ច្បាប់​​ចរាចរណ៍

-បាន​ទ្រង់​យល់​ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

-បាន​ទ្រង់​យល់​ ព្រះរាជក្រឹត្យ​លេខ​ នស/រ កត/០៧០៤​/១២៤​ ចុះ​ថ្ងៃ​ទី ​១៥​ ខែ​កក្កដា​ ឆ្នាំ
២០០៤​ ស្ដី​ពី​ការ​តែងតាំង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

-​បាន​ទ្រង់​យល់​ ព្រះរាជក្រម​លេខ​ ០២/នស/៩៤​ ចុះ​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​១៩៩៤​

ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី

-បាន​ទ្រង់​យល់​ ព្រះរាជក្រម​លេខ​ នស/រកម/០១៩៦/០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​១៩៩៦

ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្ដី​ពី​ការ​បង្កើត​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន

-បាន​ទ្រង់​យល់​ សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​

កម្ពុជា​ និង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​

ប្រកាស​ឱ្យ​ប្រើ

ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០០៦​ នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​ ៥​ នីតិកាល​ទី​ ៣​ និង​ដែល​ព្រឹទ្ធ​សភា​បាន​យល់ស្រប​តាម​ទម្រង់​ និង​គតិ​នៃ​ច្បាប់​នេះ​ទាំងស្រុង​ ដោយ​គ្មាន​ការ​កែប្រែ​អ្វី​ឡើយ​ កាល​ពី​ថ្ងៃ​ទី១៦​ ខែ​មករា​ ឆ្នាំ​២០០៧​ នា​សម័យ​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​លើក​ទី​២​ នីតិកាល​ទី​២​ ហើយ​ដែល​មាន​សេចក្ដី​ទាំង​ស្រុង​ដូច​តទៅ​នេះ​:

ច្បាប់​

ស្ដីពី​

ចរាចរណ៍​ផ្លូវ​គោក

ជំពូក​ទី​ ១

បទប្បញ្ញត្តិ​ទូទៅ

 

មាត្រា​ ១.-

ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នេះ​ មាន​វិសាលភាព​គ្របដណ្ដប់​រាល់​ការ​ធ្វើ​ចរាចរណ៍
លើ​ផ្លូវថ្នល់​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា ២.-

ច្បាប់​នេះ​មាន​គោលបំណង​:

-រក្សា​សណ្ដាប់ធ្នាប់​ សុវត្ថិភាព​ ក្នុង​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ថ្នល់​ដែល​បើក​ឱ្យ​

ធ្វើ​ចរាចរណ៍​ជា​សាធារណៈ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​

-​ការពារ​អាយុជីវិត​មនុស្ស​ សត្វ​ និង​ការពារ​បរិស្ថាន

-​ទប់ស្កាត់​ការ​ប៉ះពាល់​សុខភាព​មនុស្ស​ និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ និង​ឯកជន​

-​ទប់ស្កាត់​ការ​ប្រព្រឹត្ត​បទល្មើស​ ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ផ្លូវ​ថ្នល់។

មាត្រា ៣.-

អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​ ត្រូវ​គោរព​ឱ្យ​ បាន​ត្រឹមត្រូវ​តាម​បទប្បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ។

មាត្រា ៤.-

ការ​បើកបរ​យានជំនិះ​គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ប្រកាន់​ស្ដាំ​ជានិច្ច។ គ្រប់​យានជំនិះ​ដែល​មាន​ចលនា​នៅ​លើ​ផ្លូវ​ថ្នល់​ ត្រូវ​តែ​មាន​អ្នក​បើកបរ។

មាត្រា ៥.-

ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​ ពាក្យ​ខាងក្រោម​ត្រូវ​កំណត់​និយមន័យ​ដូចតទៅ​:

-ពាក្យ​ថា​ ផ្លូវថ្នល់​ ហៅ​កាត់​ថា​ ផ្លូវ​ គឺ​ជា​ទំហំ​ទាំង​មូល​នៃ​ទ្រូង​ផ្លូវ​រួម​ជា​មួយ​ជាយ​ផ្លូវ​ ឬ​ ចិញ្ចើម​ផ្លូវ

-​ពាក្យ​ថា​ ទ្រូងផ្លូវ​ គឺ​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​ ទុក​សម្រាប់​យានជំនិះ​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍

-ពាក្យ​ថា​ ជាយ​ផ្លូវ​ គឺ​ជា​ផ្នែក​សងខាង​នៃ​ទ្រូងផ្លូវ​ដែល​នៅ​ក្រៅ​ទី​ប្រជុំ​ជន​ហើយ​អាច​ចត​ យានជំនិះ​នៅ​ទី​នោះ​បាន​ក្នុង​ករណី​ចាំបាច់

-​ពាក្យ​ថា​ ចិញ្ចើម​ផ្លូវ​ គឺ​ជា​ជាយ​ផ្លូវ​នៅ​ក្នុង​ទី​ប្រជុំ​ជន​ដែល​រៀបចំ​ទុក​សម្រាប់​ថ្មើរជើង​ ធ្វើ​ដំណើរ​ ប៉ុន្តែ​មិន​អាច​ចត​យានជំនិះ​នៅ​ទី​នោះ​បាន​ទេ

-ពាក្យ​ថា​ គន្លង​ផ្លូវ​ គឺ​ជា​ចំណែក​មួយ​នៃ​ទ្រូង​ផ្លូវ​ខ័ណ្ឌ​ដោយ​គំនូស​ដាច់ៗ​ឬ​ គំនូស​បង្ហូត​តាម​បណ្ដោយ​ទ្រូង​ផ្លូវ​ដែល​មាន​ទទឹង​គ្រប់គ្រាន់​ អាច​ឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​បាន​មួយ​ជួរ

-ពាក្យ​ថា​ ទី​ប្រជុំ​ជន​ គឺ​ជា​កន្លែង​ដែល​មាន​អគារ​ ឬ​ គេហដ្ឋាន​សង់​ជិតៗ​គ្នា​ ហើយ​ផ្លូវ​ចេញ ឬ​ ផ្លូវចូល​នៅ​ទីនោះ​ មាន​ដាក់​ផ្លាក​សញ្ញា​ឈ្មោះ​ទីប្រជុំ​ជន​សម្គាល់​ ការ​ចូល​ ឬ​ ឈ្មោះ​ទី​ប្រជុំ​ជន​ដែល​មាន​គំនូស​បន្ទាត់​ទ្រូង​ពណ៌​ក្រហម​សម្គាល់​ការ​ចេញ ​ពី​ទីប្រជុំ​ជន​តាម​ដង​ផ្លូវ​ និង​មាន​មនុស្ស​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទៅ​មក​ច្រើន

-ពាក្យ​ថា​ ផ្លូវ​ប្រសព្វ​ គឺ​ជា​កន្លែង​ប្រសព្វ​នៃ​ផ្លូវ​ពីរ​ ឬ​ ច្រើន​ដែល​មាន​ផ្ទៃ​រាប​តែ​មួយ​ និង​មិន​កំណត់​មុំ​នៃ​អ័ក្ស​របស់​ទ្រូង​ផ្លូវ​ឡើយ។ ផ្លូវ​ប្រសព្វ​អាច​មាន​រាង​ជា​ +,X,T,Y ឬ​ រង្វង់​មូល​ជា​ដើម

-ពាក្យ​ថា​ ផ្លូវ​រង្វង់​មូល​ គឺ​ជា​ទី​កន្លែង​ប្រសព្វ​នៃ​ផ្លូវ​ពីរ​ ឬ​ ច្រើន​ ហើយ​ដែល​នៅ​ចំ​កណ្ដាល​មាន​ខឿន​ រូប​ចំណាក​ ឬ​ វិមាន​ផ្សេងៗ​ និង​មាន​ទ្រូងផ្លូវ​ឯក​ទិស​ព័ទ្ធ​ជុំវិញ​ដោយ​មាន​សញ្ញា​ព្រួញ​ប្រាប់​ទិស​ ចរាចរណ៍​

-ពាក្យ​ថា​ ផ្លូវ​សាធារណៈ​ គឺ​ជា​ផ្លូវ​សម្រាប់​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​ទូទៅ​ជា​សាធារណៈ​

-ពាក្យ​ថា​ ផ្លូវ​ឯកជន​ គឺ​ជា​ផ្លូវ​កសាង​ដោយ​ឯកជន​ ដែល​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ដូច​ខាងក្រោម:

ក-ផ្លូវ​ឯកជន​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​ជា​សាធារណៈ​ គឺ​ជា​ផ្លូវ​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​ទូទៅ​ ដែល​បាន​សាងសង់​ ឬ​ ជួសជុល​ដោយ​ឯកជន​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋ។

ខ-ផ្លូវ​ឯកជន​មិន​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​ជា​សាធារណៈ​ គឺ​ជា​ច្រក​ផ្លូវ​សម្រាប់​បម្រុង​ទុក​បម្រើ​ការងារ​ក្នុង​បរិវេណ​ណាមួយ​ ដូចជា​ច្រក​គេហដ្ឋាន​ រោងចក្រ​ សហគ្រាស​ អគារ​ ឬ​ ទីលាន​បរិវេណ​ផ្សេងៗ។

-ពាក្យ​ថា​ ផ្លូវលំ​ គឺ​ជា​ផ្លូវ​ដី​ ដែល​តភ្ជាប់​ពី​ផ្លូវជាតិ​ ឬ​ ផ្លូវ​ខេត្ត​ ឆ្ពោះ​ទៅ​ភូមិ​ ឬ​ ឃុំ​នៅ​ជនបទ

-ពាក្យ​ថា ឈប់​ គឺ​ជា​ការ​នៅ​ស្ងៀម​នៃ​យានជំនិះ​លើ​ទ្រូងផ្លូវ​មួយ​រយៈពេល​ចាំបាច់​ដែល​មាន​ អ្នក​បើកបរ​ស្ថិត​នៅ​ជាប់​នឹង​ចង្កូត​ ឬ​ក្បែរ​យានជំនិះ​ខ្លួន​ ដើម្បី​ឱ្យ​អ្នក​ដំណើរ​ ឬ​យាន​ជំនិះ​ដទៃ​ទៀត​ឆ្លងកាត់​ ឬ​ដើម្បី​អែប​ខាង​ដាក់​ទំនិញ​ ឬ​អ្នក​ដំណើរ​ឡើងចុះ​

-ពាក្យ​ថា​ ចត​ គឺ​ការ​ទុក​ឱ្យ​យានជំនិះ​នៅ​ស្ងៀម​ក្នុង​រយៈពេល​យូរ​ ឬ​ ឆាប់​ដែល​អ្នក​បើកបរ​អាច​ដើរ​ចោល​យានជំនិះ​របស់​ខ្លួន​បាន

-ពាក្យ​ថា​ អ្នក​បើកបរ​ គឺ​ជា​អ្នក​បញ្ជា​យាន​ជំនិះ​គិត​ទាំង​អ្នក​ជិះ​សត្វ​ អ្នក​ដឹក​សត្វ​និង​អ្នក​បរ​សត្វ​នៅ​លើ​ផ្លូវ

-ពាក្យ​ថា​ យានជំនិះ​ គឺ​ជា​យាន​សម្រាប់​ដឹក​មនុស្ស​ ឬ​ទំនិញ​នៅ​លើ​ផ្លូវ​ ឬ​សម្រាប់​សណ្ដោង​ ឬ​ ត្រូវ​គេ​សណ្ដោង

-ពាក្យ​ថា​ យានយន្ត​ គឺ​ជា​យាន​ដែល​ធ្វើ​ចរាចរណ៍​ ដោយ​ម៉ាស៊ីន​នៅ​លើ​ផ្លូវ​ដូចជា​ទោចក្រយានយន្ត​ ត្រីចក្រយានយន្ត​ រថយន្ត​ ត្រាក់ទ័រ​ និង​យានយន្តុប្បករណ៍

-ពាក្យ​ថា យានយន្តុប្បករណ៍​ គឺ​ជា​យានយន្ត​ពិសេស​ដែល​មាន​ឧបករណ៍​គ្រឿង​ចក្រ​បំពាក់​បន្ថែម​ដោយ​គ្មាន​ ផ្ទុក​មនុស្ស​ ឬ​ គ្មាន​ផ្ទុក​ទំនិញ​ នៅ​ក្រៅ​កាប៊ីន​ ដូចជា​រថយន្ត​លាយ​ស៊ីម៉ងត៍​ ឬ​ រថយន្ត​សម្រាប់​បម្រើ​ការងារ​សាងសង់​ផ្លូវ​ ស្ពាន​ ជា​ដើម​

-ពាក្យ​ថា​ អ្នក​ប្រើប្រាស់​ផ្លូវ​ គឺ​ជាអ្នក​បើកបរ​យាន​ និង​អ្នក​ថ្មើរ​ជើង​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​

-ពាក្យ​ថា​ ទម្ងន់​ទទេ​របស់​យាន​ គឺ​ជា​ទម្ងន់​របស់​យាន​ដែល​គ្មាន​មនុស្ស​ ឬ​ គ្មាន​ទំនិញ​ ប៉ុន្តែ​មាន​ប្រេងឥន្ធនៈ​សម្រាប់​ផ្ដល់​ឱ្យ​យាន​ មាន​ឧបករណ៍​ជួសជុល​ និង​កង់​បម្រុង​

-ពាក្យ​ថា​ ទម្ងន់​ផ្ទុក​អតិបរមា​របស់​យាន​ គឺ​ជា​ផល​បូក​ទម្ងន់​ផ្ទុក​មនុស្ស​ និង​ទម្ងន់​ផ្ទុក​ទំនិញ​ ដែល​កំណត់​ដោយ​រោងចក្រ​ផលិត​យាន

-ពាក្យ​ថា​ ទម្ងន់​សរុប​អតិបរមា​របស់​យាន​ គឺ​ជា​ផល​បូក​សរុប​ទម្ងន់​ទទេ​របស់​យាន​ជា​មួយ​នឹង​ទម្ងន់​ផ្ទុក​អតិបរមា​ របស់​យាន។ បើ​សិន​ជា​យាន​មាន​សណ្ដោង​ ទម្ងន់​សរុប​អតិបរមា​របស់​យាន​ គឺជា​ផល​បូក​នៃ​ទម្ងន់​សរុប​អតិបរមា​របស់​យាន​នីមួយៗ

-ពាក្យ​ថា​ ទម្ងន់​សរុប​អនុញ្ញាត​អតិបរមា​របស់​យាន​ គឺ​ជា​ផល​បូក​ទម្ងន់​ទទេ​របស់​យាន​ជាមួយ​នឹង​ទម្ងន់​ផ្ទុក​មនុស្ស​ និង​ទម្ងន់​ផ្ទុក​ទំនិញ។ បើ​សិន​ជា​យាន​មាន​សណ្ដោង​ទម្ងន់​សរុប​អនុញ្ញាត​ អតិបរមា​របស់​យាន​ គឺ​ជា​ផល​បូក​នៃ​ទម្ងន់​សរុប​អតិបរមា​របស់​យាន​នីមួយៗ

-ពាក្យ​ថា​ ទម្ងន់​សរុប​ជាក់​ស្ដែង​របស់​យាន​ គឺ​ជា​ផល​បូក​ទម្ងន់​ទទេ​របស់​យាន​ជាមួយ​នឹង​ទម្ងន់​ផ្ទុក​មនុស្ស​ និង​ទម្ងន់​ផ្ទុក​ទំនិញ​ជាក់ស្ដែង

-ពាក្យ​ថា​ រ៉ឺម៉ក​ គឺ​ជា​យាន​សម្រាប់​ថ្ពក់​ជា​មួយ​រថយន្ត

-ពាក្យ​ថា​ សឺមីរ៉ឺម៉ក​ គឺ​ជា​យាន​សម្រាប់​ថ្ពក់​ជាប់​នឹង​ក្បាល​រថយន្ត​សណ្ដោង។

ជំពូក​ទី ២
សញ្ញា​ចរាចរណ៍

មាត្រា​ ៦.-

សញ្ញា​ចរាចរណ៍​រួម​មាន​ផ្លាក​សញ្ញា​ចរាចរណ៍​នៅ​តាម​ផ្លូវ​ ភ្លើង​សញ្ញា​ចរាចរណ៍​ គំនូស​សញ្ញា​ចរាចរណ៍​នៅ​លើ​ផ្លូវ​ សញ្ញាបញ្ជា​របស់​ភ្នាក់ងារ​ចរាចរណ៍​ និង​សញ្ញា​ផ្សេងៗ​ទៀត។

ផ្លាក​សញ្ញា​ចរាចរណ៍​ ភ្លើង​សញ្ញា​ចរាចរណ៍​ និង​គំនូស​សញ្ញា​ចរាចរណ៍​នៅ​លើ​ផ្លូវ​ត្រូវ​រៀបចំ​ជា​ប្រព័ន្ធ​ទាក់ទង​ស៊ី​ ចង្វាក់​គ្នា​ជា​ហូរ​ហែ​នៅ​តាម​កន្លែង​មាន​សារៈប្រយោជន៍​ដែល​ធ្វើ​ឱ្យ​អ្នក​ ប្រើប្រាស់​ផ្លូវ​ងាយ​ស្រួល​មើល​ឃើញ។

សញ្ញា​គ្រោះ​ថ្នាក់​នៅ​តាម​ដង​ផ្លូវ​ដែល​មាន​លក្ខណៈ​មិន​អចិន្ត្រៃយ៍​ ត្រូវ​ដាក់​ក្នុង​ចម្ងាយ​សមស្រប​ល្មម​គ្រប់គ្រាន់​តាម​ប្រភេទ​ផ្លូវ​ ចំណាត់​ថ្នាក់​ផ្លូវ​ និង​ស្ថានភាព​ផ្លូវ​ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ បើកបរ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជា​មុន​បាន។

ហាម​បិទ​ក្រដាស​ ឬ​ របស់របរ​ផ្សេងៗ​ទៀត​ ឬ ​គូសវាស​នៅ​លើ​ផ្លាក​សញ្ញា​ ឬ​ ប្រើប្រាស់​ទម្រ​ផ្លាក​សញ្ញា​ ឬ​នៅ​លើ​សម្ភារៈ​អ្វី​ផ្សេងៗ​ទៀត​ ដែល​ប្រើប្រាស់​សម្រាប់​សញ្ញា​ចរាចរណ៍​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​បើកបរ​មិន ​អាច​មើល​ឃើញ​សញ្ញា​ចរាចរណ៍​ច្បាស់​បាន​ល្អ​ ឬ​យល់​ខ្លឹមសារ​សញ្ញា​ចរាចរណ៍​មិនបាន​ត្រឹមត្រូវ​ ឬ​ ធ្វើ​ឱ្យ​អ្នក​បើកបរ​ចាំង​ភ្នែក។

រូប​ភាព​ និង​ខ្លឹមសារ​ស្ដីពី​សញ្ញា​ចរាចរណ៍​ផ្លូវ​គោក​​ ត្រូវ​កំណត់​នៅ​ក្នុង​ប្រកាស​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន។

មាត្រា​ ៧.-

សញ្ញា​បញ្ជា​របស់​ភ្នាក់ងារ​ចរាចរណ៍​ មាន​អត្ថន័យ​ដូច​ខាង​ក្រោម​:

-ដៃ​ស្ដាំ​លើក​ឡើង​លើ​ បាតដៃ​លា​ទៅ​មុខ​បែរ​ទៅ​រក​យានជំនិះ​ដែល​ធ្វើ​ចលនា​មក​រក​ភ្នាក់ងារ​ចរាចរណ៍ ​ជា​សញ្ញា​ឱ្យ​ប្រុង​ប្រៀប​ឈប់​ លើកលែង​តែ​អ្នក​បើកបរ​ណា​ដែល​មិន​អាច​ឈប់ ​​ដោយ​សុវត្ថិភាព​គ្រប់គ្រាន់​ អាច​បន្ត​ដំណើរ​ទៅ​ទៀត​បាន

-ដៃ​ទាំង​ពីរ ឬ ដៃ​មួយ​សន្ធឹង​តាម​បណ្ដោយ​ស្មា​ មាន​ន័យ​ថា​បញ្ឈប់​ចរាចរណ៍​នៃ​យាន​ដែល​មាន​ចលនា​មកពី​មុខ​ភ្នាក់ងារ​ ឬ មក​ពី​ក្រោយ​ខ្នង​ភ្នាក់ងារ

-ក្នុង​កាយវិការ​ដដែល​នេះ​ យានជំនិះ​ទាំងឡាយ​ដែល​មក​ពី​ខាង​ឆ្វេង​ ឬ​ពី​ខាង​ស្ដាំ​ ភ្នាក់ងារ​ត្រូវ​អនុញ្ញាត​ឱ្យ​ឆ្លង​កាត់

-ភ្នាក់ងារ​ចរាចរណ៍​កាន់​ចង្កៀង​ភ្លើង​ក្រហម​ ឬ ដំបង​ភ្លើង​ក្រហម​ ចង្អុល​ដាក់​យាន​ជំនិះ​ណាមួយ​ មាន​ន័យ​ថា​ បញ្ឈប់​ចរាចរណ៍​យាន​ដែល​ត្រូវ​ចង្អុល​ចំ​នោះ

-ភ្នាក់ងារ​នគរបាល​ចរាចរណ៍​ អាច​ប្រើ​កញ្ចែ​ជំនួយ​ក្នុង​ការ​ធ្វើ​សញ្ញា​ចរាចរណ៍​ខាង​លើ។

មាត្រា​ ៨.-

លំដាប់​សិទ្ធិ​អាទិភាព​ត្រូវ​បាន​កំណត់​ដូច​តទៅ:

១-ផ្លាក​សញ្ញា​ចរាចរណ៍​ មាន​សិទ្ធិ​អាទិភាព ​លើ​បទប្បញ្ញត្តិ​ចរាចរណ៍។

២-ភ្លើង​សញ្ញា​ចរាចរណ៍​ មាន​សិទ្ធិ​អាទិភាព​លើ​ផ្លាកសញ្ញា​ចរាចរណ៍។

៣-សញ្ញា​បញ្ជរ​របស់​ភ្នាក់ងារ​ចរាចរណ៍​ មាន​សិទ្ធិ​អាទិភាព​លើ​ភ្លើង​សញ្ញា​ចរាចរណ៍​ គំនូស​សញ្ញា​ចរាចរណ៍​នៅ​លើ​ទ្រូង​ផ្លូវ​ ផ្លាក​សញ្ញា​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ និង​បទប្បញ្ញត្តិ​ចរាចរណ៍​ទាំងឡាយ។

ជំពូក​ទី ៣
អ្នក​បើកបរ​យាន​ជំនិះ

មាត្រា​ ៩.-

គ្រប់​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ ត្រូវ​អនុវត្ត​នូវ​វិធានការ​ដូច​ខាង​ក្រោម​:

១-អ្នក​បើកបរ​យានយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់​ពី​ ៤៩​​ សង់ទី​ម៉ែត្រ​គូប​ឡើង​ទៅ​ ត្រូវ​មាន​ប័ណ្ណ​បើកបរ​តាម​ប្រភេទ​យានយន្ត។

២-នៅ​ពេល​បើកបរ​យានជំនិះ​ អ្នក​បើកបរ​ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​ធ្វើ​សកម្មភាព​បើកបរ​បាន​យ៉ាង​ស្រួល​ និង​ឆាប់​រហ័ស​ជា​ពិសេស​លទ្ធភាព​នៃ​ការ​ធ្វើ​ចលនា​មិន​ត្រូវ​ឱ្យ​មាន​ការ​ រំខាន​ឡើយ។ ហាម​ផ្ទុក​អ្នក​ដំណើរ​ ទំនិញ​ ឬ វត្ថុ​ផ្សេងៗ​ ដែល​នាំ​ឱ្យ​ បាំង​ភ្នែក​អ្នក​បើកបរ។

៣-អ្នក​បើកបរ​ និង​អ្នក​ដំណើរ​ដែល​ជិះ​នៅ​កៅអី​ខាង​មុខ​នៃ​រថយន្ត​ ត្រូវ​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​ជា​ដាច់​ខាត។

៤-អ្នក​បើកបរ​ទោចក្រយានយន្ត​ ត្រីចក្រយានយន្ត​ និង​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក​ ត្រូវ​ពាក់​មួក​ការពារ​សុវត្ថិភាព។

៥-ហាម​ផ្ទុក​មនុស្ស​ ឬ​ ទំនិញ​ពី​មុខ​អ្នក​បើកបរ។

៦-ហាម​ក្មេង​អាយុ​ក្រោម​ ១០​ ឆ្នាំ អង្គុយ​នៅ​កៅអី​ខាង​មុខ​នៃ​រថយន្ត​ដោយ​គ្មាន​មនុស្ស​ចាស់​អង្គុយ​ជា​មួយ​ ឬ​និង​គ្មាន​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព។

៧-ទារកអាយុ​តិច​ជាង​ ១០​ខែ​ ត្រូវ​ដាក់​ក្នុង​កៅអី​សម្រាប់​ទារក​ដេក​ និង​មាន​ខ្សែ​ក្រវាត់​សុវត្ថិភាព​ ចង​ផ្អែក​កៅអី​នេះ​ឱ្យ​ ជាប់​ទៅ​នឹង​កៅអី​ក្រោយ​នៃ​រថយន្ត។

៨-កុមារ​មាន​អាយុ​ចាប់​ពី​ ១០​ខែ​ ទៅ​ ៤​ឆ្នាំ​ ត្រូវ​អង្គុយ​ក្នុង​កៅអី​សម្រាប់​កុមារ​ដែល​មាន​ខ្សែ​ក្រវាត់​សុវត្ថិភាព​ចង ​ផ្អែក​កៅអី​នេះ​ ឱ្យ​ជាប់​ទៅ​នឹង​កៅអី​ក្រោយ​នៃ​រថយន្ត។

៩-ហាម​ធ្វើ​ឱ្យ​រំខាន​ដល់​អ្នក​រស់​នៅ​ជាប់​តាម​ដង​ផ្លូវ​ និង​អ្នក​ប្រើប្រាស់​ផ្លូវ។

១០-ហាម​ពិសា​ជាតិ​ស្រវឹង​ដែល​មាន​អត្រា​ជាតិ​អាកុល​ចាប់ពី​ ០,២៥​ មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ ឬ​ចាប់​ពី​ ០,៥​ ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើង​ទៅ។

១១-ហាម​បើកបរ​យាន​ដែល​មាន​កង់ច្រវាក់​ដែក​ផ្ទាល់​លើ​ទ្រូង​ផ្លូវ។ យានជំនិះ​ប្រភេទ​នេះ​ ត្រូវ​ដឹក​តាម​យាន​ដែល​មាន​ប្រភេទ​កង់​កៅស៊ូ។

១២-ហាម​ប្រើ​ទូរស័ព្ទ​នៅ​ពេល​កំពុង​បើកបរ​យានយន្ត។ ទូរស័ព្ទ​អាច​ប្រើប្រាស់​បាន​ បើ​មាន​ឧបករណ៍​ភ្ជាប់​ទំនាក់ទំនង​ ឬ​ត្រូវ​ឈប់​យានយន្ត​ដើម្បី​ប្រើ​ទូរស័ព្ទ។

មាត្រា​ ១០.-

នៅ​លើ​ទ្រូង​ផ្លូវ​ដែល​មាន​ទិស​ចរាចរណ៍​ពីរ​ ហើយ​ដែល​គ្មាន​គំនូស​សញ្ញា​បែងចែក​ទិស​ចរាចរណ៍ អ្នក​បើកបរ​ត្រូវ​ប្រើប្រាស់​ពាក់កណ្ដាល​ទ្រូង​ផ្លូវ​ផ្នែក​ខាង​ស្ដាំ​ ដោយ​បើក​បរ​កៀក​ទៅ​ខាង​ស្ដាំ។

នៅ​លើ​ទ្រូង​ផ្លូវ​ឯកទិស​ ដែល​គ្មាន​គំនូស​សញ្ញា​បែងចែក​គន្លង​ផ្លូវ​ អ្នក​បើកបរ​ត្រូវ​បើកបរ​កៀក​ទៅ​ខាង​ស្ដាំ​លើកលែង​តែ​ត្រូវ​ការ​បត់ឆ្វេង។ អ្នក​បើកបរ​អាច​ប្រើ​ប្រាស់​ទ្រូង​ផ្លូវ​ខាង​ឆ្វេង​បាន​នៅ​ពេល​ជែង​ ឬ​ឈប់។ ដោយ​ឡែក​នៅ​ក្នុង​ទី​ប្រជុំ​ជន​ការ​ប្រើប្រាស់​ ទ្រូងផ្លូវ​ត្រូវ​កំណត់​ដោយ​ប្រកាស​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន។

មាត្រា​ ១១.-

នៅ​លើ​គន្លង​ផ្លូវ​តម្រូវ​សម្រាប់​យាន​ជំនិះ​ប្រភេទ​ណាមួយ​ អ្នក​បើកបរ​យាន​ជំនិះ​ប្រភេទ​ដទៃ​ មិន​ត្រូវ​បើកបរ​ចូល​ក្នុង​គន្លង​នេះ​ទេ​ លើកលែង​តែ​ត្រូវ​ចាកចេញ​ ឬ​ ចូល​ទៅ​ក្នុង​គន្លង​ផ្លូវ​របស់​ខ្លួន។

នៅ​លើ​ទ្រូង​ផ្លូវ​ដែល​មាន​ទិស​ចរាចរណ៍​ពីរ​ហើយ​មាន​គំនូស​បែង​ចែក​ទ្រូង​ផ្លូវ​អ្នក​បើកបរ​ត្រូវ​ប្រកាន់​យក​ចំណែក​ផ្លូវ​ខាង​ស្ដាំ។

នៅ​លើ​ទ្រូង​ផ្លូវ​ឯកទិស​ដែល​មាន​គន្លង​ផ្លូវ​ពីរ​ ឬ​ច្រើន​ អ្នក​បើកបរ​ត្រូវ​ប្រកាន់​យក​គន្លង​ផ្លូវ​ខាង​ស្ដាំ​បំផុត។ ក្នុង​ករណី​មាន​ចរាចរណ៍​ចង្អៀត​ខ្លាំង​ អ្នក​បើកបរ​អាច​បើកបរ​បាន​លើ​គ្រប់​គន្លង​ផ្លូវ។

នៅ​លើ​ទ្រូង​ផ្លូវ​ដែល​មាន​ទិស​ចរាចរណ៍​ពីរ​ផ្ទុយ​គ្នា​ ហើយ​នៅ​លើ​ចំណែក​ផ្លូវ​នៃ​ទិស​នីមួយៗ​ដែល​មាន​គន្លង​ផ្លូវ​ពីរ​ ឬ​ច្រើន​ អ្នក​បើកបរ​ត្រូវ​ប្រកាន់​យក​គន្លង​ផ្លូវ​ខាង​ស្ដាំ​បំផុត។ ក្នុង​ករណី​មាន​ចរាចរណ៍​ចង្អៀត​ខ្លាំង​អ្នក​បើកបរ​អាច​បើកបរ​បាន​លើ​គ្រប់​ គន្លង​ផ្លូវ​តាម​ទិស​ចរាចរណ៍។

ក្នុង​ករណី​មាន​ចរាចរណ៍​ចង្អៀត​ខ្លាំង​ ដូច​មាន​ចែង​នៅ​វាក្យខ័ណ្ឌ​ ៣​ និង​វាក្យខ័ណ្ឌ​ ៤​ ខាង​លើ​ យានជំនិះ​នៅ​ក្នុង​គន្លង​ណាមួយ​លឿន​ជាង​យានជំនិះ​នៅ​ក្នុង​គន្លង​ណាមួយ​ទៀត​ មិន​ចាត់​ទុក​ជា​ការ​ជែក​ឡើយ។ ចំពោះ​អ្នក​បើកបរ​យាន​ដែល​មាន​ទម្ងន់​សរុប​លើស​ពី​ ៣,៥​តោន ​ត្រូវ​ប្រកាន់​យក​គន្លង​ផ្លូវ​ខាង​ស្ដាំ​ជានិច្ច​ លើកលែង​មាន​ការ​បត់ឆ្វេង​ ឬ​នៅ​ពេល​ជែង​អាច​ប្រើប្រាស់​គន្លង​ផ្លូវ​ផ្សេង​ទៀត​បាន។ ដោយ​ឡែក​នៅ​ក្នុង​ទី​ប្រជុំ​ជន​ ការ​ប្រើប្រាស់​ទ្រូង​ផ្លូវ​ត្រូវ​កំណត់​ដោយ​ប្រកាស​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន។

មាត្រា​ ១២.-

នៅ​ពេល​ភ្លើង​សញ្ញា​ចរាចរណ៍​បញ្ចេញ​ពន្លឺ​ពណ៌​លឿង​ជា​សញ្ញា​ឱ្យ​ប្រុង​ ប្រយ័ត្ន​ត្រៀម​ឈប់​ ឬ​ ចេញ​ដំណើរ​ទៅ​មុខ​ ពណ៌​បៃតង​ជា​សញ្ញា​អនុញ្ញាត​ឱ្យ​យាន​ជំនិះ​ចេញដំណើរ​ ពណ៌ក្រហម​គឺ​ជា​សញ្ញា​ឃាត់​ឱ្យ​ឈប់។

នៅ​ពេល​ភ្លើង​សញ្ញា​ចរាចរណ៍​បញ្ចេញ​ពន្លឺ​ក្រហម​គឺ​ជា​សញ្ញា​ឃាត់​ឱ្យ​ឈប់​ អ្នក​បើកបរ​ត្រូវ​ឈប់​នៅ​មុខ​ខ្សែ​បន្ទាត់​គំនូស​ជាប់​ពណ៌​ស​កាត់​ទទឹង​ ទ្រូង​ផ្លូវ​ ឬ​មុខ​គំនូស​សម្រាប់​ថ្មើរ​ជើង​ឆ្លងកាត់។ បើ​គ្មាន​ឧបសគ្គ​នៅ​ខាង​មុខ​ យាន​ជំនិះ​ខាង​ស្ដាំ​បំផុត​អាច​បត់​ស្ដាំ​បាន​នៅ​ត្រង់​ចំណុច​ភ្លើង​ក្រហម​ ណា​ ដែល​មាន​សញ្ញា​អនុញ្ញាត​បត់​ស្ដាំ។

មាត្រា​ ១៣.-

អ្នក​បើកបរ​ត្រូវ​វាង​តាម​ស្ដាំ​ដៃ នៅ​គ្រប់​រង្វង់​មូល​ ឬ​ ខឿន​បែងចែក​ទ្រូង​ផ្លូវ​ ដែល​ជា​ឧបសគ្គ​នៃ​ចលនា​ត្រង់​ទៅ​មុខ​របស់​យាន​ជំនិះ​ លើកលែង​តែ​មាន​កំណត់​ផ្ទុយ។

មាត្រា​ ១៤.-

អ្នក​បើកបរ​មិន​ត្រូវ​បើកបរ​ទន្ទឹម​គ្នា​នៅ​លើ​ទ្រូង​ផ្លូវ ឬ​គន្លង​ផ្លូវ​តែ​មួយ​បាន​ទេ។ អ្នក​បើកបរ​មិន​ត្រូវ​បើកបរ​កាត់​ក្បួន​យោធា​ ឬ​ក្បួន​នគរបាល​ ឬ​ក្បួន​ដង្ហែ​ជា​ជួរ​ផ្សេងៗ។

មាត្រា​ ១៥.-

បែបបទ​នៃ​ការ​សណ្ដោង​ត្រូវ​អនុវត្ត​តាម​បញ្ញត្តិ​ដូច​ខាង​ក្រោម:

-ចំពោះ​ការ​ថ្ពក់​សណ្ដោង​យានជំនិះ​ អ្នក​បើកបរ​ត្រូវ​ប្រើ​ខ្សែកាប​ ឬ​ដង​ដែក​ ឬ​ឧបករណ៍​សម្រាប់​ថ្ពក់​ដែល​ធានា​ជាប់​មាំ​ល្អ​ និង​ងាយ​ស្រួល​ក្នុង​ការ​បត់បែន

-ហាម​អ្នក​បើកបរ​ប្រើ​ខ្សែ​សណ្ដោង​ចំពោះ​យាន​ ដែល​មាន​ទម្ងន់​សរុប​លើស​ពី ៥​តោន​ ឡើង​ទៅ

-ហាម​អ្នក​បើកបរ​ សណ្ដោង​យាន​លើស​ពី​មួយ​គ្រឿង​ ឬ​សណ្ដោង​យាន​ ដែល​មាន​សណ្ដោង​រ៉ឺម៉ក់​ ឬ​ សឺមីរ៉ឺម៉ក់

-ហាម​សណ្ដោង​ទោចក្រយាន​ ឬ ទោចក្រយានយន្ត

-ហាម​អ្នក​បើកបរ​សណ្ដោង​រថយន្ត​គ្រប់​ប្រភេទ​ ដែល​មាន​អ្នកដំណើរ​នៅ​ក្នុង​នោះ​ ក្រៅ​ពី​អ្នក​កាន់​ចង្កូត

-រថយន្ត​ដែល​មាន​សណ្ដោង​រ៉ឺម៉ក់​ ឬ​សឺមីរ៉ឺម៉ក់​ត្រូវ​មាន​សញ្ញា​ត្រីកោណ​សម​បាត​ដែល​មាន​កញ្ចក់​ចាំង​ពន្លឺ​ ពណ៌​លឿង​ពីរ​ ដាក់​នៅ​កាង​រថយន្ត​ខាង​មុខ​អម​សង​ផ្លាក​លេខ។

បច្ចេកទេស​នៃ​ការ​ថ្ពក់​សណ្ដោង​រ៉ឺម៉ក់​ ឬ​សឺមីរ៉ឺម៉ក់​ និង​ការ​ដោះ​រ៉ឺម៉ក់​ ឬ​សឺមីរ៉ឺម៉ក់​ចេញ​ពី​រថយន្ត​ ឬ​ក្បាល​រថយន្ត​ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន។

មាត្រា ​១៦.-

នៅ​កន្លែង​រថយន្ត​ក្រុង​ឈប់​នៅ​ក្នុង​ទី​ប្រជុំ​ជន​ អ្នក​បើកបរ​យានជំនិះ​ប្រភេទ​ផ្សេងៗ​ពី​រថយន្ត​ក្រុង​ ត្រូវ​បន្ថយ​ល្បឿន​ ហើយ​បើ​ចាំបាច់​ត្រូវ​ឈប់​ ដើម្បី​ទុក​ឱ្យ​រថយន្ត​ក្រុង​ចេញ​ ចូល​ ឬ​ឈប់​បាន​ដោយ​ងាយ​ស្រួល។

មាត្រា​ ១៧.-

ល្បឿន​បើកបរ​យានជំនិះ​ត្រូវ​កំណត់​តាម​លក្ខ័ខ័ណ្ឌ​ ដូច​មាន​ចែង​ខាង​ក្រោម​នេះ​:

១-ល្បឿន​បើកបរ​សម្រាប់​យានជំនិះ​ទូទៅ:

ក-នៅ​ក្នុង​ទី​ប្រជុំ​ជន:

-អ្នក​បើកបរ​ត្រូវ​ប្រើ​ល្បឿន​អតិបរមា​ ៣០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ចំពោះ​ទោចក្រយានយន្ត​ និង​ត្រី​ចក្រយានយន្ត។

-អ្នក​បើកបរ​ត្រូវ​ប្រើ​ល្បឿន​អតិបរមា​ ៤០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ចំពោះ​ប្រភេទ​រថយន្ត​គ្រប់​ប្រភេទ។

ខ-​នៅ​ក្រៅ​ទី​ប្រជុំ​ជន:

អ្នក​បើកបរ​ត្រូវ​ប្រើ​ល្បឿន​អតិបរមា​ ៩០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ លើកលែង​តែ​យាន​ដឹក​ជញ្ជូន​ទំនិញ​ ដែល​មាន​ទម្ងន់​សរុប​អតិបរមា​លើស​ពី ៣,៥ តោន​ ត្រូវ​កំណត់​ល្បឿន​អតិបរមា​ត្រឹម​ ៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​មាន​យាន​ដែល​មាន​សណ្ដោង​រ៉ឺម៉ក់​ ត្រូវ​កំណត់​ល្បឿន​អតិបរមា​ត្រឹម​ ៦០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

២-ល្បឿន​បើកបរ​សម្រាប់​យានជំនិះ​ដឹក​វត្ថុ​ធាតុ​មាន​គ្រោះថ្នាក់​:

ក-នៅ​ក្នុង​ទី​ប្រជុំ​ជន:

-អ្នក​បើកបរ​ទោចក្រយានយន្ត​ និង​ត្រី​ចក្រយានយន្ត​ ត្រូវ​ប្រើ​ល្បឿន​អតិបរមា​ ៣០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

-អ្នក​បើកបរ​រថយន្ត​ ត្រូវ​ប្រើ​ល្បឿន​អតិបរមា​ ៤០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ខ-នៅ​ក្រៅ​ទី​ប្រជុំ​ជន​:

អ្នក​បើកបរ​ត្រូវ​ប្រើ​ល្បឿន​អតិបរមា​ ៧០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ចំពោះ​យានយន្ត​ ដែល​មាន​ទម្ងន់​សរុប​អតិបរមា​មិន​លើស​ពី​ ៣,៥ តោន​ និង​លើស​ពី​ ៣,៥​ តោន​ចំពោះ​រថយន្ត​ប្រើប្រាស់​ប្រព័ន្ធ​ហ្រ្វាំង​ទប់ទល់​នឹង​ភាព​គាំង​កង់។

ល្បឿន​អតិបរមា​ត្រូវ​កំណត់​ត្រឹម​ ៦០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ចំពោះ​យាន​ដែល​មាន​ទម្ងន់​សរុប​អតិបរមា​លើស​៣,៥​ តោន​ ដែល​គ្មាន​ប្រព័ន្ធ​ហ្រ្វាំង​ទប់​នឹង​ភាព​គាំង​កង់។

៣-​ល្បឿន​សម្រាប់​យានយន្ត​បើកបរ​លើ​ផ្លូវ​យន្តបថ :

ក-នៅ​ក្នុង​តំបន់​ប្រជុំ​ជន:

អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ ត្រូវ​ប្រើ​ល្បឿន​អតិបរមា​ ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ខ-នៅ​ក្រៅ​តំបន់​ប្រជុំ​ជន :

អ្នក​បើកបរ​ត្រូវ​ប្រើ​ល្បឿន​អតិបរមា​ ១០០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ លើកលែង​តែ​យាន​ដឹក​ជញ្ជូន​ទំនិញ​ ដែល​មាន​ទម្ងន់​សរុប​អតិបរមា​លើស​ពី​ ៣,៥​ តោន​ ត្រូវ​កំណត់​ល្បឿន​អតិបរមា​ត្រឹម ៨០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​យាន​ដែល​មាន​សណ្ដោង​រ៉ឺម៉ក​ ត្រូវ​កំណត់​ល្បឿន​អតិបរមា​ត្រឹម​ ៧០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

៤-ល្បឿន​បើកបរ​សម្រាប់​យានជំនិះ​ មាន​សិទ្ធិ​អាទិភាព:

បទប្បញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​ចំណុច​ទី ១​ ចំណុច​ទី​ ២​ និង​ចំណុច​ទី​ ៣​ នៃ​មាត្រា​នេះ​មិន​អនុវត្ត​ចំពោះ​អ្នក​បើកបរ​យានយន្ត​ក្បួន​នគរបាល​ ក្បួន​យោធា​ កងអាវុធហត្ថ​ យានយន្ត​ពន្លត់​អគ្គិភ័យ​ យានយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ និង​យានយន្ត​ខ្លះ​ទៀត​ដែល​បន្លឺ​សូរស័ព្ទ​ ភ្លើង​សញ្ញា​ ពិសេស​នៅ​ពេល​កំពុង​បំពេញ​ភារកិច្ច​ឡើយ។

អ្នក​បើកបរ​មិន​ត្រូវ​ប្រើ​ល្បឿន​យឺត​ខុស​ប្រក្រតី​ ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ​ ដែល​ធ្វើ​ឱ្យ​រំខាន​ដល់​យានជំនិះ​ដទៃ​ទៀត​ទេ។ អ្នក​បើកបរ​ដែល​ប្រើ​ល្បឿន​យឺត​ ត្រូវ​បើកបរ​អែប​ទៅ​ខាង​ស្ដាំ​ ដើម្បី​ទុក​ឱ្យ​អ្នក​បើកបរ​ដែល​ប្រើ​ល្បឿន​លឿន​ជែង​ពី​ខាង​ឆ្វេង​ដៃ​ បាន​ដោយ​ងាយ​ស្រួល។ អ្នក​បើកបរ​ណា​ដែល​ត្រូវ​បង្ខំ​ចិត្ត​បន្ថយ​ល្បឿន​ឱ្យ​យឺត​ខុស​ប្រក្រតី​ ត្រូវ​ឱ្យ​ដំណឹង​ដល់​អ្នក​បើកបរ​ផ្សេង​ ទៀត​ដោយ​ប្រើ​ភ្លើង​សញ្ញា​អាសន្ន​ ហើយ​ត្រូវ​បើកបរ​អែប​ទៅ​ខាង​ស្ដាំ​បំផុត​នៃ​ទ្រូងផ្លូវ។

មាត្រា​១៨.-

ក្នុង​គ្រប់​ករណី​អ្នក​បើកបរ​ត្រូវ​ម្ចាស់ការ​លើ​ល្បឿន​បើកបរ​របស់​ខ្លួន​ ជានិច្ច​ ហើយ​ត្រូវ​បើកបរ​ក្នុង​ល្បឿន​សមស្រប​ទៅ​តាម​សណ្ឋាន​ភូមិសាស្ត្រ​ សភាព​ផ្លូវ​ ស្ថានភាព​អាកាស​ធាតុ​ សភាព​ចរាចរណ៍​ ស្ថានភាព​យាន​ និង​ការ​ផ្ទុក​របស់​យាន​ ដើម្បី​អាច​បញ្ឈប់​យាន​បាន​ទាន់​ពេល​វេលា​ និង​ដោយ​គ្មាន​គ្រោះថ្នាក់។

អ្នក​បើកបរ​ត្រូវ​បន្ថយ​ល្បឿន​ ក្នុង​ករណី​ដូច​ខាង​ក្រោម​:

១-នៅ​ពេល​ជៀស​គ្នា​ នៅ​លើ​ផ្លូវ​ចង្អៀត។

២-នៅ​ពេល​ជៀស​ ឬ​ ជែង​រថយន្ត​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ ឬ​ រថយន្ត​ដឹកជញ្ជូន​កុមារ​ដែល​កំពុង​ឈប់​ដាក់​អ្នក​ដំណើរ​ ឬ​កុមារ​ឡើង​ចុះ។

៣- ពេល​ទៅ​ជិត​ដល់​ស្ពាន​ ឬ​ ជិត​ដល់​ផ្លូវ​រថភ្លើង​ឆ្លងកាត់។

៤- នៅ​ពេល​អាកាស​ធាតុ​មិន​ល្អ​ ដែល​មិន​អាច​មើល​ឃើញ​ បាន​ឆ្ងាយ​ និង​ច្បាស់។

៥- នៅ​ពេល​ប្ដូរ​ទិស​ចរាចរណ៍។

៦- នៅ​ត្រង់​ផ្លូវ​បត់​ ផ្លូវ​កោង​ ផ្លូវ​រអិល​ ផ្លូវ​ប្រសព្វ​ ឬ​រង្វង់​មូល។

៧- នៅ​ពេល​ជិត​ដល់​ទួល​ខ្ពស់​ ឬ​ពេល​ចុះ​ចំណោត។

៨- នៅ​ពេល​ជៀស ឬ​ជែង​ ក្បួន​យាន​កំពុង​ឈប់​ ឬ​នៅ​ពេល​ជៀស​ ឬ​ជែង​ក្បួន​ដង្ហែ​ផ្សេងៗ។

៩- នៅ​ពេល​មាន​វត្ថុ​ច្រងេងច្រងាង​ ឬ​មាន​ផ្ទះ​សង់​ច្រើន​កៀក​ជាប់​ទ្រូង​ផ្លូវ។

១០- ក្នុង​គ្រប់​ករណី​ ដែល​មាន​ផ្លាក​សញ្ញា​ឱ្យ​បន្ថយ​ល្បឿន ឬ​សញ្ញា​គ្រោះថ្នាក់។

១១- កាលណា​មាន​យានជំនិះ​របស់​នគរបាល​ យោធា​ ឬ​អាវុធហត្ថ​ យាន​ពន្លត់​អគ្គិភ័យ​ យាន​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ និង​យានយន្ត​ដែល​មាន​បន្លឺ​សូរស័ព្ទ​ ឬ​ភ្លើង​សញ្ញា​ អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ត្រូវ​បន្ថយ​ល្បឿន​ ហើយ​បើក​អែប​មក​ខាង​ស្ដាំ​ បើ​ចាំបាច់​ត្រូវ​ឈប់​នៅ​កៀន​បំផុត​ដែល​អាច​ទៅ​បាន​ ដើម្បី​សម្រួល​ផ្លូវ​ឱ្យ​យាន​ទាំង​នេះ​ធ្វើ​ដំណើរ​ទៅ​មុខ​ ដោយ​សុវត្ថិភាព។

១២- នៅ​កន្លែង​មាន​សាលារៀន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ផ្លូវ​មិន​លើស​ពី​ ៥០​ម៉ែត្រ។

មាត្រា​១៩.-

យាន​ជំនិះ​មួយ​ដែល​ធ្វើ​ចរាចរណ៍​នៅ​ពី​ក្រោយ​យានជំនិះ​មួយ​ផ្សេង​ទៀត​ ត្រូវ​រក្សា​ទុក​ ចន្លោះ​សុវត្ថិភាព​គ្រប់គ្រាន់​​ ដើម្បី​ជៀសវាង​ការ​ប៉ះទង្គិច​នៅ​ពេល​ដែល​យានជំនិះ​ខាង​មុខ​បន្ថយ​ល្បឿន​ ឬ​ឈប់​ដោយ​ចៃដន្យ។ ត្រូវ​រក្សា​ឱ្យ​កាន់​តែ​វែង​ចន្លោះ​សុវត្ថិភាព​នេះ​ នៅ​ពេល​ដែល​ល្បឿន​យាន​កាន់​តែ​លឿន។ នៅ​ក្រៅ​ទី​ប្រជុំ​ជន​ យានជំនិះ​ទាំងឡាយ​ដែល​មាន​ទម្ងន់​សរុប​អតិបរមា​លើស​ពី​ ៣,៥​ តោន​ ឬ​មាន​បណ្ដោយ​យាន​វែង​លើស​ពី​ ៧​ ម៉ែត្រ​បើកបរ​បន្ត​គ្នា​ក្នុង​ល្បឿន​ដូច​គ្នា​ ចម្ងាយ​ចន្លោះ​ពី​យាន​មួយ​ទៅ​យាន​មួយ​ ត្រូវ​ឃ្លាត​គ្នា​យ៉ាង​តិច​ ៥០ ម៉ែត្រ។

មាត្រា​២០.-

ក្នុង​ការ​ជែង​ អ្នក​បើកបរ​ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម:

១- អ្នក​បើកបរ​យានជំនិះ​គ្រប់​ប្រភេទ​ ត្រូវ​ជែង​គ្នា​នៅ​ខាង​ឆ្វេង។ ប៉ុន្តែ​អ្នក​បើកបរ​អាច​ជែង​ខាង​ស្ដាំ​បាន បើ​សិន​ជា​អ្នក​បើកបរ​យាន​ដែល​ត្រូវ​គេ​ជែង​នោះ​ បាន​នឹង​កំពុង​ធ្វើ​សញ្ញា​ប្ដូរ​ទិស​ខាង​ឆ្វេង​ ហើយ​ឈប់​ ឬ​ត្រៀម​ដើម្បី​បត់​ឆ្វេង។

២- មុន​នឹង​ជែង​ អ្នក​បើកបរ​ត្រូវ​ដឹង​ច្បាស់​ថា​ ការ​ជែង​នេះ​ឥត​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ​ ដោយ​ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម:

ក- ឃើញ​ច្បាស់​ថា​ នៅ​ខាង​មុខ​គ្មាន​ឧបសគ្គ​ហើយ​អាច​បរ​ចូល​ទៅ​ក្នុង​ចរន្ត​ចរាចរណ៍​ប្រក្រតី​ វិញ​បាន​នៅ​ពេល​ជែង​រួច​ ដោយ​មិន​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​អ្នក​ដទៃ​ឡើយ។

ខ- គ្មាន​អ្នក​បើកបរ​យាន​ជំនិះ​ណាមួយ​ ដែល​នៅ​ពី​ក្រោយ​ខ្លួន​ចាប់​ផ្ដើម​សុំ​ជែង​ខ្លួន។

គ- គ្មាន​ឱ្យ​សញ្ញា​សុំ​ជែង​យាន​ផ្សេង​ទៀត​ ពី​អ្នក​បើកបរ​យាន​ជំនិះ​ខាង​មុខ​ខ្លួន។

ឃ- ត្រូវ​ដឹង​ច្បាស់​ថា​ល្បឿន​សមាមាត្រ​រវាង​យាន​ទាំង​ពីរ​ អាច​ឱ្យ​ជែង​ក្នុង​រយៈពេល​ខ្លី​បំផុត​បាន។

ង- ត្រូវ​ធ្វើ​សញ្ញា​សុំ​ជែង​ ដោយ​ប្រើ​សញ្ញា​ប្ដូរ​ទិស​ខាង​ឆ្វេង​ ហើយ​ក្នុង​ករណី​ចាំ​ចាច់​ ត្រូវ​ប្រើ​បន្ថែម​ភ្លើង​កូត​ ហ្វា​ឆ្លាស់​គ្នា​នៅ​ពេល​យប់​ ឬ​ស៊ីផ្លេ​នៅ​ពេល​ថ្ងៃ​ លើកលែង​តែ​ក្នុង​ទី​ប្រជុំ​ជន​ ដែល​ការ​ប្រើប្រាស់​ស៊ីផ្លេ​សុំ​ជែង​ ត្រូវ​ហាម​ឃាត់។

ច- ត្រូវ​ដឹង​ច្បាស់​ថា​ អ្នក​បើកបរ​យានជំនិះ​ខាង​ក្រោយ​ និង​ខាង​មុន​បាន​ដឹង​អំពី​ការ​សុំ​ជែង​របស់​ខ្លួន​ហើយ។

៣- អ្នក​បើកបរ​យាន​ខាង​មុខ​នៅ​ពេល​ដឹង​ថា​យាន​ខាង​ក្រោយ​សុំ​ជែង​ត្រូវ​ពិនិត្យ ​ចំណែក​ផ្លូវ​ខាង​មុខ​ខ្លួន​ បើ​គ្មាន​ឧបសគ្គ​អ្វី​ទេ​ ត្រូវ​ឱ្យ​សញ្ញា​ប្ដូរ​ទិស​ខាង​ស្ដាំ​ ឬ​លើក​ដៃ​ឆ្វេង​ឡើង​លើ​បត់​ទៅ​ស្តាំ​ និង​បន្ថយ​ល្បឿន​អែប​ទៅ​ខាង​ស្ដាំ​ ជា​សញ្ញា​ឲ្យ​អ្នក​បើកបរ​យាន​ខាង​ក្រោយ​ដែល​សុំ​ជែង​ដឹង​ថា​អាច​ជែង​បាន។

ក្នុង​ករណី​អ្នក​បើកបរ​ខាង​មុខ​ពិនិត្យ​ឃើញ​ថា​ នៅ​ចំណែក​ផ្លូវ​ខាង​មុខ​ខ្លួន​មិន​ទំនេរ​ ឬ​មាន​ឧបសគ្គ​ ត្រូវ​ធ្វើ​សញ្ញា​ប្តូរ​ទិស​ខាង​ឆ្វេង​ ឬ​លាត​ដៃ​ឆ្វេង​សន្ធឹង​ត្រង់​ទៅ​ត្រង់​ទៅ​ខាង​ក្រៅ​ ជា​សញ្ញា​ឲ្យ​ដឹង​ថា​ ការ​ជែង​ពុំ​ទាន់​អាច​ធ្វើ​ទៅ​បាន​ទេ។

៤- នៅ​ពេល​ជែង​ ត្រូវ​បង្កើន​ល្បឿន​ និង​ទុក​ចន្លោះ​ឃ្លាត​ពី​គ្នា​យ៉ាង​តិច​ ១​ ម៉ែត្រ។

៥- នៅ​លើ​ទ្រូង​ផ្លូវ​គ្មាន​គំនូស​បង្ហូត​ អ្នក​បើកបរ​យាន​អាច​ជែង​ ដោយ​ប្រើប្រាស់​ទ្រូង​ផ្លូវ​មួយ​ចំហៀង​ទៀត​បាន​ លុះ​ត្រា​តែ​ទង្វើ​នេះ​មិន​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ ឬ​រំខាន​ដល់​យាន​ដែល​បើកបរ​ផ្ទុយ​នឹង​ទិស​របស់​ខ្លួន។

៦- នៅ​ពេល​ជែង​ផុត​ អ្នក​បើកបរ​ត្រូវ​ធ្វើ​សញ្ញា​ប្ដូរ​ទិស​ខាង​ស្ដាំ​វិញ​ ដើម្បី​ឱ្យ​ដំណឹង​ថា​ ខ្លួន​ត្រូវ​ចូល​ក្នុង​ចរន្ត​ចរាចរណ៍​របស់​ខ្លួន​វិញ។

៧- ក្នុង​ករណី​ទ្រូង​ផ្លូវ ​មាន​គន្លង​ផ្លូវ​ច្រើន​តាម​ទិស​ចរាចរណ៍​តែ​មួយ​សម្រាប់​ទិសដៅ​ផ្សេង​គ្នា​ យាន​ស្ថិត​នៅ​គន្លង​ណា​មួយ​បើកបរ​លឿន​ជាង​យាន​នៅ​គន្លង​ណា​មួយ​ទៀត​មិន​ចាត់ ​ទុក​ជា​ការ​ជែង​ឡើយ។

ហាម​ជែង​គ្នា​ នៅ​ក្នុង​ករណី​ខាង​ក្រោម:

– ជែង​គ្នា​ជា​បី​ជួរ​ (ជែង​លើ​រថយន្ត​ដែល​កំពុង​ជែង​គ្នា)

– នៅ​កន្លែង​មាន​សញ្ញា​ហាម​ជែង

– នៅ​ត្រង់​ផ្លូវ​កោង​ ឬ​ផ្លូវ​ឡើង​ទួល​ លើកលែង​តែ​ការ​ជែង​នេះ​អាច​ចាត់​ទុក​ឲ្យ​ផ្នែក​ទ្រូង​ផ្លូវ​ខាង​ឆ្វេង​ គំនូស​បង្ហូត​កណ្ដាល​នៅ​ទំនេរ​បាន

– នៅ​ជិត​ ឬ​ត្រង់​ផ្លូវ​បត់​ ផ្លូវ​ខ្វែង​ ផ្លូវ​រអិល

– នៅ​ត្រង់​កំពូល​ផ្លូវ​ចោត​ ផ្លូវ​តូច​ចង្អៀត​ ឬ​ផ្លូវ​ដាក់​សញ្ញា​បន្ថយ​ល្បឿន

– នៅ​លើ​ស្ពាន​ ឬ​ពេល​ចុះ​ចំណោត

– នៅ​កន្លែង​ការដ្ឋាន

– នៅ​ជិត​ ឬ​ត្រង់​កំណាត់​ផ្លូវ​ ដែល​ទុក​សម្រាប់​ថ្មើរ​ជើង​ឆ្លងកាត់

– នៅ​ផ្លូវ​ក្រោម​ស្ពាន​ ឬ​ផ្លូវ​ក្នុង​រូង

– នៅ​ពេល​មើល​ឃើញ​មិន​ច្បាស់​ ដូចជា​ពេល​ភ្លៀង​ខ្លាំង​ ឬ​ចុះ​អ័ព្ទ​ខ្លាំង​ ឬ​ដី​ហុយ​ខ្លាំង

– នៅ​ជិត​ ឬ​ត្រង់​ផ្លូវ​ថ្នល់​កាត់​ផ្លូវ​រថភ្លើង​ដែល​គ្មាន​របាំង

– នៅ​លើ​ផ្លូវ​ដែល​មាន​ទឹក​លិច។

មាត្រា​២១.-

ក្នុង​ការ​ជៀស:

១- អ្នក​បើកបរ​យាន​ជំនិះ​គ្រប់​ប្រភេទ​ ត្រូវ​ជៀស​គ្នា​ដោយ​ប្រកាន់​ស្ដាំ​ដៃ​រៀងៗ​ខ្លួន។

២- នៅ​មុន​ពេល​ជៀស​គ្នា​ អ្នក​បើកបរ​ទាំងសងខាង​ ត្រូវ​ជឿជាក់​ថា ការ​ជៀស​គ្នា​នេះ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ។

៣- ដើម្បី​ជៀស​គ្នា​ អ្នក​បើកបរ​ត្រូវ​អែប​ខាង​ស្ដាំដៃ​រៀងៗ​ខ្លួន​ ដោយ​ទុក​ផ្លូវ​ទំនេរ​ នៅ​ឆ្វេង​ដៃ​របស់​ខ្លួន​ឱ្យ ​បាន​ធំ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។

៤- ពេល​ជៀស​គ្នា​នៅ​លើ​ផ្លូវ​ចង្អៀត ឬ​នៅ​លើ​ផ្លូវ​ដែល​អាច​មាន​គ្រោះថ្នាក់​ អ្នក​បើកបរ​ត្រូវ​បន្ថយ​ល្បឿន​រៀងៗ​ខ្លួន។ ក្នុង​ករណី​ចាំបាច់​ យាន​ជំនិះ​ទាំង​ពីរ​ត្រូវ​ឈប់​ ហើយ​បើ​ជា​យាន​ជំនិះ​ប្រភេទ​ដូច​គ្នា​ យាន​ជំនិះ​ណា​ចង់​ទៅ​មុន​ ត្រូវ​ធ្វើ​សញ្ញា​សុំ​ផ្លូវ​ដោយ​លើក​ដៃ​ ឬ​ដោយ​ស៊ីផ្លេ​នៅ​ពេល​ថ្ងៃ​ ឬ​ប្រើ​ភ្លើង​ហ្វា​ កូត​ជា​សញ្ញា​នៅ​ពេល​យប់​ ហើយ​រង់ចាំ​យាន​ជំនិះ​ ដែល​មក​ពី​មុខ​បញ្ចេញ​សញ្ញា​យល់​ព្រម​ឱ្យ​ទៅ​មុន​ ទើប​ធ្វើ​ដំណើរ​ទៅ​បាន។ ប៉ុន្តែ​បើ​សិន​ជា​យាន​ប្រភេទ​ខុស​គ្នា​ អ្នក​បើកបរ​យាន​ធុន​ធំ​ត្រូវ​ទុក​ផ្លូវ​ឱ្យ​យាន​ដែល​មាន​ទំហំ​តូច​ជាង​យាន​ របស់​ខ្លួន​ធ្វើ​ដំណើរ​ទៅ​មុន​។

៥- ពេល​ជៀស​គ្នា​នៅ​លើ​ផ្លូវ​តូច​ដែល​បរ​បាន​យាន​ជំនិះ​តែ​មួយ ហើយ​មាន​កន្លែង​មួយ​ ដែល​អាច​ជៀស​គ្នា​បាន​ យាន​ជំនិះ​ណា​ដែល​មក​ដល់​កន្លែង​នេះ​មុន​ ត្រូវ​ឈប់​រង់ចាំ​នៅ​កន្លែង​នេះ​ ដែល​អាច​ជៀស​គ្នា​បាន​ យាន​ជំនិះ​ណា​ដែល​មក​ដល់​កន្លែង​នេះ​មុន​ ត្រូវ​ឈប់​រង់ចាំ​នៅ​កន្លែង​នេះ​ ដើម្បី​ទុក​ឱ្យ​ យាន​ជំនិះ​មួយ​ទៀត​ជៀស​បាន​ស្រួល។

៦- ក្នុង​ករណី​ទ្រូង​ផ្លូវ​ចង្អៀត​ មិន​អាច​ជៀស​គ្នា​បាន​ ហើយ​ចាំ​បាច់​មាន​យាន​ណា​មួយ​ ត្រូវ​ថយ​ក្រោយ​ ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម:

ក- ចំពោះ​យានជំនិះ​ប្រភេទ​ដូច​គ្នា​ យានជំនិះ​ណា​ចង់​ទៅ​មុន​ ត្រូវ​ធ្វើ​សញ្ញា​សុំ​ផ្លូវ​ ហើយ​ត្រូវ​មាន​ការ​យល់​ព្រម​ថយ​ក្រោយ​ពី​យាន​មួយ​ទៀត។

ខ- ចំពោះ​យាន​គ្មាន​សណ្ដោង​ និង​យាន​មាន​សណ្ដោង​ យាន​គ្មាន​សណ្ដោង​ត្រូវ​ថយ​ក្រោយ។

គ- ចំពោះ​យាន​ធុន​ស្រាល​ និង​ធុន​ធ្ងន់​ យាន​ធុន​ស្រាល​ត្រូវ​ថយ​ក្រោយ។

ឃ- ចំពោះ​រថយន្ត​ដឹកទំនិញ​ និង​រថយន្ត​ដឹក​អ្នក​ដំណើរ​ រថយន្ត​ដឹក​ទំនិញ​ត្រូវ​ថយ​ក្រោយ។

៧- ពេល​ជៀស​គ្នា​នៅ​លើ​ផ្លូវ​ចោត​ហើយ​ចង្អៀត​ យាន​ជំនិះ​ចុះ​ចំណោត​ ត្រូវ​ឈប់​ដើម្បី​ទុក​ឱ្យ​យាន​ជំនិះ​ឡើង​ចំណោត​ទៅ​មុន។

៨- ក្នុង​ការ​ជៀស​គ្នា​ យាន​ជំនិះ​ណា​មើល​ឃើញ​ នៅ​លើ​ចំណែក​ផ្លូវ​របស់​ខ្លួន​មាន​ឧបសគ្គ​ ដូច​ជា​ផ្លូវ​ខូច​ ឬ​មាន​យាន​ជំនិះ​ឈប់​ស្ងៀម​យានជំនិះ​នោះ​ត្រូវ​ឈប់​ ដើម្បី​ទុក​ឱ្យ​យាន​ជំនិះ​មួយ​ទៀត​ទៅ​មុន។

៩- នៅ​លើ​ស្ពាន​ចង្អៀត ដែល​បើក​បរ​ បាន​តែ​រថយន្ត​មួយ​គ្រឿង​ រថយន្ត​ធុន​ធំ​ត្រូវ​ទុក​សិទ្ធិ​ឱ្យ​រថយន្ត​ធុន​ស្រាល​ទៅ​មុន។

១០- មុន​ពេល​ជៀស​គ្នា​ នៅ​ពេល​យប់​ក្រៅ​ពី​ទី​ប្រជុំ​ជន​ ហើយ​គ្មាន​ចង្កៀង​អគ្គិសនី​យាន​ជំនិះ​ទាំង​ពីរ​ ត្រូវ​បិទ​ភ្លើង​ហ្វា​ហើយ​បើក​ភ្លើង​កូត​វិញ។

មាត្រា​២២.-

ការ​កំណត់​សិទ្ធិ​អាទិភាព​នៅ​ផ្លូវ​ប្រសព្វ​ដូច​ខាង​ក្រោម​នេះ​:

១- គ្រប់​អ្នក​បើកបរ​នៅ​ពេល​ទៅ​ជិត​ដល់​ផ្លូវ​ប្រ​សព្វ​ ត្រូវ​បន្ថយ​ល្បឿន​ និង​ពិនិត្យ​មើល​ចលនា​ចរាចរណ៍​នៅ​លើ​ទ្រូង​ផ្លូវ​ ដែល​ខ្លួន​ត្រូវ​ឆ្លងកាត់​នោះ​ហើយ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​ ប្រុងប្រយ័ត្ន​បំផុត​ បើ​ផ្លូវ​ខាង​មុខ​មិន​ស្រឡះ​ល្អ។ ក្នុង​ករណី​ចាំ​បាច់​ ត្រូវ​ធ្វើ​សញ្ញា​ឱ្យ​ដំណឹង​ដល់​អ្នក​បើកបរ​ ដែល​មក​ពី​ផ្លូវ​ផ្សេង​ទៀត​ ដោយ​ប្រើ​សញ្ញា​សូរស័ព្ទ​ពេល​ថ្ងៃ​ និង​ប្រើ​ភ្លើង​សញ្ញា​កូត​ ហ្វា​ឆ្លាស់​គ្នា​ នៅ​ពេល​យប់។ នៅ​លើ​ផ្លូវ​បាត់​សិទ្ធិ​ អ្នក​បើកបរ​ត្រូវ​បើកបរ​ក្នុង​ល្បឿន​មួយ​ដែល​អាច​បញ្ឈប់​យាន​ខ្លួន​បាន​ ដើម្បី​ផ្ដល់​សិទ្ធ​ដល់​យាន​ដែល​នៅ​លើ​ផ្លូវ​មាន​សិទ្ធិ​ទៅ​មុន។

២- ទោះ​ជា​នៅ​ត្រង់​ផ្លូវ​ប្រសព្វ​ មាន​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​បៃតង​ ដែល​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍​ទៅ​មុខ​ បាន​ក៏​ដោយ​ ក៏​អ្នក​ធ្វើ​បើកបរ​មិន​ត្រូវ​បើក​ចូល​ទៅ​ក្នុង​ផ្លូវ​ប្រសព្វ​ឡើយ​ បើ​សិន​ជា​អំពើ​នេះ​អាច​តម្រូវ​ឱ្យ​ខ្លួន​បញ្ឈប់​យាន​ជំនិះ​នៅ​ក្នុង​ផ្លូវ​ ប្រសព្វ​ដោយសារ​តែ​មាន​ចរាចរណ៍​ចង្អៀត​ខ្លាំង។ ក្នុង​ករណី​បែប​នេះ​ អ្នក​បើកបរ​ត្រូវ​ឈប់​នៅ​មុខ​ផ្លូវ​ប្រសព្វ​ ដើម្បី​កុំ​ឱ្យ ​ស្ទះ​ចរាចរណ៍​យាន​ ដែល​មក​ពី​ទិស​ផ្សេង​ទៀត។

៣- នៅ​ផ្លូវ​ប្រសព្វ​ដែល​គ្មាន​សញ្ញា​សិទ្ធិ​អាទិភាព​ អ្នក​បើកបរ​ត្រូវ​ទុក​សិទ្ធិ​ឱ្យ​អ្នក​បើកបរ​យាន​ដែល​មក​ពី​ស្ដាំ​របស់​ ខ្លួន​ទៅ​មុន។ ប៉ុន្តែ​ក្នុង​ករណី​ផ្លូវ​ប្រសព្វ​បែក​ជា​បី​ដែល​គ្មាន​សញ្ញា​សិទ្ធិ​ អាទិភាព​ អ្នក​បើកបរ​យាន​នៅ​ផ្លូវ​ដែល​ចប់​ត្រូវ​ទុក​សិទ្ធិ​ឱ្យ​អ្នក​បើកបរ​យាន​នៅ​ លើ​ផ្លូវ​បន្ត​ទៅ​មុន។

៤- អ្នក​បើកបរ​ដែល​ទៅ​ដល់​រង្វង់​មូល​ ទោះ​ជា​ខ្លួន​ស្ថិត​នៅ​លើ​ផ្លូវ​ប្រភេទ​ណា​ក៏​ដោយ​ ត្រូវ​ផ្ដល់​អាទិភាព​ឱ្យ​អ្នក​បើកបរ​ដែល​ស្ថិត​នៅ​ក្នុង​ទ្រូង​ផ្លូវ​ឯកទិស​ ក្រវាត់​រង្វង់​មូល​ដែល​មាន​សញ្ញា​បង្ហាញ​ទិស​ទៅ​មុន។

៥- នៅ​ពេល​ទៅ​ដល់​ផ្លូវ​ប្រសព្វ​ដែល​មាន​ដាក់​សញ្ញា​សម្គាល់​សិទ្ធិ​អាទិភាព​ អ្នក​បើកបរ​ ត្រូវ​ទុក​ផ្លូវ​ឱ្យ​ យានជំនិះ​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​មាន​សិទ្ធិ​អាទិភាព​ធ្វើ​ដំណើរ​ទៅ​មុន​ហើយ​ អាច​ឆ្លងកាត់​ផ្លូវ​ប្រសព្វ​នោះ​បាន​ តែ​នៅ​ពេល​ណា​ដែល​ខ្លួន​ជឿជាក់​ថា​ពុំ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ។

៦- នៅ​ពេល​ទៅ​ដល់​ផ្លូវ​ប្រសព្វ​ ដែល​មាន​ដាក់​សញ្ញា«ឈប់» អ្នក​បើកបរ​ត្រូវ​ឈប់​ស្ងៀម​ នៅ​មុខ​គំនូស​កាត់​ទទឹង​ទ្រូង​ផ្លូវ​ ដើម្បី​ទុក​ឱ្យ​យានជំនិះ​ និង​ថ្មើរជើង​ដែល​នៅ​លើ​ផ្លូវ​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​មុន​ ហើយ​អាច​ឆ្លងកាត់​ផ្លូវ​ប្រសព្វ​នេះ​ តែ​នៅ​ពេលណា​ដែល​ខ្លួន​ជឿជាក់​ថា​ពុំ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ។

៧- ដោយ​ឡែក​អ្នក​បើកបរ​ត្រូវ​តែ​ទុក​ឱ្យ​យានជំនិះ​បម្រើការ​របស់​នគរបាល​ យោធា​ អាវុធហត្ថ​ យាន​ពន្លត់​អគ្គិភ័យ​ ឬ​យាន​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​ដែល​កំពុង​បំពេញ​ភារកិច្ច​ដោយ​ឱ្យ ​សញ្ញា​សូរស័ព្ទ​ និង​សញ្ញា​ភ្លើងពិសេស​​ឱ្យ​ ដឹង​ពី​ការ​មក​ដល់​របស់​ខ្លួន​ទៅ​មុន។

៨- យានជំនិះ​ដែល​កំពុង​បំពេញ​ភារកិច្ច​ដូច​ខាង​ក្រោម​ មាន​សិទ្ធិ​អាទិភាព​តាម​លំដាប់​ដូច​តទៅ:

– យាន​ពន្លត់​អគ្គិភ័យ

– យាន​សង្គ្រោះ​របស់​មន្ទីរពេទ្យ

– យាន​នគរបាល​ យោធា​ អាវុធហត្ថ​ ឬ​ក្បួន​យាន​ដែល​មាន​នគរបាល​ចរាចរណ៍​នាំ​មុខ។

៩- មុន​នឹង​បើកបរ​ចេញ​ពី​ផ្លូវ​ឯកជន​ ដែល​មិន​បើក​ឱ្យ​ ធ្វើ​ចរាចរណ៍​ជា​សាធារណៈ​ដូចជា​ ពី​ច្រក​គេហដ្ឋាន រោងចក្រ​ អគារ ឬ​ទីលាន​ផ្សេងៗ​ អ្នក​បើកបរ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ និង​ត្រូវ​ទុក​សិទ្ធិ​អាទិភាព​ឱ្យ​យានជំនិះ​ ឬ​អ្នក​ថ្មើរ​ជើង​ ដែល​កំពុង​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​ជា​សាធារណៈ​ទៅ​មុន។

១០- អ្នក​បើកបរ​ចេញ​មក​ពី​ផ្លូវ​លំ​ ឬ​ផ្លូវ​ដី​ ត្រូវ​ទុក​សិទ្ធិ​ឱ្យ​អ្នក​បើកបរ​លើ​ផ្លូវ​ផ្សេង​ទៀត​ ដែល​មិនមែន​ជា​ផ្លូវ​លំ​ ឬ​ផ្លូវ​ដី​ទៅ​មុន។

១១- នៅ​ត្រង់​ផ្លូវ​ប្រសព្វ​ បើ​ទ្រូង​ផ្លូវ​មួយ​ មាន​ចែក​ជា​ច្រើន​គន្លង​ផ្លូវ​ ហើយ​មាន​គន្លង​ផ្លូវ​មួយ​ ឬ​ច្រើន​ត្រូវ​បម្រុង​សម្រាប់​យានជំនិះ​ប្រភេទ​ខ្លះ​ធ្វើ​ចរាចរណ៍​ បទប្បញ្ញត្តិ​ស្តី​ពី​អាទិភាព​ចរាចរណ៍​ដែល​មាន​ចែង​ក្នុង​មាត្រា​នេះ​ ត្រូវ​អនុវត្ត​ចំពោះ​អ្នក​បើកបរ​ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​គន្លង​ផ្លូវ​ ប្រភេទ​នេះ​ លើកលែង​តែ​យានជំនិះ​ដែល​មាន​ចែង​ក្នុង​ចំណុច​ទី​ ៧​ និង​ចំណុច​ទី​ ៨។

មាត្រា​២៣.-

ក្នុង​ការ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​:

១- អ្នក​បើកបរ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ និង​ត្រូវ​បន្ថយ​ល្បឿន​នៅ​ពេល​ជិត​ដល់​ផ្លូវ​រថភ្លើង។

២- អ្នក​បើកបរ​ មិន​ត្រូវ​បរ​យានជំនិះ​របស់​ខ្លួន​កាត់​ផ្លូវ​រថភ្លើង​ឡើយ​ បើ​ដឹង​ថា​យានជំនិះ​របស់​ខ្លួន​មាន​បញ្ហា​បច្ចេកទេស​ ឬ​ស្ថានភាព​ចរាចរណ៍​មិន​អនុគ្រោះ​ អាច​ជ្រុល​ទៅ​នាំ​ឱ្យ​ស្ទះ​នៅ​កន្លែង​នោះ។

៣- នៅ​កន្លែង​ផ្លូវ​ថ្នល់​កាត់​ផ្លូវ​រថភ្លើង​ មាន​ដាក់​របារ​ ឬ​របាំង​ អ្នក​បើកបរ​មិន​ត្រូវ​បរ​ចូល​ទៅ​ទី​នោះ​ នៅ​ពេល​ដែល​របាំង​នោះ​បិទ​ ឬ​កំពុង​បិទ​ ឬ​កំពុង​បើក​ឡើយ។

៤- នៅ​កន្លែង​ផ្លូវថ្នល់​កាត់​ផ្លូវ​រថភ្លើង​ពុំ​មាន​របារ​ ឬ​របាំង​ ឬ​ផ្លាក​សញ្ញា​ ឬ​ភ្លើង​សញ្ញា​អ្វី​ទាំងអស់​ អ្នក​បើកបរ​អាច​បើកបរ​កាត់​ទី​នោះ​បាន​ លុះ​ត្រា​ជឿជាក់​ថា​ពុំ​មាន​រថភ្លើង​ណា​មួយ​មក​ដល់​ឡើយ។

៥- នៅ​កន្លែង​មាន​ឆ្មាំ​ នៅ​ត្រង់​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ នៅ​ត្រង់​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ អ្នក​បើកបរ​ត្រូវ​បើកបរ​ត្រូវ​ស្ដាប់​បញ្ជា​ឆ្មាំ​ ហើយ​មិន​ត្រូវ​បង្ក​ឱ្យ​មាន​ឧបសគ្គ​ដល់​ការ​បិទ​បើក​របារ​ ឬ​ របាំង​ឡើយ។

៦- កាលណា​មាន​រថភ្លើង​មក​ជិត​ដល់​ អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​រូប​ ត្រូវ​ឈប់​ជា​បន្ទាន់​ ដើម្បី​ទុក​ផ្លូវ​ឱ្យ​រថភ្លើង​ធ្វើ​ចរាចរណ៍​ទៅ​មុន។ គង្វាល​សត្វ​ទាំងអស់​ ត្រូវ​រក​វិធី​ទប់ស្កាត់​ហ្វូង​សត្វ​ពាហនៈ​កុំ​ឱ្យ​ឆ្លង​ផ្លូវ​កាត់​ផ្លូវ​ រថភ្លើង​ជា​ដាច់​ខាត។

៧- កាលណា​រថភ្លើង​បន្លឺ​សញ្ញា​ជិត​មក​ដល់​ អ្នក​បើកបរ​គ្រប់រូប​ ត្រូវ​ឈប់​យ៉ាង​តិច​ ២ ម៉ែត្រ​ ពីរ​បាំង​ ហើយ​បើ​គ្មាន​របាំង​ មិន​ត្រូវ​ឈប់​តិច​ជាង​ ៥​ ម៉ែត្រ​ ពី​ផ្លូវ​រថភ្លើង​ឡើយ។

៨- ក្នុង​ករណី​ ដែល​យាន​ជំនិះ​គាំង​ដំណើរ​ ឬ​ហ្វូង​សត្វ​ធ្វើ​ដំណើរ​ចូល​មក​ជ្រុល​ទៅ​លើ​ផ្លូវ​រថភ្លើង​ អ្នក​បើកបរ​ ឬ​គង្វាល​សត្វ​ ត្រូវ​រិះ​រក​មធ្យោបាយ​យ៉ាង​ណា​កុំ​ឱ្យ​មាន​កើត​ជា​ឧបសគ្គ​ដល់​រថភ្លើង​ ឬ​ត្រូវ​ឱ្យ​ដំណឹង​ដល់​ភ្នាក់ងារ​ទទួល​ខុសត្រូវ​ផ្លូវ​រថភ្លើង​ដែល​នៅ​ជិត​ បំផុត​នូវ​គ្រោះថ្នាក់​ ដែល​នឹង​អាច​កើត​ឡើង​បាន​នោះ​ បើ​សិន​ជា​ខ្លួន​មិន​អាច​បញ្ចៀស​ឧបសគ្គ​លើ​ផ្លូវ​រថភ្លើង​ដោយ​ខ្លួន​ឯង​បាន។

មាត្រា​២៤.-

ក្នុង​ការ​ឈប់​ និង​ការ​ចត​ នៅ​លើ​ផ្លូវ​ថ្នល់​:

១- គ្រប់​យាន​ជំនិះ​ ដែល​ឈប់​ ឬ​ចត​ មិន​ត្រូវ​បង្ក​ឱ្យ​រំខាន​ដល់​យាន​ជំនិះ​ផេ្សងៗ​ទៀត​ ដែល​កំពុង​ធ្វើ​ចរាចរណ៍។

២- នៅ​ក្នុង​ទី​ប្រជុំ​ជន​ គ្រប់​យាន​ជំនិះ​ ត្រូវ​ឈប់​ ឬ​ចត​នៅ​តាម​ទិស​ដែល​ខ្លួន​កំពុង​ធ្វើ​ចរាចរណ៍​ ដោយ​អនុវត្ត​តាម​បទប្បញ្ញត្តិ​ដូច​ខាង​ក្រោម:

– ចំពោះ​ទ្រូង​ផ្លូវ​ដែល​មាន​ទិស​ចរាចរណ៍​ពីរ​ត្រូវ​ចត​ ឬ​ឈប់​ខាង​ស្ដាំ​តាម​ទិស​ចរាចរណ៍​របស់​ខ្លួន

– ចំពោះ​ទ្រូង​ផ្លូវ​ឯកទិស​ ត្រូវ​ចត​ឬ​ឈប់​ខាង​ស្ដាំ ​ឬ​ខាង​ឆ្វេង​តាម​ទិស​ចរាចរណ៍​លើកលែង​តែ​មាន​ផ្លាក​សញ្ញា​ផ្ទុយ។

៣- នៅ​ក្រៅ​ទី​ប្រជុំ​ជន ​យាន​ជំនិះ​ត្រូវ​ចត​ ឬ​ឈប់​សត្វ​ពាហនៈ​ត្រូវ​ឈប់​ក្រៅ​ទ្រូង​ផ្លូវ​ បើ​អាច​ធ្វើ​ទៅ​បាន។ បើ​គ្មាន​ទី​​ណា​ផ្សេង​ទៀត​ ដែល​អាច​ចត​បាន​ក្រៅ​ពី​ទ្រូង​ផ្លូវ​ទេ​នោះ​ត្រូវ​អនុវត្ត​តាម​បទប្បញ្ញត្តិ ​ ដែល​មាន​ចែង​ក្នុង​ចំណុច​ទី​ ២​ នៃ​មាត្រា​នេះ។

៤- នៅ​ពេល​យប់​ ឬ​នៅ​កន្លែង​ហាម​ឈប់​ ឬ​ចត​ គ្រប់​រថយន្ត​ និង​រ៉ឺម៉ក់​ដែល​ខូចគាំង​ ឬ​ត្រូវ​បង្ខំ​​ឱ្យ​ឈប់​ ឬ​ចត​នៅ​លើ​ទ្រូង​ផ្លូវ​ ត្រូវ​ដាក់​សញ្ញា​ជា​ដំណឹង​ក្នុង​ចម្ងាយ​គ្រប់គ្រាន់​ដល់​អ្នក​ប្រើប្រាស់​ ផ្លូវ​ផ្សេង​ទៀត។

៥- នៅ​ក្នុង​ទី​ប្រជុំ​ជន​ គ្រប់​យាន​ជំនិះ​ ត្រូវ​ឈប់​ ឬ​ចត​ដាក់​ទំនិញ​ ឬ​មនុស្ស​ឡើង​ចុះ​នៅ​ចម្ងាយ​មិន​លើស​ ២៥​ សង់​ទី​ម៉ែត្រ​ពី​គែម​ចិញ្ចើម​ផ្លូវ​ និង​យ៉ាង​តិច​៥​ម៉ែត្រ​ពី​ផ្លូវ​ប្រសព្វ​ ឬ​ ផ្លូវ​បត់​ ឬ​ផ្លូវ​កោង​ និង​ចន្លោះ​យ៉ាង​តិច​ ១០ ​ម៉ែត្រ​ពី​ផ្លូវ​ប្រសព្វ​ ឬ​ផ្លូវ​បត់​ឬ​ផ្លូវ​កោង​នៃ​មហាវិថី។ នៅ​ក្រៅ​ទី​ប្រជុំ​ជន​ យាន​ទាំងអស់​ត្រូវ​ឈប់​ ឬ​ចត​យ៉ាង​តិច​បំផុត​ ១០​ ម៉ែត្រ​ពី​ផ្លូវ​ប្រសព្វ​ ឬ​ផ្លូវបត់​ ឬ​ផ្លូវ​កោង។

៦- ក្នុង​ការ​ចត​ មុន​ពេល​ដើរ​ឆ្ងាយ​ពី​យាន​ជំនិះ​របស់​ខ្លួន​ អ្នក​បើកបរ​ត្រូវ​ចាប់​ហ្រ្វាំង​ដៃ​ ឬ​មាន​វិធានការ​ផ្សេងៗ​ ដើម្បី​ការពារ​គ្រោះថ្នាក់​ជាយថាហេតុ​ នៅ​ពេល​ដែល​ខ្លួន​អវត្តមាន។

៧- ការ​ចត​ ឬ​ឈប់​យាន​ជំនិះ​ ត្រូវ​ហាមឃាត់​ ក្នុង​ករណី​ដូច​ខាង​ក្រោម:

– នៅ​លើ​ទ្រូង​ផ្លូវ​ ចិញ្ចើម​ផ្លូវ​ ដែល​ទុក​បម្រុង​ឱ្យ​ថ្មើរ​ជើង​ និង​ក្នុង​ចន្លោះ​យ៉ាង​តិច ៥​ ម៉ែត្រ​ពី​មុខ​គំនូស​ឆ្នូត​កាត់​ទទឹង​កាត់​ទទឹង​ទ្រូង​ផ្លូវ​សម្រាប់​អ្នក​ ថ្មើរ​ជើង​ ឬ​នៅ​លើ​គំនូស​នេះ

– លើ​កន្លែង​បម្រុង​ទុក​សម្រាប់​ការ​ឈប់​ ឬ​ចត​ នៃ​យាន​ប្រភេទ​ខ្លះ

– នៅ​ចន្លោះ​គែម​ទ្រូង​ផ្លូវ​ និង​ខ្សែ​បន្ទាត់​បង្ហូត​ បើ​សិន​ជា​នៅ​ចន្លោះ​ខ្សែ​គំនូស​បង្ហូត​ និង​យាន​ចត​នេះ​តិច​ជាង​ ៣​ ម៉ែត្រ​ ដែល​មិន​អាច​ឱ្យ​យាន​មួយ​ផ្សេង​ទៀត​បរ ​បាន​ដោយ​ឥត​ឆ្លង​កាត់​ ឬ​ ជាន់​លើ​ខ្សែ​គំនូស​បង្ហូត

– នៅ​ជិត​បង្គោល​ភ្លើង​សញ្ញា​ចរាចរណ៍​ ឬ​ផ្លាក​សញ្ញា​ចរាចរណ៍​ ដែល​ធ្វើ​ឱ្យ​ បាំង​ភ្នែក​ អ្នក​ប្រើប្រាស់​ផ្លូវ​ មិន​អាច​មើល​ឃើញ​សញ្ញា​ចរាចរណ៍​ទាំង​នេះ​បាន​ទេ

– នៅ​គ្រប់​ទី​កន្លែង​ដែល​យាន​នេះ​ ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ច្រក​ចូល​ចត​ ឬ​ការ​ឈប់​នៃ​យាន​ដទៃ​ទៀត

– នៅ​លើ​ស្ពាន​ លើ​ផ្លូវ​​ក្រោម​ស្ពាន​ លើ​ផ្លូវ​ក្នុង​រូង​ លើ​ផ្លូវ​ចោត​ខ្លាំង​ លើ​ផ្លូវ​ប្រសព្វ​ លើ​ផ្លូវ​កាត់​រថភ្លើង​ លើ​ផ្លូវ​ក្នុង​រង្វង់​មូល​ ឬ​ផ្លូវ​កោង​ខ្លាំង​ ដែល​មិន​អាច​មើល​យាន​ផ្សេង​ទៀត​ពី​ចម្ងាយ​បាន

– នៅ​ចន្លោះ​តិច​ជាង​ ២០ ម៉ែត្រ​ពី​មុខ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​

– នៅ​ចន្លោះ​តិច​ជាង​ ១០ ម៉ែត្រ​ពី​មុខ​ និង​ពី​ក្រោយ​ទី​តាំង​បូម​ទឹក​របស់​យាន​ពន្លត់​អគ្គិភ័យ និង​នៅ​មុខ​ស្ថានីយ​អ្នក​ពន្លត់​អគ្គិភ័យ

– លើ​ច្រក​ចេញ​ចូល​នៃ​អគារ​សាធារណៈ

– នៅ​មុខ​ច្រកចេញ​ ចូល​ផ្ទះ​ឯកជន​ លើកលែង​តែ​យាន​របស់​ម្ចាស់​ផ្ទះ

– ជា​ពីរ​ជួរ​ទន្ទឹម​គ្នា

– នៅ​លើ​គែម​ទ្រូង​ផ្លូវ​ម្ខាង​ បើ​នៅ​គែម​ម្ខាង​ទៀត​ ដែល​ឈម​មុខ​គ្នា​ជា​កន្លែង​ទុក​ សម្រាប់​ឱ្យ​យាន​ជំនិះ​ចត​ លើកលែង​តែ​ក្នុង​ករណី​ដែល​អាច​ចត​បាន​ទាំង​សង​ខាង

– នៅ​កន្លែង​ដែល​មាន​សញ្ញា​ហាម​ឈប់​ ឬ​ហាម​ចត

– នៅ​លើ​ទ្រូង​ផ្លូវ​ថ្នល់​លើស​ពី​ ៧២ ម៉ោង

– នៅ​ចន្លោះ​តិច​ជាង​ ១០​ ម៉ែត្រ​ពី​មុខ​ និង​ពី​ក្រោយ​ផ្លាក​សញ្ញា​កន្លែង​របស់​រថយន្ត​ក្រុង​ឈប់

– នៅ​ចន្លោះ​តិច​ជាង​ ១​ ម៉ែត្រ​ពី​មុខ​ ឬ​ពី​ក្រោយ​រថយន្ត​ដែល​ឈប់​ ឬ​ចត​បន្ត​កន្ទុយ​គ្នា

– នៅ​ជិត​ផ្លូវ​ប្រសព្វ​ ឬ​ផ្លូវ​បត់។

មាត្រា​២៥.-

ការ​បើក​ទ្វារ​យាន​ជំនិះ​ដើម្បី​ចុះ​ ឬ​ឡើង​ ធ្វើ​បាន​តែ​ពេល​ណា​ដែល​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ដែល​ កំពុង​ប្រើប្រាស់​ផ្លូវ​នោះ​ឡើយ​ និង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ជា​ពិសេស​ចំពោះ​ការ​បើក​ ទ្វារ​ចុះ​ ឬ​ឡើង​នៅ​ទ្វារ​ខាង​ឆ្វេង​យាន។

មាត្រា​២៦.-

មុន​នឹង​ផ្លាស់​ប្ដូរ​ទិសដៅ​នៃ​យាន​របស់​ខ្លួន​ ដូចជា​ក្នុង​ការ​បត់​ឆ្វេង​ ឬ​ស្ដាំ​ពេល​ប្ដូរ​គន្លង​ផ្លូវ​ ពេល​អែប​ខាង​ដើម្បី​ឈប់​ ឬ​ចត​ អ្នក​បើកបរ​ត្រូវ​បន្ថយ​ល្បឿន​​ និង​ត្រូវ​ជឿជាក់​ជា​មុន​ថា​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ ហើយ​ត្រូវ​ឱ្យ​​សញ្ញា​យ៉ាង​ច្បាស់​ និង​គ្រប់គ្រាន់​ជា​ដំណឹង​ដល់​អ្នក​ដទៃ​ ដែល​កំពុង​ប្រើប្រាស់​ផ្លូវ​នោះ​ដែរ។

មុន​ពេល​ចេញ​ដំណើរ​ពី​ចំណត​ អ្នក​បើកបរ​ត្រូវ​ឱ្យ​សញ្ញា​យ៉ាង​ច្បាស់​ និង​គ្រប់គ្រាន់​ជា​ដំណឹង​ដល់​អ្នក​ដទៃ​ដែល​កំពុង​ប្រើប្រាស់​ផ្លូវ​នោះ​ ដោយ​ត្រូវ​ជឿជាក់​ថា​ ការ​ចេញ​ដំណើរ​របស់​យានយន្ត​គ្មាន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ​ឡើយ។

លើកលែង​តែ​មាន​បញ្ជា​របស់​នគរបាល​ចរាចរណ៍​ ឬ​គំនូស​សញ្ញា​ចរាចរណ៍​នៅ​លើ​ទ្រូង​ផ្លូវ​ក្នុង​ការ​បត់​ឆ្វេង​ បត់​ស្ដាំ​ បត់​ត្រឡប់​ក្រោយ​ ឬ​ថយ​ក្រោយ​ អ្នក​បើកបរ​ត្រូវ​គោរព​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម:

១- ការ​បត់ឆ្វេង:

– មុន​នឹង​ធ្វើការ​បត់​ឆ្វេង​ ត្រូវ​ក្រឡេក​មើល​ក្រោយ​តាម​កញ្ចក់​មើល​ក្រោយ​ពិសេស​តាម​កញ្ចក់​ខាង​ឆ្វេង​ ដើម្បី​ឱ្យ​ដឹង​ទីតាំង​ និង​ចលនា​ចរាចរណ៍​នៅ​ពី​ខាង​ក្រោយ

– ត្រូវ​ធ្វើ​សញ្ញា​ប្ដូរ​ទិស​ដៅ​ទៅ​ខាង​ឆ្វេង​ឱ្យ​ បាន​ចម្ងាយ​គ្រប់គ្រាន់​ ពី​កន្លែង​ដែល​ត្រូវ​បត់​ និង​បន្ថយ​ល្បឿន​ ហើយ​បើ​គ្មាន​ឧបសគ្គ​អ្វី​ទេ​ ត្រូវ​បើក​អែប​គំនូស​បង្ហូត​កណ្ដាល​ទ្រូង​ផ្លូវ

– នៅ​ពេល​រៀប​នឹង​បត់​ឆ្វេង​ ត្រូវ​មើល​ឆ្វេង​ ស្ដាំ​ និង​មើល​ឆ្វេង​ម្ដង​ទៀត​ ពិសេស​មើល​ចរាចរណ៍​យាន​មក​ពី​ទិស​ផ្ទុយ។ បើ​ផ្លូវ​ទំនេរ​ត្រូវ​បត់​ដោយ​ប្រុង​ប្រយ័ត្ន​ ពិសេស​ចំពោះ​ថ្មើរ​ជើង​ដែល​កំពុង​ឆ្លងកាត់។ បើ​ផ្លូវ​មិន​ទំនេរ​ត្រូវ​រង់ចាំ​ដោយ​ទុក​ឱ្យ​អ្នក​បើកបរ​យាន​ដែល​មក​ពី​ទិស ​ផ្ទុយ​ និង​មក​ពី​ទិស​ខាង​ស្ដាំ​ទៅ​មុន។

– ការ​បត់ឆ្វេង​ត្រូវ​ធ្វើ​តាម​បែប​សៀរ​ស្កាំ​គឺ​បត់​ពី​ក្រោយ​ចរាចរណ៍​យាន​មក ​ពី​ទិស​ផ្ទុយ​ លើកលែង​តែ​មាន​ការ​ណែនាំ​ពី​នគរបាល​ចរាចរណ៍។

២- ការ​បត់​ស្ដាំ :

– មុន​នឹង​ធ្វើ​ការ​បត់​ស្ដាំ​ ត្រូវ​ក្រឡេក​មើល​តាម​កញ្ចក់​មើល​ក្រោយ​ ពិសេស​តាម​កញ្ចក់​ខាង​ស្ដាំ​ ដើម្បី​ទីតាំង​និង​ចលនា​ចរាចរណ៍​យាន​នៅ​ពី​ខាង​ក្រោយ

– បើ​គ្មាន​ឧបសគ្គ​អ្វី​ទេ​ ត្រូវ​ធ្វើ​សញ្ញា​ប្ដូរ​ទិស​ខាង​ស្ដាំ​ឱ្យ​ បាន​ចម្ងាយ​គ្រប់គ្រាន់​ពី​ទី​កន្លែង​ ដែល​ត្រូវ​បត់​ និង​បន្ថយ​ល្បឿន​ ហើយ​បើក​អែប​មក​ស្ដាំ

– នៅ​ពេល​រៀប​នឹង​បត់​ស្ដាំ​ ត្រូវ​មើល​ឆ្វេង​ ស្ដាំ​ ហើយ​ត្រូវ​មើល​ក្រោយ​តាម​កញ្ចក់​ខាង​ស្ដាំ​ម្ដង​ទៀត​ ជា​ពិសេស​ត្រូវ​ជឿ​ជាក់​ថា​គ្មាន​ឧបសគ្គ​នៅ​ខាង​ស្ដាំ​ផ្នែក​ខាង​ក្រោយ​ឡើយ។ បើ​ទំនេរ​ ត្រូវ​បើក​ឱ្យ​កៀក​ស្ដាំ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ថ្មើរជើង​ដែល​កំពុង​ឆ្លង​កាត់។

៣- ការ​បត់​ត្រឡប់​ក្រោយ​ និង​ថយ​ក្រោយ:

– អ្នក​បើកបរ​ដែល​មាន​បំណង​បត់​ត្រឡប់​ក្រោយ​ ឬ​ថយ​ក្រោយ​ ត្រូវ​ជឿជាក់​ថា​ទង្វើ​នេះ​មិន​ធ្វើ​ឱ្យ​រំខាន​ខ្លាំង​ ឬ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេង​ទៀត​ឡើយ

– ចំពោះ​ការ​បើកបរ​ថយក្រោយ​ អ្នក​បើកបរ​ត្រូវ​ប្រុងប្រយ័ត្ន​ និង​ក្រឡេក​មើល​ចលនា​ចរាចរណ៍​ខាង​ក្រោយ​យាន​គ្រប់​វិនាទី​ ពិសេស​មុន​នឹង​ថយ​ក្រោយ​ ត្រូវ​ប្រុង​ប្រយ័ត្ន​មើល​ឱ្យ​ បាន​សព្វ​ជ្រុងជ្រោយ​ ចំពោះ​ក្មេង​តូច​ឬ​សត្វ​តូចៗ​នៅ​ខាង​ក្រោយ

– ហាម​បត់​ត្រឡប់​ក្រោយ​ នៅ​ក្នុង​ករណី​ដូច​ខាង​ក្រោម:

– នៅ​ជិត​ផ្លូវ​ប្រសព្វ​ ឬ​ជិត​ផ្លូវ​កាត់​រថភ្លើង

– នៅ​ត្រង់​ផ្លូវ​កោង​ដែល​អ្នក​បើកបរ​មិន​អាច​មើល​ឃើញ​យាន​ផ្សេងៗ​ទៀត​បាន​ក្នុង​ចម្ងាយ​ ១៥០​ម៉ែត្រ

– នៅ​ជិត​ដល់​កំពូល​ខ្ពស់​ និង​ចុះ​ពី​កំពូល​ខ្ពស់

– នៅ​កន្លែង​ដែល​មាន​សញ្ញា​ហាម​បត់​ត្រឡប់​ក្រោយ

– នៅ​លើ​ទ្រូង​ផ្លូវ​ឯកទិស។

មាត្រា​២៧.-

នៅ​ពេល​មាន​ថ្មើរ​ជើង​ឆ្លងកាត់​ អ្នក​បើកបរ​ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម:

១- គ្រប់​ករណី​ទាំងអស់​ អ្នក​បើកបរ​ត្រូវ​តែ​ឈប់​នៅ​ពេល​ថ្មើរ​ជើង​កំពុង​ឆ្លងកាត់​ ឬ​រៀប​នឹង​ឆ្លងកាត់​នៅ​កន្លែង​ដែល​មាន​គំនូស​សញ្ញា​សម្រាប់​ថ្មើរ​ជើង​ ឆ្លងកាត់។

២- នៅ​ត្រង់​កន្លែង​ផ្លូវ​ប្រសព្វ​ ឬ​នៅ​ជិត​កៀក​ផ្លូវ​ប្រសព្វ​ អ្នក​បើកបរ​ត្រូវ​ហាម​ឃាត់​ក្នុង​ការ​ធ្វើ​ឲ្យ​អាក់ខាន​ ឬ​រាំង​ស្ទះ​ដល់​ថ្មើរ​ជើង​ ដែល​កំពុង​ឆ្លងកាត់​ទ្រូង​ផ្លូវ​ ទោះ​ជា​គ្មាន​គំនូស​សញ្ញា​សម្រាប់​ថ្មើរ​ជើង​ឆ្លងកាត់​ក៏​ដោយ។

៣- ក្នុង​ករណី​មាន​គំនូស​សញ្ញា​សម្រាប់​ថ្មើរ​ជើង​ឆ្លងកាត់​នៅ​ត្រង់​ផ្លូវ​ ប្រសព្វ​ដែល​មាន​ភ្លើង​សញ្ញា​ចរាចរណ៍​ ឬ​មាន​ភ្នាក់ងារ​បញ្ជា​ចរាចរណ៍​នៅ​ទី​នោះ​ ទោះ​បី​ជា​មាន​ភ្លើង​ពណ៌​បៃតង​ ឬ​មាន​បញ្ជា​ភ្នាក់ងារ​ឱ្យ​ ទៅ​មុខ​ក៏​ដោយ​ អ្នក​បើកបរ​មិន​ត្រូវ​ធ្វើ​ឱ្យ​រំខាន​ ឬ​ធ្វើ​ឱ្យ​ស្ទះ​ដល់​ថ្មើរ​ជើង​ដែល​កំពុង​ឆ្លងកាត់​នៅ​លើ​គំនូស​សញ្ញា​ថ្មើរ ​ជើង​ឆ្លងកាត់​ឡើយ។ ចំពោះ​អ្នក​បើកបរ​ដែល​បត់​ចូល​ទ្រូង​ផ្លូវ​ផ្សេង​ទៀត​ ហើយ​នៅ​ទ្រូង​ផ្លូវ​នោះ​មាន​ថ្មើរ​ជើង​កំពុង​ឆ្លងកាត់​ អ្នក​បើក​បរ​ត្រូវ​បន្ថយ​ល្បឿន​បើ​ចាំបាច់​ត្រូវ​ឈប់​ ដើម្បី​ផ្ដល់​សិទ្ធិ​ឱ្យ​អ្នក​ថ្មើរ​ជើង​ឆ្លងកាត់​រួចរាល់​សិន។

៤- ក្នុង​ករណី​មាន​គំនូស​សញ្ញា​សម្រាប់​ថ្មើរ​ជើង​ឆ្លងកាត់​នៅ​ត្រង់​ផ្លូវ​ ប្រសព្វ​ដែល​គ្មាន​ភ្លើង​សញ្ញា​ចរាចរណ៍​ ឬ​គ្មាន​ភ្នាក់ងារ​បញ្ជា​ចរាចរណ៍​នៅ​ទី​នោះ​ អ្នក​បើកបរ​ត្រូវ​បន្ថយ​ល្បឿន​ឬ​ បើ​ចាំ​បាច់​ត្រូវ​ឈប់​ ដើម្បី​ផ្ដល់​សិទ្ធិ​ឱ្យ​ថ្មើរ​ជើង​ដែល​កំពុង​ឆ្លងកាត់​ ឬ​រៀប​នឹង​ឆ្លងកាត់​ទៅ​មុន។

ជំពូក​ទី​៤

ការ​ប្រើ​ភ្លើង​ និង​ សូរស័ព្ទ​យាន​ជំនិះ

មាត្រា​២៨.-

នៅ​ពេល​យប់​ ឬ​ពេល​ថ្ងៃ​ កាលណា​មើល​មិន​ឃើញ​ច្បាស់​គ្រប់​គ្រាន់​ដូចជា​នៅ​ពេល​ភ្លៀង​ខ្លាំង ចុះ​អ័ព្ទ​ ឬ​ឆ្លងកាត់​ផ្លូវ​ក្នុង​រូង​ អ្នក​បើកបរ​យាន​នៅ​លើ​ទ្រូង​ផ្លូវ​ ត្រូវ​ប្រើប្រាស់​ភ្លើង​សញ្ញា​តាម​លក្ខ័ខ័ណ្ឌ​ដូច​ខាង​ក្រោម:

១- ក្នុង​ករណី​កំពុង​បើកបរ​យានយន្ត:

ក- ភ្លើង​ហ្វា : នៅ​ពេល​យប់​ នៅ​លើ​ទ្រូង​ផ្លូវ​ដែល​គ្មាន​អគ្គិសនី​បំភ្លឺ​ ជា​ទូទៅ​ត្រូវ​ប្រើ​ភ្លើង​ហ្វា ដើម្បី​មើល​ទៅ​មុខ​ឱ្យ​ បាន​ឆ្ងាយ​ តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឱ្យ​រំខាន​ដល់​ចរាចរណ៍​ដែល​មក​ពី​ទិស​ផ្ទុយ។
ហាម​បើក​ភ្លើង​ហ្វា​នៅ​ក្នុង​ទី​ក្រុង​ ឬ​ទី​ប្រជុំ​ជន​ដែល​មាន​ភ្លើង​អគ្គិសនី​បំភ្លឺ​គ្រប់គ្រាន់​ លើក​លែង​តែ​ករណី​ធ្វើ​សញ្ញា​សុំ​ជែង​ ឬ​សុំ​បើក​ផ្លូវ​ដោយ​ប្រើ​ឆ្លាស់​គ្នា​ជា​មួយ​ភ្លើង​កូត។

ខ- ភ្លើង​កូត : ត្រូវ​ប្រើ​ភ្លើង​កូត​ ក្នុង​ករណី​ដូច​ខាង​ក្រោម​:

– នៅ​ពេល​យប់​ នៅ​ក្នុង​ទី​ប្រជុំ​ជន​ និង​ក្រៅ​ទី​ប្រជុំ​ជន​ ដែល​មាន​ភ្លើង​អគ្គិសនី​បំភ្លឺ​តាម​ផ្លូវ

– នៅ​ពេល​យប់​ នៅ​ក្រៅ​ទី​ប្រជុំ​ជន​ដែល​គ្មាន​ចង្កៀង​អគ្គិសនី​បំភ្លឺ​តាម​ផ្លូវ​ ក្នុង​ករណី​រៀប​នឹង​ជៀស​យាន​មួយ​ផ្សេង​ទៀត​ និង​នៅ​ពេល​បើកបរ​ពី​ក្រោយ​ជិត​យាន​ជំនិះ​មួយ​ទៀត

– នៅ​ពេល​ថ្ងៃ​ កាលណា​មើល​មិន​សូវ​ច្បាស់​ ដោយ​អាកាស​ធាតុ​មិន​ល្អ​ដូច​ជា​នៅ​ពេល​ភ្លៀង​ខ្លាំង​ ឬ​ចុះ​អ័ព្ទ

– ភ្លើង​កូត​អាច​ប្រើប្រាស់​ឆ្លាស់​គ្នា​នឹង​ភ្លើង​ហ្វា​ធ្វើ​ឱ្យ​មាន​ពន្លឺ​ភ្លឹបភ្លែតៗ​ជា​សញ្ញា​ជំនួស​ស៊ីផ្លេ​នៅ​ពេល​ថ្ងៃ។

គ- ភ្លើង​ទី​តាំង : នៅ​ពេល​យប់​ ក្នុង​ទី​ប្រជុំ​ជន​ យាន​ជំនិះ​ទាំងឡាយ​ដែល​កំពុង​បើកបរ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន​ភ្លើង​ ទីតាំង​ដែរ​ ដោយ​មិន​បាច់​ប្រើ​ភ្លើង​កូត​ បើ​សិន​ជា​ទ្រូង​ផ្លូវ​មាន​ពន្លឺ​ភ្លើង​អគ្គិសនី​គ្រប់គ្រាន់។ ភ្លើង​ទី​តាំង​នេះ​ប្រើប្រាស់​សម្រាប់​ប្រាប់​វត្តមាន​យាន​ និង​ទំហំ​យាន​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ដែល​មើល​ពី​មុខ។

ឃ- ភ្លើង​ផ្សេងៗ​: នៅ​ពេល​យប់​ ឬ​នៅ​ពេល​ថ្ងៃ​ដែល​មាន​អាកាសធាតុ​មិន​ល្អ​មិន​អាច​មើល​ទៅ​មុខ​ឃើញ​ច្បាស់​ អ្នក​បើកបរ​ត្រូវ​ប្រើ :

– ភ្លើង​ក្រហម ​: សម្រាប់​ប្រាប់​វត្តមាន​នៃ​យាន​ជំនិះ​ និង​ទំហំ​ទទឹង​យាន​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ដែល​មើល​ពី​ក្រោយ

– ភ្លើងបំភ្លឺ​ផ្លាក​លេខ​ : សម្រាប់​ឱ្យ​គេ​មើល​លេខ​សម្គាល់​យាន​ជំនិះ​ឃើញ​ច្បាស់​ពី​ខាង​ក្រោយ

– ភ្លើង​ទទឹង​យាន​ : បង្ហាញ​ទំហំ​ទទឹង​យាន​ ឬ​បន្ទុក​ច្រងេងច្រងាង​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេង​ទៀត

– ភ្លើង​សញ្ញា​ប្ដូរ​ទិស​ : សម្រាប់​ប្រាប់​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេង​ទៀត​ នៅ​ពេល​ប្ដូរ​ទិស​ទៅ​ឆ្វេង​ ឬ​ទៅ​ស្ដាំ

– ភ្លើង​សញ្ញា​ថយ​ក្រោយ​ : សម្រាប់​ប្រាប់​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​នៅ​ខាង​ក្រោយ​យាន​ នៅ​ពេល​ធ្វើ​ចលនា​ថយ​ក្រោយ

– ភ្លើង​ស្តុប : សម្រាប់​ប្រាប់​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ខាង​ក្រោយ​យាន​នៅ​ពេល​ជាន់ ​ ឬ​ចាប់​ហ្រ្វាំង ដើម្បី​បន្ថយ​ល្បឿន​ ឬ​បញ្ឈប់​យាន

– ភ្លើង​សញ្ញា​អាសន្ន​ : សម្រាប់​ប្រាប់​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេង​ទៀត​នូវ​គ្រោះថ្នាក់ ​ដែល​អាច​កើត​មាន​ឡើង​ ដូចជា​នៅ​ពេល​អ្នក​បើកបរ​ត្រូវ​បង្ខំ​ចិត្ត​បើកបរ​ក្នុង​ល្បឿន​យឺត​ ដោយ​មូល​ហេតុ​អូស​សណ្ដោង​រថយន្ត​ខូច​ ឬ​ផ្ទុក​វត្ថុ​ច្រងេងច្រងាង​ និង​នៅ​ពេល​ឈប់​ ឬ​ចត​លើ​ទ្រូង​ផ្លូវ​ក្រៅ​ពី​ទី​ប្រជុំ​ជន​ ដោយ​មូល​ហេតុ​យាន​ខូច​ ឬ​ជាប់​ទាក់ទង​នឹង​គ្រោះថ្នាក់​ ឬ​ធ្លាក់​ទំនិញ​មិន​អាច​លើក​វិញ​បាន​ភ្លាមៗ។

– ភ្លើង​ចុះ​អ័ព្ទ : សម្រាប់​ប្រើ​នៅ​ពេល​ចុះ​អ័ព្ទ​ ឬ​ភ្លៀង​ខ្លាំង។ ភ្លើង​ចុះ​អ័ព្ទ​អាច​ប្រើ​ដើម្បី​ជំនួស​ភ្លើង​កូត​ ឬ​អាច​ប្រើ​បន្ថែម​លើ​ភ្លើង​កូត​បាន។

២- ក្នុង​ករណី​កំពុង​បើកបរ​យាន​ដែល​មិនមែន​យានយន្ត​ អ្នក​បើកបរ​យាន​ប្រភេទ​ដូច​ខាង​ក្រោម​ ត្រូវ​អនុវត្ត​ដូច​តទៅ​នេះ :

– រទេះ​អូសទាញ​ដោយ​មនុស្ស​ ត្រូវ​មាន​ភ្លើង​ ឬ​កញ្ចក់​ចាំង​ពន្លឺ​ពណ៌​ស​ ឬ​លឿង​ដាក់​នៅ​ខាង​មុខ​ និង​ភ្លើង​ ឬ​កញ្ចក់​ចាំង​ពន្លឺ​ពណ៌​ក្រហម​មួយ​ដាក់​នៅ​ខាង​ក្រោយ។ ភ្លើង​ទាំង​ពីរ​នេះ​ដាក់​នៅ​ជ្រុង​ឈម​នឹង​ទ្រូង​ផ្លូវ​

– រទេះ​អូសទាញ​សត្វ​ ត្រូវ​មាន​ភ្លើង​ ឬ​កញ្ចក់​ចាំង​ពន្លឺ​ពណ៌​ស​ ឬ​លឿង​ពីរ​ដាក់​នៅ​ខាង​មុខ​ជ្រុង​សង​ខាង​ និង​ត្រូវ​មាន​ភ្លើង​ ឬ​កញ្ចក់​ចាំង​ពន្លឺ​ពណ៌​ក្រហម​ពីរ​ដាក់​នៅ​ខាង​​ក្រោយ​ជ្រុង​សង​ខាង

– ទោចក្រយាន​ និង​ត្រី​ចក្រយាន​ ត្រូវ​មាន​ភ្លើង​ ឬ​កញ្ចក់​ចាំង​ពន្លឺ​ពណ៌​ស​យ៉ាង​តិច​មួយ​នៅ​ខាង​មុខ​ និង​ត្រូវ​មាន​ភ្លើង​ ឬ​កញ្ចក់​ចាំង​ពន្លឺ​ពណ៌​ក្រហម​យ៉ាង​តិច​មួយ​ ឬ​ភ្លើង​ក្រហម​មួយ​នៅ​ខាង​ក្រោយ

– រ៉ឺម៉ក​សណ្ដោង​ដោយ​ម៉ូតូ​ ឬ​ដោយ​កង់​ ត្រូវ​មាន​កញ្ចក់​ចាំង​ពន្លឺ​ ឬ​ភ្លើង​ពណ៌​ក្រហម​ពីរ​ដាក់​នៅ​ខាង​ក្រោយ​ជ្រុង​សង​ខាង

– យាន​ប្រភេទ​ទាំង​នេះ​ត្រូវ​ឈប់​ ឬ​ចត​តម្រៀប​គ្នា​នៅ​ជិត​គែម​បំផុត​នៃ​ទ្រូង​ផ្លូវ។

៣- ក្នុង​ករណី​យប់​ ឬ​ ចត​ យាន​យន្ត​នៅ​លើ​ទ្រូង​ផ្លូវ​ ដែល​គ្មាន​ភ្លើង​អគ្គិសនី​សាធារណៈ​បំភ្លឺ​ ត្រូវ​ប្រើ​ :

– ភ្លើង​ទីតាំង​ : សម្រាប់​ប្រាប់​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ដែល​​មក​ពី​ខាង​មុខ​ដឹង​ពី​វត្ត​មាន​យាន​ និង​ទំហំ​ទទឹង​យាន

– ភ្លើង​ក្រហម​ : សម្រាប់​ប្រាប់​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ ដែល​មក​ពី​ខាង​ក្រោយ​ដឹង​ពី​វត្តមាន​យាន​ និង​ទំហំ​ទទឹង​យាន

– ភ្លើង​បំភ្លឺ​ផ្លាក​លេខ : សម្រាប់​ឱ្យ​គេ​មើល​លេខ​សម្គាល់​យាន​ជំនិះ​ ឃើញ​ច្បាស់​ពី​ខាង​ក្រោយ។
នៅ​ទី​ប្រជុំ​ជន​ ការ​ប្រើប្រាស់​ភ្លើង​សញ្ញា​ដែល​បាន​ចែង​ក្នុង​វាក្យខ័ណ្ឌ​នេះ​ មិន​ចាំ​ប្រើប្រាស់​ទេ​ បើ​មាន​ភ្លើង​អគ្គិសនី​បំភ្លឺ​តាម​ទ្រូង​ផ្លូវ​ ហើយ​មាន​ពន្លឺ​គ្រប់គ្រាន់​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​មើល​យាន​ បាន​ច្បាស់​ពី​ចម្ងាយ​ដ៏​សម​ល្មម។

៤- ក្នុង​ករណី​ ចត​រ៉ឺម៉ក​ ឬ​សឺមី​រ៉ឺម៉ក​ដែល​ផ្ដាច់​ចេញ​ពី​រថយន្ត​ ត្រូវ​ចត​អែប​ចិញ្ចើម​ផ្លូវ​ឬ​ជាយ​ផ្លូវ​ ហើយ​ត្រូវ​ប្រើ​ភ្លើង​ស​ ឬ​លឿង​មួយ​នៅ​ខាង​មុខ​ និង​ភ្លើង​ក្រហម​មួយ​នៅ​ខាង​ក្រោយ។
ភ្លើង​នីមួយៗ​ ត្រូវ​ដាក់​នៅ​ជ្រុង​នៃ​យាន​ “ជ្រុង​រ៉ឺម៉ក” ដែល​ឈម​មុខ​ទៅ​នឹង​ទ្រូង​ផ្លូវ​ ដែល​រ៉ឺម៉ក​ ឬ​ សឺមី​រ៉ឺម៉ក​តម្រៀប​គ្នា​តាម​បណ្ដោយ​នោះ។

នៅ​ក្នុង​ទី​ប្រជុំ​ជន​ ការ​ប្រើប្រាស់​ភ្លើង​នេះ​មិន​ចាំ​បាច់​ទេ​ ប្រសិន​បើ​មាន​ភ្លើង​អគ្គិសនី​បំភ្លឺ​តាម​ទ្រូង​ផ្លូវ​ដែល​មាន​ពន្លឺ​ គ្រប់គ្រាន់​ អាច​ឱ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​មើល​ឃើញ​យាន​ជំនិះ​ដែល​ចត​នៅ​លើ​ទ្រូង​ផ្លូវ ​ពី​ចម្ងាយ​សម​ល្មម​បាន។

៥- ក្នុង​ករណី​យាន​ជំនិះ​ត្រូវ​បង្ខំ​ឱ្យ​ឈប់​ ឬ​ចត​នៅ​លើ​ទ្រូង​ផ្លូវ​ដែល​អាច​បង្ក​ជា​ឧបសគ្គ​ ឬ​គ្រោះថ្នាក់​ចរាចរណ៍​ ដូច​ជា​នៅ​ជិត​ផ្លូវ​ប្រសព្វ​ ផ្លូវ​បត់​ ផ្លូវ​កោង​ ផ្លូវ​ចុះ​ទួល​ និង​ផ្លូវ​កាត់​ផ្លូវ​រថភ្លើង​ ដោយ​មូលហេតុ​យាន​ខូច​គាំង​ ឬ​ជាប់​ទាក់​ទិន​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​មិន​អាច​រំកិល​យាន​ចេញ​ពី​ ទ្រូង​ផ្លូវ​បាន​នោះ​ អ្នក​បើកបរ​មិន​អាច​រំកិល​យាន​ចេញ​ពី​ទ្រូង​ផ្លូវ​បាន​នោះ​ អ្នក​បើកបរ​ត្រូវ​ប្រាប់​ដំណឹង​អំពី​ឧបសគ្គ​ដល់​អ្នក​បើកបរ​ផ្សេង​ទៀត​ដោយ​ ប្រើ​ភ្លើង​សញ្ញា​អាសន្ន​ ឬ​ដាក់​សញ្ញា​ត្រីកោណ​យ៉ាង​តិច​ចម្ងាយ​ ៣០​ម៉ែត្រ​ពី​ខាង​ក្រោយ​បាន។ ចំពោះ​យាន​ដែល​មាន​ទំនិញ​ធ្លាក់​លើ​ទ្រូង​ផ្លូវ​ហើយ​មិន​អាច​លើក​ទំនិញ​បាន​ ភ្លាមៗ​នោះ​ត្រូវ​ធ្វើ​សញ្ញា​ប្រាប់​ដំណឹង​ដល់​អ្នក​បើកបរ​ផ្សេង​ទៀត​ ដោយ​ប្រើ​សញ្ញា​ត្រីកោណ​ និង​ភ្លើង​សញ្ញា​អាសន្ន​ព្រម​គ្នា​ ឬ​យ៉ាង​ហោច​ណាស់​ក៏​ប្រើ​សញ្ញា​ត្រីកោណ​មួយ​នៅ​ចម្ងាយ​យ៉ាង​តិច​ ៣០ ម៉ែត្រ​ពី​ទំនិញ​នោះ។

៦- ក្នុង​ករណី​យាន​ បម្រើ​ការ​នគរបាល​ យោធា​ អាវុធហត្ថ​ ពន្លត់​អគ្គិភ័យ​ យាន​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​ដែល​កំពុង​បំពេញ​ភារកិច្ច​ អ្នក​បើកបរ​មាន​សិទ្ធិ​ប្រើប្រាស់​ភ្លើង​សញ្ញា​ពិសេស​បាន​គ្រប់ពេលវេលា។

មាត្រា​២៩.-

ការ​ប្រើប្រាស់​សូរស័ព្ទ​យាន​ជំនិះ​ ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម:

១- ការ​ប្រើប្រាស់​សញ្ញា​សូរស័ព្ទ​ “ស៊ីផ្លេ” ត្រូវ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​តែ​នៅ​ពេល​ថ្ងៃ​ ដើម្បី​ឱ្យ​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត​ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ឡើយ​ជាយថាហេតុ។

២- នៅ​ក្រៅ​ទី​ប្រជុំ​ជន​ សញ្ញា​សូរស័ព្ទ​នេះ​ ត្រូវ​ប្រើ​ផង​ដែរ​សម្រាប់​ឱ្យ​ដំណឹង​នៅ​ពេល​សុំ​ជែង។

៣- សញ្ញា​សូរស័ព្ទ​ ត្រូវ​ប្រើ​ក្នុង​រយៈពេល​ខ្លី​ គឺ​មិន​យូរ​ជាង​ការ​ចាំបាច់​ឡើយ។

៤- ចាប់​ពី​ពេល​ថ្ងៃ​លិច​រហូត​ដល់​ថ្ងៃ​រះ​ ការ​ឱ្យ​ដំណឹង​ដោយ​សញ្ញា​សូរស័ព្ទ​ត្រូវ​ជំនួស​ដោយ​ភ្លើង​កូត​ ហ្វា​ឆ្លាស់​គ្នា។

៥- នៅ​ពេល​យប់​ ក្នុង​ទី​ប្រជុំ​ជន​ សញ្ញា​ភ្លើង​កូត​ ហ្វា​ឆ្លាស់​គ្នា​អាច​ប្រើ​ផង​ដែរ​នៅ​ពេល​សុំ​ជែង។

៦- ចំពោះ​អ្នក​បើកបរ​យាន​បម្រើការ​នគរបាល​ យោធា អាវុធហត្ថ​ ពន្លត់​អគ្គិភ័យ​យាន​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ដែល​កំពុង​បំពេញ​ភារកិច្ច​ មាន​សិទ្ធិ​ប្រើប្រាស់​សញ្ញា​សូរស័ព្ទ​ពិសេស​បាន​គ្រប់​ពេលវេលា។

៧- ហាម​ប្រើ​ស៊ីផ្លេ​ខ្យល់​ក្នុង​ទី​ក្រុង​ ទី​ប្រជុំ​ជន​ ឬ​នៅ​ជិត​មន្ទីរពេទ្យ។

មាត្រា​៣០.-

ការ​ប្រើ​ភ្លើង​សញ្ញា​ និង​សូរស័ព្ទ​ពិសេស​ ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម:

១- ភ្លើង​សញ្ញា​ពិសេស​ គឺ​ជា​ភ្លើង​បន្ថែម​មាន​ជះ​ពន្លឺ​ផ្លេកបន្ទោរ​ភ្លឹបភ្លែតៗ​ វិល​ជុំវិញ​និង​មាន​ច្រើន​ពណ៌​ ដែល​មាន​អត្ថន័យ​ដូច​ខាង​ក្រោម:

ក- ភ្លើង​សញ្ញា​ពិសេស​ពណ៌​ខៀវ​ ឬ​ក្រហម​ ត្រូវ​ប្រើ​សម្រាប់​តែ​យាន​ដែល​មាន​សិទ្ធិ​អាទិភាព​ ដូចជា​យាន​បម្រើការ​នគរបាល​ យោធា​ អាវុធហត្ថ​ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​នៅ​ពេល​កំពុង​បំពេញ​ភារកិច្ច​ ដើម្បី​ឱ្យ​ដំណឹង​ពី​វត្តមាន​យាន​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេង​ទៀត។

ខ- ភ្លើង​សញ្ញា​ពិសេស​ពណ៌​លឿង​ទុំ​ ត្រូវ​ប្រើ​សម្រាប់​តែ​យាន​បម្រើ​ការងារ​សាធារណៈ​ ដូច​ជា​យាន​លាង​សម្អាត​ផ្លូវ​ យាន​ថែទាំ​ជួសជុល​ផ្លូវ​ និង​យាន​ដឹក​ជញ្ជូន​ពិសេស​ដែល​បំពាក់​ភ្លើង​សញ្ញា​ពិសេស​នេះ​ ហើយ​ត្រូវ​បើកបរ​ក្នុង​ល្បឿន​យឺត។

២- សញ្ញា​សូរស័ព្ទ​ពិសេស​ គឺ​ជា​សញ្ញា​សូរស័ព្ទ​បន្ថែម​ដែល​ប្រើប្រាស់​សម្រាប់​យាន​មាន​សិទ្ធិ​ អាទិភាព​ ដូច​ជា​យាន​បម្រើ​ការងារ​នគរបាល​ យោធា​ អាវុធហត្ថ​ ឬ​ពន្លត់​អគ្គិភ័យ​ដែល​មាន​បន្ថែម​សំឡេង​ស៊ីរ៉ែន​រោទិ៍។ ចំណែក​ឯ​យាន​សង្គ្រោះ​បន្ទាន់​សម្រាប់​មន្ទីរពេទ្យ​មាន​បន្ថែម​សំឡេង​រោទិ៍​ ពីរ​ដង​ឡើង​ចុះៗ។

៣- នៅ​ពេល​មាន​យាន​អាទិភាព​ ប្រើ​ភ្លើង​សញ្ញា​ និង​សញ្ញា​សូរស័ព្ទ​ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេងទៀត​ ត្រូវ​បន្ថយ​ល្បឿន​អែប​ខាង​ស្ដាំ​ ឬ​ឈប់​ដើម្បី​ទុក​ឱ្យ​យាន​ទាំង​នេះ​ជែង​ជៀស​ ឬ​ឆ្លងកាត់​ដោយ​ងាយ​ស្រួល។

ដោយ​ឡែក​នៅ​ពេល​កំពុង​បំពេញ​ភារកិច្ច​ អ្នក​បើកបរ​យាន​មាន​សិទ្ធិ​អាទិភាព​ខាង​លើ​នេះ​ អាច​បើកបរ:

– បញ្ច្រាស​ទិស​នៅ​លើ​ផ្លូវ​ឯកទិស

– នៅ​ពេល​ភ្លើង​សញ្ញា​ចរាចរណ៍​ បញ្ចេញ​ពន្លឺ​ពណ៌​ក្រហម

– ក្នុង​ល្បឿន​មិន​កំណត់

– ដោយ​មាន​សិទ្ធិ​អាទិភាព​លើ​ផ្លូវ​ប្រសព្វ

– កាត់​ ឬ​ជាន់​ខ្សែ​គំនូស​បង្ហូត​ជាប់។

ទោះបី​ក្នុង​ករណី​ណា​ក៏​ដោយ​ អ្នក​បើកបរ​យាន​ប្រភេទ​នេះ​ ត្រូវ​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​ អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេង​ទៀត​ និង​ត្រូវ​គោរព​សញ្ញា​បញ្ជា​ដោយ​ភ្នាក់ងារ​ចរាចរណ៍​ជា​ដាច់ខាត។

មាត្រា​៣១.-

ការ​បំពាក់​សញ្ញា​សូរស័ព្ទ​ ភ្លើង​បំភ្លឺ​ ឬ​ភ្លើង​លំអ​ផ្សេងៗ​ទៀត​ ក្រៅ​ពី​ការ​កំណត់​លក្ខណៈ​បច្ចេកទេស​របស់​យាន​ជំនិះ​ ត្រូវ​ហាម​ឃាត់។


ជំពូក​ទី​៥
ថ្មើរជើង​ និង​អ្នក​ជិះ​ ឬ​អ្នក​ដឹក​សត្វ

មាត្រា​៣២.-

ថ្មើរជើង​ និង​អ្នក​អូស​ ឬ​អ្នក​រុញ​រទេះ​ដៃ​ត្រូវ​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ ផ្លាក​សញ្ញា​ចរាចរណ៍​ ឬ​សញ្ញា​បញ្ជា​របស់​ភ្នាក់ងារ​ចរាចរណ៍។

ថ្មើរ​ជើង​ ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម:

១- ហាម​ប្រើប្រាស់​ទ្រូង​ផ្លូវ​បើ​នៅ​សងខាង​ទ្រូង​ផ្លូវ​មាន​ចិញ្ចើម​ផ្លូវ​ ឬ​ជាយ​ផ្លូវ​ ដែល​ជា​កន្លែង​បម្រុង​ទុក​ឱ្យ​ថ្មើរ​ជើង​ទៅ​មក។

២- អនុញ្ញាត​ឱ្យ​ ប្រើប្រាស់​ទ្រូង​ផ្លូវ​បើ​ចិញ្ចើម​ផ្លូវ​ ឬ​ជាយ​ផ្លូវ​គ្មាន​លទ្ធភាព​ឱ្យ​ថ្មើរ​ជើង​ប្រើប្រាស់​បាន​ ហើយ​ត្រូវ​ដើរ​ឱ្យ​កៀក​ជិត​ចិញ្ចើម​ផ្លូវ​តាម​ទិស​ចរាចរណ៍។

៣- គ្រប់​ថ្មើរ​ជើង​ដែល​មាន​បំណង​ឆ្លងកាត់​ទ្រូង​ផ្លូវ​ មិន​ត្រូវ​ឈាន​ចូល​ទ្រូង​ផ្លូវ​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ឡើយ។ ថ្មើរ​ជើង​ត្រូវ​ឆ្លង​កាត់​តាម​គំនូស​សញ្ញា​សម្រាប់​ថ្មើរ​ជើង​បើ​សិន​ជា​ មាន​គំនូស​សញ្ញា​សម្រាប់​ថ្មើរ​ជើង​នៅ​ជិត​នោះ។

៤- នៅ​កន្លែង​ដែល​មាន​គំនូស​សញ្ញា​សម្រាប់​ថ្មើរជើង​ឆ្លង​កាត់:

– ថ្មើរ​ជើង​ត្រូវ​គោរព​ធ្វើ​តាម​បញ្ជា​ភ្នាក់ងារ​នគរបាល​ចរាចរណ៍​ ឬ​តាម​សញ្ញាភ្លើង​សញ្ញា​ចរាចរណ៍

– នៅ​កន្លែង​គ្មាន​ភ្លើង​សញ្ញា​ចរាចរណ៍​ ឬ​គ្មាន​ភ្នាក់ងារ​នគរបាល​ចរាចរណ៍​បញ្ជា​ទេ​ ថ្មើរ​ជើង​មុន​នឹង​ឆ្លង​កាត់​ទ្រូង​ផ្លូវ​ ត្រូវ​ប្រាកដ​ថា​ការ​ឆ្លង​កាត់​នេះ​ពុំ​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​អ្វី​ ឡើយ​ ដោយ​ប្រមាណ​គិត​ដល់​ភាព​មើល​ច្បាស់​នូវ​ចម្ងាយ​ និង​ល្បឿន​របស់​យាន​ ដែល​កំពុង​រត់​លើ​ទ្រូង​ផ្លូវ។

៥- នៅ​កន្លែង​ដែល​គ្មាន​គំនូស​សញ្ញា​សម្រាប់​ថ្មើរ​ជើង​ឆ្លង​កាត់:

– ថ្មើរ​ជើង​មុន​នឹង​ឆ្លង​កាត់​ទ្រូង​ផ្លូវ ត្រូវ​ជឿជាក់​ថា​ទង្វើ​នេះ​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​ការ​រំខាន​ចរាចរណ៍​ យាន​ ឬ​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ

– នៅ​ពេល​ឆ្លងកាត់​ទ្រូង​ផ្លូវ​ ហាម​ថ្មើរ​ជើង​ឆ្លង​កាត់​កន្លែង​ប្រសព្វ​នៃ​ទ្រូង​ផ្លូវ។ ថ្មើរ​ជើង​ ត្រូវ​ឆ្លង​កាត់​តាម​បន្ទាត់​កែង​នៃ​អ័ក្ស​ទ្រូង​ផ្លូវ​ និង​ហាម​បង្អែបង្អង់​ ឬ​ឈប់​នៅ​លើ​ទ្រូង​ផ្លូវ​បើសិន​គ្មាន​ការ​ចាំបាច់។

៦- ហាម​កុំ​ឱ្យ​ក្មេង​អាយុ​តិច​ជាង​ ៦ ឆ្នាំ​ ដើរ​រហេតរហូត​លើ​ផ្លូវ​ថ្នល់។

៧- ចំពោះ​ជន​ងងឹត​ភ្នែក​ទាំង​ពីរ​ ដែល​ធ្វើ​ដំណើរ​លើ​ផ្លូវ​ថ្នល់​ និង​ឆ្លង​កាត់​ផ្លូវ​ថ្នល់​ត្រូវ​មាន​អ្នក​នាំ​ផ្លូវ។


មាត្រា​៣៣.-

ក្បួន​ដង្ហែ​ផ្សេងៗ​ដែល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច:

– ត្រូវ​ហែ​នៅ​អែប​ទ្រូង​ផ្លូវ​ខាង​ស្ដាំ​តាម​ទិស​ចរាចរណ៍​ ហើយ​ត្រូវ​ទុក​ទ្រូង​ផ្លូវ​ផ្នែក​ខាង​ឆ្វេង​ឱ្យ​នៅ​ទំនេរ​ទាំង​ស្រុង។

– អាច​ដើរ​ហែ​ជា​ក្បួន​មាន​ជា​ពីរ​បី​ ឬ​បួន​ជួរ​បាន​ ដោយ​ប្រមាណ​ដល់​ទទឹង​ទ្រូង​ផ្លូវ​ ហើយ​ត្រូវ​គោរព​បទ​បញ្ជា​ចរាចរណ៍។

– ក្បួន​ដង្ហែ​ត្រូវ​កាន់​ភ្លើង​ពណ៌​ពិសេស​នៅ​ខាង​មុន​ និង​ត្រូវ​កាន់​ភ្លើង​ពណ៌​ក្រហម​នៅ​ខាង​ក្រោយ​នៅ​ពេល​យប់​ ឬ​ពេល​ថ្ងៃ​ កាលណា​មើល​មិន​ឃើញ​ច្បាស់​គ្រប់គ្រាន់។

មាត្រា​៣៤.-

អ្នក​ជិះ​ អ្នក​ដឹក​សត្វ​ ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម:

១- អ្នក​ជិះ​ ដឹក​ ឬ​បរ​សត្វ​នៅ​លើ​ទ្រូង​ផ្លូវ​ មិន​ត្រូវ​បង្ក​ឱ្យ​មាន​ឧបសគ្គ​ ឬ​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ផ្សេង​ទៀត​ ដោយ​ត្រូវ​ដាក់​ចំនួន​មនុស្ស​ដឹក​ឱ្យ​សម​ស្រប​នឹង​ចំនួន​សត្វ​ដែល​អាច​បញ្ជា ​សត្វ​ឱ្យ​ទៅ​ ឬ​ឈប់​បាន​គ្រប់គ្រាន់​ និង​ទាន់​ពេលវេលា។

២- នៅ​ពេល​យប់​ ឬ​ពេល​ថ្ងៃ​ កាលណា​មើល​មិន​ឃើញ​ច្បាស់​ អ្នក​ដឹក​សត្វ​ពាហនៈ​ត្រូវ​ប្រើ​ភ្លើង​ពណ៌​ស​នៅ​ខាង​មុខ​ និង​ពណ៌​ក្រហម​នៅ​ខាង​ក្រោយ។

៣- ហាម​លែង​សត្វ​ ឱ្យ​ដើរ​រហេតរហូត​លើ​ផ្លូវ​ថ្នល់។

៤- សត្វ​ដែល​ឈប់​នៅ​លើ​ទ្រូង​ផ្លូវ​ មិន​ត្រូវ​បង្ក​ឱ្យ​រំខាន​ដល់​យាន​ជំនិះ​ផ្សេងៗ​ទៀត​ដែល​កំពុង​ធ្វើ​ចរាចរណ៍។

៥- នៅ​ក្នុង​ទី​ប្រជុំ​ជន​ អ្នក​ជិះ​ ដឹក​ ឬ​បរ​សត្វ​នៅ​លើ​ទ្រូង​ផ្លូវ​ត្រូវ​ឈប់​នៅ​តាម​ទិស​ដែល​ទិស​ដែល​ខ្លួន​កំពុង ​ធ្វើ​ចរាចរណ៍​ ដោយ​អនុវត្ត​ដូច​ខាង​ក្រោម:

– ចំពោះ​ទ្រូង​ផ្លូវ​ដែល​មាន​ទិស​ចរាចរណ៍​ពីរ​ ត្រូវ​ឈប់​ខាង​ស្ដាំ​តាម​ទិស​ចរាចរណ៍​របស់​ខ្លួន

– ចំពោះ​ទ្រូង​ផ្លូវ​ឯក​ទិស​ ត្រូវ​ឈប់​ខាង​ស្ដាំ​ ឬ​ខាង​ឆ្វេង​តាម​ទិស​ចរាចរណ៍​លើកលែង​តែ​មាន​ផ្លាក​សញ្ញា​ផ្ទុយ។


ជំពូក​ទី ៦
ករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍

មាត្រា​ ៣៥.-

គ្រប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ជា​សមត្ថកិច្ច​របស់​នគរបាល​ចរាចរណ៍។
នៅ​រាល់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នគរបាល​ចរាចរណ៍​ត្រូវ​ខិតខំ​ឱ្យ​អស់​សមត្ថភាព​ដើម្បី​ :

១- រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ នៅ​កន្លែង​កើត​ហេតុ។

២- ចាត់​វិធានការ​សង្គ្រោះ​ជន​រងគ្រោះ​ជា​បន្ទាន់។

៣- ចាត់​វិធានការ​ជំនាញ​ ប្រមូល​ភស្តុតាង​ និង​ព័ត៌មាន​ដើម្បី​ធ្វើ​កំណត់​ហេតុ​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍។

៤- រក្សា​សន្តិសុខ​ឱ្យ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ។

៥- កត់ត្រា​អត្តសញ្ញាណ​ និង​អាសយដ្ឋាន​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ។

៦- ដោះស្រាយ​ជម្លោះ​ដែល​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ស្រប​តាម​បញ្ញត្តិ​នៃ​ច្បាប់​នេះ។

មាត្រា​៣៦.-

ក្នុង​ករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ អ្នក​បើកបរ​ ឬ​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​រូប​ដែល​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ ឬ​អ្នក​ដែល​ឃើញ​ហេតុការណ៍​នេះ​ ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម:

១- បញ្ឈប់​យាន​របស់​ខ្លួន​ជា​បន្ទាន់​ ដោយ​មិន​ធ្វើ​ឱ្យ​រំខាន​ ឬ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ទៀត។

២- ជូន​ដំណឹង​ជា​បន្ទាន់​ទៅ​អាជ្ញាធរ​ដែនដី​ ឬ​នគរបាល​ចរាចរណ៍។

៣- ហាម​ប្រើ​ហិង្សា​ ឬ​បង្ក​ជម្លោះ​រវាង​ភាគី​ពាក់ព័ន្ធ។

៤- ហាម​ចាកចេញ​ពី​កន្លែង​កើត​ហេតុ​មុន​ការ​ព្រមព្រៀង​គ្នា​ ឬ​គ្មាន​ការ​អនុញ្ញាត​ពី​នគរបាល​ចរាចរណ៍។


មាត្រា​៣៧.-

បើ​គ្រោះថ្នាក់​កើត​ឡើង​បណ្ដាល​ឱ្យ​ខូចខាត​តែ​សម្ភារៈ​ ភាគី​ទាំង​ពីរ​អាច​សម្រួល​គ្នា​បាន​ដោយ​មិន​ចាំ​បាច់​សុំ​អន្តរាគមន៍​ពី​ មន្ត្រី​នគរបាល​ចរាចរណ៍​ឡើយ។


មាត្រា​៣៨.-

ក្នុង​ករណី​មាន​មនុស្ស​រង​របួស​ ឬ​បាត់បង់​ជីវិត​ អ្នក​បើកបរ​ ឬ​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​រូប​ដែល​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ ឬ​អ្នក​ដែល​ឃើញ​ហេតុការណ៍​នេះ​ ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម:

១- ត្រូវ​ផ្ដល់​ព័ត៌មាន​ជា​បន្ទាន់​ដល់​អាជ្ញាធរ​ដែនដី​ ឬ​នគរបាល​ចរាចរណ៍​ ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​បំផុត។

២- ត្រូវ​ចាត់ចែង​ជូន​ព័ត៌មាន​ ឬ​បញ្ជូន​ជនរងគ្រោះ​ជា​បន្ទាន់​ទៅ​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​ បំផុត។ ហាម​អ្នក​មាន​យាន​ជំនិះ​គ្រប់​ប្រភេទ​បដិសេធ​ដោយ​ឥត​សម​ហេតុផល​នូវ​សំណើ​ជួយ ​សង្គ្រោះ​នេះ។

៣- ត្រូវ​សហការ​ជួយ​ធានា​ឱ្យ​មាន​សន្តិសុខ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ដល់​កិច្ច​ដំណើរ​ការ​ចរាចរណ៍​ទូទៅ​នៅ​ជុំវិញ​កន្លែង​កើតហេតុ។

៤- ត្រូវ​ជៀសវាង​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ដល់​ទី​កន្លែង​កើតហេតុ​ ឬ​ឱ្យ​បាត់ដាន​ ឬ​ស្នាម​ ដែល​ជា​កត្តា​មាន​ប្រយោជន៍​ដល់​ការ​ស្វែង​រក​អ្នក​ទទួល​ខុសត្រូវ​ក្នុង​រឿង​ គ្រោះថ្នាក់។

៥- ត្រូវ​រង់ចាំ​នៅ​នឹង​កន្លែង​កើតហេតុ​ រហូត​ដល់​ភ្នាក់ងារ​នគរបាល​ចរាចរណ៍​បាន​មក​ដល់។ ហាម​អ្នក​បង្ក​គ្រោះថ្នាក់​ចាកចោល​កន្លែង​កើតហេតុ​មុន​បាន​ការ​អនុញ្ញាត​ពី​ ភ្នាក់ងារ​នគរបាល​ចរាចរណ៍។

មាត្រា​៣៩.-

ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ភាគី​ម្ខាង​ជា​ភ្នាក់ងារ​ទូត​ ឬ​បេសកកម្ម​ទូត​ ភ្នាក់ងារ​នគរបាល​ចរាចរណ៍​ត្រូវ​ធ្វើ​កំណត់ហេតុ​ និង​របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​នេះ​ផ្ញើ​ទៅ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ចាត់ចែង​ឱ្យ​អ្នក​តំណាង​មក​ចូល​រួម​ សហការ​ជា​មួយ​ភ្នាក់ងារ​នគរបាល​ចរាចរណ៍​ ដើម្បី​ពិនិត្យ​ និង​លើក​វិធានការ​សមស្រប។

ជំពូក​ទី​ ៧​
ការ​គ្រប់គ្រង​យាន​ និង​ ការ​ដឹកជញ្ជូន

មាត្រា​ ៤០​.-

ប័ណ្ណ​បើកបរ​ជាតិ​ និង​អន្តរជាតិ​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​ ត្រូវ​ចេញ​ដោយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន។ ក្រសួង​មហាផ្ទៃ​ ឬ​ក្រសួង​ការពារ​ជាតិ​ ត្រូវ​ចេញ​ប័ណ្ណ​បើកបរ​សម្រាប់​អ្នក​បើកបរ​យានយន្ត​ពិសេស​បម្រើ​ជំនាញ​ដូច​ ជា​ រថក្រោះ​ រថពាសដែក​ រថយន្ត​បំពាក់​យុទ្ធោបករណ៍​ យានយន្ត​​ប្រដេញ​ ម៉ូតូ​កង់​បី​ ម៉ូតូ​ហែអម​ ដែល​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ។

ប័ណ្ណ​បើកបរ​យានយន្ត​ផ្លូវ​គោក​នៃ​ព្រះរាជាណាចក្រ​កម្ពុជាមាន​ ០៥​ ប្រភេទ​ដូច​ខាង​ក្រោម:

ប្រភេទ​ ក : សម្រាប់​ទោចក្រ​យានយន្ត​ និង​ត្រី​ចក្រ​យានយន្ត​មាន :

ក ១– សម្រាប់​ទោចក្រ​យានយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់​ពី​ ៤៩​ ដល់​១២៥​សង់ទីម៉ែត្រគូប។

ក២​– សម្រាប់​ទោចក្រយានយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​លើស​ពី​ ១២៥​សង់ទីម៉ែត្រ​គូប។

-ទោចក្រយានយន្ត​មាន​សណ្ដោង​ និង​ត្រី​ចក្រយានយន្ត។

ប្រភេទ​ ខ​ : សម្រាប់​រថយន្ត​ដឹក​អ្នក​ដំណើរ​មិន​លើស​ពី​ ០៩​ នាក់​ ដោយ​គិត​ទាំង​អ្នក​បើកបរ។

– រថយន្ត​ដឹក​ទំនិញ​ដែល​មាន​ទម្ងន់​សរុប​អតិបរមា​មិន​លើស​ពី​ ៣,៥​តោន។

– រថយន្ត​ក្នុង​ប្រភេទ​ខ​ នេះ ​អាច​សណ្ដោង​រ៉ឺម៉ក​ដែល​មាន​ទម្ងន់​សរុប​អតិបរមា​មិន​លើស​ពី​ ០,៧៤​ តោន។

ប្រភេទ​ គ : សម្រាប់​រថយន្ត​ដឹក​ទំនិញ​ដែល​មាន​ទម្ងន់​សរុប​អតិបរមា​លើស​ពី​៣,៥​ តោន​ និង​អាច​មាន​សណ្ដោង​រ៉ឺម៉ក​ ដែល​មាន​ទម្ងន់​សរុប​អតិបរមា​មិន​លើស​ពី​ ០,៧៥​តោន។

ប្រភេទ​ ឃ​​ : សម្រាប់​រថយន្ត​ដឹក​អ្នក​ដំណើរ:

ឃ១: សម្រាប់​រថយន្ត​ដឹក​អ្នក​ដំណើរ​ចាប់​ពី​ ១០​នាក់​ ដល់​ ២០​នាក់​ដោយ​គិត​ទាំង​អ្នក​បើកបរ​ និង​អាច​មាន​សណ្ដោង​រ៉ឺម៉ក​ដែល​មាន​ទម្ងន់​សរុប​អតិបរមា​មិន​លើស​ពី​០,៧៥​ តោន។

ឃ​ ២ : សម្រាប់​រថយន្ត​ដឹក​អ្នក​ដំណើរ​លើស​ពី​ ២០​នាក់​ ដោយ​គិត​​ទាំង​អ្នក​បើកបរ​ និង​អាច​មាន​សណ្ដោង​រ៉ឺម៉ក​ដែល​មាន​ទម្ងន់​សរុប​អតិបរមា​ មិន​លើស​ពី​០,៧៥​ តោន។

ប្រភេទ​ ង : សម្រាប់​រថយន្ត​ប្រភេទ​ខ គ​ និង​ ​ មាន​​សណ្ដោង​រ៉ឺម៉ក​ដែល​មាន​ទម្ងន់​សរុប​អតិបរមា​លើស​ពី​ ០,៧៥​តោន​ ត្រូវ​ចែក​ជា​បី​ប្រភេទ​គឺ​ប្រភេទ​ ង​ (ខ)​ ប្រភេទ​ ង​ (គ)​ និង​ប្រភេទ​ ង​ (ឃ)

មាត្រា​ ៤១.-

ល័ក្ខខ័ណ្ឌ​ផ្សេងៗ​ទាក់ទង​នឹង​ប័ណ្ណ​បើកបរ​ ត្រូវ​កំណត់​ដូច​ខាង​ក្រោម :

១-អ្នក​កាន់​ប័ណ្ណ​បើកបរ​ប្រភេទ​ណា​ ត្រូវ​បើកបរ​យានយន្ត​ប្រភេទ​នោះ។ ចំពោះ​ជន​ពិការ​​មាន​សិទ្ធិ​បើកបរ​យានយន្ត​​ពិសេស​ និង​មាន​ប័ណ្ណ​បើកបរ​ដែល​មាន​លក្ខណៈ​ពិសេស​សម្រាប់​តែ​ជន​ពិការ។

២-អ្នក​កាន់​ប័ណ្ណ​បើកបរ​ ត្រូវ​សុំ​បន្ត​សុពលភាព​ឱ្យ​ បាន​មុន​ពេល​កំណត់​ ដែល​ប័ណ្ណ​បើកបរ​អស់​សុពលភាព។ ការ​មិន​បាន​មក​បន្ត​សុពលភាព​ ត្រូវ​ទទួល​ការ​ពិន័យ​តាម​ច្បាប់​កំណត់។

៣-អាយុ​អ្នក​បើកបរ​ត្រូវ​កំណត់​​តាម​ប្រភេទ​ប័ណ្ណ​បើកបរ​ ដូច​ខាង​ក្រោម :

-អាយុ​ ១៦​ឆ្នាំ​យ៉ាង​តិច​ ចំពោះ​ប្រភេទ​ ក១​

-អាយុ​ ១៨​ឆ្នាំ​យ៉ាង​តិច​ ចំពោះ​ប្រភេទ​ ក២​ និង ​ខ​

-អាយុ​ ២២​ឆ្នាំ​យ៉ាង​តិច​ ចំពោះ​ប្រភេទ​ ​ និង​ ឃ១

-អាយុ​ ២៤​ឆ្នាំ​យ៉ាង​តិច​ ចំពោះ​ប្រភេទ​ ឃ​ ២​ និង​ ង​

៤- អ្នក​មាន​ប័ណ្ណ​ប្រភេទ​ ក២​ អាច​បើកបរ​យានយន្ត​ប្រភេទ​ ក​១​ បាន។

៥-អ្នក​មាន​ប័ណ្ណ​ប្រភេទ​ ​ អាច​បើកបរ​យានយន្ត​ប្រភេទ​ ក១​ យានយន្ត​កសិកម្ម ​ឬ​យានន្ដុប្បករណ៍​ដែល​មាន​ល្បឿន​អតិបរមា​មិន​លើស​ពី​ ៤០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ តែ​មិន​អាច​បើកបរ​យានយន្ត​ប្រភេទ​ ក​ ២​​ ឬ​គ​ ឬ​ឃ​ ១​ ឬ​ឃ ២​​ ឬ​ង​ បាន​ទេ។

៦-ចំពោះ​អ្នក​បើកបរ​យានយន្ដុប្បករណ៍​ ដែល​មាន​ល្បឿន​អតិបរមា​លើស​ពី​ ៤០​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ត្រូវ​មាន​ប័ណ្ណ​ប្រភេទ​គ

៧-ដើម្បី​មាន​សិទ្ធិ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ប្រភេទ​ ​ ត្រូវ​មាន​ប័ណ្ណ​បើកបរ​ប្រភេទ​​ ឬ​ឃ​១​ សិន។

៨-អ្នក​បើកបរ​យានយន្ត​ប្រភេទ​​ ឬ​ឃ​ ១​ ឬ​ឃ ២​ អាច​បើកបរ​យានយន្ត​ប្រភេទ​ខ​បាន។

៩-អ្នក​មាន​ប័ណ្ណ​បើកបរ​ប្រភេទ​ មិន​អាច​បើកបរ​យានយន្ត​ប្រភេទ​ ឃ​ ២​ បាន​ទេ​ ប៉ុន្តែ​អ្នក​មាន​ប័ណ្ណ​បើកបរ​ប្រភេទ​ ឃ​ ២​ អាច​បើកបរ​យានយន្ត​ប្រភេទ​ ​ ឬ​គ​ ឬ​ឃ១​ បាន។

១០-ដើម្បី​មាន​សិទ្ធិ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ប្រភេទ​ ឃ១​ ត្រូវ​មាន​ប័ណ្ណ​បើកបរ​ប្រភេទ​ ខ​ សិន។

១១-ដើម្បី​មាន​សិទ្ធិ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ប្រភេទ​ ឃ​ ២​ ត្រូវ​មាន​ប័ណ្ណ​បើកបរ​ប្រភេទ​ ​ ឬ​ ​ ឬ​ ឃ​ ១​ សិន។

១២-ដើម្បី​មាន​សិទ្ធិ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ប្រភេទ​ ​ ត្រូវ​មាន​ប័ណ្ណ​បើកបរ​ប្រភេទ​ ​ ឬ​ ​ ឬ​ ឃ១​ ឬ​ ឃ​ ២​ សិន។

១៣-អ្នក​មាន​ប័ណ្ណ​បើកបរ​ប្រភេទ​ ​ អាច​មាន​សិទ្ធិ​បើកបរ​រថយន្ត​សណ្ដោង​រ៉ុម៉ក​ដែល​មាន​ទម្ងន់​សរុប​អតិបរមា​លើស​ពី​ ០,៧៥​តោន​ បាន​ទៅ​តាម​ប្រភេទ​ប័ណ្ណ​បើកបរ​ដូចជា​ ង​ (ខ) ឬ ​ង​ (គ)​ ឬ​ (ឃ​១)​ ឬ​ (ឃ​២)។

មាត្រា​ ៤២.-

រយៈពេល​សុពល​ភាព​នៃ​ប័ណ្ណ​បើកបរ​មាន​ដូច​ខាង​ក្រោម :

១-ប័ណ្ណ​បើកបរ​ប្រភេទ​ ក​ និង​ ខ​ មាន​សុពលភាព​រហូត​ដល់​អ្នក ​កាន់​ប័ណ្ណ​បើកបរ​មាន​អាយុ​ដល់​ ៦៥​ ឆ្នាំ​ ប៉ុន្តែ​ត្រូវ​ពិនិត្យ​សុខភាព​ និង​ពន្យារ​ប័ណ្ណ​បើកបរ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ម្ដង។

២-ប័ណ្ណ​បើកបរ​​ប្រភេទ​ គ ​ឃ​ និង​ ​ មាន​សុពលភាព​រយៈពេល​ ៣​ ឆ្នាំ។ អ្នក​បើកបរ​ត្រូវ​ពន្យារ​សុពលភាព​នៃ​ប័ណ្ណ​បើកបរ​របស់​ខ្លួន​ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ម្ដង​ បន្ទាប់​ពី​ការ​ពិនិត្យ​សុខភាព​ដែល​អនុញ្ញាត​ឱ្យ​បើកបរ​បាន។

៣-ចាប់​ពី​អាយុ​ ៦៥​ ឆ្នាំ​ឡើង​ទៅ​អ្នក​បើកបរ​ដែល​ប្រើប្រាស់​ប័ណ្ណ​ បើកបរ​គ្រប់​ប្រភេទ​ ត្រូវ​ត្រួតពិនិត្យ​សុខភាព​ ២​ ឆ្នាំ​ម្ដងៗ។ រីឯ​សុពលភាព​នៃ​ប័ណ្ណ​បើកបរ​ត្រូវ​ពន្យារ​ពេល​២​ ឆ្នាំ​ម្ដង។

មាត្រា​ ៤៣.-

គ្រប់​ប័ណ្ណ​បើកបរ​ត្រូវ​មាន​ប័ណ្ណ​ពិន្ទុ​ដែល​មាន​ពិន្ទុ​សរុប​ចំនួន​ ១២​ ពិន្ទុ​ ហើយ​ចំនួន​ពិន្ទុ​នេះ​នឹង​ត្រូវ​កាត់​បន្ថយ​នៅ​ពេល​ប្រព្រឹត្ត​បទល្មើស​ ចរាចរណ៍​ ដែល​មាន​ដូច​ខាង​ក្រោម :

ក-ត្រូវ​កាត់បន្ថយ​ ១​ ពិន្ទុ :

– មិន​ពាក់​ខ្សែ​ក្រវាត់​ ឬ​មួក​សុវត្ថិភាព

– ប្រើ​ភ្លើងហ្វា​នៅ​ពេល​ជួប​យាន​មក​ពី​ទិស​ផ្ទុយ​

– បើកបរ​ជាន់​តាម​ខ្សែ​​គំនូស​បង្ហូត​កណ្ដាល​ទ្រូង​ផ្លូវ

– បើកបរ​លើស​ល្បឿន​កំណត់​ចាប់​ពី​ ១​ ទៅ​ ១៩​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

– បើកបរ​នៅ​ពេល​យប់​ដោយ​គ្មាន​ភ្លើង​គ្រប់គ្រាន់​ តាម​ប្រភេទ​យានយន្ត​

– ការ​ផ្ទុក​មនុស្ស​ជិះ​លើស​កំណត់។

ខ-ត្រូវ​កាត់បន្ថយ​ ២​ ពិន្ទុ :

– បើកបរ​លើស​ល្បឿន​កំណត់​ចាប់​ពី​ ២០​ ទៅ​ ២៩​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

– បើកបរ​បង្កើន​ល្បឿន​ នៅ​ពេល​គេ​កំពុង​ជែង​ខ្លួន

– ការ​បត់ឆ្វេង​ ស្ដាំ​ មិន​បាន​ត្រឹមត្រូវ​

– ការ​បត់​ត្រឡប់​ក្រោយ​ នៅ​កន្លែង​ហាមឃាត់​

– ការ​មិន​គោរព​ល័ក្ខខ័ណ្ឌ​នៃ​​ប័ណ្ណ​បើកបរ​

– ការ​បត់​​ឆ្វេង​ ស្ដាំ​ ឬ​ឈប់​មិន​បាន​ឱ្យ​សញ្ញា​ជា​ដំណឹង​

– ការ​ជែង​ ឬ​ជៀស​មិន​បាន​ត្រឹមត្រូវ​

– បើកបរ​ដោយ​គ្មាន​ទុក​ចន្លោះ​សុវត្ថិភាព​ត្រឹមត្រូវ​

– បើកបរ​ដោយ​ធ្វេសប្រហែស​ ធ្វើ​ឱ្យ​រំខាន​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត

– មិន​បាន​ឱ្យ​សញ្ញា​ជា​ដំណឹង​ត្រឹមត្រូវ​នៅ​ពេល​ចេញ​ដំណើរ​

– យាន​មាន​លក្ខណៈ​បច្ចេកទេស​មិន​ត្រឹមត្រូវ​​

– ផ្ទុក​ទំនិញ​មិន​បាន​ត្រឹមត្រូវ​

– ចត​យាន​នៅ​លើ​គំនូស​សម្រាប់​ថ្មើរជើង​ឆ្លង​កាត់

– ឈប់​ ឬ​ចត​នៅ​លើ​កន្លែង​គំនូស​តម្រឹម​ទ្រូង​ផ្លូវ

– ដាក់​ក្មេង​អាយុ​ក្រោម​ ១០​ ឆ្នាំ​ ឱ្យ​អង្គុយ​នៅ​កៅអី​ផ្នែក​ខាង​មុខ​នៃ​រថយន្ត​ដោយ​គ្មាន​មនុស្ស​ចាស់​អង្គុយ​ជាមួយ

– មិន​បាន​ដាក់​ក្មេង​អាយុ​ក្រោម​ ៥​ ឆ្នាំ​ អង្គុយ​ក្នុង​កៅអី​ពិសេស​សម្រាប់​ក្មេង​អង្គុយ​ ឬ​ដេក។

គ-ត្រូវ​កាត់​បន្ថយ​ ៣​ ពិន្ទុ :

– ការ​ឈប់​ ឬ​ចត​នៅ​កន្លែង​ដែល​គ្រោះថ្នាក់

– ការ​ជែង​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​

– បើកបរ​​ជែង​គ្នា​នៅ​កន្លែង​ហាមឃាត់

– ការ​ប្ដូរ​ទិស​គ្មាន​ឱ្យ​សញ្ញា​ជា​ដំណឹង​

– បើកបរ​ឆ្លង​កាត់​គំនូស​បង្ហូត​ជាប់​កណ្ដាល​ទ្រូង​ផ្លូវ

– បើកបរ​លើស​ល្បឿន​កំណត់​ចាប់​ពី​ ៣០​ ទៅ​ ៣៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

– បើកបរ​ក្នុង​ពេល​មាន​អត្រា​ជាតិ​ស្រវឹង​ចាប់​ពី​ ០,២៥​ ទៅ​០,៣៩​មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ ឬ​ចាប់​ពី​ ០,៥​ ទៅ​ ០,៧៩​ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​

– ប្រណាំង​គ្នា​តាម​ផ្លូវ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត

– កំហុស​នៃ​ការ​ឈប់​ ឬ​មិន​ផ្ដល់​សិទ្ធិ​អាទិភាព​នៅ​កន្លែង​ថ្មើរជើង​ឆ្លង​កាត់​

– មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​ក្រហម

– មិន​គោរព​​ផ្លាក​សញ្ញា​ឈប់​​ ឬ​សញ្ញា​សិទ្ធិ​អាទិភាព​

– មិន​គោរព​សញ្ញា​បញ្ជា​ចរាចរណ៍​របស់​នគរបាល​ចរាចរណ៍។

ឃ-ត្រូវ​កាត់​បន្ថយ​ ៤​ ពិន្ទុ :

– បើកបរ​លើស​ល្បឿន​កំណត់​ចាប់​ពី​ ៤០​ ទៅ​ ៤៩​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

– បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​នៅ​ត្រង់​ផ្លូវ​ប្រសព្វ

– ការ​បើកបរ​ទន្ទឹម​គ្នា​

– ការ​ធ្វើ​ឱ្យ​ស្ទះ​ចរន្ត​ចរាចរណ៍​

– មិន​បាន​ផ្ដល់​សិទ្ធិ​អាទិភាព​ឱ្យ​ យានយន្ត​មាន​សិទ្ធិ​អាទិភាព​

– ទំនិញ​ធ្លាក់​ពី​លើ​យាន​

– បើកបរ​បញ្ច្រាស​ទិស​ចរាចរណ៍

– បើកបរ​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់។

ង-ត្រូវ​កាត់បន្ថយ​ ៦​ ពិន្ទុ :

– បើកបរ​លើស​ល្បឿន​កំណត់​ចាប់​ពី​៥០​​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឡើង​ទៅ​

– បើកបរ​ក្នុង​ពេល​មាន​អត្រា​ជាតិ​ស្រវឹង​ចាប់​ពី​ ០,៤០​ មីលីក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ ឬ​ចាប់​ពី​ ០,៨​ ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើង​ទៅ​ ឬ​មាន​ឥទ្ធិពល​គ្រឿង​ញៀន

– រត់​គេច​ខ្លួន​ពេល​មាន​គ្រោះថ្នាក់​​ចរាចរណ៍​

– ការ​ប្រើប្រាស់​ផ្លាក​លេខ​ និង​ប័ណ្ណ​សម្គាល់​យានយន្ត​ក្លែងក្លាយ

– បើកបរ​ខុស​ច្បាប់​ចរាចរណ៍​ ហើយ​បង្ក​ឱ្យ​ មាន​អ្នក​របួស​​ដោយ​អចេតនា

– បើកបរ​ខុស​​ច្បាប់​ចរាចរណ៍​ ហើយ​បង្ក​ឱ្យ​ មាន​អ្នក​ស្លាប់​ដោយ​អចេតនា​ក្នុង​ករណី​ប័ណ្ណ​បើកបរ​​ត្រូវ​​ព្យួរ​ទុក​​ដូច ​មាន​ចែង​ក្នុង​ចំណុច​២.ខ​ នៃ​មាត្រា​​ ៦៥ នៃ​ច្បាប់​នេះ

– កំហុស​នៃ​ការ​ប្រើប្រាស់​ប័ណ្ណ​បើកបរ​ជា​ដដែលៗ

– បដិសេធ​មិន​ឱ្យ​ធ្វើ​តេស្ដ​ជាតិ​អាកុល​ ឬ​គ្រឿង​ញៀន

– រត់​គេច​ពី​មន្ត្រី​នគរបាល​ចរាចរណ៍

– ផ្ទុក​មនុស្ស​លើ​ទំនិញ​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់។

មាត្រា​ ៤៤.-

ករណី​ដែល​ពាក់ព័ន្ធ​នឹង​ប័ណ្ណ​ពិន្ទុ :

– ក្នុង​ករណី​អស់​ពិន្ទុ​ ប័ណ្ណ​បើកបរ​ត្រូវ​ទុក​ជា​មោឃៈ

– ក្នុង​ករណី​ប្រព្រឹត្ត​បទល្មើស​ម្ដង​ ការ​កាត់​ពិន្ទុ​មិន​ត្រូវ​ឱ្យ​លើស​ពី​ ៨​ ពិន្ទុ​ឡើយ

– ក្នុង​ករណី​ពិន្ទុ​ត្រូវ​បាន​កាត់​បន្ថយ​មួយ​ចំនួន​ហើយ​ ប៉ុន្តែ​បន្ទាប់​ពី​រយៈពេល​ ៣​ ឆ្នាំ​ បន្ទាប់​ពី​ការ​ដក​ពិន្ទុ​ចុង​ក្រោយ​ អ្នក​បើកបរ​មិន​បាន​​ធ្វើ​ឱ្យ​មាន​កំហុស​អ្វី​មួយ​ថែម​ទៀត​ដើម្បី​ឱ្យ​ កាត់​បន្ថយ​ពិន្ទុ​នោះ​ អ្នក​បើកបរ​នឹង​ត្រូវ​​ទទួល​ប័ណ្ណ​ពិន្ទុ​ថ្មី​​ដែល​មាន​ចំនួន​​ ១២​ ពិន្ទុ​ដោយ​ស្វ័យ​ប្រវត្តិ

– ក្នុង​ករណី​ពិន្ទុ​បាន​កាត់​បន្ថយ​មួយ​ចំនួន​ហើយ​ ប៉ុន្តែ​អ្នក​បើកបរ​ចង់​បង្កើន​ពិន្ទុ​ឡើង​វិញ​ ត្រូវ​ធ្វើ​​ការ​រៀន​បំប៉ន​រយៈពេល​២​ថ្ងៃ​ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។ ក្នុង​ការ​រៀន​នេះ​ ពិន្ទុ​អាច​កើន​ឡើង​ ៤​ ពិន្ទុ​ ប៉ុន្តែ​​មិន​អនុញ្ញាត​ឱ្យ​ចំនួន​ពិន្ទុ​សរុប​លើស​ពី​ ១១​ពិន្ទុ​ឡើយ។ អ្នក​បើកបរ​អាច​​រៀន​បង្កើន​ពិន្ទុ​ក្នុង​ចន្លោះ​ពេល​យ៉ាង​តិច​ ២​ ឆ្នាំ​

– ក្នុង​ករណី​ប័ណ្ណ​បើកបរ​ត្រូវ​ទុក​ជា​មោឃៈ​ដោយ​ការ​កាត់​បន្ថយ​ពិន្ទុ​អស់​ អ្នក​បើកបរ​ត្រូវ​រៀន​និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​ជា​ថ្មី​ឡើង​វិញ​ក្នុង​ រយៈពេល​ ៦​ ខែ​ ដោយ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​សុខភាព

– ក្នុង​ករណី​ប័ណ្ណ​បើកបរ​ត្រូវ​ទុក​ជា​មោឃៈ​ដោយ​អ្នក​បើកបរ​បង្ក​ឱ្យ​មាន​ អ្នក​រង​របួស​ធ្ងន់ធ្ងរ​ ឬ​ស្លាប់​ដោយ​អចេតនា​ អ្នក​បើកបរ​អាច​​រៀន​ និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​ជា​ថ្មី​ឡើង​វិញ​យ៉ាង​តិច​ ៥​ ឆ្នាំ​ ក្រោយ​ពី​ការ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ ដោយ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​សុខភាព។

ទម្រង់​បែបបទ​នៃ​ការ​ចេញ​ប័ណ្ណ​ពិន្ទុ​សម្រាប់​ប័ណ្ណ​បើកបរ​ ត្រូវ​កំណត់​ដោយ​ប្រកាស​ក្រសួង​​សាធារណការ​ និង​ដឹក​ជញ្ជូន។

មាត្រា​ ៤៥.-

លើកលែង​តែ​មាន​កិច្ច​ព្រមព្រៀង​ ឬ​សន្ធិសញ្ញា​អន្តរជាតិ​ទទួល​ស្គាល់​ប័ណ្ណ​បើកបរ​ទៅ​​វិញ​ទៅ​មក​ ជា​ទ្វេ​ភាគី​ ឬ​ពហុភាគី​ជា​មួយ​ព្រះរាជាណាចក្រ​កម្ពុជា​ ជនបរទេស​ដែល​ជា​ជន​អន្ដោប្រវេសន៍​ស្រប​ច្បាប់​ដែល​មាន​បំណង​​បើកបរ​លើ​ផ្លូវ ​ថ្នល់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​មាន​ប័ណ្ណ​បើកបរ​របស់​កម្ពុជា​ តាម​មធ្យោបាយ​ពីរ​យ៉ាង :

១-ត្រូវ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ។

២-ត្រូវ​យក​ប័ណ្ណ​បើកបរ​របស់​ប្រទេស​ខ្លួន​ មក​ប្ដូរ​យក​ប័ណ្ណ​បើកបរ​ខ្មែរ​ដោយ​ដាក់​ពាក្យ​សុំ​នៅ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ និង​ត្រូវ​​បំពេញ​ល័ក្ខខ័ណ្ឌ​ដូច​ខាង​ក្រោម :

ក-ត្រូវ​មាន​លិខិត​ឆ្លង​ដែន​ និង​ទិដ្ឋាការ​មាន​សុពលភាព។

ខ-ប័ណ្ណ​បើកបរ​ត្រូវ​មាន​សុពលភាព។

គ-មាន​អាសយដ្ឋាន​ច្បាស់លាស់​ដោយ​មាន​សេចក្ដី​បញ្ជាក់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ឃ-មាន​លិខិត​បញ្ជាក់​កាយ​សម្បទា​ និង​បាន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​តិច​ ៦​ ខែ។

ង-ក្នុង​ករណី​ប័ណ្ណ​បើកបរ​មិន​សរសេរ​ជា​អក្សរ​អង់គ្លេស​ ឬ​បារាំង​ត្រូវ​តែ​​បកប្រែ​ជា​ភាសា​អង់គ្លេស​ ឬ​បារាំង​ដោយ​មាន​ការ​បញ្ជាក់​ទទួល​ស្គាល់​ពី​ស្ថានទូត​ ឬ​កុងស៊ុល​របស់​ខ្លួន​ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច។

សុពលភាព​ប័ណ្ណ​បើកបរ​របស់​ជនបរទេស​ ដែល​ត្រូវ​បាន​ប្ដូរ​មក​ប័ណ្ណ​បើកបរ​របស់​កម្ពុជា​មាន​រយៈពេល​ ១​ ឆ្នាំ។ ចំពោះ​សុពលភាព​ប័ណ្ណ​បើកបរ​របស់​ជន​​បរទេស​ដែល​បាន​ប្រឡង​ជាប់​មាន​រយៈពេល​ ដូចគ្នា​នឹង​ជនជាតិ​ខ្មែរ​ដែរ។ ក្នុង​ករណី​ប័ណ្ណ​បើកបរ​ជាតិ​របស់​ជន​បរទេស​​អស់​សុពលភាព​ សាមីខ្លួន​ត្រូវ​ធ្វើ​ការ​ប្រឡង​ទាំង​ទ្រឹស្ដី​ទាំង​ការ​អនុវត្តន៍​ដៃ​ ចង្កូត​​ឡើង​វិញ។

ជន​បរទេស​ដែល​មាន​ប័ណ្ណ​បើកបរ​ប្រភេទ​ គ​ ឃ​ និង​ ​ មិន​អាច​ប្ដូរ​​យក​ប័ណ្ណ​បើកបរ​របស់​កម្ពុជា​​ប្រភេទ​ គ ឃ​ ឬ​ ង​ បាន​ឡើយ​ ប៉ុន្តែ​អាច​ប្ដូរ​យក​ប័ណ្ណ​បើកបរ​ប្រភេទ​ ​ ឬ​ ​ បាន។

មាត្រា​ ៤៦.-

គ្រប់​សាលា​បង្រៀន​បើកបរ​ ត្រូវ​មាន​លិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម​បង្រៀន​បើកបរ​និង​ត្រូវ​ស្ថិត​នៅ​ ក្រោម​ការ​គ្រប់គ្រង​ និង​ត្រួតពិនិត្យ​របស់​​ក្រសួង​​សាធារណការ​ និង​ដឹកជញ្ជូន។

គ្រប់​គ្រូ​បង្ហាត់​នៅ​សាលារៀន​បើកបរ​ ត្រូវ​មាន​វិញ្ញាបនប័ត្រ​បញ្ជាក់​សមត្ថភាព​ ដែល​ចេញ​ឱ្យ​ដោយ​ក្រសួង​​សាធារណការ​ និង​​ដឹក​ជញ្ជូន។ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ត្រូវ​​ចេញ​ប្រកាស​អំពី​នីតិវិធី​នៃ​ការ​ចេញ​ប័ណ្ណ​បើកបរ​ ការ​ធ្វើ​អាជីវកម្ម​សាលា​បង្រៀន​បើកបរ​ ល័ក្ខខ័ណ្ឌ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បញ្ជាក់​សមត្ថភាព​របស់​គ្រូ​បង្ហាត់​ និង​កម្មវិធី​សិក្សា​នៅ​សាលា​បង្រៀន​បើកបរ​យានយន្ត។

ក្នុង​ករណី​ចាំ​បាច់​ ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​ត្រួត​ពិនិត្យ​គ្រប់​សាលារៀន​បើកបរ​ឯកជន​ទាំងអស់។

មាត្រា​ ៤៧.-

គ្រប់​យានយន្ត​ និង​រ៉ឺម៉ក់​ ឬ​សឺមីរ៉ឺម៉ក​មាន​ទម្ងន់​​សរុប​លើស​ពី​ ៧៥០​ គក្រ​ មុន​នឹង​ដាក់​ឱ្យ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ថ្នល់​ ត្រូវ​ចុះ​បញ្ជី​ការ​សុំ​ប័ណ្ណ​សម្គាល់​យានយន្ត​ និង​មាន​ពាក់​ផ្លាក​លេខ​នៅ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន។ យានយន្ត​ដែល​ពុំ​ទាន់​ចុះ​បញ្ជី​ការ​សុំ​ប័ណ្ណ​សម្គាល់​ និង​គ្មាន​ពាក់​ផ្លាក​លេខ​ ត្រូវ​ផ្ទុក​លើ​យាន​ដែល​មាន​ផ្លាក​លេខ​ នៅ​ពេល​ធ្វើ​ចរាចរណ៍។

គ្រប់​រថយន្ត​ ទោចក្រយានយន្ត​ ត្រី​ចក្រ​យានយ

Advertisements
%d bloggers like this: