ច្បាប់ស្ដីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតិនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ការងារ
ខែសីហា 26, 2011 បញ្ចេញមតិ
ជំពូកទី ១
បទប្បញ្ញត្តិទូទៅ
មាត្រា ១.-
ច្បាប់នេះមានគោលបំណងបង្កើតឱ្យ មានរបបសន្តិសុខសង្គមសំរាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចតទៅ :
១-ផ្នែកប្រាក់សោធនដែលត្រូវទទួលបន្ទុកផ្ដល់តាវកាលិកជរាភាព ទុព្វលភាពនិង មរណភាព ។
២-ផ្នែកហានិភ័យការងារដែលត្រូវទទួលបន្ទុកផ្ដល់តាវកាលិកគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ។
ចំពោះផ្នែកដទៃទៀតនឹងត្រូវកំណត់ដោយអនុក្រឹត្យជាបន្តបន្ទាប់ ដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃសេដ្ឋកិច្ចជាតិ ។
មាត្រា ២.-
សេវាដែលត្រូវបំពេញបន្ថែមលើតាវកាលិកទាំងនេះរួមមាន សកម្មភាពផ្នែកសុខាភិបាលនិងសង្គមកិច្ចត្រូវកំណត់ដោយអនុក្រឹត្យ ។
មាត្រា ៣.-
របបសន្តិសុខសង្គមដែលបង្កើតដោយច្បាប់នេះត្រូវធានារ៉ាប់រងដោយបេឡា ជាតិរបបសន្តិសុខសង្គមសរសេរកាត់ថា”ប.ស.ស” ។ បេឡាជាតិរបបសន្តិសុខសង្គមជាគ្រឹះស្ថានសាធារណៈដែលត្រូវបង្កើតដោយ អនុក្រឹត្យអនុលោមតាមច្បាប់ស្ដីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ ដែលប្រកាសឱ្យ ប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៦៩៦/០៣ ចុះ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៩៦ និងព្រះរាជក្រឹត្យលេខ នស/រកត/១២៩៧/៩១ ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៩៧ ស្ដីពីលក្ខន្តិកៈគតិយុត្តិនៃគ្រឹះស្ថានសាធារណៈ ។
មាត្រា ៤.-
ជនដែលត្រូវដាក់បញ្ចូលឱ្យ នៅក្នុងរបបសន្តិសុខសង្គមតាមច្បាប់នេះ ដោយមិនមានបែងចែកពីពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា គំនិតនយោបាយជាតិកំណើត ដើមកំណើតសង្គម ការចូលជាសមាជិកសហជីពកម្មករនិយោជិត ឬការធ្វើសកម្មភាពក្នុងសហជីពគឺ :
-កម្មករនិយោជិតទាំងអស់ដែល ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ប្រសិនបើជនទាំងនោះធ្វើសកម្មភាពការងារនៅក្នុងទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់និយោជកម្នាក់ ឬច្រើននាក់ ដោយមិនគិតដល់ប្រភេទ ទម្រង់និងសុពលភាពនៃកិច្ចសន្យា ឬប្រភេទនិងចំនួននៃប្រាក់ឈ្នួលដែលជននោះបានធ្វើឬបានទទួលឡើយ ។
-កម្មករនិយោជិតរដ្ឋ កម្មករនិយោជិតនៃអង្គការសាធារណៈ និងបុគ្គលិកទាំងអស់ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយសហ លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬលក្ខន្តិកៈទូត ព្រមទាំងភ្នាក់ងារក្រមរាជការសាធារណៈដែលតែងតាំងដោយបណ្ដោះអាសន្ន ។
-សិស្សសាលាវិជ្ជាជីវៈ ជនដែលដាក់ឱ្យ ធ្វើការងារនៅក្នុងមណ្ឌលបណ្ដុះបណ្ដាលសម្របសម្រួលនិងអប់រំវិជ្ជាជីវៈ សាឡើងវិញនិងកូនជាង ត្រូវចាត់ទុកដូចជាកម្មករ និយោជិត ដូចមានចែងនៅក្នុងវាក្យខ័ណ្ឌ ១ នៃមាត្រានេះដែរ ។ បែបបទសម្រាប់អនុវត្តបទប្បញ្ញត្តិផ្នែកនេះ ត្រូវកំណត់ដោយប្រកាសនៃរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យរបប សន្តិសុខសង្គម ។
-ជនដែលប្រកបមុខរបរក្នុង វិជ្ជាជីវៈសេរីដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទទួល បន្ទុកវិស័យរបបសន្តិសុខសង្គម។
-កម្មករនិយោជិតធ្វើការ ម្ដងម្កាល ឬតាមរដូវ ។ បែបបទចាំបាច់ដោយឡែកផ្សេងទៀតសម្រាប់ការអនុវត្តបទប្បញ្ញត្តិនៃ ផ្នែកនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យរបប សន្តិសុខសង្គម បន្ទាប់ពីបានទទួលយោបល់ពីក្រុមប្រឹក្សាបច្ចេកទេស និងក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម ។
សមាសភាពនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាភិបាលបច្ចេកទេស ត្រូវកំណត់ដោយអនុក្រឹត្យ ។
មាត្រា ៥.-
១- ជនទាំងឡាយណាដែលត្រូវបានចូលក្នុងរបបសន្តិសុខសង្គមក្នុងរយៈពេល យ៉ាងតិចប្រាំមួយ (៦)ខែ ជាបន្តបន្ទាប់មកហើយៗអស់លទ្ធភាពបំពេញលក្ខខណ្ឌនៃការបញ្ចូលក្នុង របបសន្តិសុខសង្គមនៃច្បាប់នេះ ប៉ុន្តែចង់បន្តដោយស្ម័គ្រចិត្តនៅក្នុងផ្នែកសោធនតទៅទៀត ត្រូវដាក់ពាក្យសុំក្នុងរយៈពេលបីខែ ក្រោយពីថ្ងៃដែលខ្លួនបានបញ្ចប់កាលបរិច្ឆេទតាមសេចក្ដីតម្រូវនៃការ បញ្ចូលទៅក្នុងរបបនេះ ។
២- បន្ទាប់ពីបានទទួលយោបល់ពីក្រុមប្រឹក្សាបច្ចេកទេស និងក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គមត្រូវចេញប្រកាស កំណត់អំពីបែបបទអនុវត្តចំពោះការធានារ៉ាប់រង ផ្នែកសោធនតាមការស្ម័គ្រចិត្តដូចមានចែងក្នុងមាត្រានេះ ។
មាត្រា ៦.-
និយោជកនិងកម្មករនិយោជិតទាំងអស់ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់នេះត្រូវមានកាតព្វកិច្ចបង់ភាគទានជូនដល់ ប.ស.ស ។ បែបបទនិងនីតិវិធីនៃការបង់ភាគទាននិងការទទួលតាវកាលិក ត្រូវកំណត់ក្នុងអនុក្រឹត្យស្ដីពីការបង្កើត ប.ស.ស ដូចមានចែងក្នុងមាត្រា ៣ ខាងលើ ។
ផ្នែកប្រាក់សោធន
មាត្រា ៧.-
តាវកាលិកនៃផ្នែកប្រាក់សោធនមានជាអាទិ៍ សោធនជរាភាព វិភាជន៍ជរាភាព សោធនទុព្វលភាព សោធនចំពោះអ្នកនៅក្នុងបន្ទុកនិងវិភាជន៍ចំពោះអ្នកនៅក្នុងបន្ទុក ។
មាត្រា ៨.-
១- សមាជិកប.ស.ស ដែលមានអាយុ ៥៥ឆ្នាំ មានសិទ្ធទទួលនូវប្រាក់សោធនជរាភាព ប្រសិនបើជននោះបានបំពេញលក្ខខណ្ឌដូចតទៅ :
ក- ចុះឈ្មោះក្នុងបញ្ជីនៃ ប.ស.ស ក្នុងថិរវេលាយ៉ាងតិចម្ភៃ (២០)ឆ្នាំ ។
ខ- បានបង់ភាគទានយ៉ាងតិចបំផុតហុកសិប (៦០)ខែ សម្រាប់របបសន្តិសុខសង្គមក្នុងអំឡុងពេលដប់ឆ្នាំចុងក្រោយ គិតរហូតមកទល់កាលបរិច្ឆេទដែលមានសិទ្ធិត្រូវបានទទួលប្រាក់សោធន ។
២- សមាជិក ប.ស.ស ដែលមានការចុះទន់ខ្សោយសម្បទាមុនអាយុ ៥៥ឆ្នាំ ទោះជាខាងស្មារតីក្ដីឬរាងកាយក្ដីបណ្ដាលឲ្យ បាត់បង់សមត្ថភាពការងារដែលទទួលបានប្រាក់ឈ្នួល ប៉ុន្តែបានបំពេញនូវលក្ខខណ្ឌដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើនេះ អាចស្នើសុំប្រាក់សោធនកាលាទិករណ៍បាន ។ បែបបទនៃការកំណត់និងការត្រួតពិនិត្យភាពចុះទន់ខ្សោយសម្បទាមុនអាយុ ៥៥ឆ្នាំ ត្រូវចេញដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យរបប សន្តិសុខសង្គម បន្ទាប់ពីការផ្ដល់យោបល់ពីក្រុមប្រឹក្សាភិបាលនៃ ប.ស. ស ។
៣- ប្រាក់សោធនជរាភាពនិងប្រាក់សោធនកាលាទិករណ៍មានប្រសិទ្ធភាពនៅថ្ងៃទី មួយនៃខែតាមប្រតិទិន បន្ទាប់ពីកាលបរិច្ឆេទដែលសាមីជនបានបំពេញតាមលក្ខខណ្ឌត្រឹមត្រូវរួច ហើយ ប្រសិនបើសាមីជននោះបានផ្ញើពាក្យសុំមក ប.ស.ស ក្នុងរយៈពេលដែលដប់ពីរ (១២)ខែ បន្ទាប់ពីកាលបរិច្ឆេទដូចពោលខាងលើ ។ ក្នុងករណីដែលពាក្យសុំប្រាក់សោធនធ្វើនៅក្រោយថិរវេលាដូចមានចែង ខាងលើ ប្រាក់សោធននឹងត្រូវមានប្រសិទ្ធភាពនៅថ្ងៃទីមួយនៃខែតាមប្រតិទិន បន្ទាប់ពីកាលបរិច្ឆេទនៃថ្ងៃដែលបានទទួលពាក្យសុំ ។
៤- សមាជិក ប.ស.ស ដែលមានអាយុ ៥៥ឆ្នាំ បានបង់ភាគទានតិចជាងហុកសិប (៦០)ខែ សម្រាប់របបសន្តិសុខសង្គម ថែមទាំងបានបញ្ចប់គ្រប់ការងារដែលអាចទទួលបានប្រាក់ឈ្នួល ប៉ុន្តែមិនទាន់បានបំពេញលក្ខខណ្ឌផ្សេងទៀតដើម្បីអាចទទួលបានប្រាក់ សោធនជរាភាព ត្រូវមានសិទ្ធិទទួលវិភាជន៍ជរាភាពដែលត្រូវបើកឲ្យ តែម្ដងគត់ ។
មាត្រា ៩.-
សមាជិក ប.ស.ស ដែលធ្លាក់ក្នុងទុព្វលភាពមុនអាយុ ៥៥ឆ្នាំ មានសិទ្ធិទទួលនូវប្រាក់សោធនទុព្វលភាព ប្រសិនបើសាមីជនបានបំពេញលក្ខខណ្ឌដូចតទៅ :
ក- មានឈ្មោះក្នុងបញ្ជីនៃ ប.ស.ស យ៉ាងតិចប្រាំ (៥ឆ្នាំ) ។
ខ- បានបង់ភាគទានចំនួនប្រាំមួយ (៦)ខែសម្រាប់សន្តិសុខសង្គមក្នុងអំឡុងពេលដប់ពីរ (១២)ខែចុងក្រោយ ដោយគិតមកទល់ថ្ងៃដែលសាមីជនចាប់ផ្ដើមបាត់បង់សមត្ថភាពការងារដោយសារ ទុព្វលភាព ។
មាត្រា ១០.-
ប្រសិនបើសាមីជននៃសោធនជរាភាព ឬទុព្វលភាព ឬសោធនកាលាទិករណ៍ទទួលមរណភាព ឬក៏ក្នុងករណីដែលសមាជិក ប.ស.ស ទទួលមរណភាព ហើយដែលនៅក្នុងកាលបរិច្ឆេទនៃមរណភាពនេះ ជននោះបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការទទួលយកអត្ថប្រយោជន៍ ពីសោធនជរាភាព ឬទុព្វលភាព ឬក៏បានបង់ភាគទានចំនួនមួយរយប៉ែតសិប (១៨០)ខែ សម្រាប់របបសន្តិសុខសង្គមរួចហើយ អ្នកសិទ្ធិវន្តនៃជនទាំងនោះមានសិទ្ធិទទួលបាននូវសោធនចំពោះអ្នកនៅ ក្នុងបន្ទុក ។
មាត្រា ១១.-
ប្រសិនបើសមាជិក ប.ស.ស មិនអាចមានសិទ្ធិទទួលនូវប្រាក់សោធនទុព្វលភាពបាននិងមិនទាន់បាន បង់ភាគទានគ្រប់ចំនួនមួយរយប៉ែតសិប (១៨០)ខែសម្រាប់របបសន្តិសុខសង្គម គិតមកទល់នឹងថ្ងៃដែលខ្លួនទទួលមរណភាពនោះ ប្ដីឬប្រពន្ធដែលជាទុព្វលជនក្ដីឬមិនមែនក្ដី ព្រមទាំងកូនកំព្រានៃសាមីជន ត្រូវមានសិទ្ធិទទួលអត្ថប្រយោជន៍ជាវិភាជន៍ចំពោះអ្នកនៅក្នុងបន្ទុក ដែលបើកឱ្យ តែម្ដងគត់ ក្នុងចំនួនមិនតិចជាងប្រាក់សោធនជរាភាពប្រចាំខែសម្រាប់សមាជិក ប.ស.ស នោះ ។
ជំពូកទី ៣
ផ្នែកហានិភ័យការងារ
មាត្រា ១២.-
ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករនិយោជិតដោយធ្វើការ ឬក្នុងពេលធ្វើការ ទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសពីកម្មករនិយោជិត ឬគ្មានក៏ដោយ គឺគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករនិយោជិត ក្នុងពេលធ្វើការឱ្យនិយោជក ឬនាយកសហគ្រាស ឬធ្លាក់លើសិស្សវិជ្ជាជីវៈមានឈ្នួលក្ដី ឥតឈ្នួលក្ដី កាន់មុខងារជាអ្វីនៅទីកន្លែងណាក៏ដោយ ។
ម្យ៉ាងវិញទៀត ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ ចំពោះគ្រោះថ្នាក់ណាដែលធ្លាក់លើរូបកាយកម្មករនិយោជិត ក្នុងពេលដែលសាមីខ្លួនធ្វើដំណើរពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅ ទីកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬដោយគ្មានវាងទៅកន្លែងផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ឬក្រៅពីការងារដែលគេតម្រូវឱ្យ ទៅ ។
មាត្រា ១៣.-
១- ជំងឺដែលបណ្ដាលមកពីវិជ្ជាជីវៈ ក៏ត្រូវចាត់ទុកថាជាហានិភ័យការងារដែរ ។
រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គម និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវចេញប្រកាសរួមស្ដីពីការកំណត់ បញ្ជីជំងឺវិជ្ជាជីវៈ ដោយមានភ្ជាប់មកជាមួយនូវបញ្ជីនៃមុខរបរប្រើកំលាំងកាយ មុខរបរដែលប៉ះពាល់ដោយជាតិពុល និងមុខរបរដែលត្រូវអនុវត្តនៅក្នុងលក្ខខណ្ឌ ឬតំបន់មានលក្ខណៈមិនប្រក្រតី ដែលនាំឱ្យ អ្នកធ្វើការកើតជំងឺផ្សេងៗ បន្ទាប់ពីការផ្ដល់យោបល់ពីក្រុមប្រឹក្សាបច្ចេកទេស ។
២- បញ្ជីនេះត្រូវសើរើពិនិត្យឡើងវិញជាកាលិកដើម្បីកែលំអបច្ចេកទេសឱ្យ បានជឿនលឿន និងជំរុញការយល់ដឹងខាងវេជ្ជសាស្ត្រសម្រាប់ជាមូលដ្ឋានក្នុងការ ទប់ស្កាត់គ្រោះថ្នាក់ជំងឺវិជ្ជាជីវៈ ។
៣- ជំងឺដែលគេបានប្រកាសថាជាហានិភ័យការងារ ក្រោយពីកាលបរិច្ឆេទដែលកម្មករនិយោជិតបានឈប់ធ្វើការងារហើយនោះ ក៏អាចបើកសិទ្ធិឱ្យ អ្នករងគ្រោះទទួលតាវកាលិកសម្រាប់ហានិភ័យការងារបានដែរ បើការប្រកាសនោះស្ថិតក្នុងអំឡុងពេលដែលមានបញ្ជាក់ក្នុងបញ្ជីនៃ ជំងឺវិជ្ជាជីវៈ ដែលមានចែងក្នុងវាក្យខ័ណ្ឌទី ១ ខាងលើ ។
មាត្រា ១៤.-
១- អ្នករងគ្រោះថ្នាក់ដោយគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈត្រូវជូនដំណឹងជាបន្ទាន់ទៅនិយោជក ឬអ្នកតំណាងនៃនិយោជកនោះ អំពីគ្រោះថ្នាក់ដែលធ្លាក់មកលើខ្លួន លើកលែងតែក្នុងករណីប្រធានសក្ដិ៍ ឬការមិនមានលទ្ធភាពជាស្ថាពរ ឬក៏មានមូលហេតុសមហេតុសមផល ។ កាតព្វកិច្ចដូចគ្នានេះដែរ បើក្នុងករណីមានគ្រោះថ្នាក់បណ្ដាលឱ្យ បាត់បង់ជីវិត ត្រូវធ្លាក់ទៅលើអ្នកសិទ្ធិវន្ត ។
២- និយោជកត្រូវជូនដំណឹងទៅ ប.ស.ស ក្នុងរយៈពេលយ៉ាងយូរសែសិបប្រាំបី (៤៨)ម៉ោង ចំពោះគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈដែលធ្លាក់លើរូបកាយនិយោជិតកម្មករដែលធ្វើការក្នុង សហគ្រាសរបស់ខ្លួន ។ ការជូនដំណឹងនេះត្រូវធ្វើតាមទំរង់បែបបទដែលមានកំណត់ក្នុងប្រកាស រួមនៃក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គម និងក្រសួងសុខាភិបាល តាមសំណើរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស ។
៣- បែបបទនៃការត្រួតពិនិត្យនិងកាតព្វកិច្ចនៃអ្នករងគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈត្រូវកំណត់ដោយប្រកាសរួមនៃក្រសួងទទួលបន្ទុកវិស័យ របបសន្តិសុខសង្គម និងក្រសួងសុខាភិបាល ។
មាត្រា ១៥.-
តាវកាលិកនៃហានិភ័យការងារមាន :
ក- ការថែទាំនិងព្យាបាលមុខរបួសដែលបណ្ដាលមកពីគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈ ទោះបីគ្រោះថ្នាក់នោះបណ្ដាលឱ្យមានការអាក់ខានធ្វើការក្ដី ឬគ្មានក្ដី ។
ខ- ការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់គ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈ ដែលបណ្ដាលឱ្យ បាត់បង់សមត្ថភាពការងារជាបណ្ដោះអាសន្ន ។
គ- ការផ្ដល់ធនលាភ ឬប្រាក់វិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារ ចំពោះគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈ ដែលបណ្ដាលឱ្យ បាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ ។
ឃ- ការផ្ដល់ប្រាក់វិភាជន៍ជាសោហ៊ុយសម្រាប់បូជាសព និងធនលាភចំពោះឧត្តរជីរីនៃជនរងគ្រោះ ។
មាត្រា ១៦.-
ការថែទាំនិងព្យាបាលមានជាអាទិ៍ដូចខាងក្រោម :
ក- ការជួយរ៉ាប់រងក្នុងការព្យាបាល ការវះកាត់ កិច្ចការទន្តសាស្ត្រព្រមទាំងការពិនិត្យដោយវិទ្យុកាំរស្មី ការពិនិត្យរបស់មន្ទីរពិសោធន៍ និងការវិភាគផ្សេងៗ ។
ខ- ការផ្គត់ផ្គង់ឱសថសម្រាប់ព្យាបាលនិងសម្ភារៈប្រើប្រាស់បន្ទាប់បន្សំសម្រាប់ការព្យាបាល ។
គ- ការផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ការថែទាំអ្នករងគ្រោះនៅក្នុងមន្ទីរពេទ្យ ឬក្នុងទីផ្សេងទៀត ។
ឃ- ការផ្គត់ផ្គង់ ការថែទាំ ឬជួសជុលជាថ្មីនូវឧបករណ៍អវយវៈសិប្បនិម្មិត ឬការកែទម្រង់កាយដោយគ្រូពេទ្យផ្លូវការ ឬគ្រូពេទ្យទទួលស្គាល់ដោយ ប.ស.ស តម្រូវឱ្យ ធ្វើ ឬការកែលំអសំរបសំរួលមុខងារ ឬការអប់រំវិជ្ជាជីវៈឡើងវិញ ។
ង- ការសម្របសម្រួលការងារ ការអប់រំវិជ្ជាជីវៈឡើងវិញ ការចាត់ថ្នាក់ការងារឡើងវិញតាមលក្ខខណ្ឌដែលកំណត់ដោយប្រកាសនៃ ក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គម ។
ច- ការដឹកជនរងគ្រោះពីកន្លែងគ្រោះថ្នាក់ទៅកាន់កន្លែងព្យាបាល ឬទៅកាន់លំនៅស្ថាន ។
មាត្រា ១៧.-
ក្នុងករណីដែលមានការបាត់បង់សមត្ថភាពការងារជាបណ្ដោះអាសន្ន ដោយមានការបញ្ជាក់យ៉ាងត្រឹមត្រូវពីគ្រូពេទ្យផ្លូវការ ឬគ្រូពេទ្យទទួលស្គាល់ដោយ ប.ស.ស អ្នករងគ្រោះមានសិទ្ធិទទួលនូវប្រាក់បំណាច់ប្រចាំថ្ងៃ ។ ប្រាក់បំណាច់ប្រចាំថ្ងៃ ត្រូវបើកឱ្យអ្នករងគ្រោះរហូតដល់ថ្ងៃដែលមុខរបួសបានជាសះស្បើយ ឬដល់ថ្ងៃដែលអ្នករងគ្រោះទទួលមរណភាពដោយសារមុខរបួស បន្ទាប់ពីមានការព្យាបាលមួយរយៈពេលមក ។ ប្រាក់ឈ្នួលប្រចាំថ្ងៃរបស់កម្មករនិយោជិតសម្រាប់ថ្ងៃផ្អាកការងារ ដំបូង ត្រូវនៅក្នុងបន្ទុករបស់និយោជក ។
មាត្រា ១៨.–
បន្ទាប់ពីមានការបញ្ជាក់យ៉ាងត្រឹមត្រូវពីគ្រូពេទ្យផ្លូវការ ឬគ្រូពេទ្យទទួលស្គាល់ដោយ ប.ស.ស ថាខ្លួនបានបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍មក អ្នករងគ្រោះមានសិទ្ធទទួលបាននូវ :
ក- ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ ប្រសិនបើកម្រិតនៃការបាត់បង់សមត្ថភាពការងារមានយ៉ាងតិចស្មើនឹងម្ភៃ ភាគរយ(២០%)។
ខ- ប្រាក់វិភាជន៍សំរាប់ការបាត់បង់សមត្ថភាពការងារដែលត្រូវបើកឱ្យ តែម្ដងគត់ ប្រសិនបើកម្រិតនៃការបាត់បង់សមត្ថភាពការងារនោះតិចជាងម្ភៃភាគរយ (២០%)។
កម្រិតនៃការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ត្រូវកំណត់ដោយប្រកាស នៃរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គម តាមសំណើរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស ។
មាត្រា ១៩.-
ក្នុងករណីមានហានិភ័យការងាររហូតបណ្ដាលឱ្យអ្នករងគ្រោះបាត់បង់ជីវិត បេឡាជាតិរបបសន្តិសុខសង្គមត្រូវផ្ដល់ប្រាក់វិភាជន៍សំរាប់ជាសោហ៊ុយ បូជាសព និងប្រាក់ធនលាភចំពោះអ្នកសិទ្ធិវន្តនៃជនរងគ្រោះ ។
មាត្រា ២០.-
ឧត្តរជីរីនៃជនរងគ្រោះ គឺជនទាំងអស់ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម :
ក- ប្រពន្ធ ឬប្ដីមិនមានការលែងលះ ឬក៏បែកបាក់គ្នា បានរៀបការពេញច្បាប់ដោយមានចុះបញ្ជីអត្រានុកូលដ្ឋានមុនពេលមាន គ្រោះថ្នាក់ ឬមុនពេលជនរងគ្រោះបាត់បង់ជីវិត ទោះជាការរៀបការនេះធ្វើឡើងក្រោយពេលដែលមានគ្រោះថ្នាក់ការងារក៏ ដោយ ។
ខ- កូនទាំងអស់ដែលនៅក្នុងបន្ទុកនៃអ្នករងគ្រោះដែលត្រូវកំណត់ក្នុងអនុក្រឹត្យស្ដីពីការបង្កើត ប.ស.ស ។
គ- ឪពុកម្ដាយ ឬមនុស្សចាស់ជរា ដែលស្ថិតនៅក្រោមអាណាព្យាបាលនិងនៅក្នុងបន្ទុកដោយផ្ទាល់នៃអ្នក រងគ្រោះ ក្នុងឱកាសដែលមានគ្រោះថ្នាក់ ។
មាត្រា ២១.-
១- ចំពោះសមាជិក ប.ស.ស ដែលបានទទួលប្រាក់ធនលាភដោយការបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ ដោយផ្នែក ប៉ុន្តែត្រូវរងនូវហានិភ័យការងារជាថ្មីម្ដងទៀត ត្រូវមានការគិតគូរឡើងវិញនូវចំនួនប្រាក់ធនលាភថ្មី ដោយផ្អែកលើកម្រិតនៃការបាត់បង់សមត្ថភាពការងារថ្មីនោះ។ ទោះជាយ៉ាងនេះក៏ដោយ បើក្នុងពេលរងគ្រោះថ្នាក់ខាងក្រោយនេះ អ្នករងគ្រោះទទួលប្រាក់ឈ្នួលមូលដ្ឋានមធ្យមខ្ពស់ជាងមុន ត្រូវយកប្រាក់ឈ្នួលនេះសម្រាប់ជាមូលដ្ឋានក្នុងការគណនាប្រាក់ ធនលាភថ្មី ។
២- ចំពោះសមាជិក ប.ស.ស ដែលកំពុងទទួលប្រាក់វិភាជន៍ដោយការបាត់បង់សមត្ថភាពការងារ ប៉ុន្តែត្រូវរងហានិភ័យការងារជាថ្មីបណ្ដាលឱ្យ បាត់បង់សមត្ថភាពការងារយ៉ាងតិចម្ភៃភាគរយ(២០%) ជននេះមានសិទ្ធិទទួលនូវប្រាក់ធនលាភតាមកម្រិតបាត់បង់សមត្ថភាព ការងារជាក់ស្ដែងរបស់ខ្លួន ។ បើនៅពេលរងគ្រោះថ្នាក់ខាងក្រោយនេះអ្នករងគ្រោះទទួលបានប្រាក់ឈ្នួល មធ្យមខ្ពស់ជាងមុន ត្រូវយកប្រាក់ឈ្នួលនេះសម្រាប់គណនាប្រាក់ធនលាភ ។
៣- គ្រប់ករណីទាំងអស់ ប្រាក់ធនលាភសំរាប់ការបាត់បង់សមត្ថភាពការងារនៅតែចាត់ទុកថាជា ប្រាក់បណ្ដោះអាសន្នជានិច្ច ។ បេឡាជាតិរបបសន្តិសុខសង្គមត្រូវរៀបចំឱ្យមានការពិនិត្យសុខភាពជា កាលិក ចំពោះអ្នករងគ្រោះដែលទទួលប្រាក់ធនលាភសម្រាប់ការបាត់បង់សមត្ថភាព ការងារ ។
អ្នករងគ្រោះមិនអាចជំទាស់នឹងការពិនិត្យសុខភាពដែលធ្វើឡើងតាមបញ្ជារបស់បេឡាជាតិរបបសន្តិសុខសង្គមបានឡើយ ។
មាត្រា ២២.-
នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីសកម្មភាពសុខាភិបាលនិងសង្គមកិច្ច ប.ស.ស ត្រូវរៀបចំឱ្យ មានការបង្ការចំពោះហានិភ័យការងារមានជាអាទិ៍ វិធានការផ្នែកអនាម័យនិងសន្តិសុខការងារចំពោះកម្មករនិយោជិតដែលមាន កំណត់នៅក្នុងច្បាប់ស្ដីពីការងារ និងអត្ថបទណែនាំអនុវត្តច្បាប់នេះ ។
បទប្បញ្ញត្តិផ្សេងៗ
មាត្រា ២៣.-
បែបបទនៃការចូលរួមរបស់និយោជក ការចុះឈ្មោះនៃកម្មករនិយោជិត ការបង់វិភាគទាន ការទូទាត់តាវកាលិកនិងសេវានៃតាវកាលិក ដែលត្រូវធ្លាក់មកក្នុងបន្ទុករបស់និយោជក និងកម្មករនិយោជិតនៅក្នុងដំណើរប្រព្រឹត្តទៅនៃរបបសន្តិសុខសង្គម ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យរបប សន្តិសុខសង្គម តាមសំណើរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស ។
មាត្រា ២៤.-
១- មូលនិធិផ្នែកសកម្មភាពសុខាភិបាល និងសង្គមកិច្ចរបស់ ប.ស.ស ត្រូវបានផ្គត់ផ្គង់ដោយប្រាក់ដែលជាផលកំរៃនៃប្រាក់ពិន័យដោយសារ ការយឺតយូររបស់និយោជកក្នុងការមកបង់វិភាគទាន និងការផ្ដល់តារាងបៀវត្សមិនទាន់តាមកាលកំណត់ព្រមទាំងប្រាក់បម្រុង ដែលបានកាត់ទុកមុនពីប្រាក់ចំណូលដទៃទៀតរបស់ ប.ស.ស ។
២- ប.ស.ស អាចប្រើប្រាស់ធនធាននានារបស់មូលនិធិខាងសុខាភិបាលនិងសង្គមកិច្ចសម្រាប់ :
ក- ធ្វើសកម្មភាពនានាក្នុងគោលដៅសម្រាប់ការបង្ការទូទៅ ការបង្ការគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ ការសម្របសម្រួលវិជ្ជាជីវៈ ជាពិសេសសម្រាប់ការសិក្សាស្រាវជ្រាវ និងធ្វើស្ថិតិហានិភ័យការងារ ព្រមទាំងការឃោសនាផ្សព្វផ្សាយដើម្បីជំរុញឱ្យវិធានការបង្ការនិង សម្រួលវិជ្ជាជីវៈមានការអភិវឌ្ឍន៍។
ខ- ផ្ដល់ជំនួយខាងហិរញ្ញវត្ថុ ឬចូលរួមជាមួយស្ថាប័នសាធារណៈឬអង្គការឯកជនក្នុងវិស័យសុខាភិបាលនិង សង្គមកិច្ចដែលមានសកម្មភាពជាប្រយោជន៍សម្រាប់សមាជិក ប.ស.ស នៃផ្នែកនីមួយៗ ។
មាត្រា ២៥.-
១- រយៈពេលដែលបើកសិទ្ធិឱ្យសមាជិក ប.ស.ស ទទួលបានតាវកាលិកគឺរយៈពេលទាំងឡាយណាដែលសមាជិកនោះបានទទួលប្រាក់ បំណាច់ប្រចាំថ្ងៃសម្រាប់ហានិភ័យការងារ ឬរយៈពេលបាត់បង់សមត្ថភាពការងារដែលមិនលើសពីប្រាំមួយ (៦ខែ) ក្នុងករណីមានជំងឺដែលមានការបញ្ជាក់ត្រឹមត្រូវពីគ្រូពេទ្យផ្លូវការ ឬគ្រូពេទ្យដែលទទួលស្គាល់ ប.ស.ស ឬរយៈពេលដែលអវត្តមានក្នុងឱកាសឈប់សំរាកធម្មតា ដោយគិតទាំងរយៈពេលធ្វើដំណើរដែលមានចែងក្នុងបទប្បញ្ញត្តិនៃច្បាប់ ស្ដីពីការងារផងដែរ។
២- ពាក្យថា “ខែ” សម្រាប់របបសន្តិសុខសង្គម គឺជាខែដែលសមាជិក ប.ស.ស បានបំពេញការងារមានរយៈពេលយ៉ាងតិចដប់ប្រាំ (១៥)ថ្ងៃ ។ រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គមត្រូវចេញប្រកាស កំណត់បែបបទអនុវត្តក្នុងផ្នែកនេះព្រមទាំងលក្ខខណ្ឌសម្រាប់ការកំណត់ អំពី “ខែ” សម្រាប់របបសន្តិសុខសង្គម ។
មាត្រា ២៦.-
ប្រាក់ធនលាភនិងប្រាក់សោធនទាំងអស់ត្រូវគណនាតាមចំនួនប្រចាំខែ ។ ការគណនាប្រចាំខែនេះ ត្រូវកំណត់តាមស្ថានភាពនៃសមាជិក ប.ស.ស គឺនៅថ្ងៃទីមួយនៃខែដែលត្រូវគ្នា ។ ចំនួនទឹកប្រាក់ប្រចាំខែនីមួយៗត្រូវបង្កើនឬបន្ថយតាមខ្ទង់រយដែល ជិតជាង ។
ការបើកប្រាក់ធនលាភនិងប្រាក់សោធនត្រូវធ្វើប្រចាំត្រីមាស ។
មាត្រា ២៧.-
១- សិទ្ធិនៃការទាមទារប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់ហានិភ័យការងារ និងប្រាក់វិភាជន៍បូជាសពត្រូវអស់សុពលភាពត្រឹមរយៈពេលមួយ (១)ឆ្នាំ ។
២- សិទ្ធិនៃការទាមទារប្រាក់ធនលាភនិងប្រាក់សោធន ព្រមទាំងវិភាជន៍ជរាភាព ទុព្វលភាពនិងមរណភាព ត្រូវអស់សុពលភាពត្រឹមរយៈពេលប្រាំ (៥)ឆ្នាំ ។
មាត្រា ២៨.-
ជនដែលបានទទួលប្រាក់ធនលាភដោយការបាត់បង់សមត្ថភាពការងារ ឬប្រាក់សោធនទុព្វលភាពណាម្នាក់ដែលតម្រូវឱ្យ មានអ្នកចាំថែរក្សា មានសិទ្ធិទទួលបានការឧបត្ថម្ភបន្ថែមចំនួនហាសិប (៥០%)ភាគរយ នៃចំនួនប្រាក់ធនលាភ ឬប្រាក់សោធននោះ ។
មាត្រា២៩.-
តាវកាលិកទាំងអស់មិនអាចផ្ទេរឬរឹបអូសបានទេ លើកលែងតែមានលក្ខខណ្ឌនិងការកម្រិតដូចគ្នានិងការផ្ទេរ ឬរឹបអូសប្រាក់ឈ្នួលដែលមានចែងនៅក្នុងច្បាប់ស្ដីពីការងារ ។
មាត្រា ៣០.-
ក្នុងករណីដែលមានអត្ថប្រយោជន៍ត្រួតគ្នា ទោះជាអត្ថប្រយោជន៍ខាងប្រាក់សោធនក្ដី ឬប្រាក់ធនលាភក្ដី អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ សាមីជនមានសិទ្ធិទទួលបានប្រាក់សោធន ឬប្រាក់ធនលាភណាដែលមានចំនួនទឹកប្រាក់ខ្ពស់ជាងគេ ។
មាត្រា ៣១.-
វិវាទឬបណ្ដឹងដែលទាក់ទងនឹងការអនុវត្តបទប្បញ្ញត្តិ និងបទបញ្ជាខាងវិស័យរបបសន្តិសុខសង្គមរវាងសមាជិក ប.ស.ស និយោជកនិង ប.ស.ស ដែលមិនអាចដោះស្រាយបានដោយការផ្សះផ្សារបស់គណកម្មការដោះស្រាយវិវាទ ឬបណ្ដឹងនៃប.ស.ស ត្រូវនៅក្រោមសមត្ថកិច្ចនៃតុលាការដែលសមាជិក ប.ស.ស ឬនិយោជករស់នៅ ។ រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គមត្រូវចេញប្រកាស កំណត់អំពីសមាសភាពនិងការប្រព្រឹត្តទៅរបស់គណកម្មការដោះស្រាយវិវាទ ឬបណ្ដឹងនៃ ប.ស.ស ។
មាត្រា ៣២.-
១- ត្រូវបង្កើតឱ្យ មានប្រព័ន្ធសម្របសម្រួលរវាងផ្នែកនីមួយៗ ដែលបង្កើតឡើងដោយច្បាប់នេះ ជាមួយនឹងគ្រប់របបធានារ៉ាប់រងនៃផ្នែកសាធារណៈ ដើម្បីធ្វើឱ្យមានសុពលភាពក្នុងការចូលនិវត្តន៍នៃសេវាដែលមានពី មុនមក និងមានសុពលភាពនៃរយៈពេលធានារ៉ាប់រង ក្នុងករណីមានការផ្លាស់ប្ដូរលក្ខន្តិកៈ ឬរបបធានារ៉ាប់រងនៃភ្នាក់ងារណាមួយ ។
២- បែបបទនៃការអនុវត្តប្រព័ន្ធសម្របសម្រួលនេះ ត្រូវកំណត់ដោយប្រកាសនៃរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យរបប សន្តិសុខសង្គម ។
មាត្រា ៣៣.-
បេឡាជាតិរបបសន្តិសុខសង្គមត្រូវរួចផុតពីការបង់ពន្ធនិងអាករ គ្រប់យ៉ាង ។ ប៉ុន្តែប្រតិបត្តិការរបស់បេឡានេះដែលមានចរិតជាពាណិជ្ជកម្ម ហើយដែលមានគោលដៅរកផលចំណេញសុទ្ធសាធត្រូវជាប់ពន្ធអាករតាមច្បាប់ ជាធរមាន ។
ទោសប្បញ្ញត្តិ
មាត្រា ៣៤.-
ជនប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ ឬត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ឬក៏ត្រូវផ្ដន្ទាទោសទាំងពីរ ។
ការពិន័យជាប្រាក់ ត្រូវដាក់បង្ខំដោយនាយកនៃ ប.ស.ស ។
មាត្រា ៣៥.-
ការពិន័យជាប្រាក់ ត្រូវកំណត់ជាពហុគុណនៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ។ ប្រាក់ឈ្នួលយោងប្រចាំថ្ងៃគឺជាប្រាក់ឈ្នួលអប្បបរមាដែលកំណត់ដោយ ប្រកាសរួមរបស់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យរបបសន្តិសុខសង្គមនិង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
មាត្រា ៣៦.-
និយោជកណាដែលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃមាត្រា ៦ ឬមាត្រា ២៣ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីដប់ (១០)ថ្ងៃ ទៅសាមសិប (៣០ថ្ងៃ) នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ឬបើក្នុងករណីមិនរាងចាល ត្រូវពិន័យពីសាមសិប (៣០)ថ្ងៃ ទៅ កៅសិប (៩០)ថ្ងៃ នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ដោយមិនទាន់គិតដល់ទណ្ឌកម្មចំពោះការបង់ភាគទាន និងប្រាក់ពិន័យដែលត្រូវធ្លាក់លើបន្ទុករបស់និយោជកនោះទេ ។ ការពិន័យនេះត្រូវអនុវត្តស្មើនឹងចំនួនមនុស្សដែលត្រូវបានគេ ប្រើប្រាស់ ក្នុងលក្ខខណ្ឌផ្ទុយពីបទប្បញ្ញត្តិនៃច្បាប់នេះ ។
មាត្រា ៣៧.-
និយោជកណាដែលបានដកយកភាគទានពីកម្មករនិយោជិតដោយមិនត្រឹមត្រូវ ដើម្បីដាក់មកក្នុងរបបសោធនដោយការកាត់បន្ថយប្រាក់ឈ្នួលនោះ ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពីមួយ (១)ខែ ដល់មួយ (១)ឆ្នាំ និងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីមួយរយម្ភៃ (១២០)ថ្ងៃ ទៅបីរយហុកសិប (៣៦០)ថ្ងៃ នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ឬត្រូវផ្ដន្ទាទោសណាមួយក្នុងចំណោមទោសទាំងពីរ ។
ក្នុងករណីមិនរាងចាល ក្នុងអំឡុងពេលបី (៣)ឆ្នាំ ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពីមួយ (១ឆ្នាំ) ដល់ប្រាំ (៥ឆ្នាំ) និងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីមួយរយម្ភៃ (១២០)ថ្ងៃ ទៅបីរយហុកសិប (៣៦០)ថ្ងៃ នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ឬក៏ត្រូវផ្ដន្ទាទោសណាមួយក្នុងចំណោមទោសទាំងពីរនេះ ។
មាត្រា ៣៨.-
១- ជនណាក៏ដោយដែលធ្វើឯកសារក្លែងបន្លំដោយចេតនា ដើម្បីចង់បានការផ្ដល់តាវកាលិកសម្រាប់ខ្លួន ឬតតីយជនដែលមិនគួរត្រូវបាន ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីហុកសិប (៦០)ថ្ងៃ ទៅកៅសិប (៩០)ថ្ងៃ នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ និងផ្ដន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយ (៦)ថ្ងៃ ទៅមួយ (១)ខែ ឬក៏ត្រូវផ្ដន្ទាទោសណាមួយក្នុងចំណោមទោសទាំងពីរនេះ ។ ការដាក់ទណ្ឌកម្មខាងលើនេះ ត្រូវធ្វើដោយមិនទាន់គិតដល់ទោសកំហុសដទៃទៀត ប្រសិនបើជននេះបានប្រព្រឹត្តផងដែរ ។
២- ក្នុងករណីមិនរាងចាលក្នុងអំឡុងមួយ (១)ឆ្នាំ ត្រូវទទួលការដាក់ទណ្ឌកម្មដល់កំរិតអតិបរមា គឺទណ្ឌកម្មទាំងពីររួមគ្នាតែម្ដង។
មាត្រា៣៩.-
គ្រប់ករណីដូចមានចែងក្នុងមាត្រា ៣៦ និងមាត្រា ៣៧ ខាងលើ តុលាការអាចបញ្ជាឱ្យ ផ្សព្វផ្សាយនូវសាលក្រមតាមសារពត៌មាន និងបិទប្រកាសផ្សាយនៅតាមទីកន្លែងនានាដែលបានកំណត់ ។ ប្រាក់ចំណាយសម្រាប់ការផ្សព្វផ្សាយនេះ ត្រូវនៅក្នុងបន្ទុករបស់ជនដែលប្រព្រឹត្តល្មើស ។
មាត្រា ៤០.-
១- បណ្ដឹងសាធារណៈចំពោះការល្មើសរបស់និយោជក ឬអ្នកតំណាងរបស់ខ្លួនលើបទប្បញ្ញត្តិស្ដីពីទណ្ឌកម្មដូចមានចែង ក្នុងមាត្រា ៣៤ ខាងលើ ត្រូវមានអាជ្ញាយុកាលរយៈពេលមួយ (១)ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទនៃការចេញលិខិតដាក់កំហិតរយៈពេលដប់ប្រាំ (១៥)ថ្ងៃមក ។
២- បណ្ដឹងរដ្ឋប្បវេណីចំពោះការទារភាគទាន ឬប្រាក់ពិន័យដោយការយឺតយូរក្នុងការបង់ប្រាក់របស់និយោជក ត្រូវមានអាជ្ញាយុកាលរយៈពេលប្រាំ (៥)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការចេញលិខិតដាក់កំហិតរយៈពេលដប់ប្រាំ (១៥)ថ្ងៃមក ដោយមិនមានទាក់ទងនឹងបណ្ដឹងសាធារណៈ ឬបន្ទាប់ពីការកន្លងផុតនៃបណ្ដឹងសាធារណៈ ។
អវសានប្បញ្ញត្តិ
មាត្រា ៤១.-
បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយពីច្បាប់នេះ ត្រូវចាត់ទុកជានិរាករណ៍ ។