សេចក្ដីណែនាំស្ដីពី ការអនុវត្តអនុក្រឹត្យស្ដីពីការកំណត់បែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរនិងជនបរទេស
ខែសីហា 29, 2011 បញ្ចេញមតិ
យោងអនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០០០ ស្ដីពីអត្រានុកូលដ្ឋាន
យោងអនុក្រឹត្យលេខ ១៨៣ អនុក្រ.បក ចុះថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០០៨ ស្ដីពីការកំណត់បែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស។
ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តបែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ដូចខាងក្រោម :
១- អំពីភារកិច្ច
ក- ថ្នាក់ក្រសួង
នាយកដ្ឋានរដ្ឋបាលទូទៅនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជាសេនាធិការឱ្យក្រសួងលើការងារស្ថិតិ និងអត្រានុកូលដ្ឋាន និងមានភារកិច្ច:
-ចុះបញ្ជីសំណុំឯកសារសុំរៀបអាពាហ៍ពិពាហ៍របស់សាមីខ្លួនជនបរទេស ដែលបានផ្ញើមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-ជូនឯកសារសាមីខ្លួនជនបរទេសទៅអង្គភាពពាក់ព័ន្ធចំណុះក្រសួង មហាផ្ទៃ ដើម្បីសហការផ្ដល់ព័ត៌មានពីអត្តសញ្ញាណជនបរទេសនោះ
-ជូនដំណឹងអំពីការសុំរៀបអាពាហ៍ពិពាហ៍របស់សាមីខ្លួនជនបរទេស ទៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សាមី និងមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ និងជូនដំណឹង ព្រមទាំងប្រគល់សំណុំឯកសារសុំរៀបអាពាហ៍ពិពាហ៍ទៅសាមីខ្លួនជនបរទេស ក្នុងរយៈពេលយ៉ាងយូរ ០៥ ថ្ងៃការងារ ដើម្បីសាមីខ្លួនដាក់សំណុំឯកសារសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ត្រី អត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ
-ពិនិត្យនីត្យានុកូលភាពលើសំណុំឯកសារដែលចេញដោយមន្ត្រី អត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ។
ខ- ថ្នាក់រាជធានី ខេត្ត
អភិបាលរាជធានី ខេត្ត ទទួលខុសត្រូវក្នុងការត្រួតពិនិត្យការអនុវត្តការងារស្ថិតិនិង អត្រានុកូលដ្ឋាននៅរាជធានី ខេត្តរបស់ខ្លួន ដោយមានការិយាល័យស្ថិតិនិងអត្រានុកូលដ្ឋាន នៃរាជធានី ខេត្ត ជាសេនាធិការនិងមានភារកិច្ចដូចខាងក្រោម:
-គាំទ្រ និងត្រួតពិនិត្យតាមដានការអនុវត្តការងារអត្រានុកូលដ្ឋាននៅក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
-ផ្សព្វផ្សាយ និង ចលនាឱ្យមន្ទីរពាក់ព័ន្ធនានាជុំវិញរាជធានី ខេត្ត សហការផ្ដល់ព័ត៌មានពីការអនុវត្តការងារអត្រានុកូលដ្ឋាននៅក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
-បូកសរុបរបាយការណ៍ស្ដីពីការអនុវត្តការងារអត្រានុកូលដ្ឋាននៅ ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ផ្ញើមកក្រសួងមហាផ្ទៃ (នាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន) នៅរៀងរាល់ថ្ងៃទី១៥ នៃខែបន្ទាប់។
គ- ថ្នាក់ក្រុង ស្រុក ខណ្ឌ
-អភិបាលក្រុង ស្រុក ខណ្ឌ ទទួលខុសត្រូវក្នុងការត្រួតពិនិត្យការអនុវត្តការងារស្ថិតិ និងអត្រានុកូលដ្ឋាននៅក្រុង ស្រុក ខណ្ឌរបស់ខ្លួន និងមានភារកិច្ចដូចខាងក្រោម:
-គាំទ្រ និងត្រួតពិនិត្យតាមដានការអនុវត្តការងារអត្រានុកូលដ្ឋាននៅឃុំ សង្កាត់
-ផ្សព្វផ្សាយ និងចលនាឱ្យការិយាល័យពាក់ព័ន្ធនានាជុំវិញក្រុង ស្រុក ខណ្ឌ សហការផ្ដល់ព័ត៌មានពីការអនុវត្តការងារអត្រានុកូលដ្ឋាននៅឃុំ សង្កាត់
-បូកសរុបរបាយការណ៍ស្ដីពីការអនុវត្តការងារអត្រានុកូលដ្ឋាននៅឃុំ សង្កាត់ ផ្ញើមករាជធានី ខេត្តនៅរៀងរាល់ថ្ងៃទី ១០ នៃខែបន្ទាប់។
ឃ- ថ្នាក់ឃុំ សង្កាត់
ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលខុសត្រូវអំពីការងារអត្រានុកូលដ្ឋាននៅក្នុងដែនដីឃុំ សង្កាត់ ដែលខ្លួនគ្រប់គ្រង។ មេឃុំ ចៅសង្កាត់ជាមន្ត្រីអត្រានុកូលដ្ឋាន។
មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ក្រោយពីទទួលបាននូវសេចក្ដីជូនដំណឹងពីក្រសួងមហាផ្ទៃ ស្ដីពីការសុំរៀបអាពាហ៍ពិពាហ៍របស់ជនបរទេសជាមួយពលរដ្ឋខ្មែរ និង បន្ទាប់ពីបានទទួលសំណុំឯកសារសុំរៀបអាពាហ៍ពិពាហ៍ពីសាមីខ្លួនជន បរទេស និង ពីសាមីខ្លួនពលរដ្ឋខ្មែររួចហើយ មានភារកិច្ចដូចខាងក្រោម:
-ពិនិត្យ និង សម្រេចលើសំណុំឯកសារសុំរៀបអាពាហ៍ពិពាហ៍របស់ជនបរទេស និង របស់ពលរដ្ឋខ្មែរយ៉ាងយូរក្នុងរយៈពេល០៣ថ្ងៃការងារ។ ពាក្យសុំរៀបអាពាហ៍ពិពាហ៍ និងសំណុំឯកសារសាមីខ្លួនជាជនបរទេសនិងរបស់ពលរដ្ឋខ្មែរ ត្រូវដាក់ស្របពេលជាមួយគ្នាទៅមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់ពលរដ្ឋខ្មែរ។
+សំណុំឯកសារជនបរទេសមាន:
ពាក្យ សុំរៀបអាពាហ៍ពិពាហ៍ មានបិទរូបថតរបស់សាមីខ្លួនបុរស និងសាមីខ្លួននារីទំហំ ៤x៦ ថតចំពីមុខ ក្នុងរយៈពេល ៣ខែចុងក្រោយ
ឯកសារថតចម្លង នៃលិខិតឆ្លងដែនរបស់សាមីខ្លួនជនបរទេសមានទិដ្ឋាការចូលប្រទេសកម្ពុជា ដែលនៅមានសុពលភាព
លិខិតបញ្ជាក់ភាពនៅលីវ ឬពោះម៉ាយ ឬមេម៉ាយ ចេញដោយសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួនជនបរទេស
លិខិតបញ្ជាក់សុខភាពចេញដោយសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា
លិខិតថ្កោលទោសចេញដោយសមត្ថកិច្ចនៃប្រទេសសាមីខ្លួនជនបរទេស
លិខិត បញ្ជាក់អំពីមុខរបរពិតប្រាកដរបស់សាមីខ្លួនជនបរទេស ដែលធានាដល់ជីវភាពរស់នៅចេញដោយសមត្ថកិច្ចនៃប្រទេសសាមីខ្លួនជន បរទេស
+សំណុំឯកសារពលរដ្ឋខ្មែរមាន:
ពាក្យ សុំរៀបអាពាហ៍ពិពាហ៍ មានបិទរូបថតរបស់សាមីខ្លួនបុរស និងសាមីខ្លួននារីទំហំ ៤x៦ ថតចំពីមុខ ក្នុងរយៈពេល ៣ខែចុងក្រោយ
សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត
លិខិត បញ្ជាក់ភាពនៅលីវ ឬពោះម៉ាយ ឬមេម៉ាយ ចេញដោយមេឃុំ ចៅសង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ (ករណីពោះម៉ាយ ឬមេម៉ាយដោយប្រពន្ធ ឬប្ដីស្លាប់ត្រូវមានសំបុត្រមរណភាពរបស់សហព័ន្ធ បើពោះម៉ាយឬមេម៉ាយដោយលែងលះត្រូវមានសាលក្រមពីសាលាដំបូង)។
លិខិតបញ្ជាក់សុខភាពចេញដោយមន្ទីរពេទ្យ ដែលទទួលស្គាល់ជាផ្លូវការពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
បើពិនិត្យឃើញឯកសារខាងលើមានលក្ខណៈត្រឹមត្រូវ ស្របតាមការកំណត់ក្នុងបែបបទ និងនីតិវិធីអត្រានុកូលដ្ឋានហើយ មន្ត្រីអត្រានុកូលដ្ឋានដោយមានវត្តមានផ្ទាល់របស់សាមីខ្លួនបុរស និងនារី ត្រូវចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ចំនួន ០៥ច្បាប់ ដោយមានបិទរូបថតសាមីខ្លួនបុរស និងនារី ទំហំ ៤x៦ ថតចំពីមុខ ក្នុងរយៈពេល ៣ខែចុងក្រោយ នៅខាងលើផ្នែកខាងស្ដាំ សំរាប់ប្រើប្រាស់ដូចខាងក្រោម:
០១ច្បាប់ បិទផ្សាយជាសាធារណៈនៅលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ
០១ច្បាប់ បិទផ្សាយជាសាធារណៈនៅស្ថានទូត ឬស្ថានតំណាង នៃប្រទេសសាមីខ្លួនជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
០១ច្បាប់ រក្សាទុកនៅសាលាឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍សាមីខ្លួនពលរដ្ឋខ្មែរ
០១ ច្បាប់ បិទផ្សារជាសាធារណៈនៅលំនៅដ្ឋាន ឬទីកន្លែងស្នាក់នៅនៃសាមីខ្លួនជនបរទេស (ករណីជនបរទេសនោះ មានលំនៅដ្ឋាន ឬទីកន្លែងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា)។
ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍នេះត្រូវបិទផ្សាយរយៈពេល ១០ថ្ងៃ នៅទីកន្លែងដូចបានកំណត់ខាងលើ។ ផុតរយៈពេល ១០ថ្ងៃ ប្រសិនបើគ្មានការប្ដឹងតវ៉ា ឬប្ដឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះ ទើបសាមីខ្លួនបុរស និងនារីអាចរៀបអាពាហ៍ពិពាហ៍បាន។
អាពាហ៍ពិពាហ៍នឹងមានអនុភាពពេញលក្ខណៈច្បាប់បានលុះត្រាតែសាមីខ្លួន បុរស និងនារីចុះកិច្ចសន្យាអាពាហ៍ពិពាហ៍តាមរយៈការចុះបញ្ជីអាពាហ៍ពិពាហ៍ ដោយសាមីខ្លួនផ្ទាល់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃឃុំ សង្កាត់ ដែលសាមីខ្លួនទាំងពីរបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ដោយនាំមកជាមួយនូវសាក្សីគ្រប់អាយុការចំនួន ០២រូបផង ស្របទៅតាមទម្រង់បែបបទ និងនីតិវិធីនៃការងារអត្រានុកូលដ្ឋាន។
-មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ក្រោយពីចុះបញ្ជីអាពាហ៍ពិពាហ៍តាមទម្រង់បែបបទ និងនីតិវិធីនៃការងារអត្រានុកូលដ្ឋានហើយ ត្រូវចេញសំបុត្រអាពាហ៍ពិពាហ៍ច្បាប់ដើមចំនួន ០១សន្លឹក និងចេញសេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍តាមការស្នើសុំរបស់សាមី ខ្លួន ដើម្បីយកទៅដើម្បីយកទៅប្រើប្រាស់។
-ធ្វើរបាយការណ៍ជាបន្ទាន់ ផ្ញើមកក្រសួងមហាផ្ទៃ តាមរយៈក្រុង ស្រុក ខណ្ឌ រាជធានី ខេត្តបន្ទាប់ពីបានចុះសៀវភៅអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍រវាងពលរដ្ឋ ខ្មែរ និងជនបរទេស នីមួយៗរួចហើយដោយបញ្ជាក់អំពីលេខបញ្ជី លេខសៀវភៅ ថ្ងៃ ខែ ឆ្នាំចុះបញ្ជី ឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត និងសញ្ជាតិរបស់សាមីខ្លួនបុរសនិងសាមីខ្លួននារី។
-បូកសរុបរបាយការណ៍ស្ដីពីការអនុវត្តការងារអត្រានុកូលដ្ឋាននៅឃុំ សង្កាត់ ផ្ញើមកសាលាក្រុង ស្រុក ខណ្ឌ នៅរៀងរាល់ថ្ងៃទី ០៥ នៃខែបន្ទាប់។
២- បំរាម និងការទទួលខុសត្រូវចំពោះមុខច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន
មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ មិនត្រូវអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរជាមួយជនបរទេស ក្នុងករណីដូចខាងក្រោម:
ក- សំណុំឯកសារសុំរៀបអាពាហ៍ពិពាហ៍របស់សាមីខ្លួនជនបរទេស ពុំបានចុះបញ្ជី និងពុំបានជូនដំណឹងពីការសុំរៀបអាពាហ៍ពិពាហ៍ពីក្រសួងមហាផ្ទៃ
ខ- សំណុំឯកសារសុំរៀបអាពាហ៍ពិពាហ៍របស់សាមីខ្លួនជនបរទេស ឬរបស់សាមីខ្លួនពលរដ្ឋខ្មែរពុំបានបំពេញត្រឹមត្រូវតាមបែបបទ និងនីតិវិធីដែលបានកំណត់
គ- សាមីខ្លួនពលរដ្ឋខ្មែរពុំមានលំនៅដ្ឋានអចិន្ត្រៃយ៍នៅក្នុងឃុំ សង្កាត់ ក្នុងដែនដីដែលខ្លួនគ្រប់គ្រង
ឃ- សាមីខ្លួនពលរដ្ឋខ្មែរ និងជនបរទេសពុំទាន់គ្រប់អាយុដែលច្បាប់អនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍
ង- មានការប្ដឹងតវ៉ា ឬប្ដឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះ ហើយមិនបានដោះស្រាយឱ្យបានចប់សព្វគ្រប់
មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវដូចខាងក្រោម:
ក- ត្រូវប្រើប្រាស់សៀវភៅ និងក្រដាសអត្រានុកូលដ្ឋាន ដែលបោះពុម្ពតាមគំរូឯកភាពចេញដោយក្រសួងមហាផ្ទៃ និងអនុវត្តឱ្យបានត្រឹមត្រូវតាមបែបបទ និងនីតិវិធីនៃការងារអត្រានុកូលដ្ឋាន អំពីការចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ការចុះសៀវភៅអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ ការចេញសំបុត្រអាពាហ៍ពិពាហ៍ និងការចេញសេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍។
ខ- រាល់សំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ ក្រៅពីខ្ទង់សរសេរឈ្មោះជាអក្សរឡាតាំង គឺមិនអនុញ្ញាតឱ្យសរសេរភាសាបរទេសបញ្ចូលឡើយ
គ- រាល់សំបុត្រអត្រានុកូលដ្ឋានច្បាប់ដើម និងសេចក្ដីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទមិនអនុញ្ញាតឱ្យ កោស ឆូត លុប ឬសរសេរជ្រៀតឡើយ។
៣- អំពីការបង់ថ្លៃក្រដាស និងថ្លៃតែមប្រិ៍សំបុត្រអត្រានុកូលដ្ឋាន
ថ្លៃក្រដាសអត្រានុកូលដ្ឋាន និងតែមប្រិ៍ត្រូវអនុវត្តតាមអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០០២ ស្ដីពីការកំណត់ថ្លៃជាវក្រដាសអត្រានុកូលដ្ឋាន និងថ្លៃតែមប្រិ៍សារពើពន្ធ។
ទទួលបានសេចក្ដីណែនាំនេះ ស្នើអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ ចាត់ចែងផ្សព្វផ្សាយ និងមានវិធានការអនុវត្តឱ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់។