សេចក្ដី​ណែ​នាំ​ស្ដី​ពី​ ការ​អនុវត្ត​អនុក្រឹត្យ​ស្ដី​ពី​ការ​កំណត់​បែប​បទ​ និង​នីតិវិធី​នៃ​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​ពល​រដ្ឋ​ខ្មែរ​និង​ជន​បរទេស

យោង​​អនុក្រឹត្យ​លេខ​ ១០៣​ អនក្រ.បក​ ចុះ​ថ្ងៃ​​ទី​ ២៩​ ខែ​ ធ្នូ​ ឆ្នាំ​២០០០​ ស្ដី​​ពី​អត្រានុកូលដ្ឋាន

យោង​អនុក្រឹត្យ​លេខ​ ១៨៣​ អនុក្រ.បក​ ចុះ​ថ្ងៃ​ទី​ ០៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៨​ ស្ដី​ពី​ការ​កំណត់​បែបបទ​ និង​នីតិវិធី​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​ និង​ជន​បរទេស។

ក្រសួង​​មហាផ្ទៃ​ សូម​ធ្វើ​ការ​ណែនាំ​​ដល់​អង្គភាព​ពាក់ព័ន្ធ​​ចំណុះ​ក្រសួង​មហាផ្ទៃ​​ និង​ អាជ្ញាធរ​​ដែន​ដី​​គ្រប់​លំដាប់​ថ្នាក់​ ក្នុង​ការ​អនុវត្ត​បែបបទ​ និង​នីតិវិធី​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​ និង​​ជន​បរទេស​ ដូច​ខាង​ក្រោម :

១- អំពី​ភារកិច្ច

ក- ថ្នាក់​ក្រសួង​

នាយកដ្ឋាន​រដ្ឋបាល​ទូទៅ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ ក្រសួង​មហាផ្ទៃ​ ជា​សេនាធិការ​​ឱ្យ​ក្រសួង​​លើ​ការងារ​ស្ថិតិ​ និង​អត្រានុកូលដ្ឋាន​ និង​មាន​ភារកិច្ច:

-ចុះ​បញ្ជី​សំណុំ​​ឯកសារ​សុំ​រៀប​អាពាហ៍ពិពាហ៍​របស់​សាមី​ខ្លួន​ជនបរទេស​​ ដែល​បាន​ផ្ញើ​មក​ពី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

-ជូន​ឯកសារ​​សាមី​ខ្លួន​ជន​បរទេស​​ទៅ​អង្គភាព​​ពាក់ព័ន្ធ​ចំណុះ​ក្រសួង​ មហាផ្ទៃ​ ដើម្បី​សហការ​ផ្ដល់​ព័ត៌មាន​ពី​អត្តសញ្ញាណ​ជនបរទេស​​នោះ​

-ជូន​ដំណឹង​អំពី​ការ​សុំ​រៀប​អាពាហ៍ពិពាហ៍​របស់​សាមី​ខ្លួន​​ជន​បរទេស​ ទៅ​រាជធានី​ ខេត្ត​ ក្រុង ស្រុក​ ខណ្ឌ​ សាមី​ និង​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​ សង្កាត់​នៃ​លំនៅដ្ឋាន​អចិន្ត្រៃយ៍​​របស់​សាមី​ខ្លួន​ពលរដ្ឋ​ខ្មែរ​ និង​ជូន​ដំណឹង​ ព្រម​ទាំង​ប្រគល់​សំណុំ​ឯកសារ​សុំ​រៀប​អាពាហ៍ពិពាហ៍​ទៅ​សាមី​ខ្លួន​ជន​បរទេស ​ ក្នុង​រយៈពេល​យ៉ាង​យូរ​ ០៥​ ថ្ងៃ​ការងារ​ ដើម្បី​សាមី​ខ្លួន​ដាក់​សំណុំ​​ឯកសារ​​សុំ​រៀប​អាពាហ៍ពិពាហ៍​ទៅ​មន្ត្រី​ អត្រានុកូលដ្ឋាន​ឃុំ​ សង្កាត់​​នៃ​លំនៅដ្ឋាន​អចិន្ត្រៃយ៍​របស់​សាមី​ខ្លួន​ពលរដ្ឋ​ខ្មែរ

-ពិនិត្យ​នីត្យានុកូលភាព​​លើ​សំណុំ​ឯកសារ​ដែល​ចេញ​ដោយ​មន្ត្រី​ អត្រានុកូលដ្ឋាន​ឃុំ​ សង្កាត់​នៃ​លំនៅដ្ឋាន​អចិន្ត្រៃយ៍​របស់​សាមី​ខ្លួន​ពលរដ្ឋ​ខ្មែរ។

ខ- ថ្នាក់​រាជធានី​ ខេត្ត​

អភិបាល​រាជធានី​ ខេត្ត​ ទទួល​ខុសត្រូវ​​ក្នុង​ការ​ត្រួតពិនិត្យ​​ការ​អនុវត្ត​ការងារ​​ស្ថិតិ​និង​ អត្រានុកូលដ្ឋាន​នៅ​រាជធានី​ ខេត្ត​របស់​ខ្លួន​ ដោយ​មាន​ការិយាល័យ​ស្ថិតិ​និង​អត្រានុកូលដ្ឋាន​ នៃ​រាជធានី​ ខេត្ត​ ជា​សេនាធិការ​និង​មាន​ភារកិច្ច​ដូច​ខាង​ក្រោម:

-គាំទ្រ​ និង​ត្រួតពិនិត្យ​តាមដាន​ការ​អនុវត្ត​ការងារ​អត្រានុកូលដ្ឋាន​​នៅ​ក្រុង​ ស្រុក​ ខណ្ឌ​ និង​ឃុំ​ សង្កាត់​

-ផ្សព្វផ្សាយ​ និង​ ចលនា​ឱ្យ​មន្ទីរ​ពាក់ព័ន្ធ​​នានា​ជុំវិញ​រាជធានី​ ខេត្ត​ សហការ​​ផ្ដល់​ព័ត៌មាន​ពី​ការ​​អនុវត្ត​ការងារ​​អត្រានុកូលដ្ឋាន​នៅ​ក្រុង​ ស្រុក​ ខណ្ឌ​ និង​ឃុំ​ សង្កាត់

-បូក​សរុប​​របាយការណ៍​ស្ដី​ពី​ការ​អនុវត្ត​ការងារ​អត្រានុកូលដ្ឋាន​​នៅ​ ក្រុង​ ស្រុក​ ខណ្ឌ​ និង​ឃុំ​ សង្កាត់​ ផ្ញើ​មក​ក្រសួង​មហាផ្ទៃ​​ (នាយកដ្ឋាន​​រដ្ឋបាល​ទូទៅ​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន) នៅ​រៀងរាល់​ថ្ងៃ​ទី​១៥​ នៃ​ខែ​បន្ទាប់។

គ- ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ

-អភិបាល​ក្រុង​ ស្រុក​ ខណ្ឌ​ ទទួល​ខុសត្រូវ​​ក្នុង​ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​ការងារ​ស្ថិតិ​ និង​អត្រានុកូលដ្ឋាន​នៅ​ក្រុង​ ស្រុក​ ខណ្ឌ​របស់​ខ្លួន​​ និង​មាន​ភារកិច្ច​ដូច​ខាង​ក្រោម:

-គាំទ្រ​ និង​ត្រួតពិនិត្យ​តាមដាន​ការ​អនុវត្ត​ការងារ​អត្រានុកូលដ្ឋាន​នៅ​ឃុំ​ សង្កាត់​

-ផ្សព្វផ្សាយ​ និង​ចលនា​ឱ្យ​ការិយាល័យ​ពាក់ព័ន្ធ​​នានា​​ជុំវិញ​ក្រុង​ ​ស្រុក​ ខណ្ឌ​ សហការ​ផ្ដល់​ព័ត៌មាន​ពី​ការ​អនុវត្ត​ការងារ​អត្រានុកូលដ្ឋាន​នៅ​ឃុំ​ សង្កាត់​

-បូក​សរុប​របាយការណ៍​ស្ដី​ពី​ការ​អនុវត្ត​ការងារ​​អត្រានុកូលដ្ឋាន​នៅ​ឃុំ​ សង្កាត់​ ផ្ញើ​មក​រាជធានី​ ខេត្ត​​នៅ​រៀងរាល់​ថ្ងៃ​ទី​ ១០​ នៃ​ខែ​បន្ទាប់។

ឃ- ថ្នាក់​ឃុំ​ សង្កាត់

ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ទទួល​ខុសត្រូវ​អំពី​ការងារ​អត្រានុកូលដ្ឋាន​​នៅ​ក្នុង​ដែនដី​ឃុំ​ សង្កាត់​ ដែល​ខ្លួន​គ្រប់គ្រង។ មេឃុំ​ ចៅ​សង្កាត់​​ជា​មន្ត្រី​អត្រានុកូលដ្ឋាន។

មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​ សង្កាត់​ ក្រោយ​ពី​ទទួល​បាន​នូវ​​សេចក្ដី​ជូន​ដំណឹង​ពី​ក្រសួង​​មហាផ្ទៃ​ ស្ដី​ពី​ការ​សុំ​រៀប​អាពាហ៍ពិពាហ៍​របស់​ជន​បរទេស​​ជាមួយ​​ពលរដ្ឋ​ខ្មែរ​ និង​ បន្ទាប់​​ពី​បាន​ទទួល​សំណុំ​ឯកសារ​សុំ​រៀប​អាពាហ៍ពិពាហ៍​ពី​សាមី​ខ្លួន​ជន​ បរទេស​ និង​ ពី​សាមី​ខ្លួន​ពលរដ្ឋ​ខ្មែរ​​រួច​ហើយ​ មាន​ភារកិច្ច​ដូច​ខាង​ក្រោម:

-ពិនិត្យ​​ និង​ សម្រេច​លើ​សំណុំ​ឯកសារ​សុំ​រៀប​អាពាហ៍ពិពាហ៍​របស់​ជន​បរទេស​ និង​ របស់​ពលរដ្ឋ​ខ្មែរ​​យ៉ាង​យូរ​ក្នុង​រយៈពេល​០៣​ថ្ងៃ​ការងារ។ ពាក្យ​​សុំ​រៀប​អាពាហ៍ពិពាហ៍​ និង​សំណុំ​ឯកសារ​​សាមី​ខ្លួន​ជា​ជន​បរទេស​និង​របស់​ពលរដ្ឋ​ខ្មែរ​ ត្រូវ​ដាក់​ស្រប​ពេល​ជាមួយ​​គ្នា​ទៅ​មន្ត្រី​​អត្រានុកូលដ្ឋាន​​ឃុំ​ សង្កាត់​នៃ​លំនៅដ្ឋាន​​អចិន្ត្រៃយ៍​របស់​ពលរដ្ឋ​ខ្មែរ។

+សំណុំ​ឯកសារ​​ជន​បរទេស​មាន:

ពាក្យ ​សុំ​រៀប​អាពាហ៍ពិពាហ៍​ មាន​បិទ​រូប​ថត​​របស់​សាមី​ខ្លួន​បុរស​ និង​សាមី​ខ្លួន​នារី​ទំហំ​ ៤x៦​ ថត​ចំ​ពី​មុខ​ ក្នុង​រយៈពេល​ ៣​ខែ​ចុងក្រោយ

ឯកសារ​​ថត​ចម្លង​ នៃ​លិខិត​​ឆ្លង​ដែន​​របស់​សាមី​ខ្លួន​ជនបរទេស​​មាន​ទិដ្ឋាការ​​ចូល​ប្រទេស​កម្ពុជា​ ដែល​នៅ​មាន​សុពលភាព​

លិខិត​បញ្ជាក់​ភាព​នៅ​លីវ​ ឬ​ពោះ​ម៉ាយ​ ឬ​មេម៉ាយ​ ចេញ​ដោយ​សមត្ថកិច្ច​​នៃ​ប្រទេស​​របស់​សាមី​ខ្លួន​ជន​បរទេស

លិខិត​បញ្ជាក់​សុខភាព​​ចេញ​ដោយ​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

លិខិត​ថ្កោល​ទោស​ចេញ​ដោយ​សមត្ថកិច្ច​នៃ​ប្រទេស​សាមី​ខ្លួន​ជន​បរទេស​

លិខិត ​បញ្ជាក់​អំពី​មុខ​របរ​ពិត​ប្រាកដ​​របស់​សាមី​ខ្លួន​ជន​បរទេស​ ដែល​ធានា​ដល់​ជីវភាព​រស់នៅ​ចេញ​ដោយ​សមត្ថកិច្ច​នៃ​ប្រទេស​សាមី​ខ្លួន​ជន​ បរទេស

+សំណុំ​ឯកសារ​​ពលរដ្ឋ​ខ្មែរ​មាន​:

ពាក្យ ​សុំ​រៀប​អាពាហ៍ពិពាហ៍​ មាន​បិទ​រូបថត​របស់​សាមី​ខ្លួន​បុរស​ និង​សាមី​ខ្លួន​នារី​ទំហំ ៤x៦​ ថត​ចំ​ពី​មុខ​ ក្នុង​រយៈពេល​ ៣​ខែ​ចុងក្រោយ

សេចក្ដី​ចម្លង​សំបុត្រ​កំណើត​ ឬ​សេចក្ដី​ចម្លង​សំបុត្រ​បញ្ជាក់​​កំណើត

លិខិត ​​បញ្ជាក់​​ភាព​នៅ​លីវ​ ឬ​ពោះម៉ាយ​ ឬ​មេម៉ាយ​ ចេញ​ដោយ​មេឃុំ​ ចៅ​សង្កាត់​ នៃ​លំនៅដ្ឋាន​​អចិន្ត្រៃយ៍​របស់​សាមី​ខ្លួន​ពលរដ្ឋ​ខ្មែរ​ (ករណី​ពោះម៉ាយ​ ឬ​មេម៉ាយ​​ដោយ​ប្រពន្ធ​ ឬ​ប្ដី​ស្លាប់​ត្រូវ​មាន​សំបុត្រ​​មរណភាព​​របស់​សហព័ន្ធ​ បើ​ពោះ​ម៉ាយ​ឬ​មេម៉ាយ​ដោយ​លែងលះ​ត្រូវ​មាន​សាលក្រម​ពី​សាលា​ដំបូង)។

លិខិត​បញ្ជាក់​សុខភាព​ចេញ​ដោយ​មន្ទីរពេទ្យ​ ដែល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​ក្រសួង​សុខាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

បើ​ពិនិត្យ​ឃើញ​ឯកសារ​​ខាង​លើ​មាន​លក្ខណៈ​ត្រឹមត្រូវ​ ស្រប​តាម​ការ​កំណត់​​ក្នុង​បែបបទ​ និង​នីតិវិធី​អត្រានុកូលដ្ឋាន​ហើយ​ មន្ត្រី​អត្រានុកូលដ្ឋាន​ដោយ​មាន​វត្តមាន​ផ្ទាល់​របស់​សាមី​ខ្លួន​បុរស​ និង​នារី​ ត្រូវ​ចេញ​​ប័ណ្ណ​ប្រកាស​​អាពាហ៍ពិពាហ៍​ ចំនួន​ ០៥​ច្បាប់​ ដោយ​មាន​បិទ​រូបថត​សាមី​ខ្លួន​បុរស និង​នារី​ ទំហំ​ ៤x៦ ថត​ចំ​ពី​មុខ​​ ក្នុង​រយៈពេល​​ ៣​ខែ​ចុងក្រោយ​ នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​ សំរាប់​ប្រើប្រាស់​ដូច​ខាង​ក្រោម:

០១​ច្បាប់​ បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​លំនៅដ្ឋាន​អចិន្ត្រៃយ៍​របស់​សាមី​ខ្លួន​ពលរដ្ឋ​ខ្មែរ​

០១ច្បាប់​ បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​ស្ថានទូត​ ឬ​ស្ថាន​តំណាង​ នៃ​ប្រទេស​សាមី​ខ្លួន​ជន​បរទេស​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា

០១​ច្បាប់​ រក្សា​ទុក​​នៅ​​សាលា​ឃុំ​​ សង្កាត់​​នៃ​លំនៅដ្ឋាន​អចិន្ត្រៃយ៍​សាមី​ខ្លួន​ពលរដ្ឋ​ខ្មែរ​

០១ ​ច្បាប់​ បិទ​ផ្សារ​ជា​សាធារណៈ​នៅ​លំនៅដ្ឋាន​ ឬ​ទីកន្លែង​ស្នាក់​នៅ​នៃ​សាមី​ខ្លួន​ជន​​បរទេស​ (ករណី​​ជន​បរទេស​​នោះ​ មាន​លំនៅដ្ឋាន​ ឬ​ទីកន្លែង​​ស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា)។

ប័ណ្ណ​ប្រកាស​អាពាហ៍ពិពាហ៍​នេះ​​ត្រូវ​បិទ​ផ្សាយ​រយៈពេល​ ១០​ថ្ងៃ​ នៅ​ទីកន្លែង​​ដូច​បាន​កំណត់​ខាង​លើ។ ផុត​រយៈពេល​ ១០​ថ្ងៃ​ ប្រសិន​បើ​គ្មាន​​ការ​ប្ដឹង​តវ៉ា​ ឬ​ប្ដឹង​ជំទាស់​នឹង​អាពាហ៍ពិពាហ៍​នោះ​ ទើប​សាមី​ខ្លួន​បុរស​ និង​នារី​អាច​រៀប​អាពាហ៍ពិពាហ៍​បាន។

អាពាហ៍ពិពាហ៍​នឹង​មាន​អនុភាព​ពេញ​លក្ខណៈ​ច្បាប់​បាន​លុះ​ត្រា​តែ​សាមី​ខ្លួន ​បុរស​ និង​នារី​ចុះ​កិច្ច​សន្យា​អាពាហ៍ពិពាហ៍​​តាមរយៈ​ការ​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍ ​ ដោយ​សាមី​ខ្លួន​ផ្ទាល់​នៅ​ចំពោះ​មុខ​មន្ត្រី​អត្រានុកូលដ្ឋាន​​នៃ​ឃុំ​ សង្កាត់​ ដែល​សាមី​ខ្លួន​ទាំងពីរ​បាន​ដាក់​ពាក្យ​សុំ​រៀប​អាពាហ៍ពិពាហ៍​ ដោយ​នាំ​មក​ជាមួយ​នូវ​សាក្សី​គ្រប់​​អាយុ​ការ​ចំនួន ​០២​រូប​ផង​ ស្រប​ទៅ​តាម​ទម្រង់​បែបបទ​ និង​នីតិវិធី​នៃ​ការងារ​អត្រានុកូលដ្ឋាន។

-មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​ សង្កាត់​ ក្រោយ​ពី​ចុះ​​បញ្ជី​អាពាហ៍ពិពាហ៍​តាម​ទម្រង់​បែបបទ​ និង​នីតិវិធី​នៃ​ការងារ​អត្រានុកូលដ្ឋាន​ហើយ​​ ត្រូវ​ចេញ​សំបុត្រ​អាពាហ៍ពិពាហ៍​ច្បាប់​ដើម​ចំនួន​ ០១​សន្លឹក​ និង​ចេញ​សេចក្ដី​ចម្លង​សំបុត្រ​​អាពាហ៍ពិពាហ៍​តាម​ការ​ស្នើ​សុំ​របស់​សាមី​ ខ្លួន​ ដើម្បី​យក​ទៅ​ដើម្បី​យក​ទៅ​ប្រើប្រាស់។

-ធ្វើ​របាយការណ៍​ជា​បន្ទាន់​ ផ្ញើ​មក​ក្រសួង​មហាផ្ទៃ​ តាមរយៈ​ក្រុង​ ស្រុក​ ខណ្ឌ​ រាជធានី​ ខេត្ត​បន្ទាប់​ពី​បាន​ចុះ​សៀវភៅ​អត្រានុកូលដ្ឋាន​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ ខ្មែរ​ និង​ជន​បរទេស​ នីមួយៗ​រួច​ហើយ​ដោយ​បញ្ជាក់​អំពី​លេខ​បញ្ជី​ លេខ​សៀវភៅ​ ថ្ងៃ​ ខែ​ ឆ្នាំ​ចុះ​បញ្ជី​ ឈ្មោះ​ ថ្ងៃ​ ខែ​ ឆ្នាំ​កំណើត​ និង​សញ្ជាតិ​របស់​សាមីខ្លួន​បុរស​និង​សាមី​ខ្លួន​នារី។

-បូក​សរុប​របាយការណ៍​ស្ដី​ពី​ការ​អនុវត្ត​ការងារ​អត្រានុកូលដ្ឋាន​នៅ​ឃុំ​ សង្កាត់​ ផ្ញើ​មក​សាលា​ក្រុង​ ស្រុក​ ខណ្ឌ​ នៅ​រៀងរាល់ថ្ងៃ​ទី​ ០៥​ នៃ​ខែ​បន្ទាប់។

២- បំរាម​ និង​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ស្ដី​ពី​អត្រានុកូលដ្ឋាន

មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​ សង្កាត់​ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​រៀប​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​ជាមួយ​ជនបរទេស​ ​ក្នុង​ករណី​ដូច​ខាង​ក្រោម:

ក- សំណុំ​ឯកសារ​សុំ​រៀប​អាពាហ៍ពិពាហ៍​របស់​សាមី​ខ្លួន​ជន​បរទេស​ ពុំ​បាន​ចុះ​បញ្ជី​ និង​ពុំ​បាន​ជូន​ដំណឹង​ពី​ការ​សុំ​រៀប​អាពាហ៍ពិពាហ៍​ពី​ក្រសួង​មហាផ្ទៃ​

ខ- សំណុំ​ឯកសារ​សុំ​រៀប​អាពាហ៍ពិពាហ៍​របស់​សាមី​ខ្លួន​ជន​បរទេស​ ឬ​របស់​សាមី​ខ្លួន​ពលរដ្ឋ​ខ្មែរ​ពុំ​បាន​បំពេញ​ត្រឹមត្រូវ​តាម​បែបបទ​ និង​នីតិវិធី​ដែល​បាន​កំណត់​

គ- សាមី​ខ្លួន​ពលរដ្ឋ​ខ្មែរ​ពុំ​មាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍​នៅ​ក្នុង​ឃុំ​ សង្កាត់​ ក្នុង​ដែន​ដី​​ដែល​ខ្លួន​គ្រប់គ្រង

ឃ- សាមី​ខ្លួន​ពលរដ្ឋ​ខ្មែរ​ និង​ជន​បរទេស​ពុំ​ទាន់​គ្រប់​អាយុ​ដែល​ច្បាប់​​អនុញ្ញាត​ឱ្យ​រៀប​អាពាហ៍ពិពាហ៍

ង- មាន​ការ​ប្ដឹង​តវ៉ា​ ឬ​ប្ដឹង​ជំទាស់​នឹង​អាពាហ៍ពិពាហ៍​នោះ​ ហើយ​មិន​បាន​ដោះស្រាយ​ឱ្យ​បាន​ចប់​សព្វ​គ្រប់

មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​ សង្កាត់​ ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ដូច​ខាង​ក្រោម:

ក- ត្រូវ​ប្រើប្រាស់​សៀវភៅ​ និង​ក្រដាស​អត្រានុកូលដ្ឋាន​ ដែល​បោះពុម្ព​តាម​គំរូ​ឯកភាព​​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បែបបទ​ និង​នីតិវិធី​​នៃ​ការងារ​អត្រានុកូលដ្ឋាន​ អំពី​ការ​ចេញ​ប័ណ្ណ​ប្រកាស​អាពាហ៍ពិពាហ៍​ ការ​ចុះ​សៀវភៅ​អត្រានុកូលដ្ឋាន​អាពាហ៍ពិពាហ៍​ ការ​ចេញ​សំបុត្រ​អាពាហ៍ពិពាហ៍​ និង​ការ​ចេញ​សេចក្ដី​ចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍។

ខ- រាល់​សំបុត្រ​អត្រានុកូលដ្ឋាន​គ្រប់​ប្រភេទ​ ក្រៅ​ពី​ខ្ទង់​សរសេរ​ឈ្មោះ​ជា​អក្សរ​ឡាតាំង​ គឺ​មិន​អនុញ្ញាត​ឱ្យ​សរសេរ​ភាសា​បរទេស​​បញ្ចូល​ឡើយ

គ- រាល់​សំបុត្រ​អត្រានុកូលដ្ឋាន​ច្បាប់​ដើម​ និង​សេចក្ដី​ចម្លង​សំបុត្រ​​អត្រានុកូលដ្ឋាន​គ្រប់​ប្រភេទ​មិន​អនុញ្ញាត​ឱ្យ ​កោស​ ឆូត​​ លុប​ ឬ​សរសេរ​ជ្រៀត​ឡើយ។

៣- អំពី​ការ​បង់ថ្លៃ​​ក្រដាស​ និង​ថ្លៃ​តែមប្រិ៍​សំបុត្រ​អត្រានុកូលដ្ឋាន

ថ្លៃ​ក្រដាស​អត្រានុកូលដ្ឋាន​ និង​តែមប្រិ៍​ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​លេខ​ ៦២​ អនក្រ.បក​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​ មិថុនា​ ឆ្នាំ​២០០២​ ស្ដី​ពី​ការ​កំណត់​ថ្លៃ​ជាវ​ក្រដាស​អត្រានុកូលដ្ឋាន​ និង​ថ្លៃ​តែមប្រិ៍​សារពើពន្ធ។

ទទួល​បាន​សេចក្ដី​ណែនាំ​នេះ​ ស្នើ​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ក្រសួង​មហាផ្ទៃ​ និង​អាជ្ញាធរ​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ និង​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ចាត់ចែង​ផ្សព្វផ្សាយ​ និង​មាន​វិធានការ​អនុវត្ត​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។​​​

 

 

 

Advertisements
%d bloggers like this: