ច្បាប់ស្ដីពីឯកពន្ធភាព
ខែសីហា 29, 2011 បញ្ចេញមតិ
- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយ របស់សម្ដេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល កម្ពុជា
ប្រកាសឲ្យប្រើ
ច្បាប់ស្ដីពី ឯកពន្ធភាព ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី ៣ និងដែលព្រឹទ្ធសភា បានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ ហើយដែលមានសេចក្ដីទាំងស្រុង ដូចតទៅនេះ៖
ច្បាប់ស្ដីពីឯកពន្ធភាព
មាត្រា ១.
ច្បាប់នេះមានគោលបំណងការពារសេចក្ដីថ្លៃថ្នូរ និងពង្រឹងសុខដុមរមនា សុភមង្គលក្នុងគ្រួសារ និងការគោរពសិទ្ធិគ្នាទៅវិញទៅមករវាងប្ដីនិងប្រពន្ធ ស្របតាមមាត្រា ៤៥ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយបំពេញបន្ថែមលើបទដ្ឋានគតិយុត្តិជាធរមាន។
មាត្រា ២.
ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានចំណងអាពាហ៍ពិពាហ៍ ត្រូវគោរពគោលការណ៍ឯកពន្ធភាពដោយស្ម័គ្រចិត្ត ប្ដីមួយប្រពន្ធមួយ ដោយមានចុះបញ្ជីអាពាហ៍ពិពាហ៍ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ស្របតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ។
និយមន័យ ពិរុទ្ធភាព និងនីតិវិធី
មាត្រា ៣.
ឯកពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ ដែលបុរសមានប្រពន្ធតែមួយ ឯស្ត្រីមានប្ដីតែមួយ។ ដែលហៅថាចំណងអាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាដ៏ឧឡារឹកមួយធ្វើឡើងដោយបុរសម្នាក់ និងស្ត្រីម្នាក់ ដែលប្ដេជ្ញាថារួមសមគ្គសង្វាសជាមួយគ្នាតាមបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន។
ចំណងអាពាហ៍ពិពាហ៍ត្រូវរលាយក្នុងករណីណាមួយដូចខាងក្រោម៖
- សហព័ទ្ធណាមួយស្លាប់។
- មានសេចក្ដីសម្រេចរំលាយចំណងអាពាហ៍ពិពាហ៍ជាស្ថាពររបស់តុលាការ។
- សហព័ទ្ធណាម្នាក់បាត់ខ្លួនហួសពីមួយឆ្នាំដោយគ្មានដំណឹងអ្វីសោះ មិនដឹងថាស្លាប់ ឬរស់។
មាត្រា ៤.
ទ្វេពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធពីរ ឯស្ត្រីមានប្ដីពីរ។
ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទទ្វេពន្ធភាព បុរស ឬស្ត្រីណាដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត។
អ្នកសមគំនិតត្រូវមានទោសដូចគ្នា។
មាត្រា ៥.
ត្រូវចាត់ទុកថាស្មន់ បុរស និងស្ត្រីណាដែលជាប់ចំណងជាញាតិលោហិត ឬញាតិពន្ធនឹងគ្នា ហើយរួមសេវនកិច្ចជាមួយគ្នា។
មាត្រា ៦.
ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទស្មន់៖
- បុរស និងស្ត្រីដែលជាប់ចំណងជាញាតិលោហិត ឬញាតិពន្ធក្នុងខ្សែផ្ទាល់គ្រប់ថ្នាក់ ទោះចំណងនោះមានខាន់ស្លាក្ដី ឥតខាន់ស្លាក្ដី ឬជាសាច់ចិញ្ចឹមក្ដី បានរួមសេវនកិច្ចជាមួយគ្នា។
- បុរស និងស្ត្រីដែលជាប់ចំណងសាខាញាតិនឹងគ្នា ទោះសាខាញាតិនោះមានខាន់ស្លាក្ដី ឥតខាន់ស្លាក្ដី ចិញ្ចឹមក្ដី រួមម្ដាយក្ដី រួមឪពុកក្ដី រួមម្ដាយឪពុកក្ដី ជាញាតិលោហិតក្ដី ឬ ជាញាតិពន្ធក្ដី រហូតដល់ថ្នាក់ទី ៣ រាប់ទាំងថ្នាក់នេះ ផងបានរួមសេវនកិច្ចជាមួយគ្នា។
មិនចាត់ទុកថាមានពិរុទ្ធពីបទស្មន់ទេ ប្រសិនបើសហព័ទ្ធណាម្នាក់ស្លាប់ ហើយសហព័ទ្ធដែលនៅរស់រួមសេវនកិច្ចជាមួយសាខាញាតិពន្ធថ្នាក់ទី ២ ឬថ្នាក់ទី ៣។
មាត្រា ៧
ត្រូវចាត់ទុកថាផិត គឺការរួមសេវនកិច្ចរវាងបុរសដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់ រលាយជាមួយស្ត្រីដទៃក្រៅពីប្រពន្ធរបស់ខ្លួន ឬ ការរួមសេវនកិច្ចរវាងស្ត្រីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយ ជាមួយបុរសដទៃក្រៅពីប្ដីរបស់ខ្លួន។
ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទផិត៖
- បុរសណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយស្ត្រីផ្សេងទៀត។
- ស្ត្រីណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយបុរសដទៃទៀត។
មាត្រា ៨.
ក្នុងករណីដែលមានចែងក្នុងមាត្រា ៧ ខាងលើ ព្រះរាជអាជ្ញាអាចសម្រេចមិនធ្វើបណ្ដឹងអាជ្ញាបាន ប្រសិនបើមានបណ្ដឹងរបស់សហព័ន្ធណាមួយស្នើសុំកុំឲ្យចោទប្រកាន់។
មាត្រា ៩.
ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៤ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ១ (មួយ)ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬ ផ្ដន្ទាទោសណាមួយនៃទោសទាំងពីរ។
មាត្រា ១០.
ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៦ និងមាត្រា ៧ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០ (ពីររយពាន់) រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬ ផ្ដន្ទាទោសណាមួយនៃទោសទាំងពីរ។
មាត្រា ១១.
ច្បាប់នេះ ពុំមានអានុភាពប្រតិសកម្មឡើយ។
មាត្រា ១២.
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។