ច្បាប់​ស្ដី​ពី​ ការ​អនុម័ត​យល់​ព្រម​លើ​ពិធី​សារតាម​ជម្រើស​នៃ​ អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ

មាត្រា​ ១​.‍~

អនុម័ត​យល់​ព្រម​លើ​ពិធី​សារ​តាម​ជម្រើស​នៃ​អនុសញ្ញា​ស្ដី​ពី​ការ​លុប​ បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ ដែល​ធ្វើ​នៅ​ទី​ក្រុង​ញ៉ូយ៉ក នា​ថ្ងៃ​ទី​ ០៦ ខែ​ តុលា ឆ្នាំ ១៩៩៩ ហើយ​ដែល​មាន​អត្ថបទ​ទាំង​ស្រុង​ភ្ជាប់​មក​ជា​មួយ​នេះ​ ។

មាត្រា​ ២.~

រាជរដ្ឋាភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ត្រូវ​បន្ត​រាល់​នីតិវិធី ដើម្បី​អនុវត្ត​ពិធី​សារ​តាម​ជម្រើស​នៃ​អនុសញ្ញា​នេះ ។

គោលបំណងនៃ​ការ​ស្នើសុំ​ផ្ដល់​សច្ចាប័ន​លើ​ពិធី​សារ​តាម​ជម្រើស​នេះ គឺ:

១. ដើម្បី​បង្កើន​ការ​យល់ដឹង​អំពី​អនុសញ្ញា ស៊ី-ដ ដល់​រដ្ឋ ក្រសួង ស្ថាប័ន​​នានា​ និង​បុគ្គល​ទាំងឡាយ

២. ដើម្បី​បង្កើន​ការ​យល់ដឹង​ជា​សាធារណៈ​ពី​បទដ្ឋាន​សិទ្ធិមនុស្ស ដែល​ទាក់ទង​នឹង​ការ​រើសអើង​ប្រឆាំង​នារី​ភេទ

៣. ដើម្បី​ធ្វើ​ឱ្យ​​ប្រសើរ​ឡើង និង​ពង្រឹង​យន្តការ​អនុវត្តន៍​សិទ្ធិមនុស្ស​របស់​នារី ដែល​មាន​ស្រាប់

៤. ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ​នៅ​ក្នុង​ច្បាប់​នានា​ដែល​មាន​ការ​រើសអើង និង​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង

៥. ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​យន្តការ​នានា​ដែល​មាន​ស្រាប់ ក្នុង​ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​កម្ពុជា​ស្រប​តាម​ស្មារតី​នៃ​សេចក្ដី​ ថ្លែង​ការណ៍​ជា​សកល ស្ដីពី​សិទ្ធិមនុស្ស និង​កតិកា​សញ្ញា និង​សិទ្ធិមនុស្ស​នានា​របស់​អង្គការ​សហប្រជាជាតិ។

ពិធី​សារ​នេះ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ២២ ខែ ធ្នូ ឆ្នាំ ២០០០​ តាម​មាត្រា ១៦ នៃ​ពិធីសារ​នេះ ដែល​អនុម័ត​ដោយ​សេចក្ដី​សម្រេច​ចិត្ត​លេខ A / 54 / 4 នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី​៦ ខែ​ តុលា ឆ្នាំ ​១៩៩៩ និង​បើកចំហ​សម្រាប់​ការ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី ១០ ខែ ធ្នូ ឆ្នាំ ​១៩៩៩ ដែល​ជា​ទិវា​សិទ្ធិមនុស្ស​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ២២ ខែ ធ្នូ ឆ្នាំ ២០០០ រហូត​មកដល់​​ថ្ងៃ​ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០០៧ កន្លង​មក​ មាន​ប្រទេស​ចំនួន​ ៩០​ ចូល​ជា​រដ្ឋ​ភាគី។

ប្រទេស​កម្ពុជា​​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​ ១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០១​ ដោយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

ពិធីសារ​តាម​ជម្រើស ជា​កូន​សន្ធិសញ្ញា​ដែល​ទាមទារ​ឱ្យ​រដ្ឋសភា​គឺ​ផ្ដល់​សច្ចាប័ន សម្រាប់​ការ​តវ៉ា​របស់​ស្ត្រី​ម្នាក់ ឬ​ស្ត្រី​​ជា​ក្រុម ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​លើ​ពួក​គេ ទៅ​គណៈកម្មាធិការ​ទទួល​បន្ទុក ស៊ី-ដ នៃ​អង្គការ​សហប្រជាជាតិ។

ពិធី​សារ​តាម​ជម្រើស​នៃ​អនុសញ្ញា ស៊ី-ដ ផ្ដល់​នីតិវិធី ២ យ៉ាង គឺ:

១-នីតិវិធី​ទំនាក់ទំនង (ពាក្យ​ប្ដឹង) នីតិវិធី​នេះ ផ្ដល់​សិទ្ធិ​ឱ្យ​ស្ត្រី​ម្នាក់ ឬ​ស្ត្រី​ជា​ក្រុម ប្ដឹង​ជាលាយលក្ខណ៍អក្សរ​ទៅ​គណៈកម្មាធិការ ស្ដីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នារី​នឹង​ស្ត្រី អំពី​ការ​រំលោភ​សិទ្ធិ​នានា ចែង​ក្នុង​អនុសញ្ញា។

២-នីតិវិធី​ស៊ើបអង្កេត នីតិវិធី​នេះ​ជួយ​ឱ្យ​​គណៈកម្មាធិការ​ដឹកនាំ​ការ​ស៊ើបអង្កេត​នានា ចំពោះ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស របស់​ស្ត្រី​ដែល​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ។

សេចក្ដី​ផ្ដើម​នៃ​ពិធីសារ​នេះ សង្កត់ធ្ងន់​ទៅ​លើ:

-ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​អះអាង​ឡើង​វិញ នូវ​ជំនឿ​លើ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន នៃ​សេចក្ដី​ថ្លៃថ្នូរ និង​តម្លៃ​របស់​មនុស្ស និង​សិទ្ធិ​ស្មើ​គ្នា​របស់​បុរស និង​ស្ត្រី ដោយ​គ្មាន​ការ​បែងចែក រាប់​បញ្ចូល​ទាំង​ការ​បែងចែក​លើ​ភេទ​ផង​ដែរ។

-លិខិតុបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ផ្សេង​ទៀត ហាម​ឃាត់​ការ​រើសអើង ឈរ​លើ​មូលដ្ឋាន​នៃ​ភេទ ដែល​ក្នុង​នោះ រដ្ឋសភា​គី​ធានា​ថ្កោលទោស ចំពោះ​ការ​រើសអើង​ប្រឆាំង​នារី​ភេទ រាល់​ទម្រង់​ទាំង​អស់។

-ដើម្បី​ចាត់ការ ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ទប់ស្កាត់​ការ​រំលោភ​សិទ្ធិ និង សេរីភាព​ទាំងឡាយ។

ពិធីសារ​នេះ​មាន ២១ មាត្រា ដែល​មាន​ខ្លឹមសារ ដូច​តទៅ:

មាត្រា ១ : ការ​ទទួល​ស្គាល់​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ក្នុង​ការ​ទទួល​បណ្ដឹង​ និង​ពិចារណា។

មាត្រា ២ : សមាសភាព​នៃ​ដើមបណ្ដឹង (បុគ្គល​ម្នាក់ៗ ឬ​ក្រុម​នៃ​បុគ្គល)។

មាត្រា ៣ : លក្ខណៈ​នៃ​ការ​ប្ដឹង។

មាត្រា ៤ : ល័ក្ខខ័ណ្ឌ​​នានា​របស់​គណៈកម្មាធិការ​ មុន​នឹង​ពិនិត្យ​បណ្ដឹង។

មាត្រា ៥ : ការ​ទំនាក់ទំនង​រវាង​គណៈកម្មាធិការ​ និង​រដ្ឋ​ភាគី​ពាក់ព័ន្ធ​នឹង​បណ្ដឹង។

មាត្រា ៦ : នីតិវិធី​ប្ដឹង នៅ​ពេល​គណៈកម្មាធិការ​បាន​ទទួល​បណ្ដឹង។

មាត្រា ៧ : ដំណើរការ​នៃ​ការ​ពិចារណា​លើ​បណ្ដឹង និង​រយៈពេល​ឆ្លើយ​តប​ របស់​គណៈកម្មាធិការ និង​រដ្ឋភាគី។

មាត្រា ៨ : នីតិវិធី​ស៊ើបអង្កេត​របស់​​គណៈកម្មាធិការ និង​ការ​ចុះ​អង្កេត​ជាក់ស្ដែង នៅ​កន្លែង​កើតហេតុ។

មាត្រា ៩ : ការ​បញ្ជូន​ព័ត៌មាន​ទាក់ទង​នឹង​បណ្ដឹង និង​ការ​ដាក់​ចូល​ក្នុង​របាយការណ៍​ជាតិ ដោយ​រដ្ឋភាគី។

មាត្រា ១០ : ជម្រើស​របស់​រដ្ឋ​ភាគី ក្នុង​ការ​ទទួល​យក ឬ​មិន​ទទួល​យក​មាត្រា ៨ និង​មាត្រា ៩។

មាត្រា ១១ : វិធានការ​នានា ដើម្បី​ធានា​ដើម​បណ្ដឹង​ ដោយ​រដ្ឋ​ភាគី។

មាត្រា ១២ : ការ​បញ្ចូល​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ របស់​គណៈកម្មាធិការ ស៊ី-ដ។

មាត្រា ១៣ : ការ​ផ្សព្វផ្សាយ​អនុសញ្ញា និង​ពិធី​សារ។

មាត្រា ១៤ : ការ​បង្កើត​វិធាន​នីតិវិធី​របស់​គណៈកម្មាធិការ។

មាត្រា ១៥ : ការ​ចុះហត្ថលេខា និង​ផ្ដល់​សច្ចាប័ន។

មាត្រា ១៦ : ការ​ចូល​ជា​ធរមាន​របស់​ពិធីសារ។

មាត្រា ១៧ : ការ​ហាម​មិន​ឱ្យ​​ដាក់​ល័ក្ខខ័ណ្ឌ ប៉ុន្តែ​អាច​ប្រកាស​បាន ដូច​ក្នុង​មាត្រា ១០។

មាត្រា ១៨ : ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​លើ​ពិធី​សារ តាម​ជម្រើស និង​ល័ក្ខខ័ណ្ខ។

មាត្រា ១៩ : ការ​ប្រកាស​ដក​ខ្លួន​ចេញ ពី​រដ្ឋសភា​គី​នៃ​ពិធីសារ ​និង​រយៈពេល​ចូល​ជាធរមាន។

មាត្រា ២០ : ការ​ជូនដំណឹង​នានា​ របស់​អគ្គលេខាធិការ។

មាត្រា ២១ : ភាសា​ផ្លូវការ និង​ទី​កន្លែង​តម្កល់​ឯកសារ​ពិធីសារ។

ចំណុច​ពិសេស​នៃ​ពិធី​សារ គឺ​មាត្រា ១០ ដែល​ចែង​ថា”ក្នុង​ករណី​ដែល​រដ្ឋ​ភាគី​ពុំ​អាច​ទទួល​យក​ល័ក្ខខ័ណ្ឌ​ទាំង​អស់​ បាន រដ្ឋ​ភាគី​អាច​ប្រកាស​ពុំ​ទទួល​ស្គាល់​សមត្ថកិច្ច​នៃ​គណៈកម្មាធិការ ដូច​មាន​ចែង​ក្នុង មាត្រា ៨ និង​មាត្រា ៩ នៃ​ពិធីសារ​តាម​ជម្រើស”។

ដោយ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​អនុសញ្ញា​នៃ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ ។ល។ នៅ​ក្នុង​មាត្រា ​៣១ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ដោយ ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ដល់​សច្ចាប័ន​លើ​កតិកាសញ្ញា ស្ដីពី​សិទ្ធិពលរដ្ឋ និង​នយោបាយ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ និង​សន្ធិសញ្ញា​សិទ្ធិមនុស្ស​នានា ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ

ដោយ ព្រះរាជាណាចក្រកម្ពុជា​ ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា ស៊ី-ដ នៅ​ថ្ងៃ​ទី ១៥ ខែ តុលា ឆ្នាំ ១៩៩២ ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ

ដោយ​​ឈរ​លើ​ផល​ប្រយោជន៍​ស្ត្រី​កម្ពុជា​ទាំង​មូល និង​កិត្យានុភាព​នៃ​ប្រទេស​កម្ពុជា ក្នុង​ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​ស្ត្រី ពិសេស​លើក​ស្ទួយ​តម្លៃ​ស្ត្រី​ខ្មែរ។

សេចក្ដី​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​នេះ សូម​រដ្ឋសភា​មេត្តា​ពិនិត្យ និង​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​តាម​ជម្រើស នៃ​អនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់ នៃ​ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ​ដោយ​ក្ដី​អនុគ្រោះ។

ពិធី​សារ​តាម​ជម្រើស​នៃ​អនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង


ប្រឆាំង​នឹង​នារី


អនុម័ត​ដោយ​សេចក្ដី​សម្រេច​លេខ A/54/4 នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី​៦
ខែ​តុលា ឆ្នាំ​១៩៩៩ និង​បើកចំហរ​សំរាប់​ការ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ​១៩៩៩ ដែល​ជា​ ទិវា​សិទ្ធិ​មនុស្ស ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០០០

រដ្ឋ​ភាគី​ទាំងឡាយ​ចំពោះ​ពិធីសារ​បច្ចុប្បន្ន

ដោយ​កត់សំគាល់​ថា ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ អះអាង​ឡើងវិញ​នូវ​ជំនឿ​លើ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន សេចក្ដី​ថ្លៃថ្នូរ និង​តម្លៃ​របស់​មនុស្ស និង​សិទ្ធិ​ស្មើគ្នា​របស់​បុរស និង​ស្ត្រី។

ដោយ​កត់សំគាល់​ផង​ថា សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សេចក្ដី​សម្រេច​លេខ 217 A (III) អំពី​សិទ្ធិមនុស្ស ចែង​ច្បាស់​ថា មនុស្សជាតិ​គ្រប់រូប មាន​សេរីភាព និង​ភាពស្មើគ្នា​ពី​កំណើត​ទាក់ទង​នឹង​សេចក្ដី​ថ្លៃថ្នូរ និង​សិទ្ធិ និង​ថា បុគ្គល​ម្នាក់ៗ មាន​សិទ្ធិ និង​សេរីភាព​ទាំងអស់ ​ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស ដោយ​គ្មាន​ការ​បែងចែក រាប់​បញ្ចូល​ទាំង​ការ​បែងចែក​ផ្នែក​លើ​ភេទ​ផង​នេះ។

ដោយ​ចងចាំ​ថា កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សេចក្ដី​សម្រេច​លេខ 2200 A (XXI) ស្ដីពី សិទ្ធិមនុស្ស ឧបសម្ព័ន្ធ និង​ឧបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ផ្សេង​ទៀត ហាមឃាត់​ការ​រើសអើង​ដែល​មាន​មូលដ្ឋាន​លើ​សិទ្ធិ។

ដោយ​ចងចាំ​ផង​ដែរ​ថា អនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នារី​ ភេទ «អនុសញ្ញា» ដែល​ក្នុង​នោះ​រដ្ឋ​ភាគី ត្រូវ​ថ្កោល​ទោស​ចំពោះ​ការ​រើសអើង​ប្រឆាំង​នារី​ភេទ​គ្រប់​ទម្រង់ និង​យល់​ព្រម អនុវត្ត​ដោយ​មធ្យោបាយ​សមស្រប​គ្រប់​បែបយ៉ាង និង​ដោយ​គ្មាន​ការ​យឺតយ៉ាវ នូវ​គោលនយោបាយ​នៃ​ការ​លុបបំបាត់​ការ​រើសអើង​ប្រឆាំង​នារី​ភេទ។

ដោយ​អះអាង​ឡើង​វិញ នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួកគេ ក្នុង​ការ​ធានា​ថា ​ស្ត្រី​ទទួល​បាន​សិទ្ធ និង​សេរីភាព​ជា​មូលដ្ឋាន​ទាំង​អស់ ដោយ​ពេញលេញ និង​ដោយ​ស្មើភាព​គ្នា​ និង​ក្នុង​ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​រារាំង​នូវ​ការ​រំលោភ​សិទ្ធ និង​សេរីភាព​ទាំងនេះ។

បាន​ព្រមព្រៀង​គ្នា​ដូច​តទៅ:

មាត្រា ១ :

រដ្ឋ​ភាគី​ចំពោះ​ពិធី​សារ​បច្ចុប្បន្ន ( ” រដ្ឋ​ភាគី ” ) ទទួល​ស្គាល់​នូវ​សមត្ថកិច្ច​របស់​គណៈកម្មាធិការ លុប​បំបាត់​នូវ​ការ​រើស​អើង​ប្រឆាំង​នារីភេទ ( ” គណៈកម្មាធិការ ” ) ក្នុង​ការ​ទទួល និង​ពិចារណា​លើ​ពាក្យ​បណ្ដឹង ដែល​ត្រូវ​បាន​ដាក់​ជូន​ស្រប​តាម​មាត្រា ២។

មាត្រា ២ :

ពាក្យ​បណ្ដឹង អាច​ដាក់​ជូន​ដោយ​ឬ​ក្នុង​នាម​បុគ្គល​ម្នាក់ៗ ឬ​ក្រុម​នៃ​មនុស្ស​ម្នាក់ៗ​នៅ​ក្រោយ​យុត្តាធិការ​របស់​រដ្ឋ​ជា​ភាគី​ដែល​បាន ​អះអាង​ថា ខ្លួន​គឺ​ជា​ជនរងគ្រោះ​នៃ​ការ​រំលោភ​សិទ្ធិ​ណាមួយ​ដែល​មាន ចែង​នៅ​ក្នុង​អនុសញ្ញា​ដោយ​រដ្ឋ​ភាគី​នោះ។ ប្រសិន​បើ​ពាក្យ​បណ្ដឹង ត្រូវ​​បាន​ដាក់​ជូន​ក្នុង​នាម​បុគ្គល​ម្នាក់ៗ ឬ​ក្រុម នៃ​បុគ្គល​ម្នាក់ៗ ការ​ធ្វើ​បែប​នេះ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ពួកគេ លុះ​ត្រា​តែ​អ្នក​សរសេរ​សារ​លិខិត​នោះ អាច​ពន្យល់​ហេតុ​ផល​អំពី​ការ​ធ្វើ​ក្នុង​នាម​ជន​ទាំង​នោះ ដោយ​គ្មាន​ការ​យល់​ព្រម​បែប​នោះ។

មាត្រា ៣ :

ពាក្យ​បណ្ដឹង ត្រូវ​ធ្វើ​ជា​លាយ​លក្ខណ៍​អក្សរ និង​មិន​ត្រូវ​ធ្វើ​ជា​លក្ខណៈ​អនាមិក​ឡើយ។ គណៈកម្មាធិការ មិន​ទទួល​ពាក្យ​បណ្ដឹង​ឡើយ ប្រសិន​បើ​ពាក្យ​បណ្ដឹង​នោះ ពាក់ព័ន្ធ​នឹង​រដ្ឋ​ភាគី​មួយ ដែល​មិនមែន​ជា​ភាគី​ចំពោះ​ពិធី​សារ​បច្ចុប្បន្ន​ទេ​នោះ។

មាត្រា ៤ :

១. គណៈកម្មាធិការ មិន​ពិចារណា​លើ​ពាក្យ​បណ្ដឹង​ឡើយ ប្រសិន​បើ​ខ្លួន​យល់​ឃើញ​ថា ដំណោះស្រាយ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ប្រទេស មិន​ទាន់​ត្រូវ​បាន​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​ទេ​នោះ វៀរ​លែង​តែ ការ​ប្រើប្រាស់​ដំណោះ​ទាំង​នោះ ត្រូវ​បាន​អូស​បន្លាយ​ដោយ​មិន​សម​ហេតុ​ផល ឬ​ទំនង​ជា​មិន​អាច​ធ្វើ​ឱ្យ​មាន​ការ​ធូ​ស្រាល ប្រកប​ដោយ​ប្រសិទ្ធភាព​បាន។

២. គណៈកម្មាធិការ អាច​ប្រកាស​ថា ពាក្យ​បណ្ដឹង មិន​អាច​ទទួល​យក​បាន​ ប្រសិន​បើ:

(ក) បញ្ហា​ដដែល​នោះ ត្រូវ​បាន​ពិនិត្យ​ដោយ​គណៈកម្មាធិការ​នេះ​រួច​ហើយ ឬ​កំពុង​តែ​ត្រូវ​បាន​ពិនិត្យ​ក្រោម​នីតិវិធី​នៃ​ការ​ស៊ើបអង្កេត ឬ​សេចក្ដី​សម្រេច​អន្តរ​ជាតិ​មួយ​ផ្សេង​ទៀត។

(ខ) ពាក្យ​បណ្ដឹង​នោះ មិន​សមស្រប​ជាមួយ​ខ​បញ្ញត្តិ​នៃ​អនុសញ្ញា។

(គ) ពាក្យ​បណ្ដឹង​នោះ មិន​មាន​មូលដ្ឋាន​ត្រឹមត្រូវ ឬ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់។

(ឃ) ពាក្យ​បណ្ដឹង​នោះ​ គឺ​ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ក្នុង​ការ​ដាក់​ជូន​ពាក្យ​បណ្ដឹង។

(ង) ការ​ពិត ដែល​ជា​ប្រធាន​បទ​នៃ​ពាក្យ​បណ្ដឹង​នោះ បាន​កើត​ឡើង​​មុន ពិធីសារ​បច្ចុប្បន្ន​ចូល​ជា​ធរមាន​សំរាប់​សាម៉ី​រដ្ឋ​ភាគី លុះត្រាតែ​ការ​ពិត​ទាំង​នោះ បន្ត​រហូត​ដល់​ក្រោយ​កាល​បរិច្ឆេទ​ចូល​ជា​ធរមាន​សំរាប់​រដ្ឋ​ភាគី​នោះ។

មាត្រា ៥ :

១. នៅ​ពេល​ណាមួយ ក្រោយ​ពី​ការ​ទទួល​បាន​នូវ​ពាក្យ​បណ្ដឹង និង​មុន​ពេល​ឈាន​ដល់​ការ​សម្រេច​ដោយ​ផ្អែក​លើ​អង្គហេតុ គណៈកម្មាធិការ អាច​ផ្ញើ សំរាប់ពិនិត្យ​ពិចារណា​ជា​បន្ទាន់ សូវ​សំណើ​មួយ​​ទៅ​​សាម៉ី​រដ្ឋ​ភាគី​ថា រដ្ឋ​ភាគី​នោះ​ត្រូវ​ចាត់​វិធានការ​បណ្ដោះអាសន្ន ជា​ការ​ចាំបាច់ ដើម្បី​ចៀសវាង​ការ​ខូចខាត​ដែល​មិន​អាច​កែ​​បាន​ចំពោះ​ជន​រងគ្រោះ ឬ​ជន​រងគ្រោះ​ទាំងឡាយ​នៃ​ការ​រំលោភ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ។

២. នៅ​ពេល​ដែល​គណៈកម្មាធិការ អនុវត្ត​នូវ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន ដូច​មាន​ចែង​ក្នុង​កថាខ័ណ្ឌ​១​នៃ​មាត្រា​នេះ ការ​ធ្វើ​បែប​នេះ​ មិនមែន​មាន​ន័យ​ថា​ជា​ការ​សម្រេច​លើ​ភាព​អាច​ទទួល​យក​បាន ឬ​ដោយ​ផ្អែក​លើ​អង្គហេតុ​នៃ​ពាក្យ​បណ្ដឹង​នោះ​ទេ។

មាត្រា ៦:

១. លុះត្រាតែ​គណៈកម្មាធិការ ចាត់​ទុក​ថា​ពាក្យ​បណ្ដឹង​មួយ​អាច​ទទួល​យក​បាន ដោយ​គ្មាន​ការ​យោង​ទៅ​លើ​សាម៉ី​រដ្ឋ​ភាគី ហើយ​ប្រសិន​បើ​បុគ្គល​ម្នាក់ៗ យល់​ព្រម​ចំពោះ​ការ​បង្ហាញ​អត្តសញ្ញាណ​របស់​ពួក​គេ​ដល់​រដ្ឋ​ភាគី​នោះ ទើប​គណៈកម្មាធិការ ប្រាប់​សាម៉ី​រដ្ឋ​ភាគី​ឱ្យ​បាន​ដឹង​អំពី​ពាក្យ​បណ្ដឹង​ណាមួយ​ដែល​បាន​ដាក់​ ដល់​ខ្លួន​ដោយ​រក្សា​ការ​សម្ងាត់​ក្រោម​ពិធី​សារ​បច្ចុប្បន្ន។

២. ក្នុង​រយៈពេល​ប្រាំមួយ​ខែ រដ្ឋ​ភាគី​ជា​អ្នក​ទទួល​ខុសត្រូវ​ដាក់​ជូន​នូវ​ការ​ពន្យល់ ឬ​សេចក្ដី​ថ្លែងការណ៍ ជា​លាយលក្ខណ៍​អក្សរ​ទៅ​គណៈកម្មាធិការ ដោយ​ផ្ដល់​ការ​បំភ្លឺ​អំពី​បញ្ហា​នោះ និង​ដំណោះស្រាយ ដែល​រដ្ឋ​ភាគី​នោះ អាច​ផ្ដល់​ឱ្យ​បាន។

មាត្រា ៧ :

១. គណៈកម្មាធិការ ពិចារណា​លើ​ពាក្យ​បណ្ដឹង ដែល​ខ្លួន​បាន​ទទួល ដូច​មាន​ចែង​នៅ​ក្នុង​ពិធីសារ​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ទាំងអស់​ ដែល​បាន​ផ្ដល់​ជូន​ដោយ ឬ​ក្នុង​នាម​បុគ្គល​ម្នាក់ៗ ឬ​ក្រុម​នៃ​បុគ្គល​ម្នាក់ៗ និង​ដោយ​សាម៉ី​រដ្ឋ​ភាគី​ក្នុង​ករណី ដែល​ព័ត៌មាន​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ភាគី​ពាក់ព័ន្ធ​ទាំងនេះ។

២. គណៈកម្មាធិការ អាច​រៀបចំ​ការ​ប្រជុំ​សម្ងាត់​បាន នៅ​ពេល​ដែល​ខ្លួន​កំពុង​ពិនិត្យ​លើ​ពាក្យ​បណ្ដឹង​ក្រោម​ពិធីសារ​បច្ចុប្បន្ន។

៣. ក្រោយ​ពី​ការ​ពិនិត្យ​លើ​ពាក្យ​បណ្ដឹង​នេះ គណៈកម្មាធិការ​ អាច​បញ្ជូន​យោបល់​របស់​ខ្លួន​អំពី​ពាក្យ​បណ្ដឹង​នេះ​ព្រមទាំង​អនុសាសន៍ ទៅ​ភាគី​ទាំងឡាយ​ដែល​ពាក់ព័ន្ធ។

៤. រដ្ឋ​ភាគី ត្រូវ​ផ្ដល់​ការ​ពិចារណា​សមស្រប​លើ​យោបល់ ព្រម​ទាំង​អនុសាសន៍ របស់​គណៈកម្មាធិការ និង​ត្រូវ​ដាក់​ជូន​គណៈកម្មាធិការ នូវ​ចម្លើយ​ជា​លាយលក្ខណ៍​អក្សរ រាប់​បញ្ចូល​ទាំង​ព័ត៌មាន​អំពី​វិធានការ​ណាមួយ​ដែល​បាន​ចាត់​ឡើង​ពាក់ព័ន្ធ​ នឹង​យោបល់ និង​អនុសាសន៍​របស់​​គណៈកម្មាធិការ ក្នុង​រយៈពេល​ប្រាំមួយ​ខែ។

៥. គណៈកម្មាធិការ អាច​ស្ទើរ​សុំ​ឱ្យ​រដ្ឋ​ភាគី​ដាក់​ជូន​នូវ​ព័ត៌មាន​បន្ថែម អំពី​វិធានការ​ទាំងឡាយ ដែល​រដ្ឋ​ភាគី​បាន​ចាត់​ឡើង ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​យោបល់ ឬ​អនុសាសន៍​របស់​ខ្លួន​ ដែល​គណៈកម្មាធិការ​យល់​ឃើញ​ថា​ជា​ការ​សមស្រប​នៅ​ក្នុង​របាយ​ការណ៍​ក្រោយៗ​ របស់​រដ្ឋភាគី ស្រប​តាម​មាត្រា ១៨ នៃ​អនុសញ្ញា។

មាត្រា ៨ :

១. ប្រសិន​បើ​គណៈកម្មាធិការ​ទទួល ព័ត៌មាន​ដ៏​គួរ​ឱ្យ​ជឿ​បាន ដែល​បង្ហាញ​អំពី​ការ​រំលោភ​ធ្ងន់ធ្ងរ ឬ​ជា​លក្ខណៈ​ប្រព័ន្ធ​លើ​សិទ្ធិ ដែល​​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា ដោយ​រដ្ឋ​ភាគី​នោះ គណៈកម្មាធិការ នឹង​ស្នើ​ឱ្យ​រដ្ឋ​ភាគី​នោះ​ជួយ​សហការ​ក្នុង​ការ​ពិនិត្យ ព័ត៌មាន​នោះ និង​ក្នុង​ន័យ​នេះ ដាក់​ជូន​នូវ​ការ​សង្កេតការណ៍ ទាក់ទិន​នឹង​ព័ត៌មាន​នោះ។

២. ដោយ​ពិចារណា​លើ​ការ​សង្កេត​ការណ៍ ដែល​អាច​ដាក់​ជូន​ដោយ​សាម៉ី​រដ្ឋ​ភាគី ព្រមទាំង​ព័ត៌មាន​ដ៏​គួរ​ឱ្យ​ជឿ​បាន​ណាមួយ​ផ្សេង​ទៀត ដែល​ខ្លួន​មាន គណៈកម្មាធិការ អាច​តែងតាំង​សមាជិក​របស់​ខ្លួន​ម្នាក់ ឬ​ច្រើន​ជាង​នេះ ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត និង​រាយការណ៍​ជា​បន្ទាន់​ទៅ​គណៈកម្មាធិការ។ ប្រសិន​បើ​ត្រូវ​បាន​ធានា និង​ដោយ​មាន​ការ​យល់​ព្រម​ពី​រដ្ឋ​ភាគី​នោះ ការ​ស៊ើបអង្កេត អាច​រាប់​បញ្ចូល​ទស្សនកិច្ច​ទៅកាន់​ដែក​ដី​នៃ​រដ្ឋ​ភាគី​នោះ​ផង។

៣. ក្រោយ​ពី​ពិនិត្យ​លើ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​បែប​នោះ គណៈកម្មាធិការ នឹង​ផ្ញើ​លទ្ធផល ទាំង​នេះ​ឱ្យ​សាម៉ី​រដ្ឋ​ភាគី​រួម​ជាមួយ​យោបល់​ និង​អនុសាសន៍​ផ្សេងៗ​ផង។

៤. សម៉ី​រដ្ឋ​ភាគី ​ត្រូវ​ដាក់​ជូន​គណៈកម្មាធិការ​នូវ​ការ​សង្កេត​ការណ៍​របស់​ខ្លួន ក្នុង​រយៈពេល​ប្រាំមួយ​ខែ​នៃ​ការ​ទទួល​លទ្ធផល យោបល់ និង​អនុសាសន៍ ដែល​គណៈកម្មាធិការ បាន​ផ្ញើ​ជូន។

៥. ការ​ស៊ើបអង្កេត​បែប​នោះ ត្រូវ​ធ្វើឡើង​ដោយ​រក្សា​ការ​សម្ងាត់ និង​ត្រូវ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ពី​រដ្ឋ​ភាគី​នៅ​គ្រប់​​ដំណាក់​ កាល​នៃ​ដំណើរ​ការ​នោះ។

មាត្រា ៩ :

១. គណៈកម្មាធិការ អាច​ស្នើ​សាម៉ី​រដ្ឋ​ភាគី​ឱ្យ​បញ្ចូល​នូវ​ព័ត៌មាន​លំអិត​អំពី​វិធានការ​ ណាមួយ ដែល​ត្រូវ​បាន​ចាត់​ឡើង​ឆ្លើយ​តប​ទៅ​ការ​ស៊ើបអង្កេត ដែល​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​ក្រោម​មាត្រា ៨ នៃ​ពិធីសារ​បច្ចុប្បន្ន នៅ​ក្នុង​របាយការណ៍​របស់​ ខ្លួន ក្រោម​មាត្រា ១៨ នៃ​អនុសញ្ញា។

២. ប្រសិន​បើ​ចាំបាច់ គណៈកម្មាធិការ អាច​ស្នើ​ឱ្យ​សាម៉ី​រដ្ឋ​ភាគី​ផ្ដល់​ព័ត៌មាន​ដល់​ខ្លួន​អំពី​វិធានការ​ ទាំងឡាយ ដែល​ត្រូវ​បាន​ចាត់​ឡើង ឆ្លើយ​តប​ទៅ​នឹង​ការ​ស៊ី​អង្កេត​បែប​នោះ ក្រោយ​ពី​បញ្ចប់​នៃ​រយៈពេល​ប្រាំមួយ​ខែ ដែល​បាន​ចែង​នៅ​ក្នុង​មាត្រា ៨.៤។

មាត្រា ១០ :

១. នៅ​ពេល​ចុះហត្ថលេខា ឬ​ឱ្យ​សច្ចាប័ន​ ឬ​ចូល​ជា​សមាជិក​នៃ​ពិធី​សារ​បច្ចុប្បន្ន រដ្ឋ​ភាគី​នីមួយៗ អាច​ប្រកាស​ថា ខ្លួន​មិន​ទទួល​ស្គាល់​នូវ​សមត្ថកិច្ច​របស់​គណៈកម្មាធិការ ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា ៨ និង មាត្រា ៩ ​បាន។

២. រដ្ឋ​ភាគី​ណាមួយ ដែល​បាន​ធ្វើ​ការ​ប្រកាស ស្រប​តាម​កថាខ័ណ្ឌ ១ នៃ​មាត្រា​នេះ អាច​ដក​សេចក្ដី​ប្រកាស​នេះ​ចេញ​ដោយ​ការ​ជូនដំណឹង​ដល់​អគ្គ​លេខាធិការ នៅ​ពេល​ណាមួយ​ក៏​បាន។

មាត្រា ១១ :

រដ្ឋ​ភាគី ត្រូវ​ចាត់​វិធានការ​សមស្រប​ទាំងឡាយ ដើម្បី​ធានា​ថា ​បុគ្គល​ម្នាក់ៗ ដែល​ស្ថិត​ក្រោម​យុត្តាធិការ​របស់​ខ្លួន​មិន​ទទួល​រង​ការ​ធ្វើ​បាប ឬ​ការ​បំភិតបំភ័យ ដែល​ជា​ផល​វិបាក​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គណៈកម្មាធិការ ដោយ​អនុលោម​តាម​ពិធីសារ​បច្ចុប្បន្ន។

មាត្រា ១២ :

គណៈកម្មាធិការ នឹង​បញ្ចូល​សេចក្ដី​សង្ខេប​នៃ​សកម្ម​ភាព​របស់​ខ្លួន នៅ​ក្រោម​ពិធី​សារ​បច្ចុប្បន្ន នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ របស់​ខ្លួន ស្រប​តាម​មាត្រា ២១ នៃ​អនុសញ្ញា។

មាត្រា ១៣ :

រដ្ឋ​ភាគី​នីមួយៗ យល់​ព្រម​ផ្សព្វផ្សាយ​អនុសញ្ញា និង​ពិធីសារ​បច្ចុប្បន្ន ឱ្យ​សាធារណៈជន​បាន​ដឹង​ដោយ​ទូលំទូលាយ និង​សមស្រប​សម្រួល​នូវ​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​អំពី​យោបល់ និង​អនុសាសន៍​របស់​គណៈកម្មាធិការ ជាពិសេស យោបល់​និង​អនុសាសន៍​អំពី​បញ្ហា​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋ​ភាគី​នោះ។

មាត្រា ១៤ :

គណៈកម្មាធិការ រៀបចំ​បង្កើត​វិធាន​នីតិវិធី​របស់​ខ្លួន​ផ្ទាល់ ដែល​ត្រូវ​គោរព​តាម នៅ​ពេល​អនុវត្ត​មុខងារ ដែល​ពិធីសារ​នេះ​បាន​ផ្ដល់​ឱ្យ។

មាត្រា ១៥ :

១. ពិធីសារ​បច្ចុប្បន្ន បើក​ចំហ​សំរាប់​ការ​ចុះហត្ថលេខា ដោយ​រដ្ឋ​ណាមួយ​ ដែល​បាន​ចុះ​ហត្ថលេខា ឱ្យ​សច្ចាប័ន ឬ​យល់​ព្រម ចំពោះ​អនុសញ្ញា។

២. ពិធី​សារ​បច្ចុប្បន្ន ត្រូវ​តែ​មាន​សច្ចាប័ន​ពី​រដ្ឋ​ភាគី ​ដែល​បាន​ឱ្យ​សច្ចាប័ន ឬ​បាន​យល់​ព្រម​​លើ​អនុសញ្ញា​ជា​មុន​សិន។ លិខិត​តុបករណ៍​ដែល​បាន​ទទួល​សច្ចាប័ន​ត្រូវ​តម្កល់​ទុក​ជា​មួយ​អគ្គ​ លេខាធិការ​អង្គការ​សហប្រជាជាតិ។

៣. ពិធីសារ​បច្ចុប្បន្ន បើក​ចំហ​សំរាប់​ការ​ចូល​ជា​សមាជិក ដោយ​រដ្ឋ​ណាមួយ ដែល​បាន​ឱ្យ​សច្ចាប័ន ឬ​យល់​ព្រម​លើ​អនុសញ្ញា។

៤. ការ​ចូល​ជា​សមាជិក ចូល​ជា​ធរមាន ដោយ​ការ​តម្កល់​ទុក​ឧបករណ៍​នៃ​ការ​ចូល​ជា​សមាជិក​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

មាត្រា ១៦ :

១. ពិធីសារ​បច្ចុប្បន្ន នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​បី​ខែ បន្ទាប់​ពី​កាល​បរិច្ឆេទ​នៃ​ការ​ដំកល់​​ទុក​ជាមួយ​អគ្គលេខាធិការ អង្គការសហប្រជាជាតិ នូវ​ឧបករណ៍​នៃ​ការ​ឱ្យ​សច្ចាប័ន ឬ​ការ​ចូល​ជា​សមាជិក​លើក​ទី​១០។

២. សំរាប់​រដ្ឋ​នីមួយៗ ដែល​បាន​ឱ្យ​សច្ចាប័ន​ ឬ​យល់​ព្រម​លើ​ពិធីសារ​បច្ចុប្បន្ន បន្ទាប់​ពី​ពិធី​សារ​បច្ចុប្បន្ន បាន​ចូល​ជា​ធរមាន​ពិធី​សារ​បច្ចុប្បន្ន នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​បី​ខែ ក្រោយ​កាល​បរិច្ឆេទ​នៃ​ការ​ដំកល់​ឧបករណ៍​នៃ​ការ​ឱ្យ​សច្ចាប័ន​ ឬ​ការ​ចូល​ជា​សមាជិក​របស់​ខ្លួន​ផ្ទាល់។

មាត្រា ១៧ :

ពិធីសារ​បច្ចុប្បន្ន មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បំរុង​ទុក​ទេ។

មាត្រា ១៨ :

១. រដ្ឋ​ភាគី​នីមួយៗ អាច​ស្នើ​សុំ​ការ​ធ្វើ​វិសោធនកម្ម​ចំពោះ​ពិធីសារ​បច្ចុប្បន្ន ហើយ​ដាក់​សំណើ​នេះ​ជូន​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន។ អគ្គលេខាធិការ នឹង​ផ្ញើ​សំណើ​សុំ​វិសោធនកម្ម​នេះ​ទៅ​រដ្ឋ​ភាគី​ទាំងឡាយ ​ដោយ​មាន​សំណូមពរ​មួយ​សុំ​ឱ្យ​ពួក​គេ​កត់​សំគាល់​ខ្លួន​ឯង​ថា តើ​ពួកគេ​គាំទ្រ​ឱ្យ​មាន​សន្និសីទ​មួយ​របស់​រដ្ឋ​ភាគី​ទាំងឡាយ​​​ដើម្បី​ ពិចារណា​ និង​បោះឆ្នោត​លើ​សំណើ​នោះ​ដែរ​ឬ​អត់។ ក្នុង​ករណី​ដែល​១/៣​នៃ​រដ្ឋ​ភាគី​យ៉ាង​តិច គាំទ្រ​ឱ្យ​មាន​សន្និសីទ​បែប​នោះ អគ្គលេខាធិការ នឹង​កោះ​អញ្ជើញ​រដ្ឋ​ភាគី​សំរាប់​សន្និសីទ​នោះ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ អង្គការ​សហប្រជាជាតិ។ វិសោធនកម្ម​ណាមួយ​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​មតិ​ភាគច្រើន​នៃ​រដ្ឋ​ភាគី ដែល​មាន​វត្តមាន និង​បោះឆ្នោត​នៅ​ក្នុង​សន្និសីទ​នោះ នឹង​ត្រូវ​ដាក់​ជូន​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​សម្រេច។

២. វិសោធនកម្ម នឹង​ចូល​ជា​ធរមាន នៅ​ពេល​ដែល​វិសោធនកម្ម​ទាំង​នោះ ត្រូវ​បាន​សម្រេច​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ទទួល​យក​ដោយ​មតិ​ភាគ​ច្រើន​២/៣​នៃ​រដ្ឋ​ភាគី​ចំពោះ​ពិធី​សារ​ បច្ចុប្បន្ន ស្របតាម​ដំណើរ​ការ​នៃ​រដ្ឋ​ធម្មនុញ្ញ​​រៀង​ខ្លួនៗ​របស់​ពួក​គេ។

៣. នៅ​ពេល​ដែល​វិសោធនកម្ម ចូល​ជា​ធរមាន វិសោធនកម្ម​ទាំង​នោះ នឹង​ចង​ភ្ជាប់​កាតព្វកិច្ច​របស់​រដ្ឋ​ភាគី​ទាំងឡាយ​ដែល​បាន​ទទួល​យក​ វិសោធនកម្ម​ទាំង​នោះ រដ្ឋ​ភាគី​ផ្សេង​ទៀត​នៅ​តែ​ជាប់​កាតព្វកិច្ច​ចំពោះ​ខ​បញ្ញត្តិ​នៃ​ពិធីសារ​ បច្ចុប្បន្ន និង​វិសោធនកម្ម​មុន​ណាមួយ ដែល​ពួក​គេ​បាន​ទទួល​យក។

មាត្រា ១៩ :

១. រដ្ឋ​ភាគី​នីមួយៗ អាច​ប្រកាស​បដិសេធ​ពិធីសារ​បច្ចុប្បន្ន នៅ​ពេល​ណាមួយ​ក៏​បាន ដោយ​ការ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ ផ្ញើ​ជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ។ ការ​ប្រកាស​បដិសេធ នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​ប្រាំមួយ​ខែ បន្ទាប់ពី​ថ្ងៃ ដែល​អគ្គលេខាធិការ បាន​ទទួល​សេចក្ដី​ជូនដំណឹង​នោះ។

២. ការ​ប្រកាស​បដិសេធ ត្រូវ​តែ​ធ្វើឡើង​ដោយ​​មិន​មាន​ការ​លំអៀង​ទៅ​រក​ការ​បន្ត​ប្រើប្រាស់​បទ​ បញ្ញត្តិ​នៃ​ពិធីសារ​បច្ចុប្បន្ន សំរាប់​ការ​ប្រាស្រ័យ​ទាក់ទង​ណាមួយ ដែល​ត្រូវ​បាន​ដាក់​ជូន​ក្រោម​មាត្រា ២ ឬ​ការ​ស៊ើបអង្កេត​ណាមួយ​ដែល​ត្រូវ​បាន​ផ្ដួចផ្ដើម​គំនិត ក្រោម​មាត្រា ៨ មុន​ថ្ងៃ​ចូល​ជា​ធរមាន​នៃ​ការ​ប្រកាស​បដិសេធ​ឡើយ។

មាត្រា ២០ :

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ត្រូវ​ជូន​ដំណឹង​ដល់​រដ្ឋ​ទាំង​អស់​អំពី:

(ក) ហត្ថលេខា សច្ចាប័ន និង​ការ​ចូល​ជា​សមាជិក ក្រោម​ពិធីសារ​បច្ចុប្បន្ន

(ខ) កាលបរិច្ឆេទ​ចូល​ជា​ធរមាន​នៃ​ពិធីសារ​បច្ចុប្បន្ន និង​វិសោធនកម្ម​ណាមួយ ក្រោម​មាត្រា ១៨

(គ) ការ​ប្រកាស​បដិសេធ​​ណាមួយ ក្រោម​មាត្រា ១៩

មាត្រា ២១ :

១. ពិធីសារ​បច្ចុប្បន្ន ដែល​ឯកសារ​ដើម​ជា​ភាសា​អារ៉ាប់ ចិន អង់គ្លេស បារាំង រុស្ស៊ី និង​អេស្បាញ៉ុល មាន​តម្លៃ​ស្មើ​គ្នា​នោះ ត្រូវ​ដំកល់​ទុក​នៅ​ក្នុង​ប័ណ្ណាសារ​របស់​អង្គការ​សហប្រជាជាតិ។

២​. អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នឹង​ផ្ញើ​ច្បាប់​ដើម​នៃ​ពិធី​សារ​បច្ចុប្បន្ន​ដែល​មាន​ការ​បញ្ជាក់​ ត្រឹមត្រូវ​ជូន​រដ្ឋ​ទាំងអស់ ដែល​បាន​បញ្ជាក់​នៅ​ក្នុង​មាត្រា ២៥ នៃ​​អនុសញ្ញា។

របាយ​ការណ៍
ស្ដី​ពី
ការ​ពិនិត្យ​សិក្សា​ស្រាវ​ជ្រាវ
លើ​អត្ថបទ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​អនុម័ត​យល់​ព្រម​លើ​ពិធី​សារ
តាម​ជម្រើស​នៃ​អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ

– សូម​គោរពសម្ដេច​អគ្គមហាពញាចក្រី​ប្រធាន​រដ្ឋសភា ជា​ទី​គោរព​ដ៏​ខ្ពង់​ខ្ពស់

– សូម​គោរព​ឯកឧត្ដម​អនុ​ប្រធាន​ទី​១

-សូម​គោរព​ឯកឧត្ដម​អនុប្រធាន​ទី​២

– សូម​គោរព​លោក​ជំទាវ ឯកឧត្ដម នៃ​អង្គសភា​ទាំង​មូល

– សូម​គោរព​តំណាង​រាជ​រដ្ឋាភិបាល

ក្នុង​នាម​គណៈកម្មការ​ សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន​ យុវនីតិ​សម្បទា​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី នាង​ខ្ញុំ​សូម​អនុញ្ញាត​ជម្រាប​ជូន​អង្គ​សភា​ទាំងមូល​នូវ​លទ្ធផល នៃ​ការ​ពិនិត្យ​សិក្សា​ស្រាវជ្រាវ​លើ​អត្ថបទ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី ការ​អនុម័ត​យល់​ព្រម​លើ​ពិធី​សារ​តាម​ជម្រើស​នៃ​អនុសញ្ញា​ស្ដីពី ការ​លុបបំបាត់​រាល់​ទម្រង់ នៃ​ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ។

១~ អំពី​ទម្រង់​រដ្ឋបាល :

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​តាម​ជម្រើស នៃ​អនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់ នៃ​ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ ត្រូវ​បាន​រាជរដ្ឋាភិបាល​បញ្ជូន​មក​រដ្ឋសភា​តាម​លិខិត​លេខ ៣០៩ លស.កបច ចុះ​ថ្ងៃ​ទី ៣១ ខែ មីនា ឆ្នាំ​ ២០០៩ ដោយ​មាន​ភ្ជាប់​សេចក្ដី​ថ្លែង​ហេតុ​លេខ​ ១៧ សជណ.កបច ចុះ​ថ្ងៃ​ទី ៣១ ខែ មីនា ឆ្នាំ​ ២០០៩ មក​ជាមួយ​ផង។ បន្ទាប់​មក គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ប្រគល់​ភារកិច្ច​ជូន​គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​កិច្ចការនារី តាម​លិខិត​លេខ ៣៦៣ រស ចុះ​ថ្ងៃ​ទី​២២ ខែ ​មេសា ឆ្នាំ​ ២០០៩ ដើម្បី​ធ្វើ​ការ​ពិនិត្យ​សិក្សាស្រាវជ្រាវ​និង​ចាត់ការ​ធ្វើ​សេចក្ដី​ រាយការណ៍​ជូន​សភា​ពេញ​អង្គ។ គណៈកម្មការ​យល់​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​ស្រប​តាម​ទម្រង់​រដ្ឋបាល ដែល​មាន​ចែង​ក្នុង​ប្រការ ២១ នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា។

២~ អំពី​ខ្លឹមសារ​សេចក្ដី​ព្រាង​ច្បាប់ :

ឆ្លើយតប ចំពោះ​ភារកិច្ច​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ​បាន​ប្រគល់​ជូន​គណៈកម្មការ​បាន​ប្រជុំ​ផ្ទៃក្នុង​គណៈកម្មការ​ចំនួន ០២ លើក ដោយ​មាន​ការ​ចូលរួម​ពី​ទីប្រឹក្សា​ច្បាប់​អម​គណៈកម្មការ។ តមក នៅ​ថ្ងៃ​ទី​២២ ខែ ឧសភា ឆ្នាំ​ ២០០៩ និង​ថ្ងៃ​ទី ១៩ ខែ ​មិថុនា ឆ្នាំ ​២០០៩ គណៈកម្មការ​បាន​ប្រជុំ​ជា​មួយ​តំណាង​រាជរដ្ឋាភិបាល តំណាង​គណៈកម្មការ​នានា​រដ្ឋ​សភា តំណាង​ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ទី​ប្រឹក្សា​ច្បាប់​អម​រដ្ឋសភា និង​ទីប្រឹក្សា​ច្បាប់​អម​គណៈកម្មការ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ។

នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី ការ​អនុម័ត​យល់​ព្រម​លើ​ពិធីសារ​តាម​ជម្រើស នៃ​អនុសញ្ញា​ស្ដីពី ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ មាន​គោល​បំណង​ដូច​ខាង​ក្រោម​នេះ :

– ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​អនុសញ្ញា​ស៊ី-ដ ដល់​រដ្ឋ ក្រសួង ស្ថាប័ន​នានា និង​បុគ្គល​ទាំងឡាយ

– ដើម្បី​បង្កើន​ការ​យល់​ដឹង​ជា​សាធារណ​ពី​បទដ្ឋាន​សិទ្ធិមនុស្ស​ដែល​ទាក់ទង​នឹង​ការ​រើសអើង​ប្រឆាំង​នារី​ភេទ

– ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង និង​ពង្រឹង​យន្តការ​អនុវត្តន៍​សិទ្ធិមនុស្ស​របស់​នារី​ដែល​មាន​ស្រាប់

– ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន នៅ​ក្នុង​ច្បាប់​នានា​ដែល​មាន​ការ​រើសអើង និង​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង

– ដើម្បី​ធ្វើឱ្យ​​ប្រសើរ​ឡើង​នូវ​យន្ត​ការ​នានា ដែល​មាន​ស្រាប់ ក្នុង​ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​កម្ពុជា​ស្រប​តាម​ស្មារតី​នៃ​សេចក្ដី​ ថ្លែងការណ៍​ជា​សកល ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា​សិទ្ធិមនុស្ស​នានា របស់​អង្គការ​សហប្រជាជាតិ។

៣~ ការ​សម្រួល​ពាក្យពេចន៍​បន្ថែម :

គណៈកម្មការ និង​តំណាង​រាជរដ្ឋាភិបាល​ស្រុះស្រួល បាន​ឯកភាព​គ្នា​កែ​សម្រួល​បន្ថែម​ពាក្យពេចន៍​មួយ​ចំនួន ដើម្បី​ធ្វើ​ឱ្យ​សេចក្ដី​ព្រាងច្បាប់​នេះ កាន់​តែ​មាន​ភាព​ច្បាស់លាស់ ក្នុង​មាត្រា​១ : នៅ​បន្ទាត់​ទី​ពីរ បន្ថែម​សញ្ញា« ” » នៅ​ពី​លើ​អក្សរ « យ » «… ដែល​ធ្វើ​នៅ​ទីក្រុង ញ៉ូយ៉ក …។»

ក្រៅពី​នោះ គណៈកម្មការ​ និង​តំណាង​រាជរដ្ឋាភិបាល បាន​ឯកភាព​រក្សា​ទុក​ខ្លឹមសារ និង​ទម្រង់​នៃ​សេចក្ដី​ព្រាង​​លើក​ទី​១ របស់​រាជរដ្ឋាភិបាល ដូច​មាន​នៅ​ក្នុង​អត្ថបទ​ដែល​បាន​ថត​ចម្លង​ជូន​តំណាងរាស្ត្រ​ចំនួន​១២៣​រូប។

៤~ សេចក្ដី​សន្និដ្ឋាន​របស់​គណៈកម្មការ :

គណៈកម្មការ​យល់​ឃើញ​ថា សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​តាម​ជម្រើស​នៃ​ អនុសញ្ញា​ស្ដីពី ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ​មាន​លក្ខណៈ ​សមស្រប​ទាំង​សងខាង​ទម្រង់​រដ្ឋបាល និង​មាន​ខ្លឹមសារ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​គោលនយោបាយ​ជាតិ​ ចំពោះ​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ​ដែល​ អាច​ដាក់​ជូន​អង្គ​សភា​ពិភាក្សា និង​អនុម័ត។

អាស្រ័យ​ហេតុ​នេះ សូម​​អង្គ​សភា​ទាំង​មូល​មេត្តា​ពិភាក្សា​និង​អនុម័ត​សេចក្ដី​ព្រាងច្បាប់​នេះ ដោយ​​អនុគ្រោះ។

Advertisements
%d bloggers like this: