អនុក្រឹត្យស្ដីពី ការកំណត់បែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស
ខែសីហា 26, 2011 បញ្ចេញមតិ
– បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
– បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
– បានឃើញព្រះរាជក្រមលេខ ០២ នស ៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
– បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣០ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើក្រមរដ្ឋប្បវេណី
– បានឃើញក្រឹត្យលេខ ៥៦ក្រ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៨៩ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ
– បានឃើញព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីសញ្ជាតិ
– បានឃើញព្រះរាជក្រមលេខ ០៥ នស ៩៤ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីអន្តោប្រវេសន៍
– បានឃើញព្រះរាជក្រមលេខ នស/រកម/០២០៨/០០៥ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ
– បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៦/០២៦ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីឯកពន្ធភាព
– បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើតក្រសួងមហាផ្ទៃ
– បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
– បានឃើញអនុក្រឹត្យលេខ ១០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្ដីពីអត្រានុកូលដ្ឋាន
– តាមការចាំបាច់របស់រាជរដ្ឋាភិបាល
ជំពូកទី ១
បទប្បញ្ញត្តិទូទៅ
មាត្រា ១.-
អនុក្រឹត្យនេះមានគោលដៅកំណត់អំពីបែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា រវាងពលរដ្ឋខ្មែរ និងជនបរទេស។
មាត្រា ២.-
ការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសត្រូវផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងឆន្ទៈផ្ទាល់របស់សាមីខ្លួន និងត្រូវអនុវត្តតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ៣.-
ត្រូវបានហាមឃាត់ដាច់ខាតចំពោះអាពាហ៍ពិពាហ៍ដែលធ្វើឡើងតាមរយៈភ្នាក់ងាររើសគូស្រករ ឈ្មួញកណ្ដាល ឬក្រុមហ៊ុនអាជីវកម្ម។
មាត្រា ៤.-
ត្រូវបានហាមឃាត់ដាច់ខាតចំពោះអាពាហ៍ពិពាហ៍ក្លែងក្លាយ បោកបញ្ឆោត ក្នុងគោលបំណងកេងប្រវ័ញ្ចពលកម្ម ជួញដូរមនុស្ស ឬធ្វើអាជីវកម្មផ្លូវភេទ។
ជំពូកទី ២
បែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍
រវាងពលរដ្ឋខ្មែរនិងជនបរទេស
មាត្រា ៥.-
ជនបរទេសដែលមានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ចាំបាច់ត្រូវមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាដើម្បីបំពេញបែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍។
មាត្រា ៦.-
ដើម្បីរៀបអាពាហ៍ពិពាហ៍បានជាមួយប្រជាពលរដ្ឋខ្មែរ សាមីខ្លួនជនបរទេសត្រូវបំពេញបែបបទទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយភ្ជាប់នូវសំណុំឯកសារដូចខាងក្រោម:
– ពាក្យសុំរៀបអាពាហ៍ពិពាហ៍
– ឯកសារថតចម្លងនៃ លិខិតឆ្លងដែនរបស់សាមីខ្លួនជនបរទេសមានទិដ្ឋាការចូលប្រទេសកម្ពុជា ដែលនៅមានសុពលភាព
– លិខិតបញ្ជាក់ពីភាពនៅលីវ ឬពោះម៉ាយ ឬមេម៉ាយ ចេញដោយសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួនជនបរទេស
– លិខិតបញ្ជាក់សុខភាពចេញដោយសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា
– លិខិតថ្កោលទោសចេញដោយសមត្ថកិច្ចនៃប្រទេសសាមីខ្លួនជនបរទេស
– លិខិតបញ្ជាក់អំពីមុខរបរពិតប្រាកដរបស់សាមីខ្លួនជនបរទេសដែលធានាដល់ ជីវភាពរស់នៅចេញដោយសមត្ថកិច្ចនៃប្រទេសរបស់សាមីខ្លួនជនបរទេស។
ឯកសារថតចម្លងនៃលិខិតឆ្លងដែន និងលិខិតបញ្ជាក់ភាពនៅលីវ ឬពោះម៉ាយ ឬមេម៉ាយ ត្រូវមានបញ្ជាក់នីត្យានុកូលភាពពីស្ថានទូត ឬស្ថានតំណាងនៃប្រទេសរបស់សាមីខ្លួនជនបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។
មាត្រា ៧.-
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាមានភារកិច្ច ពិនិត្យ និងផ្ដល់យោបល់លើសំណុំឯកសាររបស់ជនបរទេសដែលសុំរៀបការអាពាហ៍ពិពាហ៍ ជាមួយពលរដ្ឋខ្មែរ និងត្រូវជូនដំណឹងទៅសាមីខ្លួនជនបរទេសវិញ ក្នុងរយៈពេលយ៉ាងយូរ០៥ថ្ងៃការងារ។ ក្រោយពីបានពិនិត្យ និងផ្ដល់យោបល់លើសំណុំឯកសាររបស់ជនបរទេសហើយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបញ្ជូនសំណុំឯកសារទាំងនោះទៅក្រសួងមហាផ្ទៃ និងជូនពត៌មានទៅស្ថាប័នពាក់ព័ន្ធ។
មាត្រា ៨.-
បន្ទាប់ពីទទួលសំណុំឯកសាររៀបអាពាហ៍ពិពាហ៍របស់ជនបរទេសពីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តជាតិ ក្រសួងមហាផ្ទៃមានភារកិច្ច:
– ចុះបញ្ជីសំណុំឯកសាររបស់ជនបរទេសនោះ និងត្រូវជូនណឹងទៅសាមីខ្លួនជនបរទេសវិញ ក្នុងរយៈពេលយ៉ាងយូរ ០៥ថ្ងៃការងារ។
– ជូនដំណឹងអំពីការសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ។
-ពិនិត្យនីត្យានុកូលភាពលើសំណុំឯកសារដែលចេញដោយមន្ត្រី អត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ។
មាត្រា ៩.-
សាមីខ្លួនជនបរទេស បន្ទាប់ពីបានទទួលការពិនិត្យ និងផ្ដល់យោបល់លើសំណុំឯកសារ និងបានចុះបញ្ជីសំណុំឯកសារសុំរៀបអាពាហ៍ពិពាហ៍រួចហើយ ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ។
ចំពោះសាមីខ្លួនពលរដ្ឋខ្មែរ ដែលត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសនោះ ក៏ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រយ៍ដែលខ្លួនរស់នៅដោយមានភ្ជាប់នូវ សំណុំឯកសារដូចខាងក្រោម:
– ពាក្យសុំរៀបអាពាហ៍ពិពាហ៍
– សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើតរបស់សាមីខ្លួនពលរដ្ឋខ្មែរ
– លិខិតបញ្ជាក់ភាពនៅលីវ ឬពោះម៉ាយ ឬមេម៉ាយ ចេញដោយមេឃុំ ឬចៅសង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ
– លិខិតបញ្ជាក់សុខភាពចេញដោយមន្ទីរពេទ្យ ដែលទទួលស្គាល់ជាផ្លូវការពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ពាក្យសុំរៀបអាពាហ៍ពិពាហ៍ និងសំណុំឯកសារសាមីខ្លួនជាពលរដ្ឋខ្មែរ និងជនបរទេសត្រូវដាក់ស្របពេលជាមួយគ្នា ទៅមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរដោយអនុវត្ត តាមទម្រង់បែបបទ និងនីតិវិធីនៃការងារអត្រានុកូលដ្ឋាន។
មាត្រា ១០.-
មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់មានភារកិច្ច ពិនិត្យ និងសំរេចលើពាក្យស្នើសុំរៀប អាពាហ៍ពិពាហ៍របស់សាមីខ្លួនបុរស និងនារី ក្នុងរយៈពេលយ៉ាងយូរ ០៣ថ្ងៃការងារ បន្ទាប់ពីបានទទួលពាក្យសុំរៀបអាពាហ៍ពិពាហ៍ និងសំណុំឯកសារភ្ជាប់។
បន្ទាប់ពីពិនិត្យពាក្យសុំ និងសំណុំឯកសារភ្ជាប់របស់សាមីខ្លួនបុរស និងនារី បានត្រឹមត្រូវតាមគោលការណ៍ច្បាប់រួចហើយ មន្ត្រីអត្រានុកូលដ្ឋានត្រូវរៀបចំប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដោយមានវត្តមានផ្ទាល់របស់សាមីខ្លួនបុរស និងនារី ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់សាមីខ្លួនពលរដ្ឋខ្មែរ។
ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍នេះត្រូវបិទផ្សាយរយៈពេល១០ថ្ងៃ នៅស្ថានទូត ឬស្ថានតំណាងនៃប្រទេសសាមីខ្លួនជនបរទេសប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា នៅលំនៅដ្ឋានអចិន្ត្រៃយ៍ និងនៅសាលាឃុំ សង្កាត់ នៃសាមីខ្លួនពលរដ្ឋខ្មែរ ស្របតាមការកំណត់ក្នុងបែបបទ និងនីតិវិធីនៃការងារអត្រានុកូលដ្ឋាន។ ផុតរយៈពេល១០ថ្ងៃ ប្រសិនគ្មានការប្ដឹងតវ៉ាឬប្ដឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះ ទើបសាមីខ្លួនបុរស និងនារីអាចរៀបអាពាហ៍ពិពាហ៍បាន។
មាត្រា ១១.-
អាពាហ៍ពិពាហ៍នឹងមានអនុភាពពេញលក្ខណៈច្បាប់បានលុះត្រាតែសាមីខ្លួន បុរស និងនារី ចុះកិច្ចសន្យាអាពាហ៍ពិពាហ៍តាមរយៈការចុះបញ្ជីអាពាហ៍ពិពាហ៍ដោយ សាមីខ្លួនផ្ទាល់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន នៃឃុំសង្កាត់ ដែលសាមីខ្លួនទាំងពីរបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ដោយនាំមកជាមួយនូវសាក្សីគ្រប់អាយុការចំនួន ០២រូបផង ស្របទៅតាមទម្រង់បែបបទ និងនីតិវិធីការងារអត្រានុកូលដ្ឋាន។
មាត្រា ១២.-
ក្រសួងមហាផ្ទៃត្រូវធ្វើសេចក្ដីណែនាំដល់មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គភាពក្រោមឱវាទដែលពាក់ព័ន្ធ អំពីគំរូលិខិតស្នាម បែបបទ និងនីតិវិធីជាក់ស្ដែងបន្ថែមទៀតទាក់ទងការសុំរៀបអាពាហ៍ពិពាហ៍រវាង ពលរដ្ឋខ្មែរ និងជនបរទេស។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិត្រូវធ្វើសេចក្ដីណែនាំអំពីគំរូ លិខិតស្នាម បែបបទ និងនីតិវិធីជាក់ស្ដែងបន្ថែមទៀតទាក់ទងការសុំរៀបអាពាហ៍ពិពាហ៍របស់ ជនបរទេសជាមួយពលរដ្ឋខ្មែរ។
ជំពូកទី ៣
អវសានប្បញ្ញត្តិ
មាត្រា ១៣.-
បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះត្រូវចាត់ទុកជានិរាករណ៍។
មាត្រា ១៤.-
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី រដ្ឋលេខាធិការនៃក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវទទួលអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។