចុះហត្ថលេខា និងកាលបរិច្ឆេទ
-ផ្ដល់សេចក្ដីបដិសេធដល់គណបក្សនយោបាយសាមី ឬ តំណាងមួយច្បាប់គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និងរក្សាទុកជាឯកសារមួយច្បាប់។
សេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាសេចក្ដីសម្រេចចុងក្រោយ។
មាត្រា ២៦.-
បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចចុងក្រោយលើ បណ្ដឹងតវ៉ានានាអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រូវរៀបចំធ្វើការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ ដាក់លើសន្លឹកឆ្នោត។ នីតិវិធីនៃការចាប់ឆ្នោតត្រូវកំណត់ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។ គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រូវបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដែលបានចាប់ឆ្នោតហើយ ក្នុងរយៈពេលយ៉ាងតិចសែសិបប្រាំ(៤៥)ថ្ងៃ មុនថ្ងៃបោះឆ្នោត។
ផ្នែកទី ៤
បញ្ជីបោះឆ្នោត
មាត្រា ២៧.-
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង គឺជាអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សា។
មាត្រា ២៨.-
គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតត្រូវរៀបចំបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។
បញ្ជីបោះឆ្នោតត្រូវមានបញ្ជាក់ពីសមាជិកភាពក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែងនៃក្រុមប្រឹក្សាឃុំ សង្កាត់ជាក់លាក់នីមួយៗ។
បែបបទ នីតិវិធីនៃការរៀបចំបញ្ជីបោះឆ្នោតខាងលើនេះ ត្រូវកំណត់ដោយបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មាត្រា ២៩.-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវផ្ដល់សុពលភាពបញ្ជី បោះឆ្នោត ក្នុងរយៈពេលយ៉ាងតិចសាមសិបប្រាំ (៣៥) ថ្ងៃ មុនថ្ងៃបោះឆ្នោត។
បញ្ជីបោះឆ្នោតដែលត្រូវបានផ្ដល់សុពលភាពរួចហើយ គឺជាបញ្ជីបោះឆ្នោតជាផ្លូវការមិនអាចកែប្រែបានឡើយ លើកលែងតែមានអ្នកបោះឆ្នោតណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នោះទទួលមរណភាព។
ក្នុងករណីមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទទួលមរណភាព ក្រសួងមហាផ្ទៃត្រូវបំពេញបែបបទផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នោះ ក្នុងរយៈពេលប្រាំពីរ (០៧) ថ្ងៃ យ៉ាងតិចមុនថ្ងៃបោះឆ្នោត ដើម្បីឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដាក់ជំនួសក្នុង បញ្ជីបោះឆ្នោត។
មាត្រា ៣០.-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ គណៈកម្មាធិការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្នុងរយៈពេលយ៉ាងតិចសាមសិប (៣០)ថ្ងៃមុនថ្ងៃបោះឆ្នោតនៅការិយាល័យបោះឆ្នោត និងនៅទីកន្លែងសាធារណៈណាមួយក្នុងមណ្ឌលបោះឆ្នោតតាមប្រភេទ ក្រុមប្រឹក្សា។
មាត្រា ៣១.-
គណបក្សនយោបាយដែលបានអនុញ្ញាតឱ្យចុះបញ្ជីដើម្បីចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អង្គការពាក់ព័ន្ធនានាមានសិទ្ធិស្នើសុំនិងទទួលបានច្បាប់ចម្លងនៃ បញ្ជីបោះឆ្នោតផ្លូវការ ដោយបង់ថ្លៃត្រឹមតម្លៃដើមនៃការផលិតឯកសារនោះ។
មាត្រា ៣២.-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធានាឱ្យមានបញ្ជីបោះឆ្នោតផ្លូវការឱ្យបានគ្រប់គ្រាន់ ច្បាស់លាស់ និងត្រឹមត្រូវ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ។
មាត្រា ៣៣.-
ក្នុងការបោះឆ្នោតឡើងវិញដើម្បីជ្រើសរើសក្រុមប្រឹក្សាថ្មីជំនួស ក្រុមប្រឹក្សាដែលត្រូវបានរំសាយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវយកបញ្ជីបោះឆ្នោតផ្លូវការចុងក្រោយនៃមណ្ឌលនោះ មកធ្វើបច្ចុប្បន្នភាព ស្របតាមបទបញ្ជានិងនីតិវិធីរបស់ខ្លួនសម្រាប់ដំណើរការបោះឆ្នោត។
មាត្រា ៣៤.-
ដើម្បីបោះឆ្នោតបាន អ្នកបោះឆ្នោតដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការត្រូវ បង្ហាញដល់មន្ត្រីការិយាល័យបោះឆ្នោតនូវឯកសារបញ្ជាក់អត្តសញ្ញាណរបស់ ខ្លួនតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ផ្នែកទី ៥
ការិយាល័យបោះឆ្នោត
មាត្រា៣៥.-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាត្រូវធ្វើឡើងនៅក្នុងការិយាល័យបោះឆ្នោតមួយ ឬ ច្រើន។
មាត្រា៣៦.-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបង្កើតនិងរៀបចំការិយាល័យបោះឆ្នោតមួយ ឬ ច្រើនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា តាមប្រភេទក្រុមប្រឹក្សានីមួយៗ។
ការិយាល័យបោះឆ្នោតនីមួយៗត្រូវទទួលខុសត្រូវតំបន់មួយដែលបានកំណត់។
ក្រុង ស្រុក ខណ្ឌ គឺជាការិយាល័យបោះឆ្នោត។
ការិយាល័យបោះឆ្នោតមួយ អាចរួមបញ្ចូលឃុំ សង្កាត់ច្រើនជាងមួយ។
មាត្រា ៣៧.-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចជ្រើសរើសអគារ ឬ កន្លែងតែមួយសម្រាប់ប្រើប្រាស់ជាការិយាល័យបោះឆ្នោតមួយ ឬ ច្រើន ប្រសិនបើការរៀបចំនោះមិនមានការប៉ះពាល់ដល់សុចរិតភាពនៃការ បោះឆ្នោត។
ការិយាល័យបោះឆ្នោតពីរ ឬ ច្រើននៅក្នុងអគារ ឬ កន្លែងតែមួយ ត្រូវចាត់ចែងឱ្យមានការគ្រប់គ្រងដោយឡែកពីគ្នា។
មាត្រា ៣៨.-
បញ្ជីឈ្មោះទីតាំងនៃការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ត្រូវបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីកន្លែងសាធារណៈណាមួយនៅក្នុងមណ្ឌលបោះឆ្នោត ក្នុងរយៈពេលយ៉ាងតិចសាមសិប(៣០)ថ្ងៃ មុនថ្ងៃបោះឆ្នោត។
មាត្រា ៣៩.-
គណបក្សនយោបាយដែលបានអនុញ្ញាតឱ្យ ចុះបញ្ជី ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មានសិទ្ធិស្នើសុំនិងទទួលបាននូវបញ្ជីឈ្មោះទីតាំងរបស់ការិយាល័យ បោះឆ្នោត ដោយបង់ថ្លៃត្រឹមតម្លៃដើមសម្រាប់ផលិតឯកសារនេះ។
មាត្រា ៤០.-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្ញើច្បាប់ចម្លងបញ្ជីឈ្មោះ ទីតាំងការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីមួយៗ មួយច្បាប់ជូនក្រសួងមហាផ្ទៃ។
មាត្រា ៤១.-
ផ្អែកតាមច្បាប់នេះ និងបទប្បញ្ញត្តិដូចមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំណត់ជាក់ស្ដែងអំពីការរៀបចំ ការគ្រប់គ្រងនិងការប្រព្រឹត្តទៅនៃការិយាល័យបោះឆ្នោត នៅក្នុងបទបញ្ជានិងនីតិវិធីរបស់ខ្លួនបន្ថែមទៀត។
ផ្នែកទី ៦
ការឃោសនាបោះឆ្នោត
មាត្រា ៤២.-
បេក្ខជន និងគណបក្សនយោបាយដែលបានអនុញ្ញាតឱ្យ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មានសិទ្ធិធ្វើការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា។
មាត្រា ៤៣.-
ការឃោសនាបោះឆ្នោត មានគោលបំណងបង្កលក្ខណៈឱ្យបេក្ខជន និងគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាធ្វើការផ្សព្វផ្សាយនូវគោលនយោបាយនិងកម្មវិធី នយោបាយរបស់ខ្លួនដល់អ្នកបោះឆ្នោត។
មាត្រា ៤៤.-
សកម្មភាពការឃោសនាបោះឆ្នោត ត្រូវធ្វើឡើងក្នុងរយៈពេលដប់ប្រាំ(១៥)ថ្ងៃជាប់ៗគ្នា ហើយត្រូវបញ្ចប់ម្ភៃបួន (២៤) ម៉ោងមុនថ្ងៃបោះឆ្នោត។
មាត្រា ៤៥.-
ក្នុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោត គណបក្សនយោបាយទាំងអស់បេក្ខជនទាំងអស់ អ្នកបោះឆ្នោតទាំងអស់ សមាជិកនៃគណបក្សនយោបាយទាំងអស់ អ្នកគាំទ្រទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិនិងគោលការណ៍ដែលចែងក្នុងច្បាប់នេះ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងក្រមសីលធម៌ បទបញ្ជានិងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គោរពតាមគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
របៀប បែបបទប្ដឹងជំទាស់ ឬ តវ៉ាក្នុងពេលឃោសនាបោះឆ្នោត និងការដោះស្រាយពាក្យបណ្ដឹង ត្រូវកំណត់ដោយបទបញ្ជានិងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត។
មាត្រា ៤៦.-
បទប្បញ្ញត្តិដូចមានចែងក្នុងជំពូកទី ៧ មាត្រា ៧១ មាត្រា ៧៤ មាត្រា ៧៥ មាត្រា ៧៦ មាត្រា ៧៧ មាត្រា ៨០ មាត្រា ៨១ មាត្រា ៨២ និងមាត្រា ៨៣ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវបានយកមកអនុវត្តសម្រាប់សកម្មភាពការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា។
ផ្នែកទី ៧
ការបោះឆ្នោត
មាត្រា ៤៧.-
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលគ្មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមិនមានសិទ្ធិបោះឆ្នោតបានឡើយ។
មាត្រា ៤៨.-
អ្នកបោះឆ្នោតត្រូវទៅបង្ហាញខ្លួន និងត្រូវបោះឆ្នោតដោយខ្លួនឯងផ្ទាល់ នៅការិយាល័យបោះឆ្នោតដែលខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ហើយត្រូវបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណរបស់ខ្លួនដល់មន្ត្រី ការិយាល័យបោះឆ្នោត។
មាត្រា ៤៩.-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវធ្វើឡើងនៅក្នុងការិយាល័យបោះឆ្នោតមួយ ឬច្រើននៅថ្ងៃបោះឆ្នោត។
មាត្រា ៥០.-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ត្រូវចាប់ផ្ដើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ១៥:០០ រសៀល។
អ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត ហើយមានវត្តមាននៅក្នុងការិយាល័យបោះឆ្នោត ឬ បរិវេណខាងក្នុង នៅម៉ោង ១៥:០០ អាចបោះឆ្នោតក្រោយម៉ោង ១៥:០០ បាន ។
មាត្រា ៥១.-
អ្នកបោះឆ្នោតដែលមានបំណងបោះឆ្នោត មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណខាងក្នុងនៃការិយាល័យបោះឆ្នោត ក្រោយម៉ោង ១៥:០០ បានឡើយ។
ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ត្រូវប្រកាសបិទការបោះឆ្នោតនៅម៉ោង ១៥:០០។
មាត្រា ៥២.-
ប្រសិនបើអ្នកបោះឆ្នោតទាំងអស់ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត បានបោះឆ្នោតរួចអស់ហើយ គណៈកម្មការការិយាល័យបោះឆ្នោតអាចប្រកាសបិទការបោះឆ្នោតហើយបិទ ការិយាល័យបោះឆ្នោតមុនម៉ោង ១៥:០០ បាន។
មាត្រា ៥៣.-
ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អ្នកបោះឆ្នោតម្នាក់មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងដោយខ្លួនឯងផ្ទាល់ សម្រាប់ក្រុមប្រឹក្សាប្រភេទនីមួយៗ។
អ្នកបោះឆ្នោតម្នាក់ៗត្រូវបោះឆ្នោតដោយគូសសញ្ញានៅលើសន្លឹកឆ្នោត ដើម្បីជ្រើសរើសយកគណបក្សនយោបាយតែមួយគត់ដែលខ្លួនពេញចិត្ត និងគាំទ្រ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំណត់ដោយបទបញ្ជានិងនីតិវិធីនូវទម្រង់ សន្លឹកឆ្នោត និងរបៀបបោះឆ្នោត។
មាត្រា ៥៤.-
គ្មានបុគ្គលណាម្នាក់ត្រូវបានអនុញ្ញាតឱ្យ ចូលទៅក្នុងការិយាល័យបោះឆ្នោតបានឡើយលើកលែងតែអ្នកត្រូវបោះឆ្នោត និងបុគ្គលដែលមានការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត។
មាត្រា ៥៥.-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំណត់បទបញ្ជានិងនីតិវិធីដើម្បីអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយសង្កេតមើលដំណើរការបោះឆ្នោត។
មាត្រា ៥៦.-
ក្រោយពីបិទការបោះឆ្នោតភ្លាម គណៈកម្មការការិយាល័យបោះឆ្នោតត្រូវធ្វើកំណត់ហេតុអំពីដំណើរ ការបោះឆ្នោត ស្របតាមបទបញ្ជានិងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។
មាត្រា ៥៧.-
បទប្បញ្ញត្តិដូចមានចែងនៅក្នុងជំពូកទី ៨ មាត្រា ៨៨ថ្មី មាត្រា ៨៩ មាត្រា ៩០ មាត្រា ៩១ថ្មី មាត្រា ៩៥ មាត្រា ៩៦ មាត្រា ៩៧ ថ្មី មាត្រា ១០០ និងមាត្រា ១០១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវបានយកមកអនុវត្តចំពោះកិច្ចដំណើរការនៃការិយាល័យបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា។
ផ្នែកទី ៨
ការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោត
មាត្រា ៥៨.-
គណៈកម្មាធិការរៀបចំការបោះឆ្នោត ត្រូវកំណត់ក្នុងបទបញ្ជានិងនីតិវិធីអំពីការរៀបចំ និងការគ្រប់គ្រងការិយាល័យរាប់សន្លឹកឆ្នោត និងការរាប់សន្លឹកឆ្នោតឱ្យស្របទៅតាមច្បាប់នេះ និងស្របទៅតាមបទប្បញ្ញត្តិដូចមានចែងក្នុងជំពូកទី ៨ មាត្រា ១០២ មាត្រា ១០៣ មាត្រា ១០៤ មាត្រា ១០៥ថ្មី មាត្រា ១០៧ និងមាត្រា ១០៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
មាត្រា ៥៩.-
ការិយាល័យបោះឆ្នោតក្លាយជាការិយាល័យរាប់សន្លឹកឆ្នោត នៅពេលរាប់សន្លឹកឆ្នោត។
គណៈកម្មការការិយាល័យបោះឆ្នោត ក្លាយជាគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត នៅពេលរាប់សន្លឹកឆ្នោត។
មាត្រា ៦០.-
បន្ទាប់ពីគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបានបញ្ចប់ការរាប់ សន្លឹកឆ្នោតភ្លាម គណៈកម្មការនេះ ត្រូវបិទផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការរាប់សន្លឹកឆ្នោតតាមប្រភេទ ក្រុមប្រឹក្សានីមួយៗ។
គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត ត្រូវធ្វើកំណត់ហេតុអំពីការរាប់សន្លឹកឆ្នោតនេះជាបី (០៣) ច្បាប់ មួយច្បាប់ផ្ញើជូនគណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ដោយភ្ជាប់ជាមួយនូវបញ្ជីបោះឆ្នោត សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ សន្លឹកឆ្នោតដែលពុំបានប្រើប្រាស់ បណ្ដឹងជំទាស់ ឬ តវ៉ាប្រសិនបើមាន និងឯកសារផ្សេងៗទៀតមួយច្បាប់ផ្ញើជូនគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត និងមួយច្បាប់បិទនៅការិយាល័យបោះឆ្នោត។
កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតនេះ ត្រូវចុះហត្ថលេខាដោយប្រធាន និងសមាជិកគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត។ តំណាងគណបក្សនយោបាយអាចចុះហត្ថលេខាជាសាក្សីលើកំណត់ហេតុនេះបាន។
មាត្រា ៦១.-
គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតត្រូវបញ្ជូនឯកសារលទ្ធផលបណ្ដោះ អាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទៅគណៈកម្មការរាជធានី រៀបចំការបោះឆ្នោត ឬគណៈកម្មការខេត្តរៀបចំការបោះឆ្នោត តាមបទបញ្ជា និងនីតិវិធីដែលបានកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មាត្រា ៦២.-
គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬគណៈកម្មការខេត្តរៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យបញ្ជាក់និង បូកសរុបលទ្ធផលបណ្ដោះអាសន្នតាមមណ្ឌលបោះឆ្នោតនីមួយៗក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ក្នុងរយៈពេលយ៉ាងយូរប្រាំ (០៥) ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត។
មាត្រា ៦៣.-
គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រូវធ្វើកំណត់ហេតុនៃការត្រួតពិនិត្យបញ្ជាក់ និងបូកសរុបលទ្ធផលនេះជាបី(០៣) ច្បាប់ មួយច្បាប់ផ្ញើជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មួយច្បាប់បិទផ្សាយនៅគណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតនិងមួយច្បាប់រក្សាទុកជាឯកសារ។
មាត្រា ៦៤.-
បន្ទាប់ពីបានត្រួតពិនិត្យបញ្ជាក់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោត នីមួយៗ និងដោះស្រាយបណ្ដឹងនៅថ្នាក់របស់ខ្លួនចប់សព្វគ្រប់គណៈកម្មការ រាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតត្រូវធ្វើការកំណត់ចំនួនអាសនៈដែល បញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗបានទទួលនិងស្រង់ឈ្មោះបេក្ខជន ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាតាមប្រភេទនីមួយៗ ស្របតាមបញ្ញត្តិច្បាប់នេះ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
មាត្រា ៦៥.-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវត្រួតពិនិត្យ និងបញ្ជាក់លើលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាតាមប្រភេទនីមួយៗ ផ្អែកតាមបែបបទ និងទម្រង់ដែលកំណត់ដោយបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មាត្រា ៦៦.-
ក្នុងករណីមានការតវ៉ាក្នុងពេលបោះឆ្នោត និង/ ឬ ក្នុងពេលរាប់សន្លឹកឆ្នោត ហើយអ្នកប្ដឹងតវ៉ាមិនពេញចិត្តនឹងការសម្រេចរបស់ប្រធានការិយាល័យ បោះឆ្នោត ឬ ការិយាល័យរាប់សន្លឹកឆ្នោត អ្នកប្ដឹងតវ៉ានោះអាចប្ដឹងតវ៉ាទៅគណៈកម្មការរាជធានីរៀបចំការ បោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត រយៈពេលពីរ (០២) ថ្ងៃ យ៉ាងយូរបន្ទាប់ពីថ្ងៃបោះឆ្នោត និង/ឬ រាប់សន្លឹកឆ្នោត។
ជនដែលមានសិទ្ធិបោះឆ្នោតក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឬ តំណាងគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ មានសិទ្ធិប្ដឹងតវ៉ាទៅគណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត អំពីលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាតាម ប្រភេទនីមួយៗ ក្នុងរយៈពេលយ៉ាងយូរពីរ (០២)ថ្ងៃ បន្ទាប់ពីបិទផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនៅការិយាល័យ បោះឆ្នោត។
គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតត្រូវដោះស្រាយបណ្ដឹងតវ៉ា ក្នុងរយៈពេលយ៉ាងយូរបី (០៣) ថ្ងៃបន្ទាប់ពីបានទទួលពាក្យបណ្ដឹងតវ៉ា។
ក្នុងករណីគណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតបដិសេធបណ្ដឹងតវ៉ា គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតត្រូវ:
-បំពេញបែបបទនៃការបដិសេធ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធចុះហត្ថលេខា និងកាលបរិច្ឆេទ
-ផ្ញើសេចក្ដីបដិសេធជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយ ច្បាប់ជូនសាមីដើមបណ្ដឹងមួយច្បាប់ និងរក្សាទុកមួយច្បាប់ជាឯកសារ។
ក្នុងករណីគណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតយល់ព្រមចំពោះបណ្ដឹងតវ៉ា គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រូវបដិសេធលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតការិយាល័យបោះឆ្នោត ដោយ:
ប្រកាសព្យួរលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ ឬ ទាំងនោះត្រូវបានបដិសេធ
-បំពេញបែបបទនៃការយល់ព្រមតាមបណ្ដឹង ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធ រួចហើយចុះហត្ថលេខា និងកាលបរិច្ឆេទ
-ប្រកាសថា សេចក្ដីសម្រេចរបស់គណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬគណៈកម្មការខេត្តរៀបចំការបោះឆ្នោតស្ថិតក្រោមការត្រួតពិនិត្យឡើង វិញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
-ផ្ញើសេចក្ដីសម្រេច និងកំណត់ហេតុនៃការត្រួតពិនិត្យជូនគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតមួយច្បាប់ ក្នុងរយៈពេលយ៉ាងយូរម្ភៃបួន (២៤) ម៉ោង ដើម្បីឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រួតពិនិត្យឡើងវិញ
-ប្រគល់បែបបទនៃការបដិសេធលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជូន អ្នកប្ដឹងតវ៉ាមួយច្បាប់ និងរក្សាទុកជាឯកសារមួយច្បាប់។
មាត្រា ៦៧.-
ក្នុងករណីអ្នកប្ដឹងតវ៉ា មិនពេញចិត្តនឹងសេចក្ដីសម្រេចរបស់គណៈកម្មការរាជធានីរៀបចំការ បោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត អ្នកប្ដឹងតវ៉ា ឬ តំណាងអាចប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរបី (០៣) ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានបែបបទបដិសេធ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើការត្រួតពិនិត្យ និងសម្រេចទទួលយកលទ្ធផលនៃការបោះឆ្នោតនោះជាបានការ ឬ ឱ្យបោះឆ្នោតសាជាថ្មី។
ជនដែលមានសិទ្ធិបោះឆ្នោតក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឬ តំណាងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះមានសិទ្ធិប្ដឹងតវ៉ា ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីលទ្ធផលបណ្ដោះអាសន្ននៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាតាមប្រភេទនីមួយៗក្នុងរយៈពេលយ៉ាង យូរបី (០៣) ថ្ងៃ បន្ទាប់ពីថ្ងៃដែលគណៈកម្មការរាជធានីរៀបចំការបោះឆ្នោត ឬ គណៈកម្មការខេត្តរៀបចំការបោះឆ្នោតបិទផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការ បោះឆ្នោតតាមប្រភេទក្រុមប្រឹក្សានីមួយៗ។
មាត្រា ៦៨.-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវសម្រេចលើពាក្យបណ្ដឹងតវ៉ាក្នុងរយៈពេលបី (០៣)ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចថា បណ្ដឹងតវ៉ាមិនអាចទទួលយកបាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ:
-បំពេញបែបបទនៃការបដិសេធ ដោយបញ្ជាក់ពីមូលហេតុនិងកាលបរិច្ឆេទនៃការបដិសេធ
-ផ្ដល់សេចក្ដីចម្លងនៃសេចក្ដីបដិសេធមួយច្បាប់ទៅអ្នកប្ដឹងតវ៉ា និង/ឬ ទៅគណបក្សនយោបាយ
-រក្សាទុកសេចក្ដីបដិសេធមួយច្បាប់ជាឯកសារ។
មាត្រា ៦៩.-
ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ថា បណ្ដឹងតវ៉ាមានទឡ្ហីករណ៍សមហេតុសមផល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបើកសវនាការជាសាធារណៈក្នុង រយៈពេលយ៉ាងយូរបី (០៣) ថ្ងៃ ដើម្បីសម្រេច។ ក្នុងករណីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវផ្សព្វផ្សាយកាលបរិច្ឆេទ ទីកន្លែងនៃសវនាការ និងផ្ដល់ព័ត៌មានទៅអ្នកប្ដឹងតវ៉ា និង/ឬ ទៅគណបក្សនយោបាយ។
អ្នកប្ដឹងតវ៉ា និង/ឬ គណបក្សនយោបាយ និងសមាជិកគណៈកម្មការរៀបចំការបោះឆ្នោត និង/ ឬ គណៈកម្មការរៀបចំការបោះឆ្នោតដែលពាក់ព័ន្ធ ត្រូវមានវត្តមាននៅក្នុងសវនាការនេះ។
ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ព្រមតាមពាក្យបណ្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ:
-បដិសេធលទ្ធផលនៃការបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ ឬ នៅការិយាល័យបោះឆ្នោតទាំងនោះ ហើយរៀបចំឱ្យ មានការបោះឆ្នោតសាជាថ្មីនៅកន្លែងនោះមួយកន្លែងទាំងនោះក្នុង រយៈពេលប្រាំបី (០៨) ថ្ងៃយ៉ាងយូរ បន្ទាប់ពីការសម្រេចនេះ ដោយអនុវត្តតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា ៧៤ នៃច្បាប់នេះ
-បំពេញបែបបទនៃការយល់ព្រមបណ្ដឹងតវ៉ាដោយបញ្ជាក់មូលហេតុនិងកាលបរិច្ឆេទនៃការយល់ព្រម
-ផ្ដល់សេចក្ដីចម្លងនៃសេចក្ដីយល់ព្រមបណ្ដឹងតវ៉ាមួយច្បាប់ទៅអ្នកប្ដឹងតវ៉ា និង/ឬ គណបក្សនយោបាយ
-រក្សាទុកសេចក្ដីចម្លងនៃសេចក្ដីយល់ព្រមមួយច្បាប់ជាឯកសារ។
ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពុំយល់ព្រមតាមពាក្យបណ្ដឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ:
-បំពេញបែបបទនៃការបដិសេធបណ្ដឹងតវ៉ា ដោយបញ្ជាក់មូលហេតុ និងកាលបរិច្ឆេទនៃការបដិសេធ
-ផ្ដល់សេចក្ដីចម្លងនៃការបដិសេធមួយច្បាប់ទៅអ្នកប្ដឹងតវ៉ា និង/ ឬ គណបក្សនយោបាយ
-រក្សាទុកសេចក្ដីចម្លងនៃការបដិសេធមួយច្បាប់ជាឯកសារ។
សេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសេចក្ដីសម្រេចចុងក្រោយ។
មាត្រា ៧០.-
បន្ទាប់ពីបានដោះស្រាយពាក្យបណ្ដឹងតវ៉ារួចរាល់ហើយ និងបន្ទាប់ពីបានត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតទាំងអស់ រួមទាំងលទ្ធផលនៃការបោះឆ្នោតសាជាថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវផ្សព្វផ្សាយលទ្ធផលជាផ្លូវ ការនៃការបោះឆ្នោត។
មាត្រា ៧១.-
ផ្អែកតាមលទ្ធផលជាផ្លូវការនៃការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវត្រួតពិនិត្យ និងប្រកាសចំនួនអាសនៈ និងបេក្ខជនជាប់ឆ្នោតនៅក្នុងក្រុមប្រឹក្សាតាមប្រភេទនីមួយៗ។
ផ្នែកទី ៩
ការបោះឆ្នោតសាជាថ្មី
មាត្រា ៧២.-
ការបោះឆ្នោតសាជាថ្មី ត្រូវធ្វើឡើងបន្ទាប់ពីកាលៈទេសៈមានអាសន្ន។
កាលៈទេសៈមានអាសន្នអាចមានករណីណាមួយ ក្នុងចំណោមករណីដូចខាងក្រោម:
-អសន្ដិសុខជាសាធារណៈ
-ទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយផែនដី ឬ គ្រោះធម្មជាតិផ្សេងៗទៀត
-ការដួលរលំអគារសម្រាប់បម្រើការបោះឆ្នោតដោយយថាហេតុណាមួយ អគ្គិភ័យ ឬ ការខូចខាតប្រហាក់ប្រហែលគ្នាដែលនាំឱ្យមានគ្រោះថ្នាក់
-ការរាំងស្ទះផ្នែករដ្ឋបាលដែលមិនអាចឱ្យការបោះឆ្នោតដំណើរការបាន។
មាត្រា ៧៣.-
ក្នុងករណីដែលកាលៈទេសៈមានអាសន្នដូចបានចែងក្នុងមាត្រា ៧២ នៃច្បាប់នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវរាយការណ៍ភ្លាម ជូននាយករដ្ឋមន្ត្រី។
មាត្រា ៧៤.-
ក្នុងករណីដែលការិយាល័យបោះឆ្នោតណាមួយមានអាសន្នដូចមានចែងក្នុង មាត្រា ៧២ ឬ ករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធលទ្ធផលនៃការបោះឆ្នោតនៅការិយាល័យបោះឆ្នោតណាមួយដូចមានចែង ក្នុងមាត្រា ៦៩ នៃច្បាប់នេះ ការបោះឆ្នោតនៅការិយាល័យនោះត្រូវធ្វើសាជាថ្មី ក្នុងរយៈពេលយ៉ាងយូរប្រាំបី(០៨) ថ្ងៃក្រោយ នៅទីកន្លែងសមស្របដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។
អ្នកបោះឆ្នោតទាំងអស់ដែលមានសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោត នោះត្រូវអនុញ្ញាតឱ្យបោះឆ្នោត ទោះបីជាអ្នកទាំងនោះបានឆ្នោតហើយក្ដី ឬ មិនទាន់បានបោះឆ្នោតក្ដី។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធានាឱ្យមានសន្លឹកឆ្នោត គ្រប់ចំនួនដែលបោះពុម្ពលើក្រដាសពណ៌ផ្សេងពីលើកមុន។
បែបបទនីតិវិធីការបោះឆ្នោតសាជាថ្មី ត្រូវកំណត់ដោយបទបញ្ជានិងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ផ្នែកទី ១០
ការដាក់ជំនួសសមាជិកក្រុមប្រឹក្សា
មាត្រា ៧៥.-
ក្នុងករណីសមាជិកក្រុមប្រឹក្សាណាម្នាក់បានបាត់បង់សមាជិកភាពដូចមាន ចែងក្នុងមាត្រា ២២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវជ្រើសរើសបេក្ខជន ដែលមានឈ្មោះក្នុងលេខរៀងលំដាប់បន្ទាប់ក្នុងបញ្ជីបេក្ខជនជាមួយមក ជំនួសស្របតាមមាត្រា ២៣ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមិនបាច់ធ្វើការបោះឆ្នោតឡើងវិញឡើយ។
ផ្នែកទី ១១
សមត្ថកិច្ចដោះស្រាយវិវាទក្នុងការបោះឆ្នោត
មាត្រា ៧៦.-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវសម្រេចលើវិវាទទាំងអស់ដែលពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។
សេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសេចក្ដីសម្រេចចុងក្រោយ។
មាត្រា ៧៧.-
គណៈកម្មការការិយាល័យបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតគណៈកម្មការក្រុងស្រុក ខណ្ឌរៀបចំការការបោះឆ្នោត និងគណៈកម្មការរាជធានីរៀបចំការបោះឆ្នោត គណៈកម្មការខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវដោះស្រាយការប្ដឹងតវ៉ា ឬ ប្ដឹងជំទាស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវរៀបចំនីតិវិធីទាក់ទងនឹងការប្ដឹងតវ៉ានិងការប្ដឹងជំទាស់នេះ។
ផ្នែកទី ១២
ការបោះឆ្នោតឡើងវិញ
មាត្រា ៧៨.-
ការរៀបចំធ្វើការបោះឆ្នោតឡើងវិញ ត្រូវធ្វើឡើងនៅក្នុងករណីណាមួយដូចខាងក្រោម:
-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបង្កើតថ្មីតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងមាត្រា ៦ និង មាត្រា ៧ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
-ក្រុមប្រឹក្សារាជធានី ឬ ខេត្ត ឬ ក្រុង ឬ ស្រុក ឬ ខណ្ឌ ដែលត្រូវរំសាយតាមល័ក្ខខ័ណ្ឌដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ការបោះឆ្នោតឡើងវិញសម្រាប់ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបង្កើតថ្មី ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរពីររយសែសិប(២៤០) ថ្ងៃ បន្ទាប់ពីការបង្កើតខេត្ត ក្រុង ស្រុក ខណ្ឌនោះ។
ការបោះឆ្នោតឡើងវិញសម្រាប់ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុង ខណ្ឌ ដែលត្រូវរំសាយតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងមាត្រា ២៤ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើឡើងក្នុងរយៈពេលយ៉ាងយូរមួយរយម្ភៃ(១២០)ថ្ងៃ បន្ទាប់ពីត្រូវបានរំសាយ។
កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតឡើងវិញ ត្រូវកំណត់ដោយនាយករដ្ឋមន្ត្រីតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ៧៩.-
ការបោះឆ្នោតឡើងវិញត្រូវប្រព្រឹត្តទៅក្រោមការគ្រប់គ្រង និងការចាត់ចែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុលោមទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
មាត្រា ៨០.-
ក្រុមប្រឹក្សាដែលកើតឡើងដោយការបោះឆ្នោតឡើងវិញខាងលើនេះ មានអាណត្តិស្មើនឹងអាណត្តិដែលនៅសល់របស់ក្រុមប្រឹក្សានោះតែ ប៉ុណ្ណោះ។
មាត្រា ៨១.-
ការបោះឆ្នោតឡើងវិញមិនត្រូវអនុញ្ញាតឱ្យ ធ្វើឡើយប្រសិនបើអាណត្តិដែលនៅសល់របស់ក្រុមប្រឹក្សាមានរយៈពេលមិន លើសពីមួយរយប៉ែតសិប(១៨០)ថ្ងៃ។
ក្នុងរយៈពេលនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវអនុវត្តតាមបទប្បញ្ញត្តិដូចមានចែង ក្នុងមាត្រា ២៧ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ជំពូកទី ៣
អំពីថវិកា
មាត្រា ៨២.-
បទប្បញ្ញត្តិដែលចែងក្នុងមាត្រា ១២១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវយកមកអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។
ជំពូកទី ៤
អំពីទោសប្បញ្ញត្តិ
មាត្រា ៨៣.-
ទោសប្បញ្ញត្តិដូចមានចែងក្នុងជំពូកទី ១១ មាត្រា ១២៤ ថ្មី មាត្រា ១២៦ ថ្មី មាត្រា ១២៨ថ្មី មាត្រា ១២៩ ថ្មី មាត្រា ១៣០ ថ្មី នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ ត្រូវយកមកអនុវត្តចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។
មាត្រា ៨៤.-
ត្រូវព្រមានចំពោះជនណានាដែលប្រព្រឹត្តល្មើសនឹងមាត្រា ៤៤ នៃច្បាប់នេះ។
ក្នុងករណីដែលនៅពុំព្រមអនុវត្តតាម ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសម្រាប់រយៈពេល ប្រាំ (០៥) ឆ្នាំ លុបបេក្ខភាពរបស់សាមីខ្លួន ឬ លុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ និង/ឬត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀលដល់ដប់លាន (១០.០០០.០០០) រៀល។
មាត្រា ៨៥.-
ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីដប់លាន (១០.០០០.០០០)រៀល ទៅម្ភៃប្រាំលាន (២៥.០០០.០០០រៀល) ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត និង/ឬលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសម្រាប់រយៈពេលប្រាំ (០៥)ឆ្នាំ ចំពោះសមាជិកគណៈកម្មាធិការជាតិសមាជិកគណៈកម្មការរាជធានី សមាជិកគណៈកម្មការខេត្ត សមាជិកគណៈកម្មការក្រុង ស្រុក ខណ្ឌរៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មការការិយាល័យបោះឆ្នោត ដែលបន្លំឯកសារ បន្លំសន្លឹកឆ្នោត ឬ ប្រើកលល្បិចដើម្បីបន្លំលទ្ធផលនៃបោះឆ្នោត។
មាត្រា ៨៦.-
ត្រូវព្រមានចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ១០០ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្នុងករណីដែលមិនព្រមអនុវត្តតាមការព្រមាននេះ ត្រូវឃាត់ខ្លួន និងដកហូតអាវុធសម្រាប់រយៈពេលសែសិបប្រាំបី (៤៨) ម៉ោង ដោយភ្នាក់ងារមានសមត្ថកិច្ច និងផ្ដន្ទាទោសពិន័យជាប្រាក់ពីដប់លាន (១០.០០០.០០០)រៀល ដល់ហាសិបលាន (៥០.០០០.០០០) រៀល។
ប្រសិនបើជនល្មើសនោះ ជាមន្ត្រីរាជការស៊ីវិល កងយោធលខេមរភូមិន្ទ នគរបាលជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ:
-ស្នើទៅប្រធានស្ថាប័នរបស់សាមីខ្លួន ដើម្បីឱ្យ ដាក់វិន័យរដ្ឋបាលចាប់ពីការដាក់ឱ្យនៅទំនេរដោយគ្មានបៀវត្ស រហូតដល់ការបណ្ដេញចេញពីមុខតំណែងយោលទៅតាមកម្រិតនៃបទល្មើស
-លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត។
ប្រសិនបើជនល្មើសនោះជាភ្នាក់ងារ ឬ ជាសមាជិក ឬ ជាបុគ្គលិករបស់គណៈកម្មាធិការជាតិ ឬ គណៈកម្មការរាជធានី ឬ គណៈកម្មការខេត្ត ឬ គណៈកម្មការក្រុង ស្រុក ខណ្ឌ រៀបចំការបោះឆ្នោត ត្រូវលុបឈ្មោះចេញពីការងារភ្លាម និងមិនឱ្យចូលបម្រើការងារជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោត ឬ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ សម្រាប់រយៈពេលដប់ (១០)ឆ្នាំ ចាប់ពីសម័យបោះឆ្នោតនេះទៅ បន្ថែមលើទណ្ឌកម្មដូចមានចែងក្នុងវាក្យខ័ណ្ឌទី ១ នៃមាត្រានេះ។
មាត្រា ៨៧.-
ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០) រៀល ទៅដប់លាន (១០.០០០.០០០)រៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត និង/ឬ ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំពោះជនណា ឬ គណបក្សនយោបាយណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ៤៥ នៃច្បាប់នេះ ឬ មាត្រា ៧៦ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
មាត្រា ៨៨.-
ត្រូវព្រមានចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ៧៧ និងបទប្បញ្ញត្តិនៃមាត្រា ៧៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ក្នុងករណីដែលនៅតែពុំព្រមអនុវត្តតាម ត្រូវលុបឈ្មោះពីបញ្ជីបោះឆ្នោតសម្រាប់រយៈពេលប្រាំ (០៥)ឆ្នាំ និងត្រូវស្នើទៅប្រធានស្ថាប័នរបស់សាមីខ្លួនឱ្យដាក់វិន័យរដ្ឋបាល ចាប់ពីការដាក់ឱ្យនៅទំនេរដោយគ្មានបៀវត្ស រហូតដល់បណ្ដេញចេញពីមុខតំណែងនិង/ ឬត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីមួយលាន (១.០០០.០០០)រៀលដល់ពីរលាន (២.០០០.០០០)រៀល។
ជំពូកទី ៥
អំពីអន្តរប្បញ្ញត្តិ
មាត្រា ៨៩.-
កាលបរិច្ឆេទនៃការបោះឆ្នោតលើកទី ១ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ត្រូវធ្វើឡើងក្នុងរយៈពេលដប់ពីរ (១២)ខែយ៉ាងយូរ បន្ទាប់ពីច្បាប់នេះចូលជាធរមាន។
មាត្រា ៩០.-
ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាលើកទី១ ចំនួនសមាជិកក្រុមប្រឹក្សា ត្រូវកំណត់ក្នុងរយៈពេលយ៉ាងយូររយម្ភៃ(១២០)ថ្ងៃមុនថ្ងៃបោះឆ្នោត ដោយអនុលោមតាមមាត្រា ១៨ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ជំពូកទី ៦
អវសានប្បញ្ញត្តិ
មាត្រា ៩១.-
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះត្រូវចាត់ទុកជានិរាករណ៍។
មាត្រា ៩២.-
ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់។