ច្បាប់ភូមិបាល
ខែសីហា 29, 2011 បញ្ចេញមតិ
– បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
– បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧២ ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
– បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្ដីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
– បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៩ ស្ដីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់
– បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ប្រកាសឱ្យប្រើ
ច្បាប់ភូមិបាល ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០១ នាសម័យប្រជុំពេញអង្គលើកទី ៦ នីតិកាលទី ២ ហើយដែលព្រឹទ្ធសភាបានអនុម័តយល់ស្របតាមទម្រង់ និង គតិនៃច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០០១ នាសម័យប្រជុំពេញអង្គលើកទី ៥ នីតិកាលទី ១ ហើយដែលមានសេចក្ដីទាំងស្រុងដូចតទៅ:
ច្បាប់
ភូមិបាល
បទប្បញ្ញត្តិទូទៅ
មាត្រា ១ .-
ច្បាប់នេះមានគោលដៅកំណត់អំពីរបបកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធានាការពារសិទ្ធិនៃកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២ .-
ចាត់ទុកជាអចលនវត្ថុ តាមន័យនៃច្បាប់នេះមានអចលនវត្ថុពីកំណើត អចលនវត្ថុពីភ័ព្វវាសនានិងអចលនវត្ថុតាមការកំណត់របស់ច្បាប់។
អចលនវត្ថុពីកំណើតមានដីធម្មជាតិដូចជា ដីព្រៃឈើ ដីកាប់រាន ដីដាំដុះ ដីទុកទំនេរ ឬមិនអាចដាំដុះ ដីលិចទឹកដោយទឹកនៅនឹងឬទឹកហូរ និងសំណង់ឬការរៀបចំទាំងឡាយដែលស្ថិតនៅជាប់មួយកន្លែង កើតឡើងដោយអំពើរបស់មនុស្ស ហើយមិនអាចរំកិល ឬផ្លាស់ប្ដូរកន្លែងបាន។
អចលនវត្ថុពីភ័ព្វវាសនាមានវត្ថុដែលជាប់នឹងដី ឬបញ្ចូលជាមួយសំណង់ទាំងឡាយដែលមិនអាចបែកចេញបានដោយមិនធ្វើឲ្យ មានការខូចខាត ឬមិនដូរសភាពដើមដូចជា ដើមឈើ ឧបករណ៍តែងលំអជាដើម។
អចលនវត្ថុតាមការកំណត់របស់ច្បាប់មានសិទ្ធិភណ្ឌិកទាំងឡាយលើ អចលនវត្ថុនិងចលនវត្ថុទាំងឡាយដែលបានកំណត់ដោយច្បាប់ជាអចលនវត្ថុ។
មាត្រា ៣ .-
ជនគ្រប់រូបត្រូវគោរពទ្រព្យសម្បត្តិរបស់រដ្ឋ និងកម្មសិទ្ធិឯកជនស្របច្បាប់លើអចលនវត្ថុ។
ការគ្រប់គ្រងផ្នែករដ្ឋបាលសុរិយោដីលើអចលនវត្ថុដែលជាទ្រព្យសម្បត្តិ របស់រដ្ឋ និងការចេញប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុទូទាំងព្រះរាជាណាចក្រកម្ពុជា ជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បទបញ្ជា និងនីតិវិធីនៃការគ្រប់គ្រងអចលនវត្ថុដែលជាទ្រព្យសម្បត្តិរបស់រដ្ឋនឹងត្រូវកំណត់ដោយអនុក្រឹត្យ។
មាតិកាទី ១
អំពីកម្មសិទ្ធិឯកជន និង កម្មសិទ្ធិសាធារណៈ
អំពីគោលការណ៍នៃកម្មសិទ្ធិ
មាត្រា ៤ .-
សិទ្ធិនៃកម្មសិទ្ធិដែលចែងក្នុងមាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ អនុវត្តទៅលើអចលនវត្ថុទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា តាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់នេះ។
មាត្រា ៥ .-
គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះមិនមែនដើម្បីប្រយោជន៍សាធារណៈ។ ការដកហូតត្រូវធ្វើទៅតាមទម្រង់ និងនីតិវិធីបញ្ញត្តិដោយច្បាប់ និងបទបញ្ជា បន្ទាប់ពីបានផ្ដល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។
មាត្រា ៦ .-
មានតែភោគៈត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះដែលអាចនាំឱ្យបានកម្មសិទ្ធិ។
រដ្ឋក៏អាចផ្ដល់កម្មសិទ្ធិនៃទ្រព្យអចលនវត្ថុ ដែលជារបស់រដ្ឋក្នុងព្រំដែនជាក់លាក់ដែលបានកំណត់ដោយច្បាប់នេះដល់ រូបវន្តបុគ្គលឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរ។
រាល់ការផ្ទេរឬផ្លាស់ប្ដូរសិទ្ធិនៃកម្មសិទ្ធិត្រូវធ្វើឡើងតាម វិធាននៃនីតិរួមនៃការលក់ ការបន្តមរតក ការដូរ ឬប្រទានកម្ម ឬតាមសេចក្ដីសំរេចរបស់តុលាការ។
មាត្រា ៧ .-
របបកម្មសិទ្ធិលើអចលនវត្ថុមុនឆ្នាំ ១៩៧៩ មិនត្រូវបានទទួលស្គាល់។
មាត្រា ៨ .-
មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់ កម្មសិទ្ធិលើដីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកមានឧបនិស្ស័យជាកម្មសិទ្ធិករលើដីនៅកម្ពុជាគឺពលរដ្ឋខ្មែរទាំង អស់ សមូហភាពដែនដីសាធារណៈ គ្រឹះស្ថានសាធារណៈ សហគមន៍ឬសមាគមកម្ពុជា សហគ្រាសសាធារណៈ និងក្រុមហ៊ុនស៊ីវីល ឬពាណិជ្ជកម្មកម្ពុជានិងគ្រប់អង្គការកម្ពុជាដែលបានទទួលស្គាល់ដោយ ច្បាប់ថាជានីតិបុគ្គល។
ជនបរទេសដែលបានក្លែងបន្លំប័ណ្ណសញ្ជាតិដើម្បីឱ្យក្លាយជា កម្មសិទ្ធិករលើដីនៅកម្ពុជានឹងត្រូវផ្ដន្ទាទោសដូចមានចែងក្នុង មាត្រា ២៥១ នៃច្បាប់នេះ។ ទ្រព្យដែលបានមកក្នុងលក្ខខណ្ឌនេះត្រូវរឹបអូសយកទុកជាសម្បត្តិ រដ្ឋ ដោយរដ្ឋមិនចេញសំណងឱ្យឡើយ។
មាត្រា ៩ .-
ក្រុមហ៊ុនដែលបានចុះបញ្ជីនៅកម្ពុជា ហើយដែលមានភាគហ៊ុនចាប់ពី ៥១%ឡើងទៅ កាន់កាប់ដោយរូបវន្តបុគ្គលមានសញ្ជាតិខ្មែរ ឬនីតិបុគ្គលនៃច្បាប់កម្ពុជាអាចជាកម្មសិទ្ធិករនៃទ្រព្យជាដីបាន។ មានតែចំនួនភាគរយនៃប្រាក់ហ៊ុនដែលមានចែងក្នុងលក្ខន្តិកៈ ក្រុមហ៊ុនប៉ុណ្ណោះទេដែលទទួលយកជាការបាន។ រាល់ការព្រមព្រៀងដែលចុះហត្ថលេខាជាលក្ខណៈឯកជនរវាងអ្នកចូលហ៊ុន ទាំងឡាយដែលមានន័យផ្ទុយពីនេះត្រូវទុកជាមោឃៈ និងគ្មានអនុភាព។
ប្រសិនបើចំនួនភាគរយដែលមានចែងក្នុងលក្ខន្តិកៈបានប្រែប្រួលបណ្ដាល ឱ្យក្រុមហ៊ុនលែងមានសញ្ជាតិជាខ្មែរ ក្រុមហ៊ុនមានកាតព្វកិច្ចធ្វើការផ្លាស់ប្ដូរលក្ខន្តិកៈឱ្យបានសមស្រប តាមស្ថានភាពជាក់ស្ដែង ហើយត្រូវផ្ដល់ពត៌មានទៅស្ថាប័នមានសមត្ថកិច្ចអំពីការប្រែប្រួលនេះ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន។
មាត្រា ១០ .-
កម្មសិទ្ធិរបស់បុគ្គលតែម្នាក់ទោះជារូបវន្តបុគ្គលក្ដីឬនីតិបុគ្គលក្ដីគឺជាកម្មសិទ្ធិឯកត្តជន។
កម្មសិទ្ធិរបស់បុគ្គលមួយក្រុមដែលមានបុព្វសិទ្ធិរៀងៗខ្លួន តាមរយៈច្បាប់ដែលមានបញ្ញត្តិអំពីកម្មសិទ្ធិនេះគឺជាកម្មសិទ្ធិ សមូហភាព។
កម្មសិទ្ធិរបស់បុគ្គលច្រើននាក់ដែលអនុវត្តសិទ្ធិរបស់ខ្លួនដោយសាមគ្គីគ្នាទៅលើទ្រព្យទាំងមូលគឺកម្មសិទ្ធិអវិភាគ។
កម្មសិទ្ធិរបស់បុគ្គលច្រើននាក់ដែលអនុវត្តនូវសិទ្ធិឯកជនផ្ដាច់មុខ លើភាគខ្លះនៃទ្រព្យហើយភាគដទៃទៀតហៅថាភាគរួម ត្រូវដាក់នៅក្រោមបទបញ្ជានីត្យានុកូល ឬតាមការព្រមព្រៀងគឺសហកម្មសិទ្ធិ។
ប្រភេទនៃកម្មសិទ្ធិនីមួយៗ ត្រូវបានកំណត់ដោយបទប្បញ្ញត្តិដោយឡែករបស់កម្មសិទ្ធិទាំងនោះ។
មាត្រា ១១ .-
របបគតិយុត្ដនៃកម្មសិទ្ធិអចលនវត្ថុប្រែប្រួលទៅតាមត្រូវការរបស់ សង្គមខ្មែរដូចជា ដីកសិកម្ម ព្រៃឈើ ផ្លូវទឹក ត្រពាំង បឹងបួឬធារទឹក ត្រើយសមុទ្រឬច្រាំងទន្លេ អចលនវត្ថុក្នុងទីក្រុង និងដីសំរាប់សាងសង់តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម។
ច្បាប់ពិសេសត្រូវបំពេញបទប្បញ្ញត្តិទាំងឡាយនៃអត្ថបទច្បាប់នេះឬ តាំងបដិប្បញ្ញត្តិដើម្បីរក្សានូវការចាំបាច់ខាងសង្គមសេដ្ឋកិច្ច ការរៀបចំដែនដី និងនគរូបនីយកម្ម។
បទបញ្ជាទាំងឡាយនឹងបញ្ជាក់លំអិតនូវរបបផ្សេងៗនៃកម្មសិទ្ធិ ដោយគោរពតាមបទប្បញ្ញត្តិនៃច្បាប់។
ជំពូកទី ២
អំពីកម្មសិទ្ធិសាធារណៈ
មាត្រា ១២ .-
រដ្ឋជាកម្មសិទ្ធិករនៃទ្រព្យសម្បត្តិទាំងឡាយក្នុងដែនដីនៃព្រះ រាជាណាចក្រកម្ពុជា ដែលបានចែងក្នុងមាត្រា ៥៨ នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ និងទ្រព្យនិទាយាទភាពទាំងអស់ ឬទ្រព្យដែលម្ចាស់ប្រគល់ឲ្យរដ្ឋដោយស្ម័គ្រចិត្ត ឬទ្រព្យដែលមិនមែនជាកម្មវត្ថុនៃការយកធ្វើជារបស់ឯកជនតាមច្បាប់ឬ មិនមែនជាទ្រព្យដែលកំពុងកាន់កាប់ជារបស់ឯកជនស្របតាមបទប្បញ្ញត្តិ នៃជំពូកទី ៤ នៃច្បាប់នេះ។
មាត្រា ១៣ .-
ក្រៅពីរដ្ឋ សមូហភាពដែនដីសាធារណៈ គ្រឹះស្ថានសាធារណៈនិងនីតិបុគ្គលនៃនីតិសាធារណៈដែលបានទទួលស្គាល់ ដោយច្បាប់ថាជានីតិបុគ្គល អាចជាកម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុក្នុងលក្ខខណ្ឌដែលបានកំណត់ ក្នុងជំពូកនេះ។
មាត្រា ១៤ .-
ទ្រព្យមួយចំនួនរបស់រដ្ឋ ឬរបស់សមូហភាពដែនដីសាធារណៈដែលត្រូវបានដាក់នៅក្រោមរបបគតិយុត្ត ពិសេសគឺជាទ្រព្យសម្បត្តិសាធារណៈរបស់នីតិបុគ្គលសាធារណៈ។ ទ្រព្យមួយចំនួនទៀតត្រូវគ្រប់គ្រងដូចកម្មសិទ្ធិឯកជននិងអាចជាកម្ម វត្ថុនៃកិច្ចការជំនួញ គឺជាទ្រព្យសម្បត្តិឯកជនរបស់នីតិបុគ្គលសាធារណៈ។
មាត្រា ១៥ .-
រាប់ចូលក្នុងសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ :
– ទ្រព្យទាំងឡាយដែលបង្ហាញនូវការកើតឡើងពីធម្មជាតិដូចជា ព្រៃឈើផ្លូវទឹកដែលនាវាឬក្បូនចេញចូលបាន បណ្ដែតបាន បឹងធម្មជាតិ ច្រាំងទន្លេ ដែលនាវាឬក្បួនចេញចូលបាន បណ្ដែតបាននិងត្រើយសមុទ្រ
– ទ្រព្យទាំងឡាយដែលជាកម្មវត្ថុនៃការរៀបចំពិសេសសម្រាប់ប្រយោជន៍ ទូទៅដូចជាតីរឋាន កំពង់ផែ ផ្លូវដែក ស្ថានីយរថភ្លើងនិងព្រលានយន្តហោះ
– ទ្រព្យទាំងឡាយណាដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈតាម ស្ថានភាពពីកំណើតឬក្រោយពីបានរៀបចំដូចជាផ្លូវថ្នល់ ផ្លូវលំ ផ្លូវរទេះ ផ្លូវដើរ សួនច្បារនិងឧទ្យានសាធារណៈនិងដីចំណី
– ទ្រព្យទាំងឡាយដែលត្រូវបានដាក់ឱ្យដំណើរការសំរាប់សេវាសាធារណៈ ដូចជាសាលារៀនឬអគារសិក្សាសាធារណៈ អគាររដ្ឋបាល មន្ទីរពេទ្យសាធារណៈទាំងឡាយ
– ទ្រព្យទាំងឡាយដែលបង្កើតជាដែនបំរុងធម្មជាតិការពារដោយច្បាប់
– បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌និងប្រវត្តិសាស្ត្រ
– អចលនវត្ថុជាព្រះរាជទ្រព្យដែលមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ ព្រះរាជវង្សានុវង្ស។ អចលនវត្ថុជាទ្រព្យត្រូវបានចាត់ចែងដោយព្រះមហាក្សត្រ កំពុងគ្រងរាជ្យ។
មាត្រា ១៦ .-
ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានឡើយហើយ កម្មសិទ្ធិនៃទ្រព្យទាំងនោះមិនអាចកំណត់អាជ្ញាយុកាលបានទេ។
ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចឋិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេសនៃជំពូកទី ៤ នៃច្បាប់នេះបានទេ។
ប៉ុន្តែទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋអាចជាកម្មវត្ថុនៃការ អនុញ្ញាតឱ្យកាន់កាប់ ឬប្រើប្រាស់ជាបណ្ដោះអាសន្ន មិនទៀង ហើយអាចដកហូតវិញបាន បើមិនបានបំពេញកាតព្វកិច្ចបង់ពន្ធផ្សេងៗ លើកលែងតែបានអនុញ្ញាតតាមជំពូកទី ៣ នៃច្បាប់នេះ។ ការអនុញ្ញាតទាំងនេះមិនអាចប្រែក្លាយទៅជាកម្មសិទ្ធិ ឬជាសិទ្ធិភណ្ឌិកជាប្រយោជន៍ដល់អ្នកកាន់កាប់ទ្រព្យទាំងនេះបានឡើយ។
ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅពេលបាត់បង់ផលប្រយោជន៍សាធារណៈ អាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋតាមរយៈច្បាប់ អនុបយោគ។
មាត្រា ១៧ .-
ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ អាចជាកម្មវត្ថុនៃការលក់ ការដូរ ការបែងចែកឬការផ្ទេរសិទ្ធិតាមការកំណត់ដោយច្បាប់។
ទ្រព្យទាំងនោះអាចផ្ដល់ឱ្យតាមរយៈភតិសន្យា និងជាកម្មវត្ថុនៃកិច្ចសន្យា ដែលបានធ្វើឡើងត្រឹមត្រូវតាមច្បាប់។ លក្ខខណ្ឌទាំងឡាយនិងនីតិវិធីនៃការលក់ និងការគ្រប់គ្រងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គល សាធារណៈនឹងកំណត់ដោយអនុក្រឹត្យ។ គ្មានការលក់ណាមួយអាចត្រូវបានសម្រេចដោយគ្មានអនុក្រឹត្យនេះឡើយ។ ដីជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអាចជាកម្មវត្ថុនៃសម្បទានក្នុង លក្ខខណ្ឌដែលមានចែងក្នុងជំពូកទី ៥ នៃច្បាប់នេះ។
គ្មានការចាប់យកដីតាមទំនើងចិត្តណាមួយ អាចកើតឡើងទៅលើទ្រព្យសម្បត្តិឯកជនរបស់រដ្ឋឬរបស់នីតិបុគ្គល សាធារណៈបានឡើយ ចាប់ពីច្បាប់នេះចូលជាធរមាន ទោះបីស្របនឹងជំពូកទី ៤ នៃច្បាប់នេះក៏ដោយ។
ប៉ុន្តែដីទំនេរនៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអាចត្រូវបានបែងចែក ទៅឱ្យបុគ្គលដែលត្រូវការដីក្នុងគោលដៅសង្គមកិច្ចតាមលក្ខខណ្ឌដែល កំណត់ដោយអនុក្រឹត្យ។
មាត្រា ១៨ .-
ត្រូវទុកជាមោឃៈនិងគ្មានអានុភាព ហើយមិនអាចត្រូវបានធ្វើនិយ័តកម្ម ទោះតាមរូបភាពណាក៏ដោយនូវ :
– រាល់ការចូលកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់ នីតិបុគ្គលសាធារណៈ និងរាល់ការបំប្លែងការកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋទៅជា សិទ្ធិកម្មសិទ្ធិ ទោះបីការកាន់កាប់និងការបំប្លែងនេះកើតមាននៅពេលណាក៏ដោយ ដែលមិនស្របតាមលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីដែលបានកំណត់កន្លងមក
– រាល់ការបំប្លែងទៅជាសិទ្ធិកម្មសិទ្ធិនៃដីសម្បទាន ទោះជាការបំប្លែងនោះកើតឡើងមុនពេលច្បាប់នេះចូលជាធរមានក៏ដោយ លើកលែងតែសម្បទានដែលឆ្លើយតបទៅ នឹងប្រយោជន៍សង្គម
– រាល់សម្បទានមិនស្របនឹងបញ្ញត្តិទាំងឡាយនៃជំពូកទី ៥
– រាល់ការចូលកាន់កាប់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ទោះជាតាមរូបភាពណាក៏ដោយដែលបានកើតឡើងក្រោយច្បាប់នេះត្រូវចូល ជាធរមាន។
មាត្រា ១៩ .-
បុគ្គលទាំងឡាយដែលមានប័ណ្ណឬមានស្ថានភាពជាក់ស្ដែងឋិតនៅក្រោម ឥទ្ធិពលនៃ មាត្រា១៨ នៃច្បាប់នេះមិនអាចទាមទារសំណងទូទាត់ឬសោហ៊ុយសំរាប់ការថែទាំឬការ រៀបចំដែលបានធ្វើលើអចលនវត្ថុដែលបានកាន់កាប់ដោយខុសច្បាប់បាន ឡើយ។
លទ្ធកម្មណាមួយដោយខុសច្បាប់ និងដោយចេតនា ឬដោយបោកប្រាស់លើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬរបស់នីតិបុគ្គលសាធារណៈ ត្រូវផ្ដន្ទាទោសដូចមានចែងក្នុង មាត្រា ២៥៩ នៃច្បាប់នេះ។
ចំពោះការកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ ដែលបណ្ដាលឱ្យខូចខាតឬធ្វើឱ្យយឺតយ៉ាវដល់ការងារដែលជាប្រយោជន៍ទូទៅ ពិសេសចំពោះការកាន់កាប់ដីចំណីផ្លូវកំរិតទោសនឹងត្រូវកំណត់ជា ទ្វេ។
ក្នុងគ្រប់ករណី បើជនល្មើសមិនបញ្ឈប់ការកាន់កាប់របស់ខ្លួនក្នុងរយៈពេលដែលបានកំណត់ ដោយអាជ្ញាធរមានសមត្ថកិច្ចទេ អាជ្ញាធរអាចដំណើរការបណ្ដាញជនល្មើសចេញ។
ជំពូកទី ៣
អំពីកម្មសិទ្ធិរបស់សមូហភាព
ផ្នែកទី ១ : អំពីអចលនវត្ថុរបស់វត្ត
មាត្រា ២០ .-
អចលនវត្ថុជាដីនិងជាសំណង់ដែលមាននៅក្នុងនិងក្រៅបរិវេណវត្តអារាម នៃព្រះពុទ្ធសាសនាជាបេតិកភ័ណ្ឌប្រើប្រាស់ជានិច្ចកាលសំរាប់ ព្រះពុទ្ធសាសនា និងដាក់ឱ្យពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់គណៈកម្មការវត្ត។
មាត្រា ២១.-
អចលនវត្ថុរបស់វត្តមិនអាចលក់ដូរឬធ្វើអំណោយហើយគ្មានកំណត់អាជ្ញាយុកាលឡើយ។
អចលនវត្ថុរបស់វត្តអាចជួល ឬប្រវាស់បាន តែផលទុនដែលបានមកពីការជួលឬប្រវាស់នេះត្រូវទុកសំរាប់តែ កិច្ចការក្នុងសាសនាប៉ុណ្ណោះ។
កិច្ចការពារទ្រព្យទាំងនេះត្រូវធានាដោយតំណាងគណៈកម្មការវត្ត។ នីតិវិធីនៃការជ្រើសរើសគណៈកម្មការនិងតំណាងដើម្បីការពារប្រយោជន៍ វត្ត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងធម្មការ និងសាសនា។
មាត្រា ២២ .-
ទីកន្លែងសក្ការបូជានិងទ្រព្យសម្បត្តិនៃជំនឿសាសនាដទៃទៀតមិនស្ថិត នៅក្រោមរបបដែលមានបញ្ញត្តិក្នុងមាត្រា ២០ និងមាត្រា ២១ នៃច្បាប់នេះឡើយ។ ទ្រព្យទាំងនោះត្រូវគ្រប់គ្រងដោយសមាគមនៃសាសនិកដែលបង្កើតឡើងទៅ តាមបញ្ញត្តិនៃច្បាប់។
មាត្រា ២៣ .-
សហគមន៍ជនជាតិដើមភាគតិច គឺជាក្រុមមនុស្សដែលរស់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាដែល សមាជិកទាំងអស់បង្ហាញនូវការឯកភាពនៃជាតិពន្ធុ សង្គមវប្បធម៌ និងសេដ្ឋកិច្ចប្រតិបត្តិរបៀបរស់នៅតាមប្រពៃណីនិងដាំដុះលើដី ដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាតទំនៀមទំលាប់នៃការប្រើប្រាស់ជា សមូហភាព។
ក្នុងពេលរង់ចាំការកំណត់ខាងផ្លូវច្បាប់នូវលក្ខន្តិកៈរបស់សហគមន៍ ក្រុមដែលមានជាក់ស្ដែងមកទល់បច្ចុប្បន្ននេះនឹងបន្តគ្រប់គ្រងសហគមន៍ និងអចលនវត្ថុរបស់ខ្លួនតាមប្រពៃណី ហើយត្រូវអនុវត្តតាមបញ្ញត្តិនៃច្បាប់នេះ។
មាត្រា ២៤ .-
ចាត់ទុកជាសមាជិកនៃសហគមន៍ជនជាតិដើមភាគតិចដែលអាចទទួលគុណប្រយោជន៍ ពីការធានាសិទ្ធិនិងការការពារដែលរៀបចំឡើងដោយច្បាប់នេះ រាល់បុគ្គលដែលឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យនៃជាតិពន្ធុ អំពីវប្បធម៌និងសង្គមរបស់សហគមន៍ ដែលទទួលស្គាល់ដោយមតិភាគច្រើននៃសមាជិកដទៃទៀតនិងដោយព្រមទទួលនូវ សាមគ្គីភាពនិងភាពចំណុះដែលនាំឱ្យមានការចូលរួមក្នុងសហគមន៍។
មាត្រា ២៥ .-
ដីសហគមន៍ជនជាតិដើមភាគតិច គឺជាដីទាំងអស់ដែលសហគមន៍បានរៀបចំនិវេសនដ្ឋាននិងប្រកបរបរកសិកម្មប្រពៃណី។
ដីសហគមន៍ជនជាតិដើមភាគតិចមិនមែនមានតែដីដែលបានដាំដុះជាក់ស្ដែង នោះទេ ប៉ុន្តែមានដីបំរុងចាំបាច់ក្នុងការដូរវេនដំណាំថែមទៀត ដែលតម្រូវទៅតាមរបៀបទាញយកផលដែលធ្លាប់ធ្វើកន្លងមក ហើយត្រូវបានទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាល។
ការវាស់វែងនិងការកំណត់ព្រំប្រទល់នៃអចលនវត្ថុរបស់សហគមន៍ទាំងនោះ ត្រូវកំណត់ទៅតាមស្ថានភាពជាក់ស្ដែងដូចដែលបានអះអាងដោយសហគមន៍ ដោយមានការព្រមព្រៀងពីអ្នកជិតខាងនិងដែលបានកំណត់តាមនីតិវិធី ក្នុងមាតិកាទី ៦ នៃច្បាប់នេះនឹងអនុក្រឹត្យពាក់ព័ន្ធ។
មាត្រា ២៦ .-
កម្មសិទ្ធិនៃអចលនវត្ថុដែលបានចែងក្នុងមាត្រា ២៥ ត្រូវបានផ្ដល់ដោយរដ្ឋជូនសហគមន៍ជនជាតិដើមភាគតិចជាកម្មសិទ្ធិ សមូហភាព។ កម្មសិទ្ធិសមូហភាពរួមមានរាល់សិទ្ធិ និងការការពារកម្មសិទ្ធិដូចកម្មសិទ្ធិឯកជនដែរ។ ប៉ុន្តែសហគមន៍នោះគ្មានសិទ្ធិចាត់ចែងនូវចំណែកណា មួយនៃកម្មសិទ្ធិសមូហភាពដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យ ទៅបុគ្គល ឬក្រុមណាមួយបានឡើយ។
ការអនុវត្តនូវសិទ្ធិជាកម្មសិទ្ធិទាក់ទងនិងអចលនវត្ថុរបស់សហគមន៍ និងលក្ខខណ្ឌជាក់លាក់នៃការប្រើប្រាស់ដីត្រូវស្ថិតនៅក្រោមការទទួល ខុសត្រូវរបស់អាជ្ញាធរ ប្រពៃណី និងយន្តការនៃការធ្វើសេចក្ដីសំរេចរបស់សហគមន៍ អនុលោមតាមទំនៀមទំលាប់របស់ពួកគេ ហើយត្រូវដាក់ឱ្យនៅក្រោមច្បាប់នៃការអនុវត្តទូទៅទាក់ទងនឹងអចលន វត្ថុដូចជា ច្បាប់ការពារបរិស្ថានជាដើម។
បញ្ញត្តិនៃមាត្រានេះមិនមែនជាឧបស័គ្គដល់សកម្មភាពការងាររបស់រដ្ឋ ដែលជាតម្រូវការនៃផលប្រយោជន៍ជាតិ ឬតម្រូវការជាបន្ទាន់របស់ជាតិឡើយ។
មាត្រា ២៧ .-
ដើម្បីសម្រួលការវិវត្តន៍វប្បធម៌ សេដ្ឋកិច្ច និងសង្គមនៃសមាជិកសហគមន៍ជនជាតិដើមភាគតិចនិងដើម្បីអនុញ្ញាតឱ្យពួក គេបានចេញដោយសេរីពីសហគមន៍ឬរួចផុតពីការបង្ខិតបង្ខំសិទ្ធិនៃ កម្មសិទ្ធិឯកត្តជន អាចនឹងត្រូវផ្ទេរជាពិសេសឱ្យពួកគេបានលើចំណែកសមស្របមួយនៃដីដែល ប្រើ ដោយសហគមន៍ ប៉ុន្តែចំណែកនៃដីដែលជាកម្មវត្ថុនៃការយកធ្វើជាកម្មសិទ្ធិឯកជន នោះ មិនអាចជាដីដែលចូលក្នុងនិយមន័យទូទៅនៃទ្រព្យសម្បត្តិសាធារណៈរបស់ រដ្ឋទេ។
មាត្រា ២៨ .-
គ្មានអាជ្ញាធរណាមួយក្រៅពីសហគមន៍ អាចទទួលបានសិទ្ធិលើអចលនវត្ថុរបស់ជនជាតិដើមភាគតិចបានឡើយ។
មាតិកាទី ២
អំពីលទ្ធកម្មនៃកម្មសិទ្ធិ
ជំពូកទី ៤
អំពីការបង្កើតឡើងវិញនូវកម្មសិទ្ធិលើអចលនវត្ថុ
តាមលទ្ធកម្មពិសេសនៃភោគៈ
មាត្រា ២៩ .-
ក្នុងក្របខ័ណ្ឌនៃការបង្កើតឡើងវិញនូវកម្មសិទ្ធិលើអចលនវត្ថុនៅ កម្ពុជាក្រោយសម័យមានវិបត្តិពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដោយមិនចំណុះទៅនឹងវិធានទូទៅនៃអាជ្ញាយុកាលស្ដីពីកម្មសិទ្ធិលើ អចលនវត្ថុ ភោគៈនៃអចលនវត្ថុដែលត្រូវបានទទួលស្គាល់ចាប់ពីឆ្នាំ ១៩៨៩ អាចបង្កើតជាពិសេសនូវសិទ្ធិភណ្ឌិកលើអចលនវត្ថុនិងនាំទៅដល់ លទ្ធកម្មនៃកម្មសិទ្ធិដោយអ្នកកាន់ទ្រព្យក្នុងលក្ខខណ្ឌដែលបានកំណត់ ដោយច្បាប់នេះ។
ការចូលកាន់កាប់ភោគៈត្រូវបញ្ចប់ភោគៈត្រូវបញ្ចប់នៅពេលដែលច្បាប់នេះចូលជាធរមាន។
មាត្រា ៣០ .-
បុគ្គលទាំងឡាយដែលបានអាស្រ័យផលនៃភោគៈដោយសន្តិវិធីនិងមិនមានការ ជំទាស់ចាប់ពី ៥(ប្រាំ) ឆ្នាំ យ៉ាងតិចគិតមកដល់កាលបរិច្ឆេទនៃការប្រកាសឱ្យប្រើច្បាប់នេះលើ អចលនវត្ថុដែលមានលក្ខណៈត្រឹមត្រូវតាមច្បាប់ក្នុងការកាន់កាប់ជា ឯកជន មានសិទ្ធិស្នើសុំប័ណ្ណកម្មសិទ្ធិជាស្ថាពរ។
ក្នុងករណីមានការជំទាស់ដល់ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្ថាពរនេះ អ្នកតវ៉ាត្រូវយកភស្តុតាងមកបញ្ជាក់ថា ខ្លួនឯងផ្ទាល់បានបំពេញលក្ខខណ្ឌនៃភោគៈដោយសន្តិវិធី និងមិនមានការជំទាស់ចាប់ពី៥(ប្រាំ)ឆ្នាំ នៅលើអចលនវត្ថុដែលមានទំនាស់ឬយកភស្តុតាងដែលថាខ្លួនបានទិញ អចលនវត្ថុនោះពីភោគីដើមឬពីសិទ្ធិវន្តស្របច្បាប់ឬអ្នកទទួលផ្ទេរ កម្មសិទ្ធិឬពីសន្តតិជនរបស់ខ្លួន។
មាត្រា ៣១ .-
បុគ្គលដែលបានអាស្រ័យផលនៃភោគៈកន្លងមក គិតមកដល់កាលបរិច្ឆេទដែលច្បាប់នេះចូលជាធរមាន ប្រសិនបើបានបំពេញគ្រប់គ្រាន់នូវលក្ខខណ្ឌទាំងឡាយក្នុងការក្លាយទៅ ជាកម្មសិទ្ធិករ អាចត្រូវបានអនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ចឱ្យបន្ថែមរយៈពេល កាន់កាប់ភោគៈរបស់ខ្លួនរហូតគ្រប់រយៈពេលស្របច្បាប់ ៥ (ឆ្នាំ) និងបានប័ណ្ណកម្មសិទ្ធិស្ថាពរ។ ការអនុញ្ញាតឱ្យបន្តរយៈពេលមិនអាចត្រូវបានបដិសេធដោយអាជ្ញាធរមាន សមត្ថកិច្ចឡើយ ប្រសិនបើភោគៈបានមកដោយសន្តិវិធីនិងមិនមានការជំទាស់។
អាជ្ញាធរមានសមត្ថកិច្ចដែលបដិសេធដោយរំលោភនូវការអនុញ្ញាតឱ្យបន្តរយៈពេលត្រូវទទួលខុសត្រូវខ្លួនចំពោះមុខច្បាប់។
ការទទួលស្គាល់ដោយរំលោភដោយអាជ្ញាធរមានសមត្ថកិច្ច នូវភោគៈដែលមិនបំពេញលក្ខខណ្ឌនៃច្បាប់ ត្រូវចាត់ទុកជាមោឃៈនិងគ្មានអានុភាព។ អាជ្ញាធរដែលបានទទួលស្គាល់ដោយរំលោភនេះ ត្រូវទទួលខុសត្រូវដោយផ្ទាល់ខ្លួនចំពោះមុខច្បាប់។
មាត្រា ៣២.-
អចលនវត្ថុទាំងឡាយដែលមិនអាចក្លាយជាកម្មសិទ្ធិនៃអ្នកកាន់កាប់ស្រប តាមច្បាប់នេះក្នុងករណីភោគីបំពេញមិនបាននូវលក្ខខណ្ឌនៃច្បាប់ ដោយហេតុមកពីលក្ខណៈសម្បត្តិរបស់ខ្លួនជាភោគីកេងបន្លំឬដោយឥរិយាបថ របស់ខ្លួនជាភោគីដែលលួចលាក់នឹងច្បាប់ឬដែលមិនចេញមុខឬជាភោគី ដោយប្រើហឹង្សា។ អចលនវត្ថុនោះត្រូវទុកជាសម្បត្តិរដ្ឋ ហើយមិនអាចឱ្យជនណាចូលកាន់កាប់ភោគីថ្មីសំរាប់លទ្ធកម្មនៃ កម្មសិទ្ធិក្នុងលក្ខខណ្ឌនៃជំពូកនេះបានឡើយ។
មាត្រា ៣៣ .-
ក្នុងករណីមានការដកហូតអចលនវត្ថុដោយហឹង្សាឬដោយប្រើអំណាចរំលោភ របស់អាជ្ញាធរ អចលនវត្ថុនោះត្រូវបានបង្វិលមករដ្ឋវិញ ហើយមិនអាចជាកម្មវត្ថុនៃការកាន់កាប់ថ្មីបានឡើយ ប្រសិនបើគ្មានពាក្យបណ្ដឹងទាមទារពីភោគីស្របច្បាប់នៃអចលនវត្ថុដែល ត្រូវបានដកហូត។ បណ្ដឹងទាមទារនេះមានរយៈពេល ៣ (បី) ឆ្នាំ ចាប់ពីថ្ងៃដែលរដ្ឋប្រកាសដកហូត។
មាត្រា ៣៤.-
អ្នកកាន់កាប់ថ្មីលើអចលនវត្ថុ របស់នីតិបុគ្គលសាធារណៈឬរបស់បុគ្គលឯកជនដោយគ្មានប័ណ្ណ ក្រោយច្បាប់នេះចូលជាធរមានត្រូវចាត់ទុកជាអ្នកកាន់កាប់ដោយខុស ច្បាប់ ហើយត្រូវទទួលទោសដូចមានចែងក្នុងមាត្រា ២៥៩ នៃច្បាប់នេះ។
មាត្រា ៣៥ .-
មានតែអាជ្ញាធរមានសមត្ថកិច្ចក្នុងនាមរដ្ឋ និងនីតិបុគ្គលសាធារណៈប៉ុណ្ណោះដែលអាចឱ្យអ្នកកាន់កាប់អចលនវត្ថុ គ្មានប័ណ្ណឬមានប័ណ្ណមិនគ្រប់គ្រាន់ចាកចេញពីទីតាំងអចលនវត្ថុនោះ។
សាមញ្ញជន ឬអាជ្ញាធរដែលមិនតាងនាមរដ្ឋឬនីតិបុគ្គលសាធារណៈគ្មានសមត្ថកិច្ចដេញ អ្នកកាន់កាប់ដោយសន្តិភាព មានប័ណ្ណត្រឹមត្រូវដោយប្រើកម្លាំងបានឡើយ។ ការដេញអាចធ្វើបានតែតាមការបង្គាប់របស់តុលាការ យោងតាមបណ្ដឹងរបស់បុគ្គលដែលបានប្ដឹងទាមទារទ្រព្យ។
តុលាការត្រូវពិនិត្យបញ្ជាក់រូបភាព ប្រភព កាលបរិច្ឆេទ និងលក្ខខណ្ឌទាំងឡាយនៃប័ណ្ណដែលបានបង្ហាញ។ តុលាការមិនអាចប្រកែកក្នុងការបង្គាប់ឱ្យចាកចេញដើម្បីជាប្រយោជន៍ ដល់បុគ្គលដែលបង្ហាញប័ណ្ណត្រឹមត្រូវនិងពេញលេញរបស់សុរិយោដីបានឡើយ។
មាត្រា ៣៦ .-
បើវិធានការបណ្ដេញចេញ បង្គាប់ដោយតុលាការអាចបណ្ដាលឱ្យមានភាពវឹកវរឬមានផលវិបាកធ្ងន់ធ្ងរ ដល់សង្គម អាជ្ញាធរមានសមត្ថកិច្ចអាចសុំព្យួរការអនុវត្តន៍ជាបណ្ដោះអាសន្នបាន។
មាត្រា ៣៧ .-
លទ្ធកម្មនៃកម្មសិទ្ធិលើអចលនវត្ថុដោយភោគៈអាចសម្រេចបាន ចំពោះតែគុណប្រយោជន៍ដល់បុគ្គលដែលបានកាន់កាប់អចលនវត្ថុ ស្របតាមលក្ខខណ្ឌនៃច្បាប់នេះ។ លទ្ធកម្មនេះមិនអាចជាគុណប្រយោជន៍ដល់ភោគីកេងបន្លំឡើយ។
មាត្រា ៣៨ .-
ដើម្បីក្លាយទៅជាកម្មសិទ្ធិលើអចលនវត្ថុបាន លុះត្រាតែភោគៈនោះត្រូវបានកាន់កាប់ដោយពិតប្រាកដ គ្មានហឹង្សា ដឹងឮជាសាធារណៈ គ្មានអាក់ខាននិងដោយសុចរិត។
ភោគីត្រូវកាន់កាប់អចលនវត្ថុដោយពិតប្រាកដគឺថា ភោគីទោះកាន់កាប់ដោយខ្លួនឯងក្ដី ឱ្យអ្នកដទៃធ្វើឱ្យក្ដីត្រូវកាន់កាប់ឱ្យឃើញថា ការនោះប្រាកដជាធ្វើដើម្បីខ្លួនក្នុងគោលដៅខ្លួនជាភោគីយ៉ាង ផ្ដាច់មុខ កុំឱ្យឃើញថាការដែលធ្វើនោះគឺធ្វើដោយសារសិទ្ធិណាមួយផ្សេង ទៅវិញ។ ប្រសិនបើភោគីពិតប្រាកដមិនចេញមុខ នៅពីក្រោយភោគីមិនពិតប្រាកដ ភោគីនោះមិនអាចទាមទារប័ណ្ណភោគៈដើម្បីធ្វើលទ្ធកម្មទៅជាកម្មសិទ្ធិ បានឡើយ។ ភោគៈនោះត្រូវចាត់ទុកជាមោឃៈ។
ភោគីត្រូវកាន់កាប់អចលនវត្ថុដោយគ្មានហិង្សាគឺថា ភោគៈដែលបានមកដោយហិង្សាមិនទុកជាភោគៈត្រឹមត្រូវតាមច្បាប់ឡើយ។ ក៏ប៉ុន្តែ បើកាលណាគេប្រើហិង្សាក្នុងពេលមានតតិយជនឥតសិទ្ធិសោះមកដណ្ដើម នោះ ហិង្សានេះគ្មានឥទ្ធិពលអ្វីទៅលើភោគៈដែលគេបានដោយសន្តិភាពតាំងពី ដើមមកនោះទេ។
ភោគីត្រូវកាន់កាប់អចលនវត្ថុដោយដឹងឮជាសាធារណៈគឺថា ភោគីត្រូវកាន់កាប់ដោយឥតលាក់បិទបាំងអ្នកទាំងពួងដែលចង់តវ៉ាអំពី សិទ្ធិរបស់ខ្លួនលើវត្ថុនោះនឹងបានដឹងឮឃើញមិនខាន។
ភោគីត្រូវកាន់កាប់អចលនវត្ថុដោយគ្មានអាក់ខានគឺថាភោគីត្រូវធ្វើ នូវកិច្ចការផងទាំងពួងតាមធម្មតាជាប្រក្រតីក្នុងរយៈពេលចាំបាច់នៃ ការទាមទារលទ្ធកម្មកម្មសិទ្ធិ។ ការអាក់ខានក្នុងរយៈពេលខ្លីឬបោះបង់ទុកឱ្យនៅទំនេរដើម្បីឱ្យមាន ជីជាតិឡើងវិញមិនមែនជាឧបសគ្គដល់លទ្ធកម្មកម្មសិទ្ធិនោះទេ។
ភោគីត្រូវកាន់កាប់អចលនវត្ថុដោយសុចរិតគឺថា ភោគីមិនដឹងពីសិទ្ធិជាយថាហេតុរបស់តតិយជនលើវត្ថុដែលខ្លួនកំពុង កាន់កាប់នោះសោះ។
មាត្រា ៣៩ .-
ក្នុងការរង់ចាំដើម្បីឱ្យបានទៅជាកម្មសិទ្ធិពេញលេញ ភោគៈដែលស្របតាមបញ្ញត្តិនៃច្បាប់នេះបង្កើតបានជាកម្មសិទ្ធិភណ្ឌិក លើអចលនវត្ថុ។ ភោគៈនេះអាចជាកម្មវត្ថុនៃការផ្លាស់ប្ដូរ ផ្ទេរសិទ្ធិឬជាកម្មវត្ថុនៃកិច្ចការជំនួញ។
មាត្រា ៤០ .-
ក្នុងការរង់ចាំការរៀបចំឡើងវិញនូវប្លង់សុរិយោដីនិងសៀវភៅគោល បញ្ជីដី អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់ អចលនវត្ថុចំពោះភោគៈដែលមានកន្លងមក មុនច្បាប់នេះចូលជាធរមាន។
ប័ណ្ណសំគាល់សិទ្ធិនេះជាវត្ថុតាងនៃសិទ្ធិកាន់កាប់ ប៉ុន្តែមិនមែនជាប័ណ្ណនៃកម្មសិទ្ធិទេ ហើយក៏មិនមែនជាលិខិតដែលតវ៉ាមិនបាននោះដែរ។
ប័ណ្ណសំគាល់សិទ្ធិនេះ អាចនឹងបង្កើតបានជាប័ណ្ណស្ថាពរនៃកម្មសិទ្ធិដែលមានលក្ខណៈ មិនអាចតវ៉ាបាន លុះត្រាតែគ្មានការជំទាស់នៅពេលបង្កើតសៀវភៅគោលបញ្ជីដី។
ក្នុងករណីមានការជំទាស់ទាមទារ ការកំណត់ថានរណាជាភោគីស្របច្បាប់នៃអចលនវត្ថុនោះ ត្រូវផ្អែកលើការស៊ើបអង្កេតបន្ថែមនូវរាល់ភស្តុតាងដែលពាក់ព័ន្ធទាំង អស់។ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុគឺជាភស្តុតាងមួយប៉ុន្តែមិនអាច កំណត់តែឯកឯងបានទេ។
មាត្រា ៤១ .-
ត្រូវហាមឃាត់ការចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលមិនអាចយកធ្វើជារបស់ឯកជនបាន ឬដែលមិនបានកាន់កាប់តាមលក្ខខណ្ឌស្របច្បាប់។
មាត្រា ៤២ .-
បុគ្គលទាំងឡាយដែលមិនបានចុះបញ្ជីភោគៈស្របច្បាប់របស់ខ្លួន ដោយហេតុមិនបានដឹងឬដោយធ្វេសប្រហែស អ្នកនោះនៅតែមានសិទ្ធិត្រូវបានការពារអំណាចនៃមាត្រា ២៩ មាត្រា ៣០ និងមាត្រា ៣១ នៃច្បាប់នេះ។
មាត្រា ៤៣ .-
ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចជាកម្មវត្ថុនៃលទ្ធកម្មកម្មសិទ្ធិបានឡើយ ទោះក្នុងករណីណាក៏ដោយ។
ស្ថានភាពនៃអ្នកកាន់កាប់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅតែមិន ទៀងទាត់ និងខុសច្បាប់ដដែល ប្រសិនជាស្ថានភាពនោះមិនកើតចេញពីការអនុញ្ញាតតាមបែបផែនដែលបាន កំណត់ដោយច្បាប់ទេនោះ។
បុគ្គលកាន់កាប់ខុសច្បាប់ត្រូវបង្ខំឱ្យចាកចេញជាបន្ទាន់ ហើយត្រូវទទួលទណ្ឌកម្មដែលបានកំណត់ក្នុងមាត្រា ២៥៩ នៃច្បាប់នេះ។
បុគ្គលកាន់កាប់ខុសច្បាប់គ្មានសិទ្ធិទាមទារសំណងសំរាប់ចំណាយលើ ការងារ និងការកែលំអដែលខ្លួនបានធ្វើនៅលើអចលនវត្ថុនោះឡើយ។
មាត្រា ៤៤ .-
ប័ណ្ណឬឯកសារសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុជាទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋឬរបស់នីតិបុគ្គលសាធារណៈដែលចេញដោយអាជ្ញាធរមាន សមត្ថកិច្ចឱ្យដល់បុគ្គលឯកជន ត្រូវទុកជាមោឃៈនិងគ្មានតម្លៃគតិយុត្ត។
ភ្នាក់ងារដែលចេញប័ណ្ណ ឬឯកសារសំគាល់សិទ្ធិកាន់កាប់នេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទាំងខាងស៊ីវិលនិងព្រហ្មទណ្ឌ។
អាជ្ញាធរដែលព្រងើយកន្តើយចំពោះការរំលោភខុសច្បាប់តាមរបៀបនេះ ដែលខ្លួនបានដឹងចាត់ទុកជាអ្នករួមគំនិត ហើយត្រូវទទួលទោសដូចគ្នានឹងចារីដែរ។
មាត្រា ៤៥ .-
ក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចមិនព្រមចេញប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុអ្នកកាន់កាប់អចលនវត្ថុនោះអាចធ្វើពាក្យប្ដឹងទៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
មាត្រា ៤៦ .-
ការចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុដោយអាជ្ញាធរមាន សមត្ថកិច្ច ឱ្យបុគ្គលក្រៅពីភោគីពិតប្រាកដដដែលបានកាន់កាប់អចលនវត្ថុ គឺជាបទល្មើសដែលត្រូវទទួលទោសតាមបញ្ញត្តិនៃមាត្រា ២៦១ នៃច្បាប់នេះ។
មាត្រា ៤៧ .-
វិវាទរវាងភោគីចំពោះអចលនវត្ថុមួយ នឹងត្រូវដាក់ឱ្យធ្វើការស៊ើបអង្កេតនិងដោះស្រាយតាមនីតិវិធីដែលបាន កំណត់។ លទ្ធផលនៃការស៊ើបអង្កេតត្រូវដាក់ជូនគណៈកម្មការសុរិយោដីដែលបង្កើត ឡើងនៅក្រសួងរៀបចំដែនដី នគរូបនីកម្ម និង សំណង់។ គណៈកម្មការនេះត្រូវធ្វើសេចក្ដីសំរេចលើបដិវាទកម្មនោះ។ ក្នុងករណីមិនសុខចិត្តគូវិវាទ អាចប្ដឹងទៅតុលាការបាន។ ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការនេះ ត្រូវកំណត់ ដោយអនុក្រឹត្យ។
ជំពូកទី ៥
អំពីសម្បទានដី
មាត្រា ៤៨ .-
សម្បទានដីជាសិទ្ធិស្របច្បាប់ដែលបានចែងក្នុងឯកសារគតិយុត្តចេញដោយ អាជ្ញាធរមានសមត្ថកិច្ច តាមអំណាចឆន្ទានុសិទ្ធិឱ្យរូបវន្តបុគ្គលឬនីតិបុគ្គលឬក្រុមមនុស្ស ដើម្បីកាន់កាប់ដីនិងប្រើប្រាស់សិទ្ធិលើដីនោះតាមការកំណត់នៃ ច្បាប់នេះ។
មាត្រា ៤៩ .-
សម្បទានដីត្រូវឆ្លើយតបទៅនឹងប្រយោជន៍សង្គមឬទៅនឹងប្រយោជន៍សេដ្ឋកិច្ច។
សម្បទានដីឆ្លើយតបទៅនឹងប្រយោជន៍សង្គម អនុញ្ញាតឱ្យអ្នកទទួលប្រយោជន៍រៀបចំដីដើម្បីសង់លំនៅឋាន ឬ/និងដាំដំណាំនៅលើដីដែលជាកម្មសិទ្ធិរបស់រដ្ឋដើម្បីធានាការ ចិញ្ចឹមជីវិត។
សម្បទានដីឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ច អនុញ្ញាតឱ្យអ្នកទទួលប្រយោជន៍កាប់ឆ្ការ ទាញយកផលដោយធ្វើអាជីវកម្មកសិឧស្សាហកម្មលើដីនៃព្រះរាជាណាចក្រ កម្ពុជា។
មាត្រា ៥០ .-
សម្បទានអាចមានរូបភាពផ្សេងទៀតដូចជាការអនុញ្ញាតឱ្យប្រើប្រាស់ រៀបចំឬធ្វើអាជីវកម្មដីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ទោះជាភ្ជាប់ឬមិនភ្ជាប់ទៅនឹងការបំពេញសេវាសាធារណៈក៏ដោយមានជា អាទិ៍ សម្បទានរ៉ែ សម្បទានកំពង់ផែ សម្បទានព្រលានយន្ដហោះ សម្បទានរៀបចំតំបន់ឧស្សាហកម្ម សម្បទាននេសាទ។ សម្បទានទាំងនេះមិនឋិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់នេះទេ។
មាត្រា ៥១ .-
សម្បទានដីមិនអាចប្រគល់ឱ្យដោយឥតគិតថ្លៃទេ លើកលែងតែសម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គមដែលប្រគល់ឱ្យគ្រួសារ ក្រីក្រសំរាប់តាំងទីលំនៅ ឬ/និងដាំដំណាំចិញ្ចឹមជីវិត។
មាត្រា ៥២ .-
សម្បទានដីអាចបង្កើតបានតែសិទ្ធិក្នុងរយៈពេលមួយជាកំណត់តាមកិច្ច សន្យាដែលបានបង្កើតសម្បទាននោះស្របតាមបញ្ញត្តិនៃច្បាប់នេះ។
សម្បទានដីមិនអាចឈានដល់ការបង្កើតនូវសិទ្ធិជាកម្មសិទ្ធិលើដីដែល បានផ្ដល់ជាសម្បទានជាប្រយោជន៍ដល់សាមីជននោះទេ លើកលែងតែចំពោះសម្បទានដែលឆ្លើយតបទៅនឹងប្រយោជន៍សង្គម។
មាត្រា ៥៣ .-
សម្បទានដីមិនអាចកើតចេញពីស្ថានភាពកាន់កាប់ដីជាក់ស្ដែងបានទេ។ សម្បទានដីត្រូវសំអាងលើលិខិតគតិយុត្តជាក់លាក់ដែលបានចេញមុនការ កាន់កាប់ដីដោយអាជ្ញាធរមានសមត្ថកិច្ចគឺរដ្ឋឬសមូហភាពដែនដីសាធារណៈ ឬគ្រឹះស្ថានសាធារណៈដែលជាកម្មសិទ្ធិករនៃដីដែលត្រូវបានផ្ដល់ជា សម្បទាន។ សម្បទានត្រូវតែចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
មាត្រា ៥៤ .-
សម្បទានដីត្រូវមានលក្ខខណ្ឌ។ សម្បទានត្រូវតែអនុលោមទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះដែលជាសណ្ដាប់ធ្នាប់សាធារណៈ។
លិខិតសម្បទានអាចមានខដោយឡែកផ្សេងទៀតដែលមានតម្លៃជាកិច្ចសន្យា។
មាត្រា ៥៥ .-
សម្បទានដីត្រូវបានដកហូតវិញដោយសេចក្ដីសំរេចខាងរដ្ឋបាល ក្នុងករណីលក្ខខណ្ឌច្បាប់មិនត្រូវបានគោរព។ ករណីនេះសម្បទានិកមានសិទ្ធិប្ដឹងទៅតុលាការតាមនីតិវិធីដែលច្បាប់ បានកំណត់។
សម្បទានដីអាចត្រូវបានទុកជាមោឃៈដោយតុលាការ កាលបើសម្បទានិកមិនគោរពខដោយឡែកដែលមានចែងក្នុងកិច្ចសន្យា។
មាត្រា ៥៦ .-
សិទ្ធិរបស់សម្បទានិកលើដីដែលបានផ្ដល់ជាសម្បទានក្នុងអំឡុងពេលនៃ សម្បទាន គឺជាសិទ្ធិដែលទទួលស្គាល់ដូចជាកម្មសិទ្ធិករ លើកលែងតែការផ្ទេរសិទ្ធិ។ សម្បទានិកមានសិទ្ធិជាពិសេសក្នុងការការពារស្ថានភាពរបស់ខ្លួនដោយ អាជ្ញាធរមានសមត្ថកិច្ច។
សម្បទានិកអាចការពារដីដែលបានផ្ដល់ជាសម្បទានឱ្យខ្លួនចំពោះការទន្ទ្រាន ឬការប៉ះពាល់ទោះជាតាមរូបភាពណាក៏ដោយ។
សម្បទានិកអាចទាញយកនូវផលិតផលពីដីរបស់ខ្លួនធ្វើការរៀបចំដាំដុះ ស្របតាមគោលបំណងនៃសម្បទាន។ សម្បទានិកមិនអាចកែប្រែគោលបំណងនៃសម្បទានធ្វើឱ្យប៉ះពាល់ដល់ រចនាសម្ព័ន្ធធម្មជាតិនិងធ្វើអាជីវកម្មដែលមានលក្ខណៈជាការបំផ្លាញ នៅចុងបញ្ចប់នៃសម្បទានបានឡើយ។
មាត្រា ៥៧ .-
ការផ្ទេរដីសម្បទានមិនអាចធ្វើឡើងតាមរយៈការផ្ទេរសិទ្ធិបានឡើយ។ ការផ្ទេរដីសម្បទាន អាចកើតឡើងតែតាមរយៈការបង្កើតកិច្ចសន្យាថ្មីនៃសម្បទានដោយ អាជ្ញាធរមានសមត្ថកិច្ច ជាគុណប្រយោជន៍ដល់អ្នកទទួលសិទ្ធិសម្បទានថ្មី។
ក្នុងករណីដែលសម្បទានិកទទួលមរណភាព ទាយាទទាំងឡាយរបស់ខ្មោចប្រសិនជាមានបំណង អាចនឹងបន្តប្រើប្រាស់សិទ្ធិទាំងនោះក្នុងរយៈពេលសម្បទានដែលនៅសល់។
មាត្រា ៥៨ .-
សម្បទានដីអាចធ្វើឡើងបានតែនៅលើដីដែលជាចំណែកនៃទ្រព្យសម្បត្តិ ឯកជន របស់រដ្ឋ។ សម្បទានដីមិនអាចប៉ះពាល់ផ្លូវគមនាគមន៍ ដីចំណីផ្លូវនិងដីចាំបាច់សំរាប់ថែទាំក៏ដូចជាផ្លូវទឹក ត្រពាំង បឹង និងដែនទឹកបំរុងដែលមានប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។
មាត្រា ៥៩ .-
សម្បទានដីមានទំហំច្រើនបំផុតត្រឹមតែ ១០.០០០ (មួយម៉ឺនហិកតា) ហិកតា។
សម្បទានដីដែលសំរេចហើយ ហើយមានទំហំលើសពីទំហំកំណត់ខាងលើ ជាកម្មវត្ថុនៃការកាត់បន្ថយ។ ប៉ុន្តែប្រសិនបើការកាត់បន្ថយនេះមានឥទ្ធិពលធ្វើឱ្យខូចប្រយោជន៍ អាជីវកម្មដែលកំពុងមានដំណើរការ សម្បទានិកអាចនឹងទទួលបានការលើកលែងជាពិសេស។ នីតិវិធីនៃការកាត់បន្ថយនិងការលើកលែងជាពិសេសត្រូវកំណត់ដោយ អនុក្រឹត្យ។
ត្រូវបានហាមឃាត់ការចេញលិខិតសម្បទានដីច្រើនកន្លែងឱ្យបុគ្គលតែ ម្នាក់ ឬឱ្យនីតិបុគ្គលច្រើន តែគ្រប់គ្រងដោយរូបវន្តបុគ្គលឬនីតិបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំដែលបានកំណត់នៅវាក្យខ័ណ្ឌខាងលើ។
មាត្រា ៦០ .-
នីតិវិធីនៃការផ្ដល់សម្បទានដីសម្រាប់ការសង់លំនៅឋាននិងសម្បទានដី កសិកម្មសំរាប់ការចិញ្ចឹមជីវិតឬអាជីវកម្មកសិឧស្សាហកម្មត្រូវកំណត់ ដោយអនុក្រឹត្យ។
មាត្រា ៦១ .-
រយៈពេលនៃសម្បទានដីត្រូវកំណត់ ៩៩ (កៅសិបប្រាំបួន) ឆ្នាំ យ៉ាងច្រើន។
មាត្រា ៦២ .-
រាល់សម្បទានដីសំរាប់ដាំដំណាំឧស្សាហកម្ម ត្រូវចាប់ផ្ដើមធ្វើអាជីវកម្មក្នុងរយៈពេល១២ (ដប់ពីរ) ខែ បន្ទាប់ពីការផ្ដល់សម្បទាន បើមិនដូច្នោះទេនឹងត្រូវទុកជាមោឃៈ។
ការខកខានធ្វើអាជីវកម្មរយៈពេលលើសពី ១២ (ដប់ពីរ) ខែ នាំឱ្យមានមោឃភាពសម្បទានប្រសិនបើការខកខាននោះពុំមានមូលហេតុ ត្រឹមត្រូវ។
រាល់សម្បទានដីដែលបានផ្ដល់ឱ្យមុនច្បាប់នេះចូលជាធរមាន ហើយមិនបានធ្វើអាជីវកម្មចាប់ពី ១២ (ដប់ពីរ) ខែ ឡើងទៅ គិតពីថ្ងៃដែលច្បាប់នេះចូលជាធរមាន ត្រូវទុកជាមោឃៈប្រសិនបើការខកខានមិនបានធ្វើអាជីវកម្មនោះពុំមាន មូលហេតុត្រឹមត្រូវ។
រាល់ការមិនបានបំពេញកិច្ចតាមសៀវភៅបន្ទុកដោយសម្បទានិក នាំឱ្យមានការដកហូតសម្បទា។ ក្នុងករណីនៃការដកហូតសម្បទាន ទោះជាមានមូលហេតុអ្វីក៏ដោយសម្បទានិកគ្មានសិទ្ធិទារសំណងនៃការ ខូចខាតណាមួយឡើយ។
ជំពូកទី ៦
អំពីរបៀបលទ្ធកម្មនៃកម្មសិទ្ធិ
មាត្រា ៦៣ .-
ការផ្ទេរកម្មសិទ្ធិអចលនវត្ថុរវាងបុគ្គលឯកជនតាមរយៈការលក់ ការដូរ ការធ្វើអំណោយឬតាមរយៈសន្តតិកម្មត្រូវអនុវត្តតាមបញ្ញត្តិនៃ ច្បាប់។
ផ្នែកទី ១ : អំពីលទ្ធកម្មដោយការលក់អចលនវត្ថុ
មាត្រា ៦៤ .-
ការលក់អចលនវត្ថុគឺជាកិច្ចសន្យាដែលអនុញ្ញាតឱ្យផ្ទេរសិទ្ធិជា កម្មសិទ្ធិនៃអចលនវត្ថុពីអ្នកលក់ឱ្យអ្នកទិញ ដោយអ្នកទិញត្រូវបង់ប្រាក់ថ្លៃអចលនវត្ថុនោះទៅឱ្យអ្នកលក់។
មាត្រា ៦៥ .-
ការផ្ទេរកម្មសិទ្ធិមិនអាចជំទាស់ពីតតិយជនបាន លុះត្រាតែកិច្ចសន្យាលក់អចលនវត្ថុត្រូវបានធ្វើជាលាយលក្ខណ៍អក្សរតាម ទម្រង់លិខិតយថាភូតធ្វើដោយអាជ្ញាធរមានសមត្ថកិច្ចហើយត្រូវបាន ចុះបញ្ជីនៅអង្គភាពសុរិយោដី។
កិច្ចសន្យាលក់តែឯកឯង មិនអាចចាត់ទុកជាការផ្ទេរកម្មសិទ្ធិទ្រព្យនោះពេញលក្ខណៈច្បាប់បានឡើយ។
មាត្រា ៦៦ .-
បុគ្គលដែលមានសញ្ជាតិខ្មែរ និងមានសមត្ថភាពចុះកិច្ចសន្យាអាចលក់ ឬទិញទ្រព្យជាអចលនវត្ថុបាន។
បុគ្គលដែលមិនអាចលក់បានគឺ:
– បុគ្គលដែលមិនមែនជាកម្មសិទ្ធិករនៃទ្រព្យដែលត្រូវលក់
– កម្មសិទ្ធិករនៃទ្រព្យអវិភាគដោយគ្មានការយល់ព្រមពីកម្មសិទ្ធិករអវិភាគផ្សេងទៀត
– បុគ្គលដែលមានអចលនវត្ថុជាកម្មវត្ថុនៃការរឹបអូស។
បុគ្គលដែលមិនអាចទិញបានគឺ:
– អាណាព្យាបាលមិនអាចទិញទ្រព្យរបស់បាលិតខ្លួន
– ហិតូបត្ថម្ភកៈមិនអាចទិញទ្រព្យដែលខ្លួនគ្រប់គ្រង
– ចៅក្រម ឬភ្នាក់ងាររដ្ឋបាលមិនអាចទិញទ្រព្យដែលយុត្តាធិការរបស់ខ្លួន ឬដែលខ្លួនមានបេសកកម្មលក់
– បុគ្គលដែលមានទ្រព្យត្រូវរឹបអូសមិនអាចទិញទ្រព្យនោះវិញបានទេ។
មាត្រា ៦៧ .-
ការលក់រវាងសហព័ទ្ធត្រូវទុកជាមោឃៈ។
មាត្រា ៦៨ .-
អ្នកលក់ត្រូវធានាជាមួយអ្នកទិញ ក្នុងកិច្ចសន្យា ចំពោះអចលនវត្ថុដែលកល់នូវរាល់វិការៈអាថ៌កំបាំងសំខាន់ៗ បើពុំនោះទេនាំឱ្យមានកតិកាភេទនៃការលក់។
មាត្រា ៦៩ .-
ការផ្ទេរកម្មសិទ្ធិត្រូវចាត់ទុកជាបានសម្រេច ចាប់ពីពេលដែលបានចុះបញ្ជីកិច្ចសន្យានោះនៅ អង្គភាពសុរិយោដី។ ថ្លៃលក់ត្រូវតែចុះក្នុងកិច្ចសន្យាលក់ បើមិនដូច្នោះទេកិច្ចសន្យាលក់នោះត្រូវទុកជាមោឃៈ។
កិច្ចសន្យាលក់អចលនវត្ថុនឹងអាចចុះបញ្ជីបាន លុះត្រាតែភាគីទាំងអស់បានបង្ហាញភស្តុតាងថារាល់ពន្ធដារលើទ្រព្យ នោះត្រូវបានបង់រួច។
ផ្នែកទី ២ : អំពីលទ្ធកម្មដោយការដូរអចលនវត្ថុ
មាត្រា ៧០.-
ការដូរអចលនវត្ថុ គឺជាកិច្ចសន្យាដែលភាគីទាំងសងខាងព្រមព្រៀងឱ្យអចលនវត្ថុគ្នាទៅវិញទៅមក។
ការដូរអចលនវត្ថុអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិនៃទ្រព្យជាអចលនវត្ថុបាន។
ការដូរនេះត្រូវមានលក្ខខណ្ឌដូចគ្នានឹងការលក់ដែរ។
ផ្នែកទី ៣ : អំពីលទ្ធកម្មដោយសន្តតិកម្ម
មាត្រា ៧១ .-
អាចផ្ទេរតាមរយៈសន្តតិកម្មឥតបណ្ដាំ សន្តតិកម្មមានបណ្ដាំឬអច្ចយទាននូវ:
– ទ្រព្យជាអចលនវត្ថុដែលប័ណ្ណកម្មសិទ្ធិត្រូវបានរៀបចំជាស្ថាពរស្របតាមបញ្ញត្តិទាំងឡាយនៃច្បាប់នេះ
– ភោគៈទាំងឡាយស្របតាមច្បាប់ដោយយោងទៅលើប័ណ្ណឬឯកសារគតិយុត្ត ឬភស្តុតាងផ្សេងៗទៀត
– រាល់អវយវភេទនៃកម្មសិទ្ធិនិងរាល់សិទ្ធិភណ្ឌិកអចលនវត្ថុ។
មាត្រា ៧២ .-
ក្នុងករណីសន្តតិកម្ម ការគិតរយៈពេលចាំបាច់នៃការកាន់កាប់អចលនវត្ថុសំរាប់លទ្ធកម្ម កម្មសិទ្ធិពេញលេញដូចដែលបានបញ្ញត្តិក្នុងមាត្រា ៣០ និងមាត្រា ៣១ នៃច្បាប់ នេះត្រូវរាប់ចាប់ពីពេលដែលខ្មោចបានចូលកាន់កាប់ទ្រព្យនោះ។
មាត្រា ៧៣ .-
ទ្រព្យជាអចលនវត្ថុដែលគ្រាន់តែកាន់កាប់ដោយជាក់ស្ដែង ហើយមិនទាន់បានចុះបញ្ជីឬបញ្ជាក់ដោយលិខិតរដ្ឋបាល ប៉ុន្តែត្រូវបានកាន់កាប់ស្របតាមលក្ខខណ្ឌនៃច្បាប់ ក៏អាចជាកម្មវត្ថុនៃការផ្ទេរតាមសន្តតិកម្មបានដែរ។
មាត្រា ៧៤ .-
ក្នុងករណីទ្រព្យកាន់កាប់គ្មានប័ណ្ណត្រូវបានផ្ទេរតាមរយៈ សន្តតិកម្ម ទាយាទដែលជាអ្នកកាន់កាប់ថ្មីអាចបន្តចាត់ចែងទ្រព្យនោះនិងទទួលបាន នូវកិច្ចការពារ ដោយហេតុថាស្ថានភាពរបស់ខ្លួនឆ្លើយតបទៅនឹងលក្ខខណ្ឌនៃច្បាប់។
ក្នុងករណីនេះ អាជ្ញាធរមានសមត្ថកិច្ចឬជនណាក៏ដោយមិនអាចយកលេសពីស្ថានភាពនៃការ កាន់កាប់ជាក់ស្ដែងរបស់ខ្មោចឬយកលេសពីការខ្វះនូវការជំរះមរតក ត្រឹមត្រូវ ដើម្បីធ្វើឱ្យប៉ះពាល់សិទ្ធិនៃទាយាទនិងជាពិសេសដើម្បីបដិសេធការ ទទួលស្គាល់ ឬមិនបញ្ជាក់ការកាន់កាប់របស់គេបានឡើយ។
មាត្រា ៧៥ .-
កាលបើអចលនវត្ថុជាមរតកប្រើប្រាស់សំរាប់ជាលំនៅឋាននៃគ្រួសាររបស់ ខ្មោចឬដីប្រើប្រាស់សំរាប់ការផ្គត់ផ្គង់ជីវភាពដោយផ្ទាល់ ទាយាទមិនអាចសុំបែងចែកឬសម្រេចលក់ទ្រព្យនោះទេ លើកលែងមានការយល់ព្រមដោយច្បាស់ពីសហទាយាទទាំងអស់។ ក្នុងករណីមានការជំទាស់អំពីការបែងចែកមរតក សហទាយាទមានសិទ្ធិប្ដឹងទៅតុលាការដើម្បីសុំឱ្យដោះស្រាយទំនាស់នេះ។
ការលក់ចំណែកសិទ្ធិរបស់សហទាយាទណាម្នាក់ត្រូវទុកជាមោឃៈ ប្រសិនបើគ្មានការយល់ព្រមច្បាស់លាស់ពីសហទាយាទទាំងអស់។ ម៉្យាងទៀតចំពោះសហទាយាទដែលបានលក់ចំណែកសិទ្ធិរបស់ខ្លួននេះត្រូវ បាត់បង់សិទ្ធិនៃសន្តតិកម្មលើទ្រព្យដែលបានលក់។ សហទាយាទណាម្នាក់ដែលបានបំពានការហាមលក់មរតកនេះ ត្រូវទទួលខុសត្រូវតែម្នាក់ឯងលើអំពើរបស់ខ្លួនចំពោះអ្នកទិញ។
មាត្រា ៧៦ .-
ទាយាទទាំងឡាយដែលមិនអាចបន្តនិរន្តរភាពនៃការកាន់កាប់ទ្រព្យជាមរតក បាន ដោយជាក់ស្ដែងឬដោយគតិយុត្តឬមិនចង់ទទួលបន្ទុកដោយខ្លួនឯង អាចធ្វើការផ្ទេរ ដោយប្រគល់សិទ្ធិឱ្យតតិយជនបាន។
មាត្រា ៧៧ .-
បើអ្នកទទួលសម្បទានដីឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ចមិនមែនជា ក្រុមហ៊ុន ហើយមានប័ណ្ណអចលនវត្ថុកាន់កាប់ដោយរូបវន្តបុគ្គលម្នាក់ដែលទទួល មរណភាព សម្បទាននោះមិនអាចជាកម្មវត្ថុនៃការបែងចែកដោយគ្មានការយល់ព្រមពី អាជ្ញាធររដ្ឋបាល ដែលបានផ្ដល់សម្បទានបានឡើយ។
មាត្រា ៧៨ .-
ទ្រព្យទាំងឡាយដែលកម្មសិទ្ធិករស្លាប់ដោយគ្មានបន្សល់ទុកនូវទាយាទ ឬអច្ចយលាភីត្រូវត្រឡប់មកជារបស់រដ្ឋ ហើយត្រូវបញ្ចូលក្នុងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។
មាត្រា ៧៩ .-
ការចាត់ចែងមរតកត្រូវស្ថិតនៅក្រោមវិធានទាំងឡាយនៃទំលាប់ប្រពៃណី ក្នុងរឿងនេះក្នុងពេលរង់ចាំការប្រកាសឱ្យប្រើក្រមរដ្ឋប្បវេណី ថ្មី។
ផ្នែកទី ៤ : អំពីលទ្ធកម្មដោយប្រទានកម្ម
មាត្រា ៨០ .-
ប្រទានកម្មគឺជាកិច្ចសន្យាដែលជនម្នាក់ហៅថាអ្នកអោយ ឬទាយកផ្ទេរនូវកម្មសិទ្ធិនៃទ្រព្យរបស់ខ្លួនឱ្យទៅជនម្នាក់ទៀត ហៅថាអ្នកទទួល ឬបដិគ្គាហកដែលព្រមទួលយកទ្រព្យនោះ។
មាត្រា ៨១ .-
ប្រទានកម្មអចលនវត្ថុមិនអាចត្រូវបានជំទាស់ពីតតិយជនបាន លុះត្រាតែប្រទានកម្មនោះត្រូវបានធ្វើជាលាយលក្ខណ៍អក្សរតាមទម្រង់ លិខិតយថាភូត ហើយត្រូវបានចុះបញ្ជីនៅអង្គភាពសុរិយោដី។
មាត្រា ៨២ .-
អចលនវត្ថុអាចជាកម្មវត្ថុនៃប្រទានកម្មរវាងអ្នកនៅរស់ឬប្រទានកម្ម ដោយហេតុមរណៈឬអច្ចយទាន។ ប្រសិនបើជាប្រទានកម្មទៅវិញទៅមក ប្រតិបត្តិការនេះបង្កើតបានជាការប្ដូរ។
មាត្រា ៨៣ .-
រដ្ឋអាចធ្វើអំណោយជាអចលនវត្ថុចំពោះតែរូបវន្តបុគ្គលដោយហេតុផល សង្គមកិច្ច ដើម្បីឱ្យស្នាក់នៅឬដាំដំណាំចិញ្ចឹមជីវិត។ តម្លៃអចលនវត្ថុដែលផ្ដល់ឱ្យត្រូវបានកំណត់សមស្របទៅនឹងគោលដៅណាមួយ ដែលចង់បាននិងមិនអនុញ្ញាតឱ្យកេងយកកំរៃឬធ្វើមានបានមិនស្របទៅ នឹងកំរិតជីវភាពសង្គមនៃអ្នកទទួល។
ប្រទានកម្មដែលរដ្ឋបានធ្វើពីមុនមកហើយមិនអាចសើរើបានឡើយ។
មាត្រា ៨៤ .-
ប្រទានកម្មជាអចលនវត្ថុមិនអាចដកហូតមកវិញបានឡើយ នៅពេលដែលមានការព្រមទទួលហើយនោះ។ ប្រទានកម្មនេះអាចធ្វើការផ្ទេរសិទ្ធិកម្មសិទ្ធិបានភ្លាម។ ប៉ុន្តែទាយកអាចរក្សាទុកសំរាប់ខ្លួននូវសិទ្ធិផលុបភោគនៃទ្រព្យ សិទ្ធិប្រើប្រាស់និងអាស្រ័យនៅនៃអចលនវត្ថុដែលត្រូវចែងក្នុងកិច្ច សន្យានិងត្រូវចុះបញ្ជីនៅអង្គភាពសុរិយោដី។
មាតិកាទី ៣
អំពីរបបកម្មសិទ្ធិឯកជន
ជំពូកទី ៧
អំពីសិទ្ធិនិងកាតព្វកិច្ចនៃកម្មសិទ្ធិករ
ផ្នែកទី ១ : អំពីការអាស្រ័យផលនៃកម្មសិទ្ធិ
មាត្រា ៨៥ .-
កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុមានសិទ្ធិប្រើប្រាស់ អាស្រ័យផលនិងចាត់ចែងទ្រព្យរបស់ខ្លួនផ្ដាច់មុខនិងទូលំទូលាយ កុំឱ្យតែយកទ្រព្យនោះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បាន ហាមឃាត់។
មាត្រា ៨៦ .-
កម្មសិទ្ធិករនៃទ្រព្យមិនអាចប្រើប្រាស់ទ្រព្យនោះក្នុងគោលដៅ ព្យាបាទឬរំខានដល់តតិយជននិងជាពិសេសដល់អ្នកជិតខាងរបស់ខ្លួនបាន ឡើយ។
ការប្រើប្រាស់ទ្រព្យជាធម្មតាដែលមានចរិតធម្មានុរូបមិនអាចចាត់ទុក ជាការរំខាន ដែលបណ្ដាលឱ្យរាំងស្ទះដល់ការប្រើប្រាស់ទ្រព្យនោះបានឡើយ។
មាត្រា ៨៧ .-
កម្មសិទ្ធិករនៃដីអាចធ្វើនៅលើដី រាល់ការដាំដុះ ការរៀបចំ និងការសាងសង់តាមបំណងរបស់ខ្លួនលើកលែងតែមានច្បាប់ហាមឃាត់។ ការរៀបចំឬការសាងសង់ទាំងនោះជាកម្មសិទ្ធិរបស់ខ្លួនទាំងអស់ស្រប តាមបញ្ញត្តិនៃផ្នែកទី ៣ នៃជំពូកនេះ។
មាត្រា ៨៨ .-
កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុអាចរៀបចំឬកែប្រែបានដោយសេរីនូវ ប្រភេទនិងរចនាសម្ព័ន្ធដើមនៃទ្រព្យរបស់ខ្លួន ស្របតាមការប្រើប្រាស់ដែលខ្លួនចង់ធ្វើតាមការកំណត់នៃច្បាប់។
មាត្រា ៨៩ .-
ចាត់ទុកជាការកែប្រែប្រភេទឬរចនាសម្ព័ន្ធដើមនៃទ្រព្យជាអចលនវត្ថុ ក្នុងន័យនៃច្បាប់នេះមានជាអាទិ៍ ការគាស់រានដី ការកាប់ព្រៃឈើ ការដាំដំណាំលើដីនោះ ការចាក់បំពេញដី ការឈូសពង្រាបភ្នំ ការជីករុករក ការជីកយកដីចេញ ការជីកអណ្ដូងរ៉ែឬកន្លែងយកថ្ម ការរៀបចំឬការធ្វើឱ្យស្ងួតដែនវារីជាតិ ការរៀបចំដីកសិកម្មទៅជាទីប្រជុំជន ការបង្កើតតំបន់ឧស្សាហកម្មនិងការបង្កើតទីតាំងរោងចក្រ។
មាត្រា ៩០ .-
កម្មសិទ្ធិករនៃផ្ទៃដីគឺជាកម្មសិទ្ធិករនៃផ្នែកក្រោមដី និងរាល់អ្វីៗដែលទាញយកផលបាន កុំឱ្យតែផ្ទុយនឹងបញ្ញត្តិនៃមាត្រា ៨៨ និងមាត្រា ៨៩ នៃច្បាប់នេះ។ ព្រំប្រទល់នៃផ្នែកខាងក្រោមដីត្រូវបានកំណត់តាមបន្ទាត់ឈរនៃផ្ទៃ រាបខាងលើ។
ប៉ុន្តែកម្មសិទ្ធិករមិនអាចទាមទារយកជាកម្មសិទ្ធិនូវបដិមាករ ចម្លាក់ក្រឡោតឬបុរាណវត្ថុគ្រប់ប្រភេទដែលបានរកឃើញ។ ស្នាដៃទាំងនេះជាចំណែកនៃបេតិកភណ្ឌជាតិ ហើយត្រូវតែប្រគល់ឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
មាត្រា ៩១ .-
កម្មសិទ្ធិករនៃផ្ទៃដីក៏ជាកម្មសិទ្ធិករនៃលំហអាកាសនិងវត្ថុធាតុ អចិន្ត្រៃយ៍ដែលស្ថិតចំពីលើដីជាកម្មសិទ្ធិរបស់ខ្លួន លើកលែងតែបណ្ដាញខ្សែអគ្គិសនីនិងទូរគមនាគមន៍ដែលត្រូវអនុវត្តតាម ច្បាប់ដោយឡែក។ ជាពិសេស កម្មសិទ្ធិករអាចកាប់មែកឈើអ្នកជិតខាងដែលលយចូលមកលើកម្មសិទ្ធិ របស់ខ្លួនឬបេះយកផលផ្លែឈើនោះបាន។
ប៉ុន្តែកម្មសិទ្ធិករមិនអាចហាមឃាត់ការហោះហើរដោយអាកាសយានគ្រប់ប្រភេទបានឡើយ។
មាត្រា ៩២ .-
កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុអាចបង្កើតបានជាប្រាតិភោគនៃ កិច្ចសន្យា ស្របតាមបញ្ញត្តិដែលបានកំណត់ក្នុងមាតិកាទី ៥ នៃច្បាប់នេះ។
មាត្រា ៩៣ .-
កម្មសិទ្ធិករនៃទ្រព្យអាចចាត់ចែងផលិតផលនិងការកើនឡើងតាមធម្មជាតិឬ តាមសិប្បនិម្មិតដែលផ្សំគ្នាឬដែលជាប់ជាមួយនឹងទ្រព្យនោះតាម វិធានដែលបានកំណត់ក្នុងផ្នែកទី២ និងទី៣នៃជំពូកនេះ។
ផ្នែកទី ២ : អំពីឧបាគមន៍ផលិតផលនិងផលទុននៃកម្មសិទ្ធិ
មាត្រា ៩៤ .-
កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុមានសិទ្ធិទទួលផលគ្រប់បែបយ៉ាងពី ទ្រព្យនោះមានផលធម្មជាតិនិងផលស៊ីវិលតាមសិទ្ធិឧបាគមន៍។
ផលធម្មជាតិផលដែលកើតពីដីដោយឯកឯង ឬដោយអំពើរបស់មនុស្ស។
ផលស៊ីវិលគឺផលទុន ធនលាភនិងការប្រាក់។
មាត្រា ៩៥ .-
ផលដែលកើតចេញពីដំណាំលើទ្រព្យជាដីរបស់កម្មសិទ្ធិករនៃទ្រព្យនេះ លុះត្រាតែកម្មសិទ្ធិករនោះបានសងតម្លៃនៃការភ្ជួររាស់ ពលកម្មនិងពូជដែលបានធ្វើជាយថាហេតុដោយតតិយជន។
ផ្នែកទី ៣ : អំពីការកើននៃកម្មសិទ្ធិ
អនុផ្នែកទី ១ : អំពីការកើនដោយអំពើរបស់មនុស្ស
មាត្រា ៩៦ .-
សំណង់ ដំណាំនិងការ្យទាំងឡាយដែលបានធ្វើនៅលើដីឬនៅក្រោមដី ត្រូវបានចាត់ទុកថាបានធ្វើដោយកម្មសិទ្ធិករ ដោយសោហ៊ុយផ្ទាល់ខ្លួនហើយជារបស់កម្មសិទ្ធិករនោះលើកលែងតែមាន ភស្តុតាងផ្ទុយពីនេះ។
មាត្រា ៩៧ .-
កម្មសិទ្ធិករនៃដីដែលបានធ្វើការសាងសង់ ដាំដុះ ឬរៀបចំដោយប្រើសម្ភារៈដែលមិនមែនជារបស់ខ្លួនត្រូវចេញថ្លៃសម្ភារៈ ទាំងនោះឱ្យម្ចាស់គេវិញ។ កម្មសិទ្ធិករនោះអាចត្រូវផ្ដន្ទាទោសឱ្យសងជម្ងឺចិត្តផងដែរ ប្រសិនជាមាន ប៉ុន្តែម្ចាស់សម្ភារៈគ្មានសិទ្ធិដកយកសម្ភារៈនោះចេញឡើយ។
មាត្រា ៩៨ .-
កាលបើដំណាំ សំណង់និងការរៀបចំទាំងឡាយត្រូវបានធ្វើឡើងដោយបំពានពីតតិយជននិង ដោយសម្ភារៈរបស់ខ្លួន កម្មសិទ្ធិករនៃដីមានសិទ្ធិរក្សាទុករបស់នោះឬបង្ខំឱ្យតតិយជននោះ ដកយកចេញបាន។
ប្រសិនជាកម្មសិទ្ធិករនៃដីសុំដកយកចេញនូវដំណាំនិងសំណង់ដែលបាន ធ្វើដោយបំពានសោហ៊ុយនៃការដកចេញជាបន្ទុករបស់តតិយជន ហើយគ្មានសំណងណាមួយសំរាប់អ្នកនោះទេ។ តតិយជននោះក៏អាចត្រូវផ្ដន្ទាទោសឱ្យសងជម្ងឺចិត្តផងដែរ ប្រសិនបើមានព្យសនកម្មជាយថាហេតុដល់កម្មសិទ្ធិករនៃដី។ ប្រសិនបើកម្មសិទ្ធិករចង់រក្សាទុកដំណាំនិងការ្យទាំងនោះ កម្មសិទ្ធិករនោះត្រូវសងថ្លៃសម្ភារៈនិងថ្លៃការងារដោយមិនគិតដល់ តម្លៃលើស តិចឬច្រើន ដែលដីអាចនឹងកើនតម្លៃនោះទេ។
ចំពោះដំណាំ សំណង់ឬការ្យទាំងឡាយណាដែលបានធ្វើដោយតតិយជនដោយសុចរិតដូចមានចែង ក្នុងមាត្រា ៣៨ នៃច្បាប់នេះ កម្មសិទ្ធិករមិនអាចសុំដកយកចេញនូវការ្យ ដំណាំឬការរៀបចំទាំងនោះបានឡើយ។ កម្មសិទ្ធិករមានជំរើសពីរ ឬមួយសងថ្លៃសម្ភារៈនិងថ្លៃពលកម្ម ឬមួយសងជាទឹកប្រាក់ស្មើនឹងតម្លៃលើសដែលដីបានកើនតម្លៃក៏បាន។
អនុផ្នែកទី ២ : អំពីការកើនដោយធម្មជាតិ
មាត្រា ៩៩ .-
ដីដុះដែលកើនឡើងជាបន្តបន្ទាប់ បន្តិចម្ដងៗលើដីជាប់មាត់ទន្លេឬស្ទឹង ព្រែកហៅថាល្បាប់។
ល្បាប់ត្រូវបានជាប្រយោជន៍ដល់កម្មសិទ្ធិករដែលមានដីជាប់មាត់ទឹក ដែលនាវាឬក្បូនចេញចូលបាន បណ្ដែតបានឬមិនបាន។ ក្នុងករណីនាវាឬក្បូនចេញចូលបាន បណ្ដែតបាន កម្មសិទ្ធិករត្រូវទុកផ្លូវសំរាប់ទាញពួរនាវាស្របទៅតាមបទបញ្ជា ទាំងឡាយ។
មាត្រា ១០០ .-
ចំពោះដីដែលកើនឡើងដោយសារចរន្តទឹកហូរនាំល្បាប់បន្តិចម្ដងៗមើល មិនដឹងពីច្រាំងម្ខាងទៅគរនៅច្រាំងម្ខាងទៀត ជាប់ជាមួយនឹងដីអ្នកផ្សេង កម្មសិទ្ធិករនៃដីដែលជាប់នឹងដីដុះនោះទទួលបានគុណប្រយោជន៍នៃ ល្បាប់នេះ ដោយមិនអាចឱ្យមានដីនៅច្រាំងម្ខាងដែលបាត់ដីមកតវ៉ាយកដីដែល បាត់នោះបានឡើយ។
មាត្រា ១០១ .-
ប្រសិនជាទន្លេឬស្ទឹង ព្រែក ដែលនាវាចេញចូលបានឬមិនបាននាំយកចេញដោយកម្លាំងទឹកជំនន់ភ្លាមៗនូវ ចំណែកដីដ៏ធំនិងអាចស្គាល់បាន ពីច្រាំងម្ខាងទៅភ្ជាប់នឹងដីខាងក្រោមខ្សែទឹក ឬ នឹងច្រាំងម្ខាងទៀត កម្មសិទ្ធិករនៃដីដែលបាក់ចេញអាចតវ៉ាយកជាកម្មសិទ្ធិរបស់ខ្លួន វិញបាន តែត្រូវដាក់ពាក្យប្ដឹងទារក្នុងរយៈពេលយ៉ាងយូរ ១ (មួយ) ឆ្នាំ គិតពីថ្ងៃកើតឡើងនូវព្រឹត្តិការណ៍នោះ បើហួសរយៈពេលនេះ បណ្ដឹងទាមទារមិនត្រូវបានទទួលយកមកដោះស្រាយឡើយ លើកលែងតែកម្មសិទ្ធិករនៃដីដែលមានដីបាក់ទៅភ្ជាប់នោះមិនទាន់បាន កាន់កាប់នៅឡើយ។
មាត្រា ១០២ .-
កោះធំ កោះតូចនិងដីដុះទាំងឡាយដែលនឹងកកើតថ្មីក្នុងផ្ទៃទន្លេ ឬស្ទឹង ព្រែកដែលនាវាឬក្បូនចេញចូលបាន បណ្ដែតបាន ជារបស់រដ្ឋ។
មាត្រា ១០៣ .-
កោះធំ កោះតូចនិងដីដុះទាំងឡាយដែលនឹងកកើតថ្មីក្នុងស្ទឹង ព្រែកដែលនាវាឬក្បូនចេញចូលមិនបាន បណ្ដែតមិនបាន ត្រូវបានកម្មសិទ្ធិករនៃដីជាប់ច្រាំងដែលមាន កោះ ឬដីដុះនោះ។ ប្រសិនបើការដុះនោះមិនបានដុះជ្រុលទៅច្រាំងម្ខាងទេនោះ ត្រូវបានទៅកម្មសិទ្ធិករដែលមានដីជាប់ច្រាំងទាំងសងខាងគិតពី បន្ទាត់ពុះពាក់កណ្ដាលស្ទឹង។
មាត្រា ១០៤ .-
ប្រសិនបើស្ទឹង ព្រែកឬទន្លេបង្កើតជាផ្លូវទឹកថ្មីមួយកាត់យកដីកម្មសិទ្ធិអ្នកនៅ ជាប់មាត់ទឹកណាម្នាក់ ហើយបង្កើតបានជាកោះមួយ កម្មសិទ្ធិករនោះរក្សាបានសិទ្ធិជាកម្មសិទ្ធិនៃដីរបស់ខ្លួនដែល ដាច់នោះដដែល ទោះបីជាកោះនោះដុះក្នុងទន្លេឬស្ទឹង ព្រែកដែលនាវាឬក្បូនចេញចូលបានបណ្ដែតបានក៏ដោយ។
មាត្រា ១០៥ .-
ប្រសិនជាទន្លេឬស្ទឹង ព្រែកណាមួយដែលនាវាឬក្បូនចេញចូលបាន បណ្ដែតបាន បង្កើតជាផ្លូវទឹកថ្មីមួយដោយបោះបង់ចោលផ្លូវទឹកចាស់ កម្មសិទ្ធិករដែលមានដីជាប់ច្រាំងនោះ អាចធ្វើលទ្ធកម្មសិទ្ធិក្នុងផ្ទៃទន្លេឬស្ទឹង ព្រែកចាស់ដែលគោកនោះបាន ហើយម្នាក់ៗត្រូវបានតាមសិទ្ធិរបស់ខ្លួនរហូតដល់ខ្សែបន្ទាត់ដែល ពុះពាក់កណ្ដាលទន្លេ ឬស្ទឹង ព្រែក នោះ។ ថ្លៃដីនៃផ្លូវទឹកចាស់នោះត្រូវបានកំណត់ដោយអ្នកជំនាញដែលតែងតាំង ដោយតុលាការខេត្ត-ក្រុងទីនោះ តាមពាក្យស្នើសុំពីអាជ្ញាធរខេត្ត-ក្រុងឬពីភាគីដែលមានប្រយោជន៍ ក្នុងរឿងនេះ។
បើកម្មសិទ្ធិករនៅមាត់ទឹកនោះមិនចង់បានដីនោះតាមថ្លៃដែលអ្នក ជំនាញកំណត់ទេអាជ្ញាធរត្រូវលក់ឡាយឡុងផ្លូវទឹកចាស់នោះឱ្យ សាធារណជន។ ថ្លៃដែលបានមកពីការលក់ដីនោះ ត្រូវយកទៅចែកឱ្យកម្មសិទ្ធិករដែលមានដីដាច់ទៅនោះ តាមសមាមាត្រនៃដីដែលខូចខាតរៀងៗខ្លួន។
ផ្នែកទី ៤ : អំពីការជួលអចលនវត្ថុ
មាត្រា ១០៦.-
បើកម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុអាចជួលទ្រព្យរបស់ខ្លួនឱ្យ អ្នកដទៃបាន។ ការជួលជាកិច្ចសន្យាដែលកម្មសិទ្ធិករនៃទ្រព្យមួយប្រគល់ទ្រព្យនោះ ឱ្យជនណាម្នាក់ប្រើប្រាស់ក្នុងរយៈពេលមួយ ដោយយកជាប្រាក់ឈ្នួលមកវិញយ៉ាងទៀងទាត់តាមសមាមាត្រនៃរយៈពេល ប្រើប្រាស់។ កិច្ចសន្យានៃការជួលអចលនវត្ថុហៅថាភតិសន្យា។
កិច្ចសន្យាជួលអចលនវត្ថុមានពីរយ៉ាងគឺ ការជួលរយៈពេលមិនកំណត់ និងការជួលរយៈពេលកំណត់។ ការជួលរយៈពេលកំណត់មាន ការជួលរយៈពេលខ្លីអាចបន្តជាថ្មីបាន និងការជួលរយៈពេលវែង ១៥ (ដប់ប្រាំ) ឆ្នាំ ឬលើស។
មាត្រា ១០៧ .-
កិច្ចសន្យាជួលរយៈពេលមិនកំណត់ឬរយៈពេលខ្លី ហើយអាចបន្តជួលជាថ្មីបានបង្កើតបានជាទំនាក់ទំនងផ្ទាល់ខ្លួនរវាង ភតិសន្យាបតីនិងអ្នកជួល។
ការជួលបន្តឱ្យតតិយជនអាចធ្វើទៅបាន លុះត្រាតែមានការព្រមព្រៀងដោយជាក់លាក់ឬការអនុញ្ញាតពីកម្មសិទ្ធិករ។
មាត្រា ១០៨ .-
កិច្ចសន្យាជួលរយៈពេលវែងបង្កើតបានជាសិទ្ធិភណ្ឌិកលើអចលនវត្ថុ។ សិទ្ធិនេះអាចត្រូវបានប្រគល់ឱ្យដោយមានថ្លៃ ឬផ្ទេរបន្តតាមរយៈសន្តតិកម្ម។
ទ្រព្យដែលបានជួលរយៈពេលវែងអាចជាកម្មវត្ថុនៃការរៀបចំនិងការ បំប្លែង កុំឱ្យការងារនោះមានអនុភាពបំផ្លាញឬបំប្លែងជាសារវន្តនូវសភាពដើម នៃវត្ថុនោះ លើកលែងករណីមានចែងដោយឡែកក្នុងភតិសន្យា។
នៅពេលផុតកំណត់នៃការជួល ភតិសន្យាបតីឬទាយាទទាំងឡាយរបស់ជននេះទទួលបានមកវិញនូវកម្មសិទ្ធិ ពេញលេញនៃសំណង់ ដោយគ្មានការសងសោហ៊ុយក្នុងការរៀបចំឬកែលំអទាំងឡាយដែលបានធ្វើដោយ អ្នកជួល។ ភតិសន្យាបតីឬទាយាទមិនអាចបង្ខំអ្នកជួលឱ្យប្រគល់អចលនវត្ថុតាម ស្ថានភាពដើមបានឡើយ បើសិនជាអ្នកជួលគោរពបទប្បញ្ញត្តិនៃវាក្យខណ្ឌ ២ នៃមាត្រានេះ។
មាត្រា ១០៩ .-
ភតិសន្យាត្រូវធ្វើឡើងតាមឆន្ទៈ នៃបណ្ដាភាគីនិងតាមបញ្ញត្តិនៃច្បាប់ ឬបទបញ្ជាទូទៅជាធរមាន។
ភតិសន្យាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរ។ ភតិសន្យាធ្វើឡើងដោយផ្ទាល់មាត់ត្រូវទុកជាបណ្ដោះអាសន្ន ហើយអាចត្រូវបានបញ្ឈប់នៅគ្រប់ពេលដោយជូនដំណឹងជាមុន ក្នុងរយៈពេលស្មើនឹងរយៈពេលបង់ប្រាក់ឈ្នួល។
មាត្រា ១១០ .-
មុនការចូលអាស្រ័យផលលើអចលនវត្ថុ អ្នកជួលត្រូវតែដឹងអំពីស្ថានភាពនៃអចលនវត្ថុនិងសម្ភារៈនៅនឹង កន្លែងដែលបានរៀបចំតាមការព្រមព្រៀងជាមួយនឹងភតិសន្យាបតី។ ការមិនបានពិនិត្យស្ថានភាពអចលនវត្ថុនិងសម្ភារៈនៅនឹងកន្លែងនៅពេល ចូលអាស្រ័យផលត្រូវចាត់ទុកថាត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែង ក្នុងភតិសន្យា។
ទ្រព្យដែលជួលមិនត្រូវមានវិការៈអាថ៌កំបាំងដែលធ្វើឱ្យការប្រើប្រាស់មិនអាចប្រព្រឹត្តទៅបានតាមធម្មតាឡើយ។
មាត្រា ១១១ .-
អ្នកជួលត្រូវធានាការថែទាំទ្រព្យជាធម្មតា និងត្រូវសងមកវិញក្នុងស្ថានភាពមួយស្របតាមស្ថានភាពនៃអចលនវត្ថុ និងសម្ភារៈនៅនឹងកន្លែង នៅពេលផុតកំណត់នៃកិច្ចសន្យាជួលដោយគិតទាំងតម្លៃនៃការខូចខាតដែល កើតពីការប្រើប្រាស់មិនធម្មតា លើកលែងករណីមានចែងដោយឡែកក្នុងភតិសន្យា។
មាត្រា ១១២ .-
ភតិសន្យាបតីមិនត្រូវធ្វើសកម្មភាពឬឥរិយាបទអ្វីដែលអាចធ្វើឱ្យ បង្អាក់ឬរំខាន ដល់ការអាស្រ័យផលរបស់អ្នកជួលផ្ទុយពីភតិសន្យាឡើយ។
មាត្រា ១១៣ .-
បែបបទនៃកិច្ចសន្យាជួលអចលនវត្ថុដើម្បីប្រើប្រាស់សំរាប់ស្នាក់នៅ សំរាប់ពាណិជ្ជកម្ម សំរាប់ឧស្សាហកម្មនិងសំរាប់កសិកម្មត្រូវកំណត់ដោយអនុក្រឹត្យ។
ផ្នែកទី ៥ : អំពីវិធានដី
មាត្រា ១១៤ .-
សិទ្ធិនិងកាតព្វកិច្ចនៃកម្មសិទ្ធិករត្រូវបានកំរិតដោយវិធានដី ទាំងឡាយសំដៅធានា ការពារផលប្រយោជន៍ទូទៅដែលកំណត់ដោយច្បាប់។
មាត្រា ១១៥ .-
បែបបទសំណង់និងលក្ខខណ្ឌទាំងឡាយនៃការរៀបចំដែនដី និងនគរូបនីយកម្មចំពោះកម្មសិទ្ធិករនឹងកំណត់ដោយអនុក្រឹត្យ។
មាត្រា ១១៦ .-
កា រប្រើប្រាស់កម្មសិទ្ធិដែលមិនស្របតាមវិធានដី តែជាប់កិច្ចសន្យាមុនការប្រកាសឱ្យប្រើច្បាប់នេះ មិនអាចប៉ះពាល់បានឡើយ។ ប៉ុន្តែការប្រើប្រាស់នោះមិនអាចពង្រីកថែមនៅក្រោយពេលប្រកាសឱ្យ ប្រើវិធានដីដែលបានកំរិត ឬហាមឃាត់បានឡើយ។
ក្នុងករណីបន្ទាន់ ឬតម្រូវការចាំបាច់នៃផល ប្រយោជន៍សាធារណៈ ច្បាប់អាចប ញ្ញត្តិថែមទៀតនូវការ អនុវត្តបន្ទាន់នៃវិធានដី កំរិ តពីការប្រើប្រាស់កម្មសិទ្ធិដែលមាន លក្ខណៈជាសណ្ដាប់ធ្នាប់សាធារណៈ។
ជំពូកទី ៨
អំពីអវយវភេទនៃកម្មសិទ្ធិ
មាត្រា ១១៧ .-
កម្មសិទ្ធិមានអវយវភេទ កាលណាការអាស្រ័យផលបានទៅបុគ្គលក្រៅពីកម្មសិទ្ធិករនៃទ្រព្យ។ សិទ្ធិដែលនៅសល់សំរាប់កម្មសិទ្ធិករឈ្មោះថាអសារកម្មសិទ្ធិ។
មាត្រា ១១៨ .-
រូបភាពនៃអវយវភេទនៃកម្មសិទ្ធិមាន : ផលុបភោគ សិទ្ធិប្រើប្រាស់និងអាស្រ័យនៅនិងសេវភាព។
មាត្រា ១១៩ .-
ផលុបភោគគឺការអាស្រ័យផលនៃអចលនវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកដទៃ សំរាប់រយៈពេលមួយកំណត់មិនអោយលើសពីមួយអាយុជីវិតនៃអ្នកបានសិទ្ធិ អាស្រ័យផលនោះឡើយ។
មាត្រា ១២០ .-
ផលុបភោគបង្កើតឡើងដោយច្បាប់ឬដោយការព្រមព្រៀង។ ផលុបភោគអាចបង្កើតឡើងដោយឥតកំណត់កាលក៏បាន ឬមានកំណត់កាលក៏បាន ឬរហូតដល់បំពេញបានសម្រេចនូវលក្ខខណ្ឌដែលបានកំណត់ក៏បាន។
ប្រសិនបើលក្ខខណ្ឌនៃរយៈពេលមិនបានបញ្ជាក់ ផលុបភោគត្រូវបានចាត់ទុកថាបង្កើតឡើងសំរាប់រយៈពេលមួយអាយុជីវិតនៃ អ្នកទទួលសិទ្ធិផលុបភោគ។
កិច្ចសន្យាផលុបភោគនឹងយកជាការបាន លុះត្រាតែបានធ្វើលិខិតតាមរូបមន្តយថាភូត។ កិច្ចសន្យានេះមិនអាចជំទាស់ពីតតិយជនបាន លុះត្រាតែបានចុះបញ្ជីសុរិយោដីរួចហើយ។
មាត្រា ១២១ .-
ផលុបភោគីមានសិទ្ធិអាស្រ័យផលគ្រប់ប្រភេទ ជាផលធម្មជាតិ ជាផលស៊ីវិលដែលកើតចេញពីអចលនវត្ថុដែលខ្លួនមានសិទ្ធិ។
មាត្រា ១២២ .-
ផលធម្មជាតិដែលជាប់នឹងដី នៅពេលចាប់ផ្ដើមផលុបភោគត្រូវបានទៅផលុបភោគី។ ផលធម្មជាតិដែលមានស្ថានភាពដូចគ្នា នៅពេលចប់ផលុបភោគ ត្រូវបានទៅអសារកម្មសិទ្ធិករដោយគ្មានការទូទាត់ទៅវិញទៅមកសំរាប់ ការងារភ្ជួររាស់ឬច្រូតកាត់ឬពូជធារអ្វីឡើយ។ ប៉ុន្តែបើមានអ្នកជួលឬប្រវាស់រួចហើយ នៅពេលចាប់ផ្ដើមឬនៅពេលបញ្ចប់ផលុបភោគ អ្នកជួលឬអ្នកប្រវាស់នេះមិនត្រូវបាត់បង់ចំណែកដែលត្រូវបានមក ខ្លួននោះទេ។
មាត្រា ១២៣ .-
ផលស៊ីវិលបានទៅផលុបភោគីសមាមាត្រទៅនឹងរយៈពេលនៃផលុបភោគ។
មាត្រា ១២៤ .-
ផលុបភោគីអាចអាស្រ័យផលដោយខ្លួនឯងផ្ទាល់នូវផលុបភោគ ឬជួល ឬប្រវាស់ ឬក៏ផ្ទេរសិទ្ធិរបស់ខ្លួនដោយយកថ្លៃ ឬដោយឥតយកថ្លៃឱ្យទៅអ្នកដទៃបាន។
ក្នុងករណីជួលឬប្រវាស់ កិច្ចសន្យាមិនត្រូវកំណត់ឱ្យហួសពី ៣ (បី) ឆ្នាំឡើយ។ ប្រសិនបើចង់ជួលឬប្រវាស់បន្ត កិច្ចសន្យាថ្មីត្រូវបញ្ចប់មុន ១ (មួយ) ឆ្នាំ នៃថ្ងៃចប់កិច្ចសន្យាផលុបភោគ។
មាត្រា ១២៥ .-
ផលុបភោគីអាស្រ័យផលពីការកើនជាយថាហេតុ ដោយល្បាប់ទៅលើដីដែលខ្លួនមានសិទ្ធិផលុបភោគ។
មាត្រា ១២៦ .-
ផលុបភោគីប្រើប្រាស់នូវសេវភាពនានានិងសិទ្ធិទាំងឡាយដែលកម្មសិទ្ធិករអាចអាស្រ័យផលបាន លើកលែងតែសិទ្ធិចាត់ចែង។
មាត្រា ១២៧ .-
ផលុបភោគីប្រើប្រាស់សិទ្ធិតាមរបៀបដូចគ្នានឹងកម្មសិទ្ធិករ លើផលិតផលនៃកន្លែងយកថ្មដែលមានស្រាប់នៅលើដីដែលដាក់ជាផលុបភោគ។
មាត្រា ១២៨ .-
ផលុបភោគីត្រូវបានទទួលថ្លៃដែលត្រូវបង់ឱ្យកម្មសិទ្ធិករនៃដី សម្បទានិកអណ្ដូងរ៉ែក្នុងបរិវេណដីក្រោមសិទ្ធិផលុបភោគរបស់ខ្លួន។
មាត្រា ១២៩ .-
អសារកម្មសិទ្ធិករមិនអាចធ្វើឱ្យរំខានដល់សិទ្ធិរបស់ផលុបភោគី ទោះតាមរូបភាពណាក៏ដោយ។
ចំណែកឯផលុបភោគីវិញ នៅពេលអស់សិទ្ធិអាស្រ័យផល មិនអាចទាមទារសំណងនៃការកែលំអដែលខ្លួនអះអាងថាបានធ្វើនៅលើ អចលនវត្ថុជាប់ផលុបភោគបានឡើយ ទោះជាអចលនវត្ថុនោះបានកើនតម្លៃដោយសារការរៀបចំរបស់ខ្លួនក៏ដោយ។
ផលុបភោគីឬទាយាទរបស់ជននេះអាចដកយកចេញបាននូវកញ្ចក់ ផ្ទាំងគំនូរ និងគ្រឿងតុបតែងផ្សេងៗដែលខ្លួនបានដាក់តាំងនៅក្នុងអគារ ប៉ុន្តែត្រូវរៀបចំកន្លែងនោះឱ្យមានស្ថានភាពដូចដើមឡើងវិញ។
មាត្រា ១៣០.-
ផលុបភោគីត្រូវបានទទួលបន្ទុកតែលើការជួសជុលថែទាំប៉ុណ្ណោះ។ ការជួសជុលធំៗជាបន្ទុករបស់អសារកម្មសិទ្ធិករ លើកលែងតែការខូចខាតណាដែលបណ្ដាលមកពីការខ្វះស្មារតីថែទាំរបស់ ផលុបភោគី ចាប់ពីទទួលបានផលុបភោគមក។ ក្នុងករណីនេះផលុបភោគីត្រូវធ្វើដោយខ្លួនឯង។
ការជួសជុលធំៗគឺ ការជួសជុលជញ្ជាំងទ្រ ក្លោងទ្វារ ការរៀបចំឡើងវិញនូវធ្នឹម ដំបូងទាំងស្រុង ការរៀបចំឡើងវិញនូវទំនប់ទឹក ជញ្ជាំងទប់ដីឬទឹកនិងរបងទាំងមូល។
ការជួសជុលក្រៅពីនេះជាការជួសជុលថែទាំ។
មាត្រា ១៣១.-
ទាំងអសារកម្មសិទ្ធិករ ទាំងផលុបភោគី គ្មានកាតព្វកិច្ចសង់ឡើងវិញនូវអ្វីដែលបានទ្រុឌទ្រោម ឬអ្វីដែលបានបំផ្លាញដោយករណីប្រធានសក្ដិឡើយ។
ប៉ុន្តែបើអចលនវត្ថុដែលបានដាក់ធានារ៉ាប់រងត្រូវវិនាសបណ្ដាលមកពី មហន្តរាយជាយថាហេតុអសារកម្មសិទ្ធិករឬផលុបភោគីអាចសុំយកថ្លៃ ធានារ៉ាប់រងទៅជួសជុល ឬសាងសង់ឡើងវិញបាន។
មាត្រា ១៣២.-
ផលុបភោគីត្រូវទទួលក្នុងពេលខ្លួនអាស្រ័យផលនូវបន្ទុកប្រចាំឆ្នាំ នៃអចលនវត្ថុដូចជា ពន្ធនិងអាករ សោហ៊ុយធានារ៉ាប់រងដែលត្រូវបង់។
ផលុបភោគីត្រូវបន្តអនុវត្តកិច្ចសន្យាធានារ៉ាប់រងធ្វើសាជាថ្មីឲ្យ ទាន់ពេលវេលា និងចុះកិច្ចសន្យាធានារ៉ាប់រងដែលមានប្រយោជន៍ដល់អចលនវត្ថុជា ផលុបភោគរបស់ខ្លួន ទោះជាកិច្ចសន្យានោះកំពុងដំណើរការ នៅពេលដែលផលុបភោគបានចាប់ផ្ដើមហើយក្ដី ឬទោះជាកិច្ចសន្យាធានារ៉ាប់រងដែលត្រូវឲ្យធ្វើនាពេលក្រោយដោយ អសារកម្មសិទ្ធិករក្ដី។
មាត្រា ១៣៣.-
ក្នុងពេលដំណើរការផលុបភោគ បើមានតតិយជនណាមកបៀតបៀនសិទ្ធិនៃអសារកម្មសិទ្ធិករផលុបភោគីត្រូវ ជូនដំណឹងទៅអសារកម្មសិទ្ធិករ បើមិនដូច្នេះទេ ផលុបភោគីនោះត្រូវទទួលខុសត្រូវលើការខូចខាតដែលបណ្ដាលមកពីរឿងនោះ ចំពោះអសារកម្មសិទ្ធិករដូចករណីដែលខ្លួនបានធ្វើឲ្យខូចខាតដោយ ផ្ទាល់។
មាត្រា ១៣៤.-
ផលុបភោគផុតរលត់ៈ
– ដោយមរណភាពនៃផលុបភោគី
– ដោយការផុតកំណត់រយៈពេលឬការសម្រេចបាននូវលក្ខខណ្ឌដែលបានកំណត់។
– ដោយកិច្ចព្រមលះបង់សិទ្ធិរបស់ផលុបភោគី
– ដោយអចលនវត្ថុដែលជាប់ផលុបភោគ ត្រូវអន្តរាយទាំងស្រុង
– ដោយសេចក្ដីសំរេចរបស់តុលាការស្របតាមបទប្បញ្ញត្តិនៃមាត្រា ១៣៥ នៃច្បាប់នេះ។
មាត្រា ១៣៥.-
ការបាត់បង់សិទ្ធិរបស់ផលុបភោគី អាចនឹងត្រូវបានប្រកាសដោយតុលាការតាមបណ្ដឹងរបស់អសារកម្មសិទ្ធករ ដោយហេតុថាផលុបភោគបានរំលោភលើការអាស្រ័យផល ពិសេសប្រសិនបើផលុបភោគនោះធ្វើឱ្យមានវិការភាពលើអចលនវត្ថុ ឬទុកឲ្យអចលនវត្ថុខូចខាតដោយមិនថែទាំ។
ក្នុងករណីនេះ ម្ចាស់បំណុលនៃផលុបភោគីមានសិទ្ធិប្ដឹងទៅតុលាការដើម្បីសុំបន្ត សិទ្ធិរបស់ផលុបភោគី ដោយធានាការជួសជុលនូវរាល់វិការភាពដែលមាននិងការធានាសំរាប់អនាគត។
ដោយយោលទៅតាមកាលៈទេសៈ និងហេតុផលផ្សេងៗតុលាការអាចប្រកាសការរលត់ដាច់ខាតនៃផលុបភោគ ឬគ្រាន់តែបង្គាប់ឱ្យប្រគល់អចលនវត្ថុឱ្យអសារកម្មសិទ្ធិករដោយបង់ ប្រាក់ប្រចាំឆ្នាំឱ្យផលុបភោគី ឬសិទ្ធិវន្តរបស់ជននេះនូវទឹកប្រាក់មួយចំនួនជាកំណត់រហូតដល់ បញ្ចប់ផលុបភោគ។
មាត្រា ១៣៦.-
ការលក់អចលនវត្ថុដែលកំពុងជាប់ផលុបភោគដោយអសារកម្មសិទ្ធិករ មិនធ្វើឱ្យមានការផ្លាស់ប្ដូរណាមួយចំពោះផលុបភោគីដែលកំពុងបន្ត ប្រើប្រាស់សិទ្ធិរបស់ខ្លួននោះទេ លើកលែងតែមានការលះបង់ដោយជាក់លាក់ពីផលុបភោគី។
មាត្រា ១៣៧.-
ប្រសិនបើផលុបភោគមានតែនៅលើអគារ ហើយអគារនោះត្រូវអន្តរាយជាយថាហេតុសិទ្ធិរបស់ផលុភោគីត្រូវរលត់ ហើយផលុបភោគីមិនអាចទាមទារសិទ្ធិផលុបភោគ លើដីឬលើសម្ភារៈសំណង់នោះទេ។
ប៉ុន្តែបើផលុបភោគមានលើដីនិងលើអគារ ហើយបើអគារនោះត្រូវអន្តរាយផលុបភោគនៅមានលើដីដដែល។
មាត្រា ១៣៨.-
សិទ្ធិប្រើប្រាស់គឺជាសិទ្ធិទទួលយកពីដីនូវបរិមាណផលចាំបាច់ សំរាប់សេចក្ដីត្រូវការរបស់អត្ថគាហកៈនិងគ្រួសាររបស់ខ្លួន។
សិទ្ធិអាស្រ័យនៅគឺជាសិទ្ធិកាន់កាប់ផ្ទះនូវចំណែកចាំបាច់សំរាប់រស់នៅរបស់អត្ថគាហកៈនិងគ្រួសាររបស់ខ្លួន។
ទោះបីថ្ងៃក្រោយមក អត្ថគាហកៈនោះមានប្ដី ប្រពន្ធក្ដីឬមានកូនក្ដី ក៏សិទ្ធិទាំងពីរនេះនៅតែមានដល់អត្ថគាហកៈដដែល។
មាត្រា ១៣៩.-
សិទ្ធិប្រើប្រាស់និងអាស្រ័យនៅ កើតឡើងនិងបាត់បង់ទៅវិញ តាមបែបនៃផលុបភោគដែរ។
សិទ្ធិនៃអ្នកប្រើប្រាស់និងអ្នកអាស្រ័យនៅកំណត់ដោយខចែងក្នុង កិច្ចសន្យាតាមរូបមន្តលិខិតយថាភូត ឬដោយបញ្ញត្តិនៃច្បាប់ដែលចែងអំពីសិទ្ធិនេះ។
មាត្រា ១៤០.-
អត្ថហកៈនៃសិទ្ធិប្រើប្រាស់ឬសិទ្ធិអាស្រ័យនៅ មិនអាចផ្ទេរឬជួលសិទ្ធិរបស់ខ្លួនទៅអ្នកផ្សេងទៀតបានឡើយ។
សិទ្ធិប្រើប្រាស់និងអាស្រ័យនៅ ជាសិទ្ធិផ្ទាល់ខ្លួនរបស់បុគ្គល។ សិទ្ធិនេះបញ្ចប់នៅពេលមរណភាពនៃអត្ថគាហកៈឬដោយអនុវត្តតាមលក្ខខណ្ឌ នៃកិច្ចសន្យា។
មាត្រា ១៤១.-
ប្រសិនបើអត្ថហកៈនៃសិទ្ធិប្រើប្រាស់ប្រមូលយកផលទាំងអស់នៃដីឬ ប្រសិនបើអត្ថគាហកៈនៃសិទ្ធិអាស្រ័យនៅកាន់កាប់គេហដ្ឋានទាំងមូល អ្នកនោះត្រូវទទួលបន្ទុកចំណាយសោហ៊ុយក្នុងការដាំដុះឬការជួសជុល ថែទាំនិងបង់ពន្ធអាករនិងសោហ៊ុយធានារ៉ាប់រងដូចផលលុបភោគីដែរ។
ប្រសិនបើអត្ថគាហកៈយកតែចំណែកណាមួយនៃផល ឬកាន់កាប់តែមួយចំណែកនៃគេហដ្ឋាន អ្នកនោះត្រូវចូលរួមចំណាយទៅតាមសមាមាត្រដែលខ្លួនអាស្រ័យផលនោះ។
ផ្នែកទី ៣ : អំពីសេវភាព
មាត្រា ១៤២.-
សេវភាពដីគឺជាបន្ទុកដែលផ្ទុកទៅលើដីមួយ ហៅដីបំរើឬដីក្រោមសំរាប់ការប្រើប្រាស់និងប្រយោជន៍នៃដីមួយទៀត ហៅដីប្រើឬដីលើដែលជារបស់កម្មសិទ្ធិករផ្សេងទៀត។
មាត្រា ១៤៣.-
សេវភាពកើតពីធម្មជាតិ កើតពីច្បាប់ ឬកើតពីការព្រមព្រៀងអាស្រ័យដោយស្ថានភាពនៃទីកន្លែង ដោយការកំណត់របស់ច្បាប់ឬដោយការព្រមព្រៀងរវាងកម្មសិទ្ធិករ។
អនុផ្នែកទី ១ : អំពីសេវភាពកើតពីធម្មជាតិ
មាត្រា ១៤៤.-
ដីក្រោមត្រូវទទួលទឹកដែលហូរតាមធម្មជាតិពីដីលើ។
កម្មសិទ្ធិករនៃដីក្រោមមិនអាចលើកទំនប់ ភ្លឺ របាំងឬការ្យដទៃផ្សេងទៀតទប់ការហូរនេះបានឡើយ។
កម្មសិទ្ធិករនៃដីលើមិនអាចធ្វើអ្វីដែលធ្វើឱ្យកាន់តែធ្ងន់ដល់សេវភាពនៃដីក្រោមបានឡើយ។
មាត្រា ១៤៥.-
កម្មសិទ្ធិករនៃដីលើមានសិទ្ធិប្រើប្រាស់និងចាត់ចែងទឹកភ្លៀងដែល ធ្លាក់មកលើដីរបស់ខ្លួនព្រមទាំងទឹកដែលមានប្រភពផុសឡើងនៅទី នោះ លើកលែងតែក្នុងករណីដែលមានចែងក្នុងវាក្យខណ្ឌចុងក្រោយនៃមាត្រា ១៤៤។
មាត្រា ១៤៦.-
កម្មសិទ្ធិករនៃដីដែលស្ថិតនៅជាប់ផ្លូវទឹកហូរត្រូវទុកឱ្យទឹក ហូរទៅលើដីជិតខាង ហើយកម្មសិទ្ធិករនៃដីជិតខាងក៏ត្រូវមានកាតព្វកិច្ចដូចគ្នា ចំពោះដីនៅឆ្ងាយទៅតាមតម្រូវការនៃកសិកម្ម។
អនុផ្នែកទី ២ : អំពីសេវភាពកើតពីច្បាប់
មាត្រា ១៤៧.-
សេវភាពកើតពីច្បាប់មានគោលដៅប្រើប្រាស់ជាប្រយោជន៍សាធារណៈឬជាប្រយោជន៍ឯកជន។
សេវភាពកើតពីច្បាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈត្រូវកំណត់ដោយច្បាប់ឬដោយបទបញ្ជាពិសេសដែលបង្ខំទៅលើកម្មសិទ្ធិករ។
សេវភាពកើតពីច្បាប់ប្រើប្រាស់ជាប្រយោជន៍ឯកជនកំណត់ព្រំដែន ដែលកម្មសិទ្ធិករអាចធ្វើសកម្មភាពមួយចំនួនក្នុងដីរបស់ខ្លួន លើកលែងតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនៃកម្មសិទ្ធិករដីជិតខាង។
មាត្រា ១៤៨.-
ការកំណត់ព្រំដី និងកម្មសិទ្ធិដែលស្ថិតនៅតាមបណ្ដោយផ្លូវសាធារណៈត្រូវកំណត់ដោយ អាជ្ញាធរមានសមត្ថកិច្ច យោងតាមសេចក្ដីត្រូវការជាក់ស្ដែងនៃផលប្រយោជន៍រួម ពិសេសតាមសេចក្ដីត្រូវការនៃធ្វើចរាចរ។
មុននឹងធ្វើរបងឬកសាងអាគារប្រភេទណាក៏ដោយដែលស្ថិតនៅជាប់នឹង ផ្លូវសាធារណៈកម្មសិទ្ធិករចាំបាច់ត្រូវតែត្រួតពិនិត្យមើលនូវភាព សមស្របនៃអគារនោះជាមួយនឹងប្លង់តម្រង់ជួរ ប្រសិនបើមាន។ រាល់លិខិតអនុញ្ញាតកសាងសង់ត្រូវតែយកចិត្តទុកដាក់ដល់ខ្សែតម្រង់ ជួរដែលមានរួចហើយ។
អាជ្ញាធរមានសមត្ថកិច្ចអាចសំរេចធ្វើការផ្លាស់ប្ដូរទំហំផ្លូវបាន តាមតម្រូវការចាំបាច់សំរាប់ផលប្រយោជន៍សាធារណៈ។ នៅពេលដែលអាជ្ញាធរធ្វើការសំរេចពង្រីកទំហំផ្លូវសំណង់ទាំងឡាយដែល ស្ថិតនៅលើបន្ទាត់តម្រង់ជួរត្រូវបន្ថយទៅក្រោយ។ បើជារបងធម្មតាឬជាសំណង់ស្រាល អាជ្ញាធរតម្រូវឱ្យធ្វើការរំកិលចេញ។ ប្រសិនបើជាអចលនវត្ថុដែលមិនអាចជាកម្មវត្ថុនៃការផ្លាស់ប្ដូរ កែសំរួលរុះរើបាន អចលនវត្ថុនោះត្រូវឋិតក្នុងសភាពដដែលសិន រហូតដល់ពេលអាជ្ញាធរមានសមត្ថកិច្ចសំរេចអំពីការពង្រីកដែលបាន គ្រោងទុក។ ការដកហូតកម្មសិទ្ធិមួយចំណែកឬទាំងស្រុងអាចប្រព្រឹត្តទៅបានដោយ អនុវត្តត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។ ចំពោះដីដែលបានកាន់កាប់ស្របច្បាប់ព្រមទាំងរបង និងសំណង់ទាំងឡាយដែលបានធ្វើឡើងត្រឹមត្រូវតាមបញ្ញត្តិនៃច្បាប់ ម្ចាស់កម្មសិទ្ធិមានសិទ្ធិទាមទារឱ្យសងការខូចខាតរបស់ខ្លួន។
មាត្រា ១៤៩.-
កម្មសិទ្ធិករដែលចង់ធ្វើនៅលើដីរបស់ខ្លួននូវកិច្ចការដែលមាន លក្ខណៈរំខានដល់ដីជិតខាងដូចជាការខួងអណ្ដូង ការជីកស្ទង់ដី ការជីករុករក ការគរទុកវត្ថុប្រកបដោយគ្រោះថ្នាក់ដែលនាំឱ្យរំខាន ឬប៉ះពាល់ដល់សុខភាពត្រូវអនុលោមតាមបញ្ញត្តិនៃបទបញ្ជាពិសេសស្ដីពី ការកំណត់ចម្ងាយដែលត្រូវប្រតិបត្តិ ឬស្ដីពីការ្យដែលធ្វើសំរាប់ទប់ជ្រែង។
មាត្រា ១៥០.-
កម្មសិទ្ធិករមិនអាចនឹងធ្វើប្រហោងទ្វារឬបង្អួច កើយឬយ៉ ត្រង់ចំគ្នាទៅវិញទៅមកចម្ងាយតិចជាងពីរម៉ែត្រពីដីអ្នកជិតខាង បានទេ។
មាត្រា ១៥១.-
កម្មសិទ្ធករមិនអាចដាំដើមឈើធំ តូច មានកំពស់លើសពី ២(ពីរ) ម៉ែត្រ នៅប្របព្រំដីជាប់គ្នាដែលមានចម្ងាយតិចជាងពីរម៉ែត្រពីព្រំដី បានទេ បើមិនដូច្នោះទេនឹងត្រូវបង្ខំឱ្យយកចេញ កាលបើមានបណ្ដឹងពីកម្មសិទ្ធិករដែលមានប្រយោជន៍ក្នុងរឿងនេះ។
មាត្រា ១៥២.-
កម្មសិទ្ធិករដែលដីរបស់ខ្លួនត្រូវបានបិទជិតនិងគ្មានច្រកចេញចូល ទៅផ្លូវសាធារណៈឬមានច្រកមិនគ្រប់គ្រាន់សំរាប់អាជីវកម្មកសិកម្ម ឧស្សាហកម្មនៃកម្មសិទ្ធិរបស់ខ្លួន មានសិទ្ធិស្នើសុំបើកផ្លូវឆ្លង តាមដីអ្នកជិតខាងខ្លួន ដោយត្រូវចេញសំណងតាមសមាមាត្រចំពោះការខូចខាតដែលបណ្ដាលមកពី កិច្ចការនោះ។
មាត្រា ១៥៣.-
ជាគោលការណ៍ ផ្លូវដូចមានចែងក្នុងមាត្រា ១៥២ ត្រូវយកកន្លែងណាដែលមានចម្ងាយជិតជាងគេពីដីបិទជិតទៅផ្លូវ សាធារណៈ ប៉ុន្តែត្រូវកំណត់កន្លែងណាដែលមានការខូចខាតតិចបំផុតសំរាប់ កម្មសិទ្ធិករនៃដីដែលត្រូវទទួលរង។
មាត្រា ១៥៤.-
ប្រសិនបើដីបិទជិតកើតឡើងពីការបែងចែកដីតាមរយៈកាលក់ ការដូរ ការចែកឬពីកិច្ចសន្យាផ្សេងទៀត ការបើកផ្លូវឆ្លងកាត់អាចសុំតែនៅលើដីដែលនៅសល់ពីការបែងចែក។
ប៉ុន្តែបើដីដែលនៅសល់ពុំអាចបង្កើតបានជាផ្លូវគ្រប់គ្រាន់ បញ្ញត្តិនៃមាត្រា ១៥២ និងមាត្រា ១៥៣ នៅតែអនុវត្តបានដដែល។
មាត្រា ១៥៥.-
កម្មសិទ្ធិករដែលចង់ប្រើទឹកដែលខ្លួនមានសិទ្ធិដើម្បីប្រើប្រាស់និង ស្រោចស្រពដីរបស់ខ្លួនអាចទទួលបានផ្លូវនាំទឹកឆ្លងកាត់ដីដែល ស្ថិតនៅចន្លោះកណ្ដាលបាន តែត្រូវចំណាយសោហ៊ុយសងការខូចខាតឱ្យម្ចាស់ដីនោះ។
មាត្រា ១៥៦.-
កម្មសិទ្ធិករអាចបញ្ចេញទឹកស្រោចស្រពរួចហើយចេញពីដីខ្លួនឆ្លងកាត់ដីក្រោមបាន តែត្រូវចំណាយសោហ៊ុយសងការខូចខាត។
មាត្រា ១៥៧.-
កម្មសិទ្ធិករនៃដីលិចទឹកទាំងស្រុងឬមួយចំណែក អាចបង្ហូរទឹកមិនល្អចេញបានតែត្រូវធ្វើឱ្យបានត្រឹមត្រូវតាមវិធី អនាម័យ។
មាត្រា ១៥៨.-
កម្មសិទ្ធិករនៃដីជាប់មាត់ទឹកដែលចង់ប្រើប្រាស់ទឹកដើម្បី ស្រោចស្រពដីរបស់ខ្លួនអាចមានសិទ្ធិធ្វើសិល្បៈការ្យចាំបាច់ទល់ទៅ លើដីដែលស្ថិតនៅជាប់មាត់ទឹកម្ខាងទៀតដើម្បីរៀបចំយកទឹកតែត្រូវ ទទួលបន្ទុកចេញសោហ៊ុយនៃការខូចខាត។
មាត្រា ១៥៩.-
កម្មសិទ្ធិករនៃដីដែលព្រមឱ្យធ្វើការ្យអ្វីលើដីខ្លួននោះ អាចនឹងសុំប្រើទំនប់ឬរបាំងទឹកនោះបាន ដោយត្រូវចេញសោហ៊ុយធ្វើនិងសោហ៊ុយថែទាំពាក់កណ្ដាល។ កម្មសិទ្ធិករនេះមិនត្រូវទារសោហ៊ុយថ្លៃដីឡើយ បើបានទទួលហើយត្រូវតែបង្វិលសងគេវិញ។
អនុផ្នែកទី ៣ : អំពីសេវភាពកើតពីការព្រមព្រៀង
មាត្រា ១៦០.-
ត្រូវបានអនុញ្ញាតឱ្យកម្មសិទ្ធិករបង្កើតនៅលើដីរបស់ខ្លួនរាល់ សេវភាពជាគុណប្រយោជន៍ដល់កម្មសិទ្ធិករនៃដីផ្សេងទៀត ឱ្យតែសេវភាពនោះមិនផ្ទុយពីសណ្ដាប់ធ្នាប់សាធារណៈ។ ការប្រើប្រាស់និងវិសាលភាពនៃសេវភាពនេះត្រូវកំណត់ដោយកិច្ច ព្រមព្រៀងដែលបានបង្កើតសេវភាពនោះ។
មាត្រា ១៦១.-
សេវភាពកើតពីការព្រមព្រៀងអាចបង្កើតឡើងបានតែតាមលិខិតយថាភូត ប៉ុណ្ណោះ។ សេវភាពនេះមិនអាចតតិយជនជំទាស់បានទេ ក្រោយពីការចុះលេខាចារិកក្នុងបញ្ជីសុរិយោដី។
ទំនាក់ទំនងសេវភាពរវាងដីបំរើនិងដីប្រើនឹងត្រូវចប់នៅពេលដែលដី ណាមួយក្នុងចំណោមដីទាំងពីរត្រូវបានផ្ទេរឲ្យតតីយជនណាម្នាក់ បើការរក្សាទុកសេវភាពនោះមិនបានចែងច្បាស់ក្នុងលិខិតផ្ទេរ កម្មសិទ្ធិទេ។
មាត្រា ១៦២.-
កម្មសិទ្ធិករដែលបានបង្កើតសេវភាពលើដីរបស់ខ្លួនត្រូវបានចាត់ទុក ថាយល់ព្រមរាល់អ្វីដែលចាំបាច់សំរាប់សេវភាពនោះ។ សេវភាពនៃការយកទឹកបង្កើតឡើងនៅកន្លែងប្រភពទឹកអនុញ្ញាតឱ្យអ្នកយក ទឹកមានសិទ្ធិឆ្លងកាត់ដីដែលមានប្រភពទឹកនោះបាន។
មាត្រា ១៦៣.-
កម្មសិទ្ធិករនៃដីប្រើមានសិទ្ធិធ្វើរាល់ការ្យចាំបាច់ផ្សេងៗ លើដីបំរើដើម្បីប្រើនិងរក្សាទុកសេវភាពបាន។
មាត្រា ១៦៤.-
ការ្យចាំបាច់សំរាប់ប្រើនិងរក្សាទុកសេវភាពគឺជាសោហ៊ុយនៃ កម្មសិទ្ធិករដីប្រើ លើកលែងតែមានការព្រមព្រៀងគ្នាផ្សេងពីនេះ។
មាត្រា ១៦៥.-
កម្មសិទ្ធិករនៃដីបំរើមិនអាចធ្វើអ្វីដែលមានបំណងបន្ថយការ ប្រើប្រាស់សេវភាព ឬធ្វើឲ្យសេវភាពមិនអាចប្រើបានឡើយ។ កម្មសិទ្ធិករនៃដីបំរើមិនអាចប្ដូរស្ថានភាពនៃការប្រើប្រាស់សេវភាព ដែលបានកំណត់ពីដំបូងមកបានទេ។ ប៉ុន្តែបើទុកសេវភាពក្នុងស្ថានភាពដើមនាំឱ្យកម្មសិទ្ធិករនៃដីបំរើ ចំណាយប្រាក់លើការជួសជុលថែទាំច្រើន កម្មសិទ្ធិករនៃដីបំរើអាចសុំដាក់សេវភាពជំនួសនៅទីផ្សេងទៀតបាន ដែលស្រួលប្រើដូចគ្នា ហើយកម្មសិទ្ធិករនៃដីប្រើមិនអាចបដិសេធបានឡើយ។
មាត្រា ១៦៦.-
ចំណែកឯកម្មសិទ្ទិករនៃដីប្រើ អាចប្រើប្រាស់សេវភាពតែក្នុងព្រំដែនដែលបានកំណត់ក្នុងកិច្ចសន្យា ដោយមិនអាចធ្វើនៅលើដីបំរើ ឬដីរបស់ខ្លួនឱ្យមានការប្រែប្រួលណាមួយដែលអាចមានឥទ្ធិពល ធ្ងន់ធ្ងរដល់ស្ថានភាពនៃដីបំរើបានឡើយ។
អនុផ្នែកទី ៤ : អពីការផុតរលត់នៃសេវភាព
មាត្រា ១៦៧.-
សេវភាពផុតរលត់ដោយៈ
– ការបញ្ចប់កិច្ចព្រមព្រៀងដែលបង្កើតសេវភាពនោះ
– ដីប្រើនិងដីបំរើធ្លាក់ក្នុងដៃកម្មសិទ្ធិករតែម្នាក់ ឬ
– មហន្តរាយទាំងស្រុងនៃដីដែលជាទីតាំងសេវភាពនោះ។
មាតិកាទី ៤
អំពីទម្រង់នៃកម្មសិទ្ធិ
ជំពូកទី ៩
អំពីកម្មសិទ្ធិអវិភាគ
មាត្រា ១៦៨.-
កម្មសិទ្ធិអវិភាគគឺជាកម្មសិទ្ធិលើទ្រព្យតែមួយដែលជារបស់បុគ្គល ច្រើននាក់។ បុគ្គលទាំងនោះជាកម្មសិទ្ធិករអវិភាគ។ កម្មសិទ្ធិករអវិភាគម្នាក់ៗមានចំណែករបស់ខ្លួនក្នុងទ្រព្យនោះ ប៉ុន្តែទ្រព្យនោះមិនអាចពុះចែកគ្នាបានឡើយ។
មាត្រា ១៦៩.-
ភាគបែងនៃកម្មសិទ្ធិអវិភាគចាត់ទុកថាស្មើគ្នា។ ក្នុងករណីដែលការបែងចែកទ្រព្យមិនស្មើគ្នាកម្មសិទ្ធិករម្នាក់ៗមាន សិទ្ធិនិងបន្ទុកសមាមាត្រទៅនឹងចំណែករបស់ខ្លួន។ កម្មសិទ្ធិករម្នាក់ៗអាចលក់ចំណែក ឬចុះកិច្ចសន្យាផ្សេងៗលើចំណែករបស់ខ្លួនបាន ហើយម្ចាស់បំណុលរបស់គេម្នាក់ៗ អាចរឹបអូសចំណែកនៃទ្រព្យរបស់អ្នកនោះបាន។
មាត្រា ១៧០.-
កម្មសិទ្ធិករអវិភាគគ្រប់គ្រងរួមលើកម្មសិទ្ធិអវិភាគ លើកលែងតែមានកិច្ចព្រមព្រៀងផ្ទុយពីនេះ។ កម្មសិទ្ធិករអវិភាគម្នាក់ៗមាននាទីគ្រប់គ្រងជាធម្មតាដូចជាការ ជួសជុលថែទាំនិងការដាំដុះ បើកម្មសិទ្ធិករអវិភាគភាគច្រើនមិនបានចាត់ឱ្យធ្វើអ្វីផ្សេងទៀតទេ។
កិច្ចការសំខាន់ៗដូចជាការប្ដូរដំណាំនិងការជួសជុលធំៗអាចសម្រេច បាន លុះត្រាតែភាគច្រើននៃកម្មសិទ្ធិករអវិភាគដែលមានចំណែករួមគ្នាលើស ពីពាក់កណ្ដាលនៃទ្រព្យនោះបានយល់ព្រម។
មាត្រា ១៧១.-
កម្មសិទ្ធិករអវិភាគម្នាក់ៗត្រូវយកចិត្តទុកដាក់ថែទាំនិងការពារ ប្រយោជន៍រួម។ កម្មសិទ្ធិករអវិភាគអាស្រ័យផលពីទ្រព្យនិងប្រើប្រាស់ទ្រព្យក្នុង ព្រំដែនដែលមិនប៉ះពាល់ដល់សិទ្ធិនៃកម្មសិទ្ធិករអវិភាគឯទៀត។
ការព្រមព្រៀងគ្នាពីកម្មសិទ្ធិករអវិភាគទាំងអស់ជាការចាំបាច់ សំរាប់ការផ្ទេរសិទ្ធិ ការបង្កើតសិទ្ធិភណ្ឌិកឬការផ្លាស់ប្ដូរគោលដៅនៃទ្រព្យ លើកលែងតែមានវិធានផ្សេងពីនេះ។
មាត្រា ១៧២.-
ចំណាយលើការគ្រប់គ្រង ការបង់ពន្ធនិងបន្ទុកផ្សេងទៀតលើទ្រព្យអវិភាគត្រូវទទួលរ៉ាប់រងដោយ កម្មសិទ្ធិករអវិភាគទាំងអស់តាមសមាមាត្រនៃចំណែករៀងៗខ្លួន លើកលែងតែមានបញ្ញត្តិផ្ទុយពីនេះ។
មាត្រា ១៧៣.-
គ្មានជនណាមួយអាចត្រូវបានបង្ខំឲ្យនៅក្នុងអវិភាគកម្មបានទេ។ កម្មសិទ្ធិករអវិភាគម្នាក់ៗអាចទាមទារឲ្យបែងចែកទ្រព្យអវិភាគនោះ បាន។
កម្មសិទ្ធិករអវិភាគទាំងឡាយអាចរក្សាទុកជាបណ្ដោះអាសន្ននូវស្ថានភាព នៃអវិភាគកម្មប៉ុន្តែស្ថានភាពបែបនេះមិនអាចចាប់បង្ខំឱ្យលើសពី រយៈពេល ៥ (ប្រាំ) ឆ្នាំបានឡើយ លើកលែងតែមានកិច្ចព្រមព្រៀងថ្មី
មាត្រា ១៧៤.-
អវិភាគកម្មត្រូវចប់ដោយការបែងចែកទ្រព្យតាមរូបដើមឬដោយការលក់ ទ្រព្យហើយចែកថ្លៃគ្នាឬដោយកម្មសិទ្ធិករអវិភាគម្នាក់ឬច្រើននាក់ ទទួលយកចំណែករបស់អ្នកដទៃ។
ប្រសិនជាកម្មសិទ្ធិករអវិភាគមិនយល់ព្រមតាមអំពីរបៀបនៃការចែក អ្នកទាំងនោះត្រូវប្ដឹងទៅតុលាការដែលនឹងរៀបចំចែកទ្រព្យឬបើ ទ្រព្យនោះ កាលបើចែកទៅនាំឱ្យថយថ្លៃច្រើនតុលាការអាចបង្គាប់ឱ្យលក់ទ្រព្យ ទាំងមូលទៅឱ្យតតិយជនឬទៅឱ្យកម្មសិទ្ធិករ អវិភាគណាម្នាក់ក៏បាន។
អំពីសហកម្មសិទ្ធិ
មាត្រា ១៧៥.-
សហកម្មសិទ្ធិគឺជាកម្មសិទ្ធិលើទ្រព្យជាអចលនវត្ថុរបស់បុគ្គលច្រើន នាក់បែងចែកតាមឡូត៍ ដែលមា្នក់ៗបានមួយចំណែកជាឯកជនហើយមួយចំណែកទៀតជាផ្នែកនៃទ្រព្យ រួម។
មាត្រា ១៧៦.-
សហកម្មសិទ្ធិករទាំងឡាយអាចរៀបចំបទបញ្ជាផ្ទៃក្នុងដែលកំណត់របៀប គ្រប់គ្រង និងវិធាននៃការថែទាំព្រមទាំងកាតព្វកិច្ចរបស់សហកម្មសិទ្ធិករ ជាពិសេសចំពោះផ្នែករួមដោយគោរពតាមបទប្បញ្ញត្តិទាំងឡាយនៃច្បាប់ នេះ។
ក្នុងករណីដែលគ្មានបទបញ្ជាផ្ទៃក្នុងនេះទេ សហកម្មសិទ្ធិត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិទាំងឡាយដែលបានកំណត់ពី មាត្រា ១៧៧ ដល់មាត្រា ១៨៥ នៃច្បាប់នេះ។
មាត្រា ១៧៧.-
សហកម្មសិទ្ធិករទាំងឡាយមានសិទ្ធិពេញលេញលើចំណែកឯកជនរបស់ខ្លួនដោយ មិនបំពានទៅលើចំណែករួម និងមិនរំខាន ឬរាំងស្ទះដល់ការប្រើប្រាស់ចំណែករួមដោយសហកម្មសិទ្ធិករដទៃទៀត។ សហកម្មសិទ្ធិករទាំងនោះអាចផ្ទេរសិទ្ធិដោយសេរី ជួលឬបង្កើតផលុបភោគរៀបចំសិទ្ធិប្រើប្រាស់និងអាស្រ័យនៅ ដាក់ហ៊ីប៉ូតែក ដាក់បញ្ចាំនូវចំណែកឯកជនរបស់ខ្លួន។ប៉ុន្តែសហកម្មសិទ្ធិករមិនអាច បង្កើតសេវភាពលើចំណែកឯកជនរបស់ខ្លួននោះបានទេ។
មាត្រា ១៧៨.-
រាល់ចំណែកនៃអគារឬដីសម្រាប់ការប្រើប្រាស់ផ្ដាច់មុខនៃ សហកម្មសិទ្ធិករណាមួយបង្កើតបានជាចំណែកឯកជន។ វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុត្រូវកំណត់អំពីប្រភេទនិងទំហំនៃ ចំណែកនោះ។
មាត្រា ១៧៩.-
រាល់ចំណែកនៃអគារឬដីសម្រាប់ការប្រើប្រាស់ឬជាប្រយោជន៍នៃ សហកម្មសិទ្ធិករទាំងឡាយឬសហកម្មសិទ្ធិករខ្លះក្នុងចំណោមនោះបង្កើតបាន ជាចំណែករួម។
ទ្រព្យរួមមានជាអាទិ:
– ដី ទីធ្លា ឧទ្យាននិងសួនច្បារ ផ្លូវ ច្រកចេញចូល
– ជញ្ជាំង សសរទ្រទ្រង់សំខាន់ៗនៃអគារ ឧបករណ៍រួមរាប់បញ្ចូលចំណែក នៃបណ្ដាញទឹក ភ្លើង បណ្ដាញឧស្ម័នដែលអាចឆ្លងកាត់ចំណែកឯកជន
– ទូរួម បំពង់និងក្បាលបំពង់ផ្សែង
– ទីកន្លែងនៃសេវារួម។
សិទ្ធិបន្ទាប់បន្សំខាងក្រោមនេះក៏ត្រូវទុកជាកម្មសិទ្ធិរួមដែរ:
– សិទ្ធិជីករុករកវត្ថុធាតុដែលមានក្នុងដី
– សិទ្ធិស្ថាបនាអគារថ្មីក្នុងទីធ្លា ឧទ្យានឬសួនច្បារដែលជាចំណែករួម
– សិទ្ធិជីករុករកក្នុងទីធ្លា ឧទ្យានឬសួនច្បារទាំងនោះ
– សិទ្ធិនៃអឌ្ឍសិទ្ធិភាពដែលជាប់ទៅនឹងចំណែករួមទាំងឡាយ
– សិទ្ធិលើកបន្តឱ្យខ្ពស់នូវអគារសំរាប់ប្រើប្រាស់រួមឬដែលមាន កន្លែងច្រើនបង្កើតបានជាចំណែកឯកជនផ្សេងគ្នា។ គ្មានករណីណាមួយដែលកម្មសិទ្ធិករនៃអគារសហកម្មសិទ្ធិជាន់លើបំផុត អាចលើកបន្តសម្រាប់តែខ្លួនឯងផ្ទាល់ ឬ លក់សិទ្ធិនៃការលើកបន្តនេះឡើយ។
– បទប្បញ្ញត្តិនេះមានលក្ខណៈជាសណ្ដាប់ធ្នាប់សាធារណៈ។
មាត្រា ១៨០.-
សហកម្មសិទ្ធិករដែលធ្វើឱ្យប៉ះពាល់ដល់ចំណែករួមនៃអគារឬដីដោយបាន កែប្រែដើម្បីការប្រើប្រាស់ជាឯកជនឬសំរាប់លក់នឹងត្រូវបង្ខំឱ្យ រៀបចំដូចសភាពដើមវិញ។ សហកម្មសិទ្ធិករនោះត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងមាត្រា ២៥៧ នៃច្បាប់នេះ។
ជនក្រៅសហកម្មសិទ្ធិករដែលដណ្ដើមយកចំណែករួមសម្រាប់ជាទីលំនៅឯកជន របស់ខ្លួននឹងត្រូវបង្ខំឱ្យសងកន្លែងដែលកាន់កាប់ខុសច្បាប់ ហើយត្រូវធ្វើឱ្យមានសភាពដូចដើមវិញ។
ក្នុងករណីណាក៏ដោយ អាជ្ញាធរមានសមត្ថកិច្ចមិនអាចចេញប័ណ្ណសំគាល់សិទ្ធិឱ្យបុគ្គលនោះ បានឡើយ ពុំនោះទេនឹងចាត់ទុកអ្នកសមគំនិតនិងត្រូវទទួលខុសត្រូវរួមជាមួយ ដែរ។ អាជ្ញាធរមានភារកិច្ចបង្ខំឱ្យអ្នកកាន់កាប់ដោយខុសច្បាប់រុះរើចេញ។
បញ្ញត្តិទាំងនេះក៏មានគោលដៅដាក់ទោសអ្នកមិនទទួលស្គាល់កម្មសិទ្ធិ និងលក្ខខណ្ឌនៃសណ្ដាប់ធ្នាប់សាធារណៈនិងជាសារវ័ន្ត ហើយត្រូវអនុវត្តចំពោះការប៉ះពាល់ដែលមានកន្លងមកមុនការប្រកាសឱ្យ ប្រើច្បាប់នេះ។
មាត្រា ១៨១.-
ចំណែករួមគឺជាកម្មសិទ្ធិអវិភាគរបស់សហកម្មសិទ្ធិករ។ សហកម្មសិទ្ធិករត្រូវបានធានាការថែទាំចំណែករួម។ បន្ទុកនៃការថែទាំនេះត្រូវចែកគ្នាតាមសមាមាត្រទៅនឹងតម្លៃនៃឡូត៍ នីមួយៗ។
មាត្រា ១៨២.-
ជញ្ជាំងដែលខ័ណ្ឌចំណែកឯកជនត្រូវចាត់ទុកជាជញ្ជាំងអឌ្ឍសិទ្ធិដូចមានចែងក្នុងជំពូកទី១១ នៃច្បាប់នេះ។
មាត្រា ១៨៣.-
ចំណែករួមនិងសិទ្ធិបន្ទាប់បន្សំទាំងឡាយមិនអាចជាកម្មវត្ថុនៃការ បែងចែកឬបង្ខំឱ្យលក់ដាច់ដោយឡែកពីចំណែកឯកជនបានឡើយ។
មាត្រា ១៨៤.-
សហកម្មសិទ្ធិករអាចបង្កើតអង្គការគ្រប់គ្រងដែលអាចជា ក្រុមប្រឹក្សាភិបាលឬ/និងគណៈកម្មការគ្រប់គ្រងដើម្បីទទួលបន្ទុក កិច្ចការសហកម្មសិទ្ធិ។ អង្គការគ្រប់គ្រងនេះត្រូវជ្រើសរើស ដោយមហាសន្និបាតដែលមានការចូលរួមពីសហកម្មសិទ្ធិករទាំងអស់ដោយគិត តាមសមាមាត្រនៃសារៈសំខាន់នៃឡូត៍រៀងៗខ្លួន។ អង្គការគ្រប់គ្រងធ្វើការសម្រេចចិត្តទាក់ទងទៅនឹងការថែទាំ សហកម្មសិទ្ធិតាមមតិភាគច្រើន។
សហកម្មសិទ្ធិករត្រូវគោរពតាមសេចក្ដីសំរេចដែលបានដាក់ចេញដោយ មហាសន្និបាតជាពិសេសទាក់ទងទៅនឹងការថែទាំនិងការធ្វើឱ្យស្របទៅ នឹងលក្ខខណ្ឌនៃសណ្ដាប់ធ្នាប់សាធារណៈនៃចំណែករួម។
សហកម្មសិទ្ធិករណាម្នាក់ដែលមិនព្រមគោរពតាមការសម្រេចរបស់ មហាសន្និបាតនិងដោះខ្លួនពីចំណែកនៃបន្ទុកដែលធ្លាក់មកលើខ្លួន អាចនឹងត្រូវបានប្ដឹងទៅតុលាការដើម្បីបង្ខំឱ្យបង់បន្ទុកដែលត្រូវ បង់។
ក្នុងករណីគ្មានការបង្កើតអង្គការគ្រប់គ្រង ការគ្រប់គ្រងសហកម្មសិទ្ធិករត្រូវរ៉ាប់រងផ្ទាល់ដោយសហកម្មសិទ្ធិករ ទាំងអស់ដែលធ្វើការសម្រេចជាឯកច្ឆន្ទ។ បើសិនគ្មានការ យល់ព្រមណាមួយអាចកើតឡើងរវាងសហកម្មសិទ្ធិករទេ ដែលជាហេតុនាំឱ្យការថែទាំមិនល្អឬថយតម្លៃនៃសហកម្មសិទ្ធិ សហកម្មសិទ្ធិករទាំងអស់ក្រោយពីមានការព្រមព្រៀងគ្នាអាចប្ដឹងទៅ តុលាការឱ្យចាត់អ្នកគ្រប់គ្រងសហកម្មសិទ្ធិម្នាក់។ ប្រាក់ឈ្នួលសំរាប់អ្នកគ្រប់គ្រងជាបន្ទុកនៃសហកម្មសិទ្ធិករទាំងអស់។
មាត្រា ១៨៥.-
អាជ្ញាធរមានសមត្ថកិច្ចអាចដាក់វិធានការឱ្យសហកម្មសិទ្ធិករ រ៉ាប់រងការថែទាំឱ្យល្អលើចំណែករួម។
សោហ៊ុយនៃការថែទាំជាបន្ទុកនៃសហកម្មសិទ្ធិករ ដោយគិតតាមសមាមាត្រទៅនឹងតម្លៃនៃចំណែករៀងៗខ្លួន។
សហកម្មសិទ្ធិករដែលមិនព្រមចូលរួមទទួលបន្ទុកនេះឬមិនគោរពតាម លក្ខខណ្ឌនៃសណ្ដាប់ធ្នាប់សាធារណៈត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុង មាត្រា ២៥៨ នៃច្បាប់ នេះ។
ជំពូកទី ១១
អំពីអឌ្ឍសិទ្ធិភាព
មាត្រា ១៨៦.-
អឌ្ឍសិទ្ធិភាពគឺជាទម្រង់មួយនៃកម្មសិទ្ធិរួមអនុវត្តទៅលើជញ្ជាំង និងកំពែងដែលនៅត្រង់ព្រំខ័ណ្ឌចែកកម្មសិទ្ធិពីរជាប់គ្នា។
កំពែងក្នុងន័យនៃច្បាប់នេះគឺសំដៅទៅលើស្នាមភ្លោះ របងនិងភ្លឺ។
ផ្នែកទី ១ : អំពីជញ្ជាំងអឌ្ឍសិទ្ធិ
មាត្រា ១៨៧.-
ការជួសជុលនិងការសាងសង់ជញ្ជាំងអឌ្ឍសិទ្ធិឡើងវិញ ជាបន្ទុកនៃអ្នកដែលមានសិទ្ធិលើទ្រព្យនោះតាមសមាមាត្រទៅនឹង សិទ្ធិនៃកម្មសិទ្ធិករម្នាក់ៗ។
រាល់កម្មសិទ្ធិករដែលពាក់ព័ន្ធអាចឱ្យរួចពីការចេញថ្លៃជួសជុល ឬសាងសង់ជញ្ជាំងអឌ្ឍសិទ្ធិឡើងវិញ ដោយលះបង់សិទ្ធិនៃអឌ្ឍសិទ្ធិរបស់ខ្លួនលើកលែងតែជញ្ជាំងអឌ្ឍសិទ្ធិ ទល់ទ្រអគារដែលជារបស់ខ្លួនប៉ុណ្ណោះ។
មាត្រា ១៨៨.-
កម្មសិទ្ធិករណាម្នាក់នៃជញ្ជាំងអឌ្ឍសិទ្ធិមិនអាចចោះចូលជ្រៅទៅ ក្នុងជញ្ជាំងអឌ្ឍសិទ្ធិឬធ្វើការ្យអ្វីដែលអាចបណ្ដាលឱ្យខូចខាតដល់ ជញ្ជាំងអឌ្ឍសិទ្ធិ ដោយគ្មានការព្រមព្រៀងពីកម្មសិទ្ធិករម្ខាងទៀតឡើយ។ ក្នុងករណីគ្មានការព្រមព្រៀងគ្នា តម្រូវឱ្យអាជ្ញាកណ្ដាលជាអ្នកជំនាញដែលនឹងកំណត់មធ្យោបាយចាំបាច់ សំរាប់ការ្យថ្មី ដែលមិនរំខានដល់សិទ្ធិរបស់កម្មសិទ្ធិករណាម្នាក់។
មាត្រា ១៨៩.-
កម្មសិទ្ធិករម្នាក់ៗអាចសង់ជាប់នឹងជញ្ជាំងអឌ្ឍសិទ្ធិនិងដាក់ធ្នឹម និងរនូត ចូលក្នុងជញ្ជាំងអឌ្ឍសិទ្ធិដោយទុកឱ្យដល់ប្រាំសង្ទីម៉ែត្រ តែការងារនេះមិនត្រូវធ្វើឱ្យខូចដល់សិទ្ធិរបស់អ្នកម្ខាងទៀតឡើយ។ ប្រសិនបើកម្មសិទ្ធិករម្ខាងទៀតនោះមានបំណងសង់ពីម្ខាងត្រង់កន្លែង នោះមកវិញដែរ កម្មសិទ្ធិករនោះអាចមានសិទ្ធិទាមទារឱ្យបន្ថយធ្នឹមនិងរនូតនោះមក ត្រឹមពាក់កណ្ដាលនៃកំរាស់ជញ្ជាំងវិញ។
មាត្រា ១៩០.-
កម្មសិទ្ធិករនៃអចលនវត្ថុដែលនៅជាប់ជញ្ជាំងណាមួយរបស់កម្មសិទ្ធិករ ដទៃ មានសិទ្ធិធ្វើជញ្ជាំងនោះឱ្យទៅជាជញ្ជាំងអឌ្ឍសិទ្ធិទាំងស្រុងឬមួយ ចំណែកដោយសងទៅកម្មសិទ្ធិករនៃជញ្ជាំងនោះនូវតម្លៃពាក់កណ្ដាលនៃ ចំណែកដែលខ្លួនចង់ធ្វើឱ្យទៅជាអឌ្ឍសិទ្ធិ បូកនឹងពាក់កណ្ដាលតម្លៃដីដែលសង់ជញ្ជាំងពីលើនោះ។
មាត្រា ១៩១.-
កម្មសិទ្ធិករម្នាក់ៗអាចសង់បន្តជញ្ជាំងអឌ្ឍសិទ្ធិឱ្យខ្ពស់ជាងមុន បាន ប៉ុន្តែត្រូវចេញសោហ៊ុយក្នុងការសង់ ការជួសជុលថែទាំជញ្ជាំងដែលខ្ពស់ហួសកំណត់ដើមនោះតែម្នាក់ឯង។ ក្រៅពីនេះ កម្មសិទ្ធិករនោះត្រូវចេញសោហ៊ុយសំរាប់បន្ទុកដែលកើតមកពីការលើក កំពស់ហួសទៅលើនោះឱ្យសមតាមតម្លៃផង។
មាត្រា ១៩២.-
ប្រសិនបើជញ្ជាំងអឌ្ឍសិទ្ធិមិនមាំមិនអាចទ្រទ្រង់កំពស់ដែលលើកទៅ លើនោះបានអ្នកដែលចង់លើកឱ្យខ្ពស់នោះអាចរុះរើធ្វើជាថ្មី ទាំងអស់ឡើងវិញដោយសោហ៊ុយផ្ទាល់ខ្លួន។ ឯកំរាស់ជញ្ជាំងដែលត្រូវធ្វើលើសពីកំរាស់ដើមត្រូវសង់ដាក់ខាងលើ ដីរបស់ខ្លួន។
មាត្រា ១៩៣.-
កម្មសិទ្ធិករម្ខាងទៀតដែលមិនបានជួយក្នុងការសង់ឱ្យឡើងខ្ពស់ បើត្រូវការយកសំណង់នោះទុកជារបស់អឌ្ឍសិទ្ធិនៃខ្លួនដែរ ត្រូវចេញថ្លៃសំណង់ដែលលើកឱ្យខ្ពស់ពាក់កណ្ដាលបូកនឹងពាក់កណ្ដាល នៃថ្លៃដីដែលសង់ជញ្ជាំងលើសពីកំរាស់ដើមនោះ។
ផ្នែកទី ២ : អំពីស្នាមភ្លោះ របង ភ្លឺអឌ្ឍសិទ្ធិ
មាត្រា ១៩៤.-
កំពែងអឌ្ឍសិទ្ធិដែលបានបង្កើតដោយស្នាមភ្លោះក្ដី ដោយរបងក្ដី ដោយភ្លឺក្ដី ត្រូវតែថែទាំដោយសោហ៊ុយរួម។ តែបើកម្មសិទ្ធិករណាម្នាក់ចង់ដកខ្លួនចេញពីកាតព្វកិច្ចនេះ កម្មសិទ្ធិករនោះអាចធ្វើបានដោយគ្រាន់តែលះបង់អឌ្ឍសិទ្ធិភាពរបស់ ខ្លួនចោលប៉ុណ្ណោះ។
ប៉ុន្តែបើស្នាមភ្លោះឬភ្លឺនោះ ជាកន្លែងសម្រាប់បង្ហូរទឹកជាធម្មតា សហកម្មសិទ្ធិករមិនអាចលះបង់អឌ្ឍសិទ្ធិរបស់ខ្លួនបានឡើយ។
មាត្រា ១៩៥.-
កម្មសិទ្ធិករដែលមានដីជាប់នឹងស្នាមភ្លោះ របងឬភ្លឺណាមួយដែលមិនមែនជារបស់អឌ្ឍសិទ្ធិទេ មិនអាចតម្រូវឱ្យម្ចាស់ស្នាមភ្លោះ ម្ចាស់របង ម្ចាស់ភ្លឺនោះដាក់ស្នាមភ្លោះ របងឬភ្លឺនោះជារបស់អឌ្ឍសិទ្ធិឱ្យខ្លួនបានឡើយ។
មាត្រា ១៩៦.-
កម្មសិទ្ធិករនៃរបងអឌ្ឍសិទ្ធិអាចជួសជុល កែលំអឫរុះរើរបងនោះរហូតដល់ព្រំប្រទល់កម្មសិទ្ធិរបស់ខ្លួនបាន តែត្រូវធ្វើរបងត្រឹមដីរបស់ខ្លួនឡើងវិញ។
សិទ្ធិនេះអាចប្រើបានក្នុងករណីបើស្នាមភ្លោះឬភ្លឺអឌ្ឍសិទ្ធិនោះ គ្រាន់តែប្រើប្រាស់ជារបងប៉ុណ្ណោះ។
មាតិកាទី ៥
អំពីប្រាតិភោគអចលនវត្ថុ
មាត្រា ១៩៧.-
ទ្រព្យជាអចលនវត្ថុអាចបង្កើតជាប្រាតិភោគសំរាប់ដាក់ធានាការសង បំណុលដោយកម្មសិទ្ធិករនៃទ្រព្យនោះតាមរយៈហ៊ីប៉ូតែកឬការបញ្ចាំឬការ ដាក់ធានា។
ជំពូកទី ១២
អំពីហ៊ីប៉ូតែក
មាត្រា ១៩៨.-
ហ៊ីប៉ូតែកគឺជាប្រាតិភោគភណ្ឌិកដែលបើកឱ្យម្ចាស់បំណុលប្ដឹងសុំឱ្យ លក់អចលនវត្ថុនោះនៅពេលដល់កំណត់សង ទោះជាអចលនវត្ថុនោះនៅលើដៃជនណាក៏ដោយ ដើម្បីយកប្រាក់មកសងខ្លួននិងម្ចាស់បំណុលដទៃទៀតដែលជាអ្នកមាន បុព្វសិទ្ធិនិងបុរិមាដោយមិនដកអចលនវត្ថុនោះពីកម្មសិទ្ធិករទេ។
មាត្រា ១៩៩.-
មានតែអចលនវត្ថុដែលបានចុះបញ្ជីសុរិយោដីទេ ទើបអាចជាកម្មវត្ថុនៃហ៊ីប៉ូតែកបាន។
មាត្រា ២០០.-
ម្ចាស់បំណុលមិនអាចក្លាយជាកម្មសិទ្ធិករនៃទ្រព្យដែលបានដាក់ហ៊ីប៉ូតែកជំនួសការសងបំណុលបានឡើយ។
មាត្រា ២០១.-
កិច្ចសន្យាហ៊ីប៉ូតែកត្រូវរៀបចំតាមរូបមន្តយថាភូត ចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចឬអ្នកច្បាប់ណាម្នាក់ដែលមាន នីតិសម្បទាក្នុងរឿងនេះ។ កិច្ចសន្យាត្រូវតែចុះបញ្ជីនៅអង្គភាពសុរិយោដី។ អាជ្ញាធរមានសមត្ថកិច្ចក្នុងការតាក់តែងកិច្ចសន្យាហ៊ីប៉ូតែកនិង ទម្រង់នៃការចុះបញ្ជីនឹងកំណត់ដោយអនុក្រឹត្យ។
មាត្រា ២០២.-
កិច្ចសន្យាហ៊ីប៉ូតែកត្រូវសរសេរបញ្ជាក់ឱ្យច្បាស់ពីស្ថានភាពនិង ប្រភេទនៃទ្រព្យសេវភាពឬបន្ទុកដែលកំណត់ដោយបទបញ្ជាទាំងឡាយនិង តម្លៃនៃទ្រព្យនោះ។
មាត្រា ២០៣.-
ហ៊ីប៉ូតែកច្រើនបន្តបន្ទាប់គ្នាអាចត្រូវបានបង្កើតនៅលើទ្រព្យតែ មួយ។ ម្ចាស់បំណុលម្នាក់ៗប្រើសិទ្ធិតាមលំដាប់អាទិភាពនៃការចុះលេខា ចារិកហ៊ីប៉ូតែករបស់ខ្លួន។
មាត្រា ២០៤.-
ប្រសិនបើកសិទ្ធិករនៃទ្រព្យដាក់ហ៊ីប៉ូតែកមិនសងបំណុលពេលដល់កំណត់ ត្រូវសងម្ចាស់បំណុលម្នាក់អាចប្ដឹងសុំឱ្យលក់ទ្រព្យនោះបានដោយ មិនគិតពីលំដាប់នៃហ៊ីប៉ូតែករបស់គេឡើយ។ ម្ចាស់បំណុលហ៊ីប៉ូតែកនានានឹងត្រូវទទួលសំណងនៅពេលនោះដែរ តាមលំដាប់នៃហ៊ីប៉ូតែកនីមួយៗ។
មាត្រា ២០៥ .-
ទ្រព្យដែលកំពុងដាក់បញ្ចាំមិនអាចដាក់ហ៊ីប៉ូតែកបានឡើយ។
ជំពូកទី ១៣
អំពីការបញ្ចាំអចលនវត្ថុ
មាត្រា ២០៦ .-
ការបញ្ចាំអចលនវត្ថុគឺជាកិច្ចសន្យាដែលតាមកិច្ចសន្យានោះ កូនបំណុលប្រគល់ឱ្យម្ចាស់បំណុលរបស់ខ្លួននូវទ្រព្យមួយដើម្បីធានា ការសងបំណុល។ ម្ចាស់បំណុលមានសិទ្ធិសុំឱ្យលក់ទ្រព្យនោះដើម្បីសងបំណុលតាម បុព្វសិទ្ធិនិងបុរិមាដែលខ្លួនមានជាងម្ចាស់ បំណុលដទៃទៀត។
ការប្រើប្រាស់ទ្រព្យដាក់បញ្ចាំដោយម្ចាស់បំណុលអាចជំនួសការសង បំណុលនេះជាការប្រាក់តែមួយមុខឬជាប្រាក់ដើមនិងការប្រាក់ផងក៏ បាន បើសិនមានចែងក្នុងកិច្ចសន្យាបញ្ចាំ។
មាត្រា ២០៧ .-
កិច្ចសន្យាបញ្ចាំអចលនវត្ថុត្រូវធ្វើជាលាយលក្ខណ៍អក្សរតាមរូបមន្ត លិខិតយថាភូតដោយអាជ្ញាធរមានសមត្ថកិច្ច ហើយត្រូវចុះបញ្ជីនៅអង្គភាពសុរិយោដី។
មាត្រា ២០៨ .-
ការបញ្ចាំអចលនវត្ថុចាត់ទុកជាបានការ ហើយតតិយជនមិនអាចជំទាស់បាន លុះត្រាតែកិច្ចសន្យាបញ្ចាំនោះបានធ្វើតាមបញ្ញត្តិដូចមានចែងក្នុង មាត្រា ២០៧ នៃច្បាប់នេះ។
ការមិនបានចុះបញ្ជីនៅអង្គភាពសុរិយោដីនូវកិច្ចសន្យាបញ្ចាំបណ្ដាល ឱ្យថ្លោះសិទ្ធិប្រាតិភោគភណ្ឌិក ហើយម្ចាស់បំណុលមានសិទ្ធិត្រឹមប្ដឹងទារសំណងតាមច្បាប់ជាធរមាន ប៉ុណ្ណោះ។
មាត្រា ២០៩ .-
ទ្រព្យជាប់កិច្ចសន្យាបញ្ចាំអចលនវត្ថុនឹងត្រូវសងមកកូនបំណុលវិញជា ចាំបាច់ចាប់ពីពេលដែលកូនបំណុលបានសងទាំងស្រុងរួចហើយ។
ចំពោះកិច្ចសន្យាដែលមិនបានបញ្ជាក់ពីកាលបរិច្ឆេទផុតកំណត់សងក្នុង រយៈពេល ១០(ដប់) ឆ្នាំគិតពីថ្ងៃដែលបានចុះកិច្ចសន្យាបញ្ចាំមក បើម្ចាស់បំណុលមិនបានដាក់ពាក្យប្ដឹងទៅតុលាការដើម្បីទាមទារឱ្យសង បំណុលទេ ម្ចាស់បំណុលនោះត្រូវបាត់បង់ការធានានៃការដាក់បញ្ចាំ។
ចំពោះកិច្ចសន្យាដែលបានបញ្ជាក់ថ្ងៃកំណត់ឱ្យសងក្នុងរយៈពេល ១០ (ដប់) ឆ្នាំ គិតពីថ្ងៃផុតរយៈពេលសងបំណុល បើម្ចាស់បំណុលមិនបានដាក់ពាក្យប្ដឹងទៅតុលាការដើម្បីទាមទារឱ្យសង បំណុលទេ ម្ចាស់បំណុលនោះត្រូវបាត់បង់ការធានានៃការដាក់បញ្ចាំ។
ការបាត់បង់ការធានានៃការដាក់បញ្ចាំនេះតម្រូវឱ្យម្ចាស់បំណុល ប្រគល់អចលនវត្ថុនិងប័ណ្ណឱ្យកូនបំណុលវិញ តែកូនបំណុលពុំបានរួចពីការសងបំណុលឡើយ ហើយម្ចាស់បំណុលមានសិទ្ធិត្រឹមប្ដឹងទារសំណងតាមច្បាប់ជាធរមាន ប៉ុណ្ណោះ។
ការលើកលែងបញ្ចាំឬការលុបបន្ទុកបញ្ចាំត្រូវធ្វើលេខាចារិកក្នុង បញ្ជីសុរិយោដីតាមការស្នើសុំរបស់កូនបំណុលឬដោយឯកឯង។
មាត្រា ២១០ .-
ក្នុងករណីណាក៏ដោយ ម្ចាស់បំណុលមិនអាចក្លាយជាកម្មសិទ្ធិករនៃទ្រព្យជាប់កិច្ចសន្យា បញ្ចាំបានឡើយ។ ខសន្យាណាដែលផ្ទុយនឹងបទប្បញ្ញត្តិនេះត្រូវទុកជាមោឃៈ។
មាត្រា ២១១ .-
កិច្ចសន្យាបញ្ចាំអចលនវត្ថុអនុញ្ញាតឱ្យម្ចាស់បំណុលមានសិទ្ធិត្រឹម តែប្ដឹងទៅតុលាការឱ្យដាក់លក់អចលនវត្ថុដោយបង្ខំប៉ុណ្ណោះ ដើម្បីសងខ្លួនជាអាទិភាព ដោយបុរិមានិងបុព្វសិទ្ធិមុនម្ចាស់បំណុលដទៃទៀត។
បើសិនជាក្នុងរយៈពេលនៃកិច្ចសន្យាបញ្ចាំ ម្ចាស់បំណុលដែលទទួលបញ្ចាំទិញអចលនវត្ថុដែលដាក់បញ្ចាំ កិច្ចសន្យាទិញនេះត្រូវចុះបញ្ជីនៅអង្គភាពសុរិយោដី ពុំនោះទេនឹងត្រូវចាត់ទុកជាមោឃៈ។
មាត្រា ២១២ .-
ម្ចាស់បំណុលដែលបានកាន់កាប់ទ្រព្យដាក់បញ្ចាំ អាចមានសិទ្ធិអាស្រ័យផលពីទ្រព្យនោះដូចជាផលុបភោគីដែរ លុះត្រាតែមានចែងក្នុងកិច្ចសន្យាដាក់បញ្ចាំ។ ម្ចាស់បំណុលមានកាតព្វកិច្ចថែទាំរក្សាទុកទ្រព្យនោះឱ្យដូចជា ទ្រព្យរបស់ខ្លួន។ បើទ្រព្យនោះខូចខាតដោយអំពើឬកំហុសណាមួយរបស់ខ្លួន ខ្លួនត្រូវសងតម្លៃខូចខាតនោះដោយកាត់ប្រាក់ក្នុងបំណុលបាន។
មាត្រា ២១៣ .-
នៅពេលផុតរយៈពេលនៃកិច្ចសន្យាបញ្ចាំ ដោយកូនបំណុលបានសងប្រាក់អស់វិញក្ដីឬដោយផុតរយៈពេលប្ដឹងដូចមាន ក្នុងមាត្រា ២០៩ ក្ដី ម្ចាស់បំណុលត្រូវសងមកកូនបំណុលវិញនូវទ្រព្យឬតម្លៃនៃទ្រព្យ ប្រសិនបើទ្រព្យនេះត្រូវបានវិនាសដោយអំពើឬកំហុសណាមួយរបស់ ម្ចាស់បំណុល។
មាត្រា ២១៤ .-
នៅថ្ងៃចប់កិច្ចសន្យាបញ្ចាំ ហើយកូនបំណុលមកសុំលោះទ្រព្យវិញតែម្ចាស់បំណុលមិនព្រមឱ្យលោះ ម្ចាស់បំណុលត្រូវជំពាក់កូនបំណុលវិញនូវផលឬផលទុនដែលបានមកពី ទ្រព្យដាក់បញ្ចាំដោយគិតចាប់តាំងពីថ្ងៃដែលកូនបំណុលសុំលោះមក។
មាត្រា ២១៥ .-
បើទ្រព្យជាដី ហើយកិច្ចសន្យាបញ្ចាំមិនបានចែងឱ្យច្បាស់លាស់ពីថ្ងៃកំណត់សងទេ ម្ចាស់បំណុលនៅតែមានសិទ្ធិយកផលឬផលទុនដែលជាផលកើតមកពីការ យកចិត្តទុកដាក់របស់ខ្លួនពីការងាររបស់ខ្លួននិងពីទុនរបស់ខ្លួន ក្នុងរដូវដែលកូនបំណុលសុំលោះ។
ប៉ុន្តែបើទ្រព្យជាផ្ទះ ហើយកិច្ចសន្យាបញ្ចាំមិនបានចែងឱ្យច្បាស់លាស់ពីថ្ងៃកំណត់សងទេ ម្ចាស់បំណុលត្រូវប្រគល់ទ្រព្យដាក់បញ្ចាំនោះឱ្យកូនបំណុលគិតពីថ្ងៃ ដែលកូនបំណុលបានសងបំណុល។
មាត្រា ២១៦ .-
ការប្រាក់ត្រូវបានបញ្ចប់ចាប់ពីថ្ងៃដែលកូនបំណុលបានសងបំណុលរួច មុនការបញ្ចប់កិច្ចសន្យា។ ការស្នើសងបំណុលត្រូវបង្ហាញពីចំនួននិងត្រូវកត់ត្រាក្នុងលិខិត ដែលមានចុះហត្ថលេខាដោយមេឃុំឬចៅសង្កាត់ជាមួយនឹងហត្ថលេខាកូន បំណុលនិងសាក្សីពីរនាក់។
មាត្រា ២១៧ –
ការបង់ពន្ធដារនៅតែជាបន្ទុកនៃកូនបំណុល លើកលែងតែមានការព្រមព្រៀងគ្នាផ្សេងពីនេះរវាងម្ចាស់បំណុលនិងកូនបំណុល។
មាត្រា ២១៨.-
បើកូនបំណុលបានសងបំណុលគ្រប់ចំនួនហើយ ម្ចាស់បំណុលមិនអាចរក្សាទុកទ្រព្យ ដែលបានដាក់បញ្ចាំ ដោយយកលេសថាកូនបំណុលនៅជំពាក់បំណុលមួយផ្សេងទៀតបានទេ ទោះជាបំណុលក្រោយនេះដល់កំណត់ទារហើយក៏ដោយ លើកលែងតែមានកិច្ចសន្យាបញ្ចាំថ្មីមួយទៀតលើទ្រព្យដដែលនេះ ហើយបានរៀបចំតាមទម្រង់នៃច្បាប់ទៀតផង។
កូនបំណុលអាចប្រើសិទ្ធិខាងលើនេះ លើទាយាទឬលើសិទ្ធិវន្ដនៃម្ចាស់បំណុលបាន។
ជំពូកទី ១៤
អំពីការដាក់ធានា
មាត្រា ២១៩ .-
ការដាក់ធានាគឺជាកិច្ចសន្យាមួយដែលបានសម្រេចឡើងដើម្បីធានាការសង បំណុលដែលក្នុងនោះកូនបំណុលប្រគល់ទៅឱ្យម្ចាស់បំណុលរបស់ខ្លួន មិនមែនជាទ្រព្យទេតែជាប័ណ្ណកម្មសិទ្ធិនៃទ្រព្យនោះដែលបានចុះ និទ្ទេសក្នុងបញ្ជីសុរិយោដី។
មាត្រា ២២០ .-
កិច្ចសន្យាដាក់ធានាត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរតាមរូបមន្តយថាភូតនិងត្រូវចុះលេខាចារិកក្នុងបញ្ជីសុរិយោដី។
មាត្រា ២២១ .-
ក្នុងករណីណាក៏ដោយ ម្ចាស់បំណុលមិនអាចក្លាយជាកម្មសិទ្ធិករនៃទ្រព្យជាប់កិច្ចសន្យា ដាក់ធានាបានឡើយ។ ខសន្យាណាដែលផ្ទុយនឹងបទប្បញ្ញត្តិត្រូវទុកជាមោឃៈ។
កិច្ចសន្យាដាក់ធានាអនុញ្ញាតឱ្យម្ចាស់បំណុលមានសិទ្ធិត្រឹមតែប្ដឹង ទៅតុលាការឱ្យដាក់លក់អចលនវត្ថុដោយបង្ខំតែប៉ុណ្ណោះ ដើម្បីសងខ្លួនជាអាទិភាពដោយបុរិមានិងបុព្វសិទ្ធិមុនម្ចាស់បំណុល ដទៃទៀត។
មាត្រា ២២២ .-
បើកូនបំណុលបានសងបំណុលនិងការប្រាក់រួចហើយតាមពេលកំណត់ឬមុនពេល កំណត់ម្ចាស់បំណុលត្រូវបង្វិលប័ណ្ណកម្មសិទ្ធិមកកូនបំណុលវិញដោយធ្វើ លេខាចារិកលើកលែងបន្ទុកក្នុងបញ្ជីសុរិយោដី។
មាត្រា ២២៣ .-
កូនបំណុលត្រូវរក្សាទុក គ្រប់គ្រងនិងប្រើប្រាស់ទ្រព្យរបស់ខ្លួន ប៉ុន្តែមិនអាចធ្វើអ្វីដែលនាំឱ្យបន្ថយតម្លៃទ្រព្យនោះបានជាដាច់ ខាត។
មាត្រា ២២៤.-
សិទ្ធិវន្តនៃកូនបំណុលនិងសិទ្ធិវន្តនៃម្ចាស់បំណុលមានកាតព្វកិច្ច និងសិទ្ធិដូចគ្នានឹងកូនបំណុលឬម្ចាស់បំណុលរបស់ខ្លួនដែរ។
មាត្រា ២២៥ .-
ទាយាទឬប្រតិសិទ្ធិនៃកូនបំណុលព្រមទាំងសមាជិកទាំងឡាយនៃគ្រួសារដែល អាចប្រកាសថាជាសហកម្មសិទ្ធិករនៃទ្រព្យដាក់ធានា មានកាតព្វកិច្ចនិងសិទ្ធិដូចគ្នានឹងកូនបំណុលដែរ។
មាតិកាទី ៦
អំពីសុរិយោដី
ជំពូកទី ១៥
អំពីរដ្ឋបាលសុរិយោដី
មាត្រា ២២៦ .-
កម្មសិទ្ធិលើអចលនវត្ថុត្រូវបានធានាដោយរដ្ឋ។ តាមគោលដៅនេះ រដ្ឋបាលសុរិយោដីក្រោមការគ្រប់គ្រងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់មានសមត្ថកិច្ចធ្វើអត្តសញ្ញាណកម្មទ្រព្យ កសាងប្លង់សុរិយោដី ចេញប័ណ្ណកម្មសិទ្ធិ ចុះបញ្ជីដី និងផ្ដល់ពត៌មានដល់ជនទាំងឡាយអំពីស្ថានភាពក្បាលដីទាក់ទងនឹង ប្រភេទ ទំហំ កម្មសិទ្ធិករ និងបន្ទុកផ្សេងៗដែលអាចមានលើក្បាលដីនោះ។
មាត្រា ២២៧ .-
ក្បាលដីឬឯកតាសុរិយោដី គឺជាផ្ទៃដីមួយជាក់លាក់ស្ថិតនៅក្នុងឃុំ ឬសង្កាត់តែមួយមិនពុះបំបែកដោយព្រំជាប់មិនដាច់ជារបស់ជនម្នាក់ ឬច្រើននាក់ក្នុងករណីអវិភាគកម្មហើយប្រើប្រាស់ក្នុងរូបភាពតែមួយ។
ចាត់ទុកជាព្រំជាប់មិនដាច់ដែលនាំឱ្យបំបែកក្បាលដីជាច្រើនក្បាល នោះគឺរបងផ្លូវសាធារណៈ ប្រឡាយនិងផ្លូវទឹកដែលមានទទឹងយ៉ាងតិចពីរម៉ែត្រ។
មាត្រា ២២៨ .-
ការរៀបចំនិងការប្រព្រឹត្តទៅនៃរដ្ឋបាលសុរិយោដី ត្រូវកំណត់ដោយអនុក្រឹត្យស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
មាត្រា ២២៩ .-
រដ្ឋបាលសុរិយោដីមានភារកិច្ចដូចតទៅ :
– ធ្វើការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធតាមបញ្ញត្តិ នៃអនុក្រឹត្យស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀវភៅ គោលបញ្ជីដី
– ធ្វើការពង្រឹងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ តាមនីតិវិធីដែលនឹងបញ្ញត្តិដោយអនុក្រឹត្យ
-អនុវត្តការអង្កេតវាស់វែងសុរិយោដីនៃក្បាលដីរួមមាន ការកំណត់ព្រំដីការបំបែកក្បាលដី ការបង្រួមក្បាលដីនិងការកឺតម្រូវព្រំប្រទល់នៃក្បាលដី និងជាទូទៅរាល់ការប្រែប្រួលអំពីទំហំដែលបណ្ដាលមកពីធម្មជាតិឬដោយ ស្ម័គ្រចិត្ត
-កសាងសៀវភៅគោលបញ្ជីដីហើយធ្វើលេខាចារិកឈ្មោះកម្មសិទ្ធិករនិងរាល់ ទិន្នន័យប្រមូលបានទាក់ទងទៅនឹងលក្ខណៈរូប ទំហំ និងអត្តសញ្ញាណនៃអចលនវត្ថុ ទាំងនោះ
– ធ្វើចរន្តការនូវរាល់ការផ្លាស់ប្ដូរប្រែប្រួលទាក់ទងទៅនឹងសិទ្ធិ ដែលកើតឡើងដោយកិច្ចសន្យាផ្ទេរដូចជា ការលក់ ការឱ្យ ការដូរ សន្តតិកម្មឬពាក់ព័ន្ធនឹងការដូរ ប្រភេទឬស្ថានភាពនៃដីដូចជា ការសាងសង់ ការចាក់បំពេញដី ការជីកកកាយយកដីជាដើម
– អភិរក្សនូវរាល់ឯកសារសុរិយោដីដែលមានប្លង់សុរិយោដី បញ្ជីឈ្មោះកម្មសិទ្ធិករ សៀវភៅគោលបញ្ជីដីនិងរាល់ឯកសារគតិយុត្តិទាក់ទងទៅនឹងក្បាលដីនី មួយៗ
– ចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុជូនកម្មសិទ្ធិករនិងលិខិតបញ្ជាក់ផ្សេងៗទៀតទាក់ទងទៅនឹងក្បាលដី
-មានកាតព្វកិច្ចប្រគល់ជូនជនដែលបានដាក់ពាក្យស្នើសុំប្លង់ថតចម្លង និងឯកសារពត៌មានទាក់ទងទៅនឹងទីតាំង អត្តសញ្ញាណ ព្រំដីនិងសិទ្ធិដែលទាក់ទងទៅនឹងក្បាលដី
-ធ្វើលេខាចារិកនូវរាល់ហ៊ីប៉ូតែក ការបញ្ចាំ ការដាក់ធានា ការជួលរយៈពេលវែងឬសេវភាពដែលបានបង្កើតឡើងលើទ្រព្យជាអចលនវត្ថុ ហើយផ្ដល់ពត៌មានទៅគ្រប់ជនដែលសាកសួរមករដ្ឋបាលសុរិយោដី អំពីស្ថានភាពនៃកម្មសិទ្ធិដែលជាកម្មវត្ថុនៃការដាក់ហ៊ីប៉ូតែកដាក់ បញ្ចាំ ដាក់ធានា ការជួលរយៈពេលវែងឬសេវភាពនោះ។
មាត្រា ២៣០ .-
សោហ៊ុយសេវាផ្សេងៗដែលទាក់ទងទៅនឹងការបំពេញភារកិច្ចខាងលើត្រូវ កំណត់ដោយប្រកាសរួមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
មាត្រា ២៣១ .-
រដ្ឋបាលសុរិយោដីថ្នាក់កណ្ដាលជាអគ្គនាយកដ្ឋានសុរិយោដីនិង ភូមិសាស្ត្រទទួលបន្ទុករៀបចំសម្របសម្រួលនិងត្រួតពិនិត្យប្រតិបត្តិ ការទាំងឡាយនៃការវាស់វែងសុរិយោដីដែលធ្វើឡើងលើដែនដីនៃព្រះ រាជាណាចក្រកម្ពុជា និងរាល់ប្រតិបត្តិការកសាងប្លង់សុរិយោដី កសាងបញ្ជីឈ្មោះកម្មសិទ្ធិករ កសាងសៀវភៅគោលបញ្ជីនិងចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុប័ណ្ណ សំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ។ ក្រៅពីនេះអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រត្រូវកំណត់វិធីនិង ស្តង់ដាទាក់ទងនឹងឯកសារ។
មាត្រា ២៣២ .-
រដ្ឋបាលសុរិយោដីខេត្ត – ក្រុងឬស្រុក- ខ័ណ្ឌនីមួយៗត្រូវប្រតិបត្តិរាល់ការណែនាំពីរដ្ឋបាលសុរិយោដីថ្នាក់ កណ្ដាល។ រដ្ឋបាលសុរិយោដីខេត្ត-ក្រុងឬស្រុក-ខ័ណ្ឌ ទទួលធ្វើសម្រង់សុរិយោដីដោយសហការជាមួយអាជ្ញាធរមូលដ្ឋានដទៃទៀត កាន់កាប់សៀវភៅគោលបញ្ជីដីធ្លី ធ្វើចរន្តការជាប្រចាំក្រោមការត្រួតពិនិត្យពីរដ្ឋបាលសុរិយោដី ថ្នាក់កណ្ដាលរក្សាទុកឯកសារនិងផ្ដល់ពត៌មានដល់អ្នកស្នើសុំ។
មាត្រា ២៣៣ .-
រដ្ឋបាលសុរិយោដីស្រុក-ខ័ណ្ឌ ត្រូវផ្ញើច្បាប់ចម្លងនៃសម្រង់ឯកសារសុរិយោដីដល់ឃុំឬសង្កាត់ដែល ពាក់ព័ន្ធ។ មេឃុំឬចៅសង្កាត់ត្រូវអនុញ្ញាតឱ្យជនគ្រប់រូបពិគ្រោះយោបល់ហើយ ត្រូវរាយការណ៍ទៅរដ្ឋបាលសុរិយោដីស្រុក-ខ័ណ្ឌនូវរាល់ការផ្លាស់ប្ដូរ ដែលទាក់ទងទៅនឹងស្ថានភាពនៃកម្មសិទ្ធិករក្នុងមូលដ្ឋានរបស់ខ្លួន។
ជំពូកទី ១៦
អំពីសម្រង់សុរិយោដី
មាត្រា ២៣៤ .-
សម្រង់សុរិយោដីត្រូវធ្វើតាមបច្ចេកទេសនិងវិធីសាស្ត្រកំណត់ដោយអនុក្រឹត្យ។
មាត្រា ២៣៥ .-
ក្នុងករណីចាំបាច់រដ្ឋបាលសុរិយោដីអាចស្នើសុំទៅអាជ្ញាធរដែនដីឬ អង្គភាពយោធាឬនគរបាលឱ្យជួយជ្រោមជ្រែងដល់កិច្ចប្រតិបត្តិការធ្វើ សម្រង់សុរិយោដីនៅនឹងកន្លែង។
គ្មានសមត្ថកិច្ចណាក្រៅពីរដ្ឋបាលសុរិយោដី មានសិទ្ធិកំណត់កម្មសិទ្ធិករនៃក្បាលដី ប្រភេទដីឬទំហំដីបានឡើយ។
មាត្រា ២៣៦ .-
ជនទាំងឡាយ ជាពិសេសកម្មសិទ្ធិករនិងជនដែលពាក់ព័ន្ធមានកាតព្វកិច្ចចូលរួមនិង សហការក្នុងការធ្វើសម្រង់សុរិយោដី។ ជនទាំងនោះត្រូវជួយសម្រួលដល់កិច្ចប្រតិបត្តិការវាស់វែងសុរិយោដីនិង ធ្វើអត្តសញ្ញាណកម្មកម្មសិទ្ធិករ ហើយត្រូវរាយការណ៍ពីការផ្លាស់ប្ដូរទាំងអស់ដែលកើតមានទាក់ទងនឹង ក្បាលដីរបស់ខ្លួននិងស្ថានភាពនៃទីតាំងនិងរាល់ការផ្ទេរសិទ្ធិនៃ កម្មសិទ្ធិ។
មាត្រា ២៣៧ .-
ក្នុងករណីមានវិវាទកម្មអំពីទំហំនៃក្បាលដី ឬឈ្មោះនៃកម្មសិទ្ធិករកើតឡើងក្នុងពេលប្រតិបត្តិការធ្វើសម្រង់ សុរិយោដី អ្នកទទួលខុសត្រូវនៃរដ្ឋបាលសុរិយោដី ត្រូវអញ្ជើញសាមីខ្លួនមកសម្រុះសម្រួល។ ចំពោះវិវាទកម្មដែលកើតក្នុងតំបន់កំពុងធ្វើការវិនិច្ឆ័យដែលមាន លក្ខណៈជាប្រព័ន្ធ គណៈកម្មការរដ្ឋបាលមានភារៈសម្រុះសម្រួលវិវាទកម្មនេះ។ បើការព្រមព្រៀងមិនអាចប្រព្រឹត្តទៅបាន អ្នកទទួលខុសត្រូវត្រូវបន្តធ្វើអង្កេតវាស់វែងសុរិយោដី ហើយកសាងកំណត់ហេតុនៃវិវាទនោះ តែមិនមានសិទ្ធិអារកាត់ទេ។
កាលបើវិវាទកម្មកើតមាននៅពេលប្រគល់ប័ណ្ណ រដ្ឋបាលសុរិយោដីត្រូវប្រកាន់យកតែឈ្មោះកម្មសិទ្ធិករដែលបានចុះ ក្នុងបញ្ជីរបស់ខ្លួនប៉ុណ្ណោះ។ គ្មានករណីណាដែលរដ្ឋបាលសុរិយោដីអាចកែប្រែ ឬប្រគល់ប័ណ្ណឱ្យបុគ្គលផ្សេងទៀតបានឡើយ។
ជំពូកទី ១៧
អំពីបញ្ជីឯកសារសុរិយោដី
មាត្រា ២៣៨ .-
រដ្ឋបាលសុរិយោដីមានកាតព្វកិច្ចកសាងប្លង់សុរិយោដីនិងសៀវភៅគោលបញ្ជីដី។
ប្លង់សុរិយោដីគ្របដណ្ដប់តំបន់ដែលបានធ្វើការវិនិច្ឆ័យ ដោយមានកំណត់ព្រំប្រទល់កម្មសិទ្ធិសាធារណៈ ឬ / និងកម្មសិទ្ធិឯកជនទាំងអស់ ហើយមានបញ្ជាក់អំពីប្រភេទដីដូចជា ដីដាំដុះ ដីព្រៃ ដីលិចទឹក ដីសរាប់សំណង់ឧស្សាហកម្មជាដើម។ ការកសាងប្លង់សុរិយោដីត្រូវអនុវត្តតាមនីតិវិធីដែលត្រូវចែងក្នុង អនុក្រឹត្យស្ដីពីនីតិវិធីនៃការសាងប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីដី។ ក្បាលដីកម្មសិទ្ធិនីមួយៗត្រូវមានលេខរបស់វា។
សៀវភៅគោលបញ្ជីដីបង្ហាញចំពោះលេខក្បាលដីកម្មសិទ្ធិនីមួយៗនូវឈ្មោះ កម្មសិទ្ធិករនិងមធ្យោបាយនៃការធ្វើអត្តសញ្ញាណកម្មក្បាលដី ការពិពណ៌នាអំពីកម្មសិទ្ធិ ទំហំ ក្បាលដី សេវភាពនិងបន្ទុកផ្សេងៗលើក្បាលដី។ រាល់ការកែប្រែទិន្នន័យទាំងឡាយត្រូវតែបានចុះបញ្ជីនៅពេលដែល រដ្ឋបាលសុរិយោដីបានទទួលដំណឹងនេះ។ បញ្ជីនេះ ត្រូវបានកាន់កាប់ជា ៣ (បី) ច្បាប់ដែលមួយច្បាប់ត្រូវបានរក្សាទុកនៅរដ្ឋបាលសុរិយោដីថ្នាក់ កណ្ដាលនិងពីរច្បាប់ទៀតរក្សាទុកនៅរដ្ឋបាលសុរិយោដីខេត្ត-ក្រុងនិង ស្រុក-ខ័ណ្ឌ។
សៀវភៅគោលបញ្ជីដីបង្ហាញចំពោះលេខប័ណ្ណកម្មសិទ្ធិនូវហ៊ីប៉ូតែក ការបញ្ចាំ ការដាក់ ធានានិងការជួលរយៈពេលវែងដែលអាចដាក់បន្ទុកលើកម្មសិទ្ធិនោះ។
មាត្រា ២៣៩ .-
ប្លង់សុរិយោដីនិងសៀវភៅគោលបញ្ជីដីមានតម្លៃត្រឹមត្រូវតាមច្បាប់ និងមានអានុភាពច្បាស់លាស់។ ប្លង់សុរិយោដីនិងសៀវភៅគោលបញ្ជីដីមិនត្រូវមានការឆូតលុប ការសរសេរត្រួត ការកែ លើកលែងតែមានការបញ្ជាក់ច្បាស់លាស់។
រដ្ឋបាលសុរិយោដីគ្រប់លំដាប់ថ្នាក់ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ក្នុងការកាន់កាប់នូវបញ្ជីដី និងភាពជាក់លាក់នៃប្រតិបត្តិការសម្រង់សុរិយោដី និងកិច្ចការអភិរក្សឯកសារ។
មាត្រា ២៤០ .-
ការសាកសួរពត៌មានសុរិយោដីមិនអាចត្រូវបានប្រកែកចំពោះជនដែលមានការ ទាក់ទងឡើយ។ ពត៌មានដែលបានចុះក្នុងសៀវភៅគោលបញ្ជីដីជាកម្មវត្ថុនៃការប្រគល់ ច្បាប់ចម្លងដោយត្រូវបង់ប្រាក់ដែលបានកំណត់ក្នុងមាត្រា ២៣០ នៃច្បាប់នេះ។
ជំពូកទី ១៨
អំពីប័ណ្ណពត៌មានសុរិយោដី
មាត្រា ២៤១ .-
រដ្ឋបាលសុរិយោដីអាចចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនប័ត្របញ្ជាក់ហ៊ីប៉ូតែក សលាកប័ត្រពត៌មាននិងលិខិតបញ្ជាក់សុរិយោដីអំពីប្រភេទ ស្ថានភាពគតិយុត្តិ លក្ខណៈរូបនិងបន្ទុកនៃក្បាលដី ដោយផ្អែកលើឯកសារនិងសៀវភៅគោលបញ្ជីដី។
មាត្រា ២៤២ .-
វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់ អចលនវត្ថុត្រូវចេញឱ្យចំពោះតែកម្មសិទ្ធិករឬអ្នកមានសិទ្ធិស្រប ច្បាប់លើអចលនវត្ថុនោះតែប៉ុណ្ណោះ។
មាត្រា ២៤៣ .-
សលាកប័ត្រពត៌មានសុរិយោដីអាចត្រូវបានផ្ដល់ឱ្យជនដែលបានស្នើសុំ។ ភ្នាក់ងារដែលបានផ្ដល់ពត៌មាននេះត្រូវទទួលខុសត្រូវចំពោះការផ្ដល់ ពត៌មានមិនត្រឹមត្រូវដល់អ្នកស្នើសុំ។ពត៌មានដែលផ្ដល់ឱ្យមិននាំឱ្យ ជាប់ការទទួលខុសត្រូវដល់រដ្ឋបាលសុរិយោដីទេ។
មាត្រា ២៤៤ .-
លិខិតបញ្ជាក់សុរិយោដីគឺជាមូលដ្ឋាននៃការអះអាងជាផ្លូវការមួយនៃលិខិតគតិយុត្តិ។
កម្មសិទ្ធិអចលនវត្ថុកើតឡើងដោយលិខិតលក់ អោយ ដូរឬជំរះមរតក ដែលត្រូវបានធ្វើឡើងដោយបុគ្គលដែលមាននីតិសម្បទាដូចមានចែងក្នុង មាត្រា ៦៥ នៃច្បាប់នេះ។ លិខិតទាំងនោះត្រូវតែតំកល់ទុកនៅរដ្ឋបាលសុរិយោដី។
មាត្រា ២៤៥ .-
លិខិតលក់ អោយ ដូរឬជំរះមរតកធ្វើឡើងជាឯកជនមិនអាចចុះបញ្ជីបានឡើយ។ តតិយជនមិនអាចជំទាស់បាន លុះត្រាតែលិខិតនោះធ្វើឡើងតាមបែបបទដែលបានកំណត់ក្នុងមាត្រា ២៤៤ នៃច្បាប់នេះ។
មាត្រា ២៤៦ .-
ប្រសិនបើលិខិតលក់ អោយ ដូរឬជំរះមរតក បានធ្វើឡើងតាមរូបមន្តយថាភូតដោយ
បុគ្គលដែលមាននីតិសម្បទា ប៉ុន្តែមិនបានចុះបញ្ជីនៅសុរិយោដីទេ លិខិតនោះនៅតែតតិយជនអាចជំទាស់បាន ហើយកម្មសិទ្ធិករនិងសិទ្ធិវន្តត្រូវទទួលខុសត្រូវដោយខ្លួនឯង ក្នុងការខកខានចុះបញ្ជីនេះ។
មាតិកាទី ៧
អំពីទោសប្បញ្ញត្តិ
ជំពូកទី ១៩
អំពីការប៉ះពាល់កម្មសិទ្ធិ
មាត្រា ២៤៧ .-
រាល់ការប៉ះពាល់កម្មសិទ្ធិ និង សិទ្ធិច្បាប់ផ្សេងៗទៀតលើអចលនវត្ថុអាចជាបទល្មើសព្រហ្មទណ្ឌអនុលោម តាមបញ្ញត្តិ នៃច្បាប់នេះ ហើយការខូចខាតទាំងឡាយដែលបណ្ដាលមកពីអំពើនេះត្រូវដោះស្រាយដោយ សំណងរដ្ឋប្បវេណី។
មាត្រា ២៤៨ .-
ត្រូវចាត់ទុកជាការប៉ះពាល់កម្មសិទ្ធិ និងសិទ្ធិស្របច្បាប់ផ្សេងៗទៀតលើអចលនវត្ថុជាបទល្មើសព្រហ្មទ័ណ្ឌ ក្នុងន័យច្បាប់នេះមាន :
– រាល់អំពើប្រព្រឹត្តដោយជាក់ស្ដែង រំលោភកាន់កាប់អចលនវត្ថុដោយចេតនា ដោយមិនទទួលស្គាល់ប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី
– រាល់អំពើប្រព្រឹត្តដោយជាក់ស្ដែង រារាំងអ្នកកាន់កាប់ដោយសន្តិភាពឬភោគីនៃទ្រព្យមួយនៅក្នុងតំបន់ មិនទាន់មានប្លង់សុរិយោដី ដែលរបបកម្មសិទ្ធិមិនទានបានពង្រឹងជាស្ថាពរតាមបញ្ញត្តិនៃច្បាប់ នេះ
– រាល់ការចូលកាន់កាប់មិនត្រឹមត្រូវតាមច្បាប់ឬមិនប្រក្រតីលើ អចលនវត្ថុដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឬទ្រព្យសម្បត្តិឯកជន របស់រដ្ឋ ដែលមិនស្របតាមមាត្រា ១៧ មាត្រា ១៨ និងមាត្រា ១៩ នៃច្បាប់នេះ
– រាល់ការបំប្លែងពីសម្បទានមកជាកម្មសិទ្ធិ លើកលែងសម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម។
មាត្រា ២៤៩ .-
ការប៉ះពាល់កម្មសិទ្ធិក្នុងន័យនៃមាត្រាខាងលើអាចជាទង្វើរបស់ អាជ្ញាធរមានសមត្ថកិច្ចឬជាទង្វើរបស់សាមញ្ញជនដែលធ្វើដោយម្នាក់ឯង ឬដោយផ្សំគំនិតជាមួយភ្នាក់ងាររបស់អាជ្ញាធរ។
មាត្រា ២៥០ .-
មន្ត្រីឬអាជ្ញាធរមានសមត្ថកិច្ចដែលបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ស្របច្បាប់លើអចលនវត្ថុត្រូវទទួលទោសរដ្ឋបាលបន្ថែមលើទោសព្រហ្មទណ្ឌ និងសំណងរដ្ឋប្បវេណី។
ផ្នែកទី ១ : អំពីការប៉ះពាល់កម្មសិទ្ធិសាធារណៈ ឬឯកជនដោយសាមញ្ញជន
អនុផ្នែកទី ១ : អំពីការប៉ះពាល់កម្មសិទ្ធិឯកជន
មាត្រា ២៥១ .-
ជនណាដែលបានក្លែងប័ណ្ណក្នុងគោលបំណងយកទៅប្រើប្រាស់ជាផ្លូវការ ទោះជាក្នុងរូបភាពអ្វីក៏ដោយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ។
មាត្រា ២៥២ .-
ជនណាដែលបានបំភាន់មន្ត្រីសុរិយោដីក្នុងការបំពេញបេសកកម្មឬបំភាន់ អាជ្ញាធរក្នុងការចុះបញ្ជីដីត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥០០.០០០ (ប្រាំសែន) រៀល ដល់ ៣.០០០.០០០ (បីលាន) រៀល ឬ/និងដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ៦(ប្រាំមួយ) ខែ។
មាត្រា ២៥៣ .-
ជនណាដែលប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ទោះជាមិនទាន់បានធ្វើប័ណ្ណឬកំពុងមានទំនាស់ក៏ដោយ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ឬ/និងដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ២(ពីរ) ឆ្នាំ ដោយពុំទាន់គិតបញ្ចូលនូវទោសប្រព្រឹត្តអំពើហិង្សាប្រឆាំងមនុស្ស។
បន្ថែមលើទោសខាងលើ អ្នកប្រព្រឹត្តអំពើហិង្សាត្រូវទទួលខុសត្រូវចំពោះសំណងរដ្ឋប្បវេណី ដល់ជនរងគ្រោះ ដែលបណ្ដាលមកពីអំពើហិង្សារបស់ខ្លួន។
បើអំពើហិង្សាខាងលើត្រូវបានបញ្ជាពីជនដទៃទៀតក្រៅពីអ្នកបង្ក ហើយជននោះមិនបានចូលរួមផ្ទាល់ក្ដី អ្នកបញ្ជានេះក៏ត្រូវទទួលការផ្ដន្ទាទោសដូចអ្នកប្រព្រឹត្តអំពើ ហិង្សាផ្ទាល់ដែរ។
មាត្រា ២៥៤ .-
គ្មានករណីណាមួយដែលអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងឯកជន ដើម្បីធានាចំពោះការគោរពប័ណ្ណកម្មសិទ្ធិ ឬចំពោះការប្រតិបត្តិសេចក្ដីសំរេចរបស់តុលាការក្នុងការបណ្ដេញចេញឬ ក្នុងការបង្គាប់ឱ្យចាកចេញបានឡើយ។ ជនណាដែលប្រើកម្លាំងឯកជនក្នុងហេតុផលនេះ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៣.០០០.០០០ (បីលាន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ)ឆ្នាំ។
មាត្រា ២៥៥ .-
ជនណាដែលបានលួចលក់ឬលួចបញ្ចាំអចលនវត្ថុដែលមិនមែនជារបស់ខ្លួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ៣ (បី) ឆ្នាំ ដោយមិនគិតដល់ព្យសនកម្មដែលបណ្ដាលមកពីអំពើរបស់ខ្លួន។
មាត្រា ២៥៦ .-
កម្មសិទ្ធិករណាដែលបានធ្វើការដាំដុះលើដីរបស់ខ្លួន ឬប្រគល់ដី ឬជួលដីឱ្យតតិយជនដាំដុះដោយចេតនានូវមុខដំណាំដែលច្បាប់ឬបទបញ្ជា ហាមឃាត់ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ដល់ ៤៥.០០០.០០០ (សែសិប ប្រាំលាន) រៀល ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ជាធរមាន។
មាត្រា ២៥៧ .-
សហកម្មសិទ្ធិករអវិភាគដែលធ្វើឱ្យប៉ះពាល់ដល់ចំណែករួម ដូចមានចែងក្នុងមាត្រា ១៨០ នៃច្បាប់នេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀលដល់ ៩.០០០.០០០ (ប្រាំបួនលាន) រៀល។ ក្នុងករណីមិនរាងចាលត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ទ្វេដង។
មាត្រា ២៥៨ .-
សហកម្មសិទ្ធិករដែលមិនព្រមចូលរួមទទួលបន្ទុកថែទាំចំណែករួមនៃ សហកម្មសិទ្ធិខ្លួនឬមិនគោរពតាមលក្ខខណ្ឌនៃសណ្ដាប់ធ្នាប់សាធារណៈដូច មានចែងក្នុងមាត្រា ១៨៥ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី៥០០.០០០(ប្រាំសែន) រៀល ដល់៣.០០០.០០០(បីលាន)រៀល។
អនុផ្នែកទី ២ : អពីការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ
មាត្រា ២៥៩ .-
ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ៥០.០០០.០០០(ហាសិបលាន) រៀល ឬ/និង ផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ។
ចារីត្រូវមានកាតព្វកិច្ចចាកចេញពីទ្រព្យសម្បត្តិសាធារណៈនោះ ជាបន្ទាន់។ ចារីគ្មានសិទ្ធិទារកំរៃអំពីពលកម្មឬការរៀបចំដែលបានធ្វើលើ ទ្រព្យនោះឡើយ។
ក្នុងករណីដែលអ្នកកំពុងកាន់កាប់ទ្រព្យសម្បត្តិសាធារណៈ មុនច្បាប់នេះចូលជាធរមានហើយមានឯកសារសំអាងនិងបញ្ជាក់ជាក់លាក់ថា ខ្លួនបានទិញពីជនណាម្នាក់អាចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តតាមវិធានច្បាប់ចំពោះបុគ្គលដែលបានលក់ទ្រព្យសម្បត្តិ សាធារណៈនេះដោយខុសច្បាប់ និងដើម្បីជាប្រយោជន៍របស់ខ្លួនដែលបានរងគ្រោះដោយសារទង្វើនេះ។ ទោះជាយ៉ាងណាក៏ដោយ ក៏ជនរងគ្រោះនេះពុំមានសិទ្ធិកាន់កាប់បន្តលើទ្រព្យសម្បត្តិសាធារណៈ បានឡើយ។
មាត្រា ២៦០ .-
ជនណាដែលបានលើកចេញ ឬរំកិលចេញ ឬបំផ្លាញចោលនូវបង្គោលស៊ីម៉ងត៍ដៅចំណុចឋានលេខានិងទីតាំងផ្លាក សញ្ញាសុរិយោដី ត្រូវទទួលការព្រមានពីអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥០០.០០០ (ប្រាំសែន) រៀល ដល់ ៣.០០០.០០០ (បីលាន) ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ៦ (ប្រាំមួយ) ខែ ដោយមិនគិតដល់ព្យសនកម្មដែលបណ្ដាលមកពី អំពើរបស់ខ្លួន។
ផ្នែកទី ២ : អំពីការប៉ះពាល់កម្មសិទ្ធិសាធារណៈឬឯកជនដោយអាជ្ញាធររដ្ឋបាល
មាត្រា ២៦១ .-
មន្ត្រីឬអាជ្ញាធរដែលបានប្រើអំណាចដោយរំលោភ ទោះមានបញ្ជាក្ដី ឬគ្មានបញ្ជាក្ដី ដើម្បីដកហូតអចលនវត្ថុពីអ្នកកាន់កាប់ដោយសន្តិភាព ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០(ដប់លាន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល និងត្រូវទទួលទោសរដ្ឋបាលថែមទៀត។
ចាត់ទុកជាការរំលោភមាន ការក្លែងបន្លំ ការកសាងប័ណ្ណដោយបំពាន ការកៀបសង្កត់ឬវិធានការសម្ភារៈ ដើម្បីបណ្ដេញចេញធ្វើឡើងចំពោះអ្នកកាន់កាប់អចលនវត្ថុ។
បើការដកហូតអចលនវត្ថុបានប្រព្រឹត្តទៅដោយអំពើហិង្សា ចារីត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ) ឆ្នាំ ថែមទៀត។
អ្នកបញ្ជាដោយរំលោភត្រូវផ្ដន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តផ្ទាល់ដែរ។
មាត្រា ២៦២ .-
អាជ្ញាធរមានសមត្ថកិច្ចឬកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរំលោភយកទ្រព្យជាអចលនវត្ថុក្នុងមណ្ឌលដែលខ្លួនមានភារកិច្ច ការពារសណ្ដាប់ធ្នាប់សាធារណៈនិងសន្តិសុខមកធ្វើជារបស់ខ្លួន ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៣.០០០.០០០ (បីលាន) រៀល ដល់ ៣០.០០០.០០០(សាមសិបលាន) រៀល ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និងត្រូវទទួលទោសរដ្ឋបាលថែមទៀត។
មាត្រា ២៦៣ .-
អាជ្ញាធរមានសមត្ថកិច្ចដែលព្រងើយកន្តើយឬបណ្ដោយឱ្យសាមញ្ញជន ប្រព្រឹត្តដោយរំលោភសិទ្ធិរបស់កម្មសិទ្ធិករ របស់ភោគី ឬរបស់អ្នកកាន់កាប់ដោយសន្តិភាពត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវទទួលទោសរដ្ឋបាលថែមទៀត។
មាត្រា ២៦៤ .-
ការរំលោភធ្វើឡើងដោយមន្ត្រីសុរិយោដីត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ពី ១.០០០.០០០(មួយលាន) រៀល ដល់ ៥.០០០.០០០ (ប្រាំលាន) រៀល និង ត្រូវទទួលទោសរដ្ឋបាលថែមទៀត។
រាប់ចូលជាការរំលោភ ការផ្ដល់ទិន្នន័យជាផ្លូវការខុស ការចេញប័ណ្ណកម្មសិទ្ធិខុស ការបិទបាំងហ៊ីប៉ូតែកឬបន្ទុកផ្សេងៗ ការបោះគោលព្រំដីខុសដោយចេតនានិងរាល់ការធ្វេសប្រហែសក្នុងការ ធ្វើលេខាចារិកលើឯកសារសុរិយោដី។
មាត្រា ២៦៥ .-
រាល់ការប៉ះពាល់ធ្វើឡើង ដោយប្រឆាំងនឹងសិទ្ធិលើដីរបស់សហគមន៍ជនជាតិដើមភាគតិចដោយអាជ្ញាធរ ដែលទទួលខុសត្រូវគ្រប់គ្រងតំបន់ដែលអចលនវត្ថុនោះតាំងនៅ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀល ដល់ ៩.០០០.០០០ (ប្រាំបួនលាន) រៀល ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និងត្រូវទទួលទោសរដ្ឋបាលថែមទៀត។
មាត្រា ២៦៦ .-
ការប៉ះពាល់អចលនវត្ថុរបស់វត្ត ដោយបុគ្គលដែលទទួលបន្ទុកគ្រប់គ្រងត្រូវបង្ខំឱ្យសងទ្រព្យនោះវិញ និងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀលដល់ ៩.០០០.០០០ (ប្រាំបួនលាន) រៀល។
មាតិកាទី ៨
អវសានប្បញ្ញត្តិ
មាត្រា ២៦៧ .-
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។
មាត្រា ២៦៨ .-
ច្បាប់នេះត្រូវបានប្រកាសជាប្រញាប់។
សទ្ទានុក្រម
LEXIQUE
ក . ខ . គ
កម្មសិទ្ធិ(propriete) : | សិទ្ធិពេញលេញជាម្ចាស់លើទ្រព្យ។សិទ្ធិនេះរួមបញ្ចូលទាំងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និង សិទ្ធិចាត់ចែងលើទ្រព្យ។ |
កម្មសិទ្ធិករ(Proprietaire) : | ម្ចាស់កម្មសិទ្ធិលើទ្រព្យ និង មានសិទ្ធិប្រើប្រាស់សិទ្ធិអាស្រ័យផលនិងសិទ្ធិចាត់ចែងលើទ្រព្យដែលជារបស់ខ្លួន។ |
កតិកាភេទ(Rescision) : | កិរិយាបដិសេធកិច្ចសន្យាណាមួយដោយមកពីកិច្ចសន្យានោះមានវិការៈ ដល់ឫសគល់នៃការព្រមព្រៀងគ្នា។ ក្នុងទីនោះកតិកាភេទ បានន័យថាបដិសេធកិច្ចសន្យាលក់ចោល ដោយមកពីលក់អចលនវត្ថុមានវិការៈអាថ៌កំបាំង។ |
កាតព្វកិច្ច(Obligation) : | ចំណងនៃសិទ្ធិដែលបង្ខំជនម្នាក់ឱ្យផ្ទេរកម្មសិទ្ធិ ឬសិទ្ធិណាមួយឱ្យបំពេញនូវកិច្ចការណាមួយ ឬឱ្យឈប់បំពេញនូវកិច្ចការណាមួយដល់ជនម្នាក់ទៀត។ |
ការជំរះមរតក(Reglement des successions) : | កិរិយាធ្វើបញ្ជីទ្រព្យសម្បត្តិរបស់ខ្មោច អោយដឹងថានៅសល់ប៉ុន្មាន បាត់ប៉ុន្មាន ដើម្បីនឹងចែកគ្នារវាងទាយាទ និងទាយាទ។ |
ការ្យ(Ouvrage) : | ផលអ្វីទាំងពួងដែលកើតមកពីស្នាដៃជាងឬស្នាដៃសិល្បករ។ ឧទា: តុ ទូ ជាការ្យរបស់ជាង ឯប្រលោមលោកជាការ្យរបស់អ្នកនិពន្ធ។ |
កើយ(Balcon) : | រានហាលតូចគ្មានសរសរទ្រពីក្រោមទេតែមានបង្កាន់ដៃព័ទ្ធជុំវិញ។ |
កូនបំណុល(Debiteur) : | ជនជំពាក់ប្រាក់ ឬជំពាក់កាតព្វកិច្ចគេ។ |
កំពែង(Cloture) : | ស្នាមភ្លោះ របង ភ្លឺ។ |
ច . ឆ . ជ
ចរន្តការ(Mise a jour) : | ការកត់ត្រាទុកជាប្រចាំក្នុងឯកសារសុរិយោដីនូវរាល់ការប្រែប្រួល ឬការផ្លាស់ប្ដូរដោយយោងតាមឯកសារគតិយុត្ដ។ |
ចារី(Auteur) : | អ្នកប្រព្រឹត្ត អ្នកដៃដល់។ |
ច្បាប់(Loi) : | លិខិតបទដ្ឋានគតិយុត្តដែលអនុម័តដោយអង្គការនីតិបញ្ញត្តិ(សភា) និងចូលជាធរមានតាមរយៈព្រះរាជក្រមប្រកាសអោយប្រើ។ |
ឆន្ទានិសិទ្ធិ(Pouvoir discretionnaire) : | អំណាចដែលប្រគល់ដល់អាជ្ញាធរអោយរើសយកមធ្យោបាយណាមួយតាមចិត្តខ្លួនមកដោះស្រាយបញ្ហាណាមួយ។ |
ជនជាតិដើមភាគតិច(Indigene) : | ជនជាតិខ្មែរដើម។ |
ជ . ត . ថ . ទ . ធ . ន
តតិយជន(Tiers,tierce) : | ជនទីបី ឬភាគីទីបីក្នុងរឿង។ អ្នកដទៃ ឬអ្នកក្រៅ។ ឧទា: អ្នកលក់ និងអ្នកទិញ ជាភាគីទី១ និងទី២។ អ្នកផ្សេងទៀតក្រៅពីអ្នកលក់ និងអ្នកទិញ ហៅថាតតិយជន។ |
តីរឋាន(Quai) : | ការ្យដែលបានកសាងនៅក្នុងកំពង់ផែ ឬលើច្រាំងទន្លេសំរាប់នាវាចូលចត សំរាប់អ្នកដំណើរឡើងចុះនាវា និងសំរាប់ផ្ទុកទំនិញ និង ដាក់ទំនិញចុះ។ |
តែងតាំង(Nommer) : | អោយមុខការ អោយគុណភាព ផ្ដល់ឋានៈនាទី។ ឧទា: ឈ្មោះ “ក” បានតែងតាំងឈ្មោះ “ខ” ជាទាយាទរបស់ខ្លួន។ |
ថ្លោះសិទ្ធិ(Decheance du droit) : | ប្រាស់ចាកសិទ្ធិ បាត់បង់សិទ្ធិដោយហេតុទណ្ឌកម្ម ឬដោយហេតុមិនបានបំពេញលក្ខខណ្ឌដែលច្បាប់ ឬកិច្ចសន្យាតម្រូវអោយបំពេញក្នុងរយៈពេលមានកំណត់។ |
ទាយាទ(Heritier) : | អ្នកដែលច្បាប់តម្រូវអោយទទួលមរតកពីជនណាម្នាក់។ ឧទា: កូនជាទាយាទរបស់ឪពុក ម្ដាយ ចៅជាទាយាទរបស់ជីដូន ជីតា ដែលឥតមានបច្ឆាញាតិជាតំណវង្ស។ |
ទ្រព្យសម្បត្តិសាធារណៈ (Domaine public) : |
ទ្រព្យដែលត្រូវរក្សាអោយគង់រូបតាម ធម្មជាតិជារបស់វាដើម្បីទុកអោយអ្នករួមសង្គមប្រើប្រាស់ជាអង្វែង ទៅដូចជា : ស្ពាន ថ្នល់ …។ល។ ទ្រព្យទាំងអស់នេះស្ថិតនៅជាប្រយោជន៍សាធារណៈមិនអាចលក់ ដូរ និងគ្មានកំណត់អាជ្ញាកាលទេ។ |
ទ្រព្យសម្បត្តិឯកជន (Domaine prive) : |
ទ្រព្យរបស់សង្គមដែលមិនសំរាប់ឱ្យជន ក្នុងសង្គមនោះប្រើប្រាស់ជាសាធារណៈទូទៅទេ ជាសម្បត្តិដែលសង្គមអាចលក់ ដូរ ជួល ធ្វើអំណោយបាន។ |
ធនលាភ(Rente) : | ផលដែលផ្ដល់អោយមករាល់ឆ្នាំ ដូចជាការប្រាក់ ឈ្នួលដីឈ្នួលផ្ទះជាដើម។ |
ធម្មានុរូប(Legitime) : | ដែលមានគុណភាពជាអ្វីមួយតាមច្បាប់។ ឧទា: ចៅហ្វាយស្រុកជាអាជ្ញាធរធម្មានុរូប។ កូនដែលកើតពីឪពុក-ម្ដាយដែលមានខាន់ស្លា ហៅថាកូនធម្មានុរូប ឬកូនមានខាន់ស្លា។ |
និទាយាទភាព(Desherence) : | ភាពឥតអ្នកត្រូវទទួលមរតក។ |
និទ្ទេស(Mention) : | សេចក្ដីដែលចុះដោយសង្ខេបនៅលើរឹមទំព័រ ឬនៅខាងចុងទំព័រនៃលិខិតណាមួយ។ |
និរាករណ៏(Abrogation) : | ការលុបចោលលែងអោយប្រើច្បាប់នោះតទៅទៀត។ |
នីត្យានុកូល (Legal) : | ដែលកើតមកពីច្បាប់ ដែលច្បាប់តាក់តែងមក។ |
នីតិបុគ្គល(Personne morale) : | ក្រុមមនុស្សដែលច្បាប់ទទួលស្គាល់ថាជាបុគ្គលដែរតែដទៃពីសមាជិកនៃខ្លួន។ ឧទា: ពុទ្ធិកសមាគមជានីតិបុគ្គល ក្រុមហ៊ុនធ្វើស្ករ ក៏ជានីតិបុគ្គលដែរ។ |
នីតិបុគ្គលនៃនីតិសាធារណៈ (Personne morale du droit prive) : |
ក្រុមរាជការសាធារណៈ។ ឧទា : រដ្ឋ ខេត្ត ឃុំ ឬគ្រឹះស្ថានសាធារណៈ ដូចជាសកលវិទ្យាល័យជាដើម។ |
នីតិបុគ្គលនៃនីតិឯកជន (Personne morale du droit prive) : |
សមាគម ក្រុមហ៊ុន ក្រុមមូលនិធិ។ |
នីតិវិធី(Procedure) : | វិធីដែលតុលាការប្រើប្រាស់ ដើម្បីចាត់ចែងរឿងក្ដីតាំងពីដើមរហូតដល់ចប់។ |
នីតិសម្បទា(Habilite) : | សមត្ថភាពដែលច្បាប់បើកអោយជនម្នាក់ៗមានយ៉ាងគ្រប់គ្រាន់ដើម្បីធ្វើការអ្វីមួយ។ |
ប . ផ . ព . ភ . ម
បទបញ្ជា(Reglement) : | លិខិតបទដ្ឋានដែលចេញដោយអង្គការ ឬអាជ្ញាធរមានសមត្ថកិច្ច។ |
បទប្បញ្ញត្តិ(Disposition) : | សេចក្ដីបញ្ញត្តិរបស់ច្បាប់ ឬរបស់មាត្រាណាមួយនៃច្បាប់ខសំខាន់របស់លិខិតក្នុងតុលាការ។ |
បដិគាហក(Donataire) : | អ្នកទទួលអំណោយ |
បដិប្បញ្ញត្តិ(Derogation) : | ការតាំងបញ្ញត្តិផ្ទុយ ឬមិនស្រប។ |
ប័ណ្ណ(Titre) : | លិខិតដែលមានរូបមន្តយថាភូត(ដែលមានរូបភាព និងទម្រង់ត្រឹមត្រូវតាមច្បាប់) សំរាប់បញ្ជាក់សិទ្ធិណាមួយ។ |
ប្លង់សុរិយោដី ឬផែនទីសុរិយោដី ឬប្លង់ក្បាលដី (Plan cadastral) : |
ប្លង់រួមនៃដីតំបន់ណាមួយដែលមន្ត្រីជំនាញសុរិយោដីបានវាស់វែង គួរបំពេញយ៉ាងត្រឹមត្រូវ និងគ្រប់គ្រាន់តាមបទដ្ឋានបច្ចេកទេស ហើយដាក់លេខក្បាលដីឬដីឡូត៍យ៉ាងច្បាស់លាស់។ |
បន្ទុក/ភារៈ/ធុរៈ(Charges) : | មុខការ/មុខងារ/អាណត្តិ/ប្រតិកម្មដែលជនណាម្នាក់ធ្វើឬបំពេញ។ |
បាលិត(Pupille) : | កូនកំព្រាជាអនីតិជនដែលស្ថិតនៅក្រោមអាណាព្យាបាលនៃជនណាម្នាក់ |
បុព្វសិទ្ធិ(Prerogative) : | សិទ្ធិជាពិសេសដែលឱ្យដាច់ទៅលើមុខងារ ឬទៅលើក្រុមនីមួយៗ លើសពីអ្នកដទៃ។ |
បុរិមា(Preference) : | សិទ្ធិដែលបើកអោយជនណាម្នាក់បានអ្វីមួយមុនជនឯទៀត។ |
បេតិកភណ្ឌ(Patrimoine) : | ទ្រព្យដែលជនម្នាក់ៗមាន និងបំណុលដែលជនម្នាក់ៗជំពាក់គេ។ ទាំងទ្រព្យ ទាំងបំណុលរបស់ជនម្នាក់ៗហៅថា “បេតិកភណ្ឌ”។ |
ប្រតិសិទ្ធិ(Ayant cause) : | អ្នកទទួលសិទ្ធិបន្តពីគេដើម្បីប្រកបការរបស់ខ្លួនផង និងជំនួសគេផង |
ប្រធានសក្កិ(Force majeure) : | ព្រឹត្តិការណ៍ដែលកើតឡើងដោយមិនដឹងជាមុនមិនអាចប៉ាន់ស្មានជាមុនបាន និងមិនអាចជំនះបាន។ |
ប្រទានកម្ម(Donation) : | ការអោយ-អំណោយ។ |
ប្រាតិភោគភណ្ឌិក(Surete reelle) : |
ការយកទ្រព្យទៅធានាបំណុល។ ឧទា: ការបញ្ចាំស្រែជាប្រាតិភោគភណ្ឌិកអចលនវត្ថុ។ ការបញ្ចាំខ្សែមាសជា ប្រាតិភោគភណ្ឌិកចលនវត្ថុ។ (ក្រមរដ្ឋប្បវេណីចាស់ប្រើប្រាតិភោគប្រត្យក្ស) |
ផលទុន(Revenu) : | ផល ឬ ចំណេញដែលកើតមកពីប្រាក់ទុន ឬពីមូលនិធិដែលគេយកទៅប្រកបមុខរបរណាមួយ។ |
ផលធម្មជាតិ(Fruit naturel) : | ផលិតផលដែលកើតអំពីដីធ្លី ឬកូនសត្វស្រុកដែលកើតពីមេបាវា។ |
ផលស៊ីវិល(Fruit civil) : | ប្រាក់ដែលបានមកពីវត្ថុឬពីប្រាក់ដូចជាការប្រាក់ឬឈ្នួលផ្ទះជាដើម។ |
ផលុបភោគ(Usufruit) : | សិទ្ធិបរិភោគ និងប្រើប្រាស់ផល និងផលទុនដែលកើតមកពីទ្រព្យជាកម្មសិទ្ធិរបស់អ្នកដទៃ។ |
ផលុបភោគី(Usufruitier) : | អ្នកបាននូវផលុបភោគ អ្នកស៊ីផល។ |
ព្យសនកម្ម(Prejudice) : | ការខូចខាត ឬសេចក្ដីវិនាសអន្តរាយដល់រូបកាយក្ដី ដល់សំភារៈក្ដី ដល់ទឹកចិត្តក្ដី ដែលបណ្ដាលមកពីអំពើរបស់អ្នកដទៃ។ |
ព្រឹត្តិការណ៍(Evenement) : | អ្វីៗដែលកើតមានឡើង ឬដែលប្រព្រឹត្តទៅ។ |
ភតិសន្យាបតី(Bailleur) : | ម្ចាស់អចលនវត្ថុដែលដាក់អចលនវត្ថុជួលអោយអ្នកដទៃ។ |
ភាគី(Partie) : | គូក្ដី គូសញ្ញា ជនម្ខាងៗ នៃកិច្ចសន្យា។ |
ភោគៈ(Possession) : | សិទ្ធិដែលជនម្នាក់ៗមានលើទ្រព្យណាមួយជាបណ្ដោះអាសន្ន មិនទាន់ស៊ប់ជារបស់ខ្លួនមែនទែនទេ។ “ភោគៈ” ជាពាក្យផ្ទុយនឹងកម្មសិទ្ធិដែលជាសិទ្ធិពេញបរិបូរណ៍របស់ជនម្នាក់ៗ លើទ្រព្យណាមួយ។ ឧទា: ដីមានប្លង់សុរិយោដី ជាដីកម្មសិទ្ធិ ឯដីមិនទាន់មានប្លង់សុរិយោដី គឺភោគៈ។ |
ភោគី(Possesseur) : | អ្នកទទួលភោគៈ។ |
មធ្យោបាយ(Moyen) : | អ្វីដែលជាគ្រឿងសំរាប់យកទៅដោះស្រាយកិច្ចការ ឬបញ្ហាណាមួយ។ |
មាតិកា(Titre) : | មេសេចក្ដី ដើមសេចក្ដី ចំណែកធំៗ នៃច្បាប់។ អត្ថបទច្បាប់ចែកចេញជាគន្ថី គន្ថីចែកចេញជាមាតិកា មាតិកាចែកចេញជាជំពូក ជំពូកនិមួយៗចែកចេញជាផ្នែក។ |
យ . រ . ល . វ
យថាហេតុ(Eventualite) : | ហេតុដែលពឹងផ្អែកទៅលើព្រឹត្តិការណ៍ណាមួយ គឺថាបើព្រឹត្តិការណ៍នោះកើតឡើងយ៉ាងណា ហេតុនោះក៏ត្រូវធ្វើយ៉ាងនោះដែរ។ |
យ៉(Saillie) : | ចំណែកផ្ទះដែលចេញពីជញ្ជាំងទៅខាងមុខ។ |
រូបមន្ត(Formule) : | ការងារដែលត្រូវបំពេញអោយមានរូបតាមច្បាប់កំណត់។ |
រូបវន្តបុគ្គល(Personne physique) : |
បុគ្គលដែលមានរូបមែនៗ គឺមនុស្សមែនៗ ផ្ទុយនឹងនីតិបុគ្គលដែលជាមនុស្សដោយសន្មតតាមរបៀបច្បាប់។ |
លេខាចារឹក(Inscription) : | ការកត់ត្រារឿងហេតុអ្វីមួយចូលក្នុងសៀវភៅ ឬបញ្ជីតាមរូបមន្តដែលបានកំណត់ដើម្បីគ្រប់គ្រងអចលនវត្ថុអោយបាន ត្រឹមត្រូវតាមច្បាប់។ |
លក្ខខណ្ឌ(Condition) : | គុណភាពដែលត្រូវមាន ឬខដែលត្រូវបំពេញអោយគ្រប់ចំនួន ដើម្បីអោយបានសម្រេចបំណងណាមួយ។ |
លក្ខណៈ(Caractere) : | ភិនភាគ ឬកពារ កិរិយា បែបបទ។ |
លទ្ធកម្ម(Acquisition) : | ការបានឡើងជាភោគីឬជាកម្មសិទ្ធិករនៃវត្ថុណាមួយដោយការងាររបស់ខ្លួនក្ដី ដោយទិញក្ដី ដោយដូរក្ដី ដោយសន្តតិកម្មក្ដី។ |
លិខិតយថាភូត (Acte authentique) : |
លិខិតធ្វើតាមរូបមន្តនៃច្បាប់ ដូចជាលិខិតបញ្ជាក់ជាដើម។ |
វិធាន(Regle) : | មូលសាស្ត្រ ច្បាប់ បន្ទាត់។ |
វិធានការ(Mesure) : | មធ្យោបាយ សេចក្ដីប្រយ័ត្ន របៀបចាត់ចែងឡើងដើម្បីបង្ការ ឬទប់ទល់នឹងអ្វីមួយ។ |
វិការៈអាថ៌កំបាំង(Vice cache) : | គុណវិបត្តិឬការខូចខាតនៃវត្ថុអ្វីមួយដែលបានលក់ ហើយដែលគេពិនិត្យមើលលើកដំបូងទៅគ្មានឃើញថាវត្ថុនោះខូចខាតទេ ប៉ុន្តែពេលយកវត្ថុនោះទៅប្រើប្រាស់ ប្រើពុំកើតឡើយ។ |
ស . ហ
សន្តតិកម្ម(Succession) : | ការផ្ទេរតាមច្បាប់នូវទ្រព្យរបស់អ្នកស្លាប់អោយទៅអ្នករស់។ មតិកឬទ្រព្យរបស់ខ្មោចដែលត្រូវបានទៅទាយាន (អ្នកបន្តមតិក)។ |
សៀវភៅគោលបញ្ជីដី (Registre foncier) : |
បញ្ជីគោលសំរាប់កត់ត្រានូវខ្លឹមសារនៃទិន្នន័យដែលបង្កើតជាស្ថានភាព នៃសិទ្ធិទាក់ទងទៅនឹងទ្រព្យណាមួយ។ ទាក់ទង នឹងស្ថានភាពនេះ ជាទូទៅត្រូវបានកាន់កាប់និងធ្វើចរន្តការតាមលំដាប់ពេលវេលា។ |
សំរង់សុរិយោដី (Releve cadastral) : |
សេចក្ដីដកស្រង់នូវទិន្នន័យពាក់ព័ន្ធនឹងបច្ចេកទេស និងគតិយុត្តក្នុងវិស័យសុរិយោដី ពីស្ថានភាពជាក់ស្ដែងលើដីយកមកកសាងជាឯកសារសុរិយោដីដើម្បីធានា សិទ្ធិស្របច្បាប់របស់កម្មសិទ្ធិករ។ |
សម្បទាន(Concession) : | អចលនវត្ថុ (ដីធ្លី) ដែលរដ្ឋផ្ដល់អោយរូបវន្តបុគ្គល ឬនីតិបុគ្គល សំរាប់សង់លំនៅឋាន ឬ/និងបង្កបង្កើនផលដោះស្រាយជីវភាពរស់នៅក្នុងទំហំដីតូច ពិសេសសំរាប់ប្រជាពលរដ្ឋក្រីក្រ (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សង្គម) ឬសំរាប់ធ្វើការដាំដុះធ្វើអាជីវកម្មកសិឧស្សាហកម្មក្នុងទំហំដីធំ ទូលាយ ពិសេសសំរាប់អ្នកវិនិយោគទុន (សម្បទានឆ្លើយតបទៅនឹងប្រយោជន៍សេដ្ឋកិច្ច) តាមរយៈកិច្ចសន្យាផ្ដល់សម្បទានដោយត្រូវបង់ប្រាក់ជូនរដ្ឋ។ |
សម្បទានិក (concessionnaire) : | អ្នកទទួលបានសម្បទាន។ |
សមាមាត្រ (Proportion) : | ការឬរបស់អ្វីមួយដែលសម ដែលល្មមនឹងការឬនឹងរបស់មួយទៀត។ ឧទា: ទណ្ឌកម្មដែលតុលាការបានផ្ដន្ទានេះមានសមាមាត្រនឹងអំពើ ដែលជននោះបានប្រព្រឹត្តហើយគឺថាសមរម្យនឹងអំពើនោះហើយ។ |
សមូហភាព(Collectivite) : | ជនទាំងឡាយដែលមករួមគ្នាជាក្រុម ឬជាសម្ព័ន្ធមួយ។ មនុស្សទាំងអស់ក្នុងឃុំ ឬក្នុងស្រុក ឬក្នុងក្រុងណាមួយហៅថាសមូហភាព។ |
សហកម្មសិទ្ធិ (Co-propriete) : | កម្មសិទ្ធិតែមួយជារបស់ប្រជាជនច្រើននាក់។ ឧទា: ជនច្រើននាក់រួបរួមគ្នាទិញរថយន្តមួយ។ រថយន្តនោះជាសហកម្មសិទ្ធិរបស់ជនទាំងឡាយដែលទិញនោះ។ |
សហកម្មសិទ្ធិករ (Co-proprietaire) : |
អ្នកដែលមានសហកម្មសិទ្ធិ។ |
សហគមន៍ (Communaute) : | អ្វីៗដែលជនទាំងឡាយយកមករួមគ្នា។ ទ្រព្យសហគមន៍គឺទ្រព្យដែលប្ដី-ប្រពន្ធរកបានជាមួយគ្នា។ |
សហទាយាទ (Co-heritier) : | អ្នកដែលត្រូវចូលរួមក្នុងការចែកមតិកណាមួយ។ |
សហព័ទ្ធ (Conjoint) : | ប្ដី ឬប្រពន្ធ ឬ ទាំងប្ដីទាំងប្រពន្ធ។ |
ស្ថាពរ (Definitif) : | មាំមួន ជាប់រហូត។ ឧទា: សាលក្រមជាស្ថាពរគឺសាលក្រមដែលកាត់សេចក្ដីជាស្រេចដាច់ខាតមិនត្រូវ រុះរើទៀតទេ គីថា គូក្ដីមិនអាចប្ដឹងឧទ្ធរណ៍ ប្ដឹងសារទុក្ខបានឡើយ។ |
សិទ្ធិវន្ត (Ayant-droit) : | អ្នកមានសិទ្ធិលើវត្ថុណាមួយ។ |
សិល្បៈការ្យ ឬ ការ្យសិល្បៈ (Ouvrage d’art) : |
សំណង់ធំៗមានសារៈសំខាន់ ធ្វើអំពីដែកឬ/និងស៊ីម៉ងត៍ដូចជា ស្ពាន អង់តែនវិទ្យុ-ទូរទស្សន៍ ផ្លូវរូងក្នុងដីឬភ្នំ។ |
សេវភាព (Servitude) : | បន្ទុកដែលផ្ទុកលើអចលនវត្ថុមួយ(ដីបំរើ ឬ ដីក្រោម) ដើម្បីជាប្រយោជន៍ដល់អចលនវត្ថុមួយទៀត (ដីប្រើ ឬដីលើ) ដែលជារបស់កម្មសិទ្ធិករផ្សេងទៀត។ ឧទា: ស្រែក្រោមមានសេវភាពខាងទទួលទឹកពីស្រែលើ។ ស្រែក្រោមហៅថាស្រែបំរើ ហើយស្រែលើហៅថាស្រែប្រើ។ |
ហិតូបត្ថម្ភកៈ (Curateur) : | ជនដែលច្បាប់ចាត់អោយឃុំគ្រងទ្រព្យរបស់អនីតិជន ឬទ្រព្យរបស់ ជនល្ងីល្ងើជាដើម។ |
អ
អច្ឆយទាន (Legs) : | សំបុត្របណ្ដាំដែលផ្ដាំអោយចែកទ្រព្យមតិកណាមួយអោយទៅជនណាម្នាក់ ឬច្រើននាក់។ |
អឌ្ឍសិទ្ធិ (Mitoyen) : | ដែលមានសិទ្ធិពាក់កណ្ដាលម្នាក់ ដែលជារបស់ជនពីរនាក់និង ជាព្រំនៃកម្មសិទ្ធិនៃជនទាំងពីរនាក់នោះផង។ ឧទា: ជញ្ជាំងអឌ្ឍសិទ្ធិគឺជញ្ជាំងរបស់ជនពីរនាក់ដែលមានផ្ទះជាប់គ្នា។ |
អឌ្ឍសិទ្ធិភាព (Mitoyennete) : | ភាពដែលជាអឌ្ឍសិទ្ធិ។ |
អត្តសញ្ញាណ (Identite) : | សញ្ញាទាំងអស់នៃជនម្នាក់ៗដែលជាគ្រឿងសំគាល់កុំអោយភាន់ច្រឡំ និងជនម្នាក់ទៀត។ |
អត្តាធិនភាព (Emancipation) : | ការបើកអោយក្មេងដែលនៅក្នុងអនីតិភាពនៅឡើយគ្រប់គ្រងខ្លួន និងទ្រព្យសម្បត្តិខ្លួនដោយខ្លួនឯង។ |
អត្ថគាហក (Beneficiaire) : | អ្នកដែលបានចំណេញ ឬបានកំរៃពីវត្ថុណាមួយ ពីគុណប្រយោជន៍អ្វីមួយ ឬពីឯកសិទ្ធិណាមួយ។ |
អនុបយោគ (Desaffectation) : | ការលែងប្រើតាមការចាត់ការលុបនូវគម្យស្ថាននៃអគារសាធារណៈ។ នៅទីនេះច្បាប់អនុបយោគ ជាច្បាប់ដែលរំសាយពីប្រភេទទ្រព្យសម្បត្តិមួយទៅប្រភេទ ទ្រព្យសម្បត្តិមួយទៀត ដូចជារំសាយពីទ្រព្យសម្បត្តិសាធារណៈមកជាសម្បត្តិឯកជនរបស់រដ្ឋជា ដើម។ |
អាណាព្យាបាល (Tuteur) : | បុគ្គលដែលមានភារកិច្ចតំណាងអោយអនីតិជន។ |
អវយវភេទ (Demembrement) : | ការបាក់បែកអវយវៈ។ ក្នុងច្បាប់ អវយវភេទបានន័យថា ការផ្ទេរសិទ្ធិរបស់ខ្លះរបស់ខ្លួនលើកម្មសិទ្ធិណាមួយអោយទៅអ្នកដទៃ។ |
អវិភាគកម្ម (Indivision) : | ភាពដែលចែកគ្នាមិនបាន។ ឧទា: ផ្ទះមួយជាមរតករបស់កូន ៥នាក់ ពុះផ្ទះនោះចែកគ្នា ផ្ទះនោះនឹងអន្តរាយជាមិនខាន។ ដូច្នេះនេះជាមរតកអវិភាគ។ |
អសារកម្មសិទ្ធិ (Nue-propriete) : |
កម្មសិទ្ធិដែលឥតអោយផលដល់ម្ចាស់កម្មសិទ្ធិទេ ដោយហេតុថា ម្ចាស់កម្មសិទ្ធិនោះអោយសិទ្ធិខ្លួនទៅអ្នកដទៃស៊ីផលនៃកម្មសិទ្ធិ នេះទាំងអស់។ |
អាជ្ញាធរ (Autorite) : | អ្នកទ្រទ្រង់អំណាច អ្នករាជការដែលកាន់អំណាច។ |
អាជ្ញាយុកាល (Prescription) : | មធ្យោបាយម៉្យាងសំរាប់ដោះខ្លួនអោយរួចផុតពីកាតព្វកិច្ចណាមួយ កាលណាបើម្ចាស់កាតព្វកិច្ចនោះបណ្ដែតបណ្ដោយអោយជំពាក់យូរ ពេកមិនទារ។ |
ឧបាគមន៍ (Accession) : | អំពើដែលឈានទៅដល់ ការឈានទៅទទួលបាន (ក្រមរដ្ឋប្បវេណី ចាស់ប្រើ សិទ្ធិដំណុះ)។ |