ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ
ខែសីហា 29, 2011 បញ្ចេញមតិ
ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០០៥ នាសម័យប្រជុំរដ្ឋសភាលើកទី ៣ នីតិកាលទី ៣ និងព្រឹទ្ធសភា បានអនុម័តយល់ស្របលើទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០០៥ នាសម័យប្រជុំពេញអង្គ លើកទី ១០ នីតិកាលទី ១ ដែលមានសេចក្ដីទាំងស្រុងដូចតទៅនេះ ៖
ជំពូកទី១ ៖ បទប្បញ្ញាត្តិទូទៅ
មាត្រា ១
ច្បាប់នេះមានគោលបំណងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការពារជនរងគ្រោះ និងពង្រឹងវប្បធម៌អហិង្សា និងភាពសុខដុមរមនាក្នុងគ្រួសារ ក្នុងសង្គមនៅព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះមានទិសដៅបង្កើតយន្តការនីត្យានុកូល ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការពារជនរងគ្រោះ និងថែរក្សាភាពសុខដុមរមនាក្នុងគ្រួសារតាមទំនៀមទំលាប់ និងប្រពៃណីល្អរបស់ជាតិ ស្របតាមមាត្រា៤៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបំពេញបន្ថែមលើបទដ្ឋានគតិយុតិ្តជាធរមាន។
ជំពូកទី ២ ៖ វិសាលភាពនៃការអនុវត្ត
មាត្រា ២
អំពើហិង្សាក្នុងគ្រួសារគឺសំដៅលើអំពើហិង្សាដែលកើតមាន និងអាចកើតមានទៅលើ ៖
១- ប្ដី ឬ ប្រពន្ធ
២- កូនក្នុងបន្ទុក
៣- ជនទាំងឡាយរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ។
អំពើហិង្សាក្នុងគ្រួសារ ទាមទារឱ្យមានការទប់ស្កាត់ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព ហើយតម្រូវឱ្យចាត់វិធានការសមស្របបំផុត ដើម្បីការពារជនរងគ្រោះ ឬជនអាចនឹងរងគ្រោះ។ អំពើហិង្សារួមមាន ៖
- ការប៉ះពាល់ដល់ជីវិត
- ការប៉ះពាល់ដល់បូរណភាពរូបកាយ
- ការធ្វើទារុណកម្ម ឬ ការធ្វើអំពើឃោរឃៅ
- ការឈ្លានពានខាងផ្លូវភេទ។
មាត្រា ៤
អំពើប៉ះពាល់ដល់ជីវិត រួមមាន ៖
- មនុស្សឃាតដោយគិតទុកជាមុន
- មនុស្សឃាតដោយចេតនា
- មនុស្សឃាតដោយអចេតនា បណ្ដាលមកពីអំពើចេតនាផ្សេងទៀតនៃជនល្មើស
- មនុស្សឃាតដោយអចេតនា
មាត្រា ៥
អំពើប៉ះពាល់ដល់បូរណភាពរូបកាយ រួមមាន ៖
- ការបំពារបំពានលើរូបកាយដោយប្រើអាវុធ ឬ ឥតអាវុធ មានរបួស ឬ គ្មានរបួស
- ការធ្វើទារុណកម្ម ឬ ការធ្វើអំពើឃោរឃៅ
មាត្រា ៦
អំពើទារុណកម្ម ឬ អំពើឃោរឃៅ រួមមាន ៖
- ការធ្វើទុក្ខបុកម្នេញបង្កអោយមានការឈឺចុកចាប់ផ្លូវចិត្ត សតិអារម្មណ៍ បញ្ញាស្មារតី ដល់រូបវន្តបុគ្គលក្នុងគ្រួសារ
- ការធ្វើអោយប៉ះទង្គិចលើផ្លូវចិត្ត និងលើរូបកាយ ដែលប្រព្រឹត្តហួសពីសីលធម៌ និងច្បាប់កំណត់។
មាត្រា ៧
អំពើឈ្លានពានខាងផ្លូវភេទ រួមមាន ៖
- ការប្រើហិង្សាសេពសន្ថវៈ
- ការបៀតបៀនកេរ្តិ៍ខ្មាស
- ការធ្វើអាស្រូវភាស។
មាត្រា ៨
ត្រូវទប់ស្កាត់ផងដែរ ចំពោះអំពើគំរាមកំហែងក្នុងគោលបំណងឱ្យជនរងគ្រោះភ័យខ្លាច តក់ស្លុត និងអំពើប៉ះពាល់ដល់បុគ្គលភាព និងទ្រព្យសម្បត្តិនៃជនដែលរស់ក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារតែមួយ។
មិនរាប់បញ្ចូលថាជាការប្រើហិង្សា ឬសកម្មភាពហិង្សាក្នុងគ្រួសារទេ រាល់ការប្រៀនប្រដៅដោយផ្ដល់ដំបូន្មាន ឬធ្វើការដាស់តឿន ក្រើនរំលឹក ឬចាត់វិធានការនានាសមស្រប ដើម្បីឱ្យសហព័ទ្ធ ឬកូន ឬអ្នកនៅក្នុងបន្ទុកដើរក្នុងផ្លូវល្អ តាមលក្ខណៈរស់នៅថ្លៃថ្នូរនឹងទំនៀមទំលាប់ និងប្រពៃណីល្អរបស់ជាតិ ប្រសិនបើការប្រៀនប្រដៅ និងការអប់រំនោះធ្វើឡើងប្រកបដោយព្រហ្មវិហារធម៌ និងស្របទៅតាមគោលការណ៍នៃអនុសញ្ញាស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិដែលទទួលស្គាល់ដោយ ព្រះរាជាណាចក្រកម្ពុជា។
ជំពូកទី ៣ ៖ សមត្ថកិច្ច និងនីតិវិធី
មាត្រា ៩
អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត មានកាតព្វកិច្ចធ្វើអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីមានអំពើហិង្សាក្នុងគ្រួសារកើតឡើង ឬបម្រុងនឹងកើតឡើង ដើម្បីទប់ស្កាត់ និងការពារជនរងគ្រោះ។
ក្នុងអំឡុងពេលចូលធ្វើអន្តរាគមន៍ អាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើកំណត់ហេតុឱ្យបានជាក់លាក់អំពី ហេតុការណ៍នោះ រួចរាយការណ៍ជាបន្ទាន់ទៅព្រះរាជអាជ្ញាមានសមត្ថកិច្ច។
មាត្រា ១០
ក្នុងគោលដៅទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ មន្ត្រីនៃក្រសួងកិច្ចការនារីបម្រើការងារលើវិស័យដែលបញ្ញត្តិដោយ ច្បាប់នេះ ត្រូវបានទទួលនីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ និងអាចធ្វើជាដើមបណ្ដឹង ជួសមុខឱ្យជនរងគ្រោះស្របតាមនីតិវិធីព្រហ្មទណ្ឌជាធរមាន។
មាត្រា ១១
ក្នុងករណី អវត្តមាននៃមន្ត្រីដែលបានទទួលនីតិសម្បទាជានគរបាលយុត្តិធម៌រួចហើយ នោះមន្ត្រីសមត្ថកិច្ចដទៃទៀត រួមមានមន្ត្រីនគរបាល ភ្នាក់ងារនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ មន្ត្រីរបស់ក្រសួងកិច្ចការនារី រួមទាំងមេភូមិ ដែលធ្វើអន្តរាគមន៍ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ ត្រូវបានទទួលអំណាចពីច្បាប់នេះដើម្បីធ្វើកំណត់ហេតុជូនទៅ តុលាការ។
កំណត់ហេតុនេះមានតម្លៃស្មើគ្នាដូចកំណត់ហេតុ ដែលបំពេញដោយមន្ត្រីនគរបាលយុត្តិធម៌ដែរ។
មាត្រា ១២
ក្នុងការអនុវត្តភារកិច្ច អាជ្ញាធរមានសមត្ថកិច្ចដូចបានចែងក្នុងមាត្រា ៩ មាត្រា១០ មាត្រា១១ ខាងលើនេះ ត្រូវគោរពតាមនីតិវិធីដែលបានកំណត់ក្នុងបញ្ញត្តិនៃច្បាប់នេះ និងនីតិវិធីព្រហ្មទណ្ឌ ជាធរមាន។
ជំពូកទី ៤ ៖ វិធានការទប់ស្កាត់ និងការការពារជនរងគ្រោះ
មាត្រា ១៣
ដើម្បីទប់ស្កាត់អំពើហិង្សាដែលកំពុងតែកើត ឬជឿជាក់ថានឹងកើតឡើង អាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើអន្តរាគមន៍ជាបន្ទាន់ដោយ ៖
- ឃាត់ទុកអាវុធ ឬវត្ថុជាក់ស្ដែងដែលជនមុខសញ្ញាបាន ឬអាចប្រើប្រាស់
- បង្វែរយកចេញជនមុខសញ្ញាពីកន្លែងកើតហេតុ ឬបង្វែរជនរងគ្រោះ បើមានការស្នើសុំពីជនរងគ្រោះ។ ក្នុងករណីពិសេស ជនរងគ្រោះអាចបង្វែរចេញបានដោយគ្មានការស្នើសុំ ប្រសិនបើមានហេតុផលចាំបាច់ត្រូវធ្វើ។
- ផ្ដល់អោយជនរងគ្រោះនូវជំនួយសមស្របតាមកាលៈទេសៈ ជាពិសេសផ្ដល់កន្លែងជម្រកបណ្ដោះអាសន្នដែលអាចធានាសុវត្ថិភាព និងផ្ដល់នូវជំនួយសុខាភិបាលជាបន្ទាន់។
- ពន្យល់ អប់រំ និងសម្រុះសម្រួលគូភាគីទាំងសងខាងឱ្យបញ្ឈប់អំពើហិង្សា និងណែនាំជនរងគ្រោះអំពីសិទ្ធិរបស់ខ្លួន សម្រាប់ទប់ស្កាត់អំពើហិង្សាដែលមានចែងនៅក្នុងមាត្រា២០ និងមាត្រា២៦ នៃច្បាប់នេះ។
ជនមុខសញ្ញាក្នុងច្បាប់នេះ គឺសំដៅដល់អ្នកដែលបានប្រព្រឹត្ត កំពុងប្រព្រឹត្ត និងត្រៀមប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ។
មាត្រា ១៤
ដើម្បីការពារសន្តិសុខជនរងគ្រោះ អាជ្ញាធរមានសមត្ថកិច្ចអាចចេញសេចក្ដីសំរេចរដ្ឋបាលស្របតាមមាត្រា៤៣ មាត្រា៤៨ និងមាត្រា៤៩ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ និងវិធានការបណ្ដោះអាសន្នស្របច្បាប់ដែលមានជាអាទិ៍ ៖
- ហាមប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារដោយខ្លួនឯងផ្ទាល់ ឬ ដោយអ្នកផ្សេង
- ហាមបំផ្លាញទ្រព្យសម្បត្តិ ឬ ណែនាំកុំឱ្យចាត់ចែងលក់ទ្រព្យសម្បត្តិរួម ឬ របស់ជនរងគ្រោះ ឬ របស់ញាតិសាលោហិតរបស់ជនរងគ្រោះ
- ហាមជនមុខសញ្ញាចូលទៅជិត ឬ ចូលទៅក្នុងទីលំនៅរួមកន្លែងស្នាក់នៅ ឬ កន្លែងធ្វើការរបស់ជនរងគ្រោះ បើគ្មានការអនុញ្ញាតពីជនរងគ្រោះ និង អាជ្ញាធរមានសមត្ថកិច្ច
- ចាត់វិធានការស្របច្បាប់ផ្សេងទៀត ដែលចាំបាច់សំរាប់ការពារសុវត្ថិភាពដល់ជនរងគ្រោះ និងសមាជិកក្នុងគ្រួសារ ឬជនដែលពាក់ព័ន្ធ។
មាត្រា ១៥
បើមានសំណើសុំធ្វើអន្តរាគមន៍ និងមានបទល្មើសជាក់ស្ដែងកើតឡើង ហើយអាជ្ញាធរមានសមត្ថកិច្ចមានសិទ្ធិចូលទៅក្នុងទីកន្លែងកើតហេតុ ទោះជាពុំមានដីកាតុលាការអនុញ្ញាតឱ្យចូលក៏ដោយ ក្នុងករណីទាំងឡាយណាដែលមន្ត្រី និងភ្នាក់ងារមានសមត្ថកិច្ច យល់ដោយសមហេតុផលថាមានអំពើហិង្សាក្នុងគ្រួសារបានកើតឡើងក្នុង អំឡុងពេល ៤៨ ម៉ោងកន្លងផុត ឬនឹងអាចកើតឡើងក្នុងអំឡុងពេល ២៤ ម៉ោង ខាងមុខ។
ក្នុងអំឡុងពេលចូលធ្វើអន្តរាគមន៍ អាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើកំណត់ហេតុឱ្យបានជាក់លាក់អំពីហេតុ ការណ៍នោះ រួចរាយការណ៍ជាបន្ទាន់ទៅព្រះរាជអាជ្ញាមានសមត្ថកិច្ច។
មាត្រា ១៦
ទន្ទឹមនឹងការធ្វើអន្តរាគមន៍របស់អាជ្ញាធរមានសមត្ថកិច្ច ជនរងគ្រោះអាចធ្វើបណ្ដឹងទៅតុលាការខេត្ត ក្រុង ដើម្បីសុំឱ្យចេញដីកាការពារ។
ចៅក្រមដែលទទួលចាត់ការ ត្រូវចេញដីកាការពារដោយមានវត្តមាន ឬ ពុំចាំបាច់មានវត្តមានជនមុខសញ្ញា។
មាត្រា ១៧
ក្នុងការចូលរួមអនុវត្តនីតិវិធីព្រហ្មទណ្ឌជាធរមាន អាជ្ញាធរមានសមត្ថកិច្ចពុំអាចធ្វើអន្តរាគមន៍ដើម្បីផ្សះផ្សា ឬ សម្រុះសម្រួលបទល្មើសព្រហ្មទណ្ឌដែលមានលក្ខណៈជាបទឧក្រិដ្ឋ ឬ មជ្ឈិមធ្ងន់ធ្ងរបានទេ។
មាត្រា ១៨
អាជ្ញាធរមានសមត្ថកិច្ច អាចឃាត់ខ្លួនជនមុខសញ្ញាដែលកំពុងប្រព្រឹត្តអំពើហិង្សាជាក់ស្ដែង ឬ ជនមុខសញ្ញាណាដែលកំពុងតែរំលោភលើដីកាការពាររបស់តុលាការដូចមាន ចែងក្នុង មាត្រា២៤ និង មាត្រា២៥ នៃច្បាប់នេះ ដោយពុំចាំបាច់មានដីកាតុលាការ។ ប៉ុន្តែក្រៅពីករណីទាំងពីរនេះ ការឃាត់ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ចដែលពុំមានដីកាពីតុលាការ ត្រូវហាមឃាត់។
ក្នុងករណីអនុវត្តតាមបញ្ញត្តិនៃវាក្យខ័ណ្ឌទី ១ ខាងលើនេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើកំណត់ហេតុច្បាស់លាស់ កសាងសំណុំរឿង និងបញ្ជូនជនមុខសញ្ញាដែលត្រូវឃាត់ខ្លួន ទៅតុលាការជាបន្ទាន់ ក្នុងអំឡុងពេលអតិបរមាដែលបានកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីចាត់វិធានការបន្ថែមឱ្យស្របច្បាប់។
មាត្រា ១៩
អំពើហិង្សាក្នុងគ្រួសារណាដែលមានចរិកជាបទល្មើសព្រហ្មទណ្ឌ មានលក្ខណៈជាបទឧក្រិដ្ឋ ឬបទមជ្ឈិមធ្ងន់ធ្ងរ ត្រូវតែជាកម្មវត្ថុនៃបណ្ដឹងអាជ្ញា ទោះអំពើហិង្សានេះបានកន្លងផុតហើយក៏ដោយ។
បណ្ដឹងអាជ្ញាត្រូវធ្វើឡើងតាមបែបបទដែលមានចែងក្នុង ច្បាប់នេះ និងតាមច្បាប់ស្ដីពីនីតិវិធីព្រហ្មទណ្ឌជាធរមាន។
ជំពូកទី ៥ ៖ សិទ្ធិអំណាចតុលាការ
មាត្រា ២០
ដីកាការពារមានអនុភាពបង្គាប់បញ្ជាលើជនមុខសញ្ញា លើអាជ្ញាធរមានសមត្ថកិច្ច និងលើជនដែលពាក់ព័ន្ធនឹងរឿងក្ដីនេះ។
ដីកាការពារនេះជាវិធានការផ្នែករដ្ឋប្បវេណី។ ដីកាការពារមានកម្មវត្ថុចង្អុលបង្ហាញអំពីស្ថានភាព សកម្មភាព ឬ អាកប្បកិរិយាទាំងអស់ជាការបង្គាប់ឱ្យធ្វើក្ដី ឬ បញ្ជាហាមឃាត់ទង្វើក្ដី ដែលទាក់ទិនទៅនឹងតម្រូវការការពារជនរងគ្រោះ ឬ បុគ្គលណាដែលទទួលការគំរាមកំហែងពីអំពើហិង្សាគ្រួសារ។
ដីកាការពារ មាន ៖
១- ឥទ្ធិពលសម្រាប់មួយរយៈ
២- ឥទ្ធិពលបណ្ដោះអាសន្នស្របតាមបញ្ញត្តិនៃមាត្រា២៣ នៃច្បាប់នេះ។
ចៅក្រមមានសមត្ថកិច្ច មានសិទ្ធិចេញដីកាការពារជាថ្មី ស្របតាមស្ថានភាពជាក់ស្ដែង ឬ បទបញ្ជាណាមួយក្នុងលក្ខណៈសមស្រប។
មាត្រា ២១
មានតែតុលាការខេត្ត ក្រុងទេ ដែលមានសមត្ថកិច្ចចេញដីកាការពារជាប្រយោជន៍ដល់ជនរងគ្រោះនៃអំពើ ហិង្សាក្នុងគ្រួសារលើគ្រប់ករណីទាំងអស់ ទោះជាអំពើហិង្សាក្នុងគ្រួសារនោះកើតឡើងផ្ទួនគ្នាជាផ្នែកស៊ីវិល ក្ដី ជាផ្នែករដ្ឋបាលក្ដី ឬ ជាផ្នែកព្រហ្មទណ្ឌក្ដី។
មាត្រា ២២
ពាក្យបណ្ដឹងសុំដីកាការពារពីតុលាការ អាចធ្វើឡើងដោយ ៖
១- ជនរងគ្រោះ ឬ តំណាងជនរងគ្រោះ ឬ អាជ្ញាធរមានសមត្ថកិច្ចនៃលំនៅឋានជនរងគ្រោះ ឬ មន្ត្រីភ្នាក់ងារដែលបំពេញការងារនៅកន្លែងកើតហេតុ។
២- ជនណាម្នាក់ដែលបានដឹងពីឧបទ្ទវហេតុ នៃអំពើហិង្សាក្នុងគ្រួសារ ប្រសិនបើជនរងគ្រោះជាកុមារ ជាជនវិកលចរិត ឬ ជាជនដែលតុលាការយល់ថាគ្មានលទ្ធភាពធ្វើពាក្យបណ្ដឹងដោយខ្លួនឯង បាន។
មាត្រា ២៣
ដីកាការពារ មានពីរដំណាក់កាល ៖
១- ដំណាក់កាលទី ១ ហៅថា ដីកាការពារបណ្ដោះអាសន្ន ដែលមានរយៈពេល ២ (ពីរ) ខែ ចេញក្នុងពេលដែលមានអាសន្នពីអំពើហិង្សាក្នុងគ្រួសារភ្លាមៗ។
២ – ដំណាក់កាលទី ២ ហៅថា ដីកាការពារមានរយៈពេល ៦ (ប្រាំមួយ) ខែ ចេញក្នុងពេលដែលតុលាការកំពុងស៊ើបអង្កេតមិនទាន់ជំនុំជំរះ ឬ មុនមានសាលក្រមស្ថាពរ។
មាត្រា ២៤
តុលាការអាចចេញដីកាការពារបណ្ដោះអាសន្ន នៅពេលទទួលបណ្ដឹងការពារ ដោយមិនចាំបាច់សាកសួរជនមុខសញ្ញា បើសិនវិធានការបណ្ដោះអាសន្ននោះមានភាពចាំបាច់សម្រាប់រក្សាការពារ សុវត្ថិភាព និងសុខុមាលភាពរបស់ជនរងគ្រោះ ឬ សម្រាប់ជាការរក្សាទុកជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិជនរង គ្រោះមុនមានសាលក្រមស្ថាពរ។
មាត្រា ២៥
ក្នុងការចេញដីកាការពារ តុលាការមានសិទ្ធិកំណត់បញ្ជាលើសកម្មភាពជនមុខសញ្ញា ដើម្បីការពារជនរងគ្រោះដូចតទៅ ៖
- ហាមប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារដោយខ្លួនឯងផ្ទាល់ ឬ ដោយអ្នកផ្សេង
- ហាមចូលទៅជិត ឬ ចូលទៅក្នុងទីលំនៅរួម កន្លែងស្នាក់នៅ ឬ កន្លែងធ្វើការរបស់ជនរងគ្រោះ បើគ្មានការអនុញ្ញាតពីជនរងគ្រោះ និង អាជ្ញាធរមានសមត្ថកិច្ច
- ហាមជនមុខសញ្ញាទាក់ទងជាមួយជនរងគ្រោះតាមផ្លូវណាមួយ
- ហាមបំផ្លាញទ្រព្យ ឬ ចាត់ចែងលក់ទ្រព្យរបស់ជនរងគ្រោះ ឬ ញាតិសាលោហិតរបស់ជនរងគ្រោះ
- បំបែកជនមុខសញ្ញាពីលំនៅឋានរួម ឬ បំបែកជនរងគ្រោះ បើមានការស្នើសុំ។ ក្នុងករណីពិសេសជនរងគ្រោះអាចបង្វែរចេញបានដោយគ្មានការស្នើសុំ ប្រសិនបើមានហេតុផលចាំបាច់ត្រូវធ្វើ។
បើយល់ថាជាការចាំបាច់សម្រាប់ការពារ ឬ រៀបចំសុវត្ថិភាព សុខភាព និងសុខុមាលភាពជនរងគ្រោះ តុលាការអាចបង្គាប់ដោយចាត់វិធានការបន្ថែមទៀតដូចតទៅ ៖
- បញ្ជាអោយភ្នាក់ងារនគរបាល ឬ កងរាជអាវុធហត្ថណាម្នាក់ការពារបេតិកភណ្ឌផ្ទាល់ខ្លួនរបស់ជនរង គ្រោះ
- សម្រេចអំពីការថែរក្សាកូន និងអំពីសិទ្ធិទៅសួរសុខទុក្ខកូន ដោយគិតយ៉ាងខ្ពស់បំផុតពីសិទ្ធិ និងផលប្រយោជន៍នៃកុមារនោះ
- បញ្ចប់កាតព្វកិច្ចហិរញ្ញវត្ថុនៃជនរងគ្រោះចំពោះជនមុខសញ្ញា
- កំហិតអោយជនមុខសញ្ញាផ្ដល់ជំនួយហិរញ្ញវត្ថុឱ្យជនរងគ្រោះ ដោយផ្អែកតាមលទ្ធភាពធនធាននៃជនមុខសញ្ញា។
មាត្រា ២៦
ចំពោះបទល្មើសដែលជាអំពីហិង្សាប៉ះពាល់ខាងផ្លូវចិត្ត ឬ ផ្លូវជីវភាពសេដ្ឋកិច្ច និងបទល្មើសមជ្ឈិមស្រាល ឬ បទលហុ ការផ្សះផ្សា ឬ សម្រុះសម្រួលអាចធ្វើទៅបានតាមការយល់ព្រមពីភាគីទាំងសងខាង។ សមាជិកគ្រួសារអាចជ្រើសរើសវិធីណាមួយ ដោយស្នើសុំឪពុកម្ដាយ សាច់ញាតិ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មេភូមិ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើជាអ្នកអាជ្ញាកណ្ដាលដោះស្រាយបញ្ហា ដើម្បីថែរក្សាបាននូវភាពសុខដុមរមនាក្នុងគ្រួសារតាមទំនៀមទម្លាប់ ប្រពៃណីល្អរបស់ជាតិស្របតាមមាត្រា៤៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២៧
អនុលោមលើខ្លឹមសារនៃមាត្រា២៥ ខាងលើ តុលាការត្រូវព្យាយាមធ្វើការផ្សះផ្សាភាគីមានវិបត្តិអំពើហិង្សា ក្នុងលក្ខខណ្ឌឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់សមាជិកនៃគ្រួសារនោះ ។ ក្នុងការផ្សះផ្សា សម្រុះសម្រួលគ្នា តុលាការត្រូវចៀសវាងធ្វើសម្ពាធលើគូភាគីដែលមិនព្រមស្រុះស្រួល គ្នា ឬ បង្ខិតបង្ខំឱ្យចុះកិច្ចព្រមព្រៀង ដោយគ្មានការព្រមព្រៀងពីភាគីទាំងពីរឡើយ។
មាត្រា ២៨
ក្នុងករណីអំពើហិង្សាពាក់ព័ន្ធដល់កុមារ អាជ្ញាធរមានសមត្ថកិច្ចដែលមានតួនាទីទទួលបន្ទុកបម្រើប្រយោជន៍កុមារ និងការពារសុខុមាលភាពរបស់កុមារ ធ្វើការតាមដានបញ្ហានេះ។ ក្នុងករណីធ្ងន់ធ្ងរ អាជ្ញាធរមានសមត្ថកិច្ចត្រូវកសាងសំណុំរឿងទៅតុលាការ។
អ្នកទទួលខុសត្រូវណាម្នាក់ដែលតុលាការបានបង្គាប់ រួមទាំងព្រះរាជអាជ្ញាផង ត្រូវទទួលបន្ទុកតាមដានអំពីស្ថានភាពនៃកុមារ និងធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពនេះជូនទៅតុលាការ។
តុលាការអាចផ្ដល់អាណត្តិដល់ស្ថាប័នមានសមត្ថកិច្ច ដើម្បីរកជំនួយ និងការគាំទ្រជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារព្រមទាំងការពារ សុវត្ថិភាព និងសុខុមាលភាពជនរងគ្រោះ ពេលតុលាការកំពុងបំពេញនីតិវិធី។
មាត្រា ២៩
លើកលែងតែករណីបន្ទាន់ដូចមានចែងក្នុងមាត្រា២៣ តុលាការត្រូវជូនដំណឹងទៅជនមុខសញ្ញាអំពីការស្នើសុំដីកាការពារ មិនឱ្យលើសពី ៥ (ប្រាំ) ថ្ងៃ មុននឹងយកបញ្ហានេះមកពិនិត្យ។ បើជនមុខសញ្ញានេះមិនបង្ហាញខ្លួននៅមុខតុលាការ ដើម្បីបញ្ជាក់អំពីហេតុផល តុលាការអាចពិនិត្យបញ្ហាដោយពុំមានវត្តមានជនមុខសញ្ញា ឬ បើជាការចាំបាច់អាចចាត់វិធានការតាមនីតិវិធីជាធរមាន ចំពោះជនមុខសញ្ញាដែលមិនអើពើនឹងសេចក្ដីសម្រេចរបស់តុលាការ។
ក្នុងករណីអវត្ដមាន ឬ ការមិនអើពើរបស់ជនមុខសញ្ញាអំពីសេចក្ដីសម្រេចរបស់តុលាការ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវស្នើតុលាការចាត់ការតាម នីតិវិធីព្រហ្មទណ្ឌជាធរមាន។
មាត្រា ៣០
បើមានសំណើពីភាគីណាមួយ តុលាការអាចកែប្រែ លុបចេញ ឬ បន្ថែមទម្ងន់នៅក្នុងដីកាការពារក្រោយពីបានជូនដំណឹងទៅភាគីម្ខាង ទៀត ៥ (ប្រាំ) ថ្ងៃ មុននឹងសម្រេច។ គូរភាគីអាចធ្វើការតវ៉ាឱ្យតុលាការពិនិត្យឡើងវិញ លើសេចក្ដីសំរេចរបស់ខ្លួនក្នុងរយៈពេលយ៉ាងយូរ (ពីរ) ខែ ចាប់ពីថ្ងៃចេញដីកាការពារ។
មាត្រា ៣១
ជនរងគ្រោះ និងជនមុខសញ្ញាមានសិទ្ធិទទួលអ្នកការពារតាមផ្លូវច្បាប់ ឬ មានសិទ្ធិជ្រើសរើសអ្នកតំណាងដែលខ្លួនទុកចិត្តនៅគ្រប់ដំណាក់កាល នៃនីតិវិធី។
មាត្រា ៣២
ក្រោយពីបានចេញដីកាការពាររួចហើយ ព្រះរាជអាជ្ញា ឬ មន្ត្រីមានសមត្ថកិច្ចដែលច្បាប់ប្រគល់ឱ្យ ត្រូវចាត់គ្រប់វិធានការ ដើម្បីអនុវត្តដីកាការពារតាមនីតិវិធីកំណត់។
ជំពូក ទី ៦ ៖ ការអប់រំ ការផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាល
មាត្រា ៣៣
រដ្ឋត្រូវយកចិត្តទុកដាក់ធ្វើការអប់រំ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានយល់ជ្រួតជ្រាបអំពី បញ្ញត្តិនៃច្បាប់នេះ ជាពិសេសអំពីការទទួលខុសត្រូវក្នុងគ្រួសារ ការគោរពសិទ្ធិគ្នាទៅវិញទៅមកដើម្បីលើកស្ទួយតម្លៃគ្រួសារខ្មែរ សីលធម៌ សុជីវធម៌ ការរស់នៅ ការថែរក្សា និងការអប់រំគ្រួសារ របៀបដោះស្រាយទំនាស់ដោយអហិង្សា និងសន្តិវិធីព្រមទាំងណែនាំអោយយល់ពីវិធានការទាំងឡាយក្នុងការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារដល់ជនរងគ្រោះ។
រដ្ឋជំរុញភាគីដែលមានវិបត្តិអំពើហិង្សាក្នុងគ្រួសារឱ្យ ចូលរួមក្នុងវគ្គពិគ្រោះបញ្ហា ដើម្បីរៀនសូត្រ ស្វែងយល់អំពីវិធីសាស្ត្រនានា ក្នុងការដោះស្រាយទំនាស់ និងអប់រំដោយមិនប្រើប្រាស់អំពើហិង្សា។
មាត្រា ៣៤
ក្រសួង ស្ថាប័នទាំងឡាយរបស់រដ្ឋត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន អង្គការនានា និងផ្នែកឯកជន ដើម្បីជម្រុញកម្មវិធីផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋអំពីច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។
មន្ត្រីពាក់ព័ន្ធទាំងឡាយ និងភ្នាក់ងារអង្គការនានាត្រូវបានទទួលការបណ្ដុះបណ្ដាលអំពីបញ្ហា នៃអំពើហិង្សាក្នុងគ្រួសារ និងវិធានការទាំងឡាយដែលមានចែងនៅក្នុងច្បាប់នេះ ដើម្បីអោយយល់ពីមូលហេតុចម្បងនានាដែលបង្កឱ្យមានការកើតឡើងនូវ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសទាំងឡាយដែលពាក់ព័ន្ធវិស័យនេះ។
ជំពូកទី ៧ ៖ ទោសប្បញ្ញត្តិ
មាត្រា ៣៥
អំពើហិង្សាក្នុងគ្រួសារទាំងឡាយណាដែលចូលជាបទល្មើសព្រហ្មទណ្ឌ ត្រូវផ្ដន្ទាទោសដោយយោងតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
មាត្រា ៣៦
ការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌពុំអាចធ្វើបានឡើយ បើមានសំណើពីជនរងគ្រោះជានីតិជនដោយបទល្មើសនោះជាបទមជ្ឈិមស្រាល ឬ បទលហុ។ ក្នុងករណីដែលមានអំពើហិង្សាក្នុងគ្រួសារកើតឡើងជាថ្មីម្ដងទៀត ដែលល្មើសនឹងច្បាប់ព្រហ្មទណ្ឌ តុលាការត្រូវតែធ្វើការចោទប្រកាន់ជនមុខសញ្ញារូបនោះតាមនីតិវិធី ព្រហ្មទណ្ឌ ទោះបីជាមានការស្នើសុំពីជនរងគ្រោះម្ដងទៀតក៏ដោយ។
ជំពូកទី ៨ ៖ អវសានប្បញ្ញត្តិ
មាត្រា ៣៧
ច្បាប់នេះ ត្រូវប្រកាសជាប្រញាប់។ ធ្វើនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០០៥